All posts by មេគង្គ ប៉ុស្តិ៍

ថ្ងៃនេះមិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដសរុបចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលដែលទទួលបានមុននេះបន្តិច៕

 

ថ្ងៃម្សិលមិញ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស១,៧៥៨គ្រឿង នៅទូទាំងប្រទេស

ភ្នំពេញ ៖ រយៈពេល១ថ្ងៃ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១,៧៥៨គ្រឿង ក្នុងនោះមានម៉ូតូ១,២៦៥គ្រឿង និងរថយន្ត៤៩៣គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បន្តថា សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព, អត់កញ្ចក់, បើកបញ្ជ្រាស និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។

របាយការណ៍បញ្ជាក់ថា បើសរុបយានយន្តល្មើសទាំងរយៈពេល៥ថ្ងៃ (ថ្ងៃទី០១-០៥ ខែឧសភា) មានចំនួន ១១៥១១គ្រឿង ក្នុងនោះម៉ូតូចំនួន ៨៧៥៦គ្រឿង និងរថយន្ត២៧៥២គ្រឿង៕

 

ថៃ​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​តែ​ម្នាក់​ប៉ុណ្ណោះ ​និង​គ្មាន​អ្នកស្លាប់​ទេ​

​បាងកក ៖ អាជ្ញាធរ​សុខាភិបាល​ថៃ នៅ​រសៀល​នេះ​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 តែ​ម្នាក់​ប៉ុណ្ណោះ និង​មិនមាន​អ្នកស្លាប់​ថ្មី​ទៀត​នោះឡើយ សម្រាប់​រយៈពេល​ពេញ​មួយថ្ងៃ​។​ នេះ​បើតាម​ប្រភពពី CNA។​

​លោក Taweesin Wisanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩​បាន​ឲ្យ​ដឹងថា ករណី​ថ្មី​នោះ​គឺជា​បុរស​ជនជាតិ​ថៃ​ម្នាក់​មាន​អាយុ ៤៥​ឆ្នាំ មាន​រស់នៅ​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​។

​គួរ​ជម្រាប​ថា សរុប​មកទល់ពេលនេះ ករណី​ឆ្លង COVID-19 នៅក្នុង​ប្រទេស​ថៃ សរុប​មាន ២,៩៨៨​ករណី ក្នុងនោះ​ស្លាប់ ៥៤​នាក់ និង ២,៧៤៧​នាក់​បាន ជាសះស្បើយ ស្រប​ពេលដែល​អ្នកជំងឺ ១៨៧​នាក់ កំពុង​បន្ត​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​៕

 

ក្រុមចោរ​វាយ​បំបែក​ទ្វារ​កញ្ចក់​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​ហាង «​ភ្នំពេញ​អូ​ហ្វី​ស ស​ប្លាយ៍​»

​ភ្នំពេញ ៖ ចោរ​២​នាក់​ដែល​គេ​ដឹងថា បាន​ជិះ​កង់​១​គ្រឿង មក​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ និង​វាយ​បំបែក​ទ្វារ​កញ្ចក់​ហាង​លក់​កាមេរ៉ា​សុវត្ថិភាព និង​ម៉ាស៊ីន​ព្រី​ន​យីហោ «​ភ្នំពេញ​អូ​ហ្វី​សស​ប្លាយ៍​» ចូល​លួច​កុំ​ទ្យុ​ទ័​រ ១​គ្រឿង និង​លេប​ថប​១​គ្រឿង បានសម្រេច រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ​ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​ផ្ទះ​លេខ​2Eo​ផ្លូវ​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ហាង​ខាងលើ មិនមាន​បុគ្គលិក​ណា​ម្នាក់ នៅ​ដេក​យាម​ទេ ជា​រៀងរាល់​យប់ តែងតែ​ចាក់សោ​ទ្វារ​ទុកចោល​។ ដោយនៅ​ថ្ងៃកើតហេតុ ខណ​:​ដល់​វេលា​ត្រូវ​បិទ​ហាង បុគ្គលិក​ទាំងអស់ រួមជាមួយ​អ្នកគ្រប់គ្រង ក៏បាន​នាំគ្នា​រៀបចំ​ចាក់សោ​បិទទ្វារ​ហាង រួច​ចេញទៅ​ផ្ទះ​រៀងៗ​ខ្លួន​។ លុះ​ដល់ពេល​កើតហេតុ ស្រាប់​តែមាន​សមត្ថកិច្ច​មូលដ្ឋាន បាន​ទាក់ទង​តាម​ទូរស័ព្ទ ទៅប្រាប់​ថា ហាង​ត្រូវបាន​ជនសង្ស័យ ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារ និង​វាយ​បំបែក​ទ្វារ​កញ្ចក់ បណ្តាល​ឲ្យ​បែក​អស់​មួយ​ផ្ទាំង​ទំហំ​ប្រមាណ​២x១​ម៉ែត្រ​កន្លះ​។​

​បន្ទាប់មក​ពួកគាត់ ក៏​ប្រញាប់ប្រញាល់​នាំគ្នា ចុះមក​ត្រួត​ពិនិត្យមើល នៅ​ទីតាំង​ខាងលើ រួមទាំង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ដែល​បំពាក់​នៅខាងមុខ​ហាង ទើប​ដឹងថា ជនសង្ស័យ​មាន​គ្នា​ចំនួន​ពីរ​នាក់ បាន​ជិះ​មួយគ្រឿង​មក​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារ និង​វាយ​បំបែក​ទ្វារ​កញ្ចក់​មួយ​ជាន់​ទៀត ដើម្បី​ចូលទៅ​ខាងក្នុង​ហាង​លួច​យក​កុំព្យូទ័រ​លើ​តុ​ចំនួន​១​គ្រឿង​និង​ឡេ​ប​ថប​ចំនួន​១​គ្រឿង ហើយ​បាននាំគ្នា​ឡើង​ជិះ​កង់ គេច​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ ៕

 

ប្រទះឃើញត្រីសូល៍ ចម្លាក់នាគ និងថ្មគ្រីស្តាល់នៅប្រាសាទកណ្តាលស្រះស្រង់

ខេត្តសៀមរាប ៖ ការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ដែលដឹកនាំដោយលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលមានលោក ម៉ៅ សុខនី ប្រធានការដ្ឋាន បានរាយការណ៍ស្ដីពី ក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

តាមការបញ្ជាក់ពីក្រុមការងារបានឱ្យដឹងថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើនដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ។

ក្នុងនោះបុរាណវត្ថុចំនួនបីប្រភេទដែលគេពុំធ្លាប់បានប្រទះឃើញនៅទីនេះមានជាអាទ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន២ ដែល១នៅមានរូបរាងពេញលេញ និង១ទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ ខ្វាតពណ៌ស (គ្រីស្តាល់?) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុនដែរ និងបំណែកចម្លាក់ក្បាលនាគមួយធំដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។

ការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថាស្ថិតនៅក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី និងមានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់កាលដំបូងនៃការធ្វើកំណាយស្រាវជ្រាវ។ លទ្ធផលនឹងបង្ហាញច្បាស់លាស់ជាងនេះនៅក្រោយបញ្ចប់ការងារស្រាវជ្រាវ។ បើសិនជាមិនមានអ្វីរារាំង និងរំខានក្នុងអំឡុងពេលកំណាយ កិច្ចការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៦សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០មក។

ក្នុងការរក្សាទុកដាក់វត្ថុបុរាណវិញលោកអគ្គនាយករងបានឱ្យដឹងថា បច្ចុប្បន្នដើម្បីរក្សាពីសុវត្ថិភាព ក្រុមការងារបាននាំយកវត្ថុទាំងនោះមកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុល សម្អាត និងរក្សាទុក៕

 

GMAC ៖ កម្មករ​ជិត ២០ម៉ឺននាក់ នឹងត្រូវ​ព្យួរការងារ​នាពេល​ខាងមុខ​ឆាប់ៗ​នេះ

ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា (GMAC) បាន​ឱ្យដឹងថា រោងចក្រ​ចំនួន ១៨០ បាន​ព្យួរប្រតិបត្តិការ​របស់ខ្លួន ហើយ​រោងចក្រ​ចំនួន ៦០បន្ថែម​ទៀត​​នឹងឈានទៅរក​ការព្យួរផងដែរ ដែល​កំពុង​ប៉ះពាល់​ដល់​កម្មករ​ជាង១៥ម៉ឺននាក់​ដែលត្រូវបាន​ព្យួរការងារ​ជាបណ្តោះអាសន្ន។

លើសពីនេះ កម្មករ​ជិត ២០​ម៉ឺននាក់​ទៀត នឹង​ត្រូវព្យួរការងារ​នាពេលខាងមុខ​ឆាប់ៗនេះ ដែល​នឹង​ប៉ះពាល់​ដល់​សមាជិក​គ្រួសារ​ប្រមាណ ២លាននាក់​ដែល​ពឹង​ផ្អែក​លើពួកគេ​ទៀតផង។ នេះបើតាម​លិខិត​របស់ GMAC ចុះកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០២០ ស្តីពី​ការ​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ដល់​អ្នកបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរពីកម្ពុជា។

GMAC លើកឡើងថា៖ «យើង​យល់​អំពី​ភាព​លំបាក​ដែលអ្នកបញ្ជាទិញ​កំពុងប្រឈមមុខ ប៉ុន្តែ​យើងពិតជាអំពាវនាវ​យ៉ាងខ្លាំង​ទៅអ្នក​បញ្ជា​ទិញ​ទាំងអស់​មេត្តា​គោរព​តាមលក្ខខណ្ឌទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ដែល​បាន​ទទួលរួចហើយ និង/ឬ​ដែល​កំពុងដឹក​ទៅឱ្យ​អ្នកបញ្ជាទិញ។ រោងចក្រ​នៅកម្ពុជា កំពុងរងគ្រោះ​រួចហើយ​ពីការលុបចោល​ការបញ្ជាទិញ​ជាច្រើន និង​ការគ្មាន​បញ្ជាទិញ​ថ្មីៗ ហើយ​មិនអាចទ្រាំទ្រ​នឹងការមិនទូទាត់​ប្រាក់នោះទេ»៕

សូមអានបន្ថែមក្នុងលិខិតខាងក្រោម៖ 

 

 

ក្រសួងសុខាភិបាលប្រាប់ពីចំនួន​អ្នកឆ្លងកូវីដ១៩ និងអ្នកជាសះស្បើយ​គិតត្រឹមព្រឹកនេះ

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ២នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលទទួលបានមុននេះបន្តិច៕

 

WHO ៖ អាមេរិកមិនបានផ្ដល់​​ភស្ដុតាង​ណាមួយស្តីពី​ការអះអាងថាកូវិដ១៩​ចេញពី​មន្ទីរពិសោធន៍​ចិន​ទេ​

បរទេស ៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ទីក្រុង​វ៉ាស៊ីនតោន​មិនបាន​ផ្តល់​ភស្ដុតាង​ណាមួយ​ដើម្បី​គាំទ្រ​ការអះអាង​ដោយ​ប្រថុយប្រថាន របស់​ប្រធានាធិបតី​អាមេរិក​ដែលថា​វីរុស​ថ្មី​កូ​វីដ​១៩​នេះ​មាន​ប្រភព​នៅក្នុង​មន្ទីរពិសោធន៍​ចិន​ទេ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA។​

​ប្រធាន​ផ្នែក​សង្គ្រោះបន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​លោក Michael Ryan បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​”​យើង​មិន​បានទទួល​ទិន្នន័យ​ឬ​ភ័ស្តុតាង​ជាក់លាក់​ណាមួយ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ទាក់ទង​ទៅនឹង​ប្រភពដើម​នៃ​វីរុស​នោះទេ​។​

​អ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា​វីរុស​នេះ​បាន​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ដែល​កំពុង​ផ្ទុះឡើង​នៅ​ប្រទេស​ចិន​កាលពី​ចុង​ឆ្នាំមុន​អាចមកពី​ទីផ្សារ​មួយ​នៅ​ទីក្រុង​វូ​ហាន​ដែល​លក់​សត្វ​កម្រ​បែបនេះ។​

​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានធ្វើការ​រិះគន់​កាន់​យ៉ាងខ្លាំង​ទៅលើ​ប្រទេស​ចិន ដែល​បណ្តោយឱ្យ​ជំងឺ​កាច​សាហាវ​នេះ​ឆ្លង​រាលដាល​នៅ​ទូទាំង​ពិភពលោក​។ លោក​ក៏បាន​ធ្វើការ​អះអាងថា ជំងឺ​កូ​វីដ​១៩ គឺ​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍ Wuhan Institute of Virology ក្នុង​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ខណៈ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា ជំងឺ​នេះ​គឺមាន​ដើមកំណើត​ចេញពី​ទីផ្សារ​លក់​សាច់សត្វ នៅក្នុង​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​។​

​ហើយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា​“ អាមេរិក​មាន​ភ័ស្តុតាង​ជាច្រើន​ដែល​បាន​អះអាង​វីរុស​នេះ​មាន​ប្រភពពី​មន្ទីរពិសោធន៍​ចិន ប៉ុន្តែ​រដ្ឋាភិបាល​ចិន​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​។​

​លោក Michael Ryan បាន​និយាយថា WHO នឹងមាន​ឆន្ទៈ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ណា​ដែល​បញ្ជាក់​ពី​ប្រភពដើម​នៃ​វីរុស​នេះ​” ដោយ​លោក​សង្កត់ធ្ងន់ថា​នេះ​គឺជា​”​ព័ត៌មាន​សុខភាព​សាធារណៈ​ដ៏​សំខាន់​សម្រាប់​ការគ្រប់គ្រង​ជំងឺ​នេះ​អនាគត​”។​

​លោក​បាន​បន្ថែមថា​“​ប្រសិនបើ​ទិន្នន័យ​និង​ភ័ស្តុតាង​មាន​ពិ​ក​មែន​នោះ​ថា​តើ អាមេរិក​អាច​ចែកចាយ​នៅពេលណា​ប៉ុន្តែ​វា​ពិបាក​សម្រាប់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ប្រតិបត្តិការ​ព័ត៌មាន​ខ្វះចន្លោះ​នៅក្នុង​បញ្ហា​នោះ​”៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ ៣.៦៤លាននាក់

បរទេស ៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣,៦៤៣,២៤២ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៥២,២៤០នាក់ និងជាសះស្បើយឡើងវិញ ១,១៩៤,៧៣៩នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,២១២,៨០៦នាក់ ស្លាប់ចំនួន ៦៩,៩២០នាក់ និងជាសះស្បើយចំនួន ១៨៨,០២៧នាក់៕

 

ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃទី០៦-១២ ខែឧសភា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០។

ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ជ្រលងសម្ពាធទាបខ្សោយគ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៥-៤១°C ។

ផ្នែកមួយចំនួននៃបណ្តាខេត្តនៅភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតតិចទៅបង្គួរ ។ ចំណែកឯបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C ។
នៅបណ្តាខេត្តខ្លះអាចមានភ្លៀងធ្លាក់ខ្សោយ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ ។

ក្រសួងក៏បានអំពាវនាវសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងការកើនឡើងនូវ សីតុណ្ហភាពអប្បបរមា និងអតិបរមានៅបណ្តាខេត្តភាគពាយ័ព្យរហូតទៅដល់ ៤០-៤១°C នាថ្ងៃទី៨-៩-១០ ខែឧសភា៕

 

ថ្ងៃម្សិលមិញ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស១,៨៤៤គ្រឿងនៅទូទាំងប្រទេស

ភ្នំពេញ ៖ រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១៨៤៤គ្រឿង ក្នុងនោះមានម៉ូតូ១៤០៤គ្រឿង និងរថយន្ត ៤៤០គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព, អត់កញ្ចក់, បើកបញ្ជ្រាស និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។

បើសរុបយានយន្តល្មើសទាំងរយៈពេល៤ថ្ងៃ (ថ្ងៃទី០១-០៤ ខែឧសភា) មានចំនួន ៩៧៥១គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៤៩៤គ្រឿង និងរថយន្ត២២៥៧គ្រឿង៕

 

តំណាង WHO ៖ វ៉ាក់សាំងកូវីដ ១៩ អាចនឹងរួចរាល់នៅរយៈពេលពី១ឆ្នាំ ទៅ១ឆ្នាំកន្លះ

ភ្នំពេញ ៖ បើទោះបីជាជំងឺកូវីដ ១៩នេះ បានផ្ទុះឡើងរយៈពេលជិតកន្លះឆ្នាំមកហើយក្ដី តែខាងវេជ្ជសាស្ត្រនានា រួមទាំងអង្គការសុខភាពពិភពលោកនៅតែមិនទាន់រកឃើញថ្នាំវ៉ាក់សាំងសម្រាប់ចាក់ការពារជំងឺនេះនៅឡើយ វាហាក់ដូចជានៅឆ្ងាយបន្តិច ។
បើតាមតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលោកស្រីវេជ្ជបណ្ឌិត Li Ailen បានមានប្រសាសន៍ថា ថ្វីត្បិតតែជំងឺកូវីដ ១៩នេះ មានការធូរស្រាលនៅបណ្ដាប្រទេសមួយចំនួន នៅតែមានស្ថានភាពធ្ងន់ធ្ងរសម្រាប់ប្រទេសមួយចំនួនទៀតក្ដី តែចំពោះវ៉ាក់សាំងសម្រាប់ការពារជំងឺកូវីដ ១៩នេះនៅឡើយ ។
លោកស្រីបន្តថា សម្រាប់វ៉ាក់សាំងជំងឺកូវីដ១៩នេះ វាមិនអាចចេញនៅពេលឆាប់ៗនេះទេ វានឹងអាចចេញនៅរយៈពេល១២ខែ ទៅ១៨ខែ ក៏ប៉ុន្តែពេលវេលានេះ អាចនឹងមានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង ។
គួរបញ្ជាក់រហូតមកដល់ពេលនេះ អ្នកឆ្លងមេរោគកូវីដ១៩ ទូទាំងពិភពលោក មានជាង៣លាននាក់ ក្នុងនោះអាមេរិកមានអ្នកផ្ទុកកូវីដ ១៩ច្រើនជាងគេ ខណៈប្រទេសចិនទីដែលផ្ទុះជំងឺកូវីដ ១៩ បានធ្លាក់ចុះអ្នកឆ្លងពីចំណាត់ថ្នាក់ប្រទេសទាំង១០ ឆ្លងកូវីដ ។សម្រាប់កម្ពុជា គិតត្រឹមថ្ងៃទី០៤ ឧសភា ២០២០ មានអ្នកផ្ទុកកូវីដ១៩ ចំនួន១២២នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន១២០នាក់ និងកំពុងសម្រាកព្យាបាល២នាក់ និងមិនមានករណីស្លាប់នោះទេ ៕

លោក កឹម សុខា ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ឧបាសិកា ប៊ុន ស៊ា​ង​លី​

​ភ្នំពេញ ៖ លោក កឹម សុខា និង​ភរិយា​របស់លោក​បាន​ផ្ញើ​សារ​ជូន​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដោយ បាន​សម្តែង​សមានចិត្ត​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់ ឧបាសិកា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​ម្តាយបង្កើត​សម្តេច ប៊ុន រ៉ានី ប្រធាន​កាកបាទ ក្រហម​កម្ពុជា។

​សូមជម្រាបថា សារ​រំលែក​ទុក្ខ​ខាងលើ​របស់លោក កឹម សុខា ត្រូវបាន​បង្ហោះ​លើ ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ម៉ោង​៩​កន្លះ នា​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​នេះ។​

​លោក កឹម សុខា បាន​សរសេរ​ទៅកាន់​សម្តេច ហ៊ុន សែន ថា​៖«​មរណភាព​របស់​មហា ឧបាសិកា ប៊ុន ស៊ា​ង​លី គឺជា​ការបាត់បង់​មាតា ជីដូន ដែលជា​អ្នកមានគុណ​ដ៏​ធំធេង ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ​ប្រកបដោយ​ព្រហ្ម​វិហារធម៌​»​។​លោក​បន្ត ថា​៖«​ក្នុងឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ភរិយា​ខ្ញុំ និង​រូបខ្ញុំ សូម​ចូលរួម​រំលែក នូវ​មរណទុក្ខ​ដោយ​សេចក្តីសោកស្តាយ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បុត្រា បុត្រី ចៅ ចៅទួត ព្រមទាំង​សាច់ញាតិ​ក្រុមគ្រួសារ ទាំងអស់​នៃ​សព ដោយ​សេចក្តី​សង្វេគ​ក្រៃលែង​»​។​

​លោក កឹម សុខា ក៏បាន​បញ្ចប់​នូវ​ឃ្លា​ចុងក្រោយ​ថា លោក បួងសួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ របស់​ឧបាសិកា ប៊ុន ស៊ា​ង​លី បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព ៕

 

ចិន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន​៣​ករណី​បន្ថែមទៀត​

ចិន ៖ គណៈកម្មការ​សុខាភិបាល​ចិន បានប្រកាស​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី ចំនួន ៣​នាក់​ប៉ុណ្ណោះ​កាលពី​ថ្ងៃអាទិត្យ ហើយ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំងអស់ ជា​ករណី​ឆ្លង​នាំចូល​ពី​ខាងក្រៅ​។ នេះ​បើ​យោងតាម​ប្រភពពី CNA។

​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​នៅ​ចិន​បាន​កើន​ឡើងដល់ ៨២.៨៨៩​ករណី ហើយ​មិនមាន​ករណី​ស្លាប់​ថ្មី​នោះឡើយ​។ ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​មាន​ចំនួន ៤.៦៣៣​នាក់​ដដែល​។​

​សូមជម្រាបថា COVID-19 បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វា​បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២៥០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.៥០០.០០០​នាក់​ជុំវិញ​ពិភពលោក​៕

 

តម្លៃប្រេងសាំងនៅកម្ពុជា នាដើមខែឧសភានេះ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៤ ខែឧសភានេះ បានចេញសេចក្តីជូនដំណឹងស្តីពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្នុងនោះប្រេងសាំង​ធម្មតា៖ ២២៥០រៀល​ក្នុងមួយលីត្រុ, ប្រេងម៉ាស៊ូត៖ ២១៥០រៀល ក្នុងមួយ​លីត្រ៕