All posts by មេគង្គ ប៉ុស្តិ៍

ក្រុម​នាវិក​កប៉ាល់ Westerdam ចងចាំ និង​ប្រាប់​​កូនចៅ​ជំនាន់​ក្រោយពី​ទឹកចិត្ត​ដ៏​ប្រពៃ​របស់កម្ពុជា​

ខេត្តព្រះសីហនុ ៖ ថ្ងៃពុធ ៤កើត ខែផល្គុនឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ​ លោក គួច​ ចំរើន​ អភិបាល​ នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ​ និងមន្រ្តីក្រោមឱវាទត្រូវបានអញ្ជើញចូលរួមពិសារអាហារសាមគ្គី ដែលរៀបចំឡើងដោយក្រុមនាវឹករបស់នាវា Westerdam ដើម្បីជាការថ្លែងអំណរគុណ មុនពេលនាវាចាកចេញពីកំពង់ផែក្រុងព្រះសីហនុ។

ក្នុងពិធីនេះ​ លោកមេបញ្ជាការនាវា បានថ្លែងកោតសរសើរដល់​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំម​ន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋកម្ពុជានូវទឹកចិត្តមនុស្សធម៌ និងគ្មានការរើសអើងដោយបានអនុញ្ញាត​ទទួលយកនាវា Westerdam នាវឹកនិងភ្ញៀវទេសចរណ៍ទាំងអស់​ចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ​ និងជួយសម្របសម្រួលនូវសេចក្តីត្រូវការគ្រប់បែបយ៉ាង ជាពិសេសជួយដល់ដំណើរត្រលប់ទៅកាន់ប្រទេសកំណើតរបស់ភ្ញៀវទេសចរណ៍នៅលើទទួលបានជោគជ័យលើសពីការរំពឹងទុក។ យើងខ្ញុំទាំងអស់គ្នានឹងចងចាំអំពីកម្ពុជា នឹងប្រាប់ដល់កូនចៅជំនាន់ក្រោយពីទឹកចិត្តដ៏ល្អប្រពៃនេះ។

ជាមួយនេះផងដែរ​ លោក គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់នាវឹកទាំងអស់​ និងបានជូនពរដល់ក្រុមនាវឹក និងអ្នករួមដំណើរទាំងអស់ទទួលបានសេចក្តីសុខសុវត្ថិភាព ក្នុងដំណើរវិលត្រលប់កាន់គោលដៅបន្តនាពេលខាងមុខនេះ ហើយយើងខ្ញុំរីករាយស្វាគមន៏ដល់ក្រុមនាវឹក និងភ្ញៀវទេសចរទាំងអស់​នៃនាវា​ Westerdam មកកំសាន្តនៅខេត្តព្រះសីហនុ​ជាបន្តទៀត​៕

 

ចំនួន​អ្នកស្លាប់​ដោយ​សារ COVID-19 ឬ​កូ​រ៉ូ​ណា​ថ្មីនៅចិន​កើន​ដល់​២,៧៤៤​នាក់

ប៉េកាំង ៖ យោងតាម​របាយការណ៍​ប្រចាំថ្ងៃ​ដោយ​អាជ្ញាធរ​សុខាភិបាល​ចិន​នៅ​ព្រឹក​នេះ​បាន​ឲ្យ​ដឹងថា​ចំនួន​អ្នកស្លាប់​ដោយសារ​វិ​រុស​កូ​រ៉ូ​ណា​ថ្មី COVID-19 នៅ​ទូទាំងប្រទេស បាន​កើន​ឡើងដល់ ២,៧៤៤​នាក់ និង​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​សរុប​កើន​ដល់ ៧៨,៤៩៧​ករណី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា​ពេល​ពេញ​មួយថ្ងៃ​អង្គារ​ម្សិលមិញ​នេះ មនុស្ស​សរុប​៤៣៣​នាក់​បន្ថែមទៀត ត្រូវបាន​ក្រុមគ្រូពេទ្យ​ចិន​ធ្វើតេស្ត​រកឃើញ​លទ្ធផល​វិជ្ជមាន ចំពោះ​មេរោគ COVID-19 ខណៈ​អ្នកជំងឺ​សរុប ២៩​នាក់​ក៏បាន​បាត់បង់​ជីវិត​នា​ថ្ងៃ​ដដែល​នោះ​ផងដែរ នៅក្នុង​បណ្តា​ខេត្ត និង​តំបន់​ចំនួន ៣១ ទូទាំងប្រទេស​ចិន​៕

 

បង្ក្រាបទីតាំងស្តុកឈើល្មើសច្បាប់របស់អ្នកធំម្នាក់នៅស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង ៖ ក្រុមឈ្មួញមុខសញ្ញាចាស់នៅតែបន្តធ្វើសកម្មភាព ដឹកជញ្ចូនបទល្មើសអនុផលព្រៃឈើ ដឹកតាមរថយន្តគ្រប់ធុនគ្រប់ម៉ាកចេញពីស្រុកសៀមប៉ាង មកកាន់ខេត្តសឹ្ទងត្រែង ដើម្បីយកមកចែកចាយតាមរោងសិប្បកម្មកែច្នៃអត់ច្បាប់ដែលលាក់នៅតាមផ្ទះ និងក្នុងដីឡូត៍មួយកន្លែងរបស់អ្នកធំម្នាក់សុំមិនបញ្ចេញឈ្មោះ ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង- ខេត្តស្ទឹងត្រែង  ក្នុងទីតាំងដីឡូត៍ខាងលើនេះ រួចធ្វើការរឹបអូសបានឈើជាច្រើនម៉ែត្រគីប នាពេលព្រេឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០២០ នេះ។

នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអង្កេតតាមដាន សកម្មភាពដឹក ឈើ និងបើកសិប្បកម្មកែច្នៃឈើអត់ច្បាប់នៅក្នុងដីឡូត៍នេះ ជាលក្ខណៈធ្វើអាជីវកម្ម ដឹកទៅលក់នៅក្រៅតំបន់ ទើបបានសមត្ថកិច្ច សម្រេចបង្ក្រាប។

នាយរងផ្នែករដ្ឋបាលព្រៃឈើ លោក សុខ ស៊ីដា បានឪ្យដឹងនៅរសៀលថ្ងៃទី២៦ ខែកុម្ភ: ថា ករណីបង្រ្កាបបទល្មើសអនុផលព្រៃឈើ ខាងលើនោះ សហការជាមួយកងកម្លាំងអាវុធ ហត្ថ និងនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋនគរបាលស្នងការខេត្ត សម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តសឹ្ទងត្រែង។

លោកបានបញ្ជាក់ថា ការបង្រ្កបបទល្មើសក្នុងទីតាំងដីឡូត៍របស់អ្នកធំម្នាក់ខាងលើនេះ គឺជាប្រភេទឈើប្រណីត ដែលក្រុមឈ្មួញយកមកធ្វើអាជីវកម្មមិនមែនឈើធ្វើផ្ទះនោះទេ។

លោកបានបន្តទៀតថា រដ្ឋបាលព្រៃឈើ កំព ងតែដឹកជញ្ជូនឈើ នៅមិនទាន់ដឹងចំនួនឈើពិត្រប្រាកដនោះទេ ហើយនិងកំពុងតែស្រាវ ជ្រាវរកបក្ខអ្នកពាក់ព័ន្ធក្នុងរឿងនេះ ៕

កូរ៉េខាងត្បូង ៖ ចំនួន​អ្នក​ឆ្លង COVID-19 កើន​ដល់​១.៥៩៥ ករណី​

សេ​អ៊ូ​ល ៖ ប្រទេស​កូរ៉េខាងត្បូង​បានប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​មេរោគ COVID-19 កើនឡើង​ដល់​១,៥៩៥ ករណី ក្នុងនោះ​អ្នកជំងឺ​១២​នាក់​បាន​បាត់​បង់ជីវិត។​ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​។​

​ការកើនឡើង​នេះ​បន្ទាប់ពី​អាជ្ញាធរ​បានប្រកាស​ចេញ​នូវ​អ្នកធ្វើ​តេស្ត​រកឃើញ​លទ្ធ​ផល «​វិជ្ជមាន​» នៃ​មេរោគ COVID-19 ចំនួន ៣៣៤​នាក់​បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ​តែម្តង​។ បច្ចុប្បន្ន​ទីតាំង​ដែល​រដ្ឋាភិបាល​កូរ៉េខាងត្បូង កំពុងតែ​ផ្តោត​ការយកចិត្ត​ទុក​ខ្លាំង​បំផុត​នោះ គឺ​ទីក្រុង​ដេ​គូ (Daegu) និង​ស្រុក​ឆុង​ទូ (Cheongdu) ដែល​នៅ​ស្ថិតនៅ​ជាប់​គ្នា និង​ជា​កន្លែង​រ៉ាប់រង​ចំនួន​អ្នក​ឆ្លង COVID-19 ទូទាំងប្រទេស​រហូតដល់​ទៅជិត ៨០%​ឯណោះ​។​

​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ក៏​កំពុងតែ​កសាង​មណ្ឌល​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​ឆ្លង COVID-19 បន្ថែមទៀត​នៅក្នុង​ទីក្រុង Daegu ផងដែរ ខណៈ​ការប្រកាសអាសន្ន​គឺ​ស្ថិតក្នុង​កម្រិត​ពណ៌​ក្រហម ដែលជា​កម្រិត​ខ្ពស់បំផុត​។​

​គួរ​បញ្ជាក់ថា ទីក្រុង Daegu គឺជា​ទីក្រុង​ធំ​បំផុត​លំដាប់​លេខ ៤ នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​ប្រជាជន​រស់នៅ​សរុប​ជាង ២.៥​លាន​នាក់​។ ក្នុងចំណោម​ករណី​ឆ្លង​ទាំងអស់ គឺមាន​ជាង ៨០០​ករណី​ស្ថិតនៅក្នុង​ទីក្រុង​ភាគ​អាគ្នេយ៍​ប្រទេសមួយ​នេះ​៕

 

UNWTO និង WHO ចេញសេចក្តីថ្លែងការណ៍រួមស្តីពីទេសចរណ៍ និង Covid-19

ម៉ាឌ្រីដ, អេស្ប៉ាញ និងហ្សឺណែវ, ស្វីស ៖ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីទេសចរណ៍ និង Covid-19 ដោយបានអំពាវនាវឲ្យមានការទទួលខុសត្រូវ និងកិច្ចសម្របសម្រួល។ សេចក្តីថ្លែងការណ៍នេះ មានខ្លឹមសារដូចខាងក្រោម៖

ក្នុងខណៈដែលការរីករាយដាលនៃជម្ងឺវីរុសកូរ៉ូណាបច្ចុប្បន្ននៅតែបន្តកើតមាន អង្គការសុខភាពពិភពលោក និងអង្គការទេសចរណ៍ពិភពលោកប្តេជ្ញាធ្វើការរួមគ្នាក្នុងការណែនាំតម្រង់ទិសទៅលើការឆ្លើយតបរបស់វិស័យទេសចរណ៍ និងការធ្វើដំណើរ ទៅនឹងវិបត្តិ Covid-19 នេះ។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រកាសអំពីការរាតត្បាតនៃ Covid-19 ជាភាពអាសន្នសុខភាពសាធារណៈដែលជាកង្វល់អន្តរជាតិ ហើយបានដាក់ចេញនូវអនុសាសន៍បណ្តោះអាសន្នមួយចំនួន។ អង្គការសុខភាពពិភពលោកមិនបានផ្តល់អនុសាសន៍ ឲ្យមានការរឹតបន្តឹងលើពាណិជ្ជកម្ម ឬការធ្វើដំណើរណាមួយឡើយ ផ្អែកតាមព័ត៌មានទទួលបាននាពេលបច្ចុប្បន្ន។ អង្គការសុខភាពពិភពលោកកំពុងបំពេញការងារជាមួយនឹងអ្នកជំនាញពិភពលោក រដ្ឋាភិបាល និងដៃគូរនានាយ៉ាងជិតស្និទ្ធ សំដៅពង្រីកឲ្យបានឆាប់រហ័សនូវការយល់ដឹងបែបវិទ្យាសាស្រ្តស្តីពីមេរោគថ្មីនេះ តាមដានអំពីការឆ្លងនិងឥទ្ធិពលអាក្រក់របស់វា ព្រមទាំងផ្តល់ការណែនាំដល់ប្រទេសនានា និងសហគមន៍សកលលោក ស្តីពីវិធានការការពារសុខភាព និងទប់ស្កាត់ការឆ្លងនៃការផ្ទុះឡើងនៃមេរោគនេះ។

កិច្ចសហប្រតិបត្តិការជាគន្លឹះ

វិស័យទេសចរណ៍មានការប្តេជ្ញាមុតមាំ តម្កល់ប្រជាពលរដ្ឋ និងសុខមាលភាពរបស់ពលរដ្ឋជាអាទិភាព ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិមានតួនាទីស្នូលយ៉ាងសំខាន់ក្នុងការធានាឲ្យវិស័យនេះ អាចចូលរួមទប់ស្កាត់ជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព។ អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោកកំពុងសហការប្រឹក្សាយោបល់គ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងដៃគូផ្សេងៗទៀត សំដៅជួយដល់បណ្តារដ្ឋទាំងឡាយឲ្យធានាបានការអនុវត្តវិធានការសុខភាពប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយឲ្យនៅតិចបំផុតនូវការរារាំងមិនចាំបាច់ដល់ចរាចរណ៍ និង ពាណិជ្ចកម្មអន្តរជាតិ។ ការឆ្លើយតបពីវិស័យទេសចរណ៍ ទាមទារឲ្យមានការថ្លឹងថ្លែងសមស្របទៅតាមភាពគម្រាមកំហែងសុខភាពសាធារណៈ និងផ្អែកទៅលើការវាយតម្លៃហានិភ័យក្នុងស្រុក តាមរយៈការជំរុញឲ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់នៃសង្វាក់តម្លៃទេសចរណ៍ មានដូចជា ស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន និងភ្ញៀវទេសចរ ស្របតាមអនុសាសន៍ និងគោលការណ៍ណែនាំជាទូទៅរបស់អង្គការសុខភាពពិភពលោក។

អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោកត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញការងារយ៉ាងជិតស្និទ្ធ ជាមួយគ្រប់សហគមន៍ទាំងអស់ និងប្រទេសទាំងឡាយដែលរងការប៉ះពាល់ដោយភាពអាសន្ននៃសុខភាពបច្ចុប្បន្ន សំដៅចូលរួមកសាងអនាគតមួយកាន់តែប្រសើរ និងកាន់តែរឹងមាំ។ ការរឹតបន្តឹងលើការធ្វើដំណើរទាំងឡាយណាដែលឃ្លាតឆ្ងាយពីស្មារតីខាងលើ អាចបណ្តាលឲ្យមានការរំខានមិនចាំបាច់ដល់ចរាចរណ៍អន្តរជាតិ រួមទាំងផលប៉ះពាល់អវិជ្ជមានលើវិស័យទេសចរណ៍ផងដែរ។

ស្ថិតក្នុងដំណាក់កាលប្រឈមនេះ អង្គការសុខភាពពិភពលោកសូមចូលរួមជាមួយសហគមន៍អន្តរជាតិទាំងអស់ ដើម្បីរក្សាសាមគ្គីភាពជាមួយប្រទេសរងផលប៉ះពាល់នានា៕

របាយការណ៍ ៖ មនុស្ស​៨​នាក់​ស្លាប់ដោយសារ COVID-19 នៅ​កូរ៉េខាងជើង​

កូរ៉េខាងជើង ៖ ប្រភពពី​ការទូត​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​មាន​មនុស្ស​៨ នាក់​ត្រូវបាន​គេ​និយាយថា​បាន​ស្លាប់​ដោយសារ​វី​រុ​កូ​រ៉ូ​ណា ឬ COVID-19 នៅ​ប្រទេស​កូរ៉េខាងជើង​។ ​នេះ​បើ​យោងតាម​ប្រភពពី chosun ilbo ។​

​ប្រភព​នេះ​ដដែល ក៏បាន​អះអាង​ដែរ​ថា មូលហេតុ​ដែល​កូរ៉េខាងជើង បិទ​ព្រំដែន​ភា្ល​មៗ​ជាមួយ​ចិន កាលពី​ថ្ងៃទី​២២ ខែមករា ក៏​ពីព្រោះ​តែមាន​មនុស្ស​ស្លាប់​រួចទៅហើយ ដោយសារតែ COVID-19 នៅក្នុង​ប្រ​ទេ ប៉ុន្តែ​យ៉ាងណាមិញ​មិនទាន់​សារព័ត៌មាន​ផ្លូវការ​របស់​កូរ៉េខាងជើង​ចេញមក​អះអាង​ពី​ការស្លាប់​ និង​ករណី​វីរុស​កូ​រ៉ូ​ណា ណាមួយ​ត្រូវបាន​បញ្ជាក់​ឡើយ​ទេ​។​

​ប៉ុន្តែ​យោងតាម​កាសែត​កូរ៉េខាងត្បូង​បានឲ្យដឹងថា ​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត ក្រោយ​ឆ្លង COVID-19 កាលពី​ខែមករា​កន្លងទៅ គឺជា​សមាជិកគ្រួសារ របស់​ក្រុមមន្ត្រី​ទូត​កូរ៉េខាងជើង​មួយចំនួន ប្រចាំ​ប្រទេស​ចិន និង​ជា​កម្មករ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​។​

​ទោះ​បែបនេះ​ក្ដី កូរ៉េខាងជើង បានបញ្ជាក់​ជា​ច្រើ​កលើ​កថា មិនមាន​ករណី​ឆ្លង COVID-19 ណាមួយ​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ខ្លួន​នោះទេ ខណៈ​អង្គការ​សុខភាព​ពិភពលោក WHO ក៏​ធ្លាប់​បានឱ្យដឹង​ដែរ​ថា ខ្លួន​មិនទាន់​ទទួលបាន​របាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​នេះ ពី​អាជ្ញាធរ​ទីក្រុង​ព្យុងយ៉ាង​នៅឡើយ​ទេ​៕

 

អ្នកឆ្លងវីរុស COVID-19 ឬកូរ៉ណានៅប្រទេសថៃកើនដល់៤០ករណី

​បាងកក ៖ មន្ត្រី​ក្រសួងសុខាភិបាល​ថៃ​បាន​និយាយថា​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា COVID-19 ចំនួន​៣​ករណី​បន្ថែមទៀត​នៅ​ថ្ងៃ​ពុធ ​(២៦​កុម្ភៈ​) ដែល​ធ្វើ​ឲ្យ​តួលេខ សរុប​នៅ​ទូទាំងប្រទេស​ថៃ​កើន​ដល់​៤០ ករណី​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួងសុខាភិបាល​លោក Sukhum Kanchanapimai បាន​និយាយថា​អ្នក​ឆ្លង​ថ្មី​ចំនួន ២​នាក់​ជា​ជនជាតិ​ថៃ ដែល​បាន​ត្រឡប់​ពី​ការ​ដើម​កម្សាន្ត​នៅ​កោះ Hokkaido របស់​ជប៉ុន ហើយ​ពួកគេ​ទាំងពីរ​នាក់​បាន​ចម្លង​វា​ទៅកាន់​អ្នក​ទី ២​។​

​ថៃ​គឺជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែលមាន​អ្នក​ឆ្លង​វីរុស​មរណៈ​ខាងលើ ក្រៅពី​ប្រទេស​ចិន នៅ​ថ្ងៃទី ១៣ ខែមករា​។ នៅ​ចុងខែ​មករា ប្រទេស​នេះ​បាន​ក្លាយជា​ប្រទេស​ទី ២ ដែលមាន​អ្នក​ឆ្លង​ច្រើន​បំផុត បន្ទាប់ពី​ចិន ប៉ុន្តែ​ករណី​ឆ្លង​ថ្មី​បាន​ចុះ​ជា​បន្តបន្ទាប់​។​

​យ៉ាងណាមិញ​គ្មាន​នរណាម្នាក់​នៅ​ប្រទេស​ថៃ​បាន​ស្លាប់​ដោយសារ​វីរុស​នេះ​ទេ​។ កាលពី​ថ្ងៃ​ច័ន្ទ​អាជ្ញាធរ​ថៃ​បានចាត់ទុក​វីរុស​កូ​រ៉ូ​ណា ជា​ជំងឺឆ្លង​ដែល​គ្រោះថ្នាក់ និង​បានអនុញ្ញាត​ឲ្យ​បុគ្គលិក​ពេទ្យ និង​ប៉ូលិស​ធ្វើ​ការដាក់​ពលរដ្ឋ​ទាំងឡាយណា ដែលមាន​រោគសញ្ញា ឬ​អ្នក​ដែល​ទើប​ត្រឡប់​មកពី​តំបន់​ប្រឈម នៅ​ដាច់ដោយឡែក​បាន​។​

​អាជ្ញាធរ​ថៃបានបញ្ជាក់ កាលពី​ថ្ងៃ​អង្គា​រថា​អ្នកជំងឺ​សរុប​ចំនួន​២២ នាក់​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចេញពី​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ​និង​១៥ នាក់​ទៀត​កំពុង​ត្រូវបាន​ព្យាបាល​៕

 

ADB នឹងផ្តល់ថវិកា ១.៤៥០លានដុល្លារសម្រាប់អភិវឌ្ឍន៍កម្ពុជារយៈពេល៥ឆ្នាំ

ភ្នំពេញ ៖ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តម វង្សី វិស្សុត នាជំនួប ពិភាក្សាការងារ ជាមួយលោក អាន់តូនី ម៉ាក់ដូណាល នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី បានសម្តែងនូវអំណរគុណចំពោះធនាគារមួយនេះ ដែលបាន អនុម័តឯកសារយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ដែលជា ក្របខណ្ឌយុទ្ធ សាស្រ្តរួមមួយមានទឹកប្រាក់ប្រមាណ ១៤៥០ លានដុល្លារអាមេរិកសម្រាប់ រយៈពេល៥ឆ្នាំ ដែលឆ្លើយតបកាន់តែប្រសើរឡើង ទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់ កម្ពុជា។

ក្នុងជំនួបជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីនៅទីស្តីការក្រសួង កាលពីល្ងាចថ្ងៃ ទី២៥ កុម្ភៈនោះដែរ លោករដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត ក៏បានជម្រាបជូនអំពី ស្ថាន ភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ប៉ាន់ស្មានថា នឹងអាចសម្រេចបានកំណើនក្នុង រង្វង់ ប្រមាណ ៦% នៅក្នុងឆ្នាំ២០២០ ព្រមទាំងអំពីក្របខណ្ឌ ម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២០ ដែល នៅ តែមានលក្ខណៈរឹងមាំ ទោះបីសេដ្ឋកិច្ចកម្ពុជាត្រូវបានជួបប្រទះបញ្ហា ប្រឈម និង ហានិភ័យកាន់តែច្រើនពីខាងក្រៅក្តី។ លោកថា ក្នុងក្របខ័ណ្ឌខាងលើនេះ រាជរដ្ឋា ភិបាល បានត្រៀមខ្លួនរួចជាស្រេច និងបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដូចដែលសម្តេច តេជោនាយករដ្ឋមន្រ្តី បានប្រកាសកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ អំពីវិធានការរបស់រារដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺ Covid-19 និងការ ព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួនក្រោមកម្មវិធីទំនិញគ្រប់មុខលើកលែងតែអាវុធ (EBA)។

ជាការឆ្លើយតប លោក អាន់តូនី ម៉ាក់ដូណាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអបអរសាទរចំពោះជោគជ័យ ដ៏ធំធេងរបស់កម្ពុជា ក្នុង ការបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពោលគឺរាជរដ្ឋាភិបាល កម្ពុជា មានគោលនយោបាយត្រឹមត្រូវ ក្នុងការអភិវឌ្ឍន៍ប្រទេស និងការកាត់បន្ថយភាព ក្រីក្រ។ លោកថា ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តយុទ្ធសាស្រ្ត២០៣០ តាមរយៈ ការ ដាក់ ឱ្យអនុវត្តនូវផែនការសកម្មភាពអាទិភាពមួយចំនួន ក្នុងនោះរួមមាន៖ (១).ការពង្រឹង គុណភាព ហេដ្ឋារចនាសម្ព័ន្ធ (២).ការកសាងធនធានមនុស្សតាមរយៈ ការវិនិយោគ លើ វិស័យអប់រំ និងសុខាភិបាល, ពុទ្ធិ និងភាពច្នៃប្រឌិត និង (៣).ការពង្រីកកិច្ចសហ ប្រតិបត្តិ ការ និងសមាហរណកម្មក្នុងតំបន់ ដូចជាមហាអនុតំបន់មេគង្គ ដែលយុទ្ធសាស្រ្ត២០៣០ នេះ គឺមានលក្ខណៈស្របគ្នាទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤, ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងយុទ្ធសាស្រ្តស្តីពីការកែទម្រង់ ប្រព័ន្ធគ្រប់ គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
គួរជម្រាបថា ថិវកាចំនួន១,៤៥ពាន់លានដុល្លារអាមេរិករបស់ ADB តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មី ឆ្នាំ២០១៩ ដល់២០២៣ នឹងត្រូវប្រើសម្រាប់វិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ កែលម្អលក្ខខណ្ឌជីវិភាពរស់នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធថាមពលករកើតឡើងវិញ និងការអភិវឌ្ឍវិស័យអប់រំ និងជំនាញ។ នេះ បើ តាមសេចក្តីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩៕

កម្ពុជានឹងបញ្ជូនយន្តហោះទៅដឹកវត្ថុធាតុដើមពីចិន ដើម្បីបញ្ចៀសការបិទរោងចក្រ

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើទៅលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឲ្យជួយជំរុញភាគីចិន ដើម្បីប្រើយន្តហោះ និងកប៉ាល់ ដឹកវត្ថុធាតុដើម ជាពិសេសសាច់កំណាត់មកកម្ពុជាជាប្រញាប់ ដើម្បីចៀសវាងកុំឲ្យមានការបិទរោងចក្រ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏នឹងបញ្ជូនយន្តហោះ ទៅដឹកសាច់កំណាត់ពីចិន ដោយផ្ទាល់ដែរ។ សម្តេច អះអាងថា កម្ពុជា នាំចូលសាច់កំណាត់ប្រមាណ ៦០ភាគរយ ពីចិន ដើម្បីផ្គត់ផ្គង់វិស័យកាត់ដេរ។

ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា ៖«ខ្ញុំ យល់ថា ការផ្តល់មតិនេះ គឺម្ខាង អាចដឹកជញ្ជូនតាមផ្លូវទឹក ម្ខាងទៀតអាចដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមនៅកម្ពុជា សម្រាប់រោងចក្រមួយចំនួន ចៀសវាងការបិទរោងចក្រ ដែលកម្មករ-កម្មការិនីកម្ពុជា នឹងបាត់បង់ការធ្វើ ផ្អាកការធ្វើ។ …ប្រញាប់ប្រញាល់ដោះស្រាយវត្ថុធាតុដើម។…ខ្ញុំ ជឿថា មិត្តចិន នឹងអាចធ្វើទៅបាន ហើយកម្ពុជា ក៏នឹងខិតខំធ្វើទៅបាន»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះបានប្រកាសថា កម្មករ-កម្មការិនី នឹងទទួលបានប្រាក់ ៦០ភាគរយដែលស្មើនឹងប្រមាណ ១២០ដុល្លារ នៃប្រាក់ខែគោល ១៩០ដុល្លារ បើសិនជាពួកគេត្រូវផ្អាកការងារជាបណ្តោះអាសន្ន។

គួរកត់សម្គាល់ថា អាចនឹងមានរោងចក្រមួយចំនួនត្រូវបិទទ្វារមួយរយៈ ដោយសារតែអស់វត្ថុធាតុដើម ហើយកម្មករ-កម្មការិនី មិនតិចជាងម៉ឺននាក់នោះឡើយ ដែលនឹងត្រូវព្យួរការងារ។ ដើមចមនៃវិបត្តិនេះ ដោយសារតែវីរុស COVID-19 រាលដាលខ្លាំង ធ្វើឲ្យរោងចក្រ និងក្រុមហ៊ុនជាច្រើននៅប្រទេសចិន ត្រូវផ្អាកផ្គត់ផ្គត់ និងការនាំចូលវត្ថុធាតុដើម ទៅកាន់បណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ៕

ឆេះរោងចក្រផលិតនិងស្តុកកំណាត់ និងអំបោះនៅខណ្ឌដង្កោ

ភ្នំពេញ ៖ ទុសេខ្សែរភ្លើងបណ្តាលអោយឆេះរោងស្តុកកំណាត់ និងអំបោះអស់មួយអាគារខណះកម្មករកំពុងនាំគ្នាដើរចូលធ្វើបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍អគ្គីភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២រសៀលថ្ងៃទី២៦ ខែកុម្ភះឆ្នាំ២០២០ ស្ថិតនៅផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុកម្នករបាននាំគ្នាចេញទៅហូបបាយខណៈដើរត្រលប់បំរុងចូលមកធ្វើការវិញស្រាប់តែឃើញមានភ្លើងឆេះចេញពីគំនរកំណាត់និងអំបោះយ៉ាងសន្ធោរសន្ធៅបង្កអោយមានការភិតភ័យនិងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះនាំគ្នាជួយយកបំពង់ពន្លត់អគ្គីភ័យនិងទាញទុយោទឹកជួយបាញ់ពន្លត់តែដោយសារភ្លើងឆាបឆេះខ្លាំងពេកមិនអាចជួយពន្លត់បានទើបសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យជាច្រើនជាច្រើនគ្រឿងចេញទៅជួយអន្តរាគមន៏ទៅបាញ់ពន្លត់អស់ទឹកជាច្រើនគ្រឿងទើបអគ្គីភ័យខាងលើបានរលត់ទៅវិញជាស្ថាពរទៅវិញនៅវេលាម៉ោង២រសៀលថ្ងៃដដែល។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ចំណែកសម្ភាៈដែលខូចខាតរួមមានអគាររោងចក្រមួយល្វែង និងអំបោះនិងក្រណាត់មួយចំនួនធំ
ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះពុំបណ្តាលអោយមាននណាម្នាក់រងរបួសនោះទេ៕

ជប៉ុនផ្តល់ថវិកាជាង៨៩ម៉ឺនដុល្លារលើគម្រោងធារាសាស្រ្ត សុខភាព និងអនាម័យ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ៨៩០.៤៧១ដុល្លារអាមេរិកដល់អង្គភាពចំនួនបី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ ក្រោមវត្តមាន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងបី។

នៅក្នុងពិធីចុះហត្ថលេខានោះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងឱ្យដឹងថា សម្រាប់គម្រោងសាងសង់អាងស្តុកទឹក សម្រាប់លើកកម្ពស់កសិកម្មនៅខេត្តព្រះវិហារ ភូមិធម្មជាតិសម្តេចតេជោ ថវិកាចំនួន៨៥,០១៩ ដុល្លារអាមេរិក ដល់អង្គការមោទនភាពអាស៊ី សមាគមមិត្តព្រះវិហារ-ជប៉ុន។ ក្នុងគម្រោងនេះមោទនភាពអាស៊ី សមាគមមិត្តព្រះវិហារ-ជប៉ុននឹងសាងសង់អាងស្តុកទឹកនិងបរិក្ខាចែកចាយទឹក នៅក្នុងភូមិអកូខេត្ព្រះវិហារ។

កសិករនៅក្នុងតំបន់នេះនឹងទទួលបានអត្ថប្រយោជន៍ ដោយបង្កើតផលិតកម្ម កសិកម្ម នារដូងប្រាំង និងរៀនពីបច្ចេកវិទ្យាកសិកម្ម ព្រមទាំងការគ្រប់គ្រងបរិក្ខាសម្រាប់ការអភិវឌ្ឍន៍ ក្នុងតំបន់ប្រកបដោយនិរន្តរភាព។

ចំណែកគម្រោងការរួមបញ្ចូលគ្នា សុខភាព អាហាររូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ ឆ្នាំទី១នូវថវិកា ចំនួន ៤៥២,៤២៧ដុល្លារអាមេរិក ដល់អង្គការ World Vision Japan ។ ក្នុងគម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាល និងអប់រំសុខភាព ដល់បុគ្គលិកសុខាភិបាលនិងសហគមន័មូលដ្ឋាន ដើម្បីកែលម្អរស្ថានភាពសុខភាព មាតានិងទារក កនៅក្នុងស្រុកចំនួន៥ នៃខេត្តព្រះវិហារ។ អ្នកទទួលផលនឹងអាចផ្លាស់ប្តូរទំលាប់នៃការញាំ ដោយមានចំណេះដឹង និងមានលទ្ធភាពទទួលបានទឹកស្អាត។

សម្រាប់គម្រោងការកសាងសមត្ថភាពយុវជន ក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ ឯណោះវិញ ក្នុងឆ្នាំទី១នេះ អង្គការកុមារឥតព្រំដែន បានទទួលថវិកាចំនួន ៣៥៣,០២៥ដុល្លារអាមេរិក។ គម្រោងនេះនឹងគាំទ្រដល់យុវជន ជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពមានការងារមិនជាប់លាប់ ខ្វះជំនាញជីវិត និងបោះបង់ការសិក្សា។ តាមរយៈការផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបរិបទ នៃមជ្ឈមណ្ឌលសិក្សាសហគមន៍ ដែលល្អប្រសើរដល់យុវជន ពួកគេនិងទទួលបានការអប់រំនិងជំនាញ សម្រាប់បង្កើតមូលដ្ឋានគ្រឹះ នៃជីវិតកាន់តែប្រសើរនាពេលអនាគត។

សូមបញ្ជាក់ថា ជំនួយឥតសំណង សម្រាប់គម្រោងក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍន៍និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ តាំងពីមានវត្តមាននៅកម្ពុជា ជប៉ុនបានផ្តល់ថវិកាជាង៣៩លានដុល្លារអាមេរិកដល់គម្រោងចំនួន១២៥ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្មនិង សកម្មភាពបោសសំអាតមីន ក្នុងប្រទេសកម្ពុជា៕

ចំនួន​អ្នកស្លាប់​ដោយ​វីរុស​កូ​រ៉ូ​ណា​នៅ​ចិន​កើន​ដល់​២,៧១៥​នាក់​

​ប៉េកាំង ៖ យោងតាម​របាយការណ៍​ប្រចាំថ្ងៃ​ដោយ​អាជ្ញាធរ​សុខាភិបាល​ចិន​នៅ​ព្រឹក​នេះ​បាន​ឲ្យ​ដឹងថា​ចំនួន​អ្នកស្លាប់​ដោយសារ​វិ​រុស​កូ​រ៉ូ​ណា​ថ្មី COVID-19 នៅ​ទូទាំងប្រទេស បាន​កើន​ឡើងដល់ ២,៧១៥​នាក់ និង​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​សរុប​កើន​ដល់ ៧៨,០៦៤​ករណី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា​ពេល​ពេញ​មួយថ្ងៃ​អង្គារ​ម្សិលមិញ​នេះ មនុស្ស​សរុប ៤០៦​នាក់​បន្ថែមទៀត ត្រូវបាន​ក្រុមគ្រូពេទ្យ​ចិន​ធ្វើតេស្ត​រកឃើញ​លទ្ធផល​វិជ្ជមាន ចំពោះ​មេរោគ COVID-19 ខណៈ​អ្នកជំងឺ​សរុប ៥២​នាក់​ក៏បាន​បាត់បង់​ជីវិត​នា​ថ្ងៃ​ដដែល​នោះ​ផងដែរ នៅក្នុង​បណ្តា​ខេត្ត និង​តំបន់​ចំនួន ៣១ ទូទាំងប្រទេស​ចិន​៕

 

កូរ៉េខាងត្បូង ៖ ចំនួន​អ្នក​ឆ្លង COVID-19 កើន​ដល់​១,១៤៦នាក់

​សេ​អ៊ូ​ល ៖ ប្រទេស​កូរ៉េខាងត្បូង​បានប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​មេរោគ COVID-19 កើនឡើង​ដល់​១,១៤៦ ករណី ក្នុងនោះ​អ្នកជំងឺ​១១​នាក់​បាន​បាត់​បង់ជីវិត។ ​នេះ​បើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​។​

​ការកើនឡើង​នេះ​បន្ទាប់ពី​អាជ្ញាធរ​បានប្រកាស​ចេញ​នូវ​អ្នកធ្វើ​តេស្ត​រកឃើញ​លទ្ធ​ផល «​វិជ្ជមាន​» នៃ​មេរោគ COVID-19 ចំនួន១៦៩​នាក់​បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ បច្ចុប្បន្ន​ទីតាំង​ដែល​រដ្ឋាភិបាល​កូរ៉េខាងត្បូង កំពុងតែ​ផ្តោត​ការយកចិត្ត​ទុក​ខ្លាំង​បំផុត​នោះ គឺ​ទីក្រុង​ដេ​គូ (Daegu) និង​ស្រុក​ឆុង​ទូ (Cheongdu) ដែល​នៅ​ស្ថិតនៅ​ជាប់​គ្នា និង​ជា​កន្លែង​រ៉ាប់រង​ចំនួន​អ្នក​ឆ្លង COVID-19 ទូទាំងប្រទេស​រហូតដល់​ទៅជិត ៨០%​ឯណោះ​។​

​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ក៏​កំពុងតែ​កសាង​មណ្ឌល​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​ឆ្លង COVID-19 បន្ថែមទៀត​នៅក្នុង​ទីក្រុង Daegu ផងដែរ ខណៈ​ការប្រកាសអាសន្ន​គឺ​ស្ថិតក្នុង​កម្រិត​ពណ៌​ក្រហម ដែលជា​កម្រិត​ខ្ពស់បំផុត​។

​ទីក្រុង Daegu គឺជា​ទីក្រុង​ធំ​បំផុត​លំដាប់​លេខ៤ នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​ប្រជាជន​រស់នៅ​សរុប​ជាង ២.៥​លាន​នាក់​។ ក្នុងចំណោម​ករណី​ឆ្លង​ទាំងអស់ គឺមាន​ជាង ៨០០​ករណី​ស្ថិតនៅក្នុង​ទីក្រុង​ភាគ​អាគ្នេយ៍​ប្រទេសមួយ​នេះ​។

បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានឲ្យដឹងថា ជាងពាក់កណ្តាលនៃករណីឆ្លងវីរុសកូរ៉ណា ត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមអ្នកកាន់សាសនាគ្រឹស្តមួយ ហើយក្រុមអ្នករិះគន់បាននិយាយថា ភាពសំងាត់របស់ក្រុមនេះ បានធ្វើឲ្យគេមិនអាចការពារពីវីរុសខាងលើបាន។

ក្រុមអាជ្ញាធរកូរ៉េខាងត្បូង បានរកឃើញថា ក្រុមអ្នកកាន់សាសនាគ្រឹស្ត Shincheonji ទំនងជាអ្នកបង្កឲ្យផ្ទុះឡើង នូវការឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេស។ សមាជិករបស់ពួកគេ ដែលនៅភាគអាគ្នេយ៍នៃទីក្រុង Daegu ទំនងជាចម្លងវីរុសនេះពីម្នាក់ទៅម្នាក់ ហើយក៏បន្តរីកសាយភាយពាសពេញប្រទេសតែម្តង។

មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង ជឿជាក់ថា សមាជិកវ័យ ៦១ឆ្នាំម្នាក់នៃក្រុមអ្នកកាន់សាសនាគ្រឹស្តខាងលើ ដែលបានធ្វើតេស្តរកឃើញថា មានវីរុសកូរ៉ូណាកាលពីសប្តាហ៍មុន គឺស្ថិតក្នុងចំណោមអ្នកដំបូងគេបង្អស់ដែលឆ្លងវីរុសនេះ។

សូមជម្រាបថា ស្រ្តីជាអ្នកជំងឺខាងលើ បានបដិសេធមិនព្រមឲ្យគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើតេស្តឡើយ ហើយបានចូលរួមជួបជុំគ្នានៅក្នុងវិហារគ្រឹស្តជាច្រើន មុនពេលធ្វើតេស្តរកឃើញថា មានវីរុសកូរ៉ូណា៕

 

 

រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ដើម្បីទ្រទ្រង់វិស័យទេសចរណ៍ វិស័យកាត់ដេរ និងកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួ​ងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់ចំនួន ៣ របស់រាជរដ្ឋាភិបាល សម្រាប់អគ្គនាយកដ្ឋានពន្ធដារ យកទៅអនុវត្ត ដើម្បីទ្រទ្រង់វិស័យទេសចរណ៍ វិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង កាបូប និងកំណើនសេដ្ឋកិច្ច។

វិធានការសំខាន់ៗទាំង៣ រួមមានដូចខាងក្រោម៖

១) វិស័យទេសចរណ៍

* លើកលែង (រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ របស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប សម្រាប់រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០។

* អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចពន្ធ ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។

* មិនធ្វើសវនកម្មពេញលេញ សម្រាប់ការិយបរិច្ឆទឆ្នាំ២០២០ ចំពោះសហគ្រាស ក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប។

២) វិស័យកាត់ដេរ

* លើកលែងពន្ធ (Tax Holiday) អាចពី៦ខែទៅ១ឆ្នាំ សម្រាប់រោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ ជាក់ស្ដែងរោងចក្រនីមួយៗ ដែលបណ្ដាលមកពី ការខ្វះវត្ថុធាតុដើមផលិត និងការព្យូរ EBA។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដឹកនាំសម្រប់សម្រួលរៀបចំរូបមន្ដ និងគោលការណ៍ជាក់លាក់ សម្រាប់ការវាយតម្លៃផ្ដល់ការលើកលែងពន្ធនេះ។

៣) អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

* លើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង៧០០០០ដុល្លារ ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួង និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

 

សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ចម្ងាយជាង១៧៤គ.ម. ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ឧត្តរមានជ័យ

បន្ទាយមានជ័យ ៖ ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅឃុំផ្អុង ខេត្តឧត្តរមានជ័យ នឹងបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កំណាត់ផ្លូវជាតិលេខ៥៨ ដែលត្រូវបានសាងសង់ចប់សព្វគ្រប់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។ផ្លូវនេះមានប្រវែងសរុបចំនួន១៧៤,១៦៦គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុង នោះផ្លូវមេប្រវែង១៦៥,១៨៦ គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង៨,៩៨០គីឡូម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២លាន ដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) គិតចាប់ពីផ្លូវជាតិ លេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្អុង) ខេត្តឧត្តរមានជ័យ ។

គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងត្រូវបានបញ្ចប់ការងារសាងសង់ជាស្ថាពរ១០០%នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។

កំណាត់ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅ តំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត ជាពិសេសកំណាត់ផ្លូវ នេះអាចសម្រួលដល់ការតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃ ក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជ កម្មថែមទៀតរបស់ប្រទេសជាតិ៕