All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ ប្រកបមុខរបរចិញ្ចឹមជីវិតដូចប្រក្រតី និងកុំជ្រួលច្របល់តាមពាក្យចចាមអារ៉ាមឡើយ ហើយអនុវត្តតាមវិធីបង្ការ ដែលណែនាំដោយក្រសួងសុខាភិបាល ខណៈរហូតមកដល់ម៉ោងនេះ គ្មានពលរដ្ឋណាម្នាក់នៅក្នុងប្រទេសកម្ពុជា ផ្ទុកវីរុសកូវីដ១៩ឡើយ។

សេចក្ដីជូនដំណឹងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យប្រជាពលរដ្ឋរក្សាសណ្ដាប់ធ្នាប់ ស្ថិរភាពទំនិញ និងចៀសវាងជនឱកាសនិយមឆ្លៀតដំឡើងថ្លៃផលិតផលស្បៀង ព្រោះផលិតផលស្បៀងរបស់កម្ពុជា លើសពីការបម្រុងទុក រហូតដល់នាំចេញទៅបរទេសទៀតផង។

ការចេញសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីសង្កេតឃើញថា ក្នុងរយៈពេលពីរថ្ងៃនេះប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានសម្រុកទៅទិញទំនិញស្ដុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃ ដែលជាហេតុធ្វើឲ្យជនឱកាសនិយមឆ្លៀតដំឡើងថ្លៃទំនិញ ខណៈដែលស្បៀងអាហារបម្រុងនៅក្នុងរាជធានីភ្នំពេញ ពុំបានប្រឈមនឹងការខ្វះខាតនោះទេ៕

 

នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឲ្យបង្កើនថ្នាក់ដឹកនាំជាស្ត្រីនៅគ្រប់កម្រិតក្នុងស្ថាប័នរដ

ភ្នំពេញ ៖ ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នាព្រឹក ថ្ងៃទី៦ ខែមីនា នេះ ដោយស្នើឲ្យគ្រប់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរដ្ឋ ត្រូវបន្តបង្កើនឲ្យមានចំនួនស្ត្រី ក្នុងតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដែលមានចំនួនជាង ៥០% នៃចំនួនប្រជាជនសរុប ដើម្បីឱ្យពួកគេ បានក្លាយជាធនធានប្រកបសក្តានុពលក្នុងការរួមចំណែកការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិនាពេលអនាគត។

ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីរបស់កម្ពុជា ត្រូវបាន វាយតម្លៃខ្ពស់ តាមរយៈការចាត់ចំណាត់ថ្នាក់របស់វេទិកា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២០ ដែលកម្ពុជាទទួលបានវឌ្ឍនភាព ក្នុងការកាត់បន្ថយគម្លាតយេនឌ័រ ដោយថយចុះ ពីចំណាត់ថ្នាក់លេខ១១២ នៅ ២០១៦ មកចំណាត់ថ្នាក់លេខ៨៩ នៅឆ្នាំ២០២០ ក្នុង ចំណោមប្រទេសចំនួន ១៥៣។

គួរកត់សម្គាល់ថា រាជរដ្ឋាភិបាលបានបង្កើនថវិកា ជូនដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ចំនួន ៥០០លានរៀល ក្នុងមួយឆ្នាំ សម្រាប់ជួយដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ក្នុងការស្វែងរកសេវាយុត្តិធម៌ តាមរយៈការបង្កើតក្រុមមេធាវីសម្ដេចតេជោសែន ប្រចាំនៅរាជធានី ខេត្ត ទាំង២៥ សម្រាប់ជួយស្វែងរកសេវាយុត្តិធម៌ ជូនដល់ជនក្រីក្រស្ត្រី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សា បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

សម្ដេចតេជោ បានថ្លែងថា នៅក្នុងវិស័យអប់រំ កម្ពុជាមានសមភាពយេនឌ័រ ក្នុងកម្រិត បឋមសិក្សា និងមធ្យមសិក្សា បឋមភូមិ ហើយគម្លាតយេនឌ័រនៅកម្រិត មធ្យមសិក្សាទុតិយភូមិ និងឧត្ដមសិក្សា ក៏ត្រូវបានកាត់បន្ថយជាបណ្តើៗដែរ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនសិស្សស្រីនៅកម្រិតមធ្យមសិក្សា ទុតិយភូមិ មានការកើនឡើងទាំងបរិមាណ និងគុណ ភាព។ លទ្ធផលនៃសិស្សស្រី ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សា ទុតិយភូមិមានចំនួន ក្នុងរង្វង់ ៥០%។

គួរជម្រាបដែរថា កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសដែល មានស្ត្រីចូលរួមយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ច និងការលើកកម្ពស់សុខភាពស្ត្រី ហើយ អត្រាស្រ្តីដែលបានចូលរួមក្នុងកម្លាំងពលកម្មខ្ពស់ជាងគេមានរហូតដល់ទៅ ៧៩% ម្ចាស់អាជីវកម្ម ៦៥% ៕

ក្រសួងការងារអំពាវនាវ៤ចំណុចដល់រោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរំលឹក និងអំពាវនាវដល់ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ពីកង្វះវត្ថុធាតុដើមដោយសារជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវីដ១៩ ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ និងវិធានការនានារបស់រាជរដ្ឋាភិបាល។

តាមរយៈសេចក្តីប្រកាសរបស់ខ្លួន នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដូចខាងក្រោម៖

១៖ អនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់ស្តីពីការងារពាក់ព័ន្ធនឹងនីតិវិធី នៃការព្យួរកិច្ចសន្យាការងារ

២៖ អនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការ និងអនុសាសន៍របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី លើការគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមខូវីដ១៩

៣៖ អនុវត្តតាមសេចក្តីណែនាំ ០១៤/២០ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការព្យួរកិច្ចសន្យាការងារ, ការចុះឈ្មោះចូលរៀនជំនាញទន់ និងការផ្អាកបង់ភាគទាន ប.ស.ស សម្រាប់វិស័យវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវីដ១៩

៤៖ មិនត្រូវឆ្លៀតយកឱកាសនេះ ទាមទារ ឬប្រែក្លាយការព្យួរកិច្ចសន្យាការងារ ទៅជាការបញ្ឈប់កិច្ចសន្យាការងារ ឬធ្វើការផ្លាស់ប្ដូរប្រភេទកិច្ចសន្យាការងារ ឬធ្វើការបញ្ចប់កិច្ចសន្យាការងាររើសអើងថ្នាក់ដឹកនាំសហជីពឡើយ។ ទង្វើនេះគឺខុសច្បាប់ហើយបុគ្គលទាំងឡាយ ដែលទាមទារ ឬញុះញង់ឲ្យធ្វើទង្វើនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់នាយកសហគ្រាស គ្រឹះស្ថានកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយជំងឺ​រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ​ខូវីដ១៩ នឹងចូលរួមអនុវត្តច្បាប់ស្ដីពីការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

ម៉ាឡេស៊ីប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន២៨នាក់ថែមទៀត

គូឡាឡាំពួ ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រម្សិលមិញបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីចំនួន ២៨ករណីបន្ថែមទៀត ដែលប្រការនេះធ្វើឲ្យតួលេខអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់៨៣នាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា នាថ្ងៃសុក្រនេះអ្នកឆ្លងជំងឺ COVID-19 ២៨នាក់ថែមទៀត ត្រូវបានរកឃើញនៅក្នុង ប្រទេសខ្លួន ហើយអាជ្ញាធរកំពុងតែធ្វើការស្វែងរក និងធ្វើរោគវិនិច្ឆ័យទៅលើ អ្នកដែលបានធ្វើប្រាស្រ័យទាក់ទងជាមួយ អ្នកឆ្លង ក្នុង ករណី ទាំងនេះ។

ចំនួនករណីថ្មីខាងលើបានធ្វើឲ្យចំនួនអ្នកដែលបានឆ្លង COVID-19 សរុប នៅម៉ាឡេស៊ីកើនដល់៨៣នាក់ ដោយក្នុង នោះមាន៦៥នាក់ គឺជាជនជាតិម៉ាឡេស៊ីផ្ទាល់។ ជាមួយគ្នានេះ អ្នកជំងឺម្នាក់ ដែលជាជនជាតិជប៉ុន ក៏បានជាសះស្បើយទាំងស្រុង ឡើងវិញផងដែរ ខណៈសរុបមក មនុស្ស២៣នាក់បានជាពីជំងឺ COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី៕

 

ចាប់ខ្លួនក្រុមទម្លាក់យោង៣នាក់ ខណៈល្បួងកម្មការិនីម្នាក់យកដែកដូរគ្រឿងអលង្ការ

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់បានធ្វើសកម្មភាពប្រើល្បិចទម្លាក់យោងយកគ្រឿងអលង្ការកាឡៃដូរយកគ្រឿង អលង្ការមាសដែលមានតម្លៃជាង១ពាន់ដុល្លារពីកម្មការិនីម្នាក់បានសម្រេចហើយបក្សពួក៣នាក់បានរត់គេចខ្លួនបាត់ចំណែកជនម្នាក់ខាងលើបម្រុងនិងចាកចេញទៅដែរ។ ប៉ុន្តែនាងរងគ្រោះដឹងថាជាគ្រឿងអលង្ការកាឡៃក៏ដេញចាប់កន្ទុយម៉ូតូជាប់វនិងស្រែកទ្រហោយំឲ្យគេជួយ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ជួយដេញចាប់បានប្រគល់ឲ្យប៉ូលិសតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០ ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមៅ២ ខណ្ឌពោធិសែនជ័យ ប៉ុន្តែក្រុមជនសង្ស័យបាននាំនាងរងគ្រោះទៅដោះគ្រឿងអលង្ការនៅចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ និងត្រូវចាប់ខ្លួននៅទីនោះតែម្ដង ។

ជនសង្ស័យឈ្មោះ សែម បូរ៉ា ទេទប្រុស អាយុ៥០ឆ្នាំ មុខរបរ សកម្មក្នុងរបរទម្លាក់យោង មានតួនាទីជាអ្នកឌុប ដឹក ជញ្ជូន ក្នុងសកម្មភាពប្រព្រឹត្តល្មើស ស្នាក់នៅផ្ទះជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ សមត្ថកិច្ចដកហូតបានម៉ូតូស្មាស់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-0222 ជាមធ្យោបាយរបស់ជនសង្ស័យ ។ ជនសង្ស័យរូបនេះបានរងរបួសបែកមុខមាត់យ៉ាងដំណំដោយសារតែអ្នកភូមិវាយទាត់ធាក់ម្នាក់១ដៃ១ជើង។

ចំណែកជនរងគ្រោះឈ្មោះ ឆាន់ ស្រីនិច ភេទស្រី អាយ ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ វាសនា អាយុ២៧ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ។ សម្ភារៈបាត់បង់ ខ្សែកប្លាទីន ទម្ងន់៣ជី តម្លៃ២១៥ដុល្លា , កងដៃមួយឈុត ២៥កង តម្លៃ៩៣៥ដុល្លា, ចិញ្ចៀនប្លាទីន តម្លៃ១២០ដុល្លា សរុប១២៧០ដុល្លា ជនសង្ស័យដោះយកហើយគេចខ្លួនបាត់ ។ ជនសង្ស័យដាក់កញ្ចប់ខ្សែកក្រឡៃ ទៅក្នុងកាបូបស្ពាយ របស់ជនរងគ្រោះ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមិនា គ្រាដែលហូបបាយរួច ដើរទៅរោងចក្រវិញ តែមុននឹងចូល ឆ្លៀតដើរទៅកន្លែងលក់ដង្កៀប កៀបសក់ លក់នៅខាងមុខរោងចក្រ ជួបស្ត្រីជនសង្ស័យម្នាក់ដើរមកសួរ រឿងមានគេជ្រុះកញ្ចប់មាស លុយ ទាក់ពាក្យសម្តី ស្ត្រីជនសង្ស័យម្នាក់ទៀតមកដល់ ប្រាប់ថាកុំមាត់ រើសបាន ទុកចែកគ្នា ហើយល្បួងនាំ ខាងជនសង្ស័យ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកស្មាស់រប់ជនសង្ស័យខាងលើ និងម៉ាកសេ១២៥ ឌុបនាំនាង សរុបគ្នា៥នាក់ ទៅដល់ក្នុងភូមិជង្រុក ល្បែងចែកទ្រព្យ ដោះយកគ្រឿងអលង្ការអស់ពីខ្លួន ជនសង្ស័យទុកកញ្ចប់លោហៈ ពណ៌ក្រហម (ខ្សែកក្រឡៃ)ឲ្យមួយខ្សែ ហើយជនសង្ស័យ៣នាក់ ស្រី២នាក់ ប្រុស១នាក់ គេចខ្លួនបាត់ នៅសល់ជនសង្ស័យម្នាក់ រៀបនឹងចាកចេញ ជនរងគ្រោះ ទាញកញ្ចប់មមកមើល ដឹងថាក្រឡៃ ស្ទុះចាប់កន្ទុយម៉ូតូជាប់ ស្រែកទ្រហោយំ ផ្អើលអ្នកភូមិ ជ័យចាប់បានប្រគល់ឲ្យប៉ូលិសចាត់ការតាមច្បាប់។ហើយជនសង្ស័យបានសារភាពថាខ្លួនធ្លាប់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចាប់ខ្លួនបញ្ជូនទៅតុលាការ២ដងហើយដែរប៉ុន្តែមិនដែលជាប់គុកបានយូទេ៕

វិស័យឯកជនស្នើសុំការផ្ដល់ព័ត៌មានពីវិធានការរបស់រាជរដ្ឋាភិបាលលើផលប៉ះពាល់ដោយសារ Covid-19

ភ្នំពេញ ៖ ការរីករាលដាលនៃវីរុស Covid-19 នៅក្នុងពិភពលោក និងក្នុងតំបន់ បានជះឥទ្ធិពល ដល់ សេដ្ឋកិច្ចកម្ពុជា។ ដូច្នេះហើយ ផ្នែកឯកជនបានស្នើសុំការផ្ដល់ព័ត៌មាន ពីវិធានការ របស់រាជរដ្ឋាភិបាលលើបញ្ហានេះ ដូចជា ការរៀបចំជាច្បាប់បទប្បញ្ញត្តិ និងគោលនយោ បាយ សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវ មួយនេះ ដែលប្រសិនបើវាកើតមាន នៅប្រទេសកម្ពុជានោះ វានឹងមានផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច ជាក់ជាមិនខាន។

ការស្នើសុំរបស់ផ្នែកឯកជនដូចខាងលើនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំក្រុមការងារ ផ្នែកនីតិកម្មពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនកាល ពីពេលថ្មីៗកន្លងទៅនេះ ខណៈ ដែលប្រទេសជាច្រើនកំពុងតែយាយីដោយវីរុស Covid-19 ហើយជាការឆ្លើយតប ខាងភាគីនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ដើម្បីបន្ត ពិនិត្យ ដោះស្រាយបញ្ហារបស់វិស័យឯកជន ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសុខាភិបាល បាន ចាត់វិធានការលើការការពារការរីករាលដាលនៃវីរុសនេះ ព្រមទាំងគិតគូររកវិធានការ ជា ប្រព័ន្ធ ដើម្បីទប់ស្កាត់បញ្ហានេះពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈការរៀបចំផែនការ យុទ្ធសាស្ត្រ វិធានការឆ្លើយតបបន្ទាន់ រៀបចំគោលការណ៍ណែនាំ ចុះធ្វើការផ្សព្វផ្សាយ នៅនឹងកន្លែង និងវិធានការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងបង្ការបញ្ហាដែល អាចកើតមានជាយថាហេតុឱ្យបានទាន់ពេលវេលាក្នុងស្មារតីបុរេសកម្ម ក៏ដូចជា ពង្រឹង និង បង្កើនធនធានបន្ថែម ទាំងផ្នែកគ្រូពេទ្យ សម្ភារៈពេទ្យ រៀបចំឧបករណ៍ស្គេនកម្តៅ ប្រព័ន្ធគ្រប់គ្រង និងភ្នាក់ងារចាំទទួលព័ត៌មាន ពាក់ព័ន្ធវីរុសតាមរយៈលេខទំនាក់ទំនង បន្ទាន់ លេខ ១១៥ ព្រមទាំងពង្រឹងកិច្ចសហការជាមួយអង្គការសុខភាព ពិភពលោក ជា ដើម ។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន និងកំពុងសហការជាមួយក្រសួង សុខាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំក្របខណ្ឌរួម ជាវិធានការ និងយន្តការជាក ញ្ចប់ពាក់ព័ន្ធនឹងការការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល ៦ខែ ដោយគ្រោងចំណាយថវិកាជាង ៣០ លានដុល្លារអាមរិក តាមរយៈការរៀបចំបង្កើត ប្រព័ន្ធ ការពារ និងឧបករណ៍តាមដាន រៀបចំទីកន្លែងដើម្បីទទួលដោះស្រាយ ក៏ដូចជា ស្វែងរក អ្នកដែលមានលទ្ធភាពឆ្លងកុំឱ្យមានការរីករាលដាល សំដៅបង្ការ ការពារ និងព្យាបាលក្នុង ករណីមានការឆ្លងវីរុស។ គួរជម្រាបថា ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបន្តពិនិត្យដោះស្រាយ បញ្ហារបស់វិស័យឯកជនបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកា៣០លានដុល្លារអាមេរិក ដើម្បីការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ ចាប់តាំងពីបច្ចុប្បន្ននេះ ហើយប្រសិនបើនៅតែមិនទាន់រកឃើញឱសថព្យាបាលជំងឺនេះទៀត រាជរដ្ឋាភិបាលក៏ត្រៀមនូវកញ្ចប់ថវិកាមួយចំនួនទៀតផងដែរ៕

គ្រូជំនួយក្លឹប Ajax ម្នាក់ត្រូវបានរកឃើញមានផ្ទុកវីរុស COVID-19

ហូឡង់ ៖ លោក Christian Poulsen ដែលជាគ្រូជំនួយផ្នែកបច្ចេកទេសនៅក្នុងក្លឹបហូឡង់ Ajax ត្រូវបានគេរកឃើញថា កំពុងផ្ទុកវីរុសកូរ៉ូណា ឬ COVID-19 ខណៈដែលអ្នកនាំពាក្យរបស់ក្លឹបជើងឯកលីគកំពូលហូឡង់ លោក Miel Brinkhuis បានបំភ្លឺថា អ្វីៗក្នុងក្លឹបគឺល្អប្រសើរ ហើយពួកគេកំពុងស្ថិតក្នុងតាមដាននឹងពិនិត្យអាការៈយ៉ាងដឹតដល់ជាទីបំផុត។

យោងតាមប្រភពដែលចុះផ្សាយដោយសារព័ត៌មានហូឡង់ De Telegraaf បានរៀបរាប់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ជំនួយការគ្រូបង្វឹកលោក Erik ten Hag រូបនេះបានទៅចូលរួមពិធីជប់លៀងនៅថ្ងៃខួបកំណើតមួយកន្លែង ខណៈក្នុងចំណោមមនុស្សដែលនៅទីនោះ រកឃើញថា មានអ្នកផ្ទុកវីរុសដ៏កាចសាហាវ COVID-19។

ប្រភពដដែលបន្ថែមទៀតថា អតីតកីឡាករ Ajax រូបនេះបានជួបសួរសុខទុក្ខលោក Thomas Kahlenberg អតីតកីឡាករឆ្នើមរបស់ដាណឺម៉ាក ដែលបានហោះមក Amsterdam ទាំងកំពុងផ្ទុកវីរុស ហើយក៏ឆ្លងគ្នាតែម្តង។

Christian ព្រមជាមួយនឹងអ្នករួមអាជីព២រូបទៀតដែលធ្វើការនៅក្លឹបជើងឯកលីគកំពូលហូឡង់ ត្រូវបានដាក់ឲ្យនៅដាច់ឡែករយៈពេលយ៉ាងតិច១៤ថ្ងៃ នៅផ្ទះរហូតដល់ថ្ងៃទី១៣ ខែមីនាឆ្នាំ ២០២០។

សម្រាប់គ្រូបង្វឹកលោក Erik ten Hag មានសុខភាពល្អជាប្រក្រតី ប៉ុន្តែលោកនឹងត្រូវធ្វើការម្នាក់ឯង ដោយគ្មានជំនួយការដទៃដូចជា គ្រូជំនួយផ្នែកកាយសម្បទាលោក Alessandro Schoenmaker, គ្រូជំនួយផ្នែកបច្ចេកទេស Christian និងគ្រូជំនួយផ្នែកកាយសម្បទា ម្នាក់ទៀត (physiotherapist )៕

 

 

ដំណោះស្រាយរឿងតារាចម្រៀងលោក ព្រាប សុវត្តិ រំលោភយកដីផ្លូវសាធារណៈ

ភ្នំពេញ ៖ បន្ទាប់ពីមានពាក្យបណ្តឹង ចោទប្រកាន់តារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្តិ រំលោភយកដីផ្លូវធារណះ នៅព្រឹកថ្ងៃទី០៦ ខែមីនាឆ្នាំ ២០២០អាជ្ញាធរខណ្ឌ សែន សុខ បានចុះទៅសម្របសម្រួល និងដោះស្រាយបន្ទាប់ពីប្រជាពលរដ្ឋចំនួន ៧០គ្រួសារ រស់នៅភូមិ ច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។  

ការចុះសម្របសម្រួលទំនាស់នេះធ្វើឡើង នៅព្រឹកថ្ងៃទី នៅក្នុងដីឡូតិ៍ លោកព្រាប សុវត្តិ ដោយមានការដឹកនាំ ដោយលោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ ដោយ មានការអនុញ្ញាតិពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ។

តាមព័ត៌មានអោយដឹងថា នៅព្រឹកនោះ គេឃើញ មានវត្តមានរបស់លោកព្រាប សុវត្តិ ព្រមទាំងក្រុមគ្រួសារនិងប្រជាពលរដ្ឋ ដែលជាអ្នករស់នៅភូមិផងជាមួយផងដែរ។ នាព្រឹក នោះដែរ គេឃើញ មានអ្នកសារព័ត៌មាន ជាច្រើននាក់មកពីស្ថាប័នខុសៗគ្នា ក៍បានចូលរួម តាមដានយកព៍ត៌មានពីករណីដ៏ចម្រុងចម្រាស់នេះ។ នៅចំពោះ មុខអាជ្ញាធរ ប្រជាពល រដ្ឋ បានសំណូមពរទៅលោកព្រាប សុវត្តិ ចំនួន ៣ចំណុច ១. ស្នើអោយលោក ព្រាប សុវត្តិ ធ្វើការរុះរើសម្ភារៈផ្សេងៗ ចេញពីលើផ្លូវសារធារណៈនៅផ្នែកខាងក្រោយ ដីឡូត៍ របស់គាត់(លោកព្រាប សុវត្តិ) ទី២.ស្នើសុំអោយគាគីលោក ព្រាប សុវត្តិ កែសម្រួលចត រថយន្ត នៅលើផ្លូវសាធារណៈឲ្យបានសំរម្យ ព្រោះពិបាកចេញចូល និងបញ្ហាសម្លេងឮខ្លាំង ៗ របស់រថយន្តក្រុមគ្រួសាររបស់លោក ព្រាប សុវត្ថិ និង៣.ស្នើសុំអោយភាគីលោក ព្រាប សុវត្តិ កាប់មែកឈើដែលធ្លាក់ទៅ ផ្ទះរបស់ពួកគាត់ចេញអោយអស់។

ដោយឡែក បញ្ហាដែលចោទថា លោក ព្រាប សុវត្តិ រំលោភយកដីផ្លូវសាធារណៈ មិនបាន ដាក់បញ្ជូលក្នុងការសម្របសម្រួលនេះទេ ដោយប្រជាពលរដ្ឋទទួច សុំអោយមន្រ្តីជំនាញ ខាងសូរិយោដី ចុះទៅវាស់វែងក្បាលដីលេខ ១៧៤ ដែលជាដីលោក ព្រាប សុវត្តិ ព្រម ទាំង វាស់វែងផ្លូវ ព្រោះផ្នែកខាងក្រោយ គឺជាដីផ្លូវដែលពីមុន មានទទឹងប្រវែង ១០ម៉ែត្រ តែពេលនេះនៅសល់តែ ៧ម៉ែត្រប៉ុណ្ណោះ។
តាមប្រភពព័ត៌មានអោយដឹងទៀតថា នៅក្នុងការសម្របសម្រួលទាំង ៣ចំណុច ខាងលើ លោក ព្រាប សុវត្តិ ក៍បានឯកភាពយល់ព្រមអនុវត្តតាមការស្នើសុំដែរ។ទន្ទឹមនោះ លោក ព្រាប សុវត្តិ ក៍បានចោទប្រកាន់ប្រជាពលរដ្ឋដែលបានធ្វើអោយខូចឈ្មោះ លោក ហើយ លោកបានទាមទារអោយប្រជាពរលដ្ឋ សុំទោស តែក្រុមប្រជាពលរដ្ឋបានបដិសេធ ដោយ អះ អាងថា ពួកគាត់មិនបានធ្វើខុសនោះទេ ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៧០នាក់ ដែលរស់នៅក្នុងភូមិ ច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជុំវិញផ្ទះលោក ព្រាប សុវត្តិ ក៍បាននាំគ្នាផ្តិតមេដៃប្តឹង លោកព្រាប សុវត្តិ ដោយចោទលោក ព្រាប សុវត្តិ ដែលជាតារា ចម្រៀងល្បីឈ្មោះ បានរំលោភយកដី ផ្លូវ សាធារណៈ ហើយបានផ្តិតមេដៃប្តឹងជំទាស់ករណីក្បាលដីចុះបញ្ជីលេខ ១៧៤ ដែលជា ក្បាលដីលោក ព្រាប សុវត្តិ ស្ថិតនៅភូមិ ច្រេស សង្កាត់គោកឃ្លាងខណ្ឌសែនសុខ ដោយ សារការចុះបញ្ជីនោះបានរំលោភចូលដីផ្លូវ។

តាមប្រជាពលរដ្ឋ បានអោយដឹងថា រយៈពេលប្រមាណ ៤ឆ្នាំមកហើយ លោកព្រាប សុវត្តិ ក៍បានមកទិញដី និងសាងសង់ផ្ទះលើដីនោះ។ចាប់តាំងពីពេលនោះមកលោក ព្រាប សុវត្តិ បានរៀបដាក់ឥដ្ឋគរ ដោយប្រក់តង់បិទផ្លូវតែម្តង ។ ដោយមានការរំលោភបំពាន់ ពួកគាត់ ក៍បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ សង្កាត់ ខណ្ឌ និងប្តឹងទាស់ក្បាលដីលេខ ១៧៤ របស់ លោកព្រាប សុវត្តិ ទៅសាលារាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដីនគររូបនៅកម្មសំណង់ ដើម្បីអោយចុះវាស់វែង តែស្ងាត់រហូតទើបតែ នៅរសៀលថ្ងៃទី៤ខែមីនា ឆ្នាំ ២០២០ មាន អ្នកព័ត៌មានមកយកព័ត៌មាន និងឡាយ ទើបអាជ្ញាធរចុះមកសម្របសម្រួលនៅពេលនោះ ។ ប្រជាពលរដ្ឋ ក៍បានទទួចស្នើសុំអោយមន្រ្តីជំនាញចុះមកវាស់វែង ក្បាលដីលេខ១៧៤ និងដីផ្លូវ ជុំវិញផ្ទះលោក ព្រាប សុវត្តិ ឡើងវិញ ព្រោះទំហំផ្លូវពីមុន និងពេលនេះ ខុសគ្នា រួមតូចទៅៗអស់ហើយ ៕

ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅប្រទេសអ៊ីតាលីកើនដល់១៤៨នាក់

រ៉ូម ៖ អ៊ីតាលីបានប្រែក្លាយទៅជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុតបន្ទាប់ពីចិន ខណៈដែលមនុស្សស្លាប់ដោយសារមេរោគឆ្លង COVID-19 កើនដល់១៤៨នាក់។ នេះបើតាមសារព័ត៌មាន CNA។

អាជ្ញាធរអ៊ីតាលីបានរាយការណ៍នៅថ្ងៃសុក្រនេះថា ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញអ្នកជំងឺ៤១នាក់បន្ថែមទៀតបានស្លាប់ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារមេរោគឆ្លង COVID-19 កើនដល់១៤៨នាក់ ខណៈករណីឆ្លងថ្មីៗសរុប ៧៦៩ករណីទៀតក៏ត្រូវបានកត់ត្រាផងដែរ ដោយធ្វើឱ្យអ្នកឆ្លងនៅទូទាំងប្រទេសកើនដល់ ៣,៨៥៨ករណី។

ជាវិធានការទប់ស្កាត់ រដ្ឋាភិបាលអ៊ីតាលីបានសម្រេចចិត្តបិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់ នៅទូទាំងប្រទេសរហូតដល់ថ្ងៃទី១៥ ខែមីនា ដែលនេះមានន័យថា សិស្ស-និស្សិត ៨.៥លាននាក់ត្រូវនៅស្ថិតនៅក្នុងផ្ទះ និងមិនអាចទៅសាលារៀនរបស់ពួកគេ។ ទន្ទឹមនោះរដ្ឋាភិបាលអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ ក៏បានបញ្ចេញ កញ្ចប់ថវិកា ៨.៤ពាន់លានដុល្លារផងដែរ ដើម្បីស្ដារខូចខាតដែលបង្កឡើងដោយ COVID-19។

ដោយឡែកការប្រកួតបាល់ទាត់ និងព្រឹត្តិការណ៍កីឡាដទៃទៀត នឹងត្រូវប្រព្រឹត្តដោយគ្មានអ្នកគាំទ្រ ក្នុងរយៈពេលមួយខែ ហើយភូមិចំនួន១១ មានប្រជាជន ៥០,០០០នាក់ ត្រូវស្ថិតនៅក្រោមការដាក់ឱ្យដាច់ដោយឡែកពីគេ សម្រាប់សប្ដាហ៍ទី២៕

 

ចំនួន​អ្នកស្លាប់​ដោយវិរុស​កូ​រ៉ូ​ណា​នៅ​ចិន​កើន​ដល់​៣.០៤២​នាក់​

ប៉េកាំង ៖ អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ឬ COVID-19 នៅ​ទូទាំងប្រទេស​ចិន​បាន​កើនឡើង​ដល់​៣.០៤២​នាក់ ខណៈ​អ្នក​ឆ្លង​មាន​ចំនួន​សរុប​៨០.៥៥២​នាក់​។ ​នេះ​បើ​យោងតាម​ប្រភពពី ស៊ិន​ហួរ​។​

​របាយការណ៍​ប្រចាំថ្ងៃ​របស់​គណៈកម្មការ​សុខភាព​ជាតិចិន​បាន​ឲ្យ​ដឹងថា​ពេញ​ថ្ងៃ​ម្សិលមិញ​មាន​មនុស្ស​ចំនួន​១៤៣​នាក់​ត្រូវបាន​រកឃើញ​ផ្ទុក COVID-19 បន្ថែមទៀត ខណៈ​មនុស្ស​៣០​នាក់​បាន​ស្លាប់​។ អាជ្ញាធរ​ចិន​បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នកស្លាប់​៣០​នាក់​ថ្មី ក្នុងនោះ​មាន ២៩ នាក់​នៅ​ខេត្ត​ហ៊ូ​ប៉ី​និង​ម្នា​ក់នៅ​ខេត្ត​ហៃ​ណាន​៕

 

អាជ្ញាធរ​ចិន ​៖ អ្នក​ឆ្លង​កូ​រ៉ូ​ណា​សរុប​៥៣.៧២៦ នាក់​ជាសះស្បើយ​

​ប៉េកាំង ៖ គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ អ្នកជំងឺ COVID-19 សរុប​ចំនួន ៥៣.៧២៦ នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជាសះស្បើយ​ឡើងវិញ​។​នេះ​បើ​យោងតាម​ប្រភពពី​ស៊ិន​ហួរ​។​

​របាយកាណ៍​បាន​គូសបញ្ជាក់​ទៀតថា អ្នកជំងឺ​សរុប​ដែល​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយពី​ពួកគេ​បានជា​សះស្បើយ​ឡើងវិញ​នៅ​ទូ​ទាំំ​ង​ប្រទេស​ចិន​បាន​កើន​ឡើងដល់ ៥៣.៧២៦ នាក់​ហើយ បន្ទាប់ពី​អ្នកជំងឺ​សរុប​១,៦៨១​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ ចាក​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ម្សិលមិញ​ គ្រាដែលមនុស្ស ២៣.៧៨៤ នាក់កំពុងត្រូវបានព្យាបាលនៅឡើយ។

យោងតាម​តួលេខ​ចុងក្រោយ​អាជ្ញាធរ​ចិន​នៅ​ព្រឹក​នេះ​បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​ទូទាំងប្រទេស​ចិនដីគោក​បាន​កើន​ឡើងដល់​៣.០៤២ នាក់​និង​ករណី​ឆ្លង​មាន​ចំនួន​៨០.៥៥២ ករណី​៕

 

តុលាការសម្រេចឃុំខ្លួនអតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ

ភ្នំពេញ ៖ តុលាការកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធបទរំលោភអំណាច បំពាន​ធនធាន​ធម្មជាតិ និងប្រើប្រាស់ឯកសារក្លែងដោយអាជ្ញាធរ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានថ្លែងថា អយ្យការ​សាលា​ដំបូង​រាជ​ធានី ភ្នំពេញបានទទួល​សំណុំរឿងមកពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ករណីឈ្មោះ នួន ប៉ុក អតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០​ពាក់ព័ន្ធ​បទ​រំលោភ​អំណាច បំពានធនធានធម្មជាតិ និងប្រើប្រាស់ឯកសារក្លែងដោយអាជ្ញាធរ។ហើយ​តំណាង​អយ្យការកំពុងសាកសួរតាមនីតិវិធី។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនខ្លួន​លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែន​ដី​នគរូប​នីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញ កាល​ពីល្ងាច​ថ្ងៃ​ទី៤ ខែមីនា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី។ ការបញ្ជូន​ទៅតុលាការ គឺ​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយបាន​ស្តាប់ចម្លើយជនសង្ស័យចប់សព្វគ្រប់។

សូមជម្រាបថា អតីត​ប្រធានមន្ទីររៀបចំដែន​ដីនគរូប​នីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយចាប់ខ្លួនកាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០៕

 

ចំនួន​អ្នកស្លាប់​ដោយ COVID-19 នៅ​អាមេរិក​កើន​ដល់​១២ នាក់​

​អាមេរិក ៖ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ឬ COVID-19 នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ដល់ ១២ នាក់ ជាមួយនឹង​ការស្លាប់​ចុងក្រោយបង្អស់​ដែល​ត្រូវបាន​កត់ត្រា​នៅ King County រដ្ឋ​វ៉ាស៊ីនតោន​ហើយ​ករណី​ថ្មី​ចំនួន​៥៣​បាន​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស​ដែល​បានកើត​ឡើងជា​លើកដំបូង​នៅ​រដ្ឋ Colorado, Tennessee, Texas and San Francisco​។​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​បាន​ហោះ​ លើ​នាវា​ទេសចរណ៍​មួយគ្រឿង​នៅឯ​ឆ្នេរសមុទ្រ​កាលីហ្វ័រ​ញ៉ា​ហើយ​ត្រូវបាន​រារាំង​ពី​ការចូល​ចត​នៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​បន្ទាប់ពី​យ៉ាងហោចណាស់​មាន​មនុស្ស ៣៥ នាក់​បានកើត​រោគសញ្ញា​ដូច​ជំងឺ​ផ្តាសាយ​នៅលើ​កប៉ាល់​ដែល​ត្រូវបាន​គេ​សង្ស័យថា​ជំងឺ COVID-19 ។​

​មន្ត្រី​សុខាភិបាល​ក្នុង​តំបន់​បាន​និយាយថា​មាន​ករណី​ថ្មី​ចំនួន ២០ ករណី​ត្រូវបាន​បញ្ជា​ក់នៅ​ទីក្រុង King County រដ្ឋ​វ៉ាស៊ីនតោន​ដោយបាន​ធ្វើឱ្យ​ចំនួន​សរុប​នៅ​រដ្ឋ​មួយ​នេះ​កើន​ឡើងដល់ ៥១ នាក់​ជាមួយនឹង​ការស្លាប់​ចំនួន ១១ នាក់​។ ចំណែក​ម្នាក់ទៀត ត្រូវបាន​កត់ត្រា​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​៕

 

មន្ត្រីជំនាញចិន ៖ ករណីឆ្លង COVID-19 នឹងធ្លាក់ចុះដល់កម្រិតសូន្យនៅទីក្រុងវូហាន នាចុងខែនេះ

ប៉េកាំង ៖ ក្រុមអ្នកជំនាញនៃគណៈកម្មាធិការកំពូលប្រយុទ្ធនឹងជំងឺឆ្លង COVID-19 ចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវូហាន នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ដែលជាចំណុចកណ្តាលនៃការរាតត្បាតវីរុសជំងឺ COVID-19 ទំនងជានឹងមានការធ្លាក់ចុះដល់សូន្យនៅចុងខែនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមតួលេខដែលបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍នោះ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ មានអ្នកឆ្លងមេរោគ COVID-19 ថ្មីៗចំនួនតែ១៣៩នាក់ប៉ុណ្ណោះ នៅទូទាំងប្រទសចិន ហើយនៅប៉ុន្មានថ្ងៃមុន គឺនៅថ្ងៃចន្ទ និងអង្គារដើមសប្តាហ៍នេះ អត្រាឆ្លងថ្មីៗបានបង្ហាញសញ្ញាធ្លាក់ចុះខ្លាំងរួចទៅហើយ។ ការធ្លាក់ចុះនេះ គឺបង្ហាញអំពីប្រសិទ្ធភាព នៃការទប់ស្កាត់ការរីករាលដាល នៅក្នុងទីក្រុងវូហានផ្ទាល់ ដែលជាចំណុចស្នូលនៃការចម្លងជំងឺនេះ ទៅកាន់បណ្តាខេត្ត ទីក្រុង និងតំបន់នានាទូទាំងចិនដីគោក។

បើតាមប្រភពខាងលើនេះ គ្រប់តំបន់ទាំងអស់នៅក្នុងខេត្តហ៊ូប៉ី និងទីក្រុងវូហានផងដែរ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការរុញខ្ទប់មេរោគ COVID-19 ឲ្យដល់ទីបញ្ចប់តែម្តងនៅចុងខែមីនានេះ។ ប្រទេសចិនបានបង្ហាញចេញ នូវភាពសកម្មយ៉ាងខ្លាំងក្លាបំផុត នៅក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លង COVID-19 ដែលត្រូវបានគេជឿជាក់ថា មានប្រភពដើមបំផុត ចេញពីទីផ្សារលក់គ្រឿងសមុទ្រ ដ៏ល្បីល្បាញមួយនៅទីក្រុងវូហាន នៃខេត្តហ៊ូប៉ី។

សូមជម្រាបថា ទីក្រុងវូហានត្រូវបានបិទទ្វារ ក្រោយការផ្ទុះ COVID-19 កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ហើយការធ្វើដំណើរនានាត្រូវបានរឹតត្បិត ខណៈមន្ទីរពេទ្យធំៗត្រូវបានកសាងឡើង និងពេទ្យយោធារាប់ពាន់នាក់ត្រូវបានដាក់ពង្រាយទៅខេត្តហ៊ូប៉ីទាំងមូល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាបន្តបន្ទាប់។ ប្រទេសចិនក៏បាន សហការដោយបើកចំហផងដែរ ជាមួយក្រុមជំនាញវេជ្ជសាស្ត្រអន្តរជាតិដូចជា អង្គការសុខភាពពិភពលោក WHO ជាដើម៕

 

 

ឥណ្ឌូនេស៊ី​ហាម​ជនបរទេស​មកពីប្រទេស៣ មិនឲ្យចូល​ដើម្បី​ទប់ស្កាត់ COVID-19

​ឥណ្ឌូនេស៊ី ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូនេស៊ីបាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ថា ​ឥណ្ឌូនេស៊ី​នឹង​ហាមឃាត់​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ចំណាយពេល​១៤ថ្ងៃ​នៅក្នុង​ទីក្រុង​នានា​ដែល​រង​ការវាយប្រហារ​ដោយ​វីរុស កូ​រ៉ូ​ណា​ថ្មី​ឬ COVID-19 នៅ​អ៊ីរ៉ង់ អ៊ីតាលី និង​កូរ៉េខាងត្បូងដែល​ចាប់ផ្តើម​ពីថ្ងៃ​អាទិត្យ (៨ មីនា​)​តទៅ។​ នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោកស្រី Retno Marsudi ក៏បាន​បញ្ជាក់ដែរថា អ្នកដំណើរ ដែល​មកពី​តំបន់ ឬ​ទីក្រុង​ដទៃ នៅក្នុង​ប្រទេស​ទាំងបី​ខាងលើ នឹង​ចាំបាច់​ត្រូវតែ​ឆ្លងកាត់​ការបញ្ជាក់​ពី​ស្ថានភាព​សុខភាព ដោយ​អាជ្ញាធរ​សុខាភិបាល​ឥណ្ឌូណេស៊ី​។ ​លោកស្រី​បាន​បន្ថែមទៀតថា វិធានការណ៍​នេះនឹងត្រូវ​អនុវត្ត​ដូចគ្នា​លើ​ជនបរទេស​មកពី​ចិនដីគោក ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ COVID-19​។​

​លោកស្រី Marsudi បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ប្រជាជន​ឥណ្ឌូនេស៊ី​ដែល​ត្រឡប់ មកពី​តំបន់ ឬ​ទីក្រុង​ដែល​ជំងឺ​នេះ​កំពុង​លុកលុយ​ខ្លាំង នៅ​អ៊ី​រ៉ង់ អ៊ី​តា​លី និង​កូរ៉េខាងត្បូង ក៏​នឹង​ត្រូវបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាពផងដែរ​៕