All posts by មេគង្គ ប៉ុស្តិ៍

ចំនួនករណីឆ្លង COVID-19 លើលោកកើនដល់ ២.៨២លាននាក់ ស្លាប់ជិត២០ម៉ឺននាក់

បរទេស ៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០នេះ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,៨២៨,៥៧៥ករណីហើយ ក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ១៩៧,០៩០នាក់ និងជាសះស្បើយឡើងវិញ ៧៩៨,៣៧១ នាក់។ នេះបើយោងតាមទិន្នន័យពីគេហទ័ពអន្តរជាតិ Worldometer។

Worldometer បញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងតែឈានឆ្ពោះទៅរកតួលេខ ១លាននាក់ដូចការព្យាករណ៍ហើយ សម្រាប់ករណីឆ្លងជំងឺ COVID-19 សុរបនៅទូទាំងប្រទេសមហាអំណាចមួយនេះ៕

 

ដំណឹងល្អ ៖ ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ចំនួន៧ថ្មីទៀតបានជាសះស្បើយ ធ្វើនិងពុំមានករណីអ្នកឆ្លងថ្មីទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានចេញប្រកាសនូវដំណឹងល្អបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៧នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយ កើនឡើងរហូតដល់១១៧នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច

អ្នកជាសះស្បើយចំនួន០៧នាក់រួមមាន៖

* បុរសជនជាតិម៉ាឡេស៊ី អាយុ៦៦ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី ដើរធ្វើការងារសាសនានៅខេត្តកែប ដែលបាន បញ្ជូនពីមន្ទីរពេទ្យខេត្តកែប មកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

* បុរសជនជាតិខ្មែរ អាយុ៣៧ឆ្នាំ នៅក្រុងសៀមរាប ជាអ្នកបើករថយន្តឱ្យក្រុមអ្នកទេសចរបារាំង បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តសៀមរាប។

* ស្ត្រីជនជាតិខ្មែរ អាយុ២០ឆ្នាំ នៅរាជធានីភ្នំពេញ ជានិស្សិតខ្មែរដែលបានវិលត្រឡប់ មកពីសិក្សានៅប្រទេសអង់គ្លេស បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសក្ខវីដ-១៩ ចំនួន០២ដងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

* ស្ត្រីជនជាតិវៀតណាម អាយុ២៧ឆ្នាំ នៅ Apartment Diamond1 កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និង ត្រូវបានអនុញ្ញាតឱ្យចេញ ពីមណ្ឌលសុខភាពចាក់អង្រែក្រោម។

* ស្ត្រីជនជាតិវៀតណាម អាយុ២៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅបន្ទប់ជួលនៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូដ-១៩ ចំនួន០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

* ស្ត្រីជនជាតិចិន អាយុ៣០ឆ្នាំ ស្នាក់នៅ Olympia អគារ C1 ជាអ្នកទេសចរ និងចង់បើកហាងនៅកម្ពុជា ជាករណីប៉ះពាល់ផ្ទាល់ជាមួយដៃគូ (បុរសជនជាតិចិនមានវីរុសកូវីដ-១៩ រកឃើញនៅប្រទេសចិន) បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

* ស្ត្រីជនជាតិចិន អាយុ៣១ឆ្នាំ ស្នាក់នៅផ្លូវ៣៥២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត៕

 

កម្ពុជានឹងអាចផ្គត់ផ្គង់ទឹកស្អាតបានជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃក្នុងឆ្នាំ២០៣០

ភ្នំពេញ ៖ ខណៈតម្រូវការប្រើប្រាស់ទឹកបានកើនឡើងលើសពីការផ្គត់ផ្គង់ អង្គភាពរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំផែនការដើម្បីសាងសង់អាងពិពិធកម្មទឹកស្អាតបន្ថែម ដើម្បីបង្កើនការផលិតនិងផ្គត់ផ្គង់ទៅកាន់ប្រជាពលរដ្ឋ និងបំពេញតម្រូវការប្រើប្រាស់ក្នុងប្រទេសកម្ពុជា ។ ជាលទ្ធផល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បញ្ជាក់ថា ឆ្នាំ ២០៣០ កម្ពុជានឹងអាចផ្គត់ផ្គង់ទឹកបានប្រមាណ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់នៅក្នុងប្រតេសកម្ពុជា ។

បើយោងតាមលោកហេង សុខគង់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវានុវត្តន៍ បានមានប្រសាសន៍ថា តម្រូវការទឹកស្អាតនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងគួរអោយតក់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើអោយតម្រូវការបានកើនឡើងលើសពីការផ្គត់ផ្គង់ និងជំរុញអោយរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវរកវិធីសាស្ត្រ និងយុទ្ធសាស្ត្រ ដើម្បី ផ្គត់ផ្គង់អោយគ្រប់ទៅតាមតម្រូវការ ។

លោកបន្តថា ពេលនេះរដ្ឋករទឹកបាននិងកំពុងសាងសង់អាងពិពិធកម្មទឹកស្អាតមួយកន្លែងនៅបាក់ខែដែលអាចមានសមត្ថភាពផលិតបាន២០ម៉ឺនម៉ែត្រគូប ហើយអាងពិពិធកម្មនេះ នឹងរួចរាល់នៅឆ្នាំ ២០២៣ និងអាចផ្គត់ផ្គង់បានផងដែរ ។ នៅជំហានទី២នឹងសង់អាងពិពិធកម្មនេះ អាចមានសមត្ថភាពផ្គត់ផ្គង់បាន២០ម៉ែត្រគូបទៀត ហើយបូកជាមួយជាមួយការផ្គត់ផ្គង់នាពេលបច្ចុប្បន្ននេះប្រមាណ៦០ម៉ែត្រគូបទៀតនឹងបានដល់១លានម៉ែត្រគូប នៅឆ្នាំ ២០៣០ ។

លោកបន្តថា ក្រៅពីអង្គភាពរដ្ឋករទឹករបស់រដ្ឋទាំងពីរ រួមមានរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋករទឹកស្វយ័តខេត្តសៀមរាបក៏មានអង្គភាពផ្គត់ផ្គង់របស់ឯកជនប្រមាណ២៦០ស្ថាប័នទៀត ដូច្នេះនៅក្នុងឆ្នាំ ២០៣០ខាងមុខ ទីប្រជុំជនទូទាំងប្រទេស នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់និងប្រកបដោយគុណភាពមិនមានការខ្វះមុខខ្វះក្រោយឡើយ ។

លោកបានបញ្ជាក់ថា ការអភិវឌ្ឍទឹកស្អាតមានភាពពិបាកជាងការអភិវឌ្ឍអគ្គិសនី ទើបធ្វើអោយការដោះស្រាយបញ្ហាខ្វះខាតអគ្គិសនីបានឆាប់ជាងការដោះស្រាយបញ្ហាខ្វះទឹក ។ ការអភិវឌ្ឍបណ្ដាញអគ្គិសនី មានភាពងាយស្រួលជាងទឹក ព្រោះថាការតបណ្ដាញទឹកត្រូវជីករូងក្រោមដីដើម្បី បង្កប់ទុយោ ហើយក៏ត្រូវគាស់តបណ្ដាញទឹកចូលផ្ទះនីមួយផងដែរ ។ ទាំងនេះហើយ ទើបធ្វើអោយការតទឹកត្រូវប្រើពេលយូរជាងអគ្គិសនី ។

បើតាមលោកសោម សិទ្ធិប្រធាននាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបច្ចេកវិទ្យាបានមានប្រសាសន៍ផងដែរថា បច្ចុប្បន្ន រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញទាំងមូលផលិតទឹកបានតែប្រមាណ៦០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ ខណៈការប្រើប្រាស់របស់ពលរដ្ឋដែលតពី រដ្ឋករទឹកភ្នំពេញ មានប្រមាណដល់ទៅជាង៧០ម៉ឺនម៉ែត្រគូប ទើបធ្វើអោយទីតាំងមួយចំនួននៅចុងបណ្ដាញមានសម្ពាធខ្សោយ ។

លោកបន្តថាការកាត់នូវតំបន់មួយចំនួនពីខេត្តជាប់រាជធានី ចូលក្នុងដែនរាជធានីភ្នំពេញ ធ្វើអោយតម្រូវការទឹកប្រើប្រាស់កាន់តែច្រើនឡើងថែមទៀត ។យ៉ាងណាក៏ដោយ តាមរយៈការអភិវឌ្ឍន៍អាងពិពិធកម្មទឹកស្អាត ដែលកំពុងអភិវឌ្ឍន៍នឹងអាចផ្គត់ផ្គង់បានគ្រប់ទៅតាមតម្រូវការអ្នកប្រើប្រាស់ ៕

អាកាសយានដ្ឋានអន្តរជាតិប្រកាសមិនកាត់បន្ថយបុគ្គលិកក្នុងកាលៈទេសៈកូវីដ១៩រាលដាល

ភ្នំពេញ ៖ ទោះបីជាសកម្មភាពការងារ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិកម្ពុជា មានភាពស្ងប់ស្ងាត់ជាងមុន ក្រោយពេលស្ថានភាពកូវីដ ១៩ នៅលើពិភពលោកកាន់តែអាក្រក់ ក៏អង្គភាពមួយនេះ មិនមានផែនការកាត់បន្ថយបុគ្គលិកឡើយដោយទុកបុគ្គលិកនៅបម្រើការងារនៅដដែល ខណៈបណ្ដាក្រុមហ៊ុនទេសចរណ៍និងអាកាសចរណ៍នានាត្រូវបានកាត់បន្ថយបុគ្គលិកជាបន្តបន្ទាប់ ។

ក្នុងកិច្ចជំនួប លោក Alain Brun នាយក ប្រតិបត្តិ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជានិងលោកម៉ៅ ហាវណ្ណាល់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោក Alain Brun បានលើកឡើងនូវចំនុចសំខាន់ចំនួន២ បើទោះបីជាមាន វិប្បត្តិជម្ងឺ COVID19 ក៏ដោយ គឺ ៖១- បន្តការរក្សាបុគ្គលិកធ្វើការ និង ២ បន្តអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ តាមផែនការ ។

លោក Alain Brun នាយក ប្រតិបត្តិ ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានបញ្ជាក់ថា បើទោះបីមាន ផលប៉ះពាល់ដោយ COVID19 ដោយមានការថយចុះ ចាប់តាំងពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២០ មានចំនួនធ្លាក់ចុះ នៃការហោះហើរ ចំនួន៩៥% ក្តី ក៏ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា នៅតែរក្សាចំនួនបុគ្គលិក ដែលមានចំនួនជិត ១៨០០ នាក់ដដែល ដោយមិនមានការកាត់បន្ថយបុគ្គលិកទេ។ ដោយគ្រាន់តែរក្សានូវបុគ្គលិកធ្វើការ តាមវិធីសាស្ត្របែងចែកការងារធ្វើការពេញម៉ោង និងបុគ្គលិកសំរាកបណ្ដោះអាសន្ន ដោយកាត់ប្រាក់ខែតែ២០% ចំពោះបុគ្គលិក ដែលមានប្រាក់ខែច្រើនជាង ៥០០ ដុល្លា ក្នុង០១ ខែ ចំពោះបុគ្គលិក ដែលមានប្រាក់ខែចំនួន៥០០$ ចុះក្រោមគឺរក្សានៅដដែលមិនមានការកាត់ទេ ៕

ធនាគារពិភពលោកព្យាករថា ការផ្ញើប្រាក់ឆ្លងដែននៃពលករចំណាកស្រុកនឹងធ្លាក់ចុះជាប្រវត្តិសាស្ត្

ភ្នំពេញ ៖ កំឡុងពេលកូវីដ១៩ កំពុងរាលដាលទូទាំងពិភពលោក ផលប៉ះពាល់ក៏បានចាប់ផ្ដើមកើតឡើងបន្តបន្ទាប់ ទៅលើសេដ្ឋកិច្ច ក្នុងនោះ ចរន្តនៃការផ្ទេរប្រាក់របស់ពលករចំណាកស្រុក ក៏ត្រូវបានព្យាករណ៍នឹងមានការធ្លាក់ចុះមិនធ្លាប់មានដែរ គឺបណ្ដាលមកពីការបាត់ការងារធ្វើ បាត់ចំណូលជាដើម ។

យោងតាមការសិក្សារបស់ធនាគារពិភពលោក បានព្យាករណ៍ថា ការផ្ញើប្រាក់ចេញនៅទូទាំងសាកលលោក ត្រូវបានរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំង ចំនួនប្រមាណជាង២០ភាគរយ នៅក្នុងឆ្នាំ ២០២០នេះ ដោយសារតែវិបត្តិបណ្ដាលមកពីការរាលដាលនៃជំងឺកូវីដ ១៩ និងការបិទសកម្មភាព សេដ្ឋកិច្ចសឹងតែគ្រប់ផ្នែកទាំងអស់ ។ សម្រាប់មូលហេតុដែលនាំឱ្យមានការធ្លាក់ចុះ ក្នុងសភាពយ៉ាងគំហុកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីកន្លងទៅនេះ គឺមួយភាគធំមកពីការធ្លាក់ចុះនៃចំនួនប្រាក់បៀវត្សរ៍ និងការងាររបស់ពលករចំណាកស្រុក ដែលសុទ្ធជាក្រុមមនុស្សងាយបាត់បង់ការងារនិងប្រាក់បៀវត្សរ៍មុនគេ នៅក្នុងបណ្ដាប្រទេសដែលពួកគេកំពុងធ្វើការ កាលណាមានវិបត្តិសេដ្ឋកិច្ចកើតឡើង។

លំហូរការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាបនិងមធ្យម ត្រូវបានព្យាករណ៍ទុកថានឹងស្រុតចុះប្រហែល ១៩,៧ភាគរយ គឺសមមូលទៅនឹង ៤៤៥ពាន់លានដុល្លារអាមេរិក ដែលជាការបាត់បង់នូវប្រភពហិរញ្ញវត្ថុចិញ្ចឹមជីវិតដ៏សំខាន់មួយសម្រាប់គ្រួសារងាយរងគ្រោះ ។

ការសិក្សានានាបានបង្ហាញថា ការផ្ញើប្រាក់ចេញរបស់ពលករចំណាកស្រុកបានជួយសម្រាលភាពក្រីក្រនៅតាមប្រទេសមានចំណូលទាបនិងមធ្យម, ធ្វើឱ្យអាហារូបត្ថម្ភមានភាពប្រសើរឡើង, រួមចំណែកបង្កើនការចំណាយទៅលើវិស័យអប់រំ និងជួយកាត់បន្ថយពលកម្មកុមារនៅតាមគ្រួសារទីទ័លក្រ។ ប៉ុន្តែកាលណាចំនួនប្រាក់ផ្ញើចេញធ្លាក់ចុះ វានឹងជះផលមិនល្អទៅលើលទ្ធភាពចាយវាយរបស់គ្រួសារនានាទៅលើផ្នែកទាំងនេះ ដោយសារតែគេចាំបាច់ត្រូវបង្វែរធនធានហិរញ្ញវត្ថុកាន់តែច្រើនទៅដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារ និងសេចក្តីត្រូវការបន្ទាន់នៅក្នុងជីវភាពរស់នៅ ជាមុនសិន ។

លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានធនាគារពិភពលោក មានប្រសាសន៍ថា ការផ្ញើប្រាក់មកពីក្រៅជាប្រភពចំណូលដ៏សំខាន់សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។ ឱនភាពសេដ្ឋកិច្ចដែលកំពុងកើតឡើងដោយសារជំងឺកូវីដ១៩នេះ បង្កការប៉ះទង្គិចយ៉ាងដំណំលើលទ្ធភាពរបស់ពលករក្នុងការផ្ញើលុយទៅផ្ទះ អាស្រ័យហេតុនេះ វាកាន់តែសំខាន់ថែមទៀតដែលយើងត្រូវខិតខំធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចនៃប្រទេសជឿនលឿនឆាប់ងើបឡើងវិញ ។ ប្រាក់ផ្ញើពីក្រៅ ជួយដល់ក្រុមគ្រួសារក្នុងការចាយវាយលើស្បៀងអាហារ, លើការថែទាំសុខភាព, និងលើសេចក្តីត្រូវការចាំបាច់ជាមូលដ្ឋានផ្សេងៗ។

ក្នុងខណៈដែលក្រុមធនាគារពិភពលោកអនុវត្តវិធានការរហ័ស និងមានទ្រង់ទ្រាយទូលំទូលាយមួយដើម្បីជួយដល់ប្រទេសដែលជួបការលំបាក យើងកំពុងតែព្យាយាមរក្សាបណ្តាញផ្ទេរប្រាក់ចេញឱ្យនៅដំណើរការដដែល និងជួយសហគមន៍ក្រីក្រឱ្យមានលទ្ធភាពទទួលបានរាល់តម្រូវការចាំបាច់បំផុតទាំងនេះ សម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។»

ក្នុងន័យនេះ ធនាគារពិភពលោកកំពុងតែជួយដល់ប្រទេសដែលជាសមាជិករបស់ខ្លួន នៅក្នុងការតាមដានទៅលើរំហូរប្រាក់ផ្ញើចេញតាមរយៈបណ្តាញនានា, ទៅលើថ្លៃចំណាយនិងភាពងាយស្រួលក្នុងការផ្ញើលុយទៅស្រុក, និងទៅលើបទប្បញ្ញត្តិសម្រាប់ការពារសុចរិតភាពហិរញ្ញវត្ថុដែលមានឥទ្ធិពលទៅលើរំហូររបស់ប្រាក់ផ្ទេរ។
ក្រុមធនាគារពិភពលោកកំពុងធ្វើសហការគ្នាជាមួយក្រុមប្រទេស G20 និងជាមួយសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយថ្លៃចំណាយលើការផ្ទេរប្រាក់ និងជួយបង្កើនបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ជាប្រយោជន៍ដល់ជនក្រីក្រ។ ក្នុងឆ្នាំ ២០១៩ ប្រាក់ដែលផ្ញើពីក្រៅ នៅទូទាំងពិភពលោកមានរហូតដល់៥៥៤ពាន់លានដុល្លារអាមេរិក ហើយភាគច្រើនផ្ញើទៅប្រទេសមានចំណូលទាបនិងមធ្យម ។

សម្រាប់ឆ្នាំ២០២១ ធនាគាពិភពលោកធ្វើការប៉ាន់ប្រមាណថា ការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាបនិងមធ្យម នឹងងើបមុខឡើងវិញ ដោយវានឹងកើនប្រហែល ៥,៦ភាគរយ គឺមានចំនួនប្រហែល ៤៧០ប៊ីលានដុល្លារអាមេរិក ។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រទេសកម្ពុជា ការផ្ញើប្រាក់ពីបរទេសភាគច្រើនមកពីប្រទេសកូរ៉េ និងប្រទេសថៃ ដោយប្រាក់ផ្ញើពីក្រៅប្រទេសទាំងនេះ ក៏បានជួយលើកកម្ពស់ជីវភាពពលរដ្ឋកម្ពុជាបានមួយកម្រិតផងដែរ ដូច្នេះរាជរដ្ឋាភិបាលក៏បានចាត់បញ្ជូលពលរកខ្លួនទៅបម្រើការងារនៅប្រទេសសំខាន់បី ផងដេរគឺកូរ៉េ ម៉ាឡេស៊ី និងប្រទេសថៃ ៕

ពលរដ្ឋជួបការលំបាកក្នុងជីវភាព៥៣គ្រួសារក្នុងស្រុកកងមាសទទួលអំណោយពីប្រិយសម្ព័ន្ធគ្រីស្ត បរិស័ទកម្ពុជា

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន៥៣គ្រួសារនៅក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាមបានទទួលអំណោយពីប្រិយសម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា  និងប្រជាជាតិអាស៊ី តាមរយៈក្រុមជុំនំគ្រួសារថ្មីក្នុងព្រះគ្រីស្ត ដែលពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០ ក្រោមវត្តមានលោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មកា និងសាសនា ព្រឹទ្ធបូជា ចារ្យសរពលៈសមាជិកក្រុមប្រឹក្សាភិបាលទទួលបន្ទុកបេសកកម្ម និងជាប្រធានសម្របសម្រួល បេសកកម្មកម្ពុជាក្នុងប្រិយសម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជាព្រមទាំងមានការចូលរួមពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ គណៈអធិបតីបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមអំពីការ ការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួនក្នុង គ្រួសារក៏ដូចជានៅក្នុងសហគមន៍ទាំងមូល ពោលគឺត្រូវជៀសវាងការជួបជុំគ្នាក្នុងពិធីធំៗ និងត្រូវពាក់ម៉ាស់នៅទីប្រជុំជន ព្រមទាំងលាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគជាញឹកញាប់  ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះជំងឺកូវីដ១៩នេះមិនមានការរើសអើង  ឬយោគយល់ចំពោះអ្នកណាម្នាក់នោះទេ គឺមិនថា អ្នកមាន អ្នកក្រ មន្ត្រីតូចធំ អ្នកកាន់ព្រះពុទ្ធសាសនា ឥស្លាម សាសនា ឬអ្នកជឿព្រះយេស៊ូគ្រិស្តនោះទេ ឲ្យតែមានការធ្វេសប្រហែស គឺជាការផ្តល់ឱកាសឲ្យមាន ការឆ្លងជំងឺនោះជាមិនខាន ដូច្នេះយើងត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា អំណោយដែលបានប្រគល់ជូនក្នុង១គ្រួសារៗត្រូវទទួលបាន អង្ករ០១បេស្មើនឹង ១៥គីឡូក្រាម មី០១កេស ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១ដប ក្រម៉ា០២ និងអាហារបំប៉ន១០កញ្ចប់ផងដែរ  ៕ ដោយ ៖ ប៉ែន សុផល

 

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ណែនាំមន្ត្រីអាវុធហត្ថទាំង៨ក្រុងស្រុកត្រូវប្រកាន់ភាពស្មោះត្រង់

ដោយ ៖ កូវ ប៊ុនហេង

ខេត្តព្រះវិហារ ៖ រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្នុងការអញ្ជើញចុះត្រួតពិនិត្យរាល់សកម្មភាពចិញ្ចឹមសត្វ និងដាំបន្លែនៅតាមបណ្តាអង្គភាពនីមួយៗរបស់មន្ត្រីកងរាជអាវុធហត្ថទូទាំង ៨ក្រុង ស្រុក និងដើម្បីផ្សព្វផ្សាយពីពិធីសាស្ត្រការពារប្រយុទ្ធនឹងប្រឆាំងមេរោគ covid19 អោយយល់កាន់តែច្បាស់បន្ថែមទៀត។

លោកឩត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានលើកឡើងថា ក្នុងនាមយើងជាមន្រ្តីនគរបាលយុត្តិធម៌ដែលជាអ្នកអនុវត្តន៍ច្បាប់ធ្វើយ៉ាងណាត្រូវប្រកាន់អោយខ្ជាប់នូវសច្ចភាពស្មោះត្រង់ ត្រូវមុឺងម៉ាត់យកច្បាប់ជាគោល ព្រោះភាពស្មោះត្រង់ជាគ្រឹះដោយមិនអាចខ្វះបាននោះឡើយ។លោកសង្កត់ធ្ងន់ថា នៅពេលមន្ត្រីយើងចុះអនុវត្តន៍ច្បាប់ទៅលើបុគ្គលដែលជាជនសង្ស័យណាមួយ មិនត្រូវប្រើអំពើហឹង្សាទៅលើជនសង្ស័យដែលនាំឲ្យប្រាសចាកក្រមសីលធម៌ក្នុងនាមជាមន្ត្រីដែលប្រសូតចេញពីប្រជាពលរដ្ឋហើយក៏ជាអ្នកបំរើប្រពលរដ្ឋនោះដែរ។

ទទឹមនោះលោកមេបញ្ជាការក៏បានកោតសរសើរដល់លោកមេបញ្ជាការ មេបញ្ជារង ទូទាំង ៨ក្រុង ស្រុក ដោយមួយរយ:កាលកន្លងមកនេះ បានខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់បាននូវរាល់បទល្មើសនានាមិនថាបទល្មើសធនធានធម្មជាតិ ឬបទល្មើសគ្រឿងញៀននោះទេ ដោយកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថទាំងអស់ដែលចេះសហកាបានល្អជាមួយនិងអាជ្ឋាធរដែនដីនោះ។ចំនុចត្រង់នេះ លោកមេបញ្ជាការក៏បានស្នើសុំអោយមេបញ្ជាការ មេបញ្ជាការង ទាំងអស់បន្តរអនុវត្តន៍តទៅទៀត។

ជាមួយគ្នានោះដែរ លោកមេបញ្ជាការក៏បានលើកឡើងផងដែរពាក់ពន្វ័ទៅនឹងជំងឺcovid19 ដោយបច្ចុប្បន្ន បើទោះបើមន្ត្ត្រីកងរាជអាវុធហត្ថមានចុះចំនួនជាង២មុឺននាក់នៅទូទាំងប្រទេសនៅមិនទាន់មានមន្ត្រី នាយ និងពលអាវុធហត្ថណាម្នាក់បានឆ្លងជំងឺcovid19 នេះក៏ដោយចុះ ក៏មិនត្រូវធ្វេសប្រហែស និងមើលស្រាលទៅលើសត្រូវដែលគ្មានស្រមោលនោះបានដែរ។ក៏ប៉ុន្តែសត្រូវដែលគ្មានស្រមោលមួយនេះ ក៏យើងនឹងអាចការពារវាមិនអោយឆ្លងបានដែរ បើសិនជាយើងគោរព និងអនុវត្តទៅតាមកាណែនាំត្រឹមត្រូវរបស់ក្រសួងសុខាភិបាលនោះ។

ជាចុងក្រោយលោកមេបញ្ជាការ បានណែនាំដល់មេបញ្ជាកាបញ្ជារងទាំងអស់ដោយចាប់ពីពេលនេះតទៅ ធ្វើយ៉ាងណាក្នុងម្នាក់ចិញ្ចឹមមាន់យ៉ាងតិចអោយបាន ៣០ក្បាលនោះដែរ ដើម្បីជាការឆ្លើយតបតាមបទបញ្ជានឹងការណែនាំរបស់នាយឩត្តមសេនីយ សៅនសុខា អគ្គមេបញ្ជាការងនៃកងយោធពលខេរ:ភូមិន្ននឹងជាមេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេសដាក់អោយមកអនុវត្តន៍៕

ពេញមួយថ្ងៃម្សិលមិញចិន រកឃើញ COVID-19 តែ៦ករណីប៉ុណ្ណោះ និងគ្មានអ្នកស្លាប់

ប៉េកាំង ៖ ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ចិនរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ០៦ករណីតែប៉ុណ្ណោះ នៅទូទាំងប្រទេស ដោយក្នុងនោះមាន ០២ករណីនាំចូលពីក្រៅប្រទេស និង០៤ ករណីទៀត ជាករណីឆ្លងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

បើតាមអាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ករណីឆ្លងក្នុងស្រុកទាំង ០៤ករណីខាងលើ មាន០៣ករណី ត្រូវបានគេរាយការណ៍នៅក្នុង ខេត្តហៃឡុងជាំង (Heilongjiang) និង០១ករណីទៀតនៅខេត្តក្វាងទុង (Guangdong)។

សម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការក៏បានបង្ហាញឲ្យដឹងដែរថា ចំនួនសរុបនៃអ្នកដែល បានជាសះស្បើយ នៅទូទាំងប្រទេសចិនបានហក់ឡើងដល់ ៧៧,២៥៧នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៥០នាក់បន្ថែមទៀតទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះដដែល NHC ថែមទាំងបានបញ្ជាក់អំពីចំនួនករណីឆ្លងសរុប នៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកផងដែរថា បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះ វាបានកើនដល់ ៨២,៨០៤ករណី ដោយក្នុងនោះតួលេខ នៃករណីស្លាប់នៅតែរក្សានៅត្រឹម ៤,៦៣២ នាក់ដដែល ដោយករណីស្លាប់ មិនមានឡើយសូម្បីតែម្នាក់នៅទូទាំងប្រទេសចិនតែម្តង ពេញមួយថ្ងៃព្រហស្បតិ៍៕

 

រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាមេរិក ៖ អាមេរិក​នឹងមិន​អាច​ផ្ដល់​ថវិកា​ដល់ WHO ទៀត​ទេ​

​វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​និយាយថា​ការធ្វើកំណែទម្រង់​ជា​មូលដ្ឋាន​របស់​អង្គការ​សុខភាព​ពិភពលោក​គឺ​ចាំបាច់ បន្ទាប់ពី​ការដោះស្រាយ​របស់ខ្លួន​លើ​ការឆ្លង​រាតត្បាត​សកល​នៃ​ជំងឺ​COVID -19 ហើយ​ថា សហរដ្ឋអាមេរិក​ដែលជា​ម្ចាស់ជំនួយ​ធំ​បំផុត របស់​អង្គការ​សុខភាព​ពិភពលោក​អាច​នឹងមិន​ផ្ដល់​មូលនិធិ ដល់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​មួយ​នេះ​ទៀត​ទេ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA។​

​នៅពេលដែល​លោក Pompeo ចាប់ផ្តើម​វាយប្រហារ​ថ្មីៗ លើ​ក្រុម​ប្រឹ​ក្រ​បស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ ក្រុម​អ្នកប្រជាធិបតេយ្យ​នៅក្នុង​សភា​តំណាង​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​រដ្ឋបាល Trump ថា​បាន​ព្យាយាម​ទម្លាក់កំហុស​លើ​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​បង្វែរ​អារម្មណ៍​របស់ខ្លួន​ចេញពី​ការដោះស្រាយ​ការផ្ទុះ​ឡើង​នៃ​ជំងឺ COVID -19​។​

​នៅក្នុង​លិខិត​ផ្ញើជូន​ប្រធានាធិបតី​លោក Donald Trump ពួកគេ​បាន​អំពាវនាវ​ឱ្យមាន​ការផ្ដល់​ឡើងវិញ នូវ​មូលនិធិ​របស់​សហរដ្ឋ​អាមេរិក​ភ្លាមៗ​ដែល​លោក Trump បាន​បង្កក​កាលពី​សប្ដាហ៍​មុន ដោយ​ចោទប្រកាន់​អង្គការ​សុខភាព​ពិភពលោក​ថា ផ្ដោត​ការយកចិត្តទុកដាក់​តែ​លើ​ប្រទេស​ចិន និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​ចិន​អំពី​ការ​ផ្ទុះឡើង​នេះ​ជំងឺ​នេះ​។​

​យ៉ាងណាមិញ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​សង្ឃឹមថា រដ្ឋបាល​លោក Trump នឹង​ពិចារណា​ឡើងវិញ​លើ​ការផ្អាក​ការផ្ដល់​មូលនិធិ​របស់ខ្លួន ប៉ុន្តែ​ការផ្ដោត​សំខាន់​របស់លោក គឺ​លើ​ការបញ្ចប់​ការ​រាលដាល​ជំងឺ​សកល​នេះ និង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​៕

 

ស្ថានទួតម៉ាឡេស៊ី ចូលរួមជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ទោះប្រទេសក៏រងគ្រោះក្ដី

ភ្នំពេញ ៖ បើទោះបីប្រទេសខ្លួន មានពលរដ្ឋរាប់ពាន់នាក់បានឆ្លងមេរោគកូវីដ១៩ ក្ដី ក៏ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានបង្ហាញការចូលរួមរបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា ។ ជាក់ស្ដែងក្នុងរយៈពេលពីរថ្ងៃ ពីថ្ងៃទី ២២ និង២៣ មេសា ២០២០ ស្ថានទូតម៉ាឡេស៊ី ប្រចាំទីក្រុងភ្នំពេញ បានឧបត្ថម្ភអាហារគ្រៀងចំនួន១០០កញ្ចប់ជួយដល់វិហារអ៊ីស្លាម វត្តប្រជុំសាគរ វិហារយាយម៉ៅនិងវិហារនៃសាសនាយ៉េស៊ូផងដែរ ។

លោក Khairul Gadafi Kamaludin អនុប្រធានបេសកកម្ម នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានអោយដឹងថានៅពេលដែលមានស្ថានភាពធ្ងន់ធ្ងរដូចជាករណីជំងឺកូវិឲីដ១៩នេះ វាទាមទារអោយយីងម្នាក់ៗប្រមូលកំលាំងកាយកំលាំងចិត្តដីម្បីប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវ និងប៉ះពាល់យដល់អាយុជីវិតនេះ ។លោកថា៖« បុគ្គលម្នាក់ៗ អាចប្រឆាំងនឹងជំងឺនេះបាន ប៉ុន្តែយើងមិនអាចផ្តួលវាបានទេ ប្រសិនបើយើងគ្រប់គ្នាមិនបោះបង់ចោលនូវទំលាប់នៃការស្តីបន្ទោស ភាពខ្មាសអៀន និងងាកមករួបរួមគ្នាវិញ ។ យើងព្យាយាមអោយមនុស្សទាំងអស់គ្នាយល់ថាបើទោះបីជាយើងមានសាសនាឬក៏ជំនឿខុសពីគ្នាក៏ពិតមែនតែជំងឺនេះវាមិនបានកើតឡើងខុសភាពគ្នារវាងអ្នកមានឬអ្នកក្រ សុខភាពល្អឫមិនល្អ តែវាគឺជាសត្រូវរបស់យើងម្នាក់ៗ» ។

លោកបន្តថា យើងបរិច្ចាគក្រោមកម្មវិធី យើងយកចិត្តទុកដាក់យើងចែករំលែក” មានន័យថាយើងយកចិត្តទុកដាក់ចំពោះគ្រប់គ្នាដែលយើងអាចជួយបាន, ដូចដែរយើងជ្រាបហើយថាប្រទេសម៉ាឡេស៊ីក៏ដូចជាប្រទេសកម្ពុជាដែរ ប្រជាជនមានជំនឿនិងគោរពសាសនា ផ្សេងៗគ្នាហើយកម្មវិធីរបស់យើងបានបង្កើតឡើងដើម្បីឈានទៅដល់សមាគមន៏តូចៗដែរមានប្រជាជនគោរពជំនឿខុសៗគ្នា។

លោកបានកោតសរសីរប្រជាជនកម្ពុជាដែលមានការគោរពនិងអនុវត្តតាមច្បាប់និងបទបញ្ជារដែររដ្ឋាភិបាលបានកំណត់ដើម្បីកុំអោយមានការរាតត្បាតពីមេរោគនេះ។ ស្ថាតទូតម៉ាឡេស៊ី នឹងធ្វើការបរិច្ចាកស្រដៀងគ្នានេះនៅសប្តាហ៍ក្រោយជូនដល់មន្ទីពេទ្យមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ដើម្បីបង្ហាញនិងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត នឹងបុគ្គលិកដទៃដែលបានខិតខំបំពេញភារកិច្ចដោយគ្មានការឈប់សំរាកក្នុងការជួយទប់ស្កាត់មិនអោយមានការរីករាលដាលនៃមេរាគនេះ ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៤ មេសា ២០២០ នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន១២២ នាក់ ក៏ប៉ុន្តែមានអ្នកជាសះស្បើយចំនួន១១០នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន១២នាក់ទៀត ។ ដោយឡែកប្រទេសម៉ាឡេស៊ី មានឆ្លងជំងឺនេះ ចំនួន ៥.៦០៣នាក់ ក្នុងនោះក៏មានអ្នកស្លាប់ចំនួន៩៥នាក់ផងដែរ ៕

នាយករដ្ឋមន្ត្រី ក្រើនរំលឹកដល់ពលរដ្ឋអោយប្រុងប្រយ័ត្ន និងកុំចេញក្រៅផ្ទះបើមិនចាំបាច់

 

ភ្នំពេញ ៖ នៅក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា មិនមានអ្នកឆ្លងថ្មីទេ តែមានអ្នកជាសះស្បើយពីជំងឺនេះកាន់តែច្រើន ធ្វើអោយចំនួនអ្នកកំពុងព្យាបាល ក្នុងមន្ទីរពេទ្យ មានតែ១២នាក់ប៉ុណ្ណោះ ។ ដោយឃើញស្ថានភាពបែបនេះ ពលរដ្ឋកម្ពុជា ក៏ចាប់ផ្ដើមចេញក្រៅផ្ទះ ដោយសង្កេតឃើញថាចរាចរតាមដងផ្លូវក៏ចាប់ផ្ដើមមមាញឹកនិងណែនណាន់តាន់តាប់ឡើងវិញ ។

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញការព្រួយបារម្ភ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងបន្តស្នាក់នៅក្នុងផ្ទះ បើពុំចាំបាច់សូមកុំចេញក្រៅយផ្ទះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីបានអោយដឹងថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសកម្ពុជា ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សម្ដេចបន្តថា ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើររណែនរកកស្ទះចរាចរណ៍ទៀតផង។ សូមក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ ៕

ថៃ ដាក់កម្ពុជា និងប្រទេស៤ផ្សេងទៀតក្នុងតំបន់អាស៊ានជាប្រទេសប្រឈមហានិភ័យឆ្លងកូវីដ១៩ខ្ពស់

ភ្នំពេញ ៖ យោងតាមការចុះផ្សាររបស់កាសែត The Nation របស់ប្រទេសថៃ បានដាក់ប្រទេសចំនួន៥ក្នុងនោះ ក៏មានកម្ពុជាផងដែរ ជាប្រទេសដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ខ្ពស់ ។ប្រទេសទាំងបួននោះ រួមមានកម្ពុជា ម៉ាឡេស៊ី ឡាវ ឥណ្ឌូនេស៊ី និងប្រទេសមីយ៉ាន់ម៉ា ។

ការចុះផ្សាយរបស់កាសែត The Nation នេះ គឺយោងទៅតាមគេហទំព័រ Royal Gazette ហើយក្រសួងសុខាភិបាលថៃ ក៏បានចុះហត្ថលេខាទទួលស្គាល់ថាដូច្នោះដែរ ។

សូមរំលឹកថាកាលពី ថ្ងៃទី ៦ ខែមីនាកន្លងទៅ ប្រទេសថៃក៏បានដាក់ឈ្មោះប្រទេសចំនួន ៤ គឺចិន (រួមមានហុងកុងនិងម៉ាកាវ) កូរ៉េខាងត្បូងអ៊ីតាលីនិងអ៊ីរ៉ង់ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគ Covid-19 ដែរ ។

គិតត្រឹមថ្ងៃទី ២៤ ខែមេសា ២០២០ នេះ ថៃ មានអ្នកមានឆ្លងមេរោគកូវីដ ១៩ ចំនួន ២.៨៣៩នាក់ មានអ្នកស្លាប់ ៥០នាក់ ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងមេរោគនេះ ចំនួន ៧.៧៧៥នាក់ មានអ្នកស្លាប់៦៤៧នាក់ ប្រទេសម៉ាឡេស៊ីមានអ្នកឆ្លង ៥.៦០៣នាក់ ក្នុងនោះអ្នកស្លាប់មាន៩៥នាក់ ប្រទេសមីយ៉ាន់ម៉ា មានអ្នកឆ្លង១៣២នាក់ មានអ្នកស្លាប់៥នាក់ និងប្រទេសកម្ពុជា ដែលកាសែតថៃ បានចាត់ទុកថាជាប្រទេសមានហានីភ័យខ្ពស់ឆ្លងខ្ពស់មានអ្នកឆ្លងជំងឺនេះ ចំនួន ១២២នាក់ និងមិនទាន់មានអ្នកស្លាប់នៅឡើយ ៕

ធនាគារ​ជាតិ​ ស្នើឱ្យ​ធនាគារឯកជន លើកលែងការផាកពិន័យ​ចំពោះ​អតិថិជន

ភ្នំពេញ ៖ ក្នុងអំឡុង​វិបត្តិកូវីដ១៩នេះ ធនាគារ​ជាតិ​នៃកម្ពុជា​ស្នើសុំការយោគយល់​ពីគ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ផ្តល់​ការ​អនុគ្រោះបន្ថែម​ដល់​អតិថិជន​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ពួកគាត់​មួយ​កម្រិត​ទៀត​ក្នុងគ្រា​លំបាក​នេះ ដូចជា​ការបន្ធូរបន្ថយ​កម្រៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន និង/ឬ លើកលែង​ការផាកពិន័យ​ផ្សេងៗ​ចំពោះ​អតិថិជន​របស់ខ្លួន រហូតដល់​ដំណាច់ខែធ្នូ ឆ្នាំ​២០២០។

សូម​អាន​បន្ថែម​ក្នុងលិខិតខាងក្រោម៖

ទំនាស់​ពាក្យសំដី​ក្នុង​វង់​ផឹកស៊ី ផ្ទុះហិង្សាប្អូនថ្លៃ កាប់បងថ្លៃ​ស្លាប់ ​

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈពេល​ជនសង្ស័យ​នឹង​ជនរងគ្រោះ​ជា​បង​ប្អូនថ្លៃ ហើយ​ពេល​កំពុង​ផឹកស៊ី​ក៏​ទាស់​ពាក្យសំដី រហូតដល់​ប្អូនថ្លៃ​យក​កាំបិត​កាប់​ទៅលើ​បងថ្លៃ​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម។ ក្រោយពេល​កើតហេតុ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់។ ហេតុការណ៍​នេះ​​កើតឡើង​កាលពី​ថ្ងៃ​២៣ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង២០​ និង​១៥​នាទី​យប់ ស្ថិតក្នុង​ភូមិ​តា​ស្រែ​ន ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ។

​នគរបាល​ស្រុក​ទ្រាំង​បានឲ្យដឹងថា ករណី​ឃាត​កម្មនេះ គឺ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ យន់ រង្សី ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរ​បបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ (​ត្រូវជា​ប្អូនថ្លៃ​) បាន​យក​កាំបិត​បុ័ងតោ​កាប់​ជាច្រើន​កាំបិត​ទៅលើ​ជនរងគ្រោះ​ជា​បងថ្លៃ ឈ្មោះ សោ វុទ្ធី ភេទ​ប្រុស អាយុ៥៣​ឆ្នាំ ចំនួន​៧​កាំបិតបណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅក្នុង​ថ្លុកឈាម​ជនរងគ្រោះ​មានមុខ​របបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ជាមួយគ្នា។

​តាម​មន្ត្រីនគរបាល​ស្រុក​បានអោយដឹង​ទៀតថា​មុនពេល​កើតហេតុ បុរស​ដែលជា​ជា​សាច់ថ្លៃ​ចំនួន​៤​នាក់​(​ប្រពន្ធៗ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​) បាន​អង្គុយ​ផឹកស៊ី​ជាមួយគ្នា​នឹង​បាន​និយាយ​ជជែក​គ្នា​ជាធម្មតា​ស្រាប់តែ​ជនរងគ្រោះ​ជា​បងថ្លៃ​និយាយ​លេងសើច​ទៅកាន់​ជនសង្ស័យ​ជា​ប្អូនថ្លៃ​ថា​នៅតែ​ផ្ទះ​ដើរ​ស៊ីផឹក​មិន​គិត​រកស៊ី​ចឹ​ញ្ចឹ​ម​ប្រពន្ធ​កូន​ទេ។

ប្រភពបន្តថា ភ្លាមៗ​នោះ​ជនសង្ស័យ​ជា​ប្អូនថ្លៃ​បាន​ស្ទុះ​យក​កាំបិត​បុ័ងតោ​កាប់​ជាច្រើន​កាំបិត ទៅលើ​បងថ្លៃ​របស់ខ្លួន​ស្លាប់​ក្នុង​ថ្លុកឈាម​ហើយ​ក្រុមគ្រួសារ​បងថ្លៃ​នេះ​មិនបាន​រាយការណ៍​មកដល់​កំលាំង​នគរបាល​ភ្លាមៗ​នោះទេ​គឺ​ទុក​រហូត​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ ទើប​មកប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្វាវ​នេះ​ជាការ​រៀបចំ ដើម្បី​ទុកពេល​អោយ​ជនសង្ស័យ​ដើម្បី​រត់គេចខ្លួន​តែប៉ុណ្ណោះ។ មន្ត្រីនគរបាល​ស្រុក​បាន​បញ្ជាក់ថា កំលាំង​ជំនាញ សហការ​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែលជា​ប្អូនថ្លៃ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​អោយ​ទាល់តែ​បាន៕
​

 

កម្ពុជា​ត្រៀម​មន្ដ្រី​ឆ្លើយតប​រហ័ស​ប្រមាណ​ជិត​៥​ម៉ឺន​នាក់​ក្នុងការប្រយុទ្ធ​នឹង​ជំងឺ COVID-19

​ភ្នំពេញ ៖ កម្ពុជា​ត្រូវបាន​គេ​ដឹងថា បាន​ត្រៀម​រួចជាស្រេច​ហើយ​នូវ​ក្រុមមន្ត្រី​ឆ្លើយតប​រហ័ស​ជិត​៥​ម៉ឺន​នាក់ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 បើទោះបីជា​បច្ចុប្បន្ននេះ​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​មួយ​នេះ​នៅ​ស្រួចស្រាល​នៅឡើយ​ក៏ដោយចុះ។​

​នេះ​បើ​យោងតាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដែល​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​លើក​ទី​៣​លើ​ការងារ​ឆ្លើយតប​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 កាលពី​ម្សិលមិញ​នៅ​ទីស្តីការក្រសួង។​

​លោកស្រី​បញ្ជាក់ថា ក្រសួងសុខាភិបាល នៅតែ​បន្ដ​បណ្ដុះបណ្ដាល និង​ពង្រឹង​ក្រុមមន្ដ្រី​ឆ្លើយតប​រហ័ស​ប្រមាណ​៤-៥​ម៉ឺន​នាក់ សម្រាប់​ត្រៀម​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​១៩ (COVID-19) ទោះ​បច្ចុប្បន្ន ស្ថានភាព​ជំងឺ​នេះ​នៅ​ស្រួចស្រាល​នៅឡើយ។​

​លោកស្រី​រដ្ឋលេខាធិការ បានបញ្ជាក់​បន្ថែមថា ខណ​នេះ​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ (COVID-19) បាន​លើកយក​នូវ​ផែនការ​យុទ្ធសាស្ដ្រ​ជា​បន្ដបន្ទាប់ និង​ត្រៀម​នូវ​សម្ភារ​បរិក្ខារ​ពេទ្យ​ឱ្យ​គ្រប់គ្រាន់​ជានិច្ច ដោយ​បច្ចុប្បន្ន មាន​ម៉ាស​ចំនួន​១១​លាន​ម៉ាស​, ម៉ាស​N95 ចំនួន​៥០​ម៉ឺន (​បច្ចុប្បន្ន​មាន​ជាង​៣០​ម៉ឺន​ម៉ាស​ហើយ​), សម្លៀកបំពាក់​សុវត្ថិភាពរ​របស់​មន្ដ្រី​សុខាភិបាល​៥​ពាន់​សម្រាប់ និង​មុង​ភួយ​កន្ទេល​ខ្នើយ សម្រាប់ អ្នកជំងឺ​មក​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​។​

​ប៉ុន្តែ​បើសិនជា​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ទ្រង់ទ្រាយ​ធំ​ដ៏​ធ្ងន់ធ្ងរ​បំផុត រហូតដល់​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នោះ កម្លាំង​ពេទ្យ​របស់​បច្ចុប្បន្ន​ចំនួន​៦​ពាន់​នាក់ គឺ​មិន​គ្រប់គ្រាន់​នោះឡើយ យើង​នឹង​អាច​បញ្ចេញ​កម្លាំង​យ៉ាងហោច​ក៏​ជាង​១​ម៉ឺន​នាក់ សម្រាប់​កម្លាំង​ពេទ្យ​នៅក្នុង​ក្រសួងសុខាភិបាល កម្លាំងយោធា​៥​ពាន់ នាក់ និង​ប៉ូលីស​រាប់ពាន់នាក់​ទៀត ដែល​សរុប​ទូទាំងប្រទេស​ប្រមាណ ៤-៥​ម៉ឺន​នាក់ ដែល​បាន​បណ្ដុះបណ្ដាល នឹង​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​មួយ​នេះ៕