All posts by មេគង្គ ប៉ុស្តិ៍

វីរុស​កូរ៉ូណាថ្មី ៦ប្រភេទ ត្រូវបានរកឃើញក្នុង​សត្វប្រជៀវនៅប្រទេសមីយ៉ាន់ម៉ា

អាមេរិក ៖ ក្រុម​ស្រាវជ្រាវនៃ​អង្គការ The Smithsonian Global Health Program នៅក្រុងវ៉ាស៊ីងតោន បាន​រកឃើញ​ជាលើកដំបូង​នូវ​វីរុសកូរ៉ូណាថ្មី​ចំនួន៦ប្រភេទ ក្នុង​សត្វ​ប្រជៀវ នៅ​ប្រទេសមីយ៉ាន់ម៉ា។ ការរកឃើញនេះ ត្រូវបានចេញផ្សាយ​នៅក្នុង​ព្រឹត្តបត្រ​វិទ្យាសាស្រ្ត PLOS ONE កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន Metro។

យ៉ាងណាមិញ វីរុសថ្មី៦ប្រភេទនេះ មិនពាក់ព័ន្ធអ្វីនឹង​វីរុសកូរ៉ូណា ឬកូវីដ១៩ ដែល​កំពុង​ឆ្លងរាលដាល​នៅទូទាំងពិភពលោក​ឡើយ។ វាក៏មិនពាក់ព័ន្ធនឹង​ជំងឺ SARS ឬក៏ MERS ដែរ។

គេជឿជាក់ថា ជំងឺរាតត្បាត​កូវីដ១៩ នាពេលបច្ចុប្បន្ននេះ គឺកើតចេញពី​សត្វប្រជៀវ ហើយ​ឆ្លងទៅមនុស្ស​ក្នុងប្រទេសចិន ម្លោះហើយ អ្នកស្រាវជ្រាវត្រូវការសិក្សា​បន្ថែម​អំពីរបៀបចម្លង​ជំងឺ​ចេញពី​សត្វ​នូវ​មេរោគ​កូរ៉ូណាថ្មីទាំងនោះ។ ពួកគេ​សង្ឃឹមថា ការ​រកឃើញ​នេះ​នឹងជួយឱ្យ​ពិភពលោក អាចអង្កេត​ដឹងពីវីរុសផ្សេងៗដែលនឹង​កើតឡើងនាពេលអនាគត​ ហើយ​អាច​ទប់ស្កាត់​បាន​ដោយប្រសិទ្ធភាព។

ចំណែក​មជ្ឈមណ្ឌល​គ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បាន​ឱ្យដឹងថា វីរុសកូរ៉ូណាប្រភេទថ្មីទាំងនោះ គឺ​ជាធម្មតាមាននៅក្នុងខ្លួនមនុស្ស និង​សត្វ។ ប៉ុន្តែវាជារឿងដ៏កម្រ​ដែលវីរុសកូរ៉ូណាក្នុងខ្លួនសត្វ​ឆ្លងទៅ​មនុស្ស ហើយឆ្លង​រាលដាល​ទៅកាន់មនុស្ស​ទៀត។

អ្នកជំនាញ​ផ្នែកសុខភាព បាន​ប៉ាន់ស្មាន​ថា វីរុសកូរ៉ូណា​រាប់ពាន់ គឺមានវត្តមាន​ក្នុង​ខ្លួន​សត្វ​ប្រជ្រៀវ ដែលក្នុងនោះ​មានវីរុសច្រើនណាស់​ដែលគេរកមិនទាន់ឃើញ ​ឬមិនស្គាល់៕

 

ថ្ងៃនេះ មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ៣នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច៕

 

ព្រឹកនេះតុលាការយោធាបើកសវនការកាត់ទោសក្រុមបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ តុលាការយោធាកម្ពុជា បានបើកសវនការកាត់ទោសអតីតយោធា២នាក់ ពាក់ព័ន្ធនឹងបទល្មើសបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ នៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦។

ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការយោធា បើកសវនការជំនុំជម្រះក្តីជាសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខ០០៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ដែលមានជនជាប់ចោទ២រូបរួមមាន ៖ ១៖ ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា។ ២៖ ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា។

ជនទាំងពីរនេះបានជាប់ចោទពីបទ ៖ បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាត ពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ៕

 

មេបញ្ជាការរងកងទ័ពជើងគោកចុះសួរសុខទុក្ខកងទ័ពឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ «តំបន់ទន្លេល្ពៅ»

ដោយ កូវ ប៊ុនហេង 

ព្រះវិហារ ៖ លោក ឧត្តមសេនីយ៍ឯកស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ បានដឹកនាំកម្លាំងក្រោមឱវាទ ធ្វើដំណើរចុះសាកសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចឈរជើងការពារ នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ តំបន់ទន្លេល្ពៅ  និងប្រជុំផ្សព្វផ្សាយពីវិធានការមួយចំនួន ដើម្បីឲ្យបងប្អូនចេះនៅក្នុងការថែរក្សាខ្លួន កុំឲ្យឆ្លងជំងឺដ៏កាចសាហាវ COVID-19នេះ ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ៖ ថ្លែងថា ដើម្បីការពារខ្លួនឯងកំអោយឆ្លងជំងឺ COVID-19 ចាំបាច់យើងទាំងអស់ ត្រូវតែប្រុងប្រយ័ត្នបំផុត បើទោះបីជំងឺកូវីដ-១៩នៅកម្ពុជា នាពេលបច្ចុប្បន្នមានស្ថានភាពធូរស្រាលក៏ដោយ។ យើងក៏មិនអាចមើលស្រាល និងមិនយកចិត្តទុកដាក់ អំពីជំងឺនេះបានដែរ ព្រោះវាអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត ។

លោកមេបញ្ជាការរងកងទ័ពជើងគោក៖ ថ្លែងបន្តថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៅជំងឺដ៏កាចសាហាវនេះបាន យើងគ្រប់ៗរូប ត្រូវមានការប្រុងប្រយត្ន័ខ្ពស់បំផុត។ ផ្ទុយទៅវិញយើងទាំងអស់គ្នាត្រូវចូលរួម ដោយអនុវត្តអោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំអោយឆ្លងជំងឺកូវីដ-១៩នេះ។ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ក៏បានធ្វើការជម្រុញបន្ថែមទៅកាន់បងប្អូនកងទ័ព ដែលកំពុងបំពេញភារកិច្ចឈរជើងជួរមុខទាំងអស់តាមបន្ទាត់ព្រំដែន ធ្វើយ៉ាងត្រូវប្រឹងប្រែងយកចិត្តទុក្ខដាក់ចេញដើរល្បាត នៅតាមចំណុចភូមិសាស្ត្រដែលអង្គភាពខ្លួនទទួលខុសត្រូវឲ្យបានខ្ជាប់ខ្ជួន។ខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អ រវាងកម្លាំងភាគីមិត្តកម្ពុជា-ឡាវ ឈរលើស្មារតីទទួលខុសខ្ពស់ក្នុងការដោះស្រាយដោយសន្តិវិធី ជៀសវាងការដោះស្រាយគ្នាដោយកម្លាំងប្រដាប់អាវុធផងដែរ។

នៅបន្ទាប់ពីប្រសាសន៍សាកសួរសុខទុក្ខ និងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការ ការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩បានបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ក៏បានឧបត្ថម្ភអំណោយ ជាសម្ភារៈ និងថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីទុកហូបចុក និងធ្វើការប្រើប្រាស់នៅក្នុងការ ការពារខ្លួនកុំឲ្យឆ្លងនូវជម្ងឺកូវីដ-19 ៕

COVID-19 ៖ សហរដ្ឋអាមេរិក មានអ្នកឆ្លងលើស១លាននាក់ហើយ

អាមេរិក ៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹក ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០នេះ ចំនួន អ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិក បានកើនដល់ ១,០១០,១២៣នាក់ហើយ ក្នុងស្លាប់ ៥៦,៧៩៦ នាក់។ នេះបើយោងតាមទិន្នន័យពីវែបសាយអន្តរជាតិ Worldometers។

ប្រភពដដែលបន្តថា សម្រាប់អ្នកឆ្លង COVID-19 នៅអាមេរិក ដែលបានជាសះស្បើយវិញ គឺមាន១៣៨,៩៨៩នាក់។ ចំណែកប្រទេសដែល អ្នកជំងឺ COVID-19 ស្លាប់ច្រើនបន្ទាប់ពីសហរដ្ឋអាមេរិក គឺអ៊ីតាលី ជាមួយចំនួនអ្នកបាត់បង់ជីវិត ២៦,៩៧៧នាក់ ក្នុងចំណោមអ្នកឆ្លង១៩៩,៤១៤នាក់។ មកទល់នឹងពេលនេះ សហរដ្ឋអាមេរិក នៅតែបន្តឈរនៅលេខមួយក្នុងនាមជាប្រទេសមានអ្នកឆ្លង និងស្លាប់ ដោយសារ COVID-19 ច្រើនជាងគេនៅលើពិភពលោក៕

 

ក្រសួងធនធានទឹកបញ្ជាក់ពីស្ថានភាពធាតុអាកាសពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា

ភ្នំពេញ ៖ ក្រសួងធនធានទឹ​ក និងឧតុនិយម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ដោយបញ្ជាក់នៅរយៈពេលនេះ សីតុណ្ហភាពនៅកម្ពុជា អប្បបរមា ពី២៤-២៧អង្សាសេ និងអតិបរមាពី ៣២-៣៧អង្សាសេ។

ក្រសួងបានឲ្យដឹងទៀតថា នៅរយៈពេលនៃការព្យាករណ៍នេះ ក៏មានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរផងដែរ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ននូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅតាមបណ្តាខេត្តជាប់សមុទ្រ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី០១ ខែឧសភា៕

 

ប៉ូលិសនឹងដាក់ពង្រាយជិត៤ពាន់នាក់តាមគោលដៅជិត ៦រយកន្លែង ក្នុងថ្ងៃអនុវត្តច្បាប់ចរាចរណ៍ថ្មី

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នឿត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទនេះថា ក្រសួងមហាផ្ទៃនឹងរៀបចំកម្លាំងនគរបាលសរុប ៣.៩១៩នាក់ ដើម្បីដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗចំនួន ៥៦៨កន្លែង នៅពេលចាប់ផ្តើមការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ពីថ្ងៃទី១ ខែឧសភា នេះតទៅ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ នគរបាលចរាចរណ៍នឹងចាប់ផ្ដើមអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍តាមអនុក្រឹត្យថ្មី ដែលប្រាក់ពិន័យបានដំឡើងពី ៣ ទៅ ៥ដង៕

ក្រសួងប្រកាសលុបអាជ្ញាបណ្ណព័ត៌មានអនឡាញ«ចក្រវាឡ»របស់លោក បាន ឫទ្ធី

ភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែមេសា នេះ បានចេញេសចក្តីប្រកាសបញ្ជាក់ពីការសម្រេចលុបអាជ្ញាប័ណ្ណព័ត៌មានអនឡាញ «ចក្រវាឡ» របស់លោក ចាន់ ឫទ្ធី ដោយអះអាងថា បន្ទាប់ពីពិនិត្យថា លោកធ្វើសកម្មភាពផ្ទុយពីវិជ្ជាជីវៈអ្នកសារព័ត៌មាន៕

សូនអានសេចក្តីសម្រេចដូចខាងក្រោម ៖

ពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះទទួលអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជើងព្រៃ

ដោយ ៖​ ប៉ែន សុផល

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នំា២០២០នេះ រដ្ឋបាលស្រុកជើងព្រៃ សហការជាមួយព្រះអនុគណស្រុក បាននំាយកនូវអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជើងព្រៃ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារឈ្មោះ ជីវ ចេន អាយុ៧៧ឆ្នំា និងប្រពន្ធឈ្មោះ អួង ថេង អាយុ ៧៩ឆ្នំា រស់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នំា២០២០ម្សិញមិញនេះ ក្នុងនោះរួមមាន ៖ លោកបណ្ឌិត ម៉ា ឈឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជើងព្រៃ តង់ធំមួយ អង្ករ ១០០គ.ក្រ. និងថវិកា ៥០ម៉ឺនរៀល ។

លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ ថវិកា ២លានរៀល និងជួយធ្វើផ្ទះចាក់បេតុងក្រោម គ្រោងដែក ជញ្ជំាង និងដំបូលស័ង្កសី ទំហំ ៤x៥ ម៉ែត្រ និងគ្រឿងឧបភោគ បរិភោគ មួយចំនួន។

ព្រះអនុគណ និងមន្រ្តីសង្ឃស្រុកជើងព្រៃ ថវិកា ៧១ម៉ឺនរៀល និងសម្ភារះប្រើប្រាស់មួយចំនួន ។
លោក អូត ឈាងលី អភិបាល នៃគណះអភិបាលស្រុកជើងព្រៃ ថវិកា ១០ម៉ឺនរៀល ។
លោក ខាត់ សុខន ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់និងភូមិបាលស្រុក ថវិកា ១០ម៉ឺនរៀល ។

លោក តែ សេងពៅ និងលោកស្រី ឡ សេងលាភ ម្ចាស់រោងម៉ាស៊ីនកិនស្រូវសេកមាស ថវិកា ៤០ម៉ឺនរៀល និងគ្រឿង ឧបភោគ បរិភោគ មួយចំនួន ទៀតផងដែរ។
សូមថ្លែងអំណរគុណ និងសូមគោរពជូនពរ ដល់ព្រះអនុគណស្រុក  លោក លោកជំទាវ លោក លោកស្រី សប្បុរសជនទំាងអស់ អោយជួបតែនឹងពុទ្ធពរទំាង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អាជ្ញាធរខេត្តកំពង់ចាម ចូលរួមប្រជុំតាមរយ:ប្រព័ន្ធវីឌីអូ Conference ជាមួយនិងសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

ដោយ ៖ ប៉ែន សុផល

ខេត្តកំពង់ចាម ​៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និង លោក ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត ដោយ មាន ការ អញ្ជើញ ចូលរួម ពី លោក អភិបាលរងខេត្ត លោកប្រធានមន្ទីរធម្មការនិងសាសនា និងលោកប្រធានមន្ទីរសុខាភិបាលខេត្តនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមប្រជុំតាមរយ:ប្រព័ន្ធវីឌីអូ Conference ជាមួយនិងសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមានស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក, ស្នាក់ការតំបន់ នៅទីក្រុងហុងកុង និងសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា ដើម្បីពិនិត្យមើលអំពីវឌ្ឍនៈភាព នៃការចូលរួមអភិវឌ្ឍវិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម និងលើកទិសដៅសម្រាប់ការអនុវន្តបន្តផងដែរ ។

គួររំលឹក ផង ដែរ ថា កន្លងមក ថ្នាក់ដឹកនាំ សមាគម និកាយ សាសនា ចក្រ នៃ ព្រះ យេស៊ូគ្រិស្ត នៃ ពួក បរិសុទ្ធ ថ្ងៃ ចុង ក្រោយ បានជួយ ឧបត្ថម្ភ ជា សម្ភារៈ បរិក្ខារ ពេទ្យ ដេីម្បី ជួយ សង្គ្រោះ ដល់ អាយុជីវិត ប្រជាពលរដ្ឋ យើង ព្រមទាំង បាន ជួយ បណ្ដុះបណ្ដាល វិជ្ជាជីវៈ ដល់ មន្ត្រី សុខាភិបាល នៅ តាម មណ្ឌលសុខភាព និង មន្ទីរពេទ្យ បង្អែក មួយ ចំនួន ផង ដែរ ។

ជាមួយគ្នា នោះ អាជ្ញាធរ ខេត្តកំពង់ចាម ក៏បានថ្លែង អំណរគុណ និង កោតសរសើរ ចំពោះ សមាគម និកាយ សាសនា ចក្រ នៃ ព្រះ យេស៊ូគ្រិស្ត នៃ ពួក បរិសុទ្ធ ថ្ងៃចុងក្រោយដែលតែង តែ ចូលរួមក្នុងការ ជួយ អភិវឌ្ឍន៍ លេី វិស័យ សុខាភិបាល ក៏ដូចជា វិស័យ ផ្សេងៗ ទៀត ព្រមទាំងបាន ជួយ ទំនុក បម្រុង ដល់ ប្រជាពលរដ្ឋ ក្រីក្រ នាពេលកន្លងមក ផង ដែរ ៕

ក្រុមប្រឹក្សាធម្មនុញ្ញ ៖ ច្បាប់​ស្តីពីការគ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិតក្នុងភាព​អាសន្ន គឺ​ស្របនឹង​រដ្ឋធម្មនុញ្ញ

ភ្នំពេញ ៖ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​សម្រេច​អនុម័ត​ជាឯកច្ឆនថា ច្បាប់​ស្តីពីការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិតក្នុងភាព​អាសន្ន គឺ​ស្របនឹងរដ្ឋធម្មនុញ្ញ។ ការ​សម្រេច​នេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំ​ពេញអង្គ ក្រោមអធិបតីភាព​លោក អ៊ីម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០២០។

កិច្ច​ប្រជុំនេះ ធ្វើឡើង​បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចូលឆ្លើយបំភ្លឺនៅក្រុមប្រឹក្សាធម្មនុញ្ញកាលពីព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០។

សូមជម្រាប​ថា ច្បាប់នេះ ត្រូវបាន​រដ្ឋសភា​អនុម័តកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២០ និងត្រូវបាន​ព្រឹទ្ធសភា​អនុម័ត កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២០៕

 

រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតអាមេរិកដាំដើមឈើអមតាមចិញ្ចើមផ្លូវជាតិលេខ៦

ភ្នំពេញ ៖ រដ្ឋបាលរាជធានីដាំដើមឈើប្រភេទធ្នង់ប្រមាណជិត១០០០ដើមត្រូវបានអាជ្ញាធររាជធានីដាក់ដាំពង្រាយអមតាមចិញ្ចើមផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រហ្មមុខបួនរហូតដល់វត្តវារិន្ទសង្កាត់ព្រែកលាបស្ថិតក្នុងខណ្ឌជ្រោយចង្វា ក្នុងគោលបំណងដើម្បីអបអរខួបលើកទី៧០នៃទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកនិងការលើកកម្ពស់កិច្ចគាំពារបរិស្ថានបង្កើនសម្រស់បៃតង និងលើកកម្ពស់សោភណ្ឌភាព បរិស្ថានស្អាតក្នុងរាជធានីភ្នំពេញ។
ក្នុងពិធីដាំដើមឈើធ្វើឡើងនៅព្រឹកថ្ងៃទី២៧ មេសានេះ នៅមុខវត្តមង្គលសិរីកៀនឃ្លាំងក្រោមវត្តមាន លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ៃឃើល យូបៀល តំណាងឯកអគ្គរដ្ឋទូត នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងលោក លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញផងដែរ។

លោក នួន ផារ័ត្ន បានមានប្រសាសន៍ដឹងថា ការដាំដើមឈើនៅពេលនេះគឺដើម្បីពង្រីកនូវគម្រប ពណ៌បៃតងនៅក្នុងរាជធានីភ្នំពេញ ដែលជាផែនការមួយនៅក្នុងចំណោមផែនការជាច្រើននៃទីក្រុង វ័យឆ្លាតដែលរដ្ឋបាលរាជធានីកំពុងរៀបចំ ប្លង់មេ Master Plan ។ លោកបានបញ្ជាក់ថា ការដាំដើមឈើនៅពេលនេះជាជំហានតូចៗនៅក្នុងជំហានដ៏វែងឆ្ងាយ សំរាប់អភិវឌ្ឍន៍រាជធានីភ្នំពេញដែលធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណស្រស់បំព្រង សម្បូរពណ៌បៃតបនិងការចូលរួមកាត់បន្ថយនៅផលប៉ះពាល់ពីការផ្លាស់ប្តូអាកាសធាតុផងដែរ។

លោក ម៉ៃឃើល យូបៀល តំណាងឯកអគ្គរដ្ឋទូតនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មានប្រសាសន៍អោយដឹងថាការដាំដើមឈើនៅពេលនេះគឺដើម្បីអបអរខួបលើកទី៧០នៃទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ដែលប្រធានបទនៅក្នុងខែនេះ ទាក់ទងទៅនឹងបញ្ហាបរិស្ថាន។ លោកបានបញ្ជាក់ឲ្យដឹងថា ការដាំដើមឈើនាពេល នេះគឺដើម្បីបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ដើមឈើប្រភេទធ្នង់ប្រមាណជិតមួយពាន់ដើម ដែលមានអាយុកាលចន្លោះចាប់ពី៤ឆ្នាំ ទៅ៦ឆ្នាំដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈរដ្ឋបាលព្រៃឈើ ត្រូវបានដាក់ដាំពង្រាយតាមបណ្តោយផ្លូវជាតិលេខ៦ចាប់ពីរង្វង់មូលជ្រោយចង្វារ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល៕

ស្នងការ​ខេត្ដកណ្ដាលឱ្យ​ទាហាន​វៀតណាម រុះរើ​តង់​ចេញ​ឱ្យ​ឆ្ងាយ​ពី​បន្ទាត់ស

ខេត្តកណ្តាល ៖ ស្នងការខេត្ដកណ្ដាលបានឱ្យភាគីវៀតណាមដែលឈរក្នុងតំបន់ស រុះរើតង់ និងដកថយក្រោយឱ្យបានឆ្ងាយពីបន្ទាត់ព្រំដែននេះ ក្រោយពីសង្កេតឃើញថា មានតង់ដែលទាហានវៀតណាមសាងសង់បណ្ដោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ១៩។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដ​កណ្ដាល បានដឹកនាំលោកស្នងការរង, មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥, លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ដំបូកចែវជាច្រើនរូប បានចុះពិនិត្យតាមបន្ទាត់ព្រំដែនដោយថ្មើរជើងពីគោលដៅបាក់ដាយ និងគោលដៅចំការចេក ដែលជាចំណុះឱ្យប៉ុស្ដិ៍ដំបូកចែវ មានប្រវែង ៤៧០០ម៉ែត្រ ដើម្បីសំដៅធ្វើយ៉ាងណាឱ្យនៅក្នុងតំបន់ស មិនមានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗ ពីភាគីខាងវៀតណាមចូលក្នុងទឹកដីខ្មែរបានឡើយ។

នៅពេលដំណើរពិនិត្យនោះ លោកស្នងការបានឱ្យភាគីខាងវៀតណាម រុះរើតង់ចេញឱ្យឆ្ងាយពីបន្ទាត់ស ក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ខាងភាគីវៀតណាម បានសាងសង់តង់ចំនួន ៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ទាំងនេះ។

បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការ ក៏បានជម្រុញឱ្យលោកមេបញ្ជាការលេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍តាមបន្ទាត់ព្រំដែនដើរល្បាតជាប្រចាំ តាមបន្ទាត់ព្រំដែនជាតំបន់ស ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របីមកចងនៅតំបន់សនោះ៕

 

 

យោធា​ស​ក្កិ​៤​បាញ់សម្លាប់​ប្រពន្ធ​ស្លាប់​ក្នុង​រថយន្តព្រោះរឿងប្រច័ណ្ឌ​

​ខេត្ត​ណ្តា​ល ៖ កាលពី​ម្សិលមិញ​មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង ខណដែល​ជនសង្ស័យ​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​ម្នាក់ បាញ់សម្លាប់​ប្រពន្ធ​របស់ខ្លួន​ដោយសារ តែ​រឿង​ប្រច័ណ្ឌ រួចហើយ​បាន​ដឹក​សព​ប្រពន្ធ​ពី​ភ្នំពេញ រហូតដល់​ខេត្តកណ្តាល ហើយ​ហៅ​សមត្ថកិច្ច​មកឃាត់​ខ្លួន​តែម្តង ដោយ​មិនបាន​រត់គេច​នោះឡើយ​។ ហេតុការណ៍​ឃាតកម្ម បាន​កើតឡើង​នៅតាម​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​សមត្ថកិច្ច​បានបញ្ជាក់​ថា សង្ស័យ​ជា​ឃាតក​មានឈ្មោះ គឹម សារី អាយុ ៥៨​ឆ្នាំ ជា​មន្ត្រី​យោធា នៃ​ក្រសួងការពារជាតិ​។ ចំណែក​ប្រពន្ធ​ដែលជា​ជនរងគ្រោះ​ឈ្មោះ សោម សា​រៀប អាយុ​៥០​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បន្តថា ក្រោយពេល​បាញ់សម្លាប់​ភរិយា​នៅក្នុង​រថយន្ត​ហើយ​នោះ បុរស​ជា​ប្តី​បាន​ដឹក​សព​ភរិយា​ពី​កន្លែងកើតហេតុ ទៅកាន់​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។ ពេលទៅដល់​ចំណុច​នេះ បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ឱ្យមក​ឃាត់ខ្លួន​តែម្តង​។​

​ប៉ុន្តែ​ជនសង្ស័យ​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ជនរងគ្រោះ និង​ជនសង្ស័យ បាន​ឈ្លោះប្រកែក​គ្នា នៅ​ក្នង​រថយន្ត ដោយ​ជិះ​បណ្ដើរ ឈ្លោះ​គ្នា​បណ្ដើរ​(​រឿង​ប្រច័ណ្ឌ ) រហូត​ជិះ​មកដល់​ចំណុចកើតហេតុ ជនសង្ស័យ​ជា​ប្ដី បាន​បាញ់​ប្រពន្ធ​ស្លាប់​តែម្ដង៕

 

ថ្ងៃនេះ អ្នកជំងឹកូវីដចំនួន២នាក់ទៀត បានជាសះស្បើយ សរុបកើនដល់១១៩នាក់ និងមិនមានករណីឆ្លងថ្មីទេ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រកាសនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថា អ្នកជំងឹកូវីដចំនួន២នាក់ទៀត បានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់១១៩នាក់ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ មិនមានករណីឆ្លងថ្មីទេ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមេសា អ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលជាសះស្បើយ មានចំនួនសរុបកើនដល់ ១១៩នាក់ ក្នុងចំណោម១២២ករណីនៅទូទាំងប្រទេស ខណៈអ្នកជំងឺដែលកំពុងព្យាបាល នៅសល់តែ ០៣នាក់ប៉ុណ្ណោះ៕