All posts by មេគង្គ ប៉ុស្តិ៍

ប្រទេសនៅអឺរ៉ុប និងអាស៊ីចំនួន៥២នឹងមកចូលរួមកិច្ចប្រជុំអាសុី-អឺរ៉ុបនៅភ្នំពេញ នាចុងឆ្នាំនេះ

ភ្នំពេញ ៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី ១៣នារាជធានីភ្នំពេញនៅខែវិច្ឆិកា​ ឆ្នាំ ២០២០ នេះដែលមានប្រទេសចំនួន ៥២ មកពីតំបន់អឺរ៉ុប និងអាស៊ីចូលរួម។ ដើម្បីត្រៀមការពារសុវត្ថិភាព សន្តិសុខ ជូនគណ:ប្រតិភូអន្តរជាតិដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ រដ្ឋបាលសាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយដើម្បីបែងចែកកភារកិច្ចទៅតាមអង្គភាពពាក់ព័ន្ធ។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នេះបានកោះអញ្ជើញអភិបាលខណ្ឌទាំង១៤ និង មន្ទីរពាក់ព័ន្ធមួយចំនួនទៀត មកជួបប្រជុំគ្នា ដើម្បីមានវិធានការលើការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីកិច្ចប្រជុំអាស៊ី អឺរ៉ុបដែលកិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងនៅពាក់កណ្ដាល ខែវិច្ឆិកា ខាងមុខនេះ ដោយមានការចូលរួមមកពី ៥២ប្រទេសមកពីបណ្តាលប្រទេសនៅអាស៊ី និងអឺរ៉ុប។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំនោះ បានបង្ហាញពីផែនការ នៃការរៀបចំសណ្ដាប់ធ្នាប់ និងការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ ដោយបានបញ្ជាក់ថាកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះនឹងធ្វើឡើងនៅថ្ងៃទី១៦ និង ទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ ដោយធ្វើឡើងនៅអាគារពិព័រណ៍ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានប្រតិភូចំនួន ៥២ ប្រទេស មកចូលរួម មានទាំងនាយករដ្ឋមន្ត្រី និងប្រមុខរដ្ឋនៃបណ្តាលប្រទេសទាំងនោះ។ ក្រុមប្រតិភូនឹងត្រូវសម្រាកនៅតាមបណ្ដាលសណ្ឋាគារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ មានចំនួនរហូតដល់ ២០សណ្ឋាគារ ដែលត្រូវតែរៀបចំនូវសន្តិសុខ សុវត្ថិភាព ជូនពួកគាត់។

ក្នុងកិច្ចប្រជុំនោះដែរ លោក មាន ចាន់យ៉ាដា បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ដែលត្រូវគិតគូរ ឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ឈានមកដល់ ដោយគិតទាំងពីរការប្រមូលផ្ដុំ ការបំពុលនូវព័ត៌មានក្លែងក្លាយ ការបង្ករឱ្យមានភេរវកម្មជាដើម។ នេះជាបញ្ហាមួយ ដែលគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញភ្នំពេញ ត្រូវយកចិត្តទុកដាក់ និងបង្ការទុកជាមុន។

លោក មាន ចាន់យ៉ាដា បានបញ្ជាក់ទៀតថា មុននៃកិច្ចប្រជុំនេះ ក៏មានកម្មវិធី អាស៊ីដេ ផងដែរ ដែលអាជ្ញាធរត្រូវតែរៀបចំទាំងសន្តិសុខ ទាំងសុវត្ថិភាព ជាមួយនឹងសណ្ដាប់ធ្នាប់សាធារណៈ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ បានឯកភាពទាំងស្រុងចំពោះផែនការ នៃការរៀបចំសុវត្ថិភាព សន្តិសុខ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ខាងលើនេះបន្ថែមលើនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ នៅក្នុងមូលដ្ឋាន របស់ខ្លួនអោយបានល្អ ពិសេសជាងនេះទៀត គឺ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានស្អាតល្អ ដោយសារថា នេះគឺជាមុខមាត់ដ៏ធំធេងមួយ សម្រាប់រាជធានីភ្នំពេញ ខណៈដែរប្រតិភូ មកស្នាក់នៅ និងដើរកំសាន្តនៅក្នុងរាជធានីភ្នំពេញផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ការធ្វើឱ្យបាត់បង់នូវសណ្ដាប់ធ្នាប់តាមដងទន្លេ ក៏ជាបញ្ហាមួយដែលត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំនោះដែរ ដោយបែរត្រី ទូក កាណូត ស្នាក់នៅមួយចំនួន បានចតអនាធិបតេយ្យនៅតាមដងទន្លេសាប។ ជុំវិញបញ្ហានេះ អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យសំអាត និងរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេអោយបានស្អាត ដោយត្រូវបង្កើតក្រុមការងារ មានទាំងអាជ្ញាធរ កម្លាំងប៉ូលីស ប៉េអ៊ឹម យកបែរត្រី ទូក និងកាណូតទាំងនេះចេញ ដោយអនុវត្តន៍ឱ្យបានសម្រេចរួចរាល់ក្នុងរយៈពេល៣ខែ ដែលមាននៅក្នុងខណ្ឌព្រែកព្នៅ ឬស្សីកែវ ជ្រោយចង្វា និង ខណ្ឌមួយចំនួនទៀតតាមមាត់ទន្លេ។

គួររំលឹកថា នេះជាលើកទីមួយហើយដែលកម្ពុជា នឹង ធ្វើ ជា ម្ចាស់ ផ្ទះ រៀបចំ កិច្ច ប្រជុំ អាស៊ី អឺរ៉ុប លើក ទី ១៣ នៅ ឆ្នាំ ២០២០ ខាង មុខ ខណ:កិច្ចប្រជុំដូចនេះ ត្រូវបានរៀបចំជារៀងរាល់ ២ឆ្នាំម្ដង។ នេះ គឺ ជា ការ សម្រេច របស់ កិច្ច ប្រជុំ កំពូល អាស៊ី អឺរុប ឬ ហៅ កាត់ ថា ASEM លើក ទី ១២ ។ កិច្ច ប្រជុំ ASEM លើក ទី ១២ ដែល បាន បិទ បញ្ចប់ កាលពី យប់ ថ្ងៃ ទី ១៩ ខែ តុលា នេះ ម៉ោង ក្នុង ប្រទេស កម្ពុជា ។ ប្រមុខ រដ្ឋាភិបាល កម្ពុជា ដែល បាន ដឹកនាំ គណៈ ប្រតិភូ ទៅ ចូលរួម កិច្ច ប្រជុំ អាស៊ី អឺរុប លើក ទី ១២ នៅ ទី ក្រុង ព្រុចសែល នាពេលនេាះ បាន បង្ហាញ មោទនភាព ក្នុង ការ ទទួល ធ្វើ ជា ម្ចាស់ ផ្ទះ លើក ដំបូង និង បាន អញ្ជើញ តំណាង ប្រទេស នានា ចូលរួម ប្រជុំ នៅលើ ទឹក ដី កម្ពុជា ៕

សាលាបង្រៀនឯកជនយីហោ “ពន្លកខ្មែរ” យកទ្រូងផ្លូវធ្វើអាជីវកម្មរាប់ឆ្នាំអាជ្ញាធរទើបតែដឹង

ខេត្តបន្ទាយមានជ័យ ៖ សាលារៀនឯកជនយីហោ “ពន្លកខ្មែរ” យកទ្រូងផ្លូវ១ចំហៀងធ្វើអាជីវកម្មរាប់ឆ្នាំ អាជ្ញាធរនៅមិនទាន់មានវិធានការទប់ស្កាត់ ទុកឲ្យពលរដ្ឋធ្វើការរិៈគន់ និងធ្វើឲ្យចង្អៀតផ្លូវ បង្កការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ ។សាលារៀនឯកជន ពន្លកខ្មែរដ៏ធំមួយនេះ ស្ថិតនៅក្នុងទីប្រជុំជន ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ការយកដីផ្លូវមួយចំហៀងជាយូរឆ្នាំមកនេះ នាយកសាលារៀន ពន្លកខ្មែរ លោក យូ សុខហេង បានប្រាប់តាមទូរសព្ទនៅព្រឹកថ្ងៃទី៤ ខែមីនា នេះថា ការយកដីផ្លូវ គ្រាន់តែជាការធ្វើបណ្តោះអាសន្នតែប៉ុណ្ណោះ លោកមិនបានយកដីផ្លូវធ្វើជាកម្មសិទ្ធឡើយ។ លោកបានអះអាងថា ប្រជាពលរដ្ឋមិនដែលក្តៅក្រហាយ និងមិនបានរិៈគន់អ្វីឡើយ ហើយលោកក៏ជាអ្នកជួយបក្សច្រើនផងដែរ។
ចំពោះការរិៈគន់ ទៅលើសាលារៀនឯកជន ដែលយកទ្រូងផ្លូវមួយចំហៀងធ្វើជាប្រយោជន៍អាជីវកម្មរបស់ខ្លួននេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី៤ មីនា នេះថា លោកទើបតែដឹងព័ត៌មាននេះ ពីអ្នកសារព័ត៌មាននៅព្រឹកមិញតែប៉ុណ្ណោះ លោកបានចាត់ឲ្យក្រុមការងារថ្នាក់សង្កាត់ចុះទៅមើលហើយ។

លោកបញ្ជាក់ថា ការរំលោភដី ត្រូវតែអនុវត្តទៅតាមច្បាប់ មិនទាក់ទងរឿងជួយបក្សនោះទេ ហើយមិនត្រូវអាងរឿងជួយបក្ស រំលោភច្បាប់នោះដែរ៕

ក្រសួង​ព័ត៌មាន​អំពាវនាវ​សាធារណជន​ និង​អ្នកសារព័ត៌មាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន ក្លែងក្លាយ​ទាក់ទង Covid-19

​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បានចេញ​នូវ​សេចក្តីជូនដំណឹង​មួយ​ដោយ​អំពាវនាវ​ដល់​សាធារ​ណ​ជន​ស្ថាប័ន​ពាក់ព័ន្ធ សំខាន់​អ្នកសារព័ត៌មាន​ទាំងអស់​ចូលរួម​ប្រយុទ្ធប្រឆាំង​និង​ព័ត៌មាន ក្លែងក្លាយ​ពិសេស​ព័ត៌មាន​ទាក់ទង​នឹង​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​ថ្មី​ឬ Covid-19 ។​

​ទន្ទឹម​នោះ​ក្រសួង​ក៏​ស្នើ​ឲ្យ​បញ្ឈប់​ការចែករំលែក​បន្ត ( Share ) រាល់​ព័ត៌មាន​ដែល​គ្មាន​ប្រភព ច្បាស់លាស់​ និង​ធ្វើការ​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ៕

 

ពលករ​ថៃ​៥ពាន់​នាក់ នៅកូរ៉េខាងត្បូង​ចង់មក​ប្រទេស​វិញ ខណៈ COVID-19 រីករាលដាលខ្លាំង

បាងកក ៖ ក្រសួង​ការបរទេស​ថៃ បាន​ឱ្យដឹងថា ការិយាល័យ​អន្តោប្រវេសន៍​កូរ៉េខាងត្បូង បាន​ផ្តល់​ព័ត៌មាន​ថា ពលករថៃ​ប្រមាណ ៥ពាន់នាក់ បានដាក់ពាក្យស្នើសុំមកកាន់ប្រទេសកំណើតវិញ គិតចាប់ពី​ថ្ងៃទី១ ខែមីនា ឆ្នាំ​២០២០មក។ នេះបើយោងតាមសារព័ត៌មាន Bangkokpost។

យ៉ាងណាមិញ បើតាម​លោក​នាយករដ្ឋមន្រ្តី​ថៃ លោក ​ប្រាយុទ្ធ ចាន់អូចា វិញ ជឿជាក់ថា មានពលករថៃ​ប្រមាណ ១ម៉ឺននាក់​ឯណោះ​ដែល​ចង់មកប្រទេសវិញ ដើម្បីគេចផុតពី COVID-19 ខណៈវីរុសកូរ៉ូណាថ្មីនេះ​កំពុងរីករាលដាលខ្លាំង​នៅកូរ៉េ​ខាងត្បូង។ ជាមួយ​គ្នានេះ លោក​បាន​បើកកិច្ចប្រជុំបន្ទាន់​នៅថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២០នេះ ដើម្បីពិភាក្សា​រកដំណោះស្រាយ​ចំពោះ​បញ្ហានេះផងដែរ។

លោក​ប្រាយុទ្ធ ថ្លែងយ៉ាង​ដូច្នេះ​ថា៖ «បញ្ហាគឺ​របៀប​គ្រប់គ្រង​ចំនួន​មនុស្ស​ដ៏ច្រើនសម្បើម​ប្រសិន​បើពួកគេទាំងអស់ ត្រូវបាន​ដាក់ឱ្យនៅម្តុំ។ ​រដ្ឋាភិបាល​ត្រូវ​តែ​ស្វែង​រក​វិធានការ​ដ៏សមស្រប។ ខ្ញុំ​ដឹងថា ប្រជាជន​គ្មាន​ទំនុកចិត្ត និងមានភាពភ័យខ្លាច ប៉ុន្តែ​មន្រ្តីសុខភាព​សាធារណៈ និង​គ្រូពេទ្យ គឺបាន​ត្រៀម​រៀបចំ​រួចរាល់ហើយ»៕

 

កំណាត់ផ្លូវជាតិលេខ៥ពីព្រែកក្តាម ដល់ធ្លារម្អមពោធិ៏សាត់ សម្រេចបាន ១៥ភាគរយ

ភ្នំពេញ ៖ ទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា ចៃកា នៅថ្ងៃទី៤ មីនា នេះ បានដឹកនាំអ្នកកាសែតចំរុះស្ថាប័ន មានទាំងវិទ្យុ ទូរទស្សន៏កាសែត និងសារព័ត៌មានអនឡាញ ជិត៣០នាក់ ទស្សនកិច្ចគម្រោងជំនួយអភិវឌ្ឍផ្លូវការ របស់រដ្ឋាភិបាលជប៉ុន នៅតាមកំណាត់ផ្លូវជាតិលេខ៥។ បើតាមមន្ត្រីចៃកាកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់ធ្លារម្អមពោធិ៏សាត់ សម្រេចបានជាង២០ភាគរយ។

កំណាត់ផ្លូវផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ដល់ធ្លារម្អម ខេត្តពោធិ៍សាត់ដែលជាផ្នែកខាងត្បូងមានប្រវែងសរុប ១៣៥គីឡូម៉ែត្រ មកដល់ពេលនេះ សម្រេចបានប្រមាណ១៥ភាគរយហើយ។ បើតាមន្ត្រីគម្រោងចៃកា ផ្នែកខាងត្បួងនេះកំពុងអនុវត្តការសាងសង់ជាបីកញ្ចប់ ដែលកញ្ចប់សាងសង់ទី១ និងទី ២បានអនុវត្តដោយក្រុមហ៊ុន Sumitomo Mitsui Construction and world kaihatsu kogyo joint venture មានប្រវែង ៤១គីឡូម៉ែត្រ (កញ្ចប់ទី១)និង ៤២គីឡូម៉ែត្រ(កញ្ចប់ទី២) ស្របពេលដែលការសាងសង់ក្នុងកញ្ចប់ទី៣ អនុវត្តដោយក្រុមហ៊ុន Hanshin Engineering and construction មានប្រវែង ៥១គីឡូម៉ែត្រ។ គិតត្រឹមខែមករាឆ្នាំ ២២០២ ការសាងសង់ក្នុងកញ្ចប់ទី១ សម្រេចបាន ១១.៤% កញ្ចប់ទី២ សម្រេចបាន ១៣.៩ភាគរយ និងកញ្ចប់ទី៣ សម្រេចបាន១១.៦%។

កំណាត់ផ្លូវជាតិលេខ៥ នឹងត្រូវពង្រីកជា ៤គន្លង ដែលមានសួនពុះចែកទ្រូងផ្លូវចំនួន ៣ម៉ែត្រ ជាមួយរនាំងដែកពុះចែកទ្រូងផ្លូវ និងបរិក្ខារសុវត្ថិភាពជាច្រើនផ្សេងទៀត។ ក្នុងនោះផងដែរការសាងសង់កំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាម ទៅដល់ធ្លារម្អម នឹងត្រូវធ្វើការសាងសង់ផ្លូវវៀងក្រុង ចំនួនពីរកន្លែង ទី១គឺផ្លូវវាងក្រុងនៅផ្សារឧដុង្គ ប្រវែង២៣គីឡូម៉ែត្រ និងផ្លូវវាងក្រុងកំពង់ឆ្នាំងប្រវែង១២ គីឡូម៉ែត្រ។ ជាមួយគ្នានេះ ក៏មានការសាងសង់ស្ពានថ្មីចំនួនពីរជួសជុលពង្រីកស្ពានចាស់ចំនួន១៣ កន្លែងនឹងសាងសង់ជំនួសស្ពានចាស់ ១៨ កន្លែង។

បើតាមមន្ត្រីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនឲ្យដឹងថា គម្រោងនេះនឹងបង្កើនសមត្ថភាពដឹកជញ្ជូននិងកែលម្អប្រសិទ្ធភាពភស្តុភាកម្ម នៅកំណាត់ផ្នែកព្រែកក្តាម ដល់ធ្លារម្អម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ព្រំដែនប្រទេសថៃ តាមរយៈការកែលម្អស្ថានភាពផ្លូវ ដើម្បីរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។

សូមជម្រាបផងដែរថា កំណាត់ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយដ៏សំខាន់នៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្សារភ្ជាប់សកម្មភាពក្នុងតំបន់ជាមួយការរីកចំរើន យ៉ាងឆាប់រហ័ស នៃប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ។ គួរបញ្ជាក់ថា កំណាត់ផ្លូវផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ដល់ធ្លារម្អម ខេត្តពោធិ៍សាត់ ត្រូវបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ២០១៨ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនាឆ្នាំ ២០២២៕

រដ្ឋាភិបាលម៉ាឡេស៊ីសន្យាផ្តល់ជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយសារមីននៅកម្ពុជា

ភ្នំពេញ ៖ តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី បានសន្យាថា នឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារមីន និងកាកសំណល់ សង្រ្គាម ដែលជំនួយនេះ នឹងចាប់ផ្តើមចាប់ពីអំឡុងឆ្នាំ២០២០ នេះតទៅ។

លោកទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១អាជ្ញាធរមីន បានថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មាន ក្រោយពីកិច្ចជំនួបជាមួយលោក ELDEEN HUSAINI MOHD HASHIM កអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នេះ លោក លី ធុច បានលើកឡើងថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងជួយដល់ជនរងគ្រោះកម្ពុ ជាដោយសារមីន ដើម្បីជួយលើកកម្ពស់ការរស់នៅរបស់ពួកគេឲ្យកាន់តែល្អប្រសើបន្ថែម ទៀតនោះ។
លោកបានលើកឡើងថា នៅចុងសប្តាហ៍នេះ ភាគីកម្ពុជា និងភាគីម៉ាឡេស៊ីនឹង បន្តពិភាក្សាគ្នាទៀតថា តើរដ្ឋាភិបាលម៉ាឡេស៊ីត្រូវជួយយ៉ាងម៉េច និងកម្រិតណា ហើយ នឹងតម្រូវឲ្យមានលក្ខណ្ឌអ្វីខ្លះដែលត្រូវនិយាយគ្នា រួមទាំងផ្តល់តាមរយៈណាឲ្យងាយស្រួល ដល់ជនរងគ្រោះនោះ។

យ៉ាងណាក៏ដោយលោកទេសរដ្ឋមន្រ្តី លី ធុច មិបានបញ្ជាក់ថា ការជួយរបស់ប្រទេសម៉ាឡេស៊ីមានត្រឹមកម្រិតណានោះទេ ខណៈដែលប្រទេសកម្ពុជាមានជនរងគ្រោះច្រើនដែលកើតចេញពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោយសារតែសង្រ្គាមផ្ទៃក្នុងរបស់ ខ្លួនជាច្រើនទសវត្សន៍នោះ៕

ចំនួន​អ្នកស្លាប់​ដោយ Covid-19 នៅ​អ៊ីតាលី​កើន​ដល់​៧៩​នាក់​

​អ៊ីតាលី ​៖ ក្រុមមន្ត្រី​នៅ​ប្រទេស​អ៊ីតាលី​បាន​និយាយថា ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ Covid-19 នៅក្នុង​ប្រទេស​អ៊ីតាលី​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល ២៤​ម៉ោង​រហូតដល់ ៧៩​នាក់​ភាគច្រើន​រហូតមកដល់​ពេលនេះ​ក្រៅប្រទេស​ចិន​។​

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ចំនួន​ករណី​ឆ្លង​វីរុស​នៅក្នុង​ប្រទេស​អ៊ីតាលី ដែលជា​ចំណុចកណ្ដាល​នៃ​ការផ្ទុះ​ជំងឺ Covid-19 នៅ​តំបន់​អឺរ៉ុប​ដែល​កើនឡើង​ប្រហែល​ពី ៥០០​ករណី​ទៅដល់ ២៥០២​ករណី ដោយ​ភាគច្រើន​នៃ​ករណី​ឆ្លង និង​ការបាត់​បង់ជីវិត​បាន​កើតឡើង​នៅ​ភាគ​ខាងជើង​តំបន់​ឡុំ​បា​ឌី​។

​ក្រសួងការពារជាតិ​អ៊ីតាលី​កំពុងផ្តល់​បន្ទប់ និង​គ្រែ​រាប់ពាន់​សម្រាប់​អ្នក​ដែល​នឹងធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ជំងឺ Covid-19 ហើយនឹង​ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​។ កងទ័ពជើងគោក និង​កងទ័ពអាកាសរ​បស់​អ៊ីតាលី​កំពុង​រៀបចំ​អគារ ២​កន្លែង​នៅក្នុង​ខេត្ត​មី​ឡាន ក្នុងករណី​មាន​ចំនួន​មនុស្ស​ច្រើន​លើស​កំណត់ នៅតាម​មន្ទីរពេទ្យ​ក្នុង​ខេត្ត​មី​ឡាន​នេះ​៕

 

សម្តេច ហ៊ុន សែន ប្រតិកម្មចំពោះការនាំយករបាំព្រះរាជទ្រព្យទៅសំដែងនៅសិង្ហបូរី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញប្រតិកម្ម និងបង្ហាញនូវការសោកស្តាយ ចំពោះការយករបាំព្រះរាជទ្រព្យរបស់ខ្មែរ ទៅសម្តែងនៅប្រទេសសិង្ហបុរី ដែលធ្វើឱ្យខុសនឹងវប្បធម៌ ប្រពៃណីខ្មែរ ហើយជាការប្រមាថដល់វប្បធម៌ខ្មែរ រាជវង្សានុវង្ស និងអង្គព្រះមហាក្សត្រ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រតិកម្មខ្លាំង ដោយប្រកាសថា មិនអាចទទួលយកបានចំពោះការយករបាំព្រះរាជទ្រព្យរបស់ខ្មែរទៅសំដែងខុសទំរង់នៅក្នុងកម្មវិធីមួយនៅសិង្ហបុរី។ ខុសទម្រង់ ដោយសារការសំដែងរបាំព្រះរាជទ្រព្យធ្វើនៅពីក្រោយគ្រូហុងស៊ុយជនជាតិម៉ាឡេស៊ី ដែលទើបចូលសញ្ជាតិសឹង្ហបុរ។ ធ្ងន់ធ្ងរ រហូតធ្វើឲ្យសម្តេច មិនអាចទទួលយកបាន បុរសជាគ្រូអូមអាមរូបនេះ បានបន្តុះបង្អាប់ និងវាយប្រហារព្រះបរមរាជវាំងយ៉ាងធ្ងន់ធ្ងរ»។

កាលពីសប្តាហ៏មុន ប្រតិភូមួយក្រុមដឹកនាំដោយលោក យាង វណ្ឌី ប្រធានក្រុមព្រះសូរិយា បាននាំក្រុមរបាំកម្ពុជា មានទាំងរបាំអប្សរា របាំក្ងោក និងរបាំព្រះរាជទ្រព្យ ទៅសំដែងនៅសឹង្ហបុរី។ លោក យាង វណ្ឌី កាលពីថ្ងៃទី១ ខែមីនា កន្លងទៅ ត្រូវបានសម្តេចតេជោ ចេញអនុក្រិតបញ្ចប់តំណែងពីជំនួយការរបស់ ឯ.ឧ ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទំនងដោយសាររឿងរ៉ាវពាក់ព័ន្ធនឹងនេះដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ហាមជនបរទេសរូបនេះ កុំឱ្យចូលក្នុងប្រទេសកម្ពុជា បើសិនបរទេសរូបនេះមិនធ្វើការសុំទោសជាសាធារណៈទេនោះ។ សម្តេចសង្កត់ធ្ងន់ថា ក្នុងឋានៈជាប្រមុខ នៃរាជរដ្ឋាភិបាល មិនអាចទទួលយកបានទេនូវការធ្វើឱ្យអាប់ឱននូវមរតកដូនតាដែលបានបន្សល់ទុកជាពិសេស គឺរបាំព្រះរាជទ្រព្យ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា របាំព្រះរាជទ្រព្យជារបស់ជាតិខ្មែរទាំងមូល ដូច្នេះត្រូវរកឱ្យឃើញ បើទោះបីអ្នកដែលនាំរបាំព្រះរាជទ្រព្យ ទៅសម្តែងនៅសិង្ហបុរី ជាព្រះរាជវង្សានុវង្ស ក៏ត្រូវតែយាងព្រះរាជវង្សានុវង្សនោះ ឱ្យក្រសួងវប្បធម៌ ដើម្បីឱ្យក្រសួងធ្វើការណែនាំ ហើយមិនអាចតាំងខ្លួនជាព្រះរាជវង្សានុវង្ស នាំរបាំងសិល្បៈខ្មែរទៅបំផ្លាញនោះទេ។ សិល្បៈនេះ គឺជារបស់ប្រជាជាតិកម្ពុជា មិនមែនជារបស់សែរាជវង្សអង្គណាមួយនោះទេ ហើយអង្គព្រះមហាក្សត្រ ទ្រង់មិនដែលទុករបាំណាមួយជារបស់ទ្រង់ផ្តាច់មុខនោះដែរ។

នាយករដ្ឋមន្រ្តីកម្ពុជា ក៏ដាក់បទបញ្ជាដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យពង្រឹងវិន័យដល់អ្នកសិល្បៈការគោរពវិស័យសិល្បៈជាតិខ្មែរឱ្យបានហ្មត់ចត់ ហើយសម្តេចគាំទ្រឱ្យយក សិល្បៈកម្ពុជា ទៅសម្តែងនៅក្រៅប្រទេស ប៉ុន្តែមិនមែនយកទៅធ្វើឱ្យអាប់ឱននោះទេ។

សូមជម្រាបថា របាំព្រះរាជទ្រព្យ មានប្រវត្តិក្នុងព្រះរាជាណាចក្រកម្ពុជារាប់ពាន់ឆ្នាំមកហើយ និងបន្តវត្តមានរហូតមកដល់សព្វថ្ងៃ។ របាំព្រះរាជទ្រព្យ ជាស្នាដៃឯកតែមួយគត់គ្មានពីរ ឬវិសេសវិសាលចំពោះប្រពៃណីវប្បធម៌ អរិយធម៌ និងបំពេញគ្រប់លក្ខខណ្ឌជាច្រើនទៀត ទើបអាចជាប់ឈ្មោះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ក្នុងឆ្នាំ២០០៣។ ចំពោះកម្ពុជា សរុបមកទល់បច្ចុប្បន្នមានសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់៥ ដែលក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី២ និងសម្បត្តិវប្បធម៌អរូបី៣៕

 

សម្តេច ហ៊ុន សែន ស្នើឲ្យអ្នកសិល្បៈបញ្ឈប់ការជេរគ្នាតាមហ្វេសប៊ុក និងការស្លៀកពាក់ស៊ិចស៊ីហួសហេតុ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ៣ មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមប្រារព្ធធ្វើទិវាវប្បធម៌ឲ្យបាន៣៦៥ថ្ងៃក្នុងមួយឆ្នាំ ព្រោះការលើកស្ទួយសិល្បៈ វប្បធម៌ មិនមែនត្រឹមតែថ្ងៃ៣ មីនានោះទេ។ សម្តេចក៏អំពាវនាវឲ្យសិល្បករ សិល្បការនី គួរកាត់បន្ថយការស្លៀកពាក់ស៊ិចស៊ីហួសហេតុនៅពេលសំដែងលើឆាក និងស្នើឲ្យ បញ្ឈប់ការជេរគ្នាតាមហ្វេសប៊ុកផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បានអង្វករដោយទទូចចំពោះសិល្បការិនី សូមកាត់បន្ថយការស្លៀកពាក់បែបស៊ិចស៊ីហួសហេតុ នៅលើកញ្ចក់ទូរទស្សន៏ ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ជាតិ។ សម្តេចតេជោ ថែមទាំងស្នើសិល្បករ សិល្បការិនីទាំងអស់ បញ្ឈប់ការជេរ ប្រមាថគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក ព្រោះខ្លួនជាអ្នកអប់រំសាធារណៈជន។ សម្តេចតេជោ សង្កត់ធ្ងន់ធ្ងរថា សិល្បករ សិល្បការិនីអ្នកអប់រំ និងជាអ្នកមានឥទ្ធិពលក្នុងសង្គម រាល់ទង្វើ និងការស្លៀកពាក់ ត្រូវ រក្សាឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ សម្តេចតេជោ បានអំពាវនាវឲ្យសិល្បករ-សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃចម្រៀង ស្នាដៃភាពយន្ត ស្នាដៃរូបភាព ស្នាដៃអក្សរសាស្ត្រ ស្នាដៃអក្សរសិល្បិ៍ និងស្នាដៃវប្បធម៌ដទៃៗទៀត ទាំងស្នាដៃ ដែលមាន មរតកសាសន៍ និងគ្មានមរតកសាសន៍មកផលិតឡើងវិញដោយពុំបានសុំការអនុញ្ញាតពីម្ចាស់សិទ្ធិឬពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

សម្តេចតេជោបានបង្ហាញនូវការគាំទ្រចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងក្រសួងព័ត៌មាន តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាព-យន្តភាគខ្មែរនាពេលកន្លងមក។ សម្តេចតេជោ អំពាវនាវ ឲ្យក្រុមហ៊ុនឯកជនចូលរួមឧបត្ថម្ភភាពយន្តខ្មែរ ដើម្បីធ្វើឲ្យភាពយន្តខ្មែរទទួលបានភាពល្បីល្បាញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យសិល្បករ សិល្បការិនី សិស្ស និស្សិត ក្លាយជាសកម្មជនអប់រំគ្រួសារ មិត្តភ័ក្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយធ្វើយ៉ាងណាខិតខំការពារ និងធ្វើអនាម័យ ពិសេសសិល្បករ សិល្បការិនីសូមធ្វើជាសកម្មជនក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងបំពុលរឿងវីរុសថ្មីកូរ៉ូណា។

កាលពីថ្ងៃច័ន្ទសប្តាហ៏នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអ្នកចែកចាយនិងបង្ហោះព័ត៌មានក្លែងក្លាយ ថាជាជនទុច្ចរិត និងត្រូវមានវិធានការច្បាប់ ចំពោះនោះ ត្បិតព័ត៌មានក្លែងក្លាយ បានបំភ័យប្រជាពលរដ្ឋឲ្យមានការរើស អើង និងភ័យខ្លាច៕

តុលាការចាប់ផ្តើមនីតិវិធីសំណុំរឿងនាវាMT-COURAGEOUS រំលោភដែនសមុទ្រកម្ពុជា

ខេត្តព្រះសីហនុ ៖ នាវិក១៦នាក់នៃនាវា MT-COURAGEOUS ដែលបានល្មើសចូលដែនទឹកកម្ពុជាកាលពីចុងខែកុម្ភៈ កន្លងទៅ ត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះសីហនុរួចហើយ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ដើម្បីបន្តនីតិវិធី ។នេះបើតាមកការបញ្ជាក់របស់អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក តេង សួន។

លោក តេង សួន បានប្រាប់ ថា នៅព្រឹកនេះ សមត្ថកិច្ចបានបញ្ជូននាវិកនៃនាវា MT-COURAGEOUS ចំនួន ១៦នាក់ ក្នុងនោះមាន ១២នាក់ជាជនជាតិមីយ៉ាន់ម៉ា និង៤នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ី ទៅតុលាការខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា នាវិកទាំងនោះបញ្ជាកប៉ាល់ល្មើសចូលលើដែនទឹកកម្ពុជា កាលពីចុងខែមុន។

លោកឧត្តមសេនីយ៍ឯក តេង សួន ៖ «យើងបានបំពេញបែបបទគ្រប់ជ្រុងជ្រោយដាក់ជូនតុលាការ ដាក់ជូនព្រះរាជអាជ្ញា ដើម្បីចោទប្រកាន់ អនុវត្តតាមនីតិវិធីច្បាប់ហើយ»។

យោងតាមគេហទំព័រ vesselfinder.com កប៉ាល់ MT-COURAGEOUS ដែលមានលេខសំគាល់ IMO 8617524 ជាប្រភេទកប៉ាល់ដឹកប្រេង បំពាក់ទង់ជាតិកាមេរ៉ូន។ កប៉ាល់នេះក៏មានឈ្មោះផ្សេងទៀតថា SEA PRIMA ដែលបំពាក់ទង់ជាតិប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីត St Kitts & Nevis។ ទោះជាយ៉ាងណា ក្នុងពេលដែលកប៉ាល់នេះចូលដែនទឹកកម្ពុជា កប៉ាល់នេះក៏បានបំពាក់ទង់ជាតិកម្ពុជាផងដែរ។ កប៉ាល់ដឹកសាំង MT-COURAGEOUS ដែលបានចូលដែនទឹកកម្ពុជាក្នុងចន្លោះកោះតាង និងកោះពូលូវ៉ៃ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នោះមិនមានការអនុញ្ញាតទេ។

លោក តេង សួន បញ្ជាក់ថា៖ «ជាទូទៅ កប៉ាល់អន្តរជាតិទៅដល់ប្រទេសណា វាត្រូវពាក់ទង់ជាតិប្រទេសហ្នឹង នេះជាច្បាប់អន្តរជាតិ។ ទីពីរ កប៉ាល់ដែលវាល្មើសច្បាប់ វាត្រូវមានគ្រប់លក្ខណៈ ដើម្បីត្រៀមបំរុង និងក្លែងបន្លំ ដើម្បីងាយស្រួលក្នុងការល្មើស បន្លំដល់សមត្ថកិច្ចដែលធ្វើការតាមដែនសមុទ្រ»។

បើតាមសេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិកម្ពុជា បញ្ជាក់ថា នាវានេះធ្លាប់ធ្វើការផ្ទេរទំនិញពីនាវាទៅនាវា ឬទៅទូកដឹកទំនិញរបស់កូរ៉េខាងជើង ដែលត្រូវបានចាត់ទុកជាសកម្មភាពបំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែលបានអនុម័តកាលពីឆ្នាំ២០១៧។

អ្នកនាំពាក្យអយ្យការនៃសាលាដំបូងខេត្តព្រះសីហនុ ព្រះរាជអាជ្ញារង លោក លឹម ប៊ុនហេង មានប្រសាសន៍ប្រាប់VOD នៅរសៀលម៉ោង២នេះថា អយ្យការបានទទួលសំណុំរឿងនេះហើយ និងកំពុងទទួលចាត់ការ.

គួររំឭកថា កប៉ាល់ MT-COURAGEOUS នេះ មានផ្ទុកនាវិកចំនួន១៦នាក់ និងបានចាកចេញពីកំពង់ផៃ KAO HSIUNG នៃកោះតៃវ៉ាន់កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅ និងបានបោះយុថ្កាបំពានដែនទឹកកម្ពុជាកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០៕

ចំនួនអ្នកឆ្លង COVID-19 នៅអាល្លឺម៉ង់កើនដល់ជិត២០០នាក់

ប៊ែរឡាំង ៖ ក្រុមជំនាញអាល្លឺម៉ង់រកឃើញថា អ្នកមានផ្ទុកមេរោគ COVID-19 បានកើនឡើងដល់១៨៨នាក់ហើយ ដែលករណីឆ្លងភាគច្រើនគឺកើតមាននៅក្នុងរដ្ឋ ណតស៍រ៉ាញវែសផេលៀ (North-Rhine Westphalia) ជាទីដែលវីរុសកូរ៉ូណាថ្មីនេះ ផ្ទុះករណីឆ្លងដំបូង។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

យោងតាមវិទ្យាស្ថានគ្រប់គ្រង់ និងទប់ស្កាត់ជំងឺឆ្លងអាល្លឺម៉ង់ហៅកាត់ថា RKI បានឲ្យដឹងថា «ពេលនេះអាល្លឺម៉ង់កំពុងតែប្រឈមមុខជាមួយវីរុស ដែលបានរីករាលដាលទៅកាន់ផ្នែកជាច្រើន នៅលើសកលលោករួចទៅហើយ ដោយវាប្រហែលជាមិនងាយរលាយបាត់ទៅវិញនោះទេ។ ប្រទេសអាល្លឺម៉ង់នឹងខិតខំ ឲ្យអស់ពីសមត្ថភាពតែម្តង ដើម្បីកាត់បន្ថយអត្រាឆ្លងរាលដាល ឲ្យបានយ៉ាងហោចណាស់ក្នុងអំឡុងប៉ុន្មានសប្តាហ៍ ឬខែខាងមុខ…»។

អាជ្ញាធរអាល្លឺម៉ង់បានចាត់វិធានការ ត្រួតពិនិត្យសុខភាព ទៅលើអ្នកដំណើរដែលចូលមកកាន់ប្រទេសនេះ ជាពិសេសអ្នកដំណើរ ពីប្រទេសដែលកំពុងមាន ការឆ្លង COVID-19 ខ្លាំងក្លាជាងគេ។ មិនខុសពីប្រទេសមួយចំនួននោះឡើយ បុគ្គលិកក្រុមហ៊ុន មន្ត្រីរដ្ឋាភិបាល ឬក៏ថ្នាក់រៀនមួយចំនួន ត្រូវបានណែនាំឲ្យប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីបំពេញការងារ និងសិក្សារៀនសូត្រពីផ្ទះជាបណ្តោះអាសន្ន ដើម្បីបង្ការការឆ្លងមេរោគនេះ៕

 

សម្តេចតេជោណែនាំ​ក្រសួង​វប្បធម៌​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​មហោស្រព​សិល្បៈ​យុវជនទូ​ទាំង​ប្រទេស​ឱ្យ​ផុលផុស​

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្រើនរំលឹក​ទៅកាន់ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ត្រូវ​សហការ​ឱ្យ​បាន​ជិតស្និទ្ធ ជាមួយ​ក្រសួង​ស្ថាប័ន អាជ្ញាធរ​ដែនដី រៀបចំ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឱ្យបាន​ផុលផុស បំផុស​ស្មារតី​ទិវា​វប្បធម៌​ជាតិ ឱ្យ​កាន់តែ​សកម្ម​។​

​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​មានប្រសាសន៍​យ៉ាង ដូច្នេះ ក្នុង​ឱកាស​អញ្ជើញ ជា​អធិបតី ក្នុង​ពិធី អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣ មីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​“​យុវជន​ដើម្បី​វប្បធម៌​ជាតិ​“​និង​ពិធី​បិទ​ម​ហោ ស្រព សិល្បៈ យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី​៦​និង​ការ​សំណេះសំណាល​ជាមួយ​សិល្បករ សិល្ប​ការិនី​ជិត​៤​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​ កោះ​ពេជ្រ​នា​រសៀល​ថ្ងៃ​ទី​៣​មីនា​នេះ​។​

​​ជា​មួយនឹង​ការ​ឧទ្ទិស «​ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី ២២» ចំពោះ គុណូបការៈ​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ ក្នុងនាម​រាជរដ្ឋាភិបាល​សម្តេច បានផ្តល់​ការណែនាំ​ឱ្យក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​ត្រូវ​បន្ត​សហការ ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ឤ​ជ្ញា​ធរ​ដែនដី អង្គការ​ជាតិ​-​អន្តរជាតិ និង វិស័យ​ឯកជន ព្រមទាំង​អង្គការ​មហាជន​និង​សមាគម​សិល្បៈ​នានា ដើម្បី​រៀបចំ «​មហោស្រព សិល្បៈ​យុវជន​ទូទាំង​ប្រទេស​»​និង បំផុសស្មារតី «​ទិវា​វប្បធម៌​ជាតិ​» ឱ្យបាន​កាន់តែ​សកម្ម និង ផុសផុល​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​, បន្ត​និង​បង្កើត​នូវ​យន្តការ​ថ្មីៗ ដើម្បីឱ្យ​កូន​ខ្មែរ ឤ​ច​មានលទ្ធភាព​បង្កើត ស្នាដៃ​សិល្បៈ វប្បធម៌​ថ្មីៗ​របស់ខ្លួន​។

​​សូម​បញ្ជាក់ថា ទិវា​វប្បធម៌​ជាតិ​៣​មីនា​ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេសជាតិ ដែលជា​និច្ចកាល រាជរដ្ឋាភិបាល បា ន​យកចិត្តទុកដាក់ រៀបចំ​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល របស់​បុព្វ បុ​រ ស​នៃ យើង​ដែល​បាន​បន្សល់ទុក នូវ​មរតក​វប្បធម៌​ដ៏​សម្បូរបែប និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​ការ​ប្រារព្ធ​វប្បធម៌​ជាតិ ជាការ​ជំរុញ​ការផ្សព្វផ្សាយ ការផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស និង ទេពកោសល្យ​វប្បធម៌ ក៏ដូចជា​ក្រើនរំលឹក បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ និង​មនសិការ​ស្នេហា​ជាតិ ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស យុវជន​ដែលជា​ទំពាំង​ស្នង​ឫស្សី ដែលមាន​កាតព្វកិច្ច​ថែរក្សា​ការពារ ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​នូវ​សម្បត្តិ​វប្បធម៌​ជាតិ និង​វប្បធម៌​ចម្រុះ​នៃ សហគមន៍​ជាតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​រក្សា​បាន​នូវ​ឯកភាពជាតិសាមគ្គីភាព សន្តិភាព និង​ការអភិវឌ្ឍ​៕

 

ខឹងគេវាយកូនខ្លួន មន្ត្រីប៉ូលិសម្នាក់ចូលទៅវាយយុវសិស្សវិទ្យាល័យជម្ពូវ័ន របួស ៥នាក់

ភ្នំពេញ ៖ មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ចោមចៅទី៣ ឃាត់ខ្លួនបន្ទាប់ពីបង្កហិង្សាដោយចូលទៅវាយសិស្សក្នុងសាលាវិទ្យាល័យ ជម្ពូវ័ន បណ្តាលអោយរងរបួស ៥នាក់ ដោយសារតែខឹងថា សិស្សទាំងនោះ បានវាយកូនស្រីរបស់ខ្លួនបណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៨និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅក្នុងវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនបង្កអុកឡុកក្នុងសាលារៀននោះឈ្មោះ ឈុំ សាវ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យមានកូនស្រីឈ្មោះ ផង់ ភិជ្ជនាផានុត អាយុ១៦ឆ្នាំ ថ្នាក់ទី១០B។

តាមយុវសិស្សសាលាបានឲ្យដឹងថា មុនកើតហេតុ មានយុវតីសិស្សសាលាមួយក្រុម បានឈ្លោះគ្នា វាយនិងក្រញ៉ៅគ្នាទៅវិញទៅមក ហើយត្រូវបានលោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យាបាលទី២ ហៅនាំភាគីសងខាងធ្វើការអប់រំ។ លុះក្រោយមកក៍បានដឹងទៅដល់ឈ្មោះ ឈុំ សាវ៉េត ត្រូវជាឪពុករបស់យុវតីឈ្មោះ ផង់ ភិជ្ជនាផានុត មកចូលដល់ក្នុងបរិវេណសាលា ផ្ទុះកំហឹងចូលទៅចាប់វាយសិស្សសាលាដែលជាភាគីគូទំនាស់ជាមួយកូនខ្លួន បណ្តាលឲ្យរងរបួស ៥នាក់ ក្នុងនោះមានម្នាក់របួសធ្ងន់ ។

តាមយុវតីឈ្មោះ ផង ភិជ្ជនាផានុត បានឲ្យដឹងថា មុនកើតហេតុ ម៉ោងចេញលេង ខ្លួនរួមជាមួយមិត្តភ័ក្រ បានដើរទៅន្លែងលក់ដូរ ដែលនៅខាងក្រោយសាលា ដើម្បី រកទិញអីហូប ក៍បានទាក់ពាក្យសម្តីជាមួយ ក្រុមយុវតីឈ្មោះ ស្រេង ចន្ទ្រា ដែលមានគ្នាច្រើនឈានដល់ប្រតាយប្រតប់គ្នា ត្រូវបានលោកគ្រូអ្នកគ្រូហៅទៅអប់រំសងខាង ។ លុះចេញមកវិញក៍ ឈ្លោះគ្នាជាថ្មីម្តងទៀតតែម្តងហើយឪពុករបស់ខ្លួនមកចាប់ឃាត់ ។

តាមសម្តីជនជាចោទឈ្មោះ ឈុំ សាវ៉េត បានឲ្យដឹងថា គាត់ពិតជាបានចូលទៅក្នុងបរិវេណសាលាជម្ពូវ័នមែន ក្រោយពីទទួលដំណឹងថាមានសិស្សសាលាវាយកូនស្រីរបស់គាត់ ហើយគាត់បានទៅឃាត់ក្នុងហេតុការមិនឲ្យឈ្លោះគ្នាទេ មិនបានវាយក្មេងឡើយ ។

ចំណែកក្មេងសិស្សសាលាវិញ បានឲ្យដឹងថា ជននោះមិនបានចូលទៅឃាត់ទេ ពេលទៅដល់ស្រែកឡូឡា ថា៖ « អាណាវាយកូនអញមិនបានឡើយ » ហើយថែមទាំងវាយទៅលើក្រុមយុវសិស្ស ជាគូរទំនាស់ជាមួយកូនគាត់ បណ្តាលឲ្យយុវសិស្ស៥នាក់រងរបួសក្នុងនោះមានស្រី៤នាក់និងសិស្សប្រុសម្នាក់ដោយម្នាក់ឈ្មោះ ស្រេង ចន្ទ្រា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី12G1 រងរបួសធ្ងន់កំពុងចូលសម្រាកនៅគ្លីនិក ឡាំប៊ុនថន។

បន្ទាប់ពីមានហិង្សាលោកគ្រូអ្នកគ្រូក៍បានប្តឹងនគរបាលឃាត់ខ្លួន អាណាព្យាបាលសិស្សម្នាក់ដែលជាមន្រ្តីនគរបាលបង្កហិង្សាដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ពីខែដើមឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកើនឡើង ២២ភាគរយ

ភ្នំពេញ ៖ យោងតាមរបាយការណ៍នាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញថា នៅក្នុង២ខែ ដើមឆ្នាំ២០២០ នេះ មានកំណើនជាង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈក្នុងខែកុម្ភៈ ការនាំចេញបានកើនឡើង៣ម៉ឺន៥ពាន់តោន ធៀបនឹងខែមករា ឆ្នាំ២០២០នេះ ។
តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេលពីរខែឆ្នាំ ២០២០នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន១៣៦.៤៩៩តោន កើនឡើងជាង២២ភាគរយ ធៀបនឹង២ខែកាលពីឆ្នាំ ២០១៩កន្លងទៅនេះ ។

ក្នុងរយៈពេល ២ខែដើមឆ្នាំនេះគឺ ប្រទេសចិនបានស្រូបយកចំណែកទីផ្សារនៃការនាំចេញអង្ករកម្ពុជាសរុបប្រមាណ ៣៧ភាគរយ សហគមន៍អឺរ៉ុបរួមទាំងអង់គ្លេស ៣០ភាគរយ ប្រទេសនៅក្នុងបណ្តាសហគមន៍អាស៊ាន ១៨ភាគរយ និងបណ្តាគោលដៅផ្សេងមានជាង១៤ភាគរយ ។

បើយើងក្រឡេកទៅមើលកំនើនក្នុងខែកុម្ភៈ ក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០១៩ ឃើញថាកំនើនទៅអ៊ឺរ៉ុប កើន ១២៦ ភាគរយ កើនពី ១ម៉ឺន៨០ តោន ទៅ ២២.៧៥៣តោន ។ ទីផ្សារប្រទេសចិន កើន ៣៣ភាគរយ ពី ពោលគឺកើនពី ២៧.១៨៦តោនទៅ ៣៦.០៨៥តោនតោន ទីផ្សារក្នុងប្រទេសអាស៊ាន ១១៩ភាគរយ កើនពី ៨.៨២៥តោនទៅ ១៩.៣៤៧តោន និងទីផ្សារផ្សេងកើន ពី៦.៧៧០តោន ទៅ៧.៨៦៤ តោន ។ ជារួមសំរាប់ខែកុម្ភៈ២០២០ កើន ៦៣ភាគរយ ធៀបទៅខែកុម្ភៈឆ្នាំ ២០១៩ ។

តាមសេចក្តីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា មានកក្តាជាច្រើនដែលជំរុញអោយមានការបញ្ជាទិញកើនឡើងដែលក្នុងនោះរួមមាន៖ទី១ ទីផ្សារសហគមន៍អឺរ៉ុប អាត្រាពន្ធនាំចូលបានធ្លាក់ចុះពី ១៧៥ អឺរ៉ូមកនៅ ១៥០ អឺរ៉ូ ។ទី២ កេរ្តិ៍ឈ្មោះអង្ករកម្ពុជាបានកំពុងកើនឡើង ក្រោយកិច្ចផ្សព្វផ្សាយ និងយុទ្ធនាការនានា លើការប្រឹងប្រែងរបស់កសិករកម្ពុជា លើការផលិតស្រូវសរីរាង្គ ការផលិតស្រូវដែលមាននិរន្តរភាព ការផលិតស្រូវដែលគោរព តាមគោលការណ៍សមធម៌ពាណិជ្ជកម្ម ជាដើម ។

កត្តាទី៣ដោយសំដៅលើទីផ្សារប្រទេសចិន ដោយសារតែប្រមុខរដ្ឋាភិបាលទាំងពីរ បានបង្ហាញពីចំណងមិត្តភាព និងធ្វើអោយចិនបានងាកមកទិញអង្ករកម្ពុជាកាន់តែច្រើនផងដែរ ។ ក្នុងនោះដែរ រដ្ឋាភិបាលចិន ក៏បានជួយផ្សព្វផ្សាយពីអង្ករកម្ពុជា ទៅកាន់ប្រជាជនចិន អោយសាកល្បងរស់ជាតិអង្ករកម្ពុជា ហើយក៏ទទួលបានការគាំទ្រនិងទទួលស្គាល់រស់ជាតិអង្ករកម្ពុជា ធ្វើអោយពាណិជ្ជករចិនបន្តនាំចូលអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ។

លោក យ៉ន សុវណ្ណ អគ្គនាយកក្រុមហ៊ុនបាយ័នសៀរៀល និងជាសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា អង្ករកម្ពុជាមានគុណភាពទើបមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិ ហើយ ទីផ្សារកម្ពុជាក៏កាន់តែរីកធំទៅកាន់ទីផ្សារពិភពលោកផងដែរ តែអ្វីដែលសំខាន់នោះ កសិករគួរតែដាំស្រូវប្រភេទណាដែលមានទីផ្សារសម្រាប់នាំចេញ ទៅកាន់អន្តរជាតិ ជាជាងធ្វើស្រូវដែលមិនមានទីផ្សារ ឬប្រភេទស្រូវដែលមានតម្រូវការតែក្នុងស្រុក តែមិនសូវមានតម្លៃខ្ពស់ ។លោកថា៖« ចិនកំពុងចាប់អារម្មណ៍អង្ករសែនក្រអូប ដែលដាំដុះនៅកម្ពុជា ហើយមានតែខេត្តប៉ុន្មានប៉ុណ្ណោះនៅកម្ពុជា ដែលអាចដាំស្រូវប្រភេទនេះបាន ។

ចំណែកស្រូវផ្សេងទៀតក៏មានតម្រូវការខ្ពស់ពីទីផ្សារអន្តរជាតិផងដែរ ដូច្នេះហើយកសិករ ត្រូវស្វែងយល់ពីបញ្ហានេះ និងមិនគួរស្រែកថាស្រូវធ្លាក់ថ្លៃ គឺធ្លាក់តែប្រភេទស្រូវដែលមានគ្មានទីផ្សារនៅលើឆាកអន្តរជាតិ ប៉ុណ្ណោះ » ។
បើយោងទៅតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទវិញ បានបង្ហាញផងដែរថា ក្នុងរយៈពេល២ខែ ដើមឆ្នាំនេះ ការនាំចេញកសិផលសរុបទៅកាន់ទីផ្សារបរទេសមានចំនួន ជាង១,៧លានតោន ក្នុងនោះកសិផលសំខាន់ៗ រួមមានអង្ករ ,ស្រូវ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត សណ្ដែក ចេក ផ្លែស្វាយ ម្រេច និងបន្លែស្រស់ជាដើម ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ វិនិយោគិនចិន បានដាក់ទុនបន្ថែម លើឡសម្ងួតនិងឃ្លាំងស្តុកស្រូវ របស់កសិករកម្ពុជា ដែលអាចអោយកម្ពុជាមានឃ្លាំង និងឡសម្ងួតកាន់តែច្រើន និងមានសមត្ថភាព ក្នុងការស្តុកស្រូវនិងកិនលក់ទៅកាន់ទីផ្សារបរទេស ។ ធ្វើដូចនេះ វានឹងអាចទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវរបស់កសិករ ហើយម្ចាស់រោងម៉ាស៊ីនកិនស្រូវក៏អាចធានាបាននូវស្រូវស្តុកទុកកិននាំចេញទៅកាន់ទីផ្សារប្រទេសក្រៅ នៅពេលមានតម្រូវការពីទីផ្សារទាំងនផងដែរ ៕

លោក ឃួង ស្រេង ចុះពិនិត្យមើលស្ថានភាពផ្សារស្ទឹងមានជ័យចាស់ ដែលទ្រុឌទ្រោម

ភ្នំពេញ ៖ ដោយស្ថានភាពផ្សារស្ទឹងមានជ័យចាស់ ដែលបានសង់តាំងពីទសវត្សរ៍ទី៦០ ធ្វើអំពីឈើប្រក់ក្បឿង មកដល់ពេលនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អាជីវករ ក៏ដូចជា ប្រជាពលរដ្ឋ ដែលចូលទៅទិញ ឥវ៉ាន់នៅក្នុងផ្សារនេះ នាព្រឹកថ្ងៃទី៣ ខែមីនានេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ខណ្ឌមានជ័យចុះពិនិត្យមើលស្ថានភាពជាក់ស្តែងដោយផ្ទាល់ ក្នុងទីតាំងផ្សារស្ទឹងមានជ័យចាស់ ដើម្បីធ្វើការជួសជុលផ្សារនេះឡើងវិញ។

លោក អភិបាលបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ដែលជាម៉ែជាឪ របស់ប្រជាពលរដ្ឋ តែងបានគិតគូរ អំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែងនៅពេលនេះ ផ្សារស្ទឹងមានជ័យចាស់ ឃើញថា មានសភាពចាស់ទ្រុឌទ្រោម ហើយវានឹងអាចបង្កគ្រោះថ្នាក់ដល់អាជីវករ និងប្រជាពលរដ្ឋ ខណៈដែលមានភ្លៀងឬខ្យល់កន្ត្រាក់ម្តងៗ ។ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលផ្សារនេះ ឲ្យបានល្អប្រសើរឡើងវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះ បើអាជីវករ មានការជំទាស់មិនឲ្យធ្វើការជួសជុលឡើងវិញទេ អាជ្ញាធរក៏មិនធ្វើការជួសជុលដែរ ។ តែបើអាជីវករមានការគាំទ្រច្រើន លើសពីអ្នកមិនគាំទ្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជួសជុលអោយបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង។

គួរបញ្ជាក់ផងដែរថា ផ្សារស្ទឹងមានជ័យចាស់ តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន ថា ផ្សារនេះបានកសាងឡើង ក្នុងឆ្នាំ ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿង ដែលមានទំហំ ១៣ម៉ែត្រគុណនិង១៨ម៉ែត្រ។ ប៉ុន្តែមកដល់ពេលនេះ ដោយសារសត្វល្អិត ដូចជាកណ្តៀរ ខ្មូតជាដើម ចូលស៊ី និងដោយសារមានអាយុកាលយូរហើយនោះ បានធ្វើអោយតួផ្សារមានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យ ស្នើសុំមករដ្ឋបាលរាជធានីឱ្យធ្វើការជួសជុលឡើងវិញ ព្រោះខ្លាចមានគ្រោះថ្នាក់ ដោយយថា ហេតុដល់ប្រជាពលរដ្ឋនិងអាជីវករ៕