All posts by មេគង្គ ប៉ុស្តិ៍

លោក ហ៊ុន ម៉ាណែត អញ្ជើញប្រជុំត្រួតពិនិត្យលទ្ធផលការងារសន្តិសុខឆ្នាំ២០២០ នៅកងពលធំអន្តរាគមន៏លេខ៣ ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈយ៉ាងសំខាន់ ហើយត្រូវដំណើរការធ្វើឡើងជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជូនដល់យោធិន និងកសាងជួរកងកម្លាំងបន្តវេន ឆ្លើយតបទៅនឹងការអនុវត្តផែនការកំណែទម្រង់ នៃកងយោធពលខេមរៈភូមិន្ទ។

ប្រសាសន៍ថ្លែងបែបនេះ នាឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រជុំបូកសរុបការងារយោធាឆ្នាំ២០១៩ ២០២០នៅទីបញ្ជាការកងពលធំលេខ ០៣០៣យន្តយុទ្ធយន្តយុទ្ធ ថ្នាក់វរសេនាតូច កងអនុសេនាធំ ពេទ្យសង្គ្រោះ និងបណ្តុះបណ្តាលជំនាញបើកបរ រថយន្តកងពលធំអន្តរាគមន៍លេខ៣ ឆ្នាំ២០១៩ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប នៃកងយោធពលខេមរភូមិន្ទ រួមនិងអាជ្ញាធរខេត្តព្រះវិហារ។

ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរងកងពលធំ និងកងពលតូចទាំង៣ចំណុះផងដែរ។ ពិធីនេះបានរៀបចំឡើងនាព្រឹកថ្ងៃអង្គា ១០កើត ខែអស្សុជ ឆ្នាំកុរឯកស័ក.ព.ស២៥៦៣ ត្រូវនិងថ្ងៃទី៣ ខែមិនា ឆ្នាំ២០២០នៅក្នុងអគារសាលប្រជុំទីបញ្ជាការកងពលធំលេខ ៣ ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់បន្តទៀតថា បច្ចុប្បន្ននេះកងយោធពលខេមរភូមិន្ទ មានប្រព័ន្ធហ្វឹកហ្វឺនកាន់តែល្អប្រសើរឡើងជាលំដាប់ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលយោធិនអាជីព ការហ្វឹកហ្វឺនជំនាញឯកទេស ត្រូវបានពង្រឹងស្របតាមសច្ចាប័ន និងតម្រូវការសំណុំពរភារកិច្ចចំពោះមុខរបស់អង្គភាពនីមួយៗ ឲ្យមានសមត្ថភាពគ្រប់គ្រាន់អាចក្តាប់ជាប់ នូវតួនាទីភារកិច្ច និងរបៀបរបបចាត់ចែងការងារទាំងក្នុងពេលធម្មតា និងនៅពេលប្រយុទ្ធបានកាន់តែល្អប្រសើរឡើង។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានធ្វើការបញ្ជាក់បន្ថែមទៅកាន់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ថា «ក្នុងនាមជាកងទ័ពមានតួនាទីភារកិច្ចគឺការពារជាតិ ប្រឆាំងសត្រូវទាំងខាងក្នុង និងសត្រូវនៅខាងក្រៅ ដែលបំផ្លាញបូរណភាពទឹកដី និងសន្តិភាពជាតិ ព្រមទាំងការរស់នៅសុខសាន្ត របស់ប្រជាជនកម្ពុជា»។ និងស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនាព្រះមហាក្សត្រ គោរពយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក។

ជាមួយគ្នានេះលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងសង្ឃឹមថា ការប្រជុំបូកសរុបនៅថ្ងៃនេះ បងប្អូនទាំងអស់ និងយកទៅបម្រើការនៅក្នុងកងឯកភាព របស់ខ្លួនបានយ៉ាងល្អប្រសើរហើយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ នៅក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នៅព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ កូវ ប៊ុនហេង

សភាប្រជុំអនុម័តច្បាប់ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត

ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីពិនិត្យលើសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ ចំនួន៦ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងនោះសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចាត់ទុកថាមានសារៈ សំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាមានបំណងចង់ជម្រុញប្រទេសកម្ពុជាឱ្យដើរទាន់ការវិវត្តន៍នៃសេដ្ឋកិច្ច ពិភពលោក ដែលសព្វថ្ងៃនេះបានឈានទៅដល់ដំណាក់កាលនៃបច្ចេកវិទ្យា ៤.០ ដែលប្រទេសកម្ពុជាត្រូវ តែជំរុញឱ្យដើរទាន់បច្ចេកវិទ្យា ៤.០ នេះ។ នេះបើតាមការគូសបញ្ជាក់របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភានៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាកាលពីព្រឹកមិញនេះ។

លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា ជារួមចំពោះរបៀបវារៈទាំង៦ ដែលកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកយកមកពិនិត្យនៅថ្ងៃនេះរួមមាន៖ ១.ការពិនិត្យសំណើសុំអនុម័តនូវ
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម។ ២.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្ដីពីការ បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ៣.ការពិនិត្យសំណើសុំអនុម័តនូវ សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុង
វិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៤.ការពិនិត្យ
សំណើសុំអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ច
ព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន។ ៥.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្ដីពីការ យល់ព្រមលើពិធីសារទី៣ ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន និង ៦.ការ ពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្ដីពីវិសោធនកម្ម
កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបញ្ជូនសំណើ ទាំងនេះទៅកាន់គណៈកម្មការជំនាញនីមួយៗនៃរដ្ឋសភាដើម្បីពិនិត្យ៕

 

ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់៤,៨១២ករណី

សេអ៊ូល ៖ អាជ្ញាធរកូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារនេះបានចេញរបាយការណ៍ថ្មីមួយដោយបញ្ជាក់ថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ៤,៨១២ករណី ក្រោយ ៦០០ករណីថ្មីៗទៀតត្រូវបានរាប់បញ្ចូល និងអ្នកជំងឺ២៨នាក់ស្លាប់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។

បើតាមអាជ្ញាធរបានអះអាងថា ៦០%ក្នុងចំណោមករណីឆ្លងទាំងអស់ នៅទូទាំងប្រទេសកូរ៉េខាងត្បូង គឺមានពាក់ព័ន្ធទៅនឹងព្រះវិហារគ្រិស្ត ស៊ីនជុនជី (Shincheonji) ស្ថិតនៅក្នុងទីក្រុង Daegu ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនរស់នៅ ២.៥លាននាក់ និងស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល៕

 

 

ចំនួន​អ្នក​ឆ្លង​កូ​រ៉ូ​ណា៤៧.២០៤ នាក់​ជាសះស្បើយ​

​ប៉េកាំង ៖ យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​សុខាភិបាល​ចិន​ចេញផ្សាយ​នា​ថ្ងៃ​ចន្ទ​នេះ​ថា តួលេខ​សរុប​នៃ​អ្នកជំងឺ​ដែល​បានជា​សះស្បើយ​ពី COVID-19 នៅ​ទូទាំងប្រទេស​ចិន​បាន​កើនឡើង​ដល់​៤៧.២០៤ នាក់​ហើយ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន CGTN។​

​របាយការណ៍​ប្រចាំថ្ងៃ​របស់​គណៈកម្មការ​សុខាភិបាល​ជាតិចិន​បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​ពេញ​មួយថ្ងៃ​ម្សិលមិញ​នេះ មនុស្ស​ចំនួន ២.៧៤២ នាក់​ទៀត បាន​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ពួកគេ​បានជា​សះស្បើយ​ឡើងវិញ​។ ដោយឡែក​ករណី​ឆ្លង​ថ្មី​នា​ថ្ងៃ​ដដែល​នោះដែរ​មាន​ត្រឹមតែ ១២៥​នាក់ ខណៈ​ចំនួន​អ្នកស្លាប់​គឺ ៣១​នាក់​។​

​បើតាម​របាយការណ៍​ថ្មី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅតាម​បណ្តា​ខេត្ត​និង​តំបន់​ចំនួន ៣១ នៃ​ប្រទេស​ចិន​បាន​កើន​ដល់ ៨០.១៥១ ករណី ដោយ​ក្នុងនោះ​ចំនួន​អ្នកស្លាប់​បាន​កើន​ដល់ ២.៩៤៣ នាក់​៕

 

មនុស្សស្លាប់ដោយសារ COVID-19 នៅប្រទេសចិនកើនដល់២,៩៤៣នាក់

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិននាព្រឹកថ្ងៃអង្គារនេះបានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន៣១របស់ប្រទេសចិនបានបន្តកើនដល់ ២,៩៤៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨០,១៥១ករណី។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

យោងតាមរបាយការណ៍ប្រចាំថ្ងៃអង្គារនេះ របស់គណៈកម្មការជាតិសុខាភិបាលចិន ពេញមួយថ្ងៃចន្ទម្សិលមិញនេះ មនុស្សចំនួន ១២៩នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19 ហើយស្របពេលជាមួយគ្នាអ្នកជំងឺ ៣១នាក់បានបាត់បង់ជីវិត។

បើតាមអាជ្ញាធរចិនបានអះអាងថា មនុស្សសរុប៥៨៧នាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យ ដើម្បីរកមើលថា តើពួកគេមានផ្ទុកមេរោគកូរ៉ណាថ្មី ឬ COVID-19 ដែរឬមួយក៏អត់។ តួលេខខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះនូវចំនួនមនុស្សស្លាប់ និងឆ្លងប្រចាំថ្ងៃយ៉ាងច្រើនបន្ថែមទៀត នៅទូទាំងប្រទេសចិន៕

 

អាមេរិកប្រកាសអាសន្ន ក្រោយមានអ្នកស្លាប់៤នាក់ថែមទៀតដោយសារ Covid-19 

អាមេរិក ៖ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែមីនានេះបានឲ្យដឹងថា មនុស្ស៤នាក់ផ្សេងទៀតបានស្លាប់ បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅក្នុងរដ្ឋ Washington សហរដ្ឋអាមេរិកធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះកើនដល់៦នាក់ហើយ។

ជនរងគ្រោះទាំងអស់ខាងលើ គឺស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលស្លាប់ដោយសារវីរុសកូរ៉ូណា នៅលើទឹកដីសហរដ្ឋអាមេរិក។ ទន្ទឹមនោះ Washington ក៏បានប្រកាសអាសន្នផងដែរ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

សូមជម្រាបថា មកទល់ពេលនេះមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៨ករណីមកហើយ នៅលើទឹកដីសហរដ្ឋអាមេរិក ខណៈគេកំពុងភ័យខ្លាចថានឹងរាលដាលរឹតតែខ្លាំងទៀត។ ក្រុមអ្នកស្រាវជ្រាវដែលបានសិក្សាលើករណីស្លាប់នៃជនរងគ្រោះ២នាក់ដំបូង នៅក្នុងរដ្ឋ Washington បានឲ្យដឹងថា វីរុសប្រហែលជាបានរីករាលដាលអស់រយៈពេលជាច្រើនសប្តាហ៍មកហើយនៅទីនោះ ហើយបង្ហើបថា មនុស្សរហូតដល់១៥០០នាក់ ប្រហែលបានឆ្លងវីរុសនេះ៕

 

ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី៤-៦ ខែមីនា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០២០នេះ បានចេញសេចក្តីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០៣-០៩ ខែមីនា ឆ្នាំ២០២០ នៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី២២-២៤អង្សាសេ, សីតុណ្ហភាពអតិបរមា ពី៣៣-៣៥អង្សាសេ។

តំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៦-៣៨ អង្សាសេ ហើយចាប់ពីថ្ងៃទី៤-៦ ខែមីនា បណ្តាខេត្តពាយ័ព្យ នឹងអាចមានភ្លៀងពីតិចទៅមធ្យម។ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣៤-៣៦អង្សាសេ។ ផ្នែកខ្លះនៃបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្សោយ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងនៅបណ្តាខេត្តភាគពាយ័ព្យ មានដូចជាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង និងបៃលិន ចាប់ពីថ្ងៃទី៤-៦ ខែមីនា៕

 

សម្តេចតេជោចាត់ទុក​ពួក​បំពុល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង COVID-19 ជា «​ភេរ​វករ​»

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក​ក្រុម​ដែល​ព្យាយាម​ប្រឌិត ព័ត៌មាន​បំពុលសង្គម អំពី​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ឬ COVID-19 ថា​ជា​ក្រុម​ទុច្ចរិត និង​ជា​ក្រុម​ភេរ​វករ បើសិនជា​ក្រុម​នេះ​នៅតែ​បន្ត​បំពុល ឬ​ប្រឌិត​ព័ត៌មាន ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មានការ ភ័យខ្លាច​។​

​សម្តេច ហ៊ុន សែន ក៏បាន​ចោទសួរ​ទៅវិញ​ថា តើ​ក្រុម​បំពុលសង្គម​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ ពាក់ព័ន្ធ Covid-19 នោះ​ពួកគេ​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ​ព្រោះថា ការបំពុល​ព័ត៌មាន​ទាំងអស់ នោះបាន​ត្រឹមតែ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ប៉ុណ្ណោះ ។ ទន្ទឹម​នោះ​សម្តេច​អំពាវនាវឲ្យ​ពលរដ្ឋ​គ្រប់រូប​រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ទាំងអស់នោះ​៕

 

នាយករដ្ឋមន្ត្រីបន្តអំពាវនាវ​ឱ្យ​ពលរដ្ឋចូល​រួម​ទប់ស្កាត់​ព័ត៌មាន​មិនពិតបំពុល​សង្គមករណី​ Covid-19

ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា រហូតមកដល់ពេលនេះ កម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់កើត ឬឆ្លងជម្ងឺ Covid-19 នោះឡើយ។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មិនពិត (Fake News) ដែលបានផ្សព្វផ្សាយបំពុលសង្គមពីការឆ្លងជំងឺនេះ។

ការអំពាវនាវនេះ បានធ្វើឡើងខណៈដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតអាស៊ីអឺរ៉ុបជាង ១ពាន់នាក់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ​ នាវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា បានតាមដាន និងយកចិត្តទុកដាក់ជាទីបំផុតពីបញ្ហាជំងឺនេះ តាមរយៈក្រសួងសុខាភិបាល។ តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោនាយក​រដ្ឋមន្ត្រី សូមឱ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ទន្ទឹមគ្នានេះ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃជំងឺកូវិត-១៩នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជំរុញឱ្យមានខិតខំពង្រឹងសមត្ថភាពសេដ្ឋកិច្ចក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀត ជាពិសេសផ្នែកនៃការផ្តល់សេវា ដូចជាវិស័យទេសចរណ៍ ដែលមានដូចជាតំបន់ទេសចរណ៍ទាក់ទាញនានា, ភោជនីយដ្ឋាន និងសណ្ឋាគារនានា ត្រូវជំរុញការទាក់ទាញភ្ញៀវបន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្នុងស្រុក និងរក្សាការងារដល់ពលរដ្ឋ៕

 

កូរ៉េខាងត្បូង ៖ ចំនួនអ្នកស្លាប់ដោយ COVID-19 កើនដល់២៦នាក់

សេអ៊ូល ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង KCDC បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសកើនដល់២៦នាក់ បន្ទាប់ពីមនុស្ស៤ នាក់បន្ថែមទៀតបានបាត់បង់ជីវិត។ នេះបើតាមសារព័ត៌មាន CNN។

បើតាម KCDC មនុស្សឆ្លង COVID-19 ក៏បានកើនដល់ ៤,២១២នាក់ ផងដែរ ក្រោយករណីឆ្លង៤៧៦ថ្មី ត្រូវបានរាយការណ៍ ហើយទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើងដែលស្ថិតនៅជាប់របងគ្នា គឺជាតំបន់ដែលរ៉ាប់រងករណីស្ទើរតែទាំងអស់៕

 

សម្តេច ហ៊ុន សែន រិះគន់​តារា​ដែល​លើកជើង​គង​អន្ទាក់ខ្លា​លើកដៃ​សំពះ​

ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅថ្ងៃនេះ​បានធ្វើការ​រិះគន់​ចំពោះ សិល្បការិនី​ម្នាក់​ដែល​ចូលរួម​ក្នុង​កម្មវិធី​អាថ៌កំបាំង​តារា​របស់​សារព័ត៌មាន Fresh news ដែល​ប្រើ​ឥរិយាបថ​មិន​សមរម្យ​ជា​ស្ត្រី​ខ្មែរ ។​
​ ​
​សម្តេច ហ៊ុន សែន បាន​លើកឡើងថា កម្មវិធី​ខាងលើនេះ​បានបង្ហាញ​នូវ​សិល្បការិនី ម្នាក់​អង្គុយ​គង​អន្ទាក់ខ្លា​ស្លៀក​លេច​លើ​លេច​ក្រោម ហើយ​លើកដៃ​សំពះ​ទស្សនិកជន ។ សម្តេច​ថា មើលទៅ​គឺ « អស់ទាស់​ហ្មង » តើ​ស​ក្កិ​សមជា​ស្ត្រី​ខ្មែរ ឬ​ប្រពៃណី​ខ្មែរ​ដែរ​ទេ ? ។​
​ ​
​សម្តេច​ថា បើ​សម្តេច​រិះគន់​អំពី​ឥរិយាបថ​មិនល្អ​បែប​នោះ​ចំពោះ​ស្ត្រី​ខ្មែរ​ពួកគេ​បែរជា វាយបក​មក​សម្តេច​វិញ​ថា « រំលោភសិទ្ធិ​មនុស្ស » ប៉ុន្តែ​សម្តេច​សុំ​សួរ​ទៅវិញ​ថា តើ​« វប្បធម៌​ប្រពៃណី​ខ្មែរ​គឺ​បែប​នោះ​មែនឬ យ៉ាងម៉េច ? » ។ សម្តេច​បញ្ជាក់ថា វប្បធម៌​ប្រពៃណី ខ្មែរ​មិន​ដូច្នេះ​ទេ ហើយ​ពួកគេ​គួរតែ​ស្វែងយល់​អំពី​ប្រពៃណី​រួមទាំង​ច្បាប់​នៅ​កម្ពុជា​ឡើងវិញ​៕

 

ក្រសួងព័ត៌មានស្នើឲ្យសមត្ថកិច្ចចាត់វិធានការលើគណនី Facebook ចំនួន៧ ដែលផ្សាយបំភ្លៃរឿងជំងឺ COVID19

ភ្នំពេញ ៖ ក្រសួងព័ត៌មានតាមរយៈសេចក្តីប្រកាសកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ បានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលើគណនី Facebook ចំនួន៧ ដែលធ្វើសកម្មភាពផ្សព្វផ្សាយបំភ្លៃ បំផុសបំផុល និងបំភ័យឱ្យមានការយល់យល់ច្រឡំលើជំងឺ COVID19 នៅកម្ពុជា។

គណនី Facebook ទាំង៧ ដែលស្នើឱ្យចាត់វិធានការនេះរួមមាន៖ Sdam Husen, Sovannara Som, កូននាគ អហិង្សា ស្វ.រ, សំលេងពលករចង់បានការផ្លាស់ប្តូរ, សឹម សុភា Soem Sophea, Ah Song Ha និង រិទ្ធីវង្ស ឡុង។

ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា គណនី Facebook ទាំងនេះ បានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនបានផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

តាមសេចក្តីប្រកាសនេះ ក្រសួងបានស្នើដល់សាធារណជនកុំមានការភាន់ច្រឡំ និងបញ្ឈប់ការចែករំលែកបន្តរាល់ព័ត៌មានមិនពិតទាំងនេះ ព្រោះអាចប្រឈមចំពោះមុខច្បាប់។

សូមរំលឹកថា កន្លងទៅក្រសួងព័ត៌មានធ្លាប់បានធ្វើការជាមួយក្រុមហ៊ុន Facebook បិទគណនី Facebook មួយផងដែរ ចំពោះការផ្សាយព័ត៌មានមិនពិតលើករណីជំងឺ COVID19នេះ៕

 

កម្ពុជា ចាប់នាវាកាំរូនមួយគ្រឿងបំពានដែនសមុទ្រនៅចន្លោះកោះតាង និងកោះពូលូវ៉ៃ

ខេត្ត​ព្រះសីហនុ ៖ ក្រោម​បញ្ជា​ផ្ទា​ល់ពី​សំណាក់​ ឯកឧត្តម នាយឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តមឧត្ដមសេនីយ៍ឯក តេង សួន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​ប្រចាំ​ទិស​ភូមិភាគ​៣ បាន​ដឹកនាំ​កម្លាំង​ចាប់​ឃាត់​នាវា​មួយគ្រឿង ឈ្មោះ COURAGEOUS ប្រភេទ​នាវា​ដឹក​ប្រេង​របស់​ជនបរទេស​ ដែល​ចូល​ដែនទឹក​កម្ពុជា​ ក្នុង​ចន្លោះ​កោះតាង និង​កោះ​ពូ​លូ​វ៉ៃ ដោយគ្មានការអនុញ្ញាត។​

មន្ត្រីនគរបាលជំនាញ ឲ្យដឹងថា ​ប្រតិបត្តិការ​ខាងលើនេះ​ ចុះបង្ក្រាបដោយ​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​កម្លាំង​រួម​របស់​នគរបាល​ការ​ពាំរ​ព្រំ​ដែនទឹក កាលពី​ថ្ងៃ​២៧ ខែកុម្ភៈ ឆ្នាំ​២០២០។

មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា មកដល់ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០នេះ នាវា​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រំ​ដែនទឹក នាំចូល​មក​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន មាន​ប្រស​សន៍​ថា តាម​ការបំភ្លឺ​របស់​អ្នកទទួលខុសត្រូវ​នាវា​នេះ បានបញ្ជាក់​ឲ្យ​សមត្ថកិច្ច​ដឹងថា នាវា​ដែល​បាន​ឃាត់​នេះមានឈ្មោះ MT-COURAGEOUS សញ្ជាតិ CAMEROON មាន​នា​វឹក​ចំនួន​១៦​នាក់ និង​បានទទួល​បញ្ជា​ឲ្យ​ចេញពី​កំពង់ផែ KAO HSIUNG នៃ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០។ លុះដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នាវា​នេះ​ បាន​បោះ​យុថ្កា​នៅ​ចំណុច​និយាម​ការ N10o05.1300’, E103o07.8593’ ដើម្បី​រង់ចាំ​បទបញ្ជា​ជាថ្មី​ពី​ថៅកែ។​

​ឯកឧត្តម តេង សួន បានបន្តទៀតថា តាម​ព័ត៌មាន និង​ឯកសារ​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នាវា​នេះ​ ធ្លាប់ធ្វើ​សកម្មភាព​បំពាន​ទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​(​សេចក្តី​ស​ម្រេ​ចេ​លខ 2375 និង 2397 អនុម័ត​នា​ខែកញ្ញា ឆ្នាំ​២០១៧) ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​(DPRK) ដែល​ហាមឃាត់​ការផ្ទេរ​ពី​នាវា​ទៅ​នាវា (SHIP-TO-SHIP/ STS) ទៅ​ទូក​ដឹកទំនិញ របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ។

​បច្ចុប្បន្ន នាវា MT-COURAGEOUS ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការពារ​ព្រំ​ដែនទឹក ឃាត់ និង​បញ្ជូនទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី និង​ចាត់ការ​តាមច្បាប់កម្ពុជា៕

អាជ្ញាធរកូរ៉េខាងត្បូង ៖ អ្នកឆ្លង COVID-19 កើនដល់៤,២១២នាក់ ខណៈ២២នាក់ស្លាប់

សេអ៊ូល ៖ នៅព្រឹកថ្ងៃចន្ទនេះអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ចេញរបាយការណ៍ថ្មីមួយដោយបញ្ជាក់ថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ៤,២១២នាក់ ខណៈដែលមនុស្ស២២នាក់បានបាត់ជីវិត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។

តួលេខខាងលើនេះត្រូវបានគេមើលឃើញថា ជាអត្រាកើនឡើងប្រចាំថ្ងៃ នៃអ្នកឆ្លងមេរោគកូរ៉ូណាថ្មីនេះ ខ្ពស់ជាងនៅប្រទេសចិនទៅទៀត ខណៈនៅព្រឹកថ្ងៃចន្ទនេះអ្នកឆ្លង COVID-19 ថ្មីៗមានចំនួន៤៧៦ករណី ក្នុងនោះ៣៧៧ករណីនៅទីក្រុងដេគូ និង៦៨ករណីនៅខេត្តគ្យុងសាងខាងជើង ដែលមានចម្ងាយ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល៕

ចំនួនអ្នកជាសះស្បើយពី COVID-19 សរុបកើនឡើងដល់ ៤៤,៤៦២នាក់

ប៉េកាំង ៖ អ្នកជំងឺដែលបានជាសះស្បើយពី COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៤៤,៤៦២នាក់ហើយ។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលជាតិចិនដែលដកស្រុងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃច័ន្ទ ទី០២ ខែមីនា ឆ្នាំ២០២០នេះ។

របាយការណ៍ដដែលបញ្ជាក់ថា ពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ មនុស្សចំនួន ២,៨៣៧នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ។ ដោយឡែកករណីឆ្លងថ្មីនាថ្ងៃដដែលនោះដែរមានត្រឹមតែ ២០២នាក់ ខណៈចំនួនអ្នកស្លាប់គឺ ៤២នាក់។

សូមជម្រាបថា បើតាមរបាយការណ៍ថ្មីនៅព្រឹកថ្ងៃសៅរ៍នេះ ចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅតាមបណ្តាខេត្តនិងតំបន់ចំនួន ៣១ នៃប្រទេសចិនបានកើនដល់ ៨០,០២៦ករណី ដោយក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់ ២,៩១២នាក់ ប៉ុន្តែខេត្តហ៊ូប៉ី (Hubei) រ៉ាប់រងស្ទើរតែទាំងអស់នៃករណីទាំងនេះ៕