All posts by មេគង្គ ប៉ុស្តិ៍

មនុស្សស្លាប់ដោយសារ COVID-19 នៅចិនកើនដល់២,៩១២នាក់

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិននាព្រឹកថ្ងៃចន្ទនេះបានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន៣១របស់ប្រទេសចិនបានកើនដល់ ២,៩១២នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨០,០២ករណី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ។

យោងតាមរបាយការណ៍ប្រចាំថ្ងៃចន្ទនេះរបស់គណៈកម្មការជាតិសុខាភិបាលចិន ពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សចំនួន២០២នាក់បន្ថែមទៀត (១៤១នាក់ស្ថិតនៅក្នុងខេត្តហ៊ូប៉ី) ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19 ហើយស្របពេលជាមួយគ្នាអ្នកជំងឺ ៤២នាក់បានបាត់បង់ជីវិត។

របាយការណ៍បញ្ជាក់ថា អ្នកជំងឺដែលបានស្លាប់ទាំង៤២នាក់ខាងលើនេះ គឺស្ថិតនៅក្នុងខេត្តហ៊ូប៉ីទាំងអស់ ខណៈមនុស្សសរុប ៧១៥នាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យ ដើម្បីរកមើលថា តើពួកគេមានផ្ទុកមេរោគកូរ៉ណាថ្មី ឬ COVID-19 ដែរឬមួយក៏អត់៕

 

ពលរដ្ឋជួបការលំបាក៤គ្រួសារទទួលអំណោយពីចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ជួបការលំបាក០៤គ្រួសារ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ បានទទួលអំណោយមនុស្សធម៌ ពីចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ ដែលបានចុះចែកជូនដល់លំនៅដ្ឋាន ។

ពិធីចែកអំណោយជូនប្រជាពលរដ្ឋ ជួបការលំបាកខាងលើប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងសិរីសោភ័ណ និងដោយមានការចូលរួមពីសំណាក់លោក អ៊ុង សុខម៉ៅ ប្រធានផ្នែកទំនាក់ទំនងចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ លោក ប៊ុន ធឿន ប្រធានផ្នែកផ្សព្វផ្សាយចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិក សមាជិកា យុវជន១៥៧ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជាច្រើននាក់ផងដែរ ។

លោក ជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងសិរីសោភ័ណ បានឲ្យដឹងថា យុវជនកម្ពុជា១៥៧ ជាចលនាមួយដែលបង្កើតឡើង ក្នុងគោលបំណង រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើកិច្ចការងារមនុស្សធម៌ ដូចជា ការនាំអំណោយចែកជូន ពលរដ្ឋជួបការលំបាក ចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ឬមានជំងឺប្រចាំកាយមិនអាចមានលទ្ធភាពចិញ្ចឹមខ្លួនឯងបាន ។ល។ ដែលសមាគមនេះមានលោក ហ៊ុន ម៉ាណែត ជាស្ថាបនិក និងឯកឧត្តម ម៉ឹង ពន្លក ជាប្រធានសមាគម ព្រមទាំងឯកឧត្តម ចៅ ជីអាន ជាប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ។

លោកថា ជាក់ស្ដែងថ្ងៃនេះ ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួន ចុះចែកជូនគ្រួសារពលរដ្ឋជួបការលំបាក និងមានជម្ងឺប្រចាំកាយ និងផ្ទុកមេរោគអេដស៍ ចំនួន០៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ៖ -អង្ករ ២៥គីឡូក្រាម -មី១កេស -ទឹកស៊ីអ៊ីវ ១យួរ -ទឹកត្រី១យួរ -ត្រីខ១យួរ -ប្រេងឆា១ដប -ស្កសរ ១គីឡូក្រាម -អំបិល ១គីឡូក្រាម -ប៊ីចេង ១គីឡូក្រាម -សាប៊ូ ១គីឡូក្រាម -សារ៉ុង ១ -ទឹកសុទ្ធ ៥យួរ និងថវិកា១០ម៉ឺនរៀលផងដែរ ។ ជាមួយគ្នានេះ ក៏មានគ្រួសារពលរដ្ឋ១គ្រួសារផ្សេងទៀត ដោយយល់ពីទុក្ខលំបាករបស់គាត់ ដែលពិការជើង(ស្វិតជើង) ទាំងសងខាងព្រោះធ្លាក់ពីលើអាគារសំណង់កម្ពស់២ជាន់ ពេលទៅធ្វើជាកម្មករសំណង់នៅប្រទេសថៃ សមាជិក សមាជិកា និងសប្បុរសជនបានរៃអង្គាសថវិកា បានចំនួន ១៨ម៉ឺនរៀល ប្រគល់ជូនគាត់ផងដែរ ។

លោកបញ្ចាក់ថា ទាំងអំណោយ និងថវិកាដែលចែកជូននាពេលនេះ គឺបានមកពីការកៀរគរ ពីសមាជិក សមាជិកា ក្រុមយុវជន១៥៧ ក្រុងសិរីសោភ័ណ និងការឧបត្ថម្ភជាថវិកាពីសប្បុរសជនមួយចំនួន រួមមាន៖ -លោក ជួង រិទ្ធី និងអ្នកស្រី លី គាង ព្រមទាំងបុត្រ -អ្នកស្រី ថុល សុថាណែត និងស្វាមី ព្រមទាំងបុត្រ និងលោក ហាច ខេមរា និងភរិយា ។

គួរបញ្ជាក់ថា ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ជានិច្ចកាលតែងតែពាំនាំនូវអំណោយសាកសួរសុខទុក្ខ និងរំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យជាញឹកញាប់ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាកាrនយោបាយអ្វីឡើយ ៕

វីរុសខូវីដ ១៩ បានប៉ះពាល់ដល់ការកំណត់ទិសដៅប្រមូលពន្ធរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ការរីករាលដាលវីរុសខូវិដ-១៩ នឹងធ្វើឲ្យខកខានដល់ទិសដៅកំណត់របស់រាជ រដ្ឋាភិបាលក្នុងការប្រមូលចំណូលពន្ធនៅក្នុងឆ្នាំនេះ ខណៈមកដល់ពេលនេះ ការប្រមូលចំណូលពន្ធ បាននិងកំពុងរងផលប៉ះពាល់គួរឥ្តកត់សម្គាល់។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE)។

សូមជម្រាបថា សម្រាប់ច្បាប់ថវិកាឆ្នាំ២០២០ ដែលត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកាលពីចុងខែវិច្ឆិកា រដ្ឋាភិបាលកំណត់ប្រាក់ចំណូល ៥ ២៧២លានដុល្លារជាប្រាក់ចំណូល សារពើពន្ធសម្រាប់ឆ្នាំ២០២០ ក្នុងចំណោមនោះ២ ៩១១លានដុល្លារបាន មកពីគយ និងរដ្ឋាករ និង ២ ៣៦១លានដុល្លារ បានមកពីចំណូលពន្ធដារ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃពុធ កន្លងទៅនេះ លោក គុណ ញឹម អគ្គ នាយក GDCE បានឲ្យដឹងថា ការប្រមូលចំណូលពន្ធគយ នឹងមានការអាក់ខានមួយចំនួន បន្ទាប់ពីមានផលប៉ះពាល់ដោយសារការរីករាលដាលនៃ វីរុស កូរ៉ូណា។

លោក គុណ ញឹម បានបញ្ជាក់ថា យើងមើលឃើញថា ផលប៉ះពាល់ដោយសារតែ វីរុសខូវិដ-១៩ កាត់ បន្ថយការផ្គត់ផ្គង់វត្ថុធាតុដើម ពិសេសវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលយើងមើលឃើញនៅពេលនេះ។ នេះក៏នឹងប៉ះពាល់ដល់ការរំពឹងទុកនៃប្រាក់ចំណូលរបស់រដ្ឋ។

លោក ថ្លែងបន្តថា ៖ «ទោះយ៉ាងនេះក្តី គេមិនអាចធ្វើការស្មានទុកជាមុន សម្រាប់រយៈពេលវែងប៉ុន្មានដែល វីរុស ខូវិដ-១៩ នេះនឹងស្ថិតក្រោមការគ្រប់គ្រង ឬត្រូវបានដោះស្រាយយ៉ាងណានោះទេ»។
លោកបានបន្តថា ៖ «នៅពេលនេះ គេមើលឃើញថា វាប៉ះពាល់រួចទៅហើយដល់ការប្រមូលប្រាក់ចំណូលរបស់ GDCE កាលពីខែមករា និងខែកុម្ភៈ ប៉ុន្តែ GDCE សង្ឃឹមថា វានឹងស្ទុះងើបឡើងវិញក្នុងរយៈពេលពីរបីខែក្រោយ។

បច្ចុប្បន្ន វីរុសខូវិដ-១៩ កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដែលរួមទាំងប្រទេសកម្ពុជា ខណៈប្រទេសចិន ជាសេដ្ឋកិច្ចឈានមុខគេទី ២ របស់ពិភពលោក និងជាប្រទេសមហាអំណាចនៃការផ្គត់ផ្គង់វត្ថុធាតុដើម បច្ចុប្បន្នកំពុងព្យាយាមជម្នះការរីករាលដាលវីរុសនេះ៕

កម្ពុជា កំពុងជំរុញការត្រួតពិនិត្យច្រកចេញ-ចូលតែមួយរវាងកម្ពុជា-ថៃ និងវៀតណាម

ភ្នំពេញ ៖ លទ្ធភាពក្នុងការជំរុញការអនុវត្តការត្រួតពិនិត្យច្រកចេញ-ចូលតែមួយ រវាងកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សានៅក្នុងកិច្ចប្រជុំអន្តរក្រសួង កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន, ការអនុវត្ត ការត្រួតពិនិត្យច្រកចេញ-ចូលតែមួយ ជាមួយប្រទេសជាប់ ព្រំដែន ជាពិសេសថៃ និង វៀតណាមដែលត្រូវបានចាត់ទុកថាជាកិច្ចការបន្ទាន់ និងចំពោះមុខរបស់កម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោ បាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា៖ ក្រោយពីការសាងសង់ស្ពានត្សឺបាសា (អ្នកលឿង) រួចមក ទំហំនៃការដឹកជញ្ជូន និង ចរាចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ បានកើនឡើងហួសពីការរំពឹងទុក ស្របពេលដែលផ្លូវឆ្លង កាត់ព្រំដែនមាន តែ មួយខ្សែ និងតូចចង្អៀតដែលមិនអនុញ្ញាតឱ្យមានការបែងចែកតាមប្រភេទចរាចរណ៍ ឬ មធ្យោបាយដឹកជញ្ជូនឆ្លងកាត់បានប្រកបដោយប្រសិទ្ធភាព។ ច្រកទ្វារព្រំដែននេះក៏រងសម្ពាធពីល្បឿននៃការអភិវឌ្ឍយ៉ាងគំហុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយស្រដៀងគ្នាដែរ ស្ថានភាពនៃការកកស្ទះនៅច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយ ប៉ែត -អារញ្ញប្រាថេត ក៏មានសភាពធ្ងន់ធ្ងរផងដែរ ខណៈច្រកទ្វារអន្តរជាតិថ្មី ស្ទឹងបត់ -បានណងអៀន នៅមិនទាន់អាចដាក់ឱ្យដំណើរការបាន។ លោកថា ក្នុងបរិការណ៍នេះ គណៈ កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចង្អុលបង្ហាញនូវ វិធានការ ចំពោះមុខរយៈពេលមធ្យម និងវែង ចំនួន៤ចំណុច សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ជាមួយភាគីវៀតណាម។

ដោយឡែកសម្រាប់ច្រកទ្វារព្រំដែនកម្ពុជា-ថៃ វិញ កិច្ចការបន្ទាន់ចំពោះមុខចំនួន ២គឺបន្ត ជំរុញការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរឹងមាំ ឱ្យបានឆាប់ និងទី២.បង្កើនប្រសិទ្ធភាព នៃការអនុវត្តនីតិវិធីបញ្ចេញទំនិញឆ្លងកាត់ព្រំដែន ជាមួយនោះ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវ ដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធក្នុងស្រុកព្រមទាំង ភាគីថៃ និងវៀតណាម ក្នុងការអនុវត្តវិធានការទាំងនោះប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

ដោះលែងស្ត្រីម្នាក់ក្រោយកូនស្រីអាយុ៥ខែដែលជាប់ឃុំជាមួយបានស្លាប់

ភ្នំពេញ ៖ ស្រ្តីម្នាក់ដែលជាប់ឃុំក្នុងមណ្ឌលកែប្រែទី២ (ម២) ត្រូវបានតុលាការរាជធានី ភ្នំពេញ បើកសវនាការជំនុំជម្រះនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយបានសម្រេចផ្តន្ទា ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគារ ៨ខែ១០ថ្ងៃ ចំណែកទោសនៅសល់ត្រូវព្យួរ ដែលជនជាប់ចោទអាចមានសេរីភាពនៅក្រៅឃុំ ក្រោម សមត្ថកិច្ចត្រួតពិនិត្យរបស់តុលាការ។

គួរជម្រាបថា ស្ត្រីរូបនេះ ត្រូវចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការរាជធានី សម្រេច ឃុំខ្លួនក្នុងមណ្ឌលកែប្រែប្រមាណ ៨ខែមកហើយ ដោយតុលាការមិនទាន់បើកសវនាការ ជំនុំជម្រះឡើយ រហូតទាល់តែមានហេតុការណ៍កូនតូចអាយុ ៥ខែដែលរស់នៅពន្ធនាគារ ជាមួយបានស្លាប់ ហើយត្រូវបានអន្តរាគមន៍ពីក្រុមមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ទើបនៅថ្ងៃទី២៥ ខែកុម្ភៈ តុលាការបើកសវនាការដែលបើគិតចាប់តាំង ពីថ្ងៃជាប់ឃុំ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺស្ត្រីរូបនេះស្ថិតក្នុងការឃុំខ្លួន មានរយៈពេល ៨ខែ១០ថ្ងៃរួចហើយ ដូច្នេះស្រ្តីរូបនេះ ត្រូវបានដោះលែងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ តែម្តង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការធិការសិទ្ធិមនុស្ស ដែលចេញនៅ ថ្ងៃ ទី២៨ ខែកុម្ភៈ បានឲ្យដឹងថា កូនស្រីតូចនោះ មានជំងឺរលាកសួតធ្ងន់ធ្ងរ ហើយបានស្លាប់ ពេលបញ្ជូនចេញពីមណ្ឌលកែប្រែ ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តិភាពខ្មែរ-សូវៀត កាលពី ពេលថ្មីៗនេះ។ទោះជាយ៉ាងណាក្តី របាយការណ៍មួយរបស់អង្គការលីកាដូ ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា បានទាមទារឲ្យស៊ើបអង្កេត និងរកយន្តការដោះស្រាយក្រោយការស្លាប់ទារិកាម្នាក់ អាយុ ៥ខែ ដែលរស់នៅជាមួយម្ដាយក្នុងពន្ធនាគារ “ម២” ដោយសាររលាកសួត និងខ្វះអាហារូបត្ថម្ភ។

ស្ត្រីជាម្ដាយ បានជាប់ឃុំជាងកន្លះឆ្នាំមកហើយ ដោយមិនទទួលបានសវនាការ និងគ្មានមេធាវីការពារខ្លួន។ ស្ត្រីនោះ ជាប់ពន្ធនាគារ កាលពីពាក់កណ្ដាលឆ្នាំ២០១៩ ក្នុងពេលមានគភ៌ ៨ខែ ដោយរងការចោទប្រកាន់ថា បានកាន់កាប់កញ្ចប់ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (Methamphetamine) មួយកញ្ចប់មានតម្លៃមួយម៉ឺនរៀល ឬ ២,៥ដុល្លារអាមេរិក៕

សម្ដេច ហ៊ុន សែន ៖ តំបន់​អរិយក្សត្រ ល្វាឯម នឹង​ត្រូវ​កាត់​ចូល​ជា​ខណ្ឌ​មួយ​របស់​រាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ ថា ឃុំអរិយក្សត្រ ដែលស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្ដាល នឹងត្រូវកាត់ចូលជាខណ្ឌមួយនៃរាជធានីភ្នំពេញ។

ប្រសាសន៍សម្ដេច ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្ដេចព្រះសង្ឃនាយករង ៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំង នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្ដេចតេជោ បានមានប្រសាសន៍ដូច្នេះថា៖ “បើថាធ្វើស្ពានឆ្លងរួចហើយណ៎ កាត់តាំងពីអរិយក្សត្រ ល្វាឯម ដើម្បីយកមកបញ្ចូលក្នុងភ្នំពេញថែមទៀត អាហ្នឹងទៅជាខណ្ឌមួយរបស់ភ្នំពេញ។ ប៉ុន្តែនិយាយអ៊ីចឹងដីឡើងថ្លៃងាប់ហើយ ព្រោះអាហ្នឹងត្រូវធ្វើស្ពានពីរទៀត ស្ពានមួយបានសុំកូរ៉េ ពីជ្រោយចង្វារទៅអរិយក្សត្រ ហើយមួយទៀតពីផ្លូវជាតិលេខ១ ត្រូវឆ្លងកាត់ត្រង់ក្ដីតាកុយ ទៅខាងល្វាឯម”។

សូមជម្រាបថា ឃុំអរិយក្សត្រ ជាឃុំមួយ ក្នុងចំណោមឃុំចំនួន ១៥ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល៕

 

 

ចំនួនអ្នកជាសះស្បើយពី COVID-19 កើនឡើងដល់ ៣៦,១១៧នាក់

ប៉េកាំង ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលចិនចេញផ្សាយនាថ្ងៃសុក្រនេះថា តួលេខសរុបនៃអ្នកជំងឺដែលបានជាសះស្បើយពី COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៣៦,១១៧នាក់ហើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

របាយការណ៍ប្រចាំថ្ងៃរបស់ គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា នារយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សចំនួន ៣,៦២២នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ តួលេខនេះគឺនៅតែបន្តខ្ពស់ជាងតួលេខនៃអ្នកឆ្លងថ្មី ដែលមានចំនួនត្រឹម ៣២៧នាក់ប៉ុណ្ណោះក្នុងថ្ងៃជាមួយគ្នា។

បើតាមរបាយការណ៍ថ្មីនៅព្រឹកថ្ងៃសុក្រនេះ ចំនួនសរុប នៃអ្នកឆ្លងជំងឺ COVID-19 នៅតាមបណ្តាខេត្តនិងតំបន់ចំនួន ៣១ នៃប្រទេសចិនបានកើនដល់ ៧៨,៨២៤ករណី ដោយក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់ ២,៧៨៨នាក់ ប៉ុន្តែខេត្តហ៊ូប៉ី (Hubei) រ៉ាប់រងសឹងតែទាំងអស់នៃករណីទាំងនេះ៕

 

កម្ពុជា ស្នើភាគីជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា

ភ្នំពេញ ÷ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ហ្គោរ៉ូ យូអាហ្សា (Goro Yuasa) មេបញ្ជាការកងទ័ពជើងគោកជប៉ុនចូលជួបដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។នៅក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា និងជួយបណ្តុះបណ្តាល កងកម្លាំងមួកខៀវរបស់កម្ពុជាមុនចេញទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាព។

លោក កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកាសែត នៅក្រោយជំនួបថា ឯកឧត្តម Goro ចាត់ទុកទស្សនកិច្ចនេះ នឹងចូលរួមចំណែក ក្នុងការបន្តពង្រីកពង្រឹងទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន និងការពង្រឹងទំនាក់ទំនងលើវិស័យផ្សេងៗទៀត រួមទាំងវិស័យការពារជាតិនៃប្រទេសទាំងពីរ។

សម្ដេចតេជោបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគី បច្ចុប្បន្ននេះគឺជាទំនាក់ទំនងមួយដែល ជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និង ជប៉ុន។ កម្ពុជាតែងតែគាំទ្រតួនាទីរបស់ជប៉ុន នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ជាពិសេសប្រតិបត្តិការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។ សម្ដេចចង់ឃើញកិច្ចសហប្រតិបត្តិការត្រូវបានពង្រីកបន្ថែមទៀតរវាងកងទ័ពនៃប្រទេសទាំងពីរជាពិសេសកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកនៃប្រទេសជប៉ុន ជាពិសេសក្នុងការផ្លាស់ប្ដូរព័ត៌មាន ការចូលរួមកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មជាដើម ហើយជាពិសេសទៀតក្នុងការចូលរួមបណ្ដុះបណ្ដាល ដោយសម្ដេចចង់ឃើញប្រទេសជប៉ុនចូលរួមជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាជាពិសេសធនធានមនុស្សកងទ័ពកម្ពុជាតែម្ដង។

សម្ដេចតេជោ បានស្នើឲ្យជប៉ុន គាំទ្រកិច្ចសហប្រតិបត្តិការរវាងកងទ័ពមួកខៀវរបស់កម្ពុជា និងកងទ័ពមួកខៀវជប៉ុនដែលប្រទេសយើងទាំងពីរបានធ្វើកិច្ចសហការនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។ ទីពីរសម្ដេចក៏បានស្នើសុំឲ្យប្រទេសជប៉ុនចូលរួមបណ្ដុះបណ្ដាលកងកម្លាំងមួកខៀវរបស់កម្ពុជាមុនចេញទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ។ សម្ដេច បានស្នើឲ្យជប៉ុនគាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនអាស៊ាន ដែលមជ្ឈមណ្ឌលនេះមានទីតាំងនៅកម្ពុជា និងជាមជ្ឈមណ្ឌលមួយមានការបណ្ដុះបណ្ដាលមានបទពិសោធន៍លើការងារដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ សម្ដេចតេជោក៏បានស្នើឲ្យជប៉ុន ចូលរួមក្នុងការបណ្ដុះបណ្ដាលទៅដល់កងកម្លាំងប្រទេសកម្ពុជាក្នុងក្របខណ្ឌការគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារជប៉ុនមានបទពិសោធន៍ជាច្រើននៅក្នុងប្រតិបត្តិការការគ្រប់គ្រងគ្រោះមហន្តរាយ។

លោកនាយឧត្តមសេនីយ៍ ថានឹងរាយការណ៍ទៅរដ្ឋាភិបាលជប៉ុនពាក់ព័ន្ធនឹងសំណើទាំងនេះជាពិសេសសំណើសុំឲ្យជួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាននេះ។ឯកឧត្តមបានគូសបញ្ជាក់ថាកន្លងមកជប៉ុនតែងបានយកចិត្តទុកដាក់និងចាត់ទុកកម្ពុជាជាប្រទេសមានកិច្ចសហប្រតិបត្តិការការងារវិស័យមីននេះ។ លោកក៏បានជម្រាបជូនសម្ដេចដែរថា នឹងពិចារណាធ្វើការងារនេះដោយសហការជាមួយលោក ហ៊ុន ម៉ាណែត ផ្ទាល់តែម្ដង។ រដ្ឋាភិបាលជប៉ុនពិចារណាជួយលើកិច្ចសហប្រតិបត្តិការជាពិសេសការងារកងទ័ពមួកខៀវក្នុងការជួយបណ្ដុះបណ្ដាលនៅក្នុងប្រទេសផងក៏ដូចជានៅក្រៅប្រទេសផង។

ពាក់ព័ន្ធនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយនេះលោកបានជម្រាបជូនសម្ដេចថាជប៉ុនមានគោលបំណង និងពិចារណាជំរុញកិច្ចសហប្រតិបត្តិការនេះជាមួយកងទ័ពជើងគោកកម្ពុជា។លោកសង្ឃឹមថា ទំនាក់ទំនងប្រទេសទាំងពីរបន្តពង្រីកពង្រឹងលើវិស័យជាច្រើនជាពិសេសលើវិស័យការពារជាតិនេះតែម្ដង៕

ប៉េអឹមខេត្តបាត់ដំបងចាប់រ៉ឺម៉កដឹកឈើប្រណីតខុសច្បាប់១គ្រឿង

ខេត្តបាត់ដំបង ៖ កម្លាំងមន្ទីរបច្ចេកទេសសន្តិសុខនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះ បង្ក្រាប និងឃាត់យករ៉ឺម៉កដឹកឈើ០១គ្រឿងខណៈ ដែលកំពុងដឹកជញ្ជូនឈើខុសច្បាប់ក្នុងបទល្មើ សជាក់ស្តែង។

លោកវរសេនីយ៍ត្រី ឡាច ប្រុស ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា នៅក្នុ ងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់យករឺ ម៉កឈើ០១គ្រឿង ដែលក្នុងនោះមានឈើចំនួ ន០៦ដុំស្មើនឹង ០,៥៧០ ម៉ែត្រត្រីគុណជាប្រភេទឈើ សុក្រម និងម្ចាស់រឺម៉កឈ្មោះ រួប ថា ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរធ្វើស្រែ រស់ នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយប ង្ក្រាប ឈ្មោះ រួប ថា ជាម្ចាស់រ៉ឺម៉ កខាងលើបានអោយដឹងថា ឈើទាំងអស់នេះគឺលោកបានដឹកចេញពីរោងសិប្បកម្មមួយកន្លែងដែលមានម្ចាស់ឈ្មោះ ស្នា ដែលមានទីតាំងនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីយកទៅអោយឈ្មួញដែលគេបានកម្ម៉ង់ទិញ។

ប ច្ចុប្បនរ៉ឹម៉កដឹកឈើជាមួយនិងឈើប្រណិតរួម ទាំងម្ចាស់ផងនោះត្រូវបានកម្លាំងមន្ទីរជំនាញរៀបចំសំណុំឯកសារដើម្បីប្រគល់ជូនអោ យទៅជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា ក្រោយមានការចុះបង្ក្រាបយ៉ាងក្តៅគគុក ផ្អើលខេត្តបាត់ដំបងពីសំណាក់ក្រុមមន្ត្រីជំនាញរយៈ ពេលកន្លងមកនេះ គេសង្កេតឃើញថាទីតាំ ងរោងកែច្នៃអនុផលព្រៃឈើច្រើនកន្លែងបាន បិទទ្វារ និងមិនមានការដឹកជញ្ជូនឈើចេញ ចូលបន្ថែមនោះទេ ដោយឡែកទីតាំងដែលមានម្ចាស់ឈ្មោះ ស្នា ដែលគេស្គាល់ថាជាមន្ត្រីយោធាម្នាក់ផងនោះ នៅតែបន្តបើក ដំណើរការបានយ៉ាងរលូនជារៀងរាល់ថ្ងៃ ទាំងការកែច្នៃ ទាំងការជួ ញដូរដឹកជញ្ជូនចល័តឈើតាមរយៈ រឺម៉ក និងរ ថយន្តទំនើបៗផងដែរ៕ ដោយ ៖ ប៉ែនសុផល

សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១

ភ្នំពេញ ៖ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយដើម្បីរៀបចំកិច្ចប្រជុំនេះឲ្យទទួលបានជោគជ័យ គណៈកម្មការ រៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១នេះ បានប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដែលបាន អនុវត្តនាពេលកន្លងមក និងដាក់ទិសដៅអនុវត្តបន្តក្នុងការត្រៀមរៀបចំកិច្ចប្រជុំ។

លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ បានគូសបញ្ជាក់ថា បន្ទាប់ពីបានត្រៀមរៀបចំចាត់ចែងអស់រយៈ ពេលជាច្រើនខែមក ពេលនេះ គឺជាពេលវេលាផ្តើមអនុវត្តការងារជាក់ស្តែងដូចជា ការកក់សណ្ឋាគារ សម្រាប់កន្លែងរៀបចំកិច្ចប្រជុំ និងរថយន្តដឹកគណៈប្រតិភូជាដើម។ ចំពោះខ្លឹមសារ និងទម្រង់លិខិត អញ្ជើញគណៈប្រតិភូបរទេសចូលរួមប្រជុំ និងសារលិខិតស្វាគមន៍របស់ប្រធានកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុបលើកទី១១ បានដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចហើយ។

បន្ទាប់ពីការជជែកលើបញ្ហាច្រើន ពិសេសនីតិវិធីនិងគោលការណ៍របស់កិច្ចប្រជុំរួចមក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានណែនាំដល់សមា ជិកទាំងអស់បន្តខិតខំបំពេញការងារគ្រប់មុខសញ្ញា ក្នុងស្មារតីហ្មត់ចត់ គ្រប់ជ្រុងជ្រោយ ប្រកបដោយការទទួលខុសត្រូវ ដើម្បីជាផលប្រយោជន៍ជាតិទំាងមូល៕

ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅចិនកើនដល់២,៧៨៨នាក់

ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០បានឲ្យដឹងថា មនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៧៨៨នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៨,៨២៤ករណី។

របាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សសរុប ៣២៧នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៤៤នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន៣១ ទូទាំងប្រទេសចិន។

របាយការណ៍ដដែលបន្តទៀតថា ក្នុងចំណោមអ្នកជំងឺ COVID-19 ដែលបានស្លាប់ទាំង ៤៤នាក់ខាងលើនេះគឺមាន ៤១នាក់ស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី (Hubei), ០២នាក់នៅរដ្ឋធានីប៉េកាំង និងម្នាក់នៅហ្ស៊ីនជាំង។ ក្រៅពីមនុស្សឆ្លង និងបាត់បង់ជីវិតបន្ថែមទៀតនោះ អាជ្ញាធរសុខាភិបាលចិន ក៏កំពុងពិនិត្យសុខភាពមនុស្ស ៤៥២នាក់បន្ថែមទៀតផងដែរ ដោយសង្ស័យថាពួកគេអាចមានផ្ទុក COVID-19៕

 

ភាគហ៊ុនក្រុមហ៊ុន Microsoft ធ្លាក់ចុះជាង៤ភាគរយ ដោយសារវីរ៉ុស Covid-19

អាមេរិក ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft Corp បានធ្លាក់ចុះជាង៤ភាគរយ នៅថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីក្រុមហ៊ុនបានព្រមាន ពីភាពថយចុះនៅក្នុងអាជីវកម្មកុំព្យូទ័រ ដោយសារតែការប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនពីការផ្ទុះឡើងនៃវីរុស Covid-19។ នេះបើយោងតាមសារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Microsoft Corp នេះ គឺបានធ្វើឡើងស្រដៀងគ្នានឹងក្រុមហ៊ុន Apple Inc និង HP ផងដែរ។ ការធ្លាក់ចុះនៃតម្លៃភាគហ៊ុននេះ បានធ្វើឲ្យបាត់បង់ទឹកប្រាក់ជិត៥០ពាន់លានដុល្លារអាមេរិក ពីតម្លៃទីផ្សាររបស់ក្រុមហ៊ុន Microsoft ក្នុងមួយថ្ងៃ ខណៈទីផ្សារទូទៅ មានការធ្លាក់ចុះជាង២ភាគរយ៕

អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក ថ្លែងការណ៍ពីទេសចរណ៍ និង Covid-19

ភ្នំពេញ ៖ ពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ និង ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក បានចេញនូវសេចក្ដីថ្លែងការណ៍រួមមួយ ស្ដីពីទេសចរណ៍ និង Covid-19 ខណៈដែលការរីករាយដាលនៃជំងឺនេះនៅតែបន្តកើតមាន ដោយអង្គការ ពិភពលោកទាំងពីរនេះបានប្តេជ្ញាធ្វើការរួមគ្នាក្នុងការណែនាំតម្រង់ទិសទៅលើការឆ្លើយតបរបស់វិស័យទេសចរណ៍ និងការធ្វើដំណើរទៅនឹងវិបត្តិ Covid-19 នេះ ព្រមទាំងបានអំពាវនាវឲ្យមានការទទួលខុសត្រូវ និង កិច្ចសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធ។

គួររំលឹកថា ៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អគ្គនាយកអង្គការសុខភាពពិភពលោក បាន ប្រកាសអំពីការរាតត្បាតនៃ Covid-19 ជាភាពអាសន្នសម្រាប់សុខភាពសាធារណៈដែលជាកង្វល់អន្តរជាតិ
ហើយបានដាក់ចេញនូវអនុសាសន៍បណ្តោះអាសន្នមួយចំនួន។

អង្គការសុខភាពពិភពលោកមិនបានផ្តល់ អនុសាសន៍ឲ្យមានការរឹតបន្តឹងលើពាណិជ្ជកម្ម ឬការធ្វើដំណើរណាមួយឡើយ ហើយបច្ចុប្បន្ន អង្គការ សុខភាពពិភពលោកកំពុងបំពេញការងារជាមួយនឹងអ្នកជំនាញពិភពលោក រដ្ឋាភិបាល និងដៃគូរនានា យ៉ាងជិតស្និទ្ធ សំដៅពង្រីកឲ្យបានឆាប់រហ័សនូវការយល់ដឹងបែបវិទ្យាសាស្រ្តស្តីពីមេរោគថ្មីនេះ ដោយធ្វើ ការតាមដានអំពីការឆ្លង និងឥទ្ធិពលអាក្រក់របស់វា ព្រមទាំងផ្តល់ការណែនាំដល់ប្រទេសនានា និង សហគមន៍សកលលោកស្តីពីវិធានការការពារសុខភាព និងទប់ស្កាត់ការឆ្លងនៃការផ្ទុះឡើងនៃមេរោគនេះ។

ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការជាគន្លឹះក្នុងវិស័យទេសចរណ៍ គឺមានការប្តេជ្ញាយ៉ាងមុតមាំ តម្កល់ពលរដ្ឋ និងសុខុមាលភាពរបស់ពលរដ្ឋជាអាទិភាព ដែលកិច្ចសហប្រតិបត្តិការអន្តរជាតិមានតួនាទី ស្នូលយ៉ាងសំខាន់ក្នុងការធានាឲ្យវិស័យនេះអាចចូលរួមទប់ស្កាត់ជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព។ អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក កំពុងសហការប្រឹក្សាយោបល់គ្នា យ៉ាងជិតស្និទ្ធជាមួយនឹងដៃគូរផ្សេងៗទៀត សំដៅជួយដល់បណ្តារដ្ឋទាំងឡាយឲ្យធានាបានការអនុវត្តវិធានការសុខភាពប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយឲ្យនៅតិចបំផុតនូវការរារាំងមិនចាំបាច់ដល់ចរាចរណ៍ និងពាណិជ្ចកម្មអន្តរជាតិ ដោយការឆ្លើយតបពីវិស័យទេសចរណ៍ទាមទារឲ្យមានការថ្លឹងថ្លែង សមស្របទៅតាមភាពគម្រាមកំហែងសុខភាពសាធារណៈ និងផ្អែកទៅលើការវាយតម្លៃហានិភ័យក្នុងស្រុក តាមរយៈការជំរុញឲ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់នៃសង្វាក់តម្លៃទេសចរណ៍មានដូចជា ស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន និងភ្ញៀវទេសចរ ស្របតាមអនុសាសន៍ និងគោលការណ៍ណែនាំជាទូទៅ របស់អង្គការសុខភាពពិភពលោក ហើយថា អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភព លោកត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញការងារយ៉ាងជិតស្និទ្ធជាមួយគ្រប់សហគមន៍ទាំងអស់ និងប្រទេស ទាំងឡាយដែលរងការប៉ះពាល់ដោយភាពអាសន្នសុខភាពបច្ចុប្បន្ន សំដៅចូលរួមកសាងអនាគតមួយកាន់តែប្រសើរ និងកាន់តែរឹងមាំ៕

ទិវាអន្តរជាតិនារី៨មីនាឆ្នាំនេះ ក្រោមប្រធានបទ«មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”

ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានរៀបចំអបអរសាទរ ទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ” ក្នុងចេតនាបន្តរំលេចពីតម្លៃ ដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និង“អរគុណសន្តិភាព” ដែលបានប្រែក្លាយប្រទេសកម្ពុជា ពីគំនរផេះផង់បែកបាក់ជាតិ និងបែងចែកទឹកដីទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងលើសកលលោក។

ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយ មន្ត្រីរាជការជាស្ត្រីនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង បានគាំទ្រពេញទំហឹង ពោះប្រធានបទ សម្រាប់ទិវាអន្តរជាតិនារី ៨មីនាឆ្នាំនេះ ឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ព្រោះថា ការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីអនុញ្ញាតិឱ្យរដ្ឋាភិបាលមួយ មានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន។ បើគ្មានសន្តិភាព នោះអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា សមភាពយេនឌ័រ ជាកត្តាចម្បង ក្នុងការធានានូវចីរភាព នៃសន្តិភាព បរិយាប័ន្ន និងនិរន្តរភាពយូរអង្វែងនៃសន្តិភាព។ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី គឺជារបៀបវារៈ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងក្លា ដើម្បីជំរុញឱ្យពួកគេក្លាយជាកម្លាំងចលករចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ។

ឆ្លើយតបទៅនឹងការលើកកម្ពស់សមភាពយេនឌ័រនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្រ្ជាបការងារយេនឌ័រ ទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ត្រង់កម្មវិធី ទី៤ នៃយុទ្ធសាស្រ្តទី០៥ ចង្កោមសកម្មភាពទី៧ និងបានរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣ ដែលបង្ហាញនូវ ការប្តេជ្ញាចិត្តក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័ររបស់ក្រសួងការងារ។
តាមរបាយការណ៍របស់ស្ថាប័នវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា គម្លាតយេនឌ័រ នៅក្នុងប្រទេសកម្ពជាត្រូវបានកាត់បន្ថយគួរជាទីកត់សម្គាល់ ដោយថយចុះពីចំណាត់ថ្នាក់ទី១១២ ក្នុងឆ្នាំ២០១៦ មកត្រឹមចំណាត់ថ្នាក់ទី ៨៩ ក្នុងឆ្នាំ២០២០។ ការផ្តល់ចំណាត់ថ្នាក់នេះផ្អែកលើកត្តាចំបងៗ៤ គឺការបង្កើនការចូលរួមរបស់ស្រ្តី ក្នុងវិស័យសេដ្ឋកិច្ច សមភាពយេនឌ័រ ក្នុងវិស័យអប់រំ,ស្ថានភាពសុខភាពស្រ្តី និងសមភាពយេនឌ័រ ក្នុងតួនាទីជាអ្នកធ្វើសេចក្តីសម្រេចក្នុងវិស័យសាធារណៈនិងនយោបាយ៕

ប្រទះឃើញកូនសត្វផ្សោតទី៣ ទើបចាប់កំណើតនៅដើមឆ្នាំនេះ ក្នុងអន្លង់ផ្សោតកាំពី

ខេត្តក្រចេះ ៖ កូនសត្វផ្សោតទើបកើតថ្មីមួយក្បាល អាយុកាលប្រហែល ២ថ្ងៃ ត្រូវបានគេប្រទះឃើញក្នុងហ្វូងផ្សោតធំ ចំនួន៤ក្បាល នៅត្រង់ដំណុចអន្លង់ផ្សោតកាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយក្រុមការងារស្រាវជ្រាវសត្វផ្សោត។នេះបើយោងតាមការចុះផ្សាយរបស់អង្គការ WWF-កម្ពុជា នៅថ្ងៃទី២៥ ខែកម្ភ: ឆ្នាំ២០២០។
WWF-កម្ពុជា បញ្ជាក់ថា កូនសត្វផ្សោតថ្មីនេះ ជាកូនផ្សោតទីបីហើយ ដែលត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាថាទុកនៅដើមឆ្នាំ២០២០។
គួររំឭកថា កាលពីដើមខែកុម្ភៈ កន្លងទៅនេះ ក្រុមការងារស្រាវជ្រាវ និងតាមដានសត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ WWF-កម្ពុជា បានចុះសិក្សា និងតាមដានចំនួនសត្វផ្សោតទន្លេមេគង្គ ដើម្បីធ្វើការវិភាគអត្តសញ្ញាណរបស់សត្វផ្សោត ដែលរស់នៅតាមដងទន្លេមេគង្គចម្ងាយ ១៩០ គ.ម ចាប់ពីទីរួមខេត្តក្រចេះ រហូតដល់ព្រំប្រទល់ឡាវ ក្នុងខេត្តស្ទឹងត្រែង។ ខណៈនោះ ក្រុមការងារក៏បានកត់ត្រាទុកនូវកំណើតកូនផ្សោតថ្មីចំនួន ២ក្បាលខាងលើនេះរួចហើយ ដែរ៕