All posts by មេគង្គ ប៉ុស្តិ៍

លោក គីម ជុងអ៊ុន នៅមានជីវិត និងសុខភាពល្អជាធម្មតា

សេអ៊ូល ៖ លោក មូន ជុងអ៊ីន (Moon Chung-in) ទីប្រឹក្សាជាន់ខ្ពស់សន្តិសុខជាតិកូរ៉េខាងត្បូងបាន អះអាងនៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃអាទិត្យម្សិលមិញថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមានសុខភាពល្អធម្មតា និងមិនបានជួបគ្រោះអកុសល ដូចបណ្តាពាក្យចចាមអារ៉ាម ឬសារព័ត៌មានមិនផ្លូវការមួយចំនួន បានចុះផ្សាយនោះឡើយ។ នេះបើសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ។

ថ្លែងនាឱកាសនោះ លោក Chung-in បានលើកឡើងដូច្នេះថា «ការបញ្ជាក់ដោយរដ្ឋាភិបាលរបស់យើងគឺច្បាស់លាស់ និងនៅដដែល នោះគឺលោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ ហើយលោកមានសុខភាពល្អធម្មតា»។ ទីប្រឹក្សារូបនេះបន្ថែមថា លោក គីម បាននិងកំពុង ស្នាក់នៅក្នុងទីក្រុង Wonsan ភាគខាងកើតនៃប្រទេសកូរ៉េខាងជើង តាំងតែពីថ្ងៃទី១៣មក។

សូមជម្រាបថា កាលពីដើមសប្តាហ៍មុន សារព័ត៌មាន Daily NK មានមូលដ្ឋាននៅកូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទមួយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងមានបញ្ហាសុខភាព ក្រោយពីបានទទួលការវះកាត់ ទាក់ទងនឹងប្រព័ន្ធបេះដូង ក៏ដូចជាសសៃឈាម កាលពីថ្ងៃទី១២ ខែមេសា ដោយសារតែការជក់បារីច្រើនពេក, ការធាត់លើសទម្ងន់ និងការធ្វើការងារហួសកម្លាំង ស្របពេលមានពាក្យចចាមអារ៉ាមខ្លះថា លោកបានបាត់បង់ជីវិតទៅហើយ និងខ្លះទៀតថា បានក្លាយជាមនុស្សរុក្ខជាតិ៕

 

 

 

Bundesliga និង​ Serie A អនុញ្ញាត​ឲ្យកីឡាករ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជា​ថ្មី​

បរទេស ៖ លីគ​កំពូល​ ២ ប្រទេសមាន​ដូចជា Bundesliga និង​ Serie A ​បាន​ត្រៀម​ប្រកួត​វិញ ដោយ​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ។ នេះបើយោងតាម  ESPN FC ។

សម្រាប់​លីគ​កំពូលអ៊ីតាលី Serie A អនុញ្ញាត​ឲ្យកីឡាករ​​​ហ្វឹកហាត់​រៀង​ខ្លួនៗចាប់ផ្តើម​ពី​ថ្ងៃ​ទី៤ និងចូលហ្វឹកហាត់ជាក្រុម​ចាប់ពីថ្ងៃទី១៣ ខែ​ឧសភា​ ឆ្នាំ២០២០។ សម្រាប់​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ជា​ថ្មី​នៅ Serie A គឺចាប់ពីថ្ងៃទី២៧ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនា តែ​នៅ​តែ​មិន​ទាន់​បើក​ឲ្យ​មាន​អ្នក​ចូល​មើល​នោះទេ ត្រូវ​លេង​ដោយ​បិទទ្វារ​។

​នៅ​លីគ​កំពូលអាល្លឺម៉ង់ Bundesliga ក៏​បាន​ដំណឹង​ថា អនុញ្ញាត​ឲ្យកីឡាករគ្រប់ក្រុម​ចូល​​ហ្វឹកហាត់វិញ​ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា។ វិធានការនៅអាល្លឺម៉ង់ គឺសម្រាប់​ការ​​ប្រកួត​ដែល​នៅសល់នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ក្នុង​កីឡដ្ឋានត្រឹម​តែ២៤០​នាក់​​ប៉ុណ្ណោះមាន​ដូចជា កីឡាករ គ្រូ មន្ត្រី​អាជ្ញាកណ្ដាល បុគ្គលិក​ពេទ្យ និង​ក្រុម​ការងារ​ថត ហើយ​ក៏ត្រូវអនុវត្តវិធានការការពារ ឬ​តាម​ដាន​សុខភាព​កីឡាករ​ និង​បុគ្គលិក​ក្លឹប​នីមួយៗ​ផង​ដែរ។ ចំណែកនៅ La Liga និង Premire League នៅ​មិន​ទាន់​ដឹង​នៅថ្ងៃវិលវិញនៅ​ឡើយទេ៕

 

 

ចំនួនករណីឆ្លង COVID-19 លើលោកកើនជិតដល់ ៣លាននាក់

បរទេស ៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,៩៩៤,៤៣៦ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២០៦,៩៧៣នាក់ និងជាសះស្បើយឡើងវិញ ៨៧៨,៧០៧នាក់។ នេះបើយោងតាមទិន្នន័យពីគេហទ័ពអន្តរជាតិ Worldometer៕

 

អ៊ីតាលីនឹងចាប់ផ្ដើមបើករោងចក្រឡើងវិញ នៅដើមឧសភា និងសាលារៀននៅខែកញ្ញា

រ៉ូម ៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte ប្រកាសថា នឹងចាប់ផ្ដើមបើករោងចក្រឡើងវិញនៅថ្ងៃទី៤ ខែឧសភា និងសាលារៀននៅខែកញ្ញា ជាផ្នែកមួយនៃផែនការបន្ធូរបន្ថយវិធានការបិទប្រទេសទប់ស្កាត់ COVID-19។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte ធ្វើការប្រកាសបែបនេះ អំឡុងផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន La Repubblica នៅថ្ងៃអាទិត្យនេះ។ លោក Conte បានគូសបញ្ជាក់ នាឱកាសនោះដូច្នេះថា៖ « យើងកំពុងធ្វើការក្នុងម៉ោងនេះ ដើម្បីអនុញ្ញាតឱ្យផ្នែកខ្លះនៃអាជីវកម្មអាច បើកដំណើរការឡើងវិញ ចាប់ពីរោងចក្រផលិត រហូតដល់ការសាងសង់ នៅថ្ងៃទី៤ ខែឧសភា»។ លោកបន្ថែមថា វិធានការទាំងនេះអាចនឹងត្រូវបានធ្វើបទបង្ហាញនៅសប្ដាហ៍ក្រោយយ៉ាងយូរ ខណៈសាលារៀនអាចនឹង បើកទ្វារឡើងវិញ នៅខែកញ្ញា៕

 

 

COVID-19 ៖ សិង្ហបុរី​រកឃើញ​៩៣១ករណីថ្មី សរុបកើនលើស​១៣,០០០ករណី

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងនៅល្ងាចម្សិលមិញថា ចំនួនករណីឆ្លងវីរ៉ុស COVID-19 នៅក្នុងប្រទេសបានកើនឡើងលើស១៣,០០០ករណីហើយ គិតត្រឹមថ្ងៃអាទិត្យ បន្ទាប់ពីករណីឆ្លងថ្មី ចំនួន៩៣១ករណី ត្រូវបានបញ្ជាក់។ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា ចំនួនករណីឆ្លងថ្មី ដែលបានរកឃើញនេះបាននាំឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស មាន១៣,៦២៤ករណី។ ៨៨៦ករណីក្នុងចំណោមករណីថ្មី ដែលបានរកឃើញនៅថ្ងៃអាទិត្យនេះ គឺជាអ្នកកាន់បណ្ឌស្នាក់នៅសម្រាប់ធ្វើការ ដែលស្នាក់នៅកន្លែងធ្វើការ។

ក្រសួងបានឲ្យដឹងដែឬថា មានអ្នកជំងឺចំនួន៥៨នាក់ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយ។ សរុបមានអ្នកជំងឺ១,០៦០នាក់ហើយ ដែលបានជាសះស្បើយពីជំងឺឆ្លងមួយនេះ នៅសិង្ហបុរី ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ឬនៅដាច់ដោយឡែកពីគេ ក្នុងសហគមន៍៕

 

ព្រឹកនេះក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺ COVID-19

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ រៀបចំសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល។

សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។ សន្និសីទក៏នឹងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។

សូមជំរាបថា នៅថ្ងៃទី២៦ ខែមេសាម្សិលមិញ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៧នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមាន សរុបចំនួន៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕

ព័ត៌មានមិនផ្លូវការ ថា មេដឹកនាំកំពូលកូរ៉េខាងជើង ស្លាប់

កូរ៉េ ៖ មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្លាប់កាលពីយប់ថ្ងៃសៅរ៍ ។នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មានមិនផ្លូវការជាច្រើន ​។

តាមសារព័ត៌មាន express របស់អង់គ្លេស សារព័ត៌មានចិន និងសារព័ត៌មានជប៉ុន ក៏បានផ្សាយថា មេដឹកនាំវ័យ ៣៦ឆ្នាំរូបនេះ បានស្លាប់។ ប្រភពផ្សេងទៀត បាននិយាយថា លោក គីម ជុងអ៊ុន ត្រូវគ្រូពេទ្យដាក់នៅលើគ្រែមរណៈ ដោយសារខួរក្បាលរបស់គាត់លែងដំណើរការ ដែលគ្មានសង្ឃឹមថា អាចសង្គ្រោះបានទេ បន្ទាប់ពីការវះកាត់បេះដូងថ្លោះធ្លោយ។ ទោះជាយ៉ាងនេះក្តី ព័ត៌មានផ្លូវការពីស្ថានភាពសុខភាព និងទីកន្លែងស្នាក់នៅរបស់មេដឹកនាំផ្តាច់ការរូបនៅនៅតែមិនច្បាស់ ដោយសារតែការរក្សាការសម្ងាត់ដល់កំពូលមេដឹកនាំរដ្ឋរូបនេះ៕

ព្រឹកស្អែក មន្ត្រីសុខាភិបាលនឹងធ្វើសន្និសីទកាសែតជុំវិញស្ថានភាពកូវីដ១៩នៅកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី 27 ខែមេសាឆ្នាំ 2020 ស្អែកនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួង ដើម្បីពន្យល់ពីការស្ថានភាពនៃជំងឺកូវីដ 19 នៅកម្ពុជា។

គួរជម្រាបថា នាព្រឹកមិញនេះ ក្រសួងសុខាភិបាលកម្ពុជាំ បានប្រកាសថា នៅកម្ពុជាគ្មានករណីឆ្លងថ្មីនៃជងឺកូវីដ19 ទេ ចំណែកអ្នកជំងឺដែលនៅសល់ចំនួន 5 នាក់ក៏មិនទាន់បានជាសះស្បើយនៅឡើយ៕

ថ្ងៃនេះ គ្មានអ្នកឆ្លងថ្មី ឯអ្នកជំងឺ៥នាក់ចុងក្រោយក៏មិនទាន់មានអ្នកជាដែរ

ភ្នំពេញ : ថ្ងៃនេះមិនមានករណីឆ្លងថ្មីទេ ហើយក៏មិនទាន់មានជាសះស្បើយនោះដែរ។ ចំនួនអ្នកជាសះស្បើយមាន ១១៧ នាក់ ក្នុងចំណោម ១២២ នាក់។

ផ្ទុះការតវ៉ាជាថ្មី ! ឪពុកម្តាយសិស្សឲ្យសាលាអន្តរជាតិ CIA បញ្ចុះថ្លៃ ៤៥ភាគរយសម្រាប់ការសិក្សាតាម អនឡាញ

ភ្នំពេញ ៖ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ មាតាបិតា និងអាណាព្យាបាលសិស្សសាលាអន្តរជាតិCIA ប្រមាណជិត ២០០នាក់ក្នុងចំណោមប្រមាណជាង ៦០០នាក់ដែលផ្តិតស្នាមមេដៃបានប្រមូលផ្តុំគ្នានៅមុខសាលាដើម្បីស្នើឲ្យសាលាបញ្ចុះតម្លៃ៤៥ភាគរយដល់សិស្សម្នាក់ៗក្នុងការសិក្សានៅផ្ទះដោយសាលាបានបិតទ្វារហើយបង្រៀនតាមប្រពន្ធ័អនឡាញដល់កូនៗរបស់ពួកគាត់។

ការតវ៉ានេះ ដោយអាណាព្យាបាលបានជួបប្រមូលផ្តុំ
នៅសាលាអន្តរជាតិCIAមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមអាណាព្យាបាលបានអោយដឹងថា សាលានេះមានសិស្សសរុប ៤.០០០នាក់ ហើយត្រូវបានបិតទ្វារស្របពេលដែលក្រសួងអប់រំ បានប្រកាសជាផ្លូវការខណៈដែលមានជំងឺឆ្លងកូវឹដ១៩ ដែលកំពុងតែរីករាលដាល។

ក្រោយពេលសាលាអន្តរជាតិCIA បានបិទទ្វារបស់ខ្លួនរួចមក ក៏មានការតម្រូវឲ្យសិស្សទាំងអស់សិក្សាតាមប្រព័ន្ធអនឡាញ ដែលខាងសាលាតម្រូវឲ្យមាតាបិតា និងអាណាព្យាបាលសិស្សបង់លុយដល់សាលាដែលសាលាបញ្ចុះតម្លៃសម្រាប់មតេយ្យ២៥ភាគរយ និងថ្នាក់ទី១ ដល់ ១២ បញ្ចុះថ្លៃ ១៥ភាគរយ។

អាណាព្យាបាលសិស្ស បានលើកឡើងថា ការបញ្ចុះតម្លៃត្រឹមតែ ២៥ភាគរយ គឺមានផលវិបាកសម្រាប់ពួកគាត់ស្របពេលសេដ្ឋកិច្ចរបស់ពួកគាត់កំពុងធ្លាក់ចុះ ដូច្នេះហើយពួកគាត់បានសុំស្នើឲ្យសាលាជួយបញ្ចុះតម្លៃឲ្យបានត្រឹមតែ ៤៥ភាគរយទើបពួកគាត់មានលទ្ធភាពបង់ជូនសាលាបាន។

បើសិនជាការស្នើសុំបញ្ចុះតម្លៃ ៤៥ភាគរយមិនបានទេនោះ ពួកគាត់នឹងបន្តធ្វើការតវ៉ានៅមុខសាលានេះ លុះត្រាតែបានលទ្ធផល ៤៥ភាគរយ។អាណាព្យាបាលបានអោយដឹងថា កាលពិព្រឹកថនងៃទី២២ ខែមេសា អាណាព្យាបាលបានផ្ទុះការតវ៉ាម្តងហើយ តែសាលាមិនព្រមក៍បន្តតវ៉ានៅថ្ងៃនេះ៕

ចិនបញ្ជូនបរិក្ខារពេទ្យសំរាប់ទប់ស្កាត់មេរោគ Covid 19 ចំនួន១៦តោនបន្ថែមទៀតមកដល់កម្ពុជា

ភ្នំពេញ ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួង ការពារជាតិកម្ពុជា ទទួលបានសម្ភារ បរិក្ខាពេទ្យ សម្រាប់ទប់ស្កាត់វីរុស COVID-19 ដែល ជាជំនួយរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ។

ពិធីប្រគល់ និងទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 នេះ បានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ចំណែកភាគី ចិន តំណាងដោយអនុពន្ធ័យោធាប្រចាំកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។

លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បញ្ជាក់អោយដឹងថា៖ រហូតមកដលពេលនេះ ភាគីចិនតាមរយៈក្រសួការពារជាតិ នៃប្រទេសចិនមកដល់ភាគី កម្ពុជាចំនួន៣លើក ចាប់តាំងពីខែមីនាកន្លងមកនេះ មានទាំងអ្នកជំនាញព្យាបាលជំងឺកូវីដ ១៩ ចំនួន ៤រូបផងដែរ។

លោកបន្តថា៖ ជំនួយទាំងនេះ មានសំខាន់ខ្លាំងណាស់ក្នុង ការ ប្រយុទ្ធប្រឆាំជំងឺកូវីដ ១៩ ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ហើយការផ្តល់ជំនួយ របស់ភាគីចិនមកដល់កម្ពុជា បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលមាន ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ។ នាយឧត្តមសេនីយ៏ ណឹម សុវត្ថិបន្ថែមទៀតថា ម្យ៉ាងវាបាន ឆ្លុះបញ្ចាំងនូវទឹកចិត្ត នៃកងទ័ពរបស់ប្រទេសចិន មកលើកងទ័ពកម្ពុជាក្នុងការ ប្រយុទ្ធ ប្រឆាំង ជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ចំណែកតំណាងកងទ័ពនៃប្រទេសចិន បានឱ្យដឹងដែរថា៖ ការផ្តល់ជំនួយជាសម្ភារៈ វេជ្ជ សាស្ត្រដល់កងទ័ពកម្ពុជានាពេលនេះ គឺដោយសារតែកម្ពុជា-ចិនមានទំនាក់ទំនងយ៉ាង ស៊ីជម្រៅ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ លោកបន្តថា ប្រទេសទាំងពីរមានការ ជួយ គ្នាទៅវិញមក ក្នុងគ្រាដែលលំបាក មិនត្រឹមតែប៉ុណ្ណោះ ប្រទេសកម្ពុជា និងចិនជាបងប្អូន និងមិត្ដដែកថែប ដែលមិនខ្វះគ្នា។ លោកបន្ថែមទៀតថា ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺកូវីដ ១៩ មក ប្រទេសទាំងពីរតែងតែមានទំនាក់ទំនង គ្នាយ៉ាងល្អប្រសើរ និងជួយគ្នា ទៅវិញមក ក្រោមការដឹកនាំនៃប្រទេសទាំងពីរ។ រដ្ឋាភិបាលចិនចាប់តាំងពីមានកាផ្ទុះឡើងនូវ ជំងឺ កូវីដ ១៩ មិនត្រឹមតែផ្តល់ជំនួសជា សម្ភារៈ វេជ្ជសាស្ត្រជូនដល់ក្រសួងការពារជាតិកម្ពុជានោះទេ ថែមទាំងបានផ្តល់ជំនួស ជាសម្ភារៈជាច្រើនតោនដល់ក្រសួងសុខាភិបាល និងស្ថាប័នរដ្ឋនានា ដើម្បីចូលរួមទប់ ស្កាត់ ការរីករាលដាលនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាផងដែរ៕

សមាគមផ្នែកដឹកជញ្ជូនមួយលើកឡើងថា “ខ្លាចពន្ធដារជាងខ្លាចជំងឺកូវីដ-១៩”

ភ្នំពេញ ៖ នៅក្នុងដំណាក់នៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ គ្រប់គ្នាបានបង្ហាញការខ្លាចរអាពីមេរោគកូវីដ១៩ តែបែរជាសមាគមភស្តុភារកម្មកម្ពុជា បានផ្តោតលើផ្នែកដឹកជញ្ជូនដោយប្រៀបធៀបថា ខ្លួនខ្លាចពន្ធដារជាងខ្លាចជំងឺកូវីដ ១៩ ទៅវិញ។

នៅក្នុងសេចក្ដីថ្លែងការមួយដែលចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា នេះ ស្ដីពីការព្រួយបារម្ភអំពីស្ថានភាពអាជីវកម្មក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ និងផលប៉ះពាល់យ៉ាងខ្លាំងមកលើវិស័យសេដ្ឋកិច្ចជាសកល រួមទាំងប្រទេសកម្ពុជាផងដែរ ក្នុងនោះវិស័យដឹកជញ្ជូនក៏បានរងផលប៉ះពាល់ជាបន្តបន្ទាប់គួរអោយព្រួយបារម្ភ ។

នៅក្នុងចំណុចទាំង៨ ដែលបង្ហាញពីការព្រួយបារម្ភ របស់សមាគមមួយនេះ មានចំនុចពីរ ដែលមើលទៅចាប់អារម្មណ៍ជាងគេ ក្នុងនោះ គឺក្រសួងស្ថាប័នមួយចំនួន របស់រាជរដ្ឋាភិបាលនៅតែបន្តយកកម្រៃជើងសារ ទៅលើការបំពេញបែបបទបញ្ចេញទំនិញគ្មានការបន្ធូរបន្ថយឡើយ និងចំណុចមួយទៀតនោះ គឺមន្ត្រីពន្ធដារនៅតែបន្តចុះធ្វើសវនកម្មគ្រប់ប្រភេទ និងបានធ្វើឱ្យម្ចាស់អាជីវកម្មទាំងអស់ខ្លាចមន្ត្រីពន្ធដារជាងខ្លាចជំងឺកូវីដ ១៩ ទៅទៀត៕

ក្រសួងការងារបញ្ចប់ការត្រួតពិនិត្យសុខភាពកម្មករដែលចូលធ្វើការវិញ ក្រោយឈប់សម្រាកបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានសម្រេចបិទបញ្ចប់ ការត្រួតពិនិត្យសុខភាពដល់កម្មករ ដែលត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីឈប់ សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងទៅនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមសេចក្តីប្រកាសនេះ ក្រសួងការងារ បានឱ្យដឹងថា ដោយគិតចាប់ពីយប់ថ្ងៃទី០៩ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសានេះ គឺមានរយៈពេលលើស ១៤ថ្ងៃ ហើយក្នុងអំឡុងពេលនេះ ក្រសួងសុខាភិបាលក៏ពុំបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី និងយោងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តសំណាកទាំង១២៥ករណី ក្រសួងសម្រេចបញ្ចប់ការត្រួតពិនិត្យសុខភាព ចាប់ពីម៉ោង ៦:០០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដោយរក្សាទុកតែមណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងវិទ្យាល័យជម្ពូវ័ន ដើម្បីបន្តតាមដានស្ថានភាពសុខភាពកម្មករចំនួន ២០នាក់តទៀត រហូតដល់ស្ថានភាពសុខភាពអ្នកទាំងនេះអាចទៅធ្វើចត្តាឡីស័កនៅតាមផ្ទះបាន។

សេចក្តីប្រកាសរបស់ក្រសួងការងារ បានបញ្ជាក់ថា៖ ក្រោយការបិទបញ្ចប់មណ្ឌលត្រួតពិនិត្យសុខភាពកម្មកររោងចក្រទាំង ១០កន្លែងនេះ ប្រសិនជាបងប្អូនកម្មករមានអាការៈសង្ស័យណាមួយ សូមទាក់ទងទៅក្រសួងសុខាភិបាលតាមរយៈលេខ ១១៥ ឬទូរស័ព្ទលេខ ០១២ ៨២៥ ៤២៤។

សូមបញ្ជាក់ថា នាពេលកន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងសុខាភិបាល, រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ រៀបចំមណ្ឌលត្រួតពិនិត្យសុខភាព ចំនួន១០កន្លែង និងមណ្ឌលចត្តាឡីស័ក ចំនួន ៣កន្លែង ដើម្បីត្រួតពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ និងទើបវិលត្រឡប់ចូលបម្រើការងារវិញ។

រយៈពេល១៤ថ្ងៃមកនេះ ក្រសួង និងភាគីពាក់ព័ន្ធបានពិនិត្យសុខភាពកម្មករ ចំនួន ៥ ០៤៥នាក់, ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន ៤ ៨២៣នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ៩៧នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន ១២៥នាក់, និងយកសំណាកទៅពិសោធបន្ត ចំនួន ១២៥នាក់ ដោយមានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១២៥នាក់, និងអនុញ្ញាតឱ្យចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ សរុបចំនួន ២០២នាក់ ទៅធ្វើចត្តាឡីស័កបន្តនៅតាមផ្ទះ៕

 

បារាំង​មាន​មនុស្ស​៣៨៩ នាក់​ស្លាប់​ក្នុង​មួយថ្ងៃ​ដោយសារ​កូ​រ៉ូ​ណា​

បារាំង ៖ ប្រទេស​បារាំង​បាន​រាយការណ៍​ថា ក្នុង​រយៈពេល​២៤​ម៉ោង​មាន​មនុស្ស​៣៨៩ នាក់​ស្លាប់​បន្ថែមទៀត​ដោយសា​រវិ​រុស​កូ​វិដ​១៩ ដែល​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​ទូទាំងប្រទេស​បារាំង​កើនឡើង​ដល់​២២.២៤៥ នាក់​។​ នេះ​បើ​យោងតាម​ប្រភពពី CNA។​

​មន្ត្រី​សុខាភិបាល ​លោក Jerome Salomon បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្នុងចំណោម​អ្នកស្លាប់​ថ្មី​ខាងលើ​គឺ មាន​៣០៥ នាក់​នៅក្នុង​មន្ទីរពេទ្យ ​និង៨៤នាក់​នៅក្នុង​មណ្ឌល​ថែទាំ​។ ​លោកថា ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​បារាំង​បាន​កើន​ដល់​១៥៩៨២៨​នាក់ បន្ទាប់ពី​រកឃើញ​ករ​ណី​ឆ្លង​ថ្មី​ចំនួន​១៦៤៥​ករណី​។ ចំណែក​ចំនួន​អ្នកជា​សរុប​នៅ​ទាំង​ប្រទេស​បារាំង​បាន​កើនឡើង​ដល់​៤៣៤៩៣​នាក់​៕

 

តុលាការយោធាបើកសវនាការ កាត់ទោសក្រុមបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់នៅថ្ងៃ២៨មេសា

ភ្នំពេញ ៖ សំណុំរឿងបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នឹងត្រូវតុលាការយោធាយកមកបើកសវនាការជំនុំជម្រះនៅថ្ងៃព្រឹកទី២៨ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់តុលាការយោធា។

យោងតាមសេចក្តីជូនដំណឹងរបស់តុលាការយោធា បានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការយោធា នឹងបើកសវនការជំនុំជម្រះក្តីជាសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខ ០០៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដែលមានជនជាប់ចោទ: ១. ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា។ ២. ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបបយោធា។

តុលាការយោធាបានបញ្ជាក់ថា ជនជាប់ចោទទាំងពីរ ជាប់ចោទពីបទបង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាតពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ។

មាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌៈ បទបង្កើតដោយខុសច្បាប់នូវកម្លាំងប្រដាប់អាវុធៈ អំពើបង្កើតកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ ឬគ្មានការអនុញ្ញាតពីអាជ្ញាធរស្របច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ៕