All posts by មេគង្គ ប៉ុស្តិ៍

ព្រឹកនេះតុលាការយោធា ប្រកាស សាលក្រមអតីតយោធា២នាក់ពាក់ព័ន្ធការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ តុលាការយោធាប្រកាសសាលក្រមកាត់ទោសអតីតយោធា២នាក់ ពាក់ព័ន្ធការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ នៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការយោធា បានបើកសវនការជំនុំជម្រះក្តីជាសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខ០០៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ដែលមានជនជាប់ចោទ២រូប រួមមាន៖ ១៖ ឈ្មោះ សុខ ប៊ុនសឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និង២៖ ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា។

ជនទាំងពីរនេះ បានជាប់ចោទពីបទ៖ បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាត ពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨៕

អាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,២៦២,៩៣៣នាក់ ស្លាប់ចំនួន ៧៤,៧៩៩ នាក់ និងជាសះស្បើយចំនួន ២១២,៩៧៥នាក់។

គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣,៨១៨,៨៣៧ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៦៤,៨១៥នាក់ និងជាសះស្បើយឡើងវិញ ១,២៩៩,២៤៤នាក់៕

 

ប្រ៊ុយណេបន្តរកឃើញអ្នកឆ្លង COVID-19 ថែមទៀត ក្រោយស្ងប់ស្ងាត់ជិត២០ថ្ងៃ

ប្រ៊ុយណេ ៖ ប្រទេសប្រ៊ុយណេបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ម្នាក់ថ្មីទៀត នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង បន្ទាប់ពីបានស្ងប់ស្ងាត់គ្មានករណីឆ្លងអស់រយៈពេល១៦ថ្ងៃជាប់ៗគ្នា។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

យោងតាមក្រសួងសុខាភិបាលប្រ៊ុយណេការរកឃើញអ្នកឆ្លង១ករណីបន្ថែមទៀតនេះធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងដល់១៣៩ករណី ក្នុងនោះម្នាក់បាត់បង់ជីវិត និង ១៣១នាក់ជាសះស្បើយ។

សូមជម្រាបថា គិតចាប់តាំងពីការផ្ទុះជំងឺឆ្លង COVID-19 នៅប្រ៊ុយណេ អាជ្ញាធរប្រទេសនេះបានធ្វើតេស្តលើជនសង្ស័យសរុប ១៤,៧៥៤នាក់ ក្នុង១៣៩នាក់ចេញលទ្ធផលវិជ្ជមាន ២,៥៥១នាក់ កំពុងរង់ចាំលទ្ធផល និងអ្នកផ្សេងៗទៀតគឺអវិជ្ជមានទាំងអស់៕

ថ្ងៃម្សិលមិញ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស៩៣០គ្រឿង នៅទូទាំងប្រទេស

ភ្នំពេញ ៖ ពេញ១ថ្ងៃ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន៩៣០គ្រឿង ក្នុងនោះមានម៉ូតូ៥៩៨គ្រឿង និងរថយន្ត ៣៣២គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ស្លាកលេខជាដើម។

បើសរុបយានយន្តល្មើសទាំងរយៈពេល៦ថ្ងៃ (ថ្ងៃទី០១-០៦ ខែឧសភា) មានចំនួន១២,៤៤១គ្រឿង ក្នុងនោះម៉ូតូចំនួន៩,៣៥៧គ្រឿង និងរថយន្ត៣,០៨៤គ្រឿង៕

CDC បន្តចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគនៅកម្ពុជា តម្លៃជិត៨លានដុល្លារ

ភ្នំពេញ ៖ ទោះបីស្ថានភាពកូវីដនៅតែចោទជាបញ្ហា
នៅក្នុងដំណាក់កាលជំងឺកូវីដ១៩ នៅតែចោទជាបញ្ហាសម្រាប់ចរន្តសេដ្ឋកិច្ចនិងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសជាច្រើននៅលើពិភពលោកនេះក្ដី ក៏កម្ពុជានៅតែទទួលបាននូវការស្នើសុំវិនិយោគជាបន្តបន្ទាប់ពីអ្នកវិនិយោគក្នុងនិងក្រៅ ប្រទេស ។

យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា កម្ពុជានៅតែបន្តចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគជាបន្តបន្ទាប់ដែលមានបំណងវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងនៅគេហទំព័របស់ក្រុមប្រឹក្សាភិបាលកម្ពុជា បានបង្ហាញពីក្រុមហ៊ុនបីទទួលការចុះបញ្ជីជាស្ថាពរ ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជិត ៨លានដុល្លារអាមេរិក និងផ្ដល់ការងារប្រមាណ ជាង២ពាន់កន្លែង ។

ក្រុមហ៊ុនចំនួនដែលទទួលបានការចុះបញ្ជីពីក្រុមប្រឹក្សាភិបាលកម្ពុជា រួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៤កន្លែង។ ទី២ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០១កន្លែង និងទី៣ ជាគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២២កន្លែង ។

បើតាមអ្នកនាំពាក្យក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ឯកឧត្តមហេង សុខគង់ បានថ្លែងនៅពេលកន្លងមកថា បើទោះបីជាកម្ពុជាបានជួបប្រទះ នូវការរាលនៃ ជំងឺកូវីដ១៩ក្ដី តែរោងចក្រស្នើសុំបើកថ្មីប្រមាណជាង៨០រោងចក្រនិងមានរោងចក្រតិចតួចប៉ុណ្ណោះស្នើសុំបិទ ។ តែបើតាមរបាយការណ៍ពីសមាគមរោងចក្រកាត់ដេរនិងសម្លៀកបំពាក់វិញ មានរោងចក្រប្រមាណ១៨០រោងចក្រហើយបានស្នើសុំព្យួរការងារ និង៦០ទៀតកំពុងប្រឈមនឹងការព្យួរការងារផងដែរ ៕

ការលក់របស់ក្រុមហ៊ុនសំណង់ដ៏ធំ SCG ទាំងមូលថយចុះតែកើនឡើងនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុមសំណង់ដ៏ធំមួយមានមូលដ្ឋាននៅក្នុងប្រទេសថៃ បានបង្ហាញរបាយការណ៍លក់ប្រចាំត្រីមាសនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន ទាំងមូល ហើយជាការកត់សម្គាល់ក្នុងរបាយការណ៍ឃើញថាការលក់របស់កក្រុមហ៊ុននេះ នៅកម្ពុជាបែរជាកំណើន ខណៈនៅតំបន់អាស៊ានមានការថយចុះ ។

យោងតាមប្រសាសន៍លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន អេសស៊ីជី បានបង្ហាញឲ្យដឹងយ៉ាងដូច្នេះ “លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ កត់ត្រាចំណូលពីការលក់សរុបបាន ១៣.៧៣៨ប៊ីលានរៀល (៣.៣៧៩លានដុល្លារអាមេរិក) ដែលធ្លាក់ចុះ ៦% បើធៀបនឹងត្រីមាសទី១ នៃឆ្នាំ២០១៩ ។ មូលហេតុសំខាន់នៃការថមថយចំណូលនេះ គឺបណ្ដាលមកពីតម្លៃផលិតផលគីមីធ្លាក់ចុះ ដោយសារតម្រូវការសាកលថយចុះ ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី តួលេខចំណូលនេះគឺប្រហាក់ប្រហែលគ្នានឹងត្រីមាសមុន ដោយចំណូលកើនឡើងពីអាជីវកម្មស៊ីម៉ងត៍និងសម្ភារៈសំណង់ និងអាជីវកម្មវេចខ្ចប់ ទូទាត់គ្នាជាមួយនឹងចំណូលធ្លាក់ចុះពីអាជីវកម្មផលិតផលគីមី ។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញសម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ សម្រេចបាន ៩០៦ប៊ីលានរៀល (២២៣លានដុល្លារអាមេរិក) ធ្លាក់ចុះ ៤០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ និងធ្លាក់ចុះ ២% បើធៀបនឹងត្រីមាសមុន ដែលការធ្លាក់ប្រាក់ចំណេញនេះ គឺបណ្ដាលមកពីលទ្ធផលធ្លាក់ចុះនៃអាជីវកម្មផលិតផលគីមី ពោលគឺប្រាក់ចំណេញពីការលក់ផលិតផលគីមីមានការធ្លាក់ចុះ” ។

នៅក្នុងរបាយការណ៍របស់ខ្លួនបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០២០នេះ ចំណូលរបស់ អេសស៊ីជី ពីការលក់ផលិតផលនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) សម្រេចបាន ៥.៩៩២ប៊ីលានរៀល (១.៤៧៤លានដុល្លារអាមេរិក) ដែលស្មើនឹង ៤៤% នៃចំណូលសរុបពីការលក់ ។ ចំណាយសរុបរបស់ក្រុមហ៊ុន ទៅលើការស្រាវជ្រាវនិងអភិវឌ្ឍនវានុវត្តន៍ មានចំនួន ១៧៨ប៊ីលានរៀល (៤៤លានដុល្លារអាមេរិក) ឬស្មើនឹង ១,៣% នៃចំណូលសរុបពីការលក់ ។

ផ្អែកតាមរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២០ ក្រុមហ៊ុន អេសស៊ីជី ប្រចាំនៅកម្ពុជា មានទ្រព្យសរុបតម្លៃ ១.៥១៨ប៊ីលានរៀល (៣៧៣លានដុល្លារអាមេរិក) កើនឡើង ៥% បើធៀបនឹងត្រីមាសទី១ នៃឆ្នាំ២០១៩។ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ ដដែលនេះ អេសស៊ីជី នៅកម្ពុជា សម្រេចបានចំណូលពីការលក់ចំនួន ២៧២ប៊ីលានរៀល (៦៧លានដុល្លារអាមេរិក) កើនឡើង ៧% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ។ ចំណូលពីការលក់នេះ គឺរួមបញ្ចូលទាំងការលក់ពីអាជីវកម្មផលិតស៊ីម៉ងត៍ផង និងពីអាជីវកម្មលក់គ្រឿងសំណង់ផង ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ទ្រព្យសរុបរបស់ អេសស៊ីជី មានចំនួន ២១.៦៨១លានដុល្លារអាមេរិក ខណៈដែលទ្រព្យសរុបរបស់ អេសស៊ីជី នៅក្នុងអាស៊ាន (ដកប្រទេសថៃចេញ) មានចំនួន ៧.៤៦៤លានដុល្លារអាមេរិក ដែលស្មើនឹង ៣៤% នៃទ្រព្យសរុបរួមទាំងអស់របស់ អេសស៊ីជី ។

លោក Roongrote មានប្រសាសន៍ ថា នៅក្នុងបរិយាកាសដ៏រំជើបរំជួលនេះ សេដ្ឋកិច្ចពិភពលោកកំពុងរងនូវប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ។ អេសស៊ីជី ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនទាំងឡាយដែរ ដែលបានផ្ដោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ទៅលើការរក្សាលំនឹងលទ្ធផលប្រតិបត្តិការក្នុងត្រីមាសទី១ ឆ្នាំ២០២០ ឲ្យសម្រេចបានប្រហាក់ប្រហែលគ្នានឹងត្រីមាសមុននេះដែរ បើទោះបីជាផលប៉ះពាល់នៃវីរុសកូវីដ១៩ មកលើអាជីវកម្មនានាបានកើតឡើងនៅក្នុងខែមីនាក្ដី។ ទន្ទឹមនឹងនេះ អេសស៊ីជី ក៏ផ្តោតលើការជួយសង្គម ដៃគូ បុគ្គលិក និងក្រុមហ៊ុននានា ដើម្បីឆ្លងកាត់ពេលវេលាលំបាកនេះ ។

ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តរឹងមាំ ក្នុងការចាត់វិធានការសកម្មមុន និងជាបន្ទាន់ ដើម្បីរក្សានិរន្តរភាពអាជីវកម្ម ដោយដាក់ចេញនូវផែនការគ្រប់គ្រងនិរន្តរភាពអាជីវកម្មដ៏រឹងមាំ រួមជាមួយនឹងផែនការឆ្លើយតបនឹងការរំខាន ដោយមានការត្រៀមលក្ខណៈជាមុន គ្រប់ជ្រុងជ្រោយ និងការគោរពខ្ជាប់ខ្ជួនទៅតាមវិធានការសុខភាពនិងសុវត្ថិភាពរបស់រដ្ឋាភិបាល ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីជួយដល់ ៩០%នៃបុគ្គលិកទាំងអស់របស់ខ្លួន ដើម្បីពួកគេអាចធ្វើការពីផ្ទះមកបាន និងជួយសម្រួលដល់ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីធានាការផ្ដល់ផលិតផល សេវាកម្ម និងដំណោះស្រាយ ដល់អតិថិជនប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ៕

អង់គ្លេស វ៉ា អ៊ីតាលី ដែលមាន​អ្នកស្លាប់​ដោយសារ​កូ​វិដ​១៩​កើន​ដល់ ៣២,០០០​នាក់​

​ក្រុង​ឡុង​ដ៍ ៖ យោងតាម​ការ​ស្រង់​ស្ថិតិ​ផ្លូវការ​របស់​អង់គ្លេស​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ បានឱ្យដឹងថា​ចំនួន​អ្នកស្លាប់​សរុប​នៅ​ប្រទេស​អង់គ្លេស​កើនឡើង​ដល់ ៣២,០០០​នាក់ ដែល​ធ្វើឱ្យ​អង់គ្លេស​ឡើងមក​លេខ​រៀង​ទី​ពីរ​ជំនួស​អ៊ីតាលី​វិញ តាម​ពីក្រោយ​សហរដ្ឋអាមេរិក​។​

​ទោះបីជា​ចំនួន​អ្នកស្លាប់​ថ្មី មិន​ត្រូវបាន​បញ្ចេញ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ និង​អង្គការ​សុខភាព​ក្នុង​តំបន់​ក៏ដោយ ប៉ុន្តែ​តាម​តួលេខ​ប្រចាំថ្ងៃ​របស់​រដ្ឋាភិបាល​អ​ង់​គ្លេ​ស បានបង្ហាញ​ចំនួន​អ្នកស្លាប់​បច្ចុប្បន្ន​មាន​ចំនួន​ត្រឹមតែ ២៩.៤២៧ នាក់ ចំនួន​នេះ​នៅតែ​ច្រើនជាង​អ៊ីតាលី​ដែល​គិត​ត្រឹម​ថ្ងៃ​អង្គារ​មាន​អ្នកស្លាប់​សរុប​ចំនួន​ត្រឹមតែ ២៩,៣១៦​នាក់​ប៉ុណ្ណោះ ខណៈដែល​អាមេរិក​មាន​ចំនួន​អ្នកស្លាប់​រហូតដល់​ទៅ​៦៩,០០០​នាក់​៕

 

វិធី​ធ្វើ​ចំណី​ជ្រូក​ផ្សំ​ពី​ធម្មជាតិ​

មកដល់គ្រាបច្ចប្បន្ននេះ ការចិញ្ចឹមជ្រូលតាមទម្លាប់ពីដូនតា មិនត្រូវបានទទួលបានការចាប់អារម្ភទៀតទេ ព្រោះទាងសុខផាពជ្រូក ការរយៈពេលនៃការធំធាត់យឺត មិនអាចផ្គតផ្គង់ជីវភាពអ្នកចិញ្ចឹមឲ្យបានធូរធារឡើយ ប៉ុន្តែខាងក្រោមនេះ គឺជាវិធីខ្លះៗសម្រាប៉ជួយឲ្យការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ ទទួលបាលលទ្ធផល ខ្ពស់ជាងធម្មតា។

​ធាតុ​ផ្សំ​  ៖ 
– ដើម​ចេក​១០​គីឡូ

– ត្រកួន ១០​គីឡូ

– អំបិល​គ្រួស ស្ករត្នោត​២​ខាំ​កន្លះ
– ទឹកស្អាត​២​លីត្រ​

​របៀប​ធ្វើ​  ៖
– ហាន់​ដើម​ចេក និង​ត្រកួន​ឲ្យ​ម៉ដ្ឋ រួច​ដាក់​ចូលក្នុង​ធុង​១ លាយ​ជាមួយ​អំបិល ស្ករត្នោត និង​ទឹក​២​លីត្រ ផ្អាប់​ទុក ១​អាទិត្យ​សឹម​យក​ឲ្យ​ជ្រូក​ស៊ី ។​

​នៅពេល​ដាក់​ចំណី​ឲ្យ​វា​ស៊ី​ត្រូវ​លាយ​ចំណី​ដែល​ផ្អាប់​ហើយ លាយ​ជាមួយ​ចំណី​ជ្រូក ២​ចាន កន្ទក់​មួយ​សមល្មម និង​លាយ​ជាមួយ ម្សៅ​ពន្លៃ ម្សៅ​ដើម​បន្ដូល​ពេជ្រ ម្សៅល្មៀត​ដាក់​១​ស្លាបព្រា ក្នុង​មួយ​មុខៗ ដើម្បី​បង្ការ​ជម្ងឺ និង​ជួយ​បណ្ដេញ​សត្វល្អិត ដែល​មក​រំខាន់​សត្វ​ចិញ្ចឹម រួច លាយ​ជាមួយ​ទឹក​សើម​ល្មម លៃ​បរិមាណ​ចំណី​ឲ្យ​សមស្រប​តាម​ជ្រូក​អាច​ស៊ី​ឆ្អែត អាច​ប្រើ​សម្រាប់​ជ្រូក​១០​គីឡូ​ឡើងទៅ ៕  ប្រភព​ ៖  អ៊ាង​ សុផល្លែត​

ធ្លាប់ឆ្ងល់ទេ ! រួមភេទ​ច្រើន​ប៉ុណ្ណា​ទៅ​ ទើបប៉ះពាល់សុខភាព ?

 

សុខភាព ៖ មនុស្សភាគច្រើន មានទស្សនៈផ្ទុយគ្នាចំពោះគាររួមភេទច្រើន ឬតិចដែលអាចជួយឲ្យមានសុខភាពល្អ​ ប៉ុន្តែវាគឺជា​ជំនឿ​មួយ​ដែល​ពេញនិយម​ណាស់​ដែល​ការ​រួមភេទ​ញឹកញាប់​អាចមាន​ប្រយោជន៍​ច្រើនយ៉ាង​ចំពោះ​សុខភាព​មនុស្ស​យើង​។ វា​អាចជួយ​បង្កើន​លទ្ធភាព​នៃ​ការ​មានកូន ជួយ​ឲ្យ​ស្ត្រី​មក​រដូវ​ទៀង ព្យាបាល​ជំងឺ​ផ្តាសាយ និង​សម្រក​ទម្ងន់​។ យ៉ាងណាមិញ ការរួម​ភេទ​ក៏​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ និង​ជំរុញ​ឲ្យ​មើលទៅ​កាន់តែ​ក្មេង​ជាង​វ័យ​ផងដែរ​។​

​ប៉ុន្តែ​វា​តែងតែមាន​ការបារម្ភ​មួយចំនួន​ដែល​និយាយថា តើ​មនុស្ស​យើង​រួមភេទ​ច្រើន​ប៉ុណ្ណា​ទៅ​ទើប​ហៅថា​ជ្រុល​ខ្លាំង​ទៅ​? តើ​វា​ប៉ះពាល់​ដល់​សុខភាព​ដែរ​ទេ​?

​តើ​រួមភេទ​ច្រើន​ប៉ុណ្ណា​ទៅ​ទើប​ហៅថា​ច្រើន​ជ្រុល​ ?
​បើសិន​ជាការ​រួមភេទ​ចាប់ផ្តើម​ពេញ​មួយថ្ងៃ ហើយ​ចាប់ផ្តើម​រំខាន​ដល់​ទំនាក់ទំនង​ស្នេហា ការងារ ឬ​លក្ខណៈ​ផ្ទាល់ខ្លួន​ច្រើន នោះ​ហើយ​ទើប​ហៅថា​ជ្រុល​។ យ៉ាងណាមិញ អ្នកស្រាវជ្រាវ​បាន​ណែនាំ​ថា ការរួម​ភេទ​ម្តង ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​គឺជា​រឿង​មួយ​ល្អ ហើយ​វា​គួរតែ​ធ្វើឡើង​ដោយ​ការស្ម័គ្រចិត្ត​ទាំងសងខាង​ផងដែរ​។​

​តើ​ប៉ះពាល់​ដល់​សុខភាព​ដែរ​ទេ បើសិនជា​រួមភេទ​ច្រើនពេក​ ?
​ការ​រួមភេទ​ច្រើនដង​ក្នុងពេល​វេលា​ដ៏​ខ្លី​អាច​បណ្តាល​ឲ្យ​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​បាន​។ ធម្មតា បង្ហួរនោម​គឺជា​បំពង់​បង្ហូរ​ទឹកនោម​ដែល​ត​ភ្ជាប់​ពី​ប្លោកនោម​ដើម្បី​បញ្ចេញ​ទឹកនោម​មក​ខាងក្រៅ ហើយ​វា​ក៏​ស្ថិត​នៅជាប់​នឹង​ទ្វារមាស​ដែរ​។ គ្រប់​ពេលដែល​អ្នក​រួម​ភេទ វា​អាច​នឹងធ្វើ​ឲ្យ​បាក់តេរី​ចេញពី​ទ្វារមាស​ចូលទៅក្នុង​បង្ហួរនោម រួច​ចូលដល់​ប្លោកនោម​បាន​។ បើសិនជា​អ្នក​រួមភេទ​ច្រើនដង​ក្នុង​ពេលវេលា​ដ៏​ខ្លី ការ​ប្រឈម​នឹង​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​នឹងមាន​ខ្ពស់​ជាមិនខាន​។​

​ការស្រាវជ្រាវ​បាន​រកឃើញថា គូរ​ស្នេហ៍​ដែល​រួមភេទ​ពីរដង​ក្នុង​មួយ​សប្តាហ៍​មានការ​កើនឡើង​ចំនួន​អង់ទីគ័រ​ការពារ​ការ​បង្ក​រោគ​ខ្ពស់ជាង​អ្នក​ដែល​មិនសូវ​រួមភេទ​រហូតដល់ ៣០​ភាគរយ​ឯណោះ​៕

អាជ្ញាធរខេត្តកំពង់ចាមចុះពង្រឹងសន្តិសុខព្រំប្រទល់ខេត្តកណ្តាល ក្នុងពិធីដង្ហែសពអ្នកឧកញ៉ា ប៊ុន ស៊ាងលី

ខេត្តកំពង់ចាម ៖ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដំណើរ ដោយ ថ្នាក់ដឹកនាំ អជ្ញាធរ មាន សមត្ថកិច្ច នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បាន អញ្ជើញ ចុះត្រួតពិនិត្យ កង កម្លាំងអន្តរាគមន៍ កម្លាំងប្រជាការពារ ដែលប្រចាំការ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ និង លេខ ៧ ចាប់ពី ចំណុច ព្រំប្រទល់ខេត្តកណ្តាល រហូត មកដល់ស្ពានគីហ្ស៊ូណា ព្រំប្រទល់ខេត្តត្បូងឃ្មុំ ដេីម្បីពង្រឹង លេី កិច្ចការ ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងពិធីដង្ហែបុណ្យសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែល ត្រូវធ្វើការដង្ហែ ចេញ ពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីប្រារព្ធពិធីបុណ្យទៅតាម គន្លង ប្រពៃណីសាសនា នៅភូមិគ្រឹះស្រុកកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្ថិត នៅ ក្នុង ភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងដំណើរអញ្ជេីញចុះត្រួតពិនិត្យនោះដែរ លោកអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការណែនាំដល់មន្ត្រីកងកម្លាំងឈរជើងគ្រប់គោលដៅដែលមាននៅក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាមធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់រួមសហការគ្នាក្នុងការអនុវត្តតួនាទីរបស់ខ្លួនដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ជូនដល់ប្រមុខថ្នាក់ដឹកនាំនៅតាមបណ្តាស្ថាប័នកំពូលៗរបស់ជាតិ និងថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ននានា រួមទាំងភ្ញៀវជាតិ អន្តរជាតិក្នុងពិធីដង្ហែសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន និង ជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២៖១២នាទីទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។ ហើយត្រូវ ប្រារព្ធពិធីបុណ្យទៅតាម គន្លង ប្រពៃណីសាសនា នៅភូមិគ្រឹះស្រុកកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្ថិត នៅ ក្នុង ភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ជាមួយគ្នា នោះលោកអភិបាលខេត្ត និង លោកឧត្តមសេនីយ៍ស្នងការក៏បានឧបត្ថម្ភជាថវិកាដល់កងកម្លាំងដែលឈរជេីងនៅតាមគោលដៅទាំងនោះផងដែរ៕ ដោយ ៖ ប៉ែន សុផល

 

រដ្ឋាភិបាលចែកគ្រាប់ពូជបន្លែឥតគិតថ្លៃដល់កសិករ និងកម្មករដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩

ខេត្តបន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាលកម្ពុជា ប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក) បានរៀបចំបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងផ្គត់ផ្គង់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្តិភាព។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។
ជាមួយគ្នានោះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖គោលការណ៍ក្នុងការបែងចែកគ្រាប់ពូជបន្លែ គឺដើម្បីផ្តល់គ្រាប់ពូជបន្លែដល់គ្រួសារកសិករដោយឥតគិតថ្លៃ ដើម្បីជំរុញការដាំដុះបន្លែសុវត្តិភាពជាលក្ខណៈគ្រួសារ ជាពិសេសផ្តល់អាទិភាពដល់គ្រួសារកសិករក្រីក្រ និងងាយរងគ្រោះនិងគ្រួសារកម្មករ និយោជិកក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ វិស័យទេសចរណ៍ និងវិស័យផ្សេងៗ ដែលត្រូវបានផ្អាក ឫព្យួរការងារដោយសារផលប៉ះពាល់ជមងឺកូវីដ១៩

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍លើកឡើងថា៖តាមរយៈរាជរដ្ឋាភិបាល ប្រព័ន្ធស្បៀងបម្រុងកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសហការជាមួយស្ថានីយ៍ពិសោធន៍ពូជបន្លែក្បាលកោះនៃអគ្គនាយកដ្ឋានកសិកម្មបានផលិតគ្រាប់ពូជបន្លែសុទ្ធល្អចំនួន២៥តោនជារៀងរាលឆ្នាំសម្រាប់កិច្ចអន្តរាគមន៍ផ្សេងៗ។

ពាក់ព័ន្ធទៅនឹងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងផ្គត់ផ្គង់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ គឺដើម្បីជំរុញការដាំដុះបន្លែសុវត្តិភាព។

គួរបញ្ជាក់ថ សម្រាប់កាចែកគ្រាប់ពូជបន្លែរួមមាន៖ពោតដំណើប,ល្ពៅ,ស្ពៃចង្កឹះ,ស្ពៃខៀវ, ត្រកួន, សណ្តែកគួរ,ត្រប់វែង,ត្រប់ក្រាំងរមាស,និងប៉េងបោះ សម្រាប់ចែកជូនបងប្អូនប្រជាកសិករយើងនៅតាមបណ្តាស្រុក ឃុំ ដើម្បីយកទៅធ្វើការដាំដុះក្នុងការចិញ្ចឹមជីវភាពគ្រួសាររបស់ពួកគាត់ ក្នុងរយៈពេលការបង្ការ និងទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ-១៩ ក្នុងនោះមួយគ្រួសារទទួលបាន៤មុខដំណាំស្មើនឹង៦កញ្ចប់ និងកសិករដែលចង់បានគ្រាប់ពូជត្រូវមានវត្តមានផ្ទាល់នៅនឹងកន្លែងបែងចែក សម្រាប់ការចែកជូននាពេលខាងមុខឆាប់ៗនេះ៕

សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដង្ហែទៅបញ្ចុះនៅស្រុកកំណើត ក្នុងខេត្តត្បូងឃ្មុំ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០នេះ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែទៅបញ្ចុះនៅស្រុកកំណើតស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បន្ទាប់ពីបានតម្កល់ធ្វើពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរអស់រយៈពេលពេល២យប់៣ថ្ងៃនៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ ។

ពិធីដង្ហែសពប្រកបដោយភាពក្តុកក្តួល និងសោកសៅត្រូវបានធ្វើឡើងទៅតាមបែបបទព្រណៃណីព្រះពុទ្ធសាសនា ដោយមានការសូត្រមន្តឧទ្ទិសកុសលពីកុសលពីសំណាក់ព្រះសង្ឃ។ ក្រៅពីក្រុមគ្រួសារសាច់ញាតិ និងកូនចៅហើយនោះ ពិធីដង្ហែសពក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជការខ្មែរផងដែរ។

សូមជម្រាបថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាបានទទួលមរណភាព នៅវេលាម៉ោង ២ និង១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ៕

 

ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 លើ​លោក​កើន​ដល់​ជិត​២៦​ម៉ឺន​នាក់​

ពិភពលោក ៖ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ៣,៧២៤,៥១១​ ករណី​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២៥៨,០២៦​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១,២៤០,៧០៥​នាក់​។ ​នេះ​បើ​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer នៅ​ព្រឹក​នេះ​៕

ប្រកាសតែងតាំងប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យថ្មីខណៈប្រធានចាស់ចូលនិវត្តន៍

ខេត្តបន្ទាយមានជ័យ ៖ ស្របពេលដែលស្ថានភាពជម្ងឺកូវិដ១៩ មិនមានសកម្មភាពរីករាលដាល អតីតអនុប្រធានមន្ទីរសុខាភិបាល លោក ឡេ ចន្ទ័សង្វាត ត្រូវបានប្រកាសអោយចូលកាន់តំណែងជាប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យជំនួសលោក កែវ សុភក្ត្រា ដែលត្រូវចូលនិវត្តន៍។ ពិធីប្រកាសធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសរសើរចំពោះមន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ បានខិតខំយកចិត្តទុកដាក់ធ្វើការងារបម្រើប្រជាពលរដ្ឋនៅពេលវីរូសកូរូណារឺកូវីដ១៩កំពុងរាតត្បាត ត្រូវបានពិនិត្យនិងពន្យាបាលដោយយកចិត្តទុកដាក់ដោយមិនខ្លាចនឿយហត់ឡើយ។

លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖ក្រោយពេលប្រកាសតែងតាំងប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យថ្មី ដោយប្រធានមន្ទីចាស់ត្រូវបានចូលនិវត្តន៍ ក្រោយពេលទទួលភារកិច្ចថ្មី ត្រូវសហការគ្នាល្អជាមន្ត្រីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទអោយល្អ។

លោកសាស្ត្រាចារ្យបានជម្រុញអោយមន្ត្រីសុខាភិបាលត្រូវខិតខំយកចិត្តទុកដាក់ស្របពេលបណ្តាប្រទេសទូទាំងពិភពលោកបានកំពុងរាតត្បាតជំងឺឆ្លងកូរូណារឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា កំពុងយកចិត្តទុកដាក់និងមានវិធានការបង្កានិងទប់ស្កាត់វីរូសកូរូណារឺកូវីដ១៩។

លោកសាស្ត្រាចារ្យ អេង ហួត តឿនរំលឹកដល់មន្ត្រីសុខាភិបាលត្រូវខិតខំផ្សព្វផ្សាយណែនាំនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយមានការយល់ដឹងបង្កានិងទប់ស្កាត់វីរូសកូរូណារឺកូវីដ១៩ ដោយអនាម័យខ្លួនប្រាណ និងលាងដៃដោយសាប៊ូ និងអាកុល ពាក់ម៉ាស់អោយបានគ្រប់គ្នា បើមានបងប្អូនមកពីស្រុកក្រៅសំុអោយគាត់នៅឆ្ងាយពីសាច់ញាតិរយៈពេល១៤ថ្ងៃ៕

ថ្ងៃនេះ បុណ្យវិសាខបូជា ឈ្វេងយល់ពីប្រវត្តិពិធីបុណ្យនេះ…!

ភ្នំពេញ ៖ ថ្ងៃ១៥ កើត ខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក តែងប្រារព្ធរលឹកជារៀងរាល់ឆ្នាំ តាមរយៈកម្មវិធីបុណ្យប្រពៃណីពុទ្ធសាសនា វិសាខបូជា។ វិសាខបូជា ដែលប្រារព្ធឡើងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត (ខួបទី២៦៤២) ខួបថ្ងៃត្រាស់ដឹង (ខួបទី២៦០៧) និងខួបថ្ងៃចូល បរិនិព្វាន (២៥៦២) របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិតសម័យទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែវិសាខតែមួយខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

ថ្ងៃនេះដែរក៏ជាថ្ងៃអង្គការសហប្រជាជាតិ បានកំណត់យកវិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃ១៥ ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជាសាកលអំពីការរួមចំណែក របស់ព្រះពុទ្ធសាសនាក្នុង ពិភពលោកជាងពីរពាន់ប្រាំរយឆ្នាំមកនេះហើយ និងកំពុងបន្តនូវ ឥទ្ធិពលរបស់ខ្លួនក្នុងការលើកស្ទួយចិត្តវិញ្ញាណ របស់មនុស្សជាតិតទៅទៀត។

ជាធម្មតាក្នុងថ្ងៃនេះ ប្រជាពុទ្ធសាសនិកជនតែងតែធ្វើដំណើរ ទៅវត្តណាមួយដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយភ្ញីផ្កា ការសូត្រធម៌រំឭកសសើរ ការស្តាប់ ធម្មទេសនា និងការសាកសួរសាកច្ឆាធម៌ជាដើម។ កិច្ចការទាំងនេះក៏ជាការប្រសើរហើយ ព្រោះបាននូវអានិសង្ស ដែលកើតមកពីការធ្វើទាន រក្សាសីលជាដើម តែជាពិសេសទៅទៀតនោះ គឺការដែលប្រជាពុទ្ធបរិស័ទ គប្បីយល់ឱ្យកាន់តែបានច្បាស់ថែមទៀតអំពី សារៈសំខាន់របស់ថ្ងៃទាំងបីនេះ ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រតិបត្តិ និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។

១- ថ្ងៃប្រសូត៖ កើតមកជាមនុស្ស ត្រូវតាំងចិត្តធ្វើអ្វីមួយក បង្កើតអ្វីថ្មីមួយក្នុងជីវិតឲ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់ អប់រំខ្លួន តាមជំហានទាំង៧ គឺសត្តពោជង្ឈង្គ៧ ជាផ្លូវឆ្ពោះទៅរកជោគជ័យក្នុងជីវិត ជាផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើង និងបានសម្រេចរួចមកហើយ។

២- ថ្ងៃត្រាស់ដឹង៖ កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឲ្យការសម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួន និងមនុស្សជាតិ និង ចែកចាយការសម្រេច ព្រមទាំងវិធីដែលនាំឲ្យសម្រេចគោលដៅនោះដល់មនុស្សជាតិទូទៅ។

៣- ថ្ងៃបរិនិព្វាន៖ សេចក្តីស្លាប់គឺជាធម្មជាតិរបស់មនុស្ស-សត្វ។ ក្នុងឋានៈជាមនុស្ស មុននឹងស្លាប់គប្បីមានមត៌កណាមួយដែលមនុស្សជំនាន់ក្រោយ អាចយកទៅប្រើជាប្រយោជន៍សម្រាប់កសាងខ្លួន សង្គម និងបរិស្ថានឲ្យស្ថិតស្ថេរយូរអង្វែងតទៅ៕