ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅខេត្តតាកែវ បានធ្វើការរិះគន់លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករ ខេត្តតាកែវ កាន់តែខ្លាំងឡើងៗ ពិសេសពីសំណាក់ក្រុមឈ្មួញដែលប្រកបការរកស៊ីស្របច្បាប់ បន្ទាប់មើលឃើញថា ក្រុមគយ ក្នុងខេត្តនេះ ឃុបឃិតគ្នាបើកភ្លើងខៀវឲ្យក្រុមឈ្មួញធ្វើការនាំចូលទំនិញគ្រប់ប្រភេទពីប្រទេសវៀតណាមបង់ពន្ធមិនគ្រប់។
ប្រភព័ត៌មានពីឈ្មួញនាំទំនិញតាមច្រកខេត្តតាកែវ វៀតណាម បានឲ្យដឹងថា កន្លងមកនេះ គេឃើញសកម្មភាពដឹកជញ្ជូនទំនិញរបស់ឈ្មួញដែលនាំចូលពីប្រទេសវៀតណាម កើតឡើងគគ្រឹកគគ្រេង ទាំងយប់ ទាំងថ្ងៃ ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធប្រចាំនៅខេត្តតាកែវ ជាពិសេសមន្ត្រីគយក្រោមឱវាទលោក កែវ វ៉ាន្នី ហាក់ដូចជាមានភាពធូរលុងក្នុងការត្រួតពិនិត្យ មុខទំនិញដែលឈ្មួញបានចូលនោះឡើយ ។ ភាពធូររលុង បើកឲ្យឈ្មួញនាំចូលទំនិញដោយគ្មានការត្រួតពិនិត្យបានដិតដល់បែបនេះ ត្រូវគេដាក់ការសង្ស័យថា មន្ត្រីគយខាងលើរួមគំនិតជាមួយក្រុមឈ្មួញចុះវិក្កយបត្រដោយបន្លំពន្ធ ហើយមានទំនិញខ្លះចុះបញ្ជី និងខ្លះទៀតមិនចុះបញ្ជី ដើម្បីយកលុយលម្អៀងទុកចែកគ្នាធ្វើមានធ្វើបាន មិនខ្វល់ពីការរំលោភតួនាទិរបស់ខ្លួន ឬបាត់បង់ចំណូលថវិកាជាតិនោះឡើយ។
លោក កែវ វ៉ាន្នី ក៏ត្រូវបានមន្ត្រីក្រោមឱវាទលួចទម្លាយព័ត៌មានចេញក្រៅ ពីករណីគាប សង្កត់កូន ចៅ ដោយក្តោបក្តាប់រឿងដែលពាក់ព័ន្ធនឹងលុយកាក់ក្រៅបញ្ជី គឺផ្តាច់មុខចាប់ពី A ដល់ Z គ្មានហ៊ានលូកមាត់ឡើយ។
លោក កែវ វ៉ាន្នី នៅរសៀលថ្ងៃទី៥ ខែធ្នូនេះ មិនអាចទាក់ទងសុំការបកស្រាយបានទេ។
ប្រភពដដែលនេះ បន្តថា មន្ត្រីគយដែលឈរជើងនៅតាមច្រកព្រំដែនដូចជា ច្រកភ្នំដិន ច្រកត្រពាំងក្រសាំង ច្រកបាក់ដៃ និង ច្រកផ្សេងៗទៀត តែងតែប្រើអំណាចគាបសង្កត់ដល់អាជីវករតូចតាចឲ្យបង់ពន្ធថ្លៃកប់ពពក ផ្ទុយពីឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញពីវៀតណាម ត្រូវបានគេឃុបឃិតគ្នាឲ្យបង់ពន្ធតិចតួចលើទំនិញចូលជាក់ស្តែង ឬ ក្លែងប្រភេទមុខទំនិញ ពីទំនិញមានតម្លៃខ្ពស់ មកជាទំនិញមានតម្លៃទាប ឬ អាចហៅថា ជាទំនិញថោកៗ ឬបន្លំបរិមាណនៃការបង់ពន្ធតែម្តង។
សូមបញ្ជាក់ថា មួយរយៈកាលមកនេះ រឿងអាស្រូវពុករលួយរបស់លោក កែវ វន្នី ប្រធានសាខាគយ និង រដ្ឋាករខេត្តតាកែវ ត្រូវបានមហាជនដឹងសុះសាយច្រើនឡើងៗ ហើយមានមន្ត្រីគយ និងភ្នាក់ងារគយក្នុងខេត្តតាកែវមួយចំនួនដែលទ្រាំនូវទង្វើគាបសង្កត់របស់លោក កែវ វន្នី លែងបានតទៅទៀត ចាប់ផ្ដើមបើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យដំណឹងនេះលេចឮដល់ថ្នាក់លើ និងជួយចុះពីនិត្យចាត់វិធានការទប់ស្កាត់ ចំពោះករណីនេះផង៕