All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជាគ្រោង​ចំណាយ​ថវិកាប្រមាណ ៣០លានដុល្លារ រយៈពេល៦ខែសំដៅបង្ការវីរុស COVID-19

ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការជាមួយ​ក្រសួងសុខាភិបាល និង​ដៃគូ​ពាក់ព័ន្ធ គ្រោង​ចំណាយ​ថវិកាប្រមាណ ៣០លានដុល្លារ រយៈពេល៦ខែ ក្នុងការ​រៀបចំ​បង្កើត​ប្រព័ន្ធ​ការពារ និង​ឧបករណ៍​តាមដាន រៀបចំ​ទីកន្លែង​ដើម្បី​ទទួល​ដោះស្រាយ ក៏ដូចជា​ស្វែងរក​អ្នក​ដែលមាន​លទ្ធភាព​ឆ្លង​កុំឱ្យមានការ​រីករាលដាល សំដៅបង្ការ ការពារ និង​ព្យាបាល​ក្នុងករណី​មានការឆ្លងវីរុស​កូរ៉ូណាថ្មី COVID-19។ នេះបើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

ប្រភព​ដដែល​បាន​ឱ្យដឹងថា ក្រសួង​សុខាភិបាល​បាន​ចាត់​វិធានការ លើកពីការការពារ​ការ​រីករាលដាល​នៃវីរុស COVID-19 ព្រមទាំង​គិតគូររក​វិធានការ​ជាប្រព័ន្ធ​ដើម្បី​ទប់ស្កាត់​បញ្ហានេះ​ពី​គ្រប់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ តាមរយៈ​ការ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត វិធានការ​ឆ្លើយតប​បន្ទាន់ រៀបចំ​គោលការណ៍ណែនាំ ចុះធ្វើការ​ផ្សព្វផ្សាយនៅហ្នឹង​កន្លែង និង​វិធានការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ដោះស្រាយ និង​បង្ការបញ្ហា​ដែល​អាចកើតមាន​ជាយថាហេតុ​ឱ្យបាន​ទាន់ពេលវេលា ក្នុង​ស្មារតីបុរេសកម្ម ក៏ដូចជា ពង្រឹង និង​បង្កើន​ធនធាន​បន្ថែម ទាំងផ្នែកគ្រូពេទ្យ សម្ភារៈគ្រូពេទ្យ រៀបចំ​ឧបករណ៍​ស្កេនកម្តៅ ប្រព័ន្ធ​គ្រប់គ្រង និង​ភ្នាក់ងារ​ចាំទទួលព័ត៌មាន លេខ ១១៥ ព្រមទាំង​ពង្រឹង​កិច្ចសហការជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) ជាដើម៕

AFC សម្រេចលើក​ពេល​ការប្រកួត​ជម្រុះ World Cup ដោយ​សារបញ្ហា COVID-19

បាល់ទាត់ ៖ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ( AFC ) បានសម្រេចលើក​ពេល​ជា​ផ្លូវការ នៃ​ការប្រកួត​ជុំ​ទី​២ វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក ( 2022 FIFA World Cup ) ឆ្នាំ​២០២២ ដោយសារ​រីក​រា​ដាល​នៃ​ការផ្ទុះ​វីរុស COVID-19​។​

​ការសម្រេចចិត្ត​ប្រកាស​លើកពេល​ប្រកួត​នេះ​បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ( AFC ) បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​តំណាង​នៃ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​បូព៌ា និង​អាស៊ីអាគ្នេយ៍ នាទី​ក្រុង​គូ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃ​ចន្ទ​។ ក្នុង​សេចក្ដីសម្រេច​នេះ AFC បាន​បញ្ជាក់ថា​ការប្រកួត​ដែល​គ្រោង​នឹងធ្វើ​នៅ​ខែមីនានឹងត្រូវ​បាន​ប្តូរ​ទៅ​ប្រកួត​នៅ​ខែតុលា និង​ការប្រកួត​ខែមិថុនាត្រូវ​លើក​ទៅ​ប្រកួត​នៅ​ខែវិច្ឆិកា​។​

​ដូច្នេះ​មានន័យថា កម្ពុជា ត្រូវ​ជួប​ជាមួយ ជម្រើសជាតិ​បា​រ៉ែ​ន នៅ​ថ្ងៃទី​២៦ ខែមីនា ខាងមុខនេះ នឹងត្រូវ​លើក​ទៅ​ថ្ងៃទី​០៨ ខែតុលា និង​ប្រកួត​ដែល​កម្ពុជា ត្រូវ​ទទួល​អ៊ីរ៉ង់ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ នឹង​លើក​ទៅ​ប្រកួត​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ខណៈ​ប្រកួត​ចុងក្រោយ​របស់​កម្ពុជា ជាមួយ អ៊ីរ៉ាក់ នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០ ត្រូវ​លើក​ទៅ​ប្រកួត​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០៕

 

រកឃើញ៤៤នាក់ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ជាមួយជនជាតិជប៉ុនផ្ទុក COVID-19

ភ្នំពេញ ៖ ក្រោយពីទទួលបាន​ព័ត៌មានថា​ ជនជាតិជប៉ុនមានផ្ទុកមេរោគ ​COVID-19 ក្រុម​មន្រ្តីសុខាភិបាល​ថ្នាក់​ជាតិ​ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និង​ធ្វើការ​ប្រកប​ដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក​ មជ្ឈណ្ឌល​ប្រយុទ្ធនឹងជំងឺឆ្លង​សហរដ្ឋអាមេរិក​ និងវិទ្យាស្ថានប៉ាស្ទ័រ។ នេះបើតាមការចុះផ្សាយ​នៅលើទំព័រហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី៥មីនានេះ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និងប៉ះពាល់ដោយប្រយោល ៤០នាក់​ ដែល​តម្រូវ​ឱ្យ​គាត់​នៅ​ដោយ​ឡែក​ពី​គេ​ចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​។ បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់​ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ។

សូមបញ្ជាក់ថា ជនជាតិជប៉ុននេះគាត់ជាអ្នកធុរកិច្ចគាត់បានធ្វើដំណើរជាបន្តបន្ទាប់ក្នុងរយៈពេលខ្លីពី​ ប្រទេសវៀតណាម​ ប្រទេសថៃ​ ប្រទេសហ្វ៊ីលីពីន​ ប្រទេសកម្ពុជា​ បន្ទាប់មកទៅវៀតណាម​ និងត្រលប់ចូល្រទេសជប៉ុនវិញ ហើយរកឃើញវិជ្ជមានCOVID-19 នៅទីនោះ​។ រហូតដល់ម៉ោង​៤​ល្ងាច​ ថ្ងៃទី​៥​ មីនា​ ២០២០​ មិនទាន់កឃើញ​ករណីថ្មីនៅឡើយទេ​៕

 

 

ក្រសួងសុខាភិបាលកម្ពុជានៅតែអះអាងថា រហូតមកដល់ពេលនេះ រកឃើញករណីផ្ទុក COVID-19តែម្នាក់ប៉ុណ្ណោះ

ភ្នំពេញ ÷ ក្រសួងសុខាភិបាលកម្ពុជានៅតែអះអាងថា រហូតមកដល់ពេលនេះ កម្ពុជារកឃើញ អ្នកផ្ទុក កូវីដ ១៩តែម្នាក់ប៉ុណ្ណោះ គឺជនជាតិចិន ហើយក៏បានព្យាបាលជាសះស្បើយ និងបញ្ជូនត្រលប់ទៅប្រទេសចិនវិញរួចហើយផងដែរ ។ 

ថ្លែងនៅក្នុងសន្នសីទសារព័ត៌មាននៅរសៀលថ្ងៃទី០៥ មីនា ២០២០ នៅទីស្ដីការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា គិតមកត្រឹមរសៀលថ្ងៃទី០៥ មីនា ២០២០ ក្រសួងសុខាភិបាលនិងវិទ្យាស្ថានប៉ាស្ទ័រ បានធ្វើសំណាកលើអ្នកសង្ស័យចំនួន១៤៥នាក់ ក្នុងនោះមានតែម្នាក់ប៉ុណ្ណោះ គឺជនជាតិចិនបានផ្ទុកកូវីដ ១៩ និងទទួលបានការព្យាបាលជំងឺនេះ ជាសះស្បើយនឹងបញ្ជូនជនជាតិចិនរូបនេះ ត្រលប់ទៅកាន់ប្រទេសគេវិញរួចហើយផងដែរ ។ លោកជំទាវនិយាយថា៖« ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ គឺមានការសហការពីស្ថាប័នជំនាញៗ ដូចជាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏ដូចជាក្រុមហ៊ុនអ្នកជំនាញជនជាតិអាមេរិក ជាដើម ដោយមិនមែនមានតែក្រុមគ្រូពេទ្យកម្ពុជាមួយភាគីប៉ុណ្ណោះទេ »។

លោកជំទាវបន្តថា បច្ចុប្បន្ននេះ ការផ្សព្វផ្សាយព័ត៌មានមិនពិតកំពុងតែកើនឡើងគួរអោយព្រួយបារម្ភ ដោយយកករណីផ្សេងៗមកបូកបញ្ចូលថាជំងឺកូវីដ ជាក់ស្ដែងអ្នកខ្យល់គរ អ្នកស្រវឹងនិងអ្នកគាំងបេះដូង ក៏ត្រូវបានក្រុមអ្នកផ្សព្វផ្សាយព័ត៌មាន យកមកផ្សព្វផ្សាយធ្វើអោយមហាជនមានការយល់ច្រលំ ថាកម្ពុជាមានករណីកូវីដច្រើន ។

លោកជំទាវបន្ថែមថា កូវីដ១៩ មិនបង្កអោយដួលសន្លប់រហូតដល់ស្លាប់នោះទេ ពីព្រោះកូវីដ១៩នេះ វាត្រូវឆ្លងកាត់ដំណាក់កាលរបស់វា ដែលត្រូវការពេលវេលាពី១សប្ដាហ៍ទៅ២សប្ដាហ៍ ហើយក្នុងរយៈកាលនោះ បើមិនមានការព្យាបាលទេ វានឹងកាន់តែធ្ងន់ធ្ងរ ដូចដែលបានដឹងហើយគឺក្ដៅខ្លួនកាន់តែខ្លាំង ក្អកស្ងួត ហត់ពិបាកដកបង្ហើម ពិបាកទ្រាំ ដូច្នេះតើមានរឿងអីដែលអ្នកជំងឺដើរសុខមិនមានរោគសញ្ញាអ្វីទាល់តែសោះ បែរដួលរហូតដល់ស្លាប់នោះ ។

ពាក់ព័ន្ធនឹងជនជាតិជប៉ុនម្នាក់ត្រូវបានរកឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ក្រសួងសុខាភិបាលកម្ពុជា និងអាជ្ញាធរខេត្តសៀមរាបជាមួយនឹងមន្ទីរសុខាភិបាលខេត្តសៀមរាប កំពុងធ្វើការងារនេះ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយជនជាតិជប៉ុនដែលបានចុះផ្សាយ ។រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់បន្ថែមពី ស្ថានទូតជប៉ុននៅកម្ពុជា និងអាជ្ញាធរជប៉ុននៅឡើយ ។ ទោះបីជាមិនទាន់មានការបញ្ជាក់បន្ថែមក្ដី ក៏កម្ពុជានៅតែស្វះស្វែងរកប្រភពព័ត៌មាន និងអ្នកពាក់ព័ន្ធជាមួយជនជាតិជប៉ុននោះមកធ្វើតេស្តរកវីរុសកូរ៉ូណា ។

បច្ចុប្បន្ននេះ អាជ្ញាធរខេត្តសៀមរាប រកឃើញបុគ្គល៤នាក់នៅខេត្តសៀមរាប ដែលធ្វើការផ្ទាល់ជាមួយជនជាតិជប៉ុន ហើយបានដាក់ដោយឡែក និងតាមដានបន្តក្នុងរយៈពេល១៤ថ្ងៃ បើទោះបីជាបច្ចុប្បន្ននេះ ពួកគេមានសុខភាពធម្មតាក្ដី ។
លោកវេជ្ជបណ្ឌិត វ៉ាន់ ម៉ិច វេជ្ជបណ្ឌិតឯកទេសជម្ងឺសួតប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតបានប្រសាសន៍ថា ករណីសង្ស័យកើតជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ណា គឺ ក្ដៅខ្លួនលើសពី៣៨អង្សារ ក្អកស្ងួត ហត់ពិបាកដកដង្ហើម ។ រោគសញ្ញាទាំងនេះ មិនទាន់គ្រប់គ្រាន់ និងសន្និដ្ឋានថាមានផ្ទុកជំងឺកូវីដនោះទេ គឺបូកជាមួយអ្នកដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសដែលផ្ទុះជំងឺកូរ៉ូណា និងចេញរោគសញ្ញានៅរយៈពេល៧ទៅ១៤ថ្ងៃ បន្ទាប់ពីត្រលប់មកប្រទេសវិញ ។

លោកបន្តថា ករណីដួលសន្លប់និងស្លាប់ភ្លាមៗមិនមែនកើតឡើងដោយសារតែជំងឺកូរ៉ូណានោះទេ ព្រោះជំងឺរលាកសួតប្រភេទថ្មីនេះ ត្រូវការពេលវេលា ៧ថ្ងៃទៅ១៤ថ្ងៃ ហើយវាមិនបង្កអោយសុខៗដួលស្លាប់ភ្លាមៗនោះឡើយ ។ សម្រាប់មន្ទីរពេទ្យរុស្ស៊ី ក៏បានធ្វើតេស្ត ទៅលើអ្នកដែលគាត់សង្ស័យថា ផ្ទុកកូរ៉ូណា ចំនួន៧៨នាក់ និងរកមិនឃើញថាមានអ្នកណាម្នាក់ផ្ទុកកូវី។

លោកស្រីវេជ្ជបណ្ឌិត រស់ សីហា ប្រធានផ្នែកសរសៃប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែត បានបកស្រាយពីករណីដួលសន្លប់ជាច្រើនករណីនៅក្នុងប្រទេសកម្ពុជា ថាវាមិនមែនមកពីកូវីដ១៩នោះទេ ព្រោះការដួលសន្លប់នេះ គឺពាក់ព័ន្ធនឹងសរសៃប្រសាទរបស់អ្នកជំងឺ ហើយអ្នកជំងឺមួយដែលមន្ទីរពេទ្យទទួលពី ព្រលានយន្តហោះ ដោយសារតែការដួលសន្លប់ ហើយរកឃើញថា អ្នកជំងឺនោះ មានជំងឺប្រចាំកាយ និងត្រូវប្រើថ្នាំព្យាបាលប្រចាំ តែសម្រាប់អ្នកជំងឺដួលសន្លប់នៅព្រលានយន្តហោះ មិនបានប្រើថ្នាំ រយៈពេលប៉ុន្មានថ្ងៃមកហើយ បូករួមជាមួយនឹងគាត់ហត់នឿយដោយសារតែការកម្សាន្តនិងទស្សនាជាច្រើនផងនោះទើបគាត់ត្រូវអស់កម្លាំង និងដួលសន្លប់នៅព្រលានយន្តហោះ ។ លោកស្រី បញ្ជាក់ថាការដួលសន្លប់នានាកន្លងមក មិនមានពាក់ព័ន្ធនឹងកូវីដ១៩ទេ ហើយកូវីដ១៩គឺនឹងមិនបង្កអោយដួលសន្លប់នោះដែរ គឺមិនជាដាច់ខាត ។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្នអង្គការសុខភាពពិភពលោក បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខភាពដៃគូរពាក់ព័ន្ធដទៃទៀត ដើម្បីតាមដានជំងឺឆ្លង រួមទាំងជំងឺកូវីដ១៩នេះដែរ ដើម្បី ទប់ស្កាត់និង និងរុករកនូវករណីថ្មីជាពិសេសកូវីដ១៩ ។អង្គការសុខភាពពិភពលោក នឹងជំរុញអោយធ្វើតេស្តទៅលើបុគ្គលណា ដែលចូលក្នុងនិយមន័យកូវីដ១៩ តែសម្រាប់បុគ្គលណាដែលមិនចូលក្នុងនិយមន័យកូវីដ១៩ នោះមិនចាំបាច់ធ្វើតេស្ត្រនាំតែខាតបង់សម្ភារវេជ្ជសាស្ត្រ ហើយភាគរយនៃអវិជ្ជមានក៏ខ្ពស់ដែរ៕

កម្ពុជា-វៀតណាម បង្កើតសេចក្តីព្រាងសន្ធិសញ្ញាប្តូរអ្នកទោសទៅវិញទៅមក

ភ្នំពេញ ៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាកម្ពុជា កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសន្ធិសញ្ញាការផ្ទេរអ្នកទោសរវាងកម្ពុជា និងវៀតណាម មុនបញ្ជូនទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីលើកទៅប្រជុំសភាពេញអង្គ នាពេលខាងមុខ។

អ្នកនាំពាក្យរដ្ឋសភាជាតិកម្ពុជា លោក ឡេង ប៉េងឡុង បានពន្យល់ពីសារៈសំខាន់នៃសន្ធិសញ្ញាថ្មីនេះថា ប្រសិនបើជនជាតិកម្ពុជាណាម្នាក់បានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសវៀតណាម ហើយត្រូវបានវៀតណាម កាត់ទោសតាមច្បាប់នោះ គឺកម្ពុជាអាចស្នើសុំផ្ទេរអ្នកទោសនោះពីវៀតណាម មកអនុវត្តទោសបន្តនៅប្រទេសកម្ពុជា វិញ។

លោក ឡេង ប៉េងឡុង អ្នកទោសជាជនជាតិខ្មែរដែលជាប់ទោសនៅប្រទេសវៀតណាមអាចជួបការលំបាកច្រើន ទាំងការមិនចេះភាសា ទាំងស្ថានភាពស្នាក់នៅ ហើយបងប្អូនសាច់ញាតិក៏ពិបាកក្នុងការទៅសួរសុខទុក្ខទៀត។ ដូច្នេះហើយ លោកសង្កត់ធ្ងន់ថា តាមរយៈសន្ធិសញ្ញាថ្មីនេះ គឺអ្នកទោសខ្មែរអាចយកមកកម្ពុជាវិញបានដែលផ្តល់ភាពងាយដល់ពួកគេ។

លោកបន្តថា ចំពោះភាពខុសគ្នានៃទំហំដាក់ទោសទណ្ឌរវាងកម្ពុជា និងវៀតណាម តួយ៉ាង វៀតណាមមានទោសប្រហារជីវិត ឯកម្ពុជាមានត្រឹមទោសដាក់ពន្ធនាគារអស់ជីវិតនោះ អ្នកនាំពាក្យរដ្ឋសភាបានអះអាងថា បញ្ហានេះ រដ្ឋាភិបាលកម្ពុជា និងវៀតណាមនឹងពិភាក្សា និងសម្របសម្រួលគ្នាបន្ថែមទៀត។

សូមជម្រាបជូនថា សន្ធិសញ្ញាថ្មីនេះ អាចឱ្យកម្ពុជា មានសិទ្ធិស្នើសុំអ្នកទោសដែលជាជនជាតិខ្មែរហើយជាប់ទោសនៅវៀតណាម មកអនុវត្តទោសបន្តនៅកម្ពុជាវិញ។ សន្ធិសញ្ញាផ្ទេរអ្នកទោសនេះ គឺកម្ពុជាធ្វើជាលើកទី១ហើយជាមួយនឹងប្រទេសវៀតណាម។ វៀតណាម ក៏ដូចជាថៃ និង ប្រទេសឡាវជាដើម គឺមានតែបត្យាប័នជាមួយគ្នាតែប៉ុណ្ណោះ៕

កម្មករ កម្មការិនីរោងចក្រជាង ១,៧ម៉ឺននាក់នឹងត្រូវព្យួរការងារបណ្តោះអាសន្ន

ភ្នំពេញ ៖ កម្មករ-កម្មការិនី ជាង ១,៧ម៉ឺននាក់ ដែលកំពុងធ្វើការនៅក្នុងរោងចក្រជា ៣០ នឹងត្រូវព្យួរការងារបណ្តោះអាសន្ន ដោយសារចិន ផ្អាកការផលិត និងផ្គត់ផ្គង់វត្ថុធាតុដើម មកឲ្យកម្ពុជា បន្ទាប់ពីមានករណីផ្ទុះឡើងនូវមេរោគ កូរ៉ូណាប្រភេទថ្មី។

លោក អាត់ ធន់ មេសហជីពមួយរូប បានអះអាងថា រោងចក្រទាំងនោះ ពុំបានផ្អាកការងារទាំងស្រុងឡើយ ដោយផ្អាកផ្អែកខ្លះប៉ុណ្ណោះ ហើយរោងចក្រខ្លះ ព្យួររយៈពេលពីរសប្តាហ៍ និងរោងចក្រខ្លះទៀតព្យួររយៈពេល ១ខែ។

សូមជម្រាបថា នាពេលថ្មីនេះ រាជរដ្ឋាភិបាល តម្រូវឲ្យម្ចាស់រោងចក្រ ចេញប្រាក់ ៤០ភាគរយនៃប្រាក់ខែគោល ១៩០ដុល្លារ ជូនដល់កម្មករ-កម្មការិនី ដែលត្រូវបានព្យួរការងារ ចំណែករាជរដ្ឋាភិបាល ជួយបន្ថែមចេញ២០ភាគរយទៀត តែបានតម្រូវឲ្យពួកគេ(កម្មករ កម្មការិនី) ទៅចុះឈ្មោះចូលរៀនជំនាញទន់ ជាមុនសិន ដើម្បីពួកគេទទួលបានប្រាក់សរុប ៦០ភាគរយ ដែលស្មើនឹងប្រមាណ១១៤ដុល្លារ នៃប្រាក់ខែគោល ១៩០ដុល្លារ។

ពាក់ព័ន្ធនឹងរឿងនេះ លោក អាត់ ធន់ យល់ថា វា ជាផលលំបាកសម្រាប់កម្មករ-កម្មការិនី ដែលត្រូវទៅចុះឈ្មោះចូលរៀនរយៈពេល៣ទៅ៤ខែ ដើម្បីទទួលបានប្រាក់បន្ថែម ២០ភាគរយ ពួកគេ ប្រហែលជាមិនអាចនឹងទៅចុះឈ្មោះចូលរៀនឡើយ។ ប៉ុន្តែ លោក ផ្តល់យោបល់ថា បើក្រសួង ជួយចេញថ្លៃធ្វើដំណើរនិងម្ហូរអាហារ ប្រហែលជាជួយសម្រាលការចំណាយដល់ពួកគេ ហើយពួកគេ អាចនឹងទៅចុះឈ្មោះចូលរៀនបាន។

ថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឲ្យភាគីចិនប្រើយន្តហោះនិងកប៉ាល់ ដើម្បីដឹកវត្ថុធាតុដើមមកកម្ពុជាជាប្រញាប់ ដើម្បីទប់ទល់កុំឲ្យមានការបិទរោងចក្រ។ លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ប្រាប់សារព័ត៌មានថ្មីៗថា លោកពុំទាន់ទទួលបានព័ត៌មាននោះទេ ចំពោះការដឹកវត្ថុធាតុដើមមកពីចិន។

សារព័ត៌មាន មេគង្គប៉ុស្តិ៍ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារឡើយ នៅរសៀលថ្ងៃទី៣ មីនា នេះ។

នាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការងារ បានបង្ហើបថា ក្នុងអំឡុងខែមីនា ឆ្នាំ២០២០នេះ អាចនឹងមានរោងចក្រ សហគ្រាសជិត២០០ សុំព្យួរការងារ ហើយអាចនឹងប៉ះពាល់ដល់កម្មករ-កម្មការិនីដល់ទៅ ១៦ម៉ឺននាក់ឯណោះ

ដោយសារតែការរាលដាលខ្លាំងនៃវីរុសកូវីដ-១៩ ទើបរោងចក្រនិងក្រុមហ៊ុនជាច្រើននៅចិន ត្រូវបង្ខំបិទទ្វារនិងផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើមទៅបណ្តាប្រទេសនានា ដោយរួមទាំងកម្ពុជា ផងដែរ ហើយដើម្បីទប់ទល់នឹងវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសមិនយកពន្ធរយៈពេលកន្លះឆ្នាំ ឬអាចដល់មួយឆ្នាំ ពីរោងចក្រណាដែលរងផលប៉ះពាល់ខ្លាំង ដោយសារការខ្វះវត្ថុធាតុដើម ដើម្បីជួយទ្រទ្រង់ដំណើរការរបស់រោងចក្រទាំងនោះ កុំឲ្យបិទទ្វារ៕

អភិបាលខេត្តសៀមរាប បើកការស្រាវជ្រាវរឿងជនជាតិជប៉ុនដែលចេញពីកម្ពុជាថាមានផ្ទុកវីរុសកូរ៉ូណា

ខេត្តសៀមរាប ៖ ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនថាកើតជំងឺ COVID-19 នៅឡើយ ហើយ​អភិ​បាល​ខេត្ត​បានចាត់វិធានការស្រាវជ្រាវ និងត្រៀមបង្ការ។ ថ្មីៗ​នេះ ការផ្សព្វផ្សាយជុំវិញព័ត៌មានថា ចំពោះ​ជនជាតិជប៉ុនម្នាក់បានឆ្លងជំងឺ COVID-19 ដែល​បាន​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​សៀមរាប​ឆ្លង​កាត់ព្រលានយន្តហោះ ទីក្រុងហូជីមិញប្រទេស វៀតណាម រួច​បន្ត​ដំណើរ​ទៅ​ប្រទេស​ជប៉ុន។ នេះ​បើ​តាម​ការ​បង្ហោះ​នៅលើផេកហ្វេសបុករបស់ រដ្ឋបាលខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី ៥ មីនា នេះ។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានគូសបញ្ជាក់ថា ជន​ជាតិជប៉ុន​រូប​នេះ​គឺគាត់​ជា​អ្នករស់​នៅ​និង​ប្រកបអាជីវកម្ម​នៅ​ក្នុង​ខេត្ត​សៀមរាប​មិន​មែន​មក​ដំណើរ​កម្សាន្ត​លក្ខណៈ​ទេសចរណ៍​នោះ​ទេ។ អាជ្ញាធរ​ខេត្ត​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​បញ្ហា​នេះ​ដោយ​បាន​សហការ​ជាមួយ​នឹង​កុងស៊ុល​ជប៉ុន​ប្រចាំខេត្តសៀមរាប មន្ទីរនិងក្រសួងសុខាភិបាលសុខាភិបាល។

តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្តនិងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តបានបញ្ជាក់ថាមុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ។ ម្យ៉ាង​វិញទៀត ភាគីជប៉ុនបានបញ្ជាក់ថាក្រសួងសុខាភិបាលជប៉ុន ពុំទាន់បានជូនដំណឹងជាផ្លូវការ ថាជនជាតិជប៉ុនរូបនេះមានឆ្លងនឹងកើតជំងឺ COVID-19 នៅឡើយ។

ទន្ទឹមគ្នានេះ អភិបាលខេត្តបានណែនាំឲ្យមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំង សហការ ជាមួយក្រសួងសុខាភិបាល ដាក់ចេញនូវ វិធានការនានាដើម្បីត្រៀមបង្ការនិងស្រាវជ្រាវករណីនេះ បើ​ទោះ​បីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។ អភិបាលខេត្តក៏បាន​អំ​ពាវនាវឲ្យសាធារណជន អ្នកសារព័ត៌មានជាតិ និង​អន្តរជាតិ​រង់​ចាំការ​ផ្សព្វ​ផ្សាយ​ជាផ្លូវការអំពីករណីនេះខាងភាគីជប៉ុន ក៏​ដូច​ជា​ក្រសួង​សុខាភិ​បាល​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជាផងដែរ៕

 

ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 ​នៅអាមេរិកកើន​ដល់​១១​នាក់​

​អាមេរិក ៖ ចំនួន​អ្នកស្លាប់​ដោយសា​រវិ​រុស​កូ​រ៉ូ​ណា​ថ្មី​ឬ COVID-19 បាន​កើន​ដល់​១១​នាក់​ហើយ ខណៈ​សមាជិកសភា​បាន​យល់ព្រម​ផ្តល់​ថវិកា​ជាង ៨ ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វិ​រុស​នេះ​។​ នេះ​បើ​យោងតាម​ប្រភពពី CNA។​

​បើតាម​អាជ្ញាធរ​សុខាភិបាល​អាមេរិក​ថា អ្នកជំងឺ COVID-19 សរុប១០​នាក់ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់​នៅក្នុង​តំបន់ ឃី​ង (King County) និង​ម្នាក់​ក្នុង​តំបន់​ក្បែរ ស្នូ​ណូ​មី​ស (Snohomish County)៕

 

អ៊ីរ៉ង់ដោះលែងអ្នកទោស​ជាង៥ម៉ឺន​នាក់ដើម្បីទប់ស្កាត់​ការរីករាលដាលនៃវីរុស COVID-19

អ៊ីរ៉ង់ ៖ សារព័ត៌មាន Shanghaiist ចេញផ្សាយថា អ៊ីរ៉ង់បាន​សម្រេច​ដោះលែងអ្នកទោស​៥ម៉ឺន ៤ពាន់នាក់ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់​ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី COVID-19។

សូមជម្រាបថា អ៊ីរ៉ង់មាន​អ្នកឆ្លងជំងឺនេះដល់ចំនួន២៩២២នាក់ ក្នុងនោះអ្នកស្លាប់ដល់៩២នាក់ ដែលជាចំនួនស្លាប់​ច្រើនបំផុត​បន្ទាប់ពីចិន។ មន្រ្តីរដ្ឋាភិបាល និង​សមាជិកសភាអ៊ីរ៉ង់ក៏បានឆ្លងជំងឺនេះ​ជាច្រើននាក់ផងដែរ។

ដើម្បី​បញ្ឈប់​ការីករាលនៃជំងឺនេះ រដ្ឋាភិបាល​អ៊ីរ៉ង់ បានជ្រើសរើសការកាត់បន្ថយ​នូវការរស់នៅជាក្រុមរបស់​អ្នកទោស ពោលគឺ​ដោះលែងអ្នកទោសជាបណ្តោះអាសន្ន​សិន។ ក្នុងនោះទណ្ឌិតម្នាក់ត្រូវអនុញ្ញាតឱ្យចេញក្រៅបានលុះត្រាតែធ្វើតេស្តរកមិនឃើញមានកូរ៉ូណា ហើយ​បាន​បង់ប្រាក់ធានា។ យ៉ាងណាមិញ ទណ្ឌិត​ដែលត្រូវបានកាត់ទោស​ឱ្យជាប់ពន្ធនាគារ​លើសពី៥ឆ្នាំ មិនត្រូវបាន​អនុញ្ញាតឱ្យចេញឡើយ៕

 

សំណុំរឿង​ពុករលួយ​របស់​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុដល់​តុលាការហើយ​

​ភ្នំពេញ ៖ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កាលពីល្ងាចម្សិលមិញបាន​បញ្ជូន​សំណុំរឿង អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​តុលាការ​ស៊ើបអង្កេត​ និង​ចោទប្រកាន់​ពីបទ​រំលោភ​អំណាច បំពាន​ធនធានធម្មជាតិ និង​ផ្តល់​ឯកសារ​ក្លែងក្លាយ​ដល់​អាជ្ញាធរ​។​

លោក គុជ គឹមឡុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ កំពុងបើកស៊ើបសួលើជនត្រូវចោទឈ្មោះ នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលត្រូវចាប់ខ្លួនដោយអង្គភាព (ACU) ក្រោមបទចោទរំលោភអំណាច បំពានធនធានធម្មជាតិ និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ។

សូមសម្រាបថា លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ត្រូវបាន​អង្គភាព ACU ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២០ ដោយ​ជាប់​សង្ស័យ​ក្នុង​រឿង​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ក្នុងពេល​លោក​កាន់តំណែង ខណៈដែល​ការឃាត់ខ្លួន​នេះ​ដឹកនាំ​ដោយ​លោកស្រី កែម សុភាព ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​របស់ ACU៕

 

អ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ៥,៧៦៦ករណី ខណៈ៣៥នាក់ស្លាប់

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់រាយការណ៍នៅព្រឹកនេះថា ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅប្រទេសកូរ៉េខាងត្បូងកើនឡើងដល់ ៥,៧៦៦ករណី ខណៈអ្នកជំងឺសរុប ៣៥នាក់បានបាត់បង់ជីវិត ដែលភាគច្រើនជាមនុស្សមានវ័យចាស់ជរា។

បើតាមរបាយការណ៍ថ្មីរបស់អាជ្ញាធរបញ្ចេញនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០នេះបង្ហាញសម្រាប់ករណីឆ្លងថ្មីៗដែលត្រូវបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះគឺមាន៤៣៨ករណីក្នុងនោះ ៣២០ករណីរកឃើញនៅទីក្រុងដេគូ និង ៨៧ករណីនៅខេត្តគ្យុងសាងខាងជើង ដែលតំបន់ទាំងពីរនេះ ស្ថិតនៅភាគអាគ្នេយ៍ប្រទេស និងមានចម្ងាយ ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។

របាយការណ៍ដដែលបញ្ជាក់ថា សម្រាប់អត្រាឆ្លង ៦០% ក្នុងចំណោមករណីឆ្លងទាំងអស់ សុទ្ធតែមានប្រភពចេញពី ព្រះវិហារគ្រិស្តសាសនា ស៊ីនជុនជី ដែលមានមូលដ្ឋាននៅទីក្រុងដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ហើយខេត្តគ្យុងសាងខាងជើងដែលស្ថិតនៅជាប់ ទីក្រុងដែលមានប្រជាជនរស់នៅ ២.៥លាននាក់នោះ ក៏កំពុងរងគ្រោះធ្ងន់ដូចគ្នា ដោយសារតែការឆ្លងមេរោគ COVID-19 បន្តកើនឡើងយ៉ាងគំហុក។

ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាល និងមន្ត្រីពាក់ព័ន្ធរបស់កូរ៉េខាងត្បូង កំពុងតែឈានទៅដល់ការធ្វើតេស្តប្រជាជនទូទៅ នៅក្នុងទីក្រុងដេគូ ដោយសារតែពេលនេះវីរុស COVID-19 បានបង្ហាញសញ្ញារាតត្បាតឥតឈប់ឈរឡើយ៕

 

អ៊ីតាលីបិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេសដោយសារ COVID-19

រ៉ូម ៖ រដ្ឋាភិបាលអ៊ីតាលីកាលពីថ្ងៃពុធម្សិលមិញបានសម្រេចចិត្តបិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេសរហូតដល់ពាក់កណ្ដាលខែមីនា ខណៈចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនដល់៧៩នាក់ និងច្រើនជាង២,៥០០នាក់បានឆ្លងជំងឺ ដ៏កាចសាហាវមួយនេះ។ នេះបើតាម សារព័ត៌មាន CNN។

បើតាមប្រភពពីមន្ត្រីអ៊ីតាលីម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ការបិទសាលារៀន និងសាកលវិទ្យាល័យ នឹងត្រូវធ្វើឡើងចាប់ពី ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ហើយការបង្រៀនតាមប្រព័ន្ធអ៊ីនធើណិតនឹងចាប់ផ្ដើមនៅថ្ងៃសុក្រ។ ប៉ុន្តែមិនទាន់មានការប្រកាសជាផ្លូវការ ណាមួយនៅឡើយទេ។

ការសម្រេចចិត្តបែបនេះ របស់រដ្ឋាភិបាលអ៊ីតាលី គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងវាយលុកខ្លាំងជាងលើតំបន់ភាគខាងជើងនៃប្រទេស៕

 

មនុស្សស្លាប់ដោយសារ COVID-19នៅចិនកើនដល់ ៣,០១២នាក់

ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានរាយការណ៍នៅព្រឹកនេះថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន៣១របស់ប្រទេសចិនបានបន្តកើនដល់ ៣,០១២នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨០,៤០៩ករណី។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការជាតិសុខាភិបាលចិន ពេញមួយថ្ងៃពុធម្សិលមិញនេះ មនុស្សចំនួន ១៣៩នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19 ហើយស្របពេលជាមួយគ្នាអ្នកជំងឺ ៣១នាក់បានបាត់បង់ជីវិត។ ក្នុងចំណោមអ្នកឆ្លងថ្មីៗ គឺមាន ១៣៤នាក់នៅខេត្តហ៊ូប៉ី ខណៈអ្នកស្លាប់វិញ គឺស្ថិតនៅក្នុងហ៊ូប៉ីទាំងអស់។

បើតាមអាជ្ញាធរបានអះអាងថា តួលេខខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះនូវចំនួនមនុស្សស្លាប់ និងឆ្លងប្រចាំថ្ងៃយ៉ាងច្រើនបន្ថែមទៀត នៅទូទាំងប្រទេសចិន។ ដោយឡែកអាជ្ញាធរចិន ក៏បានដឹកសម្ភារៈពេទ្យ និងខោអាវឈុតសម្រាប់ការពារមេរោគ ប្រមាណ ២០,០០០សម្រាប់ ទៅកាន់ទីក្រុងវូហាន (Wuhan) ផងដែរ ដើម្បីបង្កើនសកម្មភាពប្រយុទ្ធប្រឆាំង នឹងវីរុស COVID-19៕

 

ប្រគល់ផ្ទះ៦ខ្នងជូនអតីយុទ្ធជន៦គ្រួសារក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ÷ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២០នេះ បានអញ្ជើញប្រគល់ផ្ទះចំនួន ៦ខ្នងដែលអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដល់អតីតយុទ្ធជន ៦នាក់ដែលកំពុងរស់នៅក្នុងស្រុក-ក្រុងចំនួនបីនៃខេត្តបន្ទាយមានជ័យគឺស្រុក មង្គលបូរី ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ។

ថ្លែងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអំណរគុណ និងពាំនាំបណ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដែលឈរជើងក្នុងមូលដ្ឋានភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាស្រលាញ់សន្តិភាព ថែរក្សាការពារសន្តិភាព សម្រាប់ប្រទេសជាតិ ដើម្បីមានឱកាសអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើនរុងរឿងលឿនទៅមុខ។

លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តថា ក្រោមយុទ្ធសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិលដោយខ្លួនឯង រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋបាននឹងនចិត្តរស់យ៉ាងសុខសាន្ត សុខដុមរមនា ប្រព័ន្ធជំនួយសង្គម ផ្តល់ការគាំពារទៅលើកុមារ ស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខសង្គម លើកកម្ពស់ជីវភាពគ្រួសារនិវត្តន៍ជន អតីតយុទ្ធជន។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងសំណូមពរដល់មហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ សូមបន្តថែរក្សាការពារសន្តិភាព ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដំណើរអភិវឌ្ឍន៍រីកចម្រើន បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។
ជាមួយវប្បធម៌ចែករំលែកលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានផ្តល់ផ្ទះ០៦ខ្នងនិងពាំនាំនូវអំណោយ ផ្តល់ជូនដល់ជូនគ្រួសារអតីតយុទ្ធជន មានអង្ករ៥០គីឡូក្រាម មី១កេស មុងមួយ ភួយមួហ កន្ទេលមួយ ប្រេងឆា១ដប ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ អំបិលអ៊ីយ៉ូតមួយគីឡូ សារុងមួយ ចង្ក្រានដី១ ឆ្នាំងដាំបាយ១ ឆ្នាំងសម្រល១ កំសៀវដាំទឹក១ ចានដែក១ ចានបាយ-សម្ល ស្លាបព្រាសម, ពិលសូឡា និងថវិកា២០ម៉ឺនរៀល៕

ស្ថាប័នរដ្ឋទាំងអស់នឹងត្រូវកាត់បន្ថយការចំណាយ៥០ភាគរយក្នុងអំឡុងមានវិបត្តិ COVID-19

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការសម្រេចលើវិធានការកាត់បន្ថយការចំណាយដល់ ៥០ភាគរយចំពោះតាមស្ថាប័នរដ្ឋទាំងអស់ក្នុងអំឡុងមានវិបត្តិវីរុសកូរ៉ូណាថ្មី COVID-19 ប៉ុន្តែយ៉ាងណាក៏ដោយ ការកាត់បន្ថយនេះសម្តេចបានអះអាងថា នឹងមិនឱ្យប៉ះពាល់ដល់ប្រាក់បៀវត្សរបស់មន្ត្រីរាជការនោះឡើយ។

សម្តេចតេជោ បានប្រកាសបែបនេះ នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

សម្តេចបានបញ្ជាក់ថា មានតែក្រសួង៣ប៉ុណ្ណោះ ដែលកាត់បន្ថយការចំណាយត្រឹម ២៥ភាគរយ គឺក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្រ្តី។
ជាមួយគ្នានោះ ចំពោះពិធីបើកការដ្ឋានណាដែលជាគម្រោងថវិការបស់រដ្ឋហើយដែលមិនទាន់ធ្វើឡើង គឺសម្តេចប្រាប់ឱ្យផ្អាកជាបណ្តោះអាសន្ន រង់ចាំដល់បញ្ហា COVID-19 ត្រូវបញ្ចប់សិន ប៉ុន្តែការបើការដ្ឋានលើគម្រោងសាងសង់ក្រោមហិរញ្ញប្បទានរបស់បរទេស មិនអាចផ្អាកបានឡើយ។

សម្តេចតេជោ បានអះអាងបញ្ជាក់ថា បច្ចុប្បន្ន ការងារអាទិភាពខ្ពស់បំផុតរបស់កម្ពុជា គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID៕