ឃាត់ខ្លួនជនជាតិថៃចំនួន១០នាក់ជាមួយនឹងសារធាតុញៀនជាង១ម៉ឺនគ្រាប់នៅក្រុងប៉ោយប៉ែត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2024 ក+ ក-

នគរបាលខេត្តបន្ទាយមានជ័យបានចាប់បញ្ជូនជនជាតិថៃប្រុសស្រីចំនួន១០នាក់ទៅសាលាខេត្តបន្ទាយមានជ័យជាមួយនិងសារធាតុញៀនជាច្រើនមុខចំនួនជាង១ម៉ឺនគ្រាប់។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាអនុវត្តតាមផែនការណែនាំនិងបញ្ជាដោយផ្ទាល់ក្នុងការបង្ក្រាបបទល្មើសនានាជាពិសេសបទល្មើសគ្រឿងញៀនកាលពីយប់ថ្ងៃទី៣០វិច្ឆិកា២០២៤កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្ត្រដល់ចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅបានឈានដល់ការបង្រ្កាបបទល្មើសរក្សាទុក ចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនបានជនជាតិថៃប្រុសស្រីចំនួន១០នាក់។


ជនសង្ស័យទាំង១០នា់នេះបានមកស្នាក់នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតដោយខុសច្បាប់។ជាមួយនឹងការឃាត់ខ្លួនជនជាតិថៃនេះសមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងសារធាតុញៀនជាច្រើនប្រភេទរួមមាន៖
-ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន៩ពាន់៥៨០គ្រាប់។
-ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន១ពាន់១៣០គ្រាប)។
-ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន៣៨គ្រាប់។
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់។
-លិខិតឆ្លងដែនចំនួនពីរក្បាល។
-អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃចំនួនពីរសន្លឹក។
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣គ្រឿង។
-ទូរស័ព្ទដៃចំនួន៦គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាជនសង្ស័យទាំង១០នាក់និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី៣ធ្នូ២០២៤ដើម្បីអនុវត្តតាមនីតិវិធីហើយ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Zwc9hWJesp4