All posts by មេគង្គ ប៉ុស្តិ៍

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមានការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាសាធារណៈថា នឹងមានការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រី ដើម្បីជំរុញប្រសិទ្ធភាពការងារ និងកែប្រែភាពអសកម្មមួយចំនួននៅក្នុងរដ្ឋាភិបាល នៅបន្ទាប់ពីបានពិនិត្យឃើញថា ការអនុវត្តកន្លងមករបស់ក្រសួងខ្លះ មានភាពស្ពឹកស្រពន់។
សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសបបែននេះនៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាពកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ម្សិលមិញ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ៖ «ខ្ញុំគ្រាន់តែឱ្យសញ្ញាថា នឹងមានការកែសម្រួលគណៈរដ្ឋមន្ត្រីក្នុងពេលខាងមុខមិនជាយូរប៉ុន្មាន បន្ទាប់ពីច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍។ ឆ្លៀតពេលនោះយើងត្រូវមានការបោះឆ្នោតជ្រើសរើសរដ្ឋមន្ត្រី ហើយរដ្ឋមន្ត្រីនោះក៏នៅតែជាឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដដែលទេ ក៏ប៉ុន្តែអាចនឹងមានក្រសួងមួយចំនួនមានការកែសម្រួល …ការកែសម្រួលវាជារឿងធម្មតាទេ នៅប្រទេសខ្លះមានការដូររហ័ស តែយើងក៏នៅទុកពេលដើម្បីឲ្យធ្វើការ»។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ បានថ្លែងថា៖ «… ប៉ុន្តែក៏ការកែសម្រួលនោះ ក៏មិនខ្លាំងរហូតដល់រំលាយចោលរដ្ឋាភិបាលនោះដែរ។ ព្រោះយើងគ្រាន់តែឃើញថា មានភាពស្ពឹកស្រពន់នៅកន្លែងខ្លះ ហើយកន្លែងខ្លះប្រសិទ្ធភាពវាតិច ដែលមិនទាន់ឆ្លើយតបនឹងការចង់បានរបស់យើង ដែលវាគួរតែលឿនជាង ក៏ប៉ុន្តែបែរជាត្រូវបាន ១០០ភាគរយ តែបានតែ ៧០ភាគរយ ដែលត្រូវតែកែដែរ»។
គួរជម្រាបថា បើយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា គណៈរដ្ឋមន្ត្រីត្រូវមានសមាសភាព នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ៕

រាជរដ្ឋាភិបាលពន្យារពេលសំបុត្រចូលទស្សនាអង្គរសម្រាប់ទេសចរបរទេស ខណៈវិស័យទេសចរណ៍ធ្លាក់ចុះ

ខេត្តសៀមរាប ៖ រាជរដ្ឋាភិបាលបានសម្រេចពន្យាររយៈពេលនៃសំបុត្រចូលទស្សនា តំបន់អង្គរសម្រាប់ភ្ញៀវទេសចរបរទេសទៅតាមប្រភេទសំបុត្រចំនួន៣ ផ្សេងពីគ្នា ដូចជា ៖ ១.សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ ២.សំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ និង៣.សំបុត្រសម្រាប់រយៈពេល ៧ថ្ងៃ អាចចូលទស្សនារយៈពេល១០ថ្ងៃជាដើម។ នេះបើយោងតាមខ្លឹមសារនៃលិខិតរបស់រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្ញើជូនអគ្គនាយកគ្រឹះស្ថានអង្គរនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ក្នុងលិខិតនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអគ្គបណ្ឌិតសភា ចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ និងចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ទាក់ទងទៅនឹងវិធានការសម្រួលផល ប៉ះពាល់មកលើវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបនោះ សូមលោកអគ្គនាយកគ្រឹះស្ថានអង្គរជ្រាប ថា ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបន្តស្នាក់នៅក្នុងព្រះ រាជាណាចក្រកម្ពុជាកាន់តែបានច្រើនថ្ងៃ ស្របពេលដែលវិស័យទេសចរណ៍នៅក្នុងតំបន់ និងនៅប្រទេស កម្ពុជា បានទទួលរងនូវផលប៉ះពាល់ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺ ខូវីដ-19 ដោយសារភ្ញៀវទេស ចរបរទេសចម្រុះជាតិសាសន៍បានផ្អាក ឬលុបចោលការធ្វើដំណើរទេសចរណ៍របស់ខ្លួន ពិសេសជនជាតិចិន៕

នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់មន្ត្រីរាជការកុំឲ្យពើងទ្រូងដាក់រាស្ត្រ

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្រើនរំលឹកដល់មន្ត្រីរាជការក្នុងស្ថាប័នរដ្ឋទាំងអស់ ត្រូវតែបម្រើរាស្ត្រដោយភាពស្មោះត្រង់ និងមិនត្រូវតាំងខ្លួនជាចៅហ្វាយនាយលើប្រជាពលរដ្ឋនោះឡើយ។ សម្តេចតេជោ ក៏ក្រើនរំលឹកផងដែរថា កុំឲ្យភរិយាលូកដៃចូលក្នុងកិច្ចការរបស់ប្តី នាំឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់ស្ថាប័នរដ្ឋ។

នៅចំពោះមុខមន្ត្រីរាជរដ្ឋាភិបាល សិស្សមន្ត្រីជាន់ ខ្ពស់ និង សិស្សមន្ត្រីក្រមការ នៃសាលាភូមិន្ទរដ្ឋបាលដែលទើបបញ្ចប់ការសិក្សា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នាវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាស់តឿន ក្រើនរំ លឹកមន្ត្រីរាជការទំាងអស់ កុំពើងទ្រូងដាក់រាស្ត្រ ប៉ុន្តែត្រូវបំរើពលរដ្ឋដោយស្មោះត្រង់ និងកុំតាំងខ្លួនជាចៅហ្វា យនាយរបស់ពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអាចបន្តបណ្តែតបណ្តោយ ទុកអោយមន្ត្រី ដែលតាំងខ្លួន ជាចៅហ្វាយពលរដ្ឋអាចបន្តការងាររបស់ខ្លួនតទៅទៀតបានទេ គឺត្រូវដល់ពេលវះកាត់មន្ត្រីទាំងនោះហើយ។

សម្តេចតេជោ សង្កត់ធ្ងន់ថា ធ្វើជាមន្ត្រី ត្រូវផ្តល់សេចក្តីទុកចិត្តដល់ប្រជាពលរដ្ឋ មិនត្រូវធ្វើឲ្យពលរដ្ឋស្អប់ខ្ពើមនោះទេ ព្រោះវានឹងប៉ះពាល់ដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់រដ្ឋ។ សម្តេចតេជោ ក៏ប្រាប់ឲ្យ មន្ត្រីទំាងអស់ខិតខំបំពេញការងាក្នុងតួរនាទីរបស់ខ្លួនអោយបានល្អ ទៅតាមច្បាប់ដែលបានកំណត់ ដោយមិនត្រូវវរងចាំតែអនុសាសន៍របស់ថ្នាក់ដឹក នាំនោះទេ។

ក្រៅពីការដាស់តឿនមន្ត្រីរាជការ ឲ្យបំរើរាស្ត្រដោយភាពស្មោះត្រង់ហើយ នោះ សម្តេចតេជោ បានរំលឹកប្រាប់មន្ត្រី និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នរដ្ឋនានា មិនត្រូវឲ្យភរិយា រឺកូនលូកដៃចូលក្នុងកិច្ចការក្រសួង ស្ថាប័នដែលខ្លួន កំពុងកាន់តំណែងដាច់ខាត។ ពិសេសមន្ត្រីថ្នាក់ដឹកនាំ ត្រូវបញ្ជៀសអោយបាននូវការប្រើប្រាស់អំណាចតួនាទីរបស់ខ្លូនពីសំណាក់ប្រពន្ឋ និងកូនដែល សម្តេចហៅថា មន្ត្រីស័ក្តិ ៣ ប្រពន្ឋស័ក្តិ ៤ និងកូនស័ក្តិ ៥។

លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារ ណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋ បាលបានបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល ជាសាលាគោលខាងការបណ្តុះបណ្តាលភ្នាក់ងារនៃរដ្ឋបាលសាធារណៈ ទទួលបន្ទុកមុខងារមួយយ៉ាងសំខាន់ គឺជ្រើសរើស បណ្តុះបណ្តាល និងធ្វើវិក្រិត្យការមន្ត្រីរាជការដែលត្រូវបម្រើរដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជា ចូល រួម យ៉ាងសកម្មក្នុងកំណែទម្រង់រដ្ឋ និងត្រូវក្លាយទៅ ជាតួអង្គមិនលំអៀងនៃការប្រែប្រួល ជាអ្នកធានាពហុនិយម និងសន្តិភាពរបស់ប្រជាពលរដ្ឋ និងជាសសរគោលនៃការធ្វើទំនើបកម្មរបស់ប្រទេស។

គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៩ សាលាបានបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីមធ្យម សិស្សមន្ត្រីក្រមការ, កម្ម សិក្សាការីមន្រ្តីជាន់ខ្ពស់, កម្មសិក្សាការីមន្រ្តីមធ្យម និងសិក្ខាកាមសរុប ១៣,០៥៥ នាក់ នារី ២,៨៣០នាក់៕

កម្ពុជាតែងតាំងឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ ៖ ឥស្សរជនបរទេសទីមួយ នោះគឺឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Dmitry TSVETKOV ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងជាសមាជិកកិត្តិយស នៃរាជ បណ្ឌិត្យសភាកម្ពុជា ដោយពិធីប្រកាសគោរមងារជាសមាជិកកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាជូន ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីរូបនេះជាផ្លូវការ ធ្វើឡើងក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបណ្ឌិត សភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីរសៀលថ្ងៃទី២៤ កុម្ភៈ។

បើតាមការអះអាងរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សា បណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណា
ចក្រកម្ពុជាឯកឧត្តម Dmitry TSVETKOV មានគុណសម្បត្តិក្នុងការបំពេញភារកិច្ចជាតំណាងស្ថានទូត សហព័ន្ធរុស្ស៊ី មានគុណបំណាច់ និងស្នាដៃក្នុងការដឹកនាំ គ្រប់គ្រងស្ថាប័ន សម្របសម្រួលកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី ក៏ដូចជាការរឹតចំណងកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ច ការងារស្រាវជ្រាវ បែបវិទ្យាសាស្ត្ររវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរុស្ស៊ីជាដើម ទើបនាំឱ្យ រាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងរូបលោកជាសមាជិកកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាតែម្តង
ទៅ។

ដោយឡែកចំពោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីបានគូស បញ្ជាក់ថា ការផ្តល់គោរមងារជាសមាជិកកិត្តិយស នៃរាជបណ្ឌិតសភាកម្ពុជា ជូនឯកអគ្គរដ្ឋទូតសហព័ន្ធ រុស្ស៊ីនាពេលនេះ គឺជាការបង្ហាញអំពីគុណវុឌ្ឍិ និងគុណសម្បត្តិគ្រប់លក្ខណៈ តាមរយៈការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកយ៉ាងសកម្មលើវិស័យអប់រំ ការ អភិវឌ្ឍ និងការជម្រុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររវាងស្ថាប័នស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវ នៃសហព័ន្ធរុស្ស៊ី ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើនទៀត ជាមួយស្ថាប័ននានា នៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី

គួររំលឹកថា៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dmitry TSVETKOV គឺជាបុគ្គលដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយពីសាកល វិទ្យាល័យទំនាក់ទំនងអន្តរជាតិក្រុងមូស្គូ។ ក្រៅពីភាសាកំណើត លោកអាចនិយាយ និងប្រើប្រាស់បាន បីភាសាយ៉ាងស្ទាត់ជំនាញ គឺភាសាខ្មែរ អង់គ្លេស និងភាសាបារាំង ហើយឯកឧត្តមក៏ជាបុគ្គលម្នាក់ដែល បានទទួលនូវកោតសរសើរ និងទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើនពីរដ្ឋាភិបាលរុស្ស៊ីផងដែរ៕

ឆេះផ្ទះនៅអមតាមផ្លូវរថភ្លើងក្នុងសង្កាត់ទួលសង្កែ១ អស់១៥ខ្នងផ្ទះ និង៨០បន្ទប់ជួល

ភ្នំពេញ ៖ លំនៅឋានប្រមាណ ១៥ខ្នង និង ៨០បន្ទប់ជួល នៅអមតាមអតីតផ្លូវរថភ្លើង ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ត្រូវបានអគ្គិភ័យឆាប់ឆេះ នៅម៉ោង ៩និង២០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង តែគ្មានមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ។ ក្នុងហេតុការណ័នេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាង ៤០គ្រឿង និងប្រើពេលជាងមួយម៉ោងទើបអាចពន្លត់បានទាំងស្រុង។

បើតាមរបាយការណ៍របស់សមត្ថកិច្ចនៅកន្លែងកើតហេតុ ភ្លើងបានឆេះផ្ទះអស់ចំនួន ១៥ខ្នង និង ៨០បន្ទប់ជួល។ មូលហេតុបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ពេលកំពុងដាំស្លរ ទើបបង្កជាអគ្គិភ័យ ឆាបឆេះឡើង តែគ្មានអ្នករងគ្រោះថ្នាក់ទេ។

គួររំឭកថា នៅវេលាម៉ោង ១ និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ផ្ទះប្រជាពលរដ្ឋអមតាមផ្លូវរថភ្លើងសង់ពីឈើប្រក់ស័ង្កសី ១៥ល្វែង ប្រមាណជា១៦៥បន្ទប់ ស្មើ ១៦៥គ្រួសារ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុមទី១ ភូមិសាមគ្គី សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ៕

អាជ្ញាធរចិន ៖ អ្នកជាសះស្បើយពីជំងឺឆ្លង COVID-19 កើនដល់ ២៧,៣២៣នាក់

ប៉េកាំង ៖ ចំនួននៃអ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 និងត្រឡប់ទៅផ្ទះវិញកើនឡើងដល់ ២៧,៣២៣នាក់ហើយ។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលជាតិចិន ដែលដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

របាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញមានអ្នកជំងឺចំនួន ២,៥៨៩នាក់ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ។ ជាមួយគ្នានេះអ្នកជំងឺសរុប ៧១នាក់ ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។

សូមជម្រាបថា បើគិតតាមតួលេខសរុបដែលត្រូវបានបញ្ចេញនៅព្រឹកថ្ងៃអង្គារនេះ ចំនួនសរុបនៃអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ២,៦៦៣នាក់ ខណៈតួលេខសរុប នៃអ្នកដែលបានឆ្លងជំងឺនេះវិញមានរហូតដល់ ៧៧,៦៥៨ករណីហើយ៕

 

ក្រសួងកិច្ចការនារីបញ្ជាក់ពីវិធានការលើអ្នកលក់អនឡាញដែលប្រើរូបភាពអាសអាភាស

ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់អំពីវិធានការលើកអ្នកលក់ផលិតផលតាមអនឡាញ ដែលបញ្ចេញ និងប្រើប្រាស់រូបភាពអាសអាភាស សិចស៉ីហួសប្រមាណ និងគោលការណ៍គោរពសិទ្ធិរបស់ស្ដ្រី។

តាមរយៈសេចក្ដីថ្លែងការណ៍ក្រសួងកិច្ចការនារី បានអះអាងថា វិធានការនេះបាននិងកំពុងទទួលការអបអរសាទរ ពីសំណាក់មហាជន ព្រោះជាវិធានការដើម្បីទប់ស្កាត់សកម្មភាពផ្សព្វផ្សាយ និងចែកចាយរូបភាពអាសអាភាស តាមបណ្ដាញសង្គមក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ដែលភាគច្រើនជាក្រុមមនុស្សវ័យក្មេង សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ជាពិសេសស្ដ្រី បង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាការពារ លើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អរបស់ជាតិ៕

 

ដុតធូបមូសម្ចាស់ដេកលក់មួយភាំងបណ្តាលឲ្យឆេះផ្ទះអស់មួយខ្នងផ្អើលទាំងព្រឹក

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះឈើលើថ្មក្រោមអស់ទាំងស្រុងខណះពេលម្ចាស់ផ្ទះកំពុងតែដេកលង់លក់មួយភាំង។ ហេតុការណ៏អគ្គីភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង២០ នាទីទៀបភ្លឺនាព្រឹកថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០២០ស្ថិតនៅចំណុចផ្លូវលំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុម្ចាស់ផ្ទះបានដុតធូបមូសក្បែរពូក ខណៈកំពុងតែដេកលង់លក់មួយភាំងធូបមូសបានធ្លាក់ចំពីលើពូកបណ្តាលឲ្យឆាបឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធសន្ធៅ ភ្លាមៗនោះម្ចាស់ផ្ទះក៏បានស្ទុះចេញរួមជាមួយអ្នកជិតខាងយកបំពង់បាញ់ពន្លត់ និងនាំគ្នាយកទឹកជួយជះពន្លត់តែដោយសារស្ថានភាពភ្លើងឆេះខ្លាំងពេកមិនអាចគ្រប់គ្រងបានទើបកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងចេញទៅជួយអន្តរាគមន៏បាញ់ទប់ស្កាត់តែដោយសារតែច្រកចូលតូចពេកទើបបណ្តាលឲ្យរថយន្តពិបាក និងចូលទៅបាញ់ទឹកពន្លត់ទើបអគ្គិភ័យខាងលើលេបត្របាក់អស់ផ្ទះមួយខ្នងទាំងស្រុងតែម្តង។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេគ្រាន់តែខូចខាតអស់ផ្ទះមួយខ្នងឈើលើថ្មក្រោមនិងខូចខាតទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះមួយចំនួនប៉ុណ្ណោះ៕

កូរ៉េខាងត្បូង ៖ អ្នកឆ្លងមេរោគ COVID-19 កើនដល់៨៩៣ករណី ខណៈ៨នាក់ស្លាប់

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនអ្នកឆ្លងជំងឺមេរោគ COVID-19 កើនឡើងដល់៨៩៣ករណី ក្នុងនោះអ្នកជំងឺ០៨នាក់បានបាត់បង់ជីវិត បន្ទាប់ពីមនុស្ស៦០នាក់បន្ថែមទៀតត្រូវបានក្រុមជំនាញធ្វើតេស្តរកឃើញមេរោគនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់។

នៅក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង ៦០នាក់នោះ គឺរហូតដល់ទៅ៤៩នាក់ជាអ្នកដែលរស់នៅទីក្រុង ដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។ បើតាមអាជ្ញាធរកូរ៉េខាងត្បូង បណ្តាខេត្តធំៗរបស់ប្រទេសអាស៊ីបូព៌ាមួយនេះ សុទ្ធតែមានករណីឆ្លងមេរោគ COVID-19 ត្រូវបានរកឃើញ ខណៈក្នុងចំណោមអ្នកឆ្លងថ្មីៗនៅថ្ងៃអង្គារនេះ ក៏មាន ០២នាក់ស្ថិតនៅក្នុងទីក្រុងសេអ៊ូលផងដែរ។

ក្រៅពីនេះទីក្រុងប៊ូសានក៏ទើបរកឃើញអ្នកឆ្លងថ្មីៗ ០៣ករណីបន្ថែមទៀតនៅព្រឹកថ្ងៃអង្គារនេះ ខណៈខេត្តគ្យុងជី (Gyeonggi) វិញមានរហូតដល់ ០៥ករណីថ្មីៗ។ ចាប់តាំងពីការបង្កើន កម្រិតប្រកាសអាសន្នរហូតដល់ពណ៌ក្រហម (ខ្ពស់បំផុត) អាជ្ញាធរសុខាភិបាលទូទាំងប្រទេសកូរ៉េខាងត្បូង ជាពិសេសទីក្រុង ដេគូ (Daegu) និងតំបន់ឆុងទូ (Cheongdo) ដែលស្ថិតនៅក្បែរខាង បានបង្កើនយុទ្ធនាការទប់ស្កាត់ការរាតត្បាតកាន់តែខ្លាំង៕

 

ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅចិនកើនដល់២,៦៦៣នាក់

ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបានរាយការណ៍ថា មនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៦៦៣នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៧,៦៥៨ករណី។

យោងតាមរបាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ មនុស្សសុរប ៥០៨នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៧១នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។

របាយការណ៍ដដែលបញ្ជាក់ទៀតថា ក្នុងចំណោមមនុស្សស្លាប់ទាំង ៧១នាក់កាលពីថ្ងៃចន្ទនោះ គឺមាន ៦៨នាក់នៅក្នុងខេត្តហ៊ូប៉ី (Hubei), ០២នាក់នៅសានទុង (Shandong) និងម្នាក់នៅក្វាងទុង (Guangdong)៕

 

សម្តេចហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាលជិត៦០០នាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាល ចំនួន
៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។

និស្សិតដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃនេះ រួមមានសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០, សិស្សមន្ត្រីក្រមការ ជំនាន់ទី៨ និងកម្មសិក្សាការី ឆ្នាំ២០១៨។

សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់និស្សិតសាលាភូមិន្ទនៅពេលពួកគេបញ្ចប់ការសិក្សា ដើម្បីផ្តល់នូវដំបូន្មាន និងអនុសាសន៍ល្អៗជូនដល់សិស្សដែលជាមន្ត្រីរាជការ ក្នុងការពង្រឹងប្រសិទ្ធភាពលើការងាររបស់ពួកគេ៕

 

ព្រះមហាក្សម៉ាឡេស៊ីយល់ព្រមឲ្យលោក មហាធៀ មហាម៉ាត់ លាលែងចេញពីតំណែង

គូឡាឡាំពួ ៖  ព្រះមហាក្សម៉ាឡេស៊ីព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) បានសម្រេចព្រះទ័យយល់ព្រមឲ្យលោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) លាលែងចេញពីតំណែងហើយ ប៉ុន្តែទ្រង់ក៏បានសម្រេចឲ្យលោក ស្ថិតនៅជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន រហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង។ នេះបើតាម សារព័ត៌មាន CNA។

ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រម៉ាឡេស៊ីខាងលើនេះ ត្រូវបានធ្វើឡើង ស្របទៅនឹងរដ្ឋធម្មនុញ្ញមាត្រា ៤៣ ដោយក្នុងនោះបានបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីស្តីទី ឬបណ្តោះអាសន្ននឹងត្រូវកាន់ការយ៉ាងយូរបំផុតរយៈពេល ១០ថ្ងៃ រហូតដល់គណៈរដ្ឋមន្ត្រី ព្រមទាំងនាយករដ្ឋមន្ត្រីថ្មីត្រូវជ្រើសតាំង។ បន្ថែមពីនេះ ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់ឲ្យកងកម្លាំងប៉ូលិស ថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខនៅក្នុងប្រទេសទាំងមូលផងដែរ៕

 

រដ្ឋាភិបាលដាក់វិធានការជាកញ្ចប់ជួយវិស័យទេសចរណ៍ដែលរងគ្រោះដោយសារវីរុសកូរ៉ូណា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញវិធានការជាកញ្ចប់រយៈពេលខ្លី និងបន្ទាន់ ដើម្បីជួយវិស័យទេសចរណ៏ ដែលកំពុងរងផលប៉ះពាល់យ៉ាងស្រួចស្រាវនៅខេត្តសៀមរាប ដោយសារវិបត្តិនៃវីរុស COVID-19។

វិធានការមុតស្រួចជាកញ្ចប់ ដែលរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញដើម្បីជួយគាំទ្រវិស័យទេសចរណ៏ គឺការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និង ផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ ឧសភា ឆ្នាំ ២០២០។ ប៉ុន្តែអាជីវកម្មសណ្ឋាគារ និង ផ្ទះសំណាក់នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និង ប្រើប្រាស់ប្រព័ន្ធអនឡានសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀង-រាល់ខែក្នុងរយៈពេលលើកលែងពន្ធនេះ។ រាជរដ្ឋាភិបាល មិនធ្វើសវនកម្មពេញលេញ សម្រាប់កាលបរិច្ឆេទឆ្នាំ២០២០ ចំពោះសហគ្រាសក្នុងវិស័យ សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានសកម្ម-ភាពអាជីវកម្មក្នុងខេត្តសៀមរាប។ រាជរដ្ឋាភិបាល សម្រេចរក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឱ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ សំបុត្រសម្រាប់ ១ថ្ងៃអាចចូលមើលបាន២ ថ្ងៃសំបុត្រសម្រាប់៣ថ្ងៃ អាចចូលមើលបាន៥ថ្ងៃ និងសំបុត្រសម្រាប់៧ថ្ងៃ អាចចូលមើលបាន ១០ ថ្ងៃ ដើម្បីទាក់ទាញទេសចរឲ្យ ស្នាក់នៅបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជិបន្តថា ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ ២០២០ ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ពិសេសកាត់បន្ថយការធ្វើដំណើរចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក ឲ្យទៅជាចលនាជាតិធំទូលាយ តាមរយៈការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជនស្ថានទូត អង្គការមិន-មែនរដ្ឋាភិបាល ឲ្យទៅធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសគឺខេត្តសៀមរាប។ ក្រសួងទេសចរណ៍ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករ-និយោជិត ដែលបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍ (បុគ្គលិកបម្រើការនៅតាមសណ្ឋាគារ, ផ្ទះសំណាក់, និង ភ្នាក់ងារទេសចរណ៍) តាមរយៈការរៀបចំឱ្យមាននូវវគ្គបណ្តុះបណ្តាលនៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬ ការបង្កើនចំណេះដឹងបន្ថែម (Upskilling) និង ការផ្តល់នូវប្រាក់ខែសមរម្យ ។

បើតាមសម្តេចតេជោ ហ៊ុន សែន ទេសចរបរទេសចូលមកកម្ពុជា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ បានធ្លាក់ចុះប្រមាណជាង ៦០% ជាពិសេសទេសចរជនជាតិចិន បានធ្លាក់ចុះក្នុងរង្វង់ ៩០%។ ការធ្លាក់ចុះគំហុកនេះ បានធ្វើឲ្យអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប ទទួលរងនូវផលប៉ះពាល់ជាខ្លាំង។ គោលគំនិតធំៗនៃការដាក់វិធានការជាកញ្ចប់នេះ គឺសំដៅជួយឲ្យសណ្ឋាគារ និង ផ្ទះសំណាក់ អាចបន្តអាជីវកម្មរបស់ខ្លួនបាន រក្សាបាននូវការងារសម្រាប់កម្មករ-និយោជិត និង មានភាពប្រកួតប្រជែងខ្លាំងជាងមុន នៅពេលជំងឺខូវិដ-១៩នេះ កន្លងផុតទៅ។ វិធានការមួយចំនួនទៀត ក៏នឹងជួយអ្នកបំរើក្នុងវិស័យសេវា ដែលបាត់បង់ការងារពីវិស័យទេសចរណ៍ តាមរយៈការរៀបចំនូវការ បណ្តុះបណ្តាល ដើម្បីមានឱកាសចាប់យកជំនាញថ្មី ឬមានលទ្ធភាពទទួលបានការងារល្អប្រសើរជាងមុន៕

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជួយរោងចក្រ និងកម្មករដែលរងផលប៉ះពាល់ដោយ EBA

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជួយដល់រោងចក្រកាត់ដេរសម្លៀកបំពាក់ និងកម្មករ កម្មការិនី ដែលរងទទួលនូវផលប៉ះពាល់ច្រើនពីការភ័យខ្លាចជំងឺខូវិដ-១៩ និងដោយសារការដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ការលើកលែងពន្ធ (Tax holiday) អាចពី៦ខែ ទៅ១ឆ្នាំ សម្រាប់រោងចក្រ- សហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ជាក់ស្តែងលើរោងចក្រនីមួយៗ ដែលបណ្តាលមកពីការខ្វះវត្ថុធាតុដើមផលិត ឬ/និង ការព្យួរ EBA។
រាជរដ្ឋាភិបាលក៏អនុញ្ញាតឱ្យរោងចក្រមិនបាច់បង់ប្រាក់វិភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និង ថែទាំសុខភាព (បសស) ក្នុងអំឡុងពេលរោងចក្រព្យួរអាជីវកម្ម ហើយរោងចក្រ-សហគ្រាស ដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយសារខ្វះវត្ថុធាតុដើម រោងចក្រ-សហគ្រាសត្រូវចេញប្រាក់ខែចំនួន ៤០% នៃប្រាក់ខែអប្បរមារបស់កម្មករ-និយោជិត (ដែលមានចំនួន ១៩០ ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២០) ខណៈរាជរដ្ឋាភិបាលនឹងចូលរួមចំណែក២០% នៃប្រាក់ខែអប្បរមាបន្ថែម (សរុប៦០% នៃប្រាក់ខែអប្បបរមា)។ ដើម្បីបានទទួលនូវការឧបត្ថមនេះ កម្មក-និយោជិតត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗរវាងពី១ ទៅ ២ សប្តាហ៍ ដែលរៀបចំដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្តារោងចក្រ-សហគ្រាស។

សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់វិធានការជួយដល់ក្មួយៗជាកម្មករ-និយោជិត ដែលបាត់បង់ការងារ និងមិនទាន់អាចរកការងារថ្មីបាន ឬ ចង់ផ្លាស់ប្តូរការងារនាពេលអនាគត, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលជូនដល់ក្មួយៗ ផ្តល់សេវាជួយរកការងារឲ្យកម្មករធ្វើ តាមរយៈទីភ្នាក់ងារជាតិមុខរបរ (NEA) ដែលអាចជួយជំរុញកម្មករ-និយោជិត ដែលបាត់បង់ការងារឱ្យចាប់យកការងារថ្មីបានឆាប់រហ័ស។ បណ្តុះបណ្តាលជំនាញទន់ (Soft skills) រយៈពេលខ្លីពី ១ ដល់ ២ សប្តាហ៍ ដល់កម្មករ-និយោជិត ដែលបាត់បង់ការងារ និងមិនទាន់រកការងារធ្វើឡើងវិញបាន។ បណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេល ៤ ខែ ដើម្បីបំពាក់ជំនាញថ្មី និង ផ្តល់ភាពងាយ-ស្រួល ក្នុងការរកការងារធ្វើ ក្នុងវិស័យមិនមែនកាត់ដេរ។ ផ្តល់ជូនដល់សិក្ខាកាម ដែលត្រូវបានជ្រើសរើស និង ទទួលបានការបណ្តុះបណ្តាល នូវប្រាក់ឧបត្ថម្ភ ចំនួន ១២០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់រយៈពេល ៦ ខែ (៤ ខែសម្រាប់ការ-បណ្តុះបណ្តាល និង ២ ខែសម្រាប់ទុកបម្រុងក្នុងអំឡុងពេលរកការងារធ្វើមិនទាន់បាន)។

រោងចក្រកាត់ដេរសម្លៀកបំពាក់មួយចំនួននៅកម្ពុជា នឹងផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារតែរោងចក្រផលិតវត្ថុធាតុដើមនៅប្រទេសចិន មិនទាន់បើកដំណើរវិញទាំងស្រុងនៅឡើយ ដោយសារវីរុស COVID-19 មិនទាន់ថមថយនៅឡើយ។ កត្តានេះ អាចនឹងធ្វើឲ្យកម្មករ-កម្មការិនីមួយចំនួន ត្រូវបាត់បង់ការងារធ្វើ។ ទន្ទឹមជាមួយរោងចក្រមួយចំនួន ក៏រងផលប៉ះពាល់ដោយសារ ការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។ កម្ពុជា នឹងត្រូវធ្វើការ បង់ពន្ធទៅលើមុខទំនិញជិត៤០ប្រភេទ ដែលនាំចូលអឺរ៉ុប សរុបប្រមាណជាង ១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាក់ពាក្យលាលែងពីតំណែង

ម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad បាន​បញ្ជូន​លិខិត​លាលែង​តំណែង​របស់​ខ្លួន​ទៅ​កាន់​ព្រះ​មហាក្សត្រ។ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន REUTERS។

លោក Mahathir បាន​ឡើង​កាន់​តំណែង​ក្នុង​វ័យ ៩៤​ឆ្នាំ​កាលពី​ខែ ឧសភា​ឆ្នាំ ២០១៨​កន្លង​ទៅ ដែល​ជា​លើក​ទី ២​ក្នុង​ការ​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី។

អ្នកនាំពាក្យពីការិយាល័យនាយករដ្ឋមន្រ្តីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយគ្រាន់តែនិយាយថាសេចក្តីថ្លែងការណ៍មួយនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។ យ៉ាង​ណាមិញ ការ​លាលែង​របស់​លោក ទំនង​ជា​បណ្ដាល​មក​ពី​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការពិភាក្សា​បង្កើត​សម្ព័ន្ធ​ភាព​រដ្ឋាភិបាល​ថ្មី​ដើម្បី​ដឹកនាំ​ប្រទេស៕