All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងពាណិជ្ជកម្មអំពាវនាវអោយអាជីវកររក្សាតម្លៃទំនិញក្នុងពេលផ្ទុះជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្នុងពេលជំងឺកូរ៉ូណា បានកើតឡើងលើពលរដ្ឋខ្មែរម្នាក់នៅខេត្តសៀមរាប ប្រជាពលរដ្ឋកម្ពុជា បាននាំគ្នាសម្រុកទិញស្បៀងទុកនៅផ្ទះ ដែលធ្វើអោយការលក់ដូររបស់អាជីវករមួយចំនួន មិនថានៅផ្សារទំនើប ឬនៅតាមផ្សារនានានោះឡើងមមាញឹកលក់ដូរជាខ្លាំង ។ ក្នុងពេលនេះដែរ ក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវដល់អាជីវករទាំងអស់ រក្សាតម្លៃទំនិញលើទីផ្សារដដែលដើម្បីសម្រួលជីវភាពពលរដ្ឋផងដែរ ។
នៅក្នុងសេចក្តីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ក្នុងពេលនេះ មានហាងលក់ទំនិញមួយចំនួនតូច បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញ ដូចជាម៉ាស់ការពារមុខ អាល់កុលលាងដៃ និងទំនិញចាំបាច់មួយចំនួនទៀត ដែលសកម្មភាពទាំងនេះ អាចបង្កអោយមានចលាចលក្នុងសង្គមធ្ងន់ធ្ងរ ។
ក្នុងស្ថានភាពនេះក្រសួងពាណិជ្ជកម្មសូមជម្រាបជូននិងអំពាវនាវនិងជូនដំនឹងដល់ពលរដ្ឋថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិនដែលមានក្នុងប្រទេស អាចធានាដល់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅ ប្រទេសទៀតផង ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជានិងក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ។ មួយទៀតសូមប្រជាពលរដ្ឋមេត្តារក្សាភាពនឹងនរ កុំជ្រួលច្របល់ហួសហេតុ នាំអោយជនឱកាសនិយមអាចឆ្លៀតយកចំនេញតាមរយៈការលក់ដំឡើងថ្លៃទំនិញ ដោយមិនសមហេតុផល។ម្ចាស់ហាងទំនិញទូទៅប្រកាន់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញស្រេចតែអំពើចិត្ត ។ ក្នុងករណីរកឃើញភាពមិនប្រក្រតីអាជ្ញារមានសមត្ថកិច្ចនឹងចាត់វិធានតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការជាមួយស្ថាប័នផ្សេងទៀត ចាត់វិធានការសមស្រប ដើម្បីធានានូវចរាចរទំនិញទូទៅ និងការផ្គត់ផ្គង់ គ្រឿងឧបភោគបរិភោគចាំបាច់ សម្រាប់បម្រើជីវភាពរបស់ប្រជាជនយើងនៅក្នុងកាលៈទេសៈនេះ ។ ក្រសួងពាណិជ្ជកម្មនឹងចាត់មន្ត្រីជំនាញ អោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ និងត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ព្រមទាំងដាក់ចេញនូវវិធានការផ្លូវច្បាប់ក្នុងករណីរកឃើញ ជនខិលខូចដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញជ្រុលហួសហេតុ ៕

បុរសម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាររួចហែលឡើងគោកវិញដោយខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើដំណើរ ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារថ្មីហើយមិនបណ្តាលអោយស្លាប់នោះទេបន្ទាប់ពីលោតបុរសរូបនោះបានហែលចូលខាងដោយខ្លួនឯង។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០និង៤០នាទីព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ ២០២០ នៅកណ្តាលស្ពានថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសរូបនោះ បានប្រាប់អោយដឹងថាខ្លួនឈ្មោះ ផល អាយុ ៣៦ឆ្នាំ មានលំនៅ ក្នុងខេត្តកំពង់ស្ពឺ ។តាមនគរបាលមានការសង្ស័យថាបុរសនោះបែកថ្នាំ ។

តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសរូបនោះ ឡើង លើស្ពានជ្រោយចង្វារ ហើយ បានលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួន តែម្តង ។ភ្លាមៗ នគរបាលគោលដៅទី៣ ការពារស្ពានជ្រោយចង្វារបានចេញទូកអូរប័រ ទៅជួយស្រង់សង្គ្រោះ តែបុរសនោះបានហែលគេចចេញពុំព្រមអោយជួយសង្គ្រោះឡើយ។លុះក្រោយមកនគរបាលក៍បានបោះពោង អោយបុរសនោះតោងហើយអូសចូលខាង ។នៅពេលមិនទាន់ដល់ខាងផង បុរសនោះ ក៍បានលែងពោង ហើយហែលទឹកចូលខាងដោយខ្លួនឯង ។

នៅពេល ដែលបុរសនោះ ហែលដល់ខាងអ្នកយកព័ត៌មានក៍បានជួយអូសទាញបុរសរូបនោះឡើងច្រាំង ។

តាមបុរសរូបនោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុខ្លួន បានជិះម៉ូតូមួយគ្រឿងមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ដោយពុំដឹងហេតុអ្វីឡើយ។នៅពេលសួរនាំយូរៗទៅ បុរសនោះប្រាប់ថា ដោយសារតែតូចចិត្តប្រពន្ធលែងលះព្រមទាំងប្រាប់ថា មានគេដេញតាម។ដោយសារតែនិយាយត្រឡប់ត្រឡិន នគរបាលមានការសង្ស័យ ថា បុរសរូបនោះបែកថ្នាំបានជាមកលោតទឹកសម្លាប់ខ្លួនបែបនេះ៕

សមត្ថកិច្ច​ចាប់​បុរស​ម្នាក់​ករណី​ញុះញង់​ពាក់ព័ន្ធ COVID-19

​ភ្នំពេញ ៖ នៅថ្ងៃនេះ​កម្លាំង​សមត្ថកិច្ច​​ចាប់​ខ្លួន​បុរស​ម្នាក់​មុខរបរ​លក់ទំនិញ​តាម online ​ពាក់ព័ន្ធករណី​ញុះញង់​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាមរយៈ​វីដេអូ​ឃ្លី​ប​របស់ខ្លួន លើ​បណ្តាញ​សង្គម Facebook រឿង Covid-19។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​មានឈ្មោះ កូយ សំអាត អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ មានមុខ​របរ​អ្នកលក់​ទំនិញ​តាម Online ផង និង​ជា​អ្នកញៀន​ល្បែង​ជល់​មាន់​ផងដែរ។ ជនសង្ស័យ​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​របស់ខ្លួន​នៅលើ Account Facebook ឈ្មោះ «Tep Visal»​។​

​ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ទោសកំហុស​ថា ខ្លួន​ពិតជា​បាន​និយាយ និង​បង្ហោះ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​មែន​។ បន្ទាប់ពី​ការសួរនាំ​រួចមក​ជនសង្ស័យ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញដើម្បី​ចាត់ការ​បន្តទៀត​៕

 

សម្តេច ហ៊ុន សែន ប្រតិកម្ម​ចំពោះ​សារព័ត៌មាន​វៀតណាម VNA ដែល​ចុះផ្សាយ​អាក្រក់​ពី​កម្ពុជា​

ភ្នំពេញ ៖ នៅថ្ងៃនេះ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើកដំបូង​ចំពោះ​ទីភ្នាក់ងារ​ព័​ត៌​វៀតណាម VNA ដែល​បាន​ចុះផ្សាយ​អាក្រក់​ពី កម្ពុជា​ទាក់ទង Covid-19 ហើយ​បានស្នើ​ឲ្យ VNA កែតម្រូវ​ឡើងវិញ​។ ប៉ុន្តែ​ប្រសិនបើ​មិនមាន​ការកែតម្រូវ​ទេ​កម្ពុជា​នឹងធ្វើ​កំណត់​ទូត​ជូនទៅ​រដ្ឋាភិបាល​វៀតណាម​តែម្តង។​

​សម្តេច ហ៊ុន សែន បាន​លើកឡើងថា រឿងនេះ​ប្រសិនបើ​ប្រជាជន​កម្ពុជា​ប្រតិកម្ម ប្រជាជន​កម្ពុជា​ក៏​អាច​បិទ​ព្រំដែន​មិន​ឲ្យ​ប្រជាជន​វៀតណាម​ចូលមក​កម្ពុជា​ផងដែរ ។ ប៉ុន្តែ​សម្តេច​បញ្ជាក់ថា តាមពិត​គណៈកម្មកា​ការពារ​សុខភាព​ដែលជា​អង្គភាព​វាយតម្លៃ​ផលប៉ះពាល់​សុខភាព​វៀតណាម​គេ​មិនបាន​និយាយ​ឈ្មោះ​កម្ពុ​ជាមួយ​ម៉ាត់​ឡើយ​។​ប៉ុន្តែ​VNA បាន​យកឈ្មោះ​ពី​ប្រទេស​អឺរ៉ុប​និង​កម្ពុជា​ផ្សាយ​ជា​ភាសា​វៀតណាម​ផង​,​ជា​ភាសា​អង់គ្លេស​ផង ។ ដូច​ស្នើ​ឲ្យ​VNA កែតម្រូវ​ឡើងវិញ ៕

 

ចិន​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​ទៅ​អ៊ីរ៉ាក​ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​

​ចិន ៖ ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​មួយក្រុម​បានធ្វើ​ដំណើរ​ទៅដល់​រដ្ឋធានី​បា​កដាដ​ប្រទេស​អ៊ីរ៉ាក់​កាលពី​យប់​ថ្ងៃ​សៅរ៍ ដែល​វា​គឺជា​ផ្នែក​មួយ​នៃ​ជំនួយ​របស់​ប្រទេស​ចិន ដើម្បី​ជួយ​ដល់​ប្រទេស​អ៊ីរ៉ាក់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​។​

​លោក Tao Zhongquan ដែលជា​ប្រធាន​ក្រុមគ្រូពេទ្យ​ជំនាញ​មកពី​សមាគម​កាកបាទ​ក្រហម​ចិន​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួ​ថា​៖ ក្រុម​នេះ​មាន​គ្រូពេទ្យ​ជំនាញ​ចំនួន ៧ នាក់ ដែល​មកពី​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​របស់​ប្រទេស​ចិន​។ ហើយ​ក្នុងនោះដែរ ពួកយើង​រំពឹងថា នឹង​ស្នាក់នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​រយៈពេល​មួយខែ​ពេញ ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដោះស្រាយ​បញ្ហា​នៃ​វីរុស​ឆ្លង​កូ​រ៉ូ​ណា​ដូចជា ការធ្វើ​តេស្ត ការព្យាបាល និង​ការតាមដាន​ករណី​ឆ្លង​ផ្សេងៗ​ទៀត​។

​ជាមួយគ្នា​នោះ​ដែល​លោក Jasim al-Falahi អនុរដ្ឋមន្ត្រី​សុខាភិបាល​អ៊ីរ៉ាក់ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បានផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​អ៊ីរ៉ាក់ ហើយ​ពួកយើង​ពិតជា​កោតសរសើរ​ចំពោះ​ទឹកចិត្ត​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដែល​បាន​ជួយ​ដល់​ពួកយើង​នៅ​គ្រាអាសន្ន​នេះ​។

​សូមជម្រាបថា បើ​គិត​រហូតមក​ដល់ពេលនេះ ប្រទេស​អ៊ីរ៉ាក់​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ៥៤ នាក់ ហើយ​ក្នុងនោះ​មាន ៤ នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។ ស្របពេល​ជាមួយគ្នានេះដែរ អាជ្ញាធរ​របស់​ប្រទេស​អ៊ីរ៉ាក់ ក៏បាន​ចាត់​វិធានការណ៍​ការពា​រ​ជាប្រចាំ ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​វីរុស​ឆ្លង​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា​៕

 

សម្តេចតេជោប្រកាសថា នឹងទៅខេត្តសៀមរាបដែលកំពុងកើតមានកូរ៉ូណា

ខេត្តពោធិសាត់ ៖ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាសថា នឹងទៅកាន់តែខេត្តសៀមរាប ដើម្បីជាសារមួយកុំឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ច្រួលច្របល់ ក្រោយ​ពេលរកឃើញជនជាតិខ្មែរដំបូង ឆ្លង COVID-19 នៅក្នុងខេត្តនេះ។

ការ​ថ្លែងខាងលើនេះ ធ្វើឡើងក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២០៕

 

កូរ៉េខាងត្បូងរកឃើញករណីឆ្លងវីរុសថ្មីចំនួន៦៩នាក់ថែមទៀត សរុប៧.៣៨២នាក់

កូរ៉េខាងត្បូង ៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ នេះថា អ្នកឆ្លងវីរុស COVID-19 ចំនួន៦៩នាក់ទៀតត្រូវបានធ្វើតេស្ត និងរកឃើញដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៧,៣៨២ករណី ក្នុងនោះអ្នកជំងឺសរុប៥១នាក់ស្លាប់។ នេះបើតាមសារព័ត៌មាន CNA។

ចំនួនដែលបានធ្វើបច្ចុប្បន្នភាពបានកើតឡើងមួយថ្ងៃបន្ទាប់ពីមន្រ្តីមួយចំនួនបានសម្តែងក្តីសង្ឃឹមថាសង្ឃឹមថា ការផ្ទុះឡើងអាចនឹងថយចុះដោយអត្រានៃការកើនឡើងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ថ្ងៃកាលពីថ្ងៃអាទិត្យ។

សូមជម្រាបថា កូរ៉េខាងត្បូងនៅតែស្ថិតនៅក្នុង ការប្រកាសអាសន្នកម្រិតពណ៌ក្រហមខ្ពស់បំផុតដដែល ខណៈមនុស្សដែលអាជ្ញាធរបានទាក់ទងឲ្យមកធ្វើតេស្ត មានចំនួនជាង ២១០,០០០នាក់ ក្នុងនោះ ១៨៩,២៣៦ត្រូវបានធ្វើតេស្តរួចរាល់ ដោយក្នុងចំណោមពួកគេមាន ១៧១,៧៧៨នាក់ចេញលទ្ធផល «អវិជ្ជមាន»។ ដោយឡែកអ្នកជំងឺដែលបានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញនោះគឺមានតែ ១៦៦នាក់ប៉ុណ្ណោះ៕

 

 

ចំនួន​អ្នកស្លាប់​ដោយ​វិ​រុស​កូ​រ៉ូ​ណា​នៅ​ចិន​កើន​ដល់​៣.១១៩​នាក់​

​ប៉េកាំង ៖ យោងតាម​គណៈកម្មការ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន​បានឲ្យដឹងថា ​មាន​ករណី​ឆ្លង​មេរោគ COVID-19 ចំនួន​៤០ ករណី​បន្ថែមទៀត​ត្រូវបាន​បញ្ជាក់​នៅលើ​ដីគោក​ចិន​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃអាទិត្យ​ដោយមាន​អ្នកស្លាប់ ២២ នាក់​បន្ថែមទៀត​។​ នេះ​បើ​យោងតាម​ប្រភពពី CGTN​។

​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​គណៈកម្មការ​សុខភាព​ចិន​នៅ​ព្រឹក​នេះ​​ថា ​ចំនួន​អ្នក​ឆ្លង COVID-19 នៅលើ​ដីគោក​ចិន​សរុប​មាន​ចំនួន ៨០.៧៣៥ នាក់​ខណៈដែល​ចំនួន​អ្នកស្លាប់​កើន​ដល់ ៣.១១៩ នាក់​។ ​នេះ​៕

 

សហរដ្ឋអាមេរិក ៖ ចំនួនអ្នកឆ្លង COVID-19 កើនដល់៥២១នាក់, ស្លាប់២១នាក់

វ៉ាស៊ីនតោន ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC បានឱ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះឲ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនដល់៥២១នាក់ ហើយអ្នកជំងឺ២១នាក់បានបាត់បង់ជីវិត។

បើតាមមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងរបស់អាមេរិក (CDC) បានឲ្យដឹងថា ជំងឺ Covid-19 បាននឹងកំពុងរាលដាលក្នុងរដ្ឋចំនួន៣៣ និងទីក្រុងវ៉ាស៊ីនតោនផង។ ក្នុងចំណោមអ្នកឆ្លង ៥២១នាក់ខាងលើ មាន៤៩នាក់ធ្វើមាតុភូមនិវត្តន៍ពីបរទេស ដោយមាន៣នាក់ មកពីទីក្រុងវូហាន, ៤៦នាក់ ចេញពីកប៉ាល់ Princess Diamond នៅក្នុងប្រទេសជប៉ុន, ២១នាក់ ចេញពីនាវា Grand Princess. ចំណែកអ្នកផ្សេងទៀត ត្រូវបានគេរកឃើញថាមានផ្ទុក COVID-19 នៅលើទឹកដីអាមេរិកតែម្តង៕

 

COVID-19 ៖ ចំនួនអ្នកស្លាប់នៅអ៊ីតាលីកើនដល់៣៦៦នាក់

អ៊ីតាលី ៖ សារព័ត៌មាន BBC នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅក្នុងប្រទេសអ៊ីតាលីបានកើនទៅដល់ ៣៦៦នាក់ បន្ទាប់ពីតែពេញមួយថ្ងៃប៉ុណ្ណោះស្លាប់១៣៣នាក់ ខណៈដែលអាជ្ញាធរបានដាក់បំរាមដល់ប្រជាជនរាប់លាននាក់ ក្នុងការធ្វើដំណើរទូទាំងប្រទេសអ៊ីតាលី។

រដ្ឋាភិបាលអ៊ីតាលីកាលពីថ្ងៃអាទិត្យ ទី០៨ ខែមីនា បានសម្រេចចិត្តបិទសាលសម្ដែង រោងបញ្ចាំងខ្សែភាពយន្ដ សារមន្ទីរ និងក្លឹបរាត្រីទាំងអស់នៅទូទាំងប្រទេស ជាវិធានការ ទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ កន្លងមកសាលារៀន និងសាកលវិទ្យាល័យបានប្រកាសបិទរួចហើយ។

បើតាមលោក Conte រដ្ឋាភិបាលអ៊ីតាលី បានសម្រេចចិត្តបិទតំបន់ Lombardy ដែលមានប្រជាជន១០លាននាក់រស់នៅ និងទីក្រុង Milan លើកលែកតែច្រកចេញចូលបន្ទាន់តែប៉ុណ្ណោះ ហើយខេត្តក្បែរខាង ចំនួន១៤ ផ្សេងទៀត ដូចជា Modena, Parma, Piacenza, Reggio Emilia, Rimini, Pesaro and Urbino, Alessandria, Asti, Novara, Verbano Cusio Ossola, Vercelli, Padua, Treviso និង Venice ក៏នឹងត្រូវអនុវត្តវិធានការដូចគ្នានេះដែរ ដែលនឹងប៉ះពាល់ដល់ប្រជាជន ប្រមាណ១៦លាននាក់ នៅទូទាំង តំបន់ភាគខាងជើង នៃប្រទេសអ៊ីតាលី រហូតដល់ដើមខែមេសា ខាងមុខនេះ

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte ចេញអនុក្រឹត្យមួយដោយឲ្យប្រជាជន១៦លាននាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅទូទាំង តំបន់ Lombardy និងខេត្តចំនួន១៤ផ្សេងទៀត ផងដែរ ជាការវិធានការទប់ស្កាត់ការរីករាលដាលជំងឺ COVID-19៕

 

ព្រឹកនេះសម្តេច ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។

ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២.១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ ឆ្លងកាត់ស្រុកវាលវែង ទៅដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ ផ្លូវនេះចំណាយថវិកាសាងសង់សរុប ១៣២.៨០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់នានា និងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ទន្ទឹមនឹងការដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៥ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន នឹងប្រកាសបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែថ្មីទៀត គឺផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលមានប្រវែងសរុប ១៩៨.៧១គីឡូម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨.៣៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

 

ក្រសួងអប់រំ ណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាត្រូវរៀបចំកន្លែងលាងដៃ និងមានឧបករណ៍ស្ទង់កម្តៅសិស្

ភ្នំពេញ ៖ ក្រោយពីវត្តមានជំងឺផ្លូវដង្ហើមប្រភេទថ្មី ខូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា ក្រសួង អប់រំយុវជន និង កីឡា បានចូលរួមចាត់វិធានការ ដើម្បីការពារដល់សិស្សានុសិស្សដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំនានានៅទូទាំងរាជធានីខេត្ត ត្រូវត្រៀមទឹកស្អាត សាប៊ូលាងដៃនៅក្បែរថ្នាក់រៀន បន្ទប់ទឹក និងកន្លែងលាងដៃ។ជាពិសេសត្រូវត្រួតពិនិត្យតាមដានសុខភាពសិស្ស និងបុគ្គលិកអប់រំដោយ ប្រើឧបករណ៍វាស់ស្ទង់កម្តៅជាប្រចាំ ដើម្បីប្រឆាំងពិនិត្យរកជំងឺ កូវីដ-១៩ (COVID-19) ជំងឺផ្តាសាយបក្សី H5N1 និងផ្តាសាយជ្រូកH1N1។ នេះបើតាមការផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សេចក្តីណែនាំរបស់ក្រសួងអប់រំ បានបញ្ជាក់ថា បើករណីមានសិស្ស និងបុគ្គលិកអប់រំណាមានកម្តៅលើសពី ៣៧អង្សាសេ ឡើងទៅ គ្រប់គណៈគ្រប់គ្រងសាលានីមួយៗ ត្រូវអនុញ្ញាតឲ្យសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលសង្ស័យមានរោគសញ្ញាដូចជំងឺកូវីដ-១៩ ត្រូវសម្រាកមួយរយៈសិន ដើម្បីតាមដានមើលសុខភាព និងណែនាំឲ្យទៅទទួលសេវាកម្មត្រួតពិនិត្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។

ទន្ទឹមនឹងនោះដែរ នៅតាម គ្រឹះស្ថានសិក្សានានា ក្រសួងបានលើកទឹកចិត្ត ឱ្យបុគ្គលិក និងសិស្សានុសិស្ស ពាក់ម៉ាសការពារជាប្រចាំ ព្រមទាំងមានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុនពេលចូលរៀនជាដើម ដោយមានឧបករណ៍វាស់កំដៅស្វ័យប្រវត្តិជាជំនួយ ។ដើម្បីអាចឲ្យសិស្សទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ក្រសួងអប់រំណែនាំឲ្យផឹកទឹកឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណឲ្យបាន៣០នាទី យ៉ាងតិចឲ្យបាន ៣ទៅ ៥ដង ក្នុងមួយសប្តាហ៍ ត្រូវលាងដៃជាមួយសាប៊ូ មុនពេលកាន់ចំណីអាហារ ឬចេញពីបន្ទប់ទឹក ដើម្បីជៀសវាងការយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់។ ត្រូវពាក់ម៉ាស់ជាប្រចាំ ឬក្រណាត់ខ្ទប់មាត់ និងច្រមុះ។ កុំប៉ះពាល់សត្វបក្សី និងសត្វចិញ្ចឹមគ្រប់ប្រភេទ បើប៉ះត្រូវទៅលាងដៃជាបន្ទាន់។ ជាពិសេសត្រូវបរិភោគអាហារឆ្អិន។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់ថា ក្រសួងអប់រំបានចាត់ចែងឲ្យនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ សហការជាមួយក្រសួងពាក់ព័ន្ធទៅលើការរៀបចំផែនការឲ្យគ្រឹះស្ថានសិក្សាមានកន្លែងលាងដៃ និងសាប៊ូលាងដៃនិងវិធានការផ្សេងៗទៀត ដើម្បីប្រឆាំងទប់ស្កាត់ការចម្លងមេរោគ ខូវីដ ១៩ នេះ៕

ក្រសួងចេញគោលការណ៍៤ចំណុចទប់ស្កាត់ការប្រើលេស”ព្យួរការងារទៅជាការបញ្ចប់កិច្ចសន្យាការងារ”

ភ្នំពេញ ៖ កាលពីថ្ងៃសុក្រ ចុងសប្តាហ៍នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីអំពាវនាវស្ដីពីការអនុវត្តការព្យួរកិច្ចសន្យាការងារ សម្រាប់វិស័យវាយនភណ្ឌ កាត់ ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ពីកង្វះ ខាត វត្ថុធាតុដើម ដោយសារប្រទេសចិនផ្អាកការផ្គត់ផ្គងវត្ថុធាតដើម បន្ទាប់ពីផ្ទុះឡើងនូវ ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 ។

នៅក្នុងសេចក្តីអំពាវនាវនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវ ដល់ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិតនិងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 ត្រូវអនុវត្ត នូវគោលការណ៍ ៤ចំណុច រួមមាន ៖

១. អនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់ ស្តីពីការងារពាក់ព័ន្ធនឹងនីតិវិធី នៃការព្យួរកិច្ចសន្យាការ ងារ។

២. អនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការ និងអនុសាសន៍របស់ ប្រមុខរដ្ឋាភិបាល លើការ គ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើម (COVID-19) ។

៣. អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងការងារ ស្ដីពីការព្យួរកិច្ចសន្យាការងារ ការចុះ ឈ្មោះ ចូលរៀនជំនាញទន់ នឹងការផ្អាកបង់ភាគទាន ប ស ស សម្រាប់វិស័យវាយនភណ្ឌដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើម ដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ( COVID-19)។

៤. មិនត្រូវឆ្លៀតយកឱកាសនេះ ទាមទារ ឬប្រែក្លាយការព្យួរកិច្ចសន្យាការងារ ទៅជាការ បញ្ឈប់កិច្ចសន្យាការងារ ឬធ្វើការផ្លាស់ប្ដូរប្រភេទកិច្ចសន្យាការងារ ឬធ្វើការបញ្ចប់កិច្ច សន្យាការងាររើសអើងថ្នាក់ដឹកនាំសហជីពឡើយ។ ទង្វើនេះគឺខុសច្បាប់ហើយបុគ្គលទាំង ឡាយ ដែលទាមទារ ឬញុះញង់ឲ្យធ្វើទង្វើនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្នុងលិខិតដដែល  ក្រសួងការងារក៏បានបង្ហាញពីជំនឿទុកចិត្តយ៉ាងមុតមាំថា គ្រប់ម្ចាស់នាយកសហ គ្រាសគ្រឹះស្ថា នកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរដែលរងផលប៉ះពាល់នឹង ចូលរួមអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អាជ្ញាធរចុះពិនិត្យការសង់ពន្ធធនាគារថ្មីក្នុងស្រុកព្រៃឈរសម្រាប់រំលែកអ្នកជាប់ឃុំពីខេត្តត្បូងឃ្មុំ

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈ អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃ ទី០៦ ខែមិនា ឆ្នាំ២០២០នេះបាន អញ្ជើញចុះពិនិត្យគម្រោងសាងសង់ពន្ធនាគារថ្មីដោយសម្រេចបានជិតរួចរាល់ជាច្រើនដំណាក់កាលដែលមានទីតាំងស្ថិតនៅក្នុងភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន លើក ឡើង ថា ចំពោះ ការ សាងសង់ ពន្ធធនាគារ ថ្មី នេះ ក៏ដោយ សារ តែ ពន្ធនាគារ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់ នៅ ជាមួយ ពន្ធនាគារ ខេត្តត្បូងឃ្មុំ ដែល មាន សភាពតូច ចង្អៀត សម្រាប់ ជន ត្រូវ ជាប់ ឃុំ ទាំង ២ខេត្ត ដូច្នេះ ក៏ តម្រូវ ឲ្យ មាន ការ សាងសង់ ពន្ធធនាគារ ខេត្តកំពង់ចាម ឡើង វិញ ស្ថិត នៅ ក្នុង ភូមិ ផ្កាយ ព្រឹក ឃុំ មៀន ស្រុក ព្រៃឈរ នាពេល នេះ ដេីម្បី ធ្វើ ការ អប់រំកែប្រែ ស្តារនីតិសម្បទាដល់ជនជាប់ឃុំ ប្រែក្លាយជនជាប់ឃុំឲ្យក្លាយទៅជាមនុស្សស្លូតបូត ទៀងត្រង់ លែងប្រព្រឹត្តបទលើ្មសតទៅទៀត អាចធ្វើសមាហរណកម្មទៅក្នុងសង្គមវិញ ផង ដែរ ។

ជាមួយ គ្នានោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធាន ពន្ធនាគារ ខេត្តកំពង់ចាម បាន ឲ្យដឹងថា ការ សាងសង់ ពន្ធធនាគារ ថ្មី នេះ គឺ មាន២ ដំណាក់កាល ក្នុង នោះ ដំណាក់កាល ទី ១ ត្រូវ បាន សាងសង់ ជិត រួចរាល់ ជាស្ថាពរ ហើយ ដែល មាន ១ ការ សាងសង់ របង ប្រវែង ១០០ម៉ែត្រ ៤ជ្រុង ២ ប៉ុស្តិ៍ ត្រួតពិនិត្យ ក្លោងទ្វារ ចូល ៣ អាគារ ឃុំ ខ្លួន ស្ត្រី និង កុមារ ៤ អាគារ ឃុំ ខ្លួន ពិរុទ្ធជន ទណ្ឌិត ដែល មាន កម្ពស់ ២ជាន់ ស្មើ នឹង ២៤បន្ទប់ ។

ដោយ ឡែក ដំណាក់កាល ទី ២ ដែល កំពុង សាងសង់ បន្ត នោះ គឺ មាន ៥ មុខ ព្រួញ ទៀត ក្នុង នោះមាន ១ អាគារ រដ្ឋបាល ២ អាគារ ស្នាក់ នៅ ៣ អាគារ ប៉ុស្តិ៍ សុខភាព ៤ អាគារ ពិរុទ្ធជន ទណ្ឌិត ដែល មាន កម្ពស់ ២ ជាន់ ស្មើ នឹង ២៤បន្ទាប់ និង ទី-៥ អាគារ រោងបាយ ផង ដែរ ៕ដោយ ៖ ប៉ែន សុផល

អាមេរិករកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន២១នាក់នៅលើកប៉ាល់ Grand Princess

វ៉ាស៊ីនតោន ៖ មនុស្ស២១នាក់ត្រូវបានក្រុមជំនាញអាមេរិកធ្វើតេស្ត និងរកឃើញមានផ្ទុកមេរោគ COVID-19 នៅក្នុងខ្លួនរបស់ពួកគេ នៅលើកប៉ាល់ហ្គ្រេនដ៍ព្រីនសេស (Grand Princess) ដែលមានផ្ទុកអ្នកដំណើរសរុប ៣,០០០នាក់ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ព្រីនសេសគ្រូស (Princess Cruise) មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកផ្ទាល់។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា នៅក្នុងចំណោមអ្នកឆ្លងទាំង២១នាក់នោះ គឺមាន១៩នាក់ជាក្រុមអ្នកបម្រើការងារលើនាវាផ្ទាល់ និង០២នាក់ទៀតជាអ្នកដំណើរ។ មនុស្សសរុប៤៦នាក់ត្រូវបានកំណត់ឲ្យធ្វើតេស្ត រកមើលវីរុសកូរ៉ូណាថ្មីនេះ ដោយក្នុងនោះ ២៤នាក់ទៀតចេញលទ្ធផលអវិជ្ជមាន និងម្នាក់កំពុងស្ថិតនៅក្នុងការតាមដាននៅឡើយ។

សូមជម្រាបថា នាវាទេសចរណ៍ខាងលើនេះ គឺមានជាប់ពាក់ព័ន្ធទៅនឹងករណី អ្នកជំងឺម្នាក់ដែលបានស្លាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រោយពីរូបគេបានឆ្លងមេរោគ COVID-19 ហើយក្រោយមកទើបគឺដឹងថា ជនរងគ្រោះធ្លាប់ជាអ្នកដំណើរលើកប៉ាល់ ហ្គ្រេនដ៍ព្រីនសេស (Grand Princess)។ នាវានេះត្រូវបានអាជ្ញាធរអាមេរិក ឃាត់ទុកនៅលើផ្ទៃទឹកសិនដោយមិនអនុញ្ញាតឲ្យចូលចត នៅកំពង់ផែទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនោះឡើយ ចាប់តាំងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅក្នុងតំបន់)៕