ភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានហៅការប្រកាសជំហរចចេសសាងសង់ប្រាសាទព្រះវិហារចម្លង ធ្វើពីស៊ីម៉ង់ត៍ នៅក្នងខេត្តស៊ីសាកេតជាប់ព្រំដែន ប្រឈមនឹងខេត្តព្រះវិហារកម្ពុជាថា ជាការ ប្រឆាំងនឹងអង្គការពិភពលោក ប្រឆាំងចំពោះតម្លៃប្រាសាទព្រះវិហាកម្ពុជា និងកំពុងបំផ្លាញចំណងការទូតរវាងប្រទេស ទាំងពីរ។
តាមកាសែតបាងកកប៉ុស្តិ៍ផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ បានដកស្រង់សម្ដីឧត្ដមសេនីយ៍ ប្រាវិត វង្សសុវណ្ណ ដែលបានថ្លែងថា នេះជាសិទ្ធិរបស់ប្រទេសថៃដែលអាចសាងសង់ប្រាសាទព្រះវិហារចម្លងលើទឹកដីថៃ ។ ប៉ុន្តែទោះជាយ៉ាងណាក្តី លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានប្រកាសមិនអនុញ្ញាតឲ្យសាងសង់សំណង់ចម្លងពីប្រាសាទព្រះវិហាររបស់កម្ពុជាទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រតិកម្មដោយសង្កត់ធ្ងន់ថា ការរឹងចចេសរបស់ថៃ ជាការប្រឆាំងទៅនឹងតម្លៃរបស់ប្រាសាទព្រះវិហារកម្ពុជា ដែលត្រូវបានអង្គការយូណេស្កូ ផ្ដល់តម្លៃជាប្រាសាទល្អឯកគ្មានពីរលើលោក ហើយបានចាត់ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ដូច្នេះការធ្វើរបស់ថៃ គឺប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ថៃខ្លួនឯង ហើយប្រឆាំងនឹងអង្គការពិភពលោក ។ លោកថា ការព្យាយាមរបស់រដ្ឋាភិបាលយោធាថៃ គឺកំពុងបំផ្លាញចំណងការទូត និងមិត្តភាពរវាងប្រទេសកម្ពុជា និងថៃ។
សូមរំឭកថា ប្រទេសឥណ្ឌា ក៏ធ្លាប់ព្យាយាមសាងសង់សំណង់សិប្បនិមិត្តលំនាំប្រាសាទអង្គរវត្តកម្ពុជា ដែរ ក៏ប៉ុន្តែកាលពីខែកញ្ញា ឆ្នាំ២០១៥ រដ្ឋាភិបាលឥណ្ឌា សម្រេចផ្អាកការសាងសង់បន្ទាប់ពីមានការតវ៉ាពីភាគីកម្ពុជា៕ (អ៊ុក សំអាង ១៨.៥.១៦ រូបឯកសារ)
ខេត្តព្រះសីហនុ ៖កាលពីឆ្នាំ២០១៥កន្លងទៅកម្ពុជាទទួលបាននូវភ្ញៀវទេសចរអន្តរជាតិសរុប ៤លាន៨សែននាក់ កើនឡើង៦,១% ។ ដោយឡែកសំរាប់តំបន់ឆ្នេរសមុទ្រវិញ ក្នុងឆ្នាំ២០១៥នេះដែរមានអ្នកទៅកំសាន្តជាង៥៦ម៉ឺននាក់ កើនឡើង៨,៥% និង សំរាប់រយៈពេល៣ខែ ដើមឆ្នាំ២០១៦នេះ ឆ្នេរសមុទ្រកម្ពុជាមានអ្នកទៅកំសាន្ត ប្រមាណជាង២០ម៉ឺននាក់ កើនឡើង៣,២% ដែលអាចចាត់ទុកថាជាកំណើនមួយ យ៉ាងគំហុកនារយៈពេលចុងក្រោយនេះ។
នេះជាការបញ្ជាក់របស់អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាឯកឧត្តម នី ផល្លី ក្នុងកិច្ចប្រជុំពិភាក្សាលើផែនការកែលម្អរឆ្នេរកំសាន្តសាធារណៈក្រុងព្រះសីហនុនៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ឧសភានេះ។
ឯកឧត្តម នី ផល្លី បានអោយដឹងថា កិច្ចប្រជុំទទួលបាននូវផ្លែផ្កាជាច្រើន ដោយបានធ្វើការពិភាក្សាទៅលើការកំណត់ប្រភេទនៃឆ្នេរខ្សាច់កំសាន្ត និងបានធ្វើការបែងចែកឆ្នេរជាបីប្រភេទ គឺទី១.ប្រភេទឆ្នេរសាធារណៈរបស់រដ្ឋ, ទី២. ប្រភេទឆ្នេរសាធារណៈរបស់រដ្ឋដោយមានការចូលរួមពីផ្នែកឯកជន និងប្រភេទទី៣. ជាឆ្នេរកំសាន្តសាធារណៈរបស់រដ្ឋបែបប្រណិត។
ឯកឧត្តម នី ផល្លី បានបន្តថា កិច្ចពិភាក្សាក៏បានផ្តោតទៅលើការរៀបចំកែ លម្អរឆ្នេរទៅតាមស្ដង់ដារបទដ្ឋានគតិយុត្ត ដោយរៀបចំជាគោការណ៍ណែនាំក្នុង ការរៀបចំឆ្នេរកំសាន្តអោយគោរពទៅតាមស្ដង់ដាររួមមួយ និងមួយទៀតគឺនឹង មានការវាយតម្លៃអំពីឆ្នេរស្អាត ដោយមានសូចនាករ និងមានលក្ខណៈវិនិច្ឆ័យ គ្រប់គ្រាន់ រួមទាំងការកំណត់អំពីយន្តការ ក្នុងការគ្រប់គ្រង និងតាមដាន វាយ តម្លៃឆ្នេរស្អាតទៀតផង។ ក្រៅពីនេះកិច្ចប្រជុំក៏បានសម្រេចក្នុងការកសាងក្លោង ទ្វារចូលឆ្នេរនីមួយៗ ដោយកំណត់ការដាក់ឈ្មោះពិតរបស់ឆ្នេរ ដើម្បីអោយសា ធារណៈជន ក៏ដូចជាភ្ញៀវទេសចរបានស្គាល់ឈ្មោះរបស់ឆ្នេរកំសាន្តនីមួយៗ ហើយក្លោងទ្វារនោះទៀតសោតត្រូវមានលក្ខណៈជាខ្មែរ។ ជាមួយគ្នានេះកិច្ច ប្រជុំក៏បានពិភាក្សាអំពីការរៀបចំតូបនៅតាមតំបន់ឆ្នេរកំសាន្តនីមួយៗផងដែរ៕
ភ្នំពេញ ៖គិតត្រឹមខែមេសា ដើមឆ្នាំ២០១៦ នេះ មានពលរដ្ឋចំនួន ២៧នាក់ បានស្លាប់ដោយសាររន្ទះបាញ់ និង៧នាក់ ស្លាប់ដោយសារខ្យល់កន្ត្រាក់ ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា ចំនួនអ្នកស្លាប់មានការកើនឡើងខ្លាំងនៅខែមេសា ដោយសារគ្រោះធម្មជាតិមានភាពឃោរឃៅ បើទោះបីជា រាជរដ្ឋាភិបាលបានប្រកាសពីវិធីត្រៀមទប់ស្កាត់ជាមុនក៏ដោយ។
នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០១៦ នេះ មានមនុស្ស៣៤នាក់បានស្លាប់ដោយ សារគ្រោះមហន្តរាយធម្មជាតិ ។ ក្នុងនោះខ្យល់កន្ត្រាក់បានកើតមាន១១៥ករណី មនុស្សស្លាប់៧នាក់ របួសធ្ងន់ស្រាល២៧នាក់ ខូចខាតផ្ទះជិត១ពាន់ខ្នង ផ្ទះបាក់បែក និងរបើកដំបូលមានជិត៥ពាន់ខ្នង។ ដោយឡែក មនុស្ស ២៧នាក់ បានស្លាប់ដោយសាររន្ទះបាញ់ និងរងរបួសស្រាល ៥០ នាក់ផ្សេងទៀត ។ នេះបើ យោងតាមសេចក្តីរាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
គួរបញ្ជាក់ថា ភាពរាំងស្ងួតនៅពេលថ្មីៗនេះ បានធ្វើឲ្យប្រជាជនកម្ពុជាដែលរស់នៅក្នុងស្រុក និងក្រុងចំនួន ៩៣ និងឃុំ សង្កាត់ចំនួន ៣២៧ ទៅទូទាំងប្រទេសប្រមាណ ២លាន ៥សែននាក់ បានរងផលប៉ះ ពាល់។ ក្រៅពីនេះ គ្រោះរាំងស្ងួតក៏បានសម្លាប់សត្វរាប់រយក្បាល ត្រីរាប់សិបតោន និងបណ្តាលឲ្យមានភ្លើងឆេះព្រៃរាប់រយហិកតាទៀតផង។ដោយឡែក នៅដើមរដូវវស្សានេះ មនុស្ស៣៤នាក់បានស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិក្នុងនោះស្លាប់ដោយរន្ទះបាញ់ចំនួន២៧នាក់ និងស្លាប់ដោយខ្យល់កន្ត្រាក់ ចំនួន ៧នាក់៕អ៊ុក សំអាង
រូបឯកសារ
ភ្នំពេញ ៖ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវទេសចអន្តរជាតិ ប្រមាណ ១លាន ៣សែន ៤ម៉ឺន ២ពាន់ ៤៧៧នាក់ មានចំនួនកើនឡើងស្មើនឹង ២,៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៥ កន្លងទៅ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បញ្ជាក់ថា ការចូលមកកម្ពុជារបស់ភ្ញៀវ ទេសចរ ភាគច្រើនតាមច្រកផ្លូវគោក គឺមានចំនួនជាង៤៩ម៉ឺននាក់ តាមច្រកព្រលានយន្តហោះ ខេត្តសៀមរាប ចំនួនជាង៤៧ម៉ឺននាក់។ក្រៅពីនោះចូលតាមផ្លូវទឹក។
របាយការណ៍ដដែលបញ្ជាក់ថា ភ្ញៀវទេសចរបរទេសសំខាន់ៗដែលចូលមកកម្ពុជាមានដូចជា ៖ វៀតណាមចំនួន ២១ ម៉ឺន ៧ពាន់ ៨៦៤នាក់, ចិនចំនួន២១ម៉ឺន ៧ពាន់ ២១៣នាក់, កូរ៉េចំនួន ១៣ម៉ឺន ១ពាន់ ៥៤៨នាក់, ថៃចំនួន៨ម៉ឺន ៥ពាន់ ៧៩០នាក់, ជប៉ុនចំនួន៥ម៉ឺន ៥ពាន់ ៧៥៩នាក់, អង់គ្លេស ចំនួន៥ម៉ឺន ១ពាន់ ៥៨៥នាក់,បារាំងចំនួន៤ម៉ឺន ៨ពាន់ ៦៧៨នាក់ និងប្រទេស អាល្លឺម៉ង់ចំនួន ៤ម៉ឺន ៦ពាន់ ៨៤០នាក់៕(ប្រភពៈមៀច សំអាត )
រាជធានីភ្នំពេញ ៖សម្តេចក្រឡោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើលិខិតស្នើសុំទៅសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន២៧រូប ក្នុងនោះ នាយឧត្តមសេនីយ៍ចំនួន៣រូប ដោយរួមមាន៖ លោក ខៀវ សុភ័គ លោក ថុង ចន់ នោងលោក ចាន់ អ៊ាន ផងដែរ៕
រាជធានីភ្នំពេញ ៖លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងកាលពីម្សិលមិញថា គ.ជ.ប នឹងមិនលូកដៃក្នុងតុលាការនោះទេ លើសំណុំរឿងលោក នី ចរិយា មន្ត្រី គ.ជ.ប ដែលត្រូវចាប់ខ្លួន។
ការលើកឡើងដូច្នេះ គឺបន្ទាប់ពីសហភាពអឺរ៉ុប ដែលស្នើគ.ជ.ប ឲ្យមានវិធានការសមរម្យលើសមាជិកខ្លួន២រូប គឺលោក រ៉ុង ឈុន និងលោក នី ចរិយា ដែលកំពុងប្រឈមនឹងការចោទប្រកាន់របស់តុលាការ។
គួររំលឹកថា កាលពីថ្ងៃទី១៩ ខែឧសភា ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក អាឡាំង វ៉ាន់ឌឺមីសិន (Alain Vandersmissen) បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន ក្នុងស្រុកមួយថា សហភាពអឺរ៉ុបកំពុងរង់ចាំមើលចំណាត់ការសមរម្យពីគ.ជ.ប ចំពោះមន្ត្រីទាំងពីររូបគឺលោក នី ចរិយា និងលោក រ៉ុង ឈុន ដើម្បីធានាថា គ.ជ.ប បំពេញការងារបានពេញលេញ ខណៈរក្សាជំហរឯករាជ្យនិងសមតុល្យរវាងគណបក្សទាំងពីរ ដូចបានយល់ព្រមកាលពីឆ្នាំ២០១៤៕
រាជធានីភ្នំពេញ ៖សមត្ថកិច្ចកម្ពុជា បានអះអាងថា ករណីពលករខ្មែរ២នាក់ប្តីប្រពន្ធស្លាប់ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃនោះ គឺជាករណីឃាតកម្ម មិនមែនអត្តឃាតនោះទេ ហើយករណីនេះ មានការពាក់ព័ន្ធនឹងពលករខ្មែរ២នាក់ទៀត។
គួរបញ្ជាក់ថា កាលពីម៉ោង២៖៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ មានពលករខ្មែរ២នាក់ប្តីប្រពន្ធ បានស្លាប់ ខណៈដែលអាជ្ញាធរថៃបានរាយការណ៍ថា ករណីនោះគឺជាការធ្វើអត្តឃាតខ្លួនឯង ។ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ គឺប្តីមានឈ្មោះ សៃ សាល អាយុ៣២ឆ្នាំ ជាកម្មករបម្រើការនៅរោងចក្រស្បែកជើងប្រទេសថៃ ។ ចំណែកប្រពន្ធឈ្មោះ តាំង សុខនី អាយុ៣០ឆ្នាំ ដែលទើបចូលប្រទេសថៃនាថ្មីៗនេះ ហើយទាំង២នាក់ប្តីប្រពន្ធ ជាអ្នករស់នៅស្រុកបាធាយ ខេត្តកំពង់ចាម៕
ខេត្តកំពង់ស្ពឺ ៖កម្មការិនីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែរថយន្តកុងតឺន័របើកបុកម៉ូតូ ខណៈនាងកំពុងជិះទៅធ្វើការនៅរោងចក្រ កាលពីវរលាម៉ោង០៦ និង១៥នាទីព្រឹកថ្ងៃទី២០ ឧសភា ២០១៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ០៤ គីឡូម៉ែត្រលេខ៣៣-៣៤ ត្រង់ចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពពីសាក្សីឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខកំពង់ ធំ3A-1777 ធ្វើដំណើរមកពីលិចទៅកើត ។ លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូពីក្រោយ ម៉ាកហុងដាC125 ស៊េរី2008 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1B-2650 ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូបែកក្បាលស្លាប់នៅកន្លែងកើតហេតុ។
ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះ ឃុត សុខេត ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិកែវមុន្នី ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកតៃកុងបង្ក មិនត្រូវស្គាល់ឈ្មោះទេ បានរត់គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់៕
រាជធានីភ្នំពេញ ៖កម្លាំងនគរបាលជំនាញ របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការស្រាវជ្រាវនិង ចាប់ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ជនជាតិកូរ៉ខាងត្បូង ដែលត្រូវនគរបាលអន្តរជាតិ ស្វែងរកចាប់ខ្លួននៅ១០០ប្រទេសរួចមកហើយ ហើយត្រៀមចាប់ខ្លួននៅកម្ពុជា។
លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់អ្នកសារព័ត៌មានថា ឧក្រិដ្ឋជនជួញដូរគ្រឿងញៀននេះ ត្រូវបានចាប់ខ្លួន នៅទីលានហាត់វាយកូនគោល «City Golf» ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ឧក្រិដ្ឋជនរូបនោះឈ្មោះ BEAK Seung Jool ភេទប្រុស កើតឆ្នាំ១៩៧៥ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែន លេខ GG0365074។
បច្ចុប្បន្នឧក្រិដ្ឋជនគ្រឿងញៀន ដែលមាននិវេទន៍ក្រហម របស់នគរបាលអន្តរជាតិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីរៀបចំនីតិវិធីចាត់ការតាមផ្លូវច្បាប់៕
បាល់ទាត់ ៖តាមេសចក្តីរាយការណ៍មួយបានឲ្យដឹងថា ខ្សែបម្រើ James Rodriguez អាចនិងចាកចេញពីក្រុម Real Madrid ផ្លាស់ទៅក្រុម Manchester United នៅពេលទីផ្សារកីឡាករបើកនារដូវក្តៅខាងមុខនេះ។
ខ្សែបម្រើសញ្ជាតិកូឡុំប៊ីវ័យ២៤ឆ្នាំរូបនេះ បាន បង្ហាញនូវទម្រង់លេងបានយ៉ាងល្អកាលពី រដូវកាលមុន ហើយតែងតែជាប់ជាជម្រើសដំបូងឲ្យក្រុម Real Madrid ក្នុងការចាប់ដាំដៃគួជាមួយកីឡាករ Lucas Vasquez នឹង Casemiro ។
តាមរបាយការណ៍នៅដើមខែនេះបានអះអាងថា ក្រុម Real Madrid មិនបានអនុញ្ញាតឲ្យកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ចាកចេញពីកីឡាដ្ឋាន Bernabeuទេ ប៉ុន្តែយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ ESPN បានឲ្យដឹងថា ខ្សែបម្រើរូបនេះនិងអាចចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បី ផ្លាស់ប្តូរទៅកាន់ក្រុម Man United ។
គួរបញ្ជាក់ថា តារាបាល់ទាត់ World Cup 2014 រូបនេះ បានបង្ហាញខ្លួន១៧ លើកឲ្យ Real Madrid កាលពីរដូវកាលមុនប៉ុន្តែរដូវកាលនេះបានបង្ហាញខ្លួនត្រឹមតែ៨ប្រកួតប៉ុណ្ណោះ ៕
រាជធានីភ្នំពេញ ៖សំណុំរឿងអតីតផ្កាយ២យោធា ចាន់ ឫទ្ធីឌី និងគូកនម្នាក់ទៀត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត៥គីឡូក្រាមតុលាការកំពូលនឹងបើកសវនាការនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីតុលាការកំពូល។
អតីតផ្កាយ២យោធា ចាន់ ឫទ្ធីឌី និង គូកនឈ្មោះ ឌៀប ស៊ុនឡាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ២០ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទុះលេខ44Eo ផ្លូវលំ ភូមិអូរអណ្ដូងទី១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ។ ប៉ុន្តែសាលដីកានេះ ត្រូវបានជនជាប់ចោទប្តឹងសាទុក្ខមកតុលាការកំពូល។
គួរបញ្ជាក់ថា អតីតផ្កាយ២យោធា ចាន់ ប្ញទ្ឋីឌី និង ឈ្មោះ ឌៀប ស៊ុនឡាយ ត្រូវកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៤ និង២៦ ខែសីហា ឆ្នាំ២០១២។ ក្នុងនោះសមត្ថកិច្ចដកហូតគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន២០សុង ទម្ងន់៣៧១៩,៥ក្រាម និងប្រភេទម៉ាទឹកកក ចំនួន៩៨៩,៩ក្រាម រថយន្ត៤គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង និងសម្ភារមួយចំនួនទៀត ទុកជាវត្ថុតាង៕
រាជធានីភ្នំពេញ ៖នៅព្រឹកព្រលឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងថ្ងៃទី១៥កើត ខែពិសាខ ចំថ្ងៃបុណ្យពិសាខបូជា ក្បូនដង្ហែព្រះសារីរិកធាតុ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង ដើម្បីយកទៅតម្កល់ នៅព្រះសក្យមុនីចេតីយ៍ នៅភ្នំឧតុង្គវិញ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល។
ក្បែរដង្ហែព្រះសារិរិកធាតុនៅព្រឹកនេះ គេសង្កេតឃើញមានការចូលរួមយ៉ាងច្រើនកុះករ ពីព្រះសង្ឃ យាយជី តាជី សិស្សានុសិស្ស ពុទ្ធបរិស័ទ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បាននឲ្យដឹងថា ព្រះរាជពិធីដង្ហែ ចាប់ផ្តើមចេញពីព្រះបរមរាជវាំង ទៅតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅវិថីព្រះអង្គឌួង មហាវិធីព្រះមុនីវង្ស ឆ្លងស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៦ ឆ្លងស្ពានព្រែកតាមាក់ និងស្ពានព្រែកក្តាម រួចចូលទៅកាន់ព្រះមហាសក្យមុនីចេតីយ៍ភ្នំអដ្ឋរស្ស (ភ្នំពេញឧតុង្គ)៕
បាល់ទាត់ ៖កីឡាករខ្សែការពារ John Terry ប្រធានក្រុម Chelsea បានសម្រេចបន្តកុងត្រា១ឆ្នាំទៀត នៅកីឡដ្ឋាន Stamford Bridge បើទោះក្លឹបកាត់ប្រាក់ឈ្នួលតិចជាងមុនដល់ទៅ៣ដងក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន The Sun។
ប្រភពដដែលបន្តថា ក្នុងកុងត្រាចាស់របស់កីឡាកររូបនេះទទួលបានប្រាក់ឈ្នួល១៥០០០០ផោនក្នុង១សប្ដាហ៍។ ប៉ុន្តែសម្រាប់កុងត្រាថ្មី១ទៀត ដែលនឹងលេងក្រោមការដឹកនាំ ដោយអ្នកចាត់ការថ្មី Antonio Conte ខ្សែការពាររូបនេះ ទទួលបានប្រាក់ឈ្នួលត្រឹមតែ ៥០០០០ផោនក្នុង១សប្ដាហ៍ប៉ុណ្ណោះ។ កន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមថា កីឡាករវ័យ៣៥ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះអាចនឹងចេញពីតោខៀវ ទៅលេងលីគចិន ឬអាមេរិក។
គួរបញ្ជាក់ថា រយៈពេល១៨ឆ្នាំ ដែលកីឡាកររូបនេះលេងឲ្យ Chelsea បាន៧០៣ប្រកួត ដោយធ្លាប់ឈ្នះពានរង្វាន់ជាច្រើនជាមួយ Chelsea ដូចជាពាន Premier League ៤ដង, FA Cups ៥ដង, League Cups ៣ដង, UEFA Champions League ១ដង និង UEFA Europa League ១ដងផងដែរ៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី១៩ ឧសភា ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៧លើក) មនុស្សស្លាប់៥នាក់ (ប្រុស៣នាក់) រងរបួសធ្ងន់១២នាក់ (ស្រី៤នាក់) និងរបួសស្រាល៧នាក់ (ស្រី១នាក់)។ នេះបើយោងតាមរបាយការណ៍ស្នងការនគរបាលជាតិ។
ប្រភពបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឱ្យខូចខាតយានយន្តសរុបចំនួន២0គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង, រថយន្តធុនតូចចំនួន៩គ្រឿង, រថយន្តធុនធំ១គ្រឿង ។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក (ស្លាប់៣នាក់), ស្រវឹង១លើក ,មិនគោរពសិទ្ធិ២លើក , ប្រជែង១លើក (ស្លាប់១នាក់) , ងងុយដេក១លើក (ស្លាប់១នាក់) បត់គ្រោះថ្នាក់១លើក។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់ (យប់៤នាក់ )។ គ្រោះថ្នាក់លើដងផ្លូវ រួមមានផ្លូវជាតិ ចំនួន៨លើក ផ្លូវខេត្ត-ក្រុងចំនួន៣លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមានម៉ូតូ៤លើក រថយន្តធុនតូច៥លើក ,រថយន្តធុនធំ២លើក៕
អេហ្ស៊ីប ៖អាជ្ញាធរអេហ្ស៊ីបនិយាយាថា ការបាត់ខ្លួននៃយន្តហោះ MS804 កាលពីថ្ងៃម្សិលមិញ អាចជាសកម្មភាព នៃអំពើភេវរកម្មច្រើនជាងបញ្ហាបច្ចេកទេស ។ នេះបើយោងតាមសារព័ត៌មានBBC។
ការអះអាងបែបនេះធ្វើឡើង បន្ទាប់ពីលោករដ្ឋមន្ត្រីការពារជាតិក្រិក បានបង្ហាញឲ្យឃើញថា ប្រព័ន្ធតាមដាននៃយន្តហោះ Airbus A320 មួយនេះបានបញ្ជាក់ថា យន្តហោះនោះបានបត់ចុះឡើង២ដង ហើយបានធ្លាក់ចុះពីកំពស់ ២៥០០០ហ្វីត មុនពេលដែលវានឹង ធ្លាក់ចូលទៅក្នុងសមុទ្រ។
ដោយឡែកសារព័ត៌មាន AFP ផ្សាយថា កាលពីម្សិលមិញក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្ទេចយន្តហោះ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ក្បែរកោះ Karpathos កន្លែងដែលសង្ស័យយន្តហោះដឹកអ្នកដំណើរ EgyptAir បានធ្លាក់នោះ។ ប៉ុន្តែក្រុមហ៊ុន EgyptAir និងក្រសួងការបរទេសអេហ្ស៊ីបបានច្រានចោលព័ត៌មាននេះដោយអះអាងថា រហូតមកដល់ពេលនេះ ការវិភាគនៃកម្ទេចដែលរកឃើញនៅក្បែរនោះ Karpathos ត្រូវបានបញ្ជាក់ថា មិនមែនជាបំណែកយន្តហោះនោះទេ ។
ទោះជាបែបនេះក្តីការស្រាវជ្រាវ និងប្រតិបត្តការតាមរក នៃភាគីចូលរួមដូចជា អេហ្ស៊ីប ក្រិក បារាំង និងក្រុមទាហានអង់គ្លេស កំពុងប្រព្រឹត្តទៅឡើយ នៅក្បែរទៅនឹងកោះ Karpathos របស់ប្រទេសក្រិកផងដែរ។
គួរបញ្ជាក់ថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 បានបាត់ពីរ៉ាដា ខណៈហោះចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយានដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប ដោយផ្ទុកមនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់ ហើយត្រូវបានក្រុមហ៊ុន និងរដ្ឋាភិបាលអេហ្ស៊ីបបញ្ជាក់ថថា បានធ្លាក់នៅក្នុងសមុទ្រ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍