វៀតណាម ៖ ព្យុះទីហ្វុងដំរីបានសម្លាប់មនុស្សកើនដល់១០៦នាក់ខណៈដែលអាងស្តុកទឹកដ៏ច្រើនសន្ធឹកសន្ធាប់បានបញ្ចេញទឹកស្របពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រូវរៀបចំកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយ។
គណៈកម្មាធិការស្វែងរកនិងជួយសង្គ្រោះរបស់ប្រទេសនេះបាននិយាយថា គិតត្រឹមថ្ងៃពុធ មនុស្សចំនួន១០៦នាក់ត្រូវបានគេដឹងថាស្លាប់ដោយសារតែព្យុះធំទី១២ក្នុងឆ្នាំនេះដែលបានវាយប្រហារកាលពីថ្ងៃសៅរ៍ហើយធ្វើឲ្យមនុស្សចំនួន២៥នាក់បាត់ខ្លួននិង១៩៧នាក់ទៀតរងរបួស។
អាជ្ញាធរបាននិយាយថា កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាត្រូវបានធ្វើឡើងដើម្បីចៀសវាងការជន់លិចនៅជុំវិញទីក្រុង Danang ដែលនឹងទទួលប្រធានាធិបតីអាមេរិកលោក Donald Trump, លោក Xi Jinping នៃប្រទេសចិននិងលោក Vladimir Putin របស់រុស្ស៊ីក្នុងចំណោមមេដឹកនាំអាស៊ីប៉ាស៊ីហ្វិកដទៃទៀតនៅឯកិច្ចប្រជុំកំពូលក្នុងសប្តាហ៍នេះ។
គណៈកម្មាធិការបង្ការគ្រោះមហន្តរាយបានឲ្យដឹងថា ទឹកកំពុងត្រូវបានបញ្ចេញពីអាងស្តុកទឹកយ៉ាងហោចណាស់ចំនួន៤៩ដែលមានកម្រិតគ្រោះថ្នាក់។ទឹកភ្លៀងកម្ពស់១,៧០០មីលីម៉ែត្រត្រូវបានកត់ត្រានៅស្ថានីយអាកាសធាតុមួយ។ភ្លៀងធ្លាក់ត្រូវបានគេរំពឹងថានឹងបន្តមុនពេលថយចុះវិញនៅថ្ងៃព្រហស្បតិ៍។
កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នឹងចាប់ផ្តើមនៅថ្ងៃចន្ទដោយលោក Trump, Xi និង Putin នឹងចូលរួមជាមួយមេដឹកនាំថ្នាក់តំបន់ផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លៀងមិនបានរំខានដល់កាលបរិច្ឆេទនៃការជួបប្រជុំនេះទេប៉ុន្តែប្តីប្រពន្ធរបស់មេដឹកនាំអាចនឹងមិនធ្វើដំណើរទៅកាន់ទីក្រុង Hoi An ដែលជាបេតិកភ័ណ្ឌរបស់អង្គការ UNESCO បានទេដែលគ្រោងទុកនៅថ្ងៃសៅរ៍៕