All posts by មេគង្គ ប៉ុស្តិ៍

ទំនប់អាងទឹកស្រុកព្រៃឈរ-ជើងព្រៃ អាចស្តុកទឹកបានប្រមាណ ១២ លានម៉ែត្រគីប

ដោយ ៖ ប៉ែន សុផល

ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោក ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញក្រសួង និងមន្ទីរពាក់ព័ន្ធ រួមជាមួយអាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ ចុះពិនិត្យការរដ្ឋានជួសជុលទំនប់អាងទឹកតំបន់ ដែលមានទីតាំងនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ។

ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាពបង្កបង្កើនផលរបស់ប្រជាកសិកររដ្ឋបាលខេត្តកំពង់ចាម បានស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការ រួមមានជួសជុលទំនប់អាងទឹកប្រវែង៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន ០៣កន្លែង។

ទំនប់អាងទឹកតំបន់ អាចរក្សាទឹកទុកបានចំនួន១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ចំនួន៣.២១៣គ្រួសារដែលបានពឹងអាស្រ័យលើអាងតំបន់នេះ៕៊

ទេសរដ្ឋមន្ត្រី មាស សុភា បាននាំយកបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ

ដោយ ៖ កូវ ប៊ុនហេង

ខេត្តព្រះវិហារ ៖ ទេសរដ្ឋមន្ត្រីមាសសុភា ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារបាននាំយកសម្ភារៈបរិក្ខាពេទ្យ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី 28 ខែមេសាឆ្នាំ 2020 នៅមន្ទីសុខខាភិបាលខេត្តព្រះវិហារ ដោយមានការចូលរួុមពីរលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុងសុវណ្ណ ប្រធានក្រុមព្រឹក្សាខេត្ត រួុមទាំងប្រធានមន្ទី មន្រ្តីរាជការ ជុំវិញខេត្ត បានអញ្ជើញចូលរួុមជាច្រើនអ្នក ។

លោក គួុង ឡូ ប្រធានមន្ទីសុខាភិបាលខេត្ត បានឡើងរាយការណ៍ជូនគណអធិបតី នូវសកម្មភាពរបស់មន្ទីរសុខាភិបាលខេត្ត ដែលបាននិងកំពុងអនុវត្ត នូវការងារប្រយុទ្ធប្រឆាំង និងជំងឺរលាកសួតដែលបង្កដោយវីរុសកូវីដ១៩ បានចែកចេញជា៣តំណាក់កាល ៖

តំណាក់កាលទី១៖ សកម្មភាពមុនពេលមានករណីជំងឺរលាកសួត បង្កដោយវីរុសកូរវីត 19

តំណាក់កាលទី២៖ សកម្មភាពពេលមានករណី ជំងឺរលាកសួត បង្កដោយ វីរុសកូវីដ 19

តំណាក់កាលទី៣៖ កម្មភាពមានពលករខ្មែរត្រឡប់មកពី ប្រទេសថៃមុនចូលឆ្នាំខ្មែរ ។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរដល់អជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក៍ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងមន្ទីរអង្គភាពនានាក្នុងខេត្ត ដែលបានរួមសហការគ្នាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយះការចុះផ្សព្វផ្សាយអប់រំតាមមូលដ្ឋាន អោយប្រជាពលរដ្ឋបានយល់ដឹង ដោយអនុវត្តជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ១៩។

លោកបានទៀតថា យើងត្រូវ រួមគ្នាបង្ការ និងទប់ស្កាត់ ការរាតបាតមេរោគកូវីដ១៩ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះសុខភាព និងការរស់នៅ ត្រូវមានអនាម័យល្អ ត្រូវលាងដៃនឹងសាប៊ូ អាល់កុល និងទឹកអនាម័យ អោយបានញឹកញាប់ ត្រូវសំអាតបរិវេណផ្ទះ និងកន្លែងរស់នៅអោយបានគ្រប់ៗគ្នា ជាប្រចាំ។ត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេស អនុសាសន៍ដ៏ខ្ពងខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើ ដើម្បីបង្ការ និងទប់ស្កាត់បាន ពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅក្នុងមូលដ្ឋានរស់នៅ។ លោកថា នៅគ្រាបច្ចុប្បន្ន ជំងឺដ៏កាចសាហាវនេះ កំពុងបន្តឆ្លង និងរាតត្បាតនៅទូទាំងសកលលោក បូករួមទាំងកម្ពុជា យើងផងដែរ ។

ជាចុងបញ្ចប់នៃកម្មវិធី គណះអធិបតី បានប្រគល់អំណោយសម្ភារៈ បរិក្ខាពេទ្យ ជូនដល់ មន្ទីរសុខាភិបាលខេត្តព្រះវិហាររួុមមាន អាកុល 650 លីត្រ ម៉ាស់26000 អំបិល300គីឡូ រួមទាំងថវិការមួយចំនួន ៕

ទូត​ខ្មែរ​នៅអាមេរិក​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​អនុវត្ត​គោលការណ៍ ​និង​បទបញ្ជា​តាម​បណ្តា​រដ្ឋ​ដែល​ខ្លួន​រស់នៅ​

​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​បានចេញ​នូវ​សេចក្តី​ជូន ដំណឹង​មួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និង​និស្សិត​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅ​/​ស្នាក់ នៅ​សហរដ្ឋអាមេរិក​ត្រូវ​តាមដាន​និង​គោរព​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជា​/​គោលការណ៍​ទាំងឡាយ​នៅតាម​បណ្តា​រដ្ឋ​របស់​បងប្អូន​រៀងៗ​ខ្លួន។ ទន្ទឹម​នោះ​ត្រូវ​បន្ត​តាមដាន​ឲ្យ​បាន​ជាប់​ជានិច្ច​នូវ​សេចក្តីជូនដំណឹង​/​ប្រកាស​ព័ត៌មាន​និង​ការណែនាំ​ផ្សេងៗ ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​កម្ពុជា​ក៏ដូចជា​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក។​

​សូមមេត្តា​អាន​ទាំងស្រុង​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​សហរដ្ឋអាមេរិក ៖

 

ឃាត់ខ្លួនបុរសម្នាក់ក្នុងឃាតកម្មលើនារីរោងចក្រសង្ស័យជាករណីរំលោភសម្លាប់

ភ្នំពេញ ៖ នារី​វ័យ​ ២៨ឆ្នាំម្នាក់ ត្រូវគេប្រទះឃើ់ញស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់ជួលរបស់នាងស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយមានតែពាក់អាវ តែគ្មានស្លៀកខោ និងមានស្នាមវាយឲ្យរបួស និងស្នាមចាក់ដោយកាំបិត។

លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់ថា ការចុះប្រតិបត្តិការលើករណីឃាតកម្មនេះ ក្រោមការបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញ តាមចាប់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីព្យាយាមរត់ក្រោយធ្វេីសកម្មភាពរួចប៉ុន្មានម៉ោង។

សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងជាង ៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ មានការប្រទះឃើញស្ដ្រីម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាមទាំងអាក្រាតកាយល្វែងខាងក្រោម នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលគេសង្ស័យថា ជាករណីរំលោភសម្លាប់។

ជនរងគ្រោះ មានឈ្មោះ សៀត ស៊ន អាយុ ២៨ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណេីតភូមិចា ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ។

បើតាមសេចក្ដីរាយការណ៍ជំហានដំបូង បានបញ្ជាក់ថា ការស្លាប់របស់ស្ដ្រីខាងលើ ត្រូវបានគេដាក់ការសង្ស័យជាករណីឃាតកម្មរំលោភសម្លាប់។

ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញដែលកំពុងតែធ្វើកោសល្យវិច្ច័យលើសពរបស់ស្ដ្រីរងគ្រោះ មិនបានសន្និដ្ឋានពីករណីនេះថាយ៉ាងដូចម្តេចទេ រង់ចាំបន្តស្រាវជ្រាវសិន ខណៈដែលជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅក្រោយពេលមានការភ្ញាក់ផ្អើលថា មានមនុស្សស្លាប់៕

សិង្ហ​បុរី​រកឃើញ​ឆ្លង COVID-19 ថ្មី​ចំនួន​៥២៨​នាក់​បន្ថែមទៀត​

សិង្ហ​បុរី ៖ ក្រសួងសុខាភិបាល​សិង្ហ​បុរី​បានប្រកាស​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​ចំនួន​៥២៨​នាក់​បន្ថែមទៀត​កាលពី​ម្សិលមិញ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កើនឡើង​ដល់​១៤.៩៥១​នាក់​។​ នេះ​បើ​យោងតាម​សារព័ត៌មាន CNA។​

​ក្រសួងសុខាភិបាល​បាន​និយាយ​នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​របស់ខ្លួន​ថា​ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី​នេះ​គឺ​អ្នក​កាន់​ប័ណ្ណ​ស្នាក់នៅ​សម្រាប់​ធ្វើការ ដែល​ស្នាក់នៅ​កន្លែងធ្វើការ​។​ចំណែក​១០​ករណី​នៅក្នុង​សហគមន៍​ដែល​ក្នុងនោះ​មាន ៧ នាក់​ជា​ពលរដ្ឋ​សិង្ហ​បុរី​ឬ​ជា​អ្នកស្នាក់នៅ​អចិន្ត្រៃយ៍​។​

​ក្រសួង​បាន​ឲ្យ​ដឹង​ដែ​ឬថា មាន​អ្នកជំងឺ​ចំនួន​៣៣​នាក់​ថែមទៀត ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​ជាសះស្បើយ​។ សរុប​មាន​អ្នកជំងឺ ១.១២៨ នាក់​ហើយ ដែល​បានជា​សះស្បើយ​ពី​ជំងឺឆ្លង​មួយ​នេះ នៅ​សិង្ហ​បុរី ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ឬ​នៅ​ដាច់ដោយឡែក​ពី​គេ ក្នុង​សហគមន៍​៕

 

ហ្វីលីពីនមានអ្នកឆ្លង COVID-19 កើនឡើង​ជិត​ដល់​៨,០០០​នាក់​

​ហ្វីលីពីន ​៖ យោងតាម​ក្រសួងសុខាភិបាល​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា ករណី​ឆ្លង COVID-19 ក្នុងប្រទេស​ហ្វីលីពីន​កើនឡើង​ជិត​ដល់ ៨,០០០​នាក់​ហើយ បន្ទាប់ពី​រកឃើញ១៨១​ករណីថ្មី​បន្ថែមទៀយ​កាលពី​ម្ស​ល​មិញ។ នេះ​បើតាម​ការដកស្រង់​ចេញពី​សារព័ត៌មាន CNA ។​

​នៅ​ថ្ងៃ​ដដែល​នេះ ក្រសួងសុខាភិបាល​ហ្វីលីពីន​បាន​បញ្ជាក់ថា អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 ក្នុងប្រទេស​បាន​កើន​ដល់ ៥៣០​នាក់​ហើយ បន្ទាប់ពី​មនុស្ស ១៩​នាក់​បាន​ស្លាប់​នៅថ្ងៃនេះ ខណៈ​ឯ​អ្នក​ឆ្លង​សរុប​កើន​ដល់ ៧,៩៥៨​នាក់​។ ​ទន្ទឹមនឹង​ករណី​ឆ្លង និង​ស្លាប់​នេះ ក៏មាន​អ្នកជំងឺ​ចំនួន​៤៣​នាក់​បានជា​សះស្បើយ​វិញ​ផងដែរ ដែល​នាំ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប​កើន​ដល់ ៩៧៥​នាក់​៕

 

ថ្ងៃនេះ ពុំមានករណីជាសះស្បើយ ហើយក៏មិនមានករណីឆ្លងជំងឺកូវីដ១៩ដែរ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ៣នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច៕

 

ត្រីមាសទី១ ឆ្នាំ២០២០នេះ ជនបរទេស​ចំនួន ៣៣៩នាក់ ត្រូវបាន​បណ្តេញ​ចេញ​ពី​កម្ពុជា ​

ភ្នំពេញ ៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២០នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេសចេញពីកម្ពុជា សរុបចំនួន១១៥លើក មាន៣៣៩នាក់ ស្រី២៧នាក់ មាន៣៤សញ្ជាតិ ពាក់ព័ន្ធចំនួន២៥បទល្មើស។

តួលេខនេះ ត្រូវបានបង្ហាញឱ្យដឹងនៅក្នុងកិច្ចប្រជុំមួយនៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ថ្ងៃទី២៨ ខែមេសានេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

តាមរបាយការណ៍ ក៏បានឱ្យដឹងផងដែរថា នាយកដ្ឋានស៊ើបអង្កេត មានកន្លែងត្រៀមបណ្តេញចេញ ចំនួន៣កន្លែង រួមមាន ៖ ទី១-មណ្ឌលភ្នំពេញ ,ទី២- មណ្ឌលសៀមរាប និងទី៣-មណ្ឌលព្រះសីហនុ។

ថ្លែងក្នុងកិច្ចប្រជុំនេះ​ នាយឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ បានណែនាំឱ្យការិយាល័យ​នីមួយៗពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ​ ហើយរៀបចំធ្វើរបាយការណ៍មកប្រធាននាយកដ្ឋានជារៀងរាល់សប្តាហ៍​។​ នាយឧត្តមសេនីយ៍​ ក៏បានឱ្យប្រធាននាយកដ្ឋាន​ មានការប្រជុំមួយ​សប្តាហ៍ម្តង​ ជាមួយអនុប្រធាន​ នាយ-នាយរង​ការិយាល័យ​មួយផងដែរ។ ក្រៅពីនេះ លោកអគ្គនាយក​ ក៏បានផ្តាំផ្ញើដល់មន្រ្តីទាំងអស់ ឱ្យប្រុងប្រយ័ត្ន ហើយទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ផងដែរ​។

គួររម្លឹកថា នៅថ្ងៃម្សិលមិញនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានឱ្យដឹងដែរថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះតទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងអនុវត្តវិធានការមិនផ្តល់ទិដ្ឋាការបន្តរយៈពេលស្នាក់នៅកម្ពុជា ចំពោះជនបរទេសណា ដែលគ្មានឈ្មោះក្នុងប្រព័ន្ធ គ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា(FPCS)៕

 

 

ពលករខ្មែរនៅកូរ៉េ ប្រឈមការលុបទិដ្ឋាការបើត្រឡប់មកកម្ពុជាក្នុងពេលមានវិបត្តិកូវីដ១៩

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងដោយទទូចស្នើឲ្យពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ កុំទាន់ មកលេងស្រុកកំណើតនាពេលនេះ ព្រោះអាចប្រឈមនឹងការចោលលុបទិដ្ឋាការ ខណៈកម្ពុជា ក៏ដូចជាកូរ៉េ កំពុងអនុវត្តវិធានការតឹងរ៉ឹងក្នុងអំឡុងពេលកើតមាន កូវីដ-១៩។

លោករដ្ឋលេខាធិការ ហេង សួរ បានអះអាងថា បើបងប្អូនត្រឡបើមកនាពេលនេះ នឹងត្រូវដាក់ឲ្យនៅដោយឡែក ១៤ថ្ងៃ ហើយពេលត្រឡប់ទៅប្រទេសកូរ៉េវិញ គេនឹងឃាត់ទុកឲ្យនៅដោយឡែករយៈពេល ១៤ថ្ងៃដូចគ្នាបន្ថែមទៀត ហើយអាចត្រូវគេលុបចោលទិដ្ឋាការទៀតផង។

ការអំពាវនាវនេះ បានធ្វើឡើងនៅបន្ទាប់ពីមានពលករខ្មែរធ្វើការងារនៅប្រទេសកូរ៉េចំនួន ៥នាក់ ដែលទើបមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយត្រឡប់ទៅវិញកាលពីថ្ងៃទី ២៧ ខែមេសា កន្លងទៅ ត្រូវបានជាប់គាំងនៅព្រលានយន្ដហោះនៅប្រទេសកូរ៉េ ដោយសារតែថៅកែរោងចក្រមិនទាន់អនុញ្ញាតឱ្យចូលធ្វើការវិញ ហើយតម្រូវឲ្យដាក់ដាច់ដោយឡែករយៈពេល ១៤ថ្ងៃជាមុនសិន។

បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានដែលរឿបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ បង្ហាញថា មកដល់ពេលនេះ មានពលករខ្មែរដែលកំពុងធ្វើការងារក្រៅប្រទេសជាង ១លាននាក់ ហើយពុំមានអ្នកណាម្នាក់ឆ្លងជំងឺកូវីដ ១៩ នោះទេ ដោយឡែក ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសកូរ៉េ មានប្រមាណ ៦ម៉ឺននាក់។

សូមជម្រាបថា ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ បានជូនដំណឹងថ្មីមួយដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅប្រទេសកូរ៉េថា ដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា (COVID-19) ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េ បានចេញច្បាប់ថ្មី សម្រាប់ពលករគំរូ អាចពន្យារសុពលភាពបន្តស្នាក់ នៅកូរ៉េបានរហូតដល់៥០ថ្ងៃ ពីមុនបានតែជនជាតិថៃ, ចិន, និងវៀតណាមតែប៉ុណ្ណោះ ឥឡូវគឺអាចពន្យាបានទាំង១៦ប្រទេស ដែលបញ្ជូនពលករ មកបម្រើការងារនៅកូរ៉េ រួមទាំងប្រទេសកម្ពុជាផងដែរ៕

កម្ពុជា ជាប់ក្នុងបញ្ជីប្រផេះរបស់អន្តរជាតិ ធ្ងន់ធ្ងរជាងបាត់បង់ EBA ទៅទៀត

ភ្នំពេញ ៖ កម្ពុជា កំពុងប្រឹងប្រែងក្នុងការរៀបចំបង្កើតច្បាប់មួយដើម្បីអាចឱ្យអន្តរជាតិដកឈ្មោះកម្ពុជា ចេញពីបញ្ជីប្រផេះ។ ស្ថិតក្នុងបញ្ជីប្រផេះរបស់អន្តរជាតិ ដោយសារតែកម្ពុជា មិនទាន់មានច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ រួមនិង ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។

ច្បាប់ស្តីពីការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវ រកម្ម ដែលកម្ពុជារៀបចំឡើងនេះ កំពុងស្ថិតក្នុងសេចក្តីព្រាងនៅឡើយ ហើយនៅព្រឹកថ្ងៃទី២៨ ខែមេសា នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំរបស់ផ្នែកពាក់ព័ន្ធដែលជាអ្នកតាក់តែងសេចក្តីព្រាងច្បាប់នេះ ដើម្បី ធ្វើឱ្យច្បាប់មានលក្ខណៈសមស្របតាមការចង់បានរបស់ស្ថាប័នអន្តរជាតិ ដែលនាំដល់ការលុបឈ្មោះ កម្ពុជាចេញពីបញ្ជីប្រផេះរបស់ខ្លួន ដោយកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មនូវមាត្រាមួយ ចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ក្នុងគោលដៅចង់ឱ្យ កម្ពុជាត្រូវបានលុបចេញពីបញ្ជីប្រផេះរបស់អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ធនាគារ ជាតិនៃកម្ពុជា នៅក្នុងកិច្ចប្រជុំ កាលពីព្រឹកមិញនេះ ។

មន្ត្រីដដែលនេះ បានគូសបញ្ជាក់ថា កម្ពុជានៅខ្វះមូលដ្ឋានគតិយុត្តមួយចំនួនចំពោះស្តង់ដាថ្មី និងមិនទាន់មានយន្តការស្តីពីការប្រឆាំងការហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យនៅឡើយ បើទោះបីជាកម្ពុជាត្រូវបានគេមើលឃើញជាអន្តរជាតិ ថា ជាប្រទេសដែលមិនមានហានិភ័យខ្ពស់ក្នុងការធ្វើហិរញ្ញប្បទានដល់ការផលិតអាវុធមហាប្រល័យក៏បែបណាក្តី ប៉ុន្តែកម្ពុជាត្រូវតែមានច្បាប់មួយនេះជាចាំបាច់ ដើម្បីអាចរួចខ្លួនពីបញ្ជីប្រផេះរបស់ស្ថាប័ន អន្តរជាតិទើបយើងបានរៀបចំធ្វើសេចក្តីព្រាងច្បាប់នេះឡើងវិញ ដោយមានការចូលរួមជួយធ្វើសេចក្តីព្រាងពីក្រុមអ្នកជំនាញការច្បាប់របស់អង្គការរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយក្រុមការងារអន្តរក្រសួង ដែលក្នុង នោះមានដូចជា ក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា តំណាងក្រសួងយុត្តិធម៌ក្នុងនាម ជាប្រធានក្រុមការងារបច្ចេកទេសដើម្បីរៀបចំសេចក្តីព្រាងច្បាប់នេះជាដើម។

លើកឡើងក្នុងកិច្ចប្រជុំនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាត្រូវតែមានច្បាប់ឱ្យស្របតាមតម្រូវការរបស់អន្តរជាតិ។

បើយើងជាប់ឈ្មោះនៅក្នុងបញ្ជីប្រផេះនេះ នឹងនាំឱ្យគេសន្មត់ថាកម្ពុជា ជាប្រទេសមានហានិភ័យ ខ្ពស់ជាការធ្វើឱ្យអ្នកវិនិយោគមានការរារែកមិនចង់មកវិនិយោគនៅកម្ពុជា ដែលការដាក់ប្រទេសកម្ពុជាចូល ទៅក្នុងបញ្ជីប្រផេះនេះគឺមានការប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ គឺធ្ងន់ធ្ងរជាង EBA ទៅទៀត៕

ពលករខ្មែរជាង១០នាក់ត្រូវបានដោះលែងបន្ទាប់ពីបង់ប្រាក់ម្នាក់ៗ១២០០ដុលា្លរ ដោយសារល្មើសបម្រាមរដ្ឋាភិបាលថៃ

ភ្នំពេញ ៖ ពលករខ្មែរប្រុសស្រីចំនួន ១៤នាក់ក្នុងចំណោម ១៧នាក់ ត្រូវបានដោះលែង បន្ទាប់ពីបង់ប្រាក់តាមការទាមទាររបស់អាជ្ញាធរថៃក្នុងម្នាក់ៗចំនូន ៤ម៉ឺនបាត ប្រហែលជា ១.២០០ដុល្លារអាមេរិក ដោយសារពួកគេប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹងនៅមុខបន្ទប់ជួល បំពាននឹងបម្រាមរបស់រដ្ឋាភិបាលថៃ ដែលហាមមិនឱ្យមានការជួបជុំសេពគ្រឿងស្រវឹងអំឡុងពេលចូលឆ្នាំថ្មី កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ១២ ឃុំខ្លងលួង ស្រុកខ្លងលួង ខេត្តផាធុមថានី ប្រទេសថៃ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់កាលពីម្សិលមិញថា ពលករខ្មែរចំនួន ១៤នាក់ក្នុងចំណោម ១៧នាក់ ត្រូវបានអាជ្ញាធរថៃដោះលែងកាលពីសប្តាហ៍មុន និងបានអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅកន្លែងស្នាក់នៅក្នុងប្រទេសនេះវិញ ក្រោយពេលពួកគេយល់ព្រមបង់ប្រាក់ពិន័យម្នាក់ៗ ៤ម៉ឺនបាត តាមការទាមទាររបស់ថៃ។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមេសា រដ្ឋាភិបាលថៃបានដាក់បម្រាមលើការលក់គ្រឿងស្រវឹង ឬសេពគ្រឿងស្រវឹង ព្រមទាំងបញ្ជាឱ្យបិទហាង ឬដេប៉ូលក់ស្រា និងស្រាបៀរនៅទូទាំងប្រទេសថៃ ក្នុងអំឡុងរដូវបុណ្យចូលឆ្នាំថ្មី ដើម្បីបញ្ចៀសការជួបជុំ និងប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹង ដែលនាំឱ្យមានការរីករាលដាលនៃកូវីដ១៩។

លោក កុយ គួង បន្តថា ដោយឡែកពលករខ្មែរ ៣នាក់ទៀត ដែលមិនទាន់បានបង់ប្រាក់ពិន័យ អាជ្ញាធរថៃនឹងបញ្ជូនសំណុំរឿងរបស់ពួកគេទៅតុលាការជាបន្តទៀត។ លោកបន្តថា វិធានការល្មើសបម្រាមនេះ មិនមែនធ្វើលើតែពលករខ្មែរនោះទេ អាជ្ញាធរថៃ គេបានធ្វើឡើងសម្រាប់ពលរដ្ឋទូទៅ រួមទាំងជនជាតិថៃផងដែរ ហើយករណីនេះ ខាងមន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានតាមដានជាប្រចាំផងដែរ ។

ទោះជាយ៉ាងនេះក្តី លោក កុយ គួង មិនបានបញ្ជាក់ច្បាស់ថា តើកម្ពុជានឹងត្រូវអន្តរាគមន៍បែបណាដល់ពលករខ្មែរ ចំនួន ៣នាក់ ដែលអាជ្ញាធរថៃគ្រោងបញ្ជូនឡើងតុលាការ បើសិនពួកគេគ្មានប្រាក់បង់ពិន័យ៕

សាលក្រមកាត់ទោស​អតីត​ទាហាន​២​នាក់ ករណី​បង្កើត​កងកម្លាំងប្រដាប់អាវុធ​ខុសច្បាប់នឹងប្រកាសនៅថ្ងៃទី៧ឧសភា

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ តុលាការយោធា​បាន​បើក​សវន​ការកាត់ទោស​អតីតមន្ត្រី​យោធា ២​នាក់ ពាក់ព័ន្ធ​នឹង​ការបង្កើត​កងកម្លាំងប្រដាប់អាវុធ​ខុសច្បាប់​ប្រព្រឹត្តទៅ​នៅ​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៦​កន្លងទៅ។​

ក្រោយពីបើកសវនាការសួរដេញដោលរយៈពេលពេញមួយព្រឹក លោក ប៉ោក ប៉ន អនុប្រធានតុលាការយោធា និងជាប្រធានអង្គសវនាការ បានសម្រេចនឹងប្រកាសសាលក្រម នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។

តាមរយៈការសួរដេញដោលនេះដែរ លោក ម៉ែន ហុង ព្រះរាជអាជ្ញារង តុលាការយោធា នៅតែបន្តរក្សាបទចោទប្រកាន់អតីតយោធាទាំងពីរនាក់នេះដដែល។ ជនជាប់ចោទ២រូប រួមមាន៖ ទី១៖ ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និងទី២៖ ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា៕

កូរ៉េខាងត្បូង​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មីចំនួន​១៤​ករណី​បន្ថែមទៀត​

​សេ​អ៊ូ​ល ៖ ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមកនេះ ប្រទេស​កូរ៉េខាងត្បូង​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ COVID-19 ចំនួន១៤​ករណី​បន្ថែមទៀត ដែល​នាំ​ឲ្យ​តួលេខ​អ្នក​ឆ្លង​សរុប នៅក្នុង​ប្រទេស​អាស៊ី​បូព៌ា​មួយ​នេះ​កើន​ដល់ ១០,៧៥២​ករណី​។​ នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ករណី​ឆ្លង​ថ្មីៗ ដែល​បាន​រាយការណ៍​នៅថ្ងៃនេះ​មាន ១២​ករណី​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ដែល​នាំ​ឲ្យ​ករណី​នាំចូល​សរុប​នៅក្នុង​ប្រទេសមួយ​នេះ កើនឡើង​ដល់ ១,០៥៦​ករណី​។ ​ក្នុង​រយៈពេល​ដូចគ្នានេះ ករណី​ស្លាប់​ចំនួន ០១​ករណី​បន្ថែមទៀត​ដែរ ដែល​នាំ​ឲ្យ​ចំនួន​សរុប​បាន​កើន​ដល់ ២៤៤​នាក់​ស្មើនឹង ២.២៧% នៃ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​។ ដោយឡែក​នៅ​ថ្ងៃ​ដដែល​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា អ្នកជំងឺ​៩០​នាក់​បន្ថែមទៀត​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរ នាំ​ឲ្យ​ចំនួន​អ្នកជា​សរុប​កើន​ដល់​៨,៨៥៤​នាក់​ហើយ ដែល​ស្មើនឹង ៨២.៤%​។​

​សូមជម្រាបថា គិត​ចាប់តាំងពី​ថ្ងៃទី​៣ ខែមករា​មក កូរ៉េខាងត្បូង​បានធ្វើ​តេស្ត​រក COVID-19 លើ​មនុស្ស​ច្រើនជាង ៦០៨,០០០​នាក់ ក្នុងចំណោម​នោះ ៥៨៨,៥៥៩​នាក់ មាន​លទ្ធផល​អវិជ្ជមាន ខណៈ ៩,២០៣​នាក់​កំពុងស្ថិត​ក្នុងការ​តាមដាន​៕

 

ត្រាំ ៖ អាថ៌កំបាំង​ស្ដីពី​ស្ថានភាពលោក គីម ជុងអ៊ុន នឹង​ត្រូវ​លាតត្រដាង​ឆាប់ៗ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ថា លោកបានដឹងពីស្ថានភាពរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហើយលោកជូនពរលោក គីម ឱ្យមានសុខភាពល្អ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅសេតវិមាន ពាក់ព័ន្ធនឹងស្ថានភាពរបស់លោក គីម ជុងអ៊ុន កាលពីម្សិលមិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ដូច្នេះថា៖ “ខ្ញុំមិនអាចប្រាប់អ្នកបានទេ… ខ្ញុំជូនពរគាត់ឱ្យមានសុខភាពល្អ”។ លោក ដូណាល់ ត្រាំ បានមានប្រសាសន៍បន្តថា អាថ៌កំបាំងនឹងត្រូវលាតត្រដាងនៅពេលដ៏ខ្លីខាងមុខ។

សូមជម្រាបថា កន្លងមកពាក្យចចាមអារ៉ាម និងការសង្ស័យ លើបញ្ហាសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង បានកើតមានជាបន្តបន្ទាប់ ក្រោយពីលោកបានអវត្តមាន ក្នុងពិធីដ៏សំខាន់មួយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ហើយមិនទាន់បង្ហាញខ្លួនជាសាធារណៈឡើយ គិតមកទល់ពេលនេះ។ សារព័ត៌មាននៅកូរ៉េខាងត្បូង បានចុះផ្សាយកាលពីសប្ដាហ៍មុនថា លោក គីម ជុងអ៊ុន ត្រូវបានវះកាត់សរសៃឈាមបេះដូង ឬ លោកកំពុងនៅដាច់ដោយឡែក ដោយសារភ័យខ្លាចចំពោះការឆ្លងវីរុសកូវីដ១៩៕

 

 

ផ្ទុះគ្រាប់បេមួយគ្រាប់នៅបន្ទាយមានជ័យសម្លាប់ស្ត្រីម្នាក់និងរបួសបីនាក់

ដោយ ៖​ នូ វី

បន្ទាយមានជ័យ ៖ គ្រាប់បេមួយគ្រាប់ដែលបន្សល់ទុកក្រោយសម័យសង្គ្រាមបានផ្ទុះបន្ទាប់ពីក្មេងប្រុសម្នាក់បានរើសវាមកគប់លេង បណ្តាលអោយស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងបីនាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១.០០នាទីព្រឹកថ្ងៃទី២៧មេសាឆ្នាំ២០២០ នៅចំនុចលូធំខាងជើងកែងផ្លូវវិស្វកម្ម ប្រហែល២០០០ម៉ែត្រ ស្ថិតនៅភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។      

លោក សេស វិបុល អធិការនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅបានអោយដឹងថា នៅវេលាកើតហេតុនោះគឺមានមនុស្សបួននាក់បានរងគ្រោះ ក្នុងនោះមាន=
១.ឈ្មោះ ជា សរ ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិកំពង់ក្តីឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប បានស្លាប់នៅនឹងកន្លែង។
២.ឈ្មោះ ជា ស្រីមួយ ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប(រងរបួសស្រាល)។
៣.ឈ្មោះសុខ បញ្ញា ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប(រងរបួសធ្ងន់)។
៤.ឈ្មោះ គា សំណាង ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែខេត្តសៀមរាប(រងរបួសស្រាល)។
លោកអធិការបានបន្តអោយដឹងទៀតថា ជនរងគ្រោះទាំង០៤នាក់ខាងលើ បានមកស្នាក់នៅធ្វើជាកម្មករដកតំឡូងនៅលានចិនក្នុងភូមិចក់ពួក ឃុំស្លក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។នៅថ្ងៃកើតហេតុពួកគេបានបបួលគ្នាទៅបេះផ្លែព្រីង។លុះទៅដល់ចំនុចដើមព្រីងក្មេងប្រុសឈ្មោះ សុខ បញ្ញា បានប្រទះឃើញគ្រាប់បេមួយគ្រាប់ដែលបន្សល់ពីសម័យសង្គ្រាម មានសភាពចាស់ស្ថិតនៅលើដំបូកក្បែរនោះ ហើយក៏រើសយកមកគប់លេងបណ្តាលអោយផ្ទុះតែម្តង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី រីឯសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត៕