All posts by មេគង្គ ប៉ុស្តិ៍

រោងចក្រកាត់ដេរមួយនៅក្រុងតាខ្មៅត្រូវបិទទ្វារដោយគ្មានអ្នកបញ្ជាទិញ

ខេត្តកណ្តាល ៖ រោងចក្រកាត់ដេរមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ទំនងជាត្រូវបិទទ្វារជាស្ថាពរ ដោយអះអាងថា គ្មានអ្នកបញ្ជាទិញ និងកំពុងប្រឈមខ្លាំងទៀតលើដំណោះស្រាយសំណងដល់ក្រុមកម្មករ កម្មការិនី ប្រមាណ ៣ពាន់នាក់ដែលបញ្ឈប់ពីការងារ។

ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារនៅរោងចក្រ ប្រឹភីសឹស (Propitious Cambodia Garment Ltd) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានអះអាងថា ពួកគាត់ប្រហែល ៣ពាន់នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រមួយនេះ ត្រូវបានថៅកែបញ្ឈប់ពីការងារក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ។

កម្មការិនីម្នាក់ ដែលសុំមិនប្រាប់ឈ្មោះ បានប្រាប់ថា រោងចក្រនេះ មានកម្មករ-កម្មការិនី ប្រហែល ៣ពាន់ ត្រូវបានថៅកែប្រកាសបញ្ឈប់ពីការងារភ្លាមៗ កាលពីម្សិលមិញ ដោយមិនបានជូនដំណឹងជាមុននោះឡើយ។

ក្រុមកម្មការិនី បានត្អូញត្អែរថា ពួកគេកំពុងបារម្ភអំពីការដោះស្រាយសំណងមិនត្រឹមត្រូវតាមផ្លូវច្បាប់ ខណៈថៅកែរោងចក្រ បានសន្យាបើកលុយសំណង និងអត្ថប្រយោជន៍ផ្សេងៗឲ្យពួកគេនៅថ្ងៃទី៣០ ខែមេសា ខាងមុខនេះ។

អ្នកស្រី គួច ដាវី ប្រធានរដ្ឋបាលរោងចក្រ ប្រឹភីសីស បានប្រាប់ថា គម្រោងរោងចក្របញ្ឈប់កម្មករពីការងារនេះ គឺដោយសារគ្មានអ្នកបញ្ជាទិញ និងពុំមានប្រាក់គ្រប់គ្រាន់សម្រាប់បើកជូនកម្មករ។ ប៉ុន្តែ យ៉ាងណាក្តី អ្នកស្រីបញ្ជាក់ថា ចំពោះការដោះស្រាយសំណងវិញ ខាងរោងចក្រកំពុងដំណើរការដោះស្រាយតាមផ្លូវច្បាប់ជូនកម្មករហើយ៕

តាមចាប់ខ្លួនមន្ត្រីនគរបាល​ប៉ុស្តិ៍​បាក់​ខែង​ដែល​បាញ់សម្លាប់​ប្អូនថ្លៃ​នៅ​ខេត្តស្ទឹងត្រែង​

ខេត្តកណ្តាល ៖ កម្លាំងចម្រុះ​នគរបាល​បាន​សហការ​តាម​ចាប់ខ្លួន​មន្ត្រីនគរបាល​ប៉ុស្តិ៍ បាក់​ខែង ដែល​បាន​បាញ់សម្លាប់​ប្អូនថ្លៃ នៅ​ឃុំ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល រហូតដល់​ខេត្តស្ទឹងត្រែង ហើយ​បាន​ចាប់ខ្លួន​ជនសង្ស័យ​កាលពី​ម្សិលមិញ​នៅ​ចំណុច​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​សូមបញ្ជាក់ថា អំពើ​ឃាតកម្ម​ឈានដល់​បាញ់សម្លាប់​គ្នា​នេះ កើតឡើង​នៅ​ម៉ោង​៦,៣០​នាទី​យប់ ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ចុង​កោះ ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយ​បងថ្លៃ​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​បាក់​ខែង​ម្នាក់ បាន​បាញ់សម្លាប់​ប្អូនថ្លៃ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ៅ ប៊ុនហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ សែន រ៉ា​នុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាក់​ខែង​។ ដោយ​ប្រពន្ធ​ជនសង្ស័យ និង​ជនរងគ្រោះ ជា​បងប្អូន​បង្កើត​នឹង​គ្នា៕

 

ចំនួនអ្នកឆ្លងជំងឺ COVID-19 ទូទាំងពិភពលោកកើនដល់២,៦៣៧,៤១៤នាក់

បរទេស ៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ នេះ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ២,៦៣៧,៤១៤ករណីហើយ ក្នុងនោះមនុស្សសរុប ១៨៤,២០៤នាក់ស្លាប់ និង៧១៧,៦២៥នាក់ជាសះស្បើយឡើងវិញ។ នេះបើយោងតាមគេទំព័រអន្តរជាតិ Worldometer។

ជំងឺរាតត្បាតសកល COVID-19 នៅពេលនេះបានឆ្លងចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ ហើយក្នុងនោះប្រទេសធំៗដែលមានករណីឆ្លង រហូតដល់រាប់សែនករណីនោះមានដូចជា សហរដ្ឋអាមេរិក, អេស្ប៉ាញ, អ៊ីតាលី, បារាំង, អាល្លឺម៉ង់ និងចក្រភពអង់គ្លេស៕

 

អាល្លឺម៉ង់ និងអង់គ្លេសចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19

ប៊ែរឡាំង ៖ ការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ក្នុងដំណាក់កាលដំបូង ត្រូវបានអនុញ្ញាតឲ្យប្រព្រឹត្តទៅហើយក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

វ៉ាក់សាំងខាងលើកំពុងស្ថិតក្រោមការអភិវឌ្ឍ របស់ក្រុមហ៊ុនឯងទេសខាងជីវ-បច្ចេកវិទ្យា បាយអូធីនធិច (BioNTech) ដែលមានមូលដ្ឋាននៅទីក្រុង មែនស៍ (Mainz) របស់ប្រទេសអាល្លឺម៉ង់។ ការធ្វើតេស្តនៃវ៉ាក់សាំងនោះ នឹងធ្វើឡើងចំពោះមនុស្សសុខភាពល្អចំនួន ២០០នាក់ ដែលមានអាយុចន្លោះ ១៨-២៥ឆ្នាំនៅដំណាក់កាលដំបូង ហើយដំណាក់កាលបន្ទាប់នឹងធ្វើឡើងចំពោះ អ្នកដែលប្រឈមហានិភ័យខ្ពស់ពី COVID-19។

ទន្ទឹមគ្នានេះការធ្វេស្តវ៉ាក់សាំង COVID-19 ទៅលើមនុស្ស ក៏កំពុងត្រៀមប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ បើតាមការបញ្ជាក់ពី រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស។

គួរជម្រាបថា សម្រាប់នៅសហរដ្ឋអាមេរិក និងប្រទេសចិនវិញ ការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សកំពុងតែបន្តប្រព្រឹត្តទៅ។ យ៉ាងណាក្តីទម្រាំសម្រេចបានវ៉ាក់សាំង COVID-19 ដែលអាចប្រើប្រាស់បានក្នុងលក្ខណៈទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាសុវត្ថិភាពនោះ គឺត្រូវចំណាយពេលចន្លោះពី ១-២ឆ្នាំឯណោះ ព្រោះវាត្រូវការការធ្វើតេស្តសាកល្បងជាច្រើន រហូតទទួលស្គាល់អំពីប្រសិទ្ធភាព និងសុវត្ថិភាព ១០០% ពីស្ថាប័នអន្តរជាតិ៕

 

 

ក្រសួងសុខាភិបាល ៖ ថ្ងៃនេះមិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានសរុបចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលប ទទួលបានមុននេះបន្តិច៕ 

 

សង្កាត់​ដែលត្រូវដាច់ភ្លើងចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែមេសា

ភ្នំពេញ ៖ តំបន់​មួយ​ចំនួន​ក្នុងរាជធានីភ្នំពេញ នឹងត្រូវអគ្គិសនី​កម្ពុជា ផ្អាកការផ្គត់ផ្គង់​ភ្លើង​ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែមេសា ឆ្នាំ​២០២០ ​ដើម្បី​អនុវត្តការងារ​ជួសជុល ផ្លាស់ប្តូរដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីកផ្លូវ។

សូម​អាន​បន្ថែម​ក្នុងសេចក្តីជូនដំណឹង​ខាងក្រោម៖

 

«ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន» ហេតុអ្វីបរទេសធ្វើបាន ហើយកម្ពុជាធ្វើមិនបាន ?

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា កម្ពុជាមិនចាំបាច់ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ បើស្ថានភាពនៃការគ្រប់គ្រងកូវីដ១៩ បានល្អ ដូចពេលបច្ចុប្បន្ននេះ។ ការបញ្ជាក់នេះ ធ្វើឡើនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹក២២ ខែមេសា នេះនៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ក្នុងការដាក់ប្រទេស ក្នុងភាពអាសន្ន អាចអនុវត្តទៅបានគឺស្ថិតនៅក្នុងដំណាក់កាលប្រទេសជាតិជួបគ្រោះអាសន្នធ្ងន់ធ្ងរ និងត្រូវមានការឯកភាពពីឥស្សរជនជាន់ខ្ពស់ចំនួន៣រូប រួមមាននាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងព្រឹទ្ធសភា។

បើតាមអ្នកនាំពាក្យ កម្ពុជាមិនចាំបាច់ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ បើស្ថានភាពនៃការគ្រប់គ្រងកូវីដ១៩ បានល្អដូចពេលបច្ចុប្បន្ននេះ។

សេចក្តីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន បានទៅដល់ដៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហើយនៅព្រឹកថ្ងៃទី២២ មេសា នេះ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានអញ្ជើញទៅការពារច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។

លោក ជិន ម៉ាលីន បញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេស ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការហើយនោះ មិនមែនមានន័យថា កម្ពុជាត្រូវដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ។ លោកថាច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន មិនមែនដើម្បីបំបិទសិទ្ធិសេរីភាព ឬរំលោភសិទ្ធិប្រជាពលរដ្ឋនោះទេ ប៉ុន្តែគឺដើម្បីប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស និងដើម្បីការពារផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋកម្ពុជា។

សូមជម្រាបថា មកដល់ពេលនេះ មានប្រទេសចំនួន ៧០ហើយ ដែលបានដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ហើយក្នុងតំបន់អាស៊ានក៏មានប្រទេសចំនួន ៦ហើយ ដែលបានដាក់ប្រទេសក្នុងគ្រាអាសន្ន។ លោកបន្ថែមថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺអនុលោមទៅតាមច្បាប់អន្តរជាតិ និងមានភាពត្រឹមត្រូវ។ បណ្ដាប្រទេសផ្សេងទៀតអនុវត្តបាន ចុះហេតុអ្វីកម្ពុជា អនុវត្តមិនបាន៕

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ បន្តចុះផ្សព្វផ្សាយវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ដោយ ៖ កូវ ប៊ុនហេង

ខេត្តព្រះវិហារ ៖ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ លោក យុង គឹមហ៊ាន បានដឹកនាំកិច្ចប្រជុំមួយ ស្តីពីការ រៀបចំផែនការ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ឲ្យបានផុលផុសថែមទៀត ដោយអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និង តាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅសម្រេចបានប្រសិទ្ធភាពការងារក្នុងការផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ និងបញ្ជ្រៀបការយល់ដឹងដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន នៅទូទាំងខេត្តព្រះវិហារ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមការបង្ហាញវត្ត មានឯកឧត្តម យុង គឹម ហ៊ាន និងមានការចូលរួមពីប្រធាន អនុប្រធាន សសយក ក្រុង ស្រុក សមាជិកគណៈកម្មាធិការ សសយកខេត្ត ព្រម ទាំងសសយកតាមបណ្តាមន្ទីរ និងអង្គភាពជុំវិញខេត្ត កាលពីថ្ងៃទី២២ខែមេសា ឆ្នាំ ២០២០។

អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបានឲ្យដឹងថា ដើម្បីបញ្ជ្រៀបការយល់ដឹងដល់ប្រជាជន ឲ្យបានយល់ច្បាស់ អំពី ភាពគ្រោះថ្នាក់ នៃជំងឺកូវីដ១៩ សហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្ត នឹងយកវិធានការណ៍សំខាន់ៗ ចំនួន៥មកអនុវត្ត ក្នុងនោះ គឹការបង្កើតក្រុមការងារផ្សព្វផ្សាយ ដែលស្រុក និងខេត្តរៀបចំសេចក្តីសម្រេចរួម, ធ្វើយ៉ាងណាឲ្យសសយក ក្រុង ស្រុក ខេត្ត មានការយល់ដឹងកាន់តែច្បាស់ រួមជាមួយអ្នកពាក់ព័ន្ធ និងវិធានការការពារជំងឺកូវីដ១៩ ដើម្បីបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ, ក្រុមការងារ សសយក តាមវិស័យ ត្រូវត្រៀមខ្លួនចូលរួមជាមួយសុខាភិបាល ក្នុងករណីណាមានការផ្ទុះជំងឺកូវីដ១៩ក្នុងខេត្ត ឬ ក្នុងករណីចបាច់, បន្តធ្វើការផ្សព្វផ្សាយតាមឃោសនស័ព្ទចល័ត ឬ តាមបណ្តាញសង្គមជាបន្តទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្វះការប្រុងយ័ត្ន និងឲ្យពួកគាត់ បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ និងសសយក ថ្នាក់ក្រុង ស្រុក ត្រូវត្រៀមសមាជិកសកម្មសំខាន់ៗ ដើម្បីចូលរួមធ្វើការផ្សព្វផ្សាយ ពីការទប់ស្កាត់ជំងឺ Covid-19 នេះ។

ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជា ខេត្តបានមានប្រសាសន៍ថា ដើម្បីឲ្យមាន ប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចាំបាច់ត្រូវមានការសហការ និងការ ចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ។ លោកបន្តថា ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹង ពីវិធានការការពារខ្លួន ពីជំងឺកូវី១៩ កាន់តែច្បាស់ ប្រធាន សសយក ថ្នាក់ក្រុង និងស្រុក ត្រូវសហការជាមួយមន្ទីរសុខាភិបាល ចុះធ្វើយុទ្ធនាការឲ្យកាន់តែសកម្ម និងផុសផុលបន្ថែមទៀត អំពីភាពគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជាពិសេស ត្រូវជំរុញឲ្យបានកាន់តែខ្លាំង ដល់អាជីវករ និងអ្នកទិញ ត្រូវប្រើម៉ាស់ អាល់កុល ឬសាប៊ូលាងដៃ មិនត្រូវប៉ះពាល់ជាមួយនឹងភ្នែក ច្រមុះ និងមាត់ ជាដាច់ខាត។ លោកបានជម្រុញមន្ត្រីក្រោមឧិវាទ ត្រូវបន្តចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានក្នុងក្រុង ស្រុក ក្នុងខេត្ត នៅតាមទីប្រជុំជន កសិដ្ឋាន មន្ទីរ និងអង្គភាព អោយបានយល់ដឹងកាន់តែច្បាស់ ធ្វើយ៉ាងណាឲ្យអត្រាការឆ្លង ថយមកនៅកម្រិតទាបបំផុត។

បានឧបត្ថម្ភ អង្ករ ០៦បេ ទឹកស៊ីអ៊ីវ ០៦ ត្រី ខ ៣០កំប៉ុង ម៊ី៦០កញនចប់ ទឹកសុទ្ធ ៦យ៉ួរ សាប៊ូ ៥០ដុំ អាកុល ២លីត្រនិងដបបាញ់ ទឹកអាកុល ថវិកា ១០០/០០០រៀលនិងសម្ភារៈមួយចំនួន ធំផងដែរ៕

អាណាព្យាបាលសិស្ស សុំឲ្យសាលាស៊ីអាយអេបញ្ចុះតម្លៃក្នុងដំណាក់កាលនៃកូវីដ១៩

ភ្នំពេញ ៖ ឪពុកម្តាយ និងអាណាព្យាបាលសិស្សនៃសាលាអន្តរជាតិ ស៊ីអាយអេ ជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅមុខសាលារៀន ដើម្បីស្នើសុំឲ្យសាលារៀនស៊ីអាយអេ ធ្វើការបញ្ចុះតម្លៃសិក្សា៥០ភាគរយ ក្នុងដំណាក់កាលនៃកូវីដ១៩។

ក្រុមអាណាព្យាបាលសិស្ស បានបញ្ជាក់ថា ការស្នើសុំឲ្យសាលារៀនបញ្ចុះតម្លៃ៥០ភាគរយនេះ ដើម្បីសម្រាលការលំបាករបស់ពួកគាត់ គ្រាដែលវិបត្តិកូវីដ១៩ នៅបន្តអូសបន្លាយដោយមិនដឹងពេលណាបញ្ចប់។

លោក ប៉ា ចំរើន ជាអាណាព្យាបាលសិស្សម្នាក់ បានបញ្ជាក់ថា ការបង្រៀនតាមអន ឡាញសម្រាប់សិស្សតូចៗ គឺមិនបានពេញលេញនោះទេ មួយថ្ងៃបានមួយម៉ោងទៅ មួយម៉ោងកន្លះ ហើយឪពុកម្តាយត្រូវនៅបង្រៀន និងណែនាំដល់ កូនៗ ក្នុងពេលសិក្សាថែមទៀត។ លោកបញ្ជាក់ថា ក្នុងដំណាក់កាលនេះ ការរកចំណូលផ្សេងក៏មិនងាយស្រួលនោះដែរ ធ្វើឲ្យការបង់ថ្លៃសាលារៀន ខ្ទង់ពាន់នេះ គឺអាណាព្យាបាលមិនអាចរត់រួចនោះទេ។ នៅក្នុងញ្ញត្តិរបស់អាណាព្យាបាលសិស្ស ស្នើពីរចំណុចគឺ១-ស្នើអោយសាលាផ្អាករៀនអនឡាញ ប្រសិនបើសាលានៅតែគិតថ្លៃសិក្សា១០០% ២-គាំទ្រការរៀនអនឡាញតទៅទៀត ប្រសិនបើសាលាគិតថ្លៃសិក្សា ៥០% ។

នៅក្នុងសេចក្តីជូនដំណឹងរបស់សាលារៀនអន្តរជាតិ CIA First កាលពីម្សិលម៉ិញ បានបញ្ជាក់ថា តាមរយៈការជួបពិភាក្សាជាមួយអាណាព្យាបាលសិស្សជាច្រើនលើក សាលារៀនបានសម្រេចបញ្ចុះតម្លៃសម្រាប់ថ្នាក់មតេយ្យសិក្សា សម្រាប់ K3+K4+K5 ចំនួន២៥ភាគរយ និងសម្រាប់សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី ១២ បញ្ចុះតម្លៃ១៥ភាគរយ។ សាលារៀន ស៊ីអាយអេ ថែមទាំងសុំការយោគយល់ពីអាណាព្យាបាលសិស្សទាំងចំពោះផលវិបាករបស់សាលារៀន ដែលនេះជាការដោះស្រាយអស់លទ្ធភាពរបស់សាលារៀនហើយ។ ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់ឆ្លើយតបចំពោះការស្នើសុំរបស់អាណាព្យាបាលទៅលើការបញ្ចុះតម្លៃនេះនោះទេ៕

គម្រោងសាងសង់មួយចំនួនបន្តដំណើរការ ឯមួយចំនួនផ្អាក ខណៈកូវីដ១៩ កំពុងរាលដាល

ភ្នំពេញ ៖ នៅក្នុងកាលៈទេសៈជំងឺកូវីដ ១៩ កំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកទាំងមូល គម្រោងសាងសង់សំណង់នៅក្នុងប្រទេសកម្ពុជា មួយចំនួនត្រូវបានផ្អាក និងមួយចំនួនទៀតនៅតែបន្ត ហើយក្នុងនោះគម្រោងមិនទាន់សាងសង់មួយចំនួនទៀតក៏គ្រោងនឹងចាប់ផ្ដើមការដ្ឋានសំណង់ផងដែរ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងកាលៈទេសៈនេះ ការអភិវឌ្ឍសំណង់នៅក្នុងប្រទេសកម្ពុជា ពិតជារងផលប៉ះពាល់ធំណាស់ ដោយមានការដ្ឋានសំណង់ជាច្រើនត្រូវបានផ្អាក ហើយការទិញលក់ទៅលើអចលនទ្រព្យក៏មានការធ្លាក់ចុះច្រើនផងដែរ ក្នុងពេលកូវីដ ១៩ កំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា ។ លោកថា នៅក្នុងការដ្ឋានសំណង់ ជៀសមិនផុតពីការធ្វើទំនាក់ទំនងគ្នារវាងកម្មករនិងកម្មករ ដូច្នេះដើម្បីសុវត្ថិភាពកម្មករ គម្រោងអភិវឌ្ឍន៍មួយចំនួនត្រូវបង្ខំចិត្តផ្អាកការសាងសង់បណ្ដោះអាសន្នសិន ។

លោកបន្តថា ក្រៅពីនោះ ក៏មានគម្រោងអភវិឌ្ឍន៍មួយចំនួននៅតែបន្តសាងសង់ដដែល ក៏ប៉ុន្តែពួកគេ មិនយកកម្មករសំណង់ណាថ្មីៗចូលធ្វើការឡើយ ដោយសុទ្ធចិត្តធ្វើការយឺតប្រសើរជាងយកកម្មករថ្មីៗដែលមិនដឹងប្រវត្តិថាបានពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ ១៩ដែរឬទេ ។ ដោយឡែកសម្រាប់គម្រោងដែលនឹងត្រូវសាងសង់ថ្មីៗនៅក្នុងដំណាក់កាលនេះក៏មានដែរ ជាក់ស្ដែងគម្រោងផ្សារទំនើបអ៊ីអនម៉លទី៣ជាដើម ។ ដោយសារតែគម្រោងនេះ ជាគម្រោងធំ និងមានផែនការគម្រោងទុកជាយូរមកហើយនោះ វាប្រហែលជាមិនមានផលប៉ះពាល់ដល់ហិរញ្ញវត្ថុនោះទេ ហើយម្យ៉ាងទៀតវាក៏ជាគម្រោងមកពីបរទេសដែរ ។

ក្រៅពីគម្រោង អ៊ីអន ម៉ល ដែលហាក់ដូចជាមិនបានប្រកាសផ្អាកនោះ មានគម្រោងអគារខ្ពស់មួយទៀត ក្រោមការវិនិយោគដោយក្រុមហ៊ុន Oxley Gem Cambodia គឺគម្រោង The Peak ក៏បានប្រកាសថា ខ្លួនកំពុងដំណើរការ ការដ្ឋានសាងសង់សំណង់របស់ខ្លួនជាមួយនឹងក្រុមហ៊ុនអ្នកម៉ៅការថ្មីបន្ទាប់ពីក្រុមហ៊ុនអ្នកម៉ៅការសំណង់ចាស់ជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ ហើយក៏បានផ្ដាច់កុងត្រាចោល ។

តាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអគារ The Peak បានបញ្ជាក់បន្ថែមថា ទោះបីជាស្ថានភាពបែបណាក៏ដោយ គម្រោងThe Peak នៅតែបន្តការសាងសង់ ដើម្បីអោយបញ្ចប់គម្រោងទៅតាមការគ្រោងទុក ធ្វើអោយអតិថិជនអ្នកទិញគម្រោងនេះមានទំនុកចិត្ត ។

បើតាមលោកផន សុភាពប្រធានការដ្ឋាននៃក្រុមហ៊ុន OCIC បានអោយដឹងថាទោះបីជាកូវីដកំពុងរាលដាលក្ដី ក៏ប៉ុន្តែគម្រោងអភិវឌ្ឍន៍នៅក្នុងទីក្រុងរណបជ្រោយចង្វារ នៅតែបន្តដំណើរការសាងសង់ ធ្វើយ៉ាងណាដើម្បីបញ្ចប់ការសាងសង់ទៅតាមផែនការ និងការគ្រោងទុកជាពិសេសគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍នៅទីក្រុងរណបជ្រោយចង្វារ ដើម្បីយកទីតាំងនេះ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ ២០២០នេះ ។

ក្រៅពីគម្រោងនេះ ក៏មានគម្រោងមួយចំនួនទៀតបានបន្តដំណើរការសាងសង់របស់ខ្លួន ក៏ប៉ុន្តែសម្រាប់គម្រោងដែលមិនទាន់សាងសង់ មួយរយៈនេះហាក់នៅសំងំសិន ដោយមិនទាន់មានគម្រោងធំៗណាមួយបានចាប់ផ្ដើមគម្រោងនោះទេ ៕

លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ផ្តល់អំណោយជួនពលរដ្ឋក្រីក្រខ្វះខាត២០គ្រួសារក្នុងឃុំចំនួនពីរ

ដោយប៉ៃនសុផល

ខេត្តកំពង់ចាម ៖​ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ (COVID-19) នៅទូទាំងប្រទេសកម្ពុជា និងសកល លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃដឹកនាំដោយផ្ទាល់បានរៀបចំយុទ្ធនាការចែកអំណោយជួនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត។

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នំា២០២០នេះ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនំាក្រុមការងារចុះចែកអំណោយជួនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតដែលជាអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមវេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំផ្តៅជុំចំនួន ១០គ្រួសារ។

សមាសភាពនៃការរួមមានលោកវរសេនីយ៍ឯកប្រាក់ សុគន្ធ អធិការស្រុកជេីងព្រៃ លោកខាត់ សុខនរួមជាមួយក្រុមការងារ លោកមេឃុំ លោកមេភូមិនឹងមន្ដ្រីក្រោមឱវាទ។

ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម ត្រីខ ៥កំប៉ុង ទឹកដោះគោខាប់ ៣កំប៉ុង សាប៊ូលាងដៃ ១ដុំ មី ១កេះ ទឹកស៊ីអ៉ីវ ២ដប ស្ករស ១គីឡូក្រាម និងថវិកាចំនួន ៤ម៉ឺនរៀល។

ដោយឡែកនាព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២០នេះលោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃអមដំណេីរដោយលោកវរសេនីយ៍ឯកប្រាក់ សុគន្ធ អធិការស្រុកជេីងព្រៃ នឹងលោកខាត់ សុខនរួមជាមួយនឹងក្រុមការងារបាននាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមវេង សាខុន ចែកជួនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតរស់នៅឃុំគោករវៀង ស្រុកជេីងព្រៃ ចំនួន11 គ្រួសារទៀត។

ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម ត្រីខ ៥កំប៉ុង ទឹកដោះគោខាប់ ៣កំប៉ុង សាប៊ូលាងដៃ ១ដុំ មី ១កេះ ទឹកស៊ីអ៉ីវ ២ដប ស្ករស ១គីឡូក្រាម និងថវិកាចំនួន ៤ម៉ឺនរៀលផងដែរ ។

ក្នុងឱកាសនោះដែរលោក អូត ឈាងលី ក៍ណែនាំបងប្អូនប្រជាពលរដ្ឋទាំពីរឃុំរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-19នឹងវីធីការការពារជម្ងឺកូវីដ-19ដោយលាងដៃនឹងសាប៊ួ អាកុល ជែលអោយបានញឹកញាប់នឹងជៀសនៃការជួបជុំ៕

មានពលករខ្មែរជាង ៨ម៉ឺន ៥ពាន់នាក់ បានវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយសារវិបត្តិកូវីដ១៩

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា មកទល់ពេលនេះ យ៉ាងហោចណាស់ក៏មានពលករចំណាកស្រុកប្រមាណជាង ៨ម៉ឺន ៥ពាន់នាក់ បានវិលត្រឡប់មកកាន់កម្ពុជាវិញពីបណ្តាប្រទេសនានា ជាពិសេសពីប្រទេសថៃ ដោយសារវិបត្តិកូវីដ១៩ ហើយដែលពួកគេកំពុងស្ថិតនៅរាយប៉ាយតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដែលពលករទាំង នោះមួយចំនួន គឺមិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់ជីវភាពខ្លួនឯងសម្រាប់រយៈពេលវែងបាននោះទេ ហើយ ជាទូទៅពួកគាត់តែងតែងចង់ត្រឡប់ទៅប្រទេសគេវិញ ដើម្បីធ្វើការងារ និងបានប្រាក់ចំណូល តែសម្រាប់ ស្ថានភាពបច្ចុប្បន្ននេះ យើងមិនអាចអនុញ្ញាតឱ្យពួកគាត់ចេញចូល ឬឆ្លងកាត់ព្រំដែនបានឡើយ ព្រោះថា ថៃ ក៏បានបិទព្រំដែន ហើយថៃក៏មានបញ្ហាកូវីដធ្ងន់ធ្ងរនៅឡើយ ជាពិសេសថៃបានដាក់ប្រទេសរបស់គេឱ្យ ស្ថិតក្នុងគ្រាអាសន្នថែមទៀតផង ដូច្នេះហើយកម្មករចំណាកស្រុករបស់យើងមិនទាន់អាចវិលត្រឡប់ទៅ វិញបានទេក្នុងពេលនេះឡើយ ដែលនេះគឺជាបញ្ហាដែលយើងត្រូវរួមគ្នារកដំណោះស្រាយ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសនៃការដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតប ទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺ កូវីដ១៩ នាទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី២២ មេសា ដែលមានការចូលរួមពីបណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ធ រួមទាំងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាផងដែរ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា បញ្ហាខាងលើ វាមិនមែនលំបាកសម្រាប់តែបង ប្អូនពលករចំណាកស្រុកដែលបានវិលត្រឡប់មកកាន់មាតុប្រទេសវិញនោះទេ តែវាក៏ជាបញ្ហាសង្គមផង ដែរ ដែលនាំឱ្យរាជរដ្ឋាភិបាលបានចេញនូវវិធានការណ៍ និងគោលការណ៍ជាក់ស្តែងជាបន្តបន្ទាប់រួចមក ហើយដែរ ក្នុងនោះក្រសួងសុខាភិបាលគឺជាអ្នកនាំមុខក្នុងការទប់ស្កាត់ជំងឺនេះ។ ដោយឡែកក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ក៏បានចេញនូវសេចក្តីសម្រេចជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម មាន ន័យថា យន្តការនានាត្រូវបានរៀបចំឡើង និងបានដំណើរការមួយចំនួនធំរួចហើយ។

ដោយឡែកលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្តីបារម្ភ ចំពោះជំងឺកូវីដ១៩ សម្រាប់ពិភពលោកទាំងមូលគឺគ្មានសញ្ញាអ្វីថា ថមថយនៅឡើយទេ ផ្ទុយទៅវិញយើង បារម្ភកាន់តែខ្លាំង ព្រោះវាកំពុងតែរាតត្បាតពាសពេញពិភពលោកទៅហើយ ហើយចំពោះបណ្តាប្រទេស ដែលមានពលករខ្មែរយើងទៅធ្វើការដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូងជាដើម ក៏នៅពុំ មានសញ្ញាថមថយនៃការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះនៅឡើយដែរ ដែលទន្ទឹមនឹងនេះចលនានៃការ វិលត្រឡប់របស់ពលរដ្ឋខ្មែរដែលជាពលករចំណាកស្រុកទាំងនោះមកកាន់គ្រួសារ និងសហគមន៍ ជាពិ សេស ការឆ្លងកាត់ព្រំដែននៅតែបន្តមានជារៀងរាល់ថ្ងៃដោយហេតុថា ពួកគាត់មិនអាចរស់នៅក្នុងប្រទេស គោលដៅទាំងនោះ ដោយគ្មានការងារ មុខរបរ និងគ្មានប្រាក់ចំណូលបានទេ ដែលពួកគាត់ទាំងនោះ បានព្យាយាមរកគ្រប់មធ្យោបាយដើម្បីបានវិលត្រឡប់មកផ្ទះវិញ បើទោះបីជាមានបំរាម ឬក៏វិធានការណ៍ បិទច្រកព្រំដែនយ៉ាងណាក៏ដោយ ដោយគិតមកទល់នឹងថ្ងៃទី២១ មេសា ម្សិលមិញ ពោលគឺរយៈពេល ត្រឹមតែ ១ខែក្រោយពីយើងប្រកាសបិទព្រំដែន គឺមានពលករចំណាកស្រុកត្រឡប់វិញប្រមាណជាង ៨ម៉ឹន ៥ពាន់នាក់ ហើយពួកគាត់ទាំងនោះកំពុងរស់នៅរាយប៉ាយនៅតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេស។

លោកជំទាវថា សម្រាប់ស្ថានពភាពបច្ចុប្បន្ន ប្រទេសគោលដៅ គឺមិនអំណោយពលសម្រាប់ពលករម្ចាស់ ស្រុក និងពលករចំណាកស្រុកដើម្បីរកប្រាក់ចំណូលឡើយ ដែលវាជាកត្តាជម្រុញឱ្យពលករចំណាកស្រុក ត្រូវតែបង្ខំចិត្តវិលមកស្រុកកំណើតវិញ ដែលការវិលត្រឡប់របស់ពួកគាត់យ៉ាងដូច្នេះ បានក្លាយជាបន្ទុក របស់គ្រួសារ ហើយព្រោះតែការអូសបន្លាយនៃជំងឺកូវីដ១៩នេះ នឹងអាចក្លាយទៅជារឿងអសន្តិសុខសង្គម ថែមទៀតផង៕

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក តាមរយៈប្រព័ន្ធវីដេអូ នឹងចាប់ផ្តើមនៅថ្ងៃស្អែក

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្អែកនេះ នៅទីស្តីការក្រសួងការបរទេស។

បើតាបរបៀបវារៈ កិច្ចប្រជុំដែលមានលោក ម៉ៃឃើល ផុមផេអូ រដ្ឋមន្ត្រីការបរទេសអាមេរិក ចូលរួមផងដែរនោះ នឹងផ្លាស់ប្តូរទស្សនៈទៅវិញទៅមក និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងរួមគ្នាទៅនឹងការរីករាលដាលនៃជំងឺ COVID-19 ក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក៕

សូមកុំប្រើផលិតផលសម្រកទម្ងន់ Slim-Me ប្រយ័ត្នគ្រោះថ្នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការព្រមានចាត់វិធានការចំពោះ គណនីហ្វេសប៊ុកឈ្មោះ Tey Loner កំពុង ផ្សព្វផ្សាយលក់ផលិតផលសម្រកទម្ងន់ឈ្មោះ Slim-Me គ្មាន លេខបញ្ជិកាពីក្រសួងសុខាភិបាល ហើយបានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិត។ ក្រសួងអំពាវនាវ ឲ្យពលរដ្ឋបញ្ឈប់ការទិញផលិតផលនេះ ព្រោះអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចបណ្តាលឲ្យស្លាប់ ដោយសារការគាំងបេះដូង និងដាច់សរសៃឈាម៕

ច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន បានទៅដល់ដៃក្រុមប្រឹក្សាធម្មនុញ្ញហើយ

ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន បានទៅដល់ដៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហើយ។ នៅព្រឹកថ្ងៃទី ២២ មេសា នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមមកើត រិទ្ធ បានអញ្ជើញទៅការពារច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនិងធ្វើការពិនិត្យថាតើសេចក្តីព្រាងច្បាប់នេះរំលោភទៅលើរដ្ឋធម្មនុញ្ញ ឬក៏យ៉ាងណា។

​លោក ជិន ម៉ាលីន បញ្ជាក់ថា មិនមែនច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការហើយភ្លាម នឹងត្រូវដាក់ប្រទេសក្នុងគ្រា អាសន្ននោះទេ។ ប្រទេសកម្ពុជា មិនទាន់ស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ ឡើងនឹងត្រូវដាក់ឲ្យអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននោះឡើយ៕