All posts by មេគង្គ ប៉ុស្តិ៍

ចំនួនមនុស្សស្លាប់ដោយសារ COVID-19នៅចិនកើនដល់២,៥៩២នាក់

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនដល់ ២,៥៩២នាក់ និងអ្នកឆ្លងសរុបនៅ ទូទាំងប្រទេសមានចំនួនសរុប ៧៧,១៥០ ករណី។ នេះបើទីភ្នាក់ងារចិនស៊ីនហួរ ។

បើតាមគណៈកម្មការសុខាភិបាលចិន ករណីឆ្លងថ្មីនៃ COVID-19 ចំនួន ៤០៩ករណី ត្រូវបានរកឃើញ និងមនុស្ស ១៥០នាក់បន្ថែមទៀតបានស្លាប់ កាលពីពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ ខណៈក្នុងចំណោមអ្នកស្លាប់ទាំងអស់មាន ១៤៩នាក់នៅក្នុងខេត្តហ៊ូប៉ី (Hubei) និងម្នាក់នៅខេត្តហៃណាន (Hainan) ហើយករណីសង្ស័យថ្មីៗ ៦២០ករណីទៀត ក៏កំពុងស្ថិតក្នុងការធ្វើតេស្ត។

ដោយឡែកគណៈកម្មការសុខាភិបាលជាតិចិន (ក្រសួងសុខាភិបាលរបស់ប្រទេសចិន) បានឲ្យដឹងថា ពេញមួយថ្ងៃអាទិត្យម្សិលមិញ មានមនុស្សចំនួន ១,៨៤៦នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយឡើងវិញ ដែលចំនួននេះគឺច្រើនជាងឆ្ងាយ បើយើងធៀបនឹងតួលេខនៃអ្នកឆ្លងថ្មីក្នុងថ្ងៃអាទិត្យដដែល។ គិតត្រឹមថ្ងៃអាទិត្យ អ្នកជំងឺ COVID-19 សរុប ២៤,៧៣៤នាក់បានត្រឡប់ទៅផ្ទះវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

រយៈពេល ០៦ថ្ងៃជាប់ៗគ្នាមកនេះ តួលេខប្រចាំថ្ងៃនៃអ្នកជំងឺ COVID-19 ដែលត្រូវបានព្យាបាលឲ្យជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញក្នុងប្រទេសចិន នៅតែបន្តខ្ពស់ជាងតួលេខប្រចាំថ្ងៃនៃអ្នកឆ្លងថ្មីនោះគឺអ្នកឆ្លងថ្មីមានសរុប ៤០៩នាក់នៅរយៈពេលពេញមួយថ្ងៃអាទិត្យ ខណៈអ្នកបានជាសះស្បើយវិញគឺ ១,៨៤៦នាក់៕

 

 

​សម្ដេចតេជោ បញ្ជាក់ថា ដំណើរការកាត់ក្ដីជនក្បត់ជាតិ មិនអាចដើរ ថយក្រោយនោះទេ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ទៀតថា ករណី​សំណុំរឿង ក្បត់ជាតិ​គឺ​មិន​ដកថយ​នោះឡើយ ហើយ​ត្រូវអនុវត្ត​តាមច្បាប់​នៅ​កម្ពុជា។​

​សម្តេចតេជោ ហ៊ុន សែន នៅបាន​បន្ថែមថា កម្ពុជា​គឺ​មិន​យក​អធិបតេយ្យភាព ឯករាជ្យភាព​ទៅ​ដូរ នឹង​ជំនួយ​នោះឡើយ ហើយក៏​មិន​អនុគ្រោះ​លើកលែងទោស​អ្នកនេះ​អ្នកនោះ ដើម្បី​ដោះដូរ​នឹង​អ្វីមួយ​នោះដែរ ។​

​ការ​ថ្លែង​របស់​សម្តេច​ធ្វើឡើង​ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ ទូទាំងប្រទេស​អំពី​ស្ថានភាព​ថ្មីៗ​ចុងក្រោយ ពាក់ព័ន្ធ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​វិមាន​សន្តិភាព៕

 

នាយករដ្ឋមន្រ្តីណែនាំឲ្យរដ្ឋមន្រ្តីការបរទេសហៅទូតម៉ាឡេស៊ីមកបំភ្លឺលើករណីរកឃើញស្រ្តីម្នាក់ផ្ទុកជំងឺកូវីដ១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការណែនាំដល់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កោះហៅឯកអគ្គរាជទូតម៉ាឡេស៊ី មកឆ្លើយបំភ្លឺ ចំពោះប្រកាសថា រកឃើញស្រ្តីម្នាក់ ផ្ទុកជំងឺកូវីដ១៩ ក្រោយចាកចេញពីកម្ពុជា។

ការណែនាំរបស់សម្តេចតេជោបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ជូនជនរួមជាតិ ទូទាំងប្រទេស អំពីស្ថានភាពថ្មីៗចុងក្រោយ ពាក់ព័ន្ធប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕

 

ក្រុមភេរវករអាល់កៃដានៅអារ៉ាប់ ប្រកាសតែងតាំងមេដឹកនាំថ្មី

អាល់​កៃ​ដា ៖ ក្រុម​អាល់​កៃ​ដា​នៅ​ឧបទ្វីប​អារ៉ាប់​កាលពី​ថ្ងៃអាទិត្យ ទី​២៣ ខែកុម្ភៈ​បានបញ្ជាក់​ពី​ការស្លាប់​របស់​មេដឹកនាំ​របស់ខ្លួន​គឺ​លោក Qassim al-Rimi និង​តែងតាំង​អ្នក​ស្នង​តំណែង​ថ្មី​ម្នាក់ទៀត​បន្តបន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា ខ្លួន​បាន​កម្ចាត់​មេដឹកនាំ​សកម្មប្រយុទ្ធ​ឥស្លាម​រូបនោះ នៅ​ប្រទេស​យេ​ម៉ែន​។ នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​បណ្តាញ​អ្នកឃ្លាំមើល​ក្រុម​ប្រដាប់អាវុធ នៅ​ទូទាំង​ពិភពលោក​ដែល​ហៅថា SITE (SITE Intelligence Group) បាន​គូសបញ្ជាក់ថា សេចក្តីប្រកាស​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង ក្នុងការ​សន្ទនា​ជា​សារ​សំឡេង​មួយ ដែល​បានផ្តល់​ដោយ​មន្ត្រី​ផ្នែក​សាសនា​ម្នាក់​នៃ​ក្រុម​នេះ ដែលមាន​ឈ្មោះថា Hamid bin Hamoud al-Tamimi)​។ នៅក្នុង​សុន្ទរកថា​របស់លោក Tamimi ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក Khalid bin Umar Batarfi នឹង​ក្លាយជា​មេដឹកនាំ​ថ្មី​នៃ​ក្រុម AQAP នេះ​ផងដែរ​។​

SITE​  បាន​និយាយថា​លោក Batarfi បានបង្ហាញ​ខ្លួន​នៅក្នុង​វីដេអូ​របស់ AQAP ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ ហើយ​ហាក់ដូចជា​អនុប្រធាន​ និង​ជា​អ្នកនាំពាក្យ​ក្រុម​របស់លោក Rimi ផងដែរ​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​ពី​មរណភាព​របស់លោក Rimi កាលពី​ដើមខែ​នេះ​ដោយនិយាយ​ថា​លោក​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នៅ​អាមេរិក​នៅ​យេ​ម៉ែន​។​

​ការប្រកាស​នោះបាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី AQAP បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការបាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃទី​៦​ខែធ្នូ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​នៅរ​ដ្ឋ​ផ្លរីដា ដែល​ក្នុងនោះ​មន្ត្រី​កងទ័ពអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់​បានសម្លាប់​នាវិក​អាមេរិក ៣ នាក់​៕

 

អាជ្ញាធរខេត្តព្រះវិហារចាប់ផ្ដើមសាងសង់ស្ពានបាឡេជំនួសស្ពានស្ទឹងស្ដៅដែលត្រូវភ្លើងឆេះ

ព្រះវិហារ : នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អមដំណើរដោយលោក គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្ត លោក ទែន សារុំសមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងអាជ្ញាធរស្រុកសង្គមថ្មី និងស្ថាប័នពាក់ពន្ធ័នានា បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់ដល់ទីតាំងស្ពានស្ទឹងស្តៅ ដែលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃរាលដាលមកដល់។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្រេចសង់ស្ពានដែកបាឡេជំនួសវិញដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបានណែនាំឱ្យលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវធ្វើការសាងសង់ស្ពាននេះឡើងវិញចាប់ពីថ្ងៃនេះតទៅ។

សូមបញ្ជាក់ថា ស្ពានស្ទឹងស្តៅ នេះ គឺជាស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ ដែលកន្លងមកនេះ អាជ្ញាធរខេត្តព្រះវិហារ ក៏គ្រោងនឹងសាងសង់ស្ពានដែកបាឡេ ក្នុងឆ្នាំនេះផងដែរ មិនដូចសង្គមស៊ីវិលមួយចំនួនថា ប្រជាពលរដ្ឋលួចដុតនោះទេ នេះមិនមែនជាការពិតទេ គឺស្ពាននេះ ឆេះដោយសារភ្លើងឆព្រៃ ៕ ដោយ : កូវ ប៊ុនហេង

កូរ៉េខាងត្បូងរកឃើញទាហានចំនួន១១នាក់មានផ្ទុក COVID-19

សេអ៊ូល ៖ ទាហានកូរ៉េខាងត្បូងចំនួន១១នាក់ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្ររកឃើញមានផ្ទុកមេរោគ COVID-19 នៅព្រឹកថ្ងៃចន្ទនេះតែម្តង ខណៈនាយទាហានដែលកំពុងទទួលការត្រួតពិនិត្យសុខភាពបានកើនឡើងដល់៧,៧០០នាក់។ នេះបើតាមសារព័ត៌មាន យ៉ុនហាប់។

ក្រសួងការពារជាតិបានឲ្យដឹងថា ការរកឃើញករណីឆ្លងមេរោគ COVID-19 ខាងលើនេះ គឺកើតមាននៅក្នុងមូលដ្ឋានកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ដោយក្នុងនោះ កងទ័ពជើងគោកមានរហូតដល់ ០៨ករណីគិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងសេអ៊ូល)។

មេបញ្ជាការ និងមន្ត្រីជំនាញវេជ្ជសាស្ត្រកូរ៉េខាងត្បូង បានណែនាំឲ្យនាយទាហានទាំងអស់ដែលមានប្រវត្តិធ្លាប់ទាក់ទង ឬជួបស្និទ្ធស្នាលជាមួយអ្នកនៅព្រះវិហារគ្រិស្ត ក្នុងទីក្រុងដេគូ (Daegu) និងអ្នកដែលបានឆ្លងមេរោគ COVID-19 រួចទៅហើយនៅទីក្រុង ឆឹងទូ (Cheongdo) ត្រូវទៅទទួលការពិនិត្យសុខភាពជាបន្ទាន់ ខណៈដែលនាយទាហានសរុប ៧,៧០០នាក់ហើយកំពុងតែទទួលការពិនិត្យរក COVID-19 នៅមូលដ្ឋានទ័ពនានា៕

 

ក្រសួងមហាផ្ទៃបញ្ជាក់ថា ការខលទូរស័ព្ទមកពីក្រៅប្រទេសដោយប្រើលេខប្លែកៗ ជាគម្រោងឆបោកប្រាក់ IPRN

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកពន្យល់លម្អិត អំពីលេខទូរស័ព្ទដែលតេចូលមកប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់លេខប្លែកៗ ភាគច្រើនមកពីប្រទេសម៉ាឡាវី អាហ្វ្រិក នីហ្សេរីយ៉ា ប៉ាគីស្ថាន ឬប្រទេសរុស្សីជាដើម។

ការចេញមកពន្យល់របស់នាយកដ្ឋានព័ត៌មានវិទ្យា ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ សង្កេតឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនធំ បានទទួលការខលទូរស័ព្ទពីក្រៅប្រទេស ដែលធ្វើឲ្យពួកគាត់មានការងឿងឆ្លល់ថា តើនរណាដែលបានធ្វើការខលចូលលេខទូរស័ព្ទដៃពួកគេ?, តើអ្នកដែលកំពុងធ្វើការខលមកនេះ ពួកគេមានបំណងអ្វីឲ្យពិតប្រាកដ? តើការខលទូរស័ព្ទនេះជាការឆបោក ឬអាចជាការព្យាយាមហេកគណនី?

ដើម្បីស្រាយនូវចម្ងល់ខាងលើ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការពន្យល់ដោយសង្ខេបដូចខាងក្រោម ៖

ការខលទូរស័ព្ទដោយប្រើប្រាស់លេខប្លែកៗ ដែលអ្នកពុំដែលស្គាល់ គឺជាគម្រោងឆបោកប្រាក់ (Money Scam) ដែលមានឈ្មោះថា «Callback Scam ឬហៅម្យ៉ាងទៀតថា One-Ring Scam»។

Callback Scam ជាបច្ចេកទេសកាត់ប្រាក់ពីគណនីទូរស័ព្ទជនរងគ្រោះ ដោយប្រើប្រាស់សេវា ដែលហៅថា International Premium Rate Number (IPRN)។ ក្រុមបណ្តាញឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង បានទិញសេវាលេខទូរស័ព្ទ IPRN ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ធ្វើការខលចេញពីក្រៅប្រទេស ទៅលើគោលដៅនានាជុំវិញពិភពលោក គោលដៅទាំងនោះក៏រួមមានពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។

តើអ្នកអាចបាត់បង់ប្រាក់ពីគណនីទូរស័ព្ទដោយរបៀបណា?

*ឧក្រិដ្ឋជនធ្វើការខលចូលលេខទូរស័ព្ទជនរងគ្រោះ ពីប្រទេសម៉ាឡាវី (+265) អាហ្វ្រិក (+27) នីហ្សេរីយ៉ា (+234) ប៉ាគីស្ថាន (+92) ឬ ប្រទេសរុស្សី (+7) ជាដើម។

*បន្ទាប់ពីខលចូល ពួកគេនឹងកាត់ផ្តាច់ការខលទូរស័ព្ទ ដែលបង្ហាញ Missed Call លើទូរស័ព្ទជនរងគ្រោះ។

*នៅពេលជនរងគ្រោះធ្វើការខលទូរស័ព្ទទៅវិញ តម្លៃសេវាគឺមានតម្លៃថ្លៃ និងកាត់ពីគណនីទូរស័ព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។

*ក្រុមឧក្រិដ្ឋជននឹងទទួលបានប្រាក់កម្រៃជើងសារ (Commission) ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ។

តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីការពារពីការឆបោក (Callback ឬ One-Ring Scam)?

នៅពេលទទួលបានការខលទូរស័ព្ទពីក្រៅប្រទេស ប្រើប្រាស់នូវលេខទូរស័ព្ទដែលអ្នកពុំធ្លាប់ស្គាល់ សូមអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

*ធ្វើការ Save លេខទូរស័ព្ទទុក នឹងព្យាយាមទាក់ទងតាមរយ:កម្មវិធី WhatsApp, Telegram, ឬ SMS។

*ត្រូវជៀសវាងការខលទូរស័ព្ទត្រឡប់ទៅវិញ ព្រោះលេខនោះអាចជា IPRN។

*ប្រើប្រាស់កម្មវិធីសម្រាប់ទូរស័ព្ទដៃ ក្នុងការស្វែងរកប្រភពលេខទូរស័ព្ទ តួរយ៉ាងកម្មវិធី TrueCaller។

*ធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទរបស់អ្នក។

*ធ្វើការ Block លេខទូរស័ព្ទសង្ស័យ ដោយប្រើប្រាស់កម្មវិធីដែលមានស្រាប់ក្នុងទូរស័ព្ទដៃរបស់អ្នក៕

 

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងមានការថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា។ ការថ្លែងសារនេះធ្វើឡើងនៅវិមានសន្តិភាព ហើយមានការផ្សាយផ្ទាល់ និងបន្តផ្ទាល់ទៅតាមបណ្តាញផ្សព្វផ្សាយនានានៅក្នុងប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីសម្តេចថ្លែងសារពិសេស និងបើកឱ្យមានវេទិកាសំណួរ និងចម្លើយជាមួយអ្នកព័ត៌មាន, បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី៣របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ផងដែរ៕

 

 

ស្ថាប័នប្រឆាំងជំងឺឆ្លងរបស់អាមេរិក​​​​​​​​​ ថា ធ្វើតេស្តអ្នកដំណើរទាំងអស់លើនាវា Westerdam គ្មានផ្ទុកវីរុស​ COVID-19 ទេ

 

ភ្នំពេញ : លោក រីឆាដ ក្វាថារ៉ុន (Richard Quartarone) អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធ ប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក CDC បានបញ្ជាក់ថា អ្នកដំណើរទាំងអស់នៃកប៉ាល់ ទេសចរ ណ៍ វែស្ទឺដាម (MS Westerdam) គឺត្រូវបានគេធ្វើតេស្តយ៉ាងល្អិតល្អន់រកមិនឃើញ មាន មេរោគ COVID-19 គឺលទ្ធផលពិតជាបានបង្ហាញច្បាស់ថា «អវិជ្ជមាន» ដែលក្នុងនោះ រួម មានទាំងស្រ្តីអាមេរិកវ័យ ៨៣ឆ្នាំម្នាក់ ផងដែរ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន អាមេរិក US Today នារសៀលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ ។

លោក Richard Quartarone បានប្រាប់សារព័ត៌មានអាមេរិក US Today ថា «ខ្ញុំបាន បញ្ជាក់រួចហើយថា អ្នកដំណើរទាំងអស់ត្រូវបានធ្វើតេស្ត ហើយពួកគេគ្មានផ្ទុកវីរុសកូរ៉ូណា (COVID-19) នោះឡើយ រួមទាំងមនុស្សម្នាក់ (ស្ត្រីជនជាតិអាមេរិកវ័យ ៨៣ឆ្នាំ) ដែលត្រូវ បានធ្វើតេស្តរកឃើញវិជ្ជមាន(នៅម៉ាឡេស៊ី)នោះផងដែរ។ស្រ្តីជនជាតិអាមេរិកនៅម៉ាឡេស៊ី នោះ ប្រហែលជាអាចមានជំងឺផ្លូវដង្ហើម ហើយប្រសិនបើវាជាការពិតនោះ វាមិនមែន ជា មេរោគ COVID-19 នោះទេ»។

គួរបញ្ជាក់ថា អ្នកដំណើរមួយចំនួននៃកប៉ាល់ទេសចរណ៍ វែស្ទឺដាម (MS Westerdam) បានបង្ហាញពីមន្ទិលសង្ស័យចំពោះភាពគួរឲ្យទុកចិត្តបាន នៃការធ្វើតេស្តរកមើលមេរោគ COVID-19 របស់ម៉ាឡេស៊ី ដែលកន្លងមកបានអះអាងអំពីការរកឃើញមេរោគនេះ (វិជ្ជ មាន ) ក្នុងខ្លួនស្រ្តីជនជាតិអាមេរិកវ័យ៨៣ឆ្នាំម្នាក់ ដែលជាអ្នកដំណើរបានចាកចេញពីនាវា Westerdam ប៉ុន្តែមិនដល់មួយសប្តាហ៍ផង ស្រាប់តែម៉ាឡេស៊ី ប្រកាសជាថ្មីថា ស្ត្តី្ររូបនោះ លែងមានផ្ទុក COVID-19 ទៀតហើយ (អវិជ្ជមាន)។ ជុំវិញរឿងរ៉ាវនេះ អ្នកដំណើរផ្សេងៗ ទៀតនៃនាវា Westerdam បានលើកថា«ការធ្វើតេស្តមិនច្បាស់ការរបស់ម៉ាឡេស៊ី បានបង្ក ផលប៉ះពាល់ដល់ពួកគេជាខ្លាំង»។

លោក ស្ទេវ មូតស៍ (Steve Muth) រស់នៅរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក ដែល ជាអ្នកបានធ្វើដំណើរលើកប៉ាល់ Westerdam ជាមួយគ្រួសាររបស់លោក ក៏មានមន្ទិល សង្ស័យផ្ទាល់ខ្លួនចំពោះការធ្វើតេស្តឃើញវិជ្ជមាននៃមេរោគ COVID-19 ក្នុងខ្លួនស្រ្តីជន ជាតិ អាមេរិកវ័យ ៨៣ឆ្នាំ ដោយអាជ្ញាធរម៉ាឡេស៊ី ផងដែរ គឺមិនខុសពីការសង្ស័យ របស់ កម្ពុជាទេ។ លោក Steve Muth បានផ្ញើសារទៅកាន់សារព័ត៌មាន USA Today ដោយរៀប រាប់ថា «ការធ្វើតេស្តមិនច្បាស់ការ ឬអាចនិយាយបានថា ការធ្វើតេស្ត ចេញលទ្ធផលខុស នេះ បានបង្កការប៉ះពាល់ជាខ្លាំង ដល់អ្នកដំណើរស្លូតត្រង់រាប់រយនាក់ របស់កប៉ាល់ Westerdam ដែលរួមមានការត្រូវគេហាមមិនធ្វើដំណើរ តាមជើងយន្តហោះ ត្រឡប់ទៅផ្ទះ វិញ និងការត្រូវប្រឈមនឹងភាពរើសអើងនានាជាដើម»។

អ្នកដំណើរអាមេរិកម្នាក់ទៀតឈ្មោះ អ៊ែលលី ឈីបូវស្គី (Elly Chybowski) ដែលបាន ធ្វើ ដំណើរលើកប៉ាល់ Westerdam ជាមួយស្វាមីឈ្មោះ ធីម៉ូស៊ី (Timothy) បានប្រាប់ថា ពួកគេ ទាំងពីរដែលត្រូវធ្វើដំណើរចេញពីកម្ពុជា ក្រោយចុះពីលើកប៉ាល់ ឆ្លងកាត់ទីក្រុងតូក្យូ របស់ ជប៉ុន និងទីក្រុង ដាលឡាស់ (Dallas) នៃរដ្ឋតិចសាស់ ដើម្បីឆ្ពោះទៅផ្ទះ នៅទី ក្រុង ម៉ាឌីសុន (Madison) នៃរដ្ឋ វីស្កុនស៊ីន (Wisconsin) ស្រាប់ត្រូវគេលុបសំបុត្រ ចោល វិញ។ ប្តី-ប្រពន្ធទាំងពីរនាក់ក៏បាន ចំណាយថវិកាផ្ទាល់ខ្លួនរហូតដល់ជាង ៥,០០០ដុល្លារ ដើម្បី កក់ជើងហោះហើរថ្មី ហើយពួកគាត់ទាំងពីរនាក់ក៏បានមកដល់ផ្ទះវិញ កាលពីថ្ងៃពុធ សប្តាហ៍ នេះ។

ពេលមកដល់ផ្ទះហើយនោះ ពួកគាត់ត្រូវមន្ត្រីសុខាភិបាលប្រចាំមូលដ្ឋានទាក់ទងមក ដោយ អះអាងថា ពួកគាត់បានរួមតុអាហារជាមួយស្រ្តីអាមេរិកវ័យ ៨៣ឆ្នាំ ដែលម៉ាឡេស៊ី ធ្វើតេស្តរកឃើញ COVID-19 ជាហេតុតម្រូវឲ្យពួកគាត់ទាំងពីរនាក់ត្រូវបង្ខាំងខ្លួនឯង នៅ ក្នុងផ្ទះយ៉ាង តិចមួយសប្តាហ៍ ដើម្បីកាត់បន្ថយលទ្ធភាពនៃការចម្លងមេរោគដល់អ្នកដទៃ។

លោកស្រី Elly Chybowski ប្រការនេះ ធ្វើឲ្យពួកគាត់មិនអាចទៅបំពេញការងារបានឡើយ ហើយត្រូវធ្វើឲ្យកូនៗគាត់រវល់នាំយកម្ហូបអាហារមកឲ្យពួកគាត់រាល់ថ្ងៃ ដែលជាការរំខាន ដល់ជីវិតអ្នកដំណើរជាច្រើននាក់ដែលមកពីកប៉ាល់ទេសចេណ៍ Westerdam ជាពិសេស នោះ គឺប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់ពួកគេ៕

សម្តេចម៉ែព្រះរាជទាន១ម៉ឺនដុល្លាររួមចំណែកកសាងវត្ត សុវណ្ណមុនីសាគរ សំរោងអណ្តែត

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទី គោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ព្រះរាជទាននូវព្រះ រាជ ទ្រព្យចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់រួមចំណែកក្នុងការកសាងវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ដែលស្ថិតសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរយៈលោកជំទាវ គាំ គឹមអាន អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ដែលបាន នាំយកព្រះ រាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ប្រគេនដល់ វត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿន ព្រះអនុ គណ ខណ្ឌ សែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនី សាគរ សំរោងអណ្តែត មន្ត្រី សង្ឃ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានសម្តែង នូវក្តីសោមនស្ស ត្រេកអរជាពន់ពេក ដែលហ្លួងម៉ែ បានសព្វព្រះរាជហឫទ័យព្រះរាជទាន ព្រះ រាជទ្រព្យរបស់ព្រះអង្គចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់រួមចំណែកក្នុងការកសាង វត្តសំរោងអណ្តែត នាពេលនេះ។

ព្រះសាក្យវង្ស រ័ត្ន សារឿន បានគូសបញ្ជាក់ថា ហ្លួងម៉ែ គឺជាអង្គព្រះរាជូបត្ថម្ភដ៏សកម្ម ទៅ លើវិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងកិច្ចការមនុស្សធម៌ទាំងក្នុងនិងក្រៅប្រទេសដែល ព្រះរាជកាយវិការ ព្រះអង្គបែបនេះ គឺជាព្រះគំរូដ៏ល្អមួយនៃសង្គមកម្ពុជា។

ឆ្លៀតយកឱកាសនេះ ព្រះសាក្យវង្ស រ័ត្ន សារឿន បានជម្រាបជូនលោកជំទាវ គាំ គឹមអាន អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ដែលជាព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្នុងការដឹកនាំ កសាងវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ក្នុងរយៈពេលជិត ៤០ឆ្នាំកន្លងមកនេះថា ទទួលបាននូវសមិទ្ធផលជាច្រើនទុកសម្រាប់បំរើដល់សេចក្តីត្រូវការរបស់ពុទ្ធសាសនា នៅ កម្ពុជា ដែលសមិទ្ធផលទាំងនេះបានកើតចេញពីការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី ហើយនៅពេលនេះទៀតសោត វត្តទទួល បាននូវព្រះរាជូបត្ថម្ភជាថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិកពី ហ្លួងម៉ែបន្ថែម ដែលជាការញ៉ាំង ឱ្យមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តមានក្តីសប្បាយរីក រាយឥតឧបមា។

ក្នុងឱកាសនេះ លោកជំទាវ គាំ គឹមអាន ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ហ្លួង ម៉ែ បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលនានាជាច្រើននៅក្នុងវត្ត សុវណ្ណមុនី សាគរ សំរោងអណ្តែតនេះ ដែលកើតចេញពីកម្លាំងសាមគ្គីជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ និង ប្រជាពុទ្ធបរិស័ទ ដោយក្នុងរយៈពេលជិត ៤០ឆ្នាំមកនេះ វត្តសំរោងអណ្តែតក្រោមការដឹក នាំរបស់សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿន ធ្វើឱ្យមានការរីកចំរើន ជាខ្លាំង៕

បង្ក្រាបករណីនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាពពីថៃ១២កេះតាមច្រកទ្វារប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ៖ គ្រឿងក្នុងជ្រូក និងក្រចកជើង ជ្រូកខូចគុណភាពចំនួន ១២កេះ បំរុងលួចដឹកតាមរថយន្តក្រុងនៅពេលយប់ ទៅចែកចាយតាមបណ្ដាខេត្ត ត្រូវបានមន្ត្រីជំនាញ បសុព្យាបាលខេត្ត ធ្វើការបង្រ្កាប កាលពីម៉ោងវេលា០៤និង៤០នាទីរសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការនោះ ដឹកនាំដោយលោក ហ៊ុយ ទូច ប្រធានការិយាល័យ បសុព្យាបាលខេត្ត និង មានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងជំនាញ ធ្វើការបង្រ្កាប នៅទីតាំងខាងលើ។

លោក ហ៊ុយ ទូច ប្រធានពេទ្យសត្វខេត្ត ប្រាប់ឲ្យដឹងថា មន្ត្រីជំនាញចុះមកទីតាំងខាងលើនេះ ក្នុងនាមលោក ជាមន្ត្រីយុត្តិធម៌ បសុព្យាបាលខេត្ត ត្រូវបំពេញតួនាទី បង្រ្កាបរាល់សាច់សត្វ និង ផលិតផលដែលចេញពីសាច់សត្វ និង បន្លែ ដែលមានសារធាតុគីមីមិនមានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ របស់ក្រុមឈ្មួញ ដែលតែងតែបង្កប់ក្នុងរទេះ ដឹកចេញពីប្រទេថៃចូលមកកម្ពុជានិង ដឹកបន្តតាមរថយន្តខាងលើនេះ ទៅចែកចាយតាមបណ្តាខេត្ត ផ្សេងៗ ដោយគ្មានច្បាប់ អនុញ្ញាតិ ពីមន្ត្រីជំនាញណាមួយនោះឡើយ។ លោកបានបន្តទៀតថា៖ ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ជាប្រមុខថ្នាក់ដឹកនាំ លោកតែងតែយកចិត្តទុកដាក់ ក្នុងសុខាមាលភាព ប្រជាពលរដ្ឋ និង បានឲ្យមន្ត្រីជំនាញ ខិតខំទប់ស្កាត់ រាល់ទំនិញ និង ផលិតផលណា ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាព ពលរដ្ឋ និងមិនឲ្យមានតទៅទៀតនោះឡើយ។

បហាជនបានធ្វើការរិះគន់ផងដែរថា៖ ចំពោះកន្លែងទីតាំងរថយន្តក្រុងមួយចំនួនតែងតែប្រើរួបភាពផ្សេងដឹកបង្កប ទំនិញបង់ពន្ធមិនគ្រប់ដែលធ្វើឲ្យមានការខាតបង់ចំណូលពន្ធរដ្ឋ រួមទាំងអនុវត្តផ្ទុយពីក្រសួងដែលចេញអាជ្ញាបណ្ណ័ គួរតែ
មន្ត្រីជម្នាញចុះអនុវត្តច្បាប់រាល់រថយន្តក្រុងនៅតាមបណ្ដាចំណត់ ហើយរថយន្តទាំងនោះកន្លងមកដឹកស្ទើតែរៀងរាល់ថ្ងៃ យកទៅចែកចាយ នៅតាមបណ្តាខេត្ត ដោយមិនគិតពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះអស់មិនតិចនាក់នោះដែរ។

ចំពោះការចុះបង្រ្កាប របស់មន្ត្រីជំនាញ ខាងអង្គភាពយើង នៅមិនទាន់ដឹងថា មានចំនួនសរុបប៉ុន្មានគីឡូក្រាមនោះឡើយ៕

អាជ្ញាធរភ្នំពេញគ្រោងកាប់ដើមឈើចាស់ចោលហើយដាំដើមធ្នង់ជំនួសវិញ នៅតាមផ្លូវម៉ៅសេទុង

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងកាប់ដើមឈើទាំងអស់នៅតាមដងផ្លូវម៉ៅសេទុង ហើយ ដាំដើមធ្នង់ជំនួសវិញខណៈដែលគម្រោងកែលម្អផ្លូវថ្មើរជើងនៅលើផ្លូវម៉ៅសេទុង នេះបាន ផ្តើមដំណើរការ ដោយចាប់ពីចំណុចស្តុបចំការមន មកដល់ស្ពានអាកាស ៥មករា ដែល មានប្រវែងជាង ៥គីឡូម៉ែត្រ។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានបញ្ជាក់នៅក្នុង កិច្ច ប្រជុំមួយកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញថា នេះជា លើកទី៣ហើយដែលអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការប្រជុំដើម្បីពិភាក្សាឆ្លងគម្រោង កែលម្អផ្លូវថ្មើរជើងនៅលើមហាវិថីម៉ៅ សេទុង។ចំណោះគម្រោងថ្មីនេះ លោក អភិបាល រាជធានីបានបញ្ជាក់ថា និងកាត់ដើមឈើចាស់ៗទាំងអស់ចោល ហើយដាំជំនួសឡើង វិញ ដោយឈើធ្នង់ដែលមានទំហំប៉ុន ក ជើងឡើងទៅ ដើម្បីឲ្យផ្លូវនេះជាផ្លូវដ៏ល្អ មានទាំង ចំណតរថយន្ត មានទាំងផ្លូវថ្មើរជើង មានទាំងសួនច្បាររួមនិងផ្លូវសម្រាប់ជិះកង់ផងដែរ។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថាការកាប់ដើមឈើចាស់ៗចោលនេះដោយសារ តែដើមឈឺខាងលើមានអាយុកាលយូរឆ្នាំហើយ ដើមឈើខ្លះមានប្រហោងក្នុង ហើយតែង បង្កផលប៉ះពាល់ដល់អ្នកដំណើរដោយពេលខ្លះ បានបាក់ធ្លាក់សង្កត់ទៅលើរថយន្តបង្ក ឲ្យ មានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផងដែរ ។ ដូច្នេះទេ ទន្ទឹមនិងការងារកែលម្អផ្លូវថ្មើរ ជើង នៅ លើបណ្តោយផ្លូវនេះ សម្រេចឲ្យមានការកាត់ដើមឈើចាស់ៗទាំងអស់នេះ ចេញជា មួយនឹងការដាំដើមឈើប្រភេទធ្នង់នៅសងខាងផ្លូវនេះឡើងវិញ។

លោកអភិបាលបានបន្ថែមថា បើគម្រោងអនុវត្តផ្លូវថ្មើរជើងនៅលើបណ្ដោយផ្លូវនេះ ទទួលបានជោគជ័យនោះ វាគឺជាគំរូល្អសម្រាប់យើងយកទៅអនុវត្ត នៅតាមមហា វិថីធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ។ ដោយសារតែផ្លូវមួយចំនួនត្រូវបានប្រជាពលរដ្ឋ ធ្វើ ការរំលោភយកចិញ្ចើមផ្លូវរហូតដល់តួរផ្លូវថែមទៀត ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់។ ចំពោះមហាវិថីម៉ៅសេទុងនេះ លោក ឃួង ស្រេង ក៏បានជម្រុញអោយរៀបចំផ្លូវ អទិភាព សម្រាប់រថយន្តក្រុងសាធារណៈផងដែរ៕

អនុប្រធានទី១ព្រឹទ្ធសភាបើកសន្និសីទអន្តរជាតិ លើកទី២នៅខេត្តស្ទឹងត្រែង

ស្ទឹង​ត្រែង​ ៖ សន្និសីទអន្តរជាតិលើកទី២ ស្តីពី ការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អរវាងរណសិរ្សប្រទេសទាំងពីរកម្ពុជា-ឡាវ ត្រូវបានប្រារព្ធពិធីបើកក្រោមវត្តមានលោក ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក ខាំបៃ ជាំឡាត់ អនុប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងលោក
ថ្លែងក្នុងឱកាសបើកសន្និសីទអន្តរជាតិលើកទី២នេះ លោក ស៊ីម កា បានមានប្រសាសន៍ថា ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើក្នុង គោលបំណង ដើម្បីពិនិត្យនិងបូកសរុបលទ្ធផលការងាររបស់រណសិរ្សប្រទេសទាំងពីរកម្ពុជា-ឡាវ ជាពិសេសរវាងគណៈកម្មការរណសិរ្សខេត្តជាប់ព្រំដែន០៣ខេត្តរបស់កម្ពុជានិង០២ខេត្តរបស់ឡាវក្នុងរយៈពេល០១ឆ្នាំនៃការអនុវត្តតាមស្មារតីអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការឆ្នាំ២០១៩-២០២៣ រវាងរណសិរ្សប្រទេសទាំងពីរកម្ពុជា-ឡាវ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីពេលកន្លងទៅ។

លោក អនុប្រធាន បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឡាវ ធ្លាប់បានឆ្លងកាត់នូវការលំបាកនិងភាពប្រឈមរួមគ្នានៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនដំណាក់កាលមកហើយ។ក៏ប៉ុន្តែបច្ចុប្បន្នប្រទេសទាំងពីរបានឈានចូលទំព័រថ្មីនៃប្រវត្តិសាស្ត្រ ដោយសម្រេចបានសន្តិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍ និងបានបោះជំហានឈានឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការរួមចំណែកដល់សុខសន្តិភាព កិច្ចសហប្រតិបត្តិការវិបុលភាព ការអភិវឌ្ឍន៍ សេដ្ឋកិច្ចតំបន់ និងពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងជាថ្មី នូវការគោរពដឹងគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុត ចំពោះបក្ស រដ្ឋ រណសិរ្ស និងប្រជាជនឡាវ ជាបងប្អូនដែលតែងតែបានរួមចំណែកនៅគ្រប់ដំណាក់កាលរបស់កម្ពុជា ក្នុងបុព្វហេតុរំដោះនិងសង្រ្គោះមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីគ្រោះមហន្តរាយ នៃសង្គ្រាម និងបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព និងភាពយុត្តិធម៌ ជូនដល់ប្រទេសកម្ពុជា។ ជាក់ស្តែងបទពិសោធន៍អតីតកាលបានជំរុញឱ្យប្រជាជនកម្ពុជា ប្រែក្លាយពីវប្បធម៌សង្គ្រាម និងប្រទូស្តរាយគ្នា ទៅរកវប្បធម៌សន្តិភព ពីវប្បធម៌ជម្លោះ ទៅកាន់វប្បធម៌យោគយល់គ្នា និងពីវប្បធម៌ប្រឈមមុខ មករកវប្បធម៌ចរចារ រហូតប្រជាជនកម្ពុជា បានបញ្ចក់សង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជាជាស្ថាពរទទួលបានសន្តិភាព និងឯកភាពទឹកដីនៅទូទាំងប្រទេសផងដែរ។

លោក ស៊ឹម កា បន្តថា ទំនាក់ទំនងកម្ពុជា-ឡាវ បានរីកធំធាត់ និងរឹងមាំជាប្រចាំជាពិសេសនៅក្នុងដំណាក់កាលដែលប្រទេសជាតិមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ការកើនឡើងនូវការផ្លាស់ប្តូរទស្សនកិច្ចជាផ្លូវរដ្ឋ ផ្លូវការជាញឹកញាប់របស់ថ្នាក់ដឹកនាំកម្ពុជា-ឡាវ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអត្ថន័យធំធេងណាស់ ដោយបានពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាពដ៏ល្អប្រពៃ និងសហប្រតិបត្តិការជិតស្និទ្ធ។

លោក ស៊ឹម កា បានគូសបញ្ជាក់ថា សន្និសីទនាពេលនេះ គឺផ្តោតជាសំខាន់ទៅលើការកសាងសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ដើម្បីឧទ្ទិសដល់ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីកាន់តែស្អិតរមួត និងរឹងមាំខ្លាំងក្លាថែមទៀត ហើយការជួបជុំនាពេលនេះ គឺជាទិដ្ឋភាពជាក់ស្តែងមួយបង្ហាញឱ្យឃើញពីការពូនជ្រុំបន្តពង្រឹង និងពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឲ្យកាន់តែទូលំទូលាយរឹងមាំ និងគង់វង្ស ស្ថិតស្ថេរយូរអង្វែងតទៅ៕

អាជ្ញាធរខេត្តព្រះវិហារប្រារព្ធធ្វើទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យលើកទី៥

ខេត្តព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារបាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ប្រារព្វពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គីភយ័លើកទី៥ នៅលើទីលានបាល់ទាត់នាក្រុងព្រះវិហារ ក្រោមអធិបតីភាព អភិបាលរង ខេតព្រះវិហារ លោក ស៊ូ សេរី និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង ប្រជាពលរដ្ឋជាច្រើននាក់។

ស្នងការរងទទួលការងារបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលកខេត្តកំពង់ឆ្នាំងលោកឧ្ត្តមសេនីយ៍ត្រី សំ សា មឿន បានអោយដឹងថាៈទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ធ្វើឡើងដើម្បីជំរុញដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រោះអគ្គិភ័យដែលកើតឡើងជាយថាហេតុនេះ។

ក្រៅពីសកម្មភាពជួយអន្តរាគមន៍ មន្រ្តីជំនាញបានចុះធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ម្ចាស់រោងចក្រសហគ្រាស និង ប្រជាពលរដ្ឋអំពីរបៀបនៃការសង្រ្គោះបឋម ព្រមទាំងបង្ហាត់បង្រៀន អំពីរបៀបនៃការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័នៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុផងដែរ ។
នៅក្នុងឱកាសនោះ អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សេរី បានមាន
ប្រសាសន៍ថាៈ គ្រោះអគ្គីភ័យ ពិតជា បានបង្កនូវ វិនាសកម្ម បាត់បង់អាយុជីវិត ធ្លាក់ខ្លួនពិការ ភាពចំពោះបងប្អូនប្រជាពលរដ្ឋ និងធ្វើអោយខាតបង់ ទ្រព្យសម្បត្តិរដ្ឋ សាធារណៈ និង ឯកជន ផងដែរ ។

អភិបាលរងខេត្តបានប្រសាសន៍បន្តទៀតថាៈ ការបង្ការពន្លត់អគ្គីភ័យគឺជាករណីកិច្ចគ្រប់មន្ទីរ អង្គភាព ផ្នែកឯកជន និង ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ និង ចូលរួមពន្លត់អគ្គិភ័យនៅពេលមានគ្រោះអគ្គិភ័យកើតមានឡើងនិងត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីបង្ការ និង ពន្លត់អគ្គិភ័យនិងលិខិតបទដ្ឋានគតិយុត្តនានានិងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យ
បានយល់ដឹងអំពីវិធានការណ៍បច្ចេកទេសបង្ការនិងពន្លត់អគ្គិភ័យនៅគ្រប់សណ្ឋាគារផ្ទះ សំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនក្លឹប កម្សាន្តតាមផ្សារនិងអាជីវកម្មនានាគឺត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាពបង្ការពន្លត់អគ្គិភ័យឲ្យបានត្រឹមត្រូវតាមបច្ចេកទេស។

អភិបាលរងខេត្តព្រះវិហារលោក លោកស៊ូសេរី បានអំពាវនាវដល់គ្រប់ស្ថាប័ន មន្ត្រីរាជការ និង វិស័យឯកជនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំឲ្យកើតមានអគ្គិភ័យនេះក្នុងនោះដែរអាជ្ញាធដែនដីគ្រប់ជាន់ថ្នាក់ក៏ត្រូវបង្កើននូវការចាត់វិធានផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ប្រជា
ពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន គ្រប់វិនាទីចំពោះដើមចោទ ដែលអាចបង្កកើតមានអគ្គីភ័យដូចជាភ្លើងចង្ក្រានភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងព្រៃ ភ្លើងបារី រំសែវជាតិផ្ទុះប្រេងឥន្ធៈឧស្ម័នចំហេះសារធាតុគីមីដែលជាវត្ថុងាយឆេះសំខាន់លើបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គីសនីនៅតាមលំនៅដ្ឋានសណ្ឋាគារផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និង ក្លឹបកំសាន្តជាដើម ។ ក្នុងនោះត្រូវចូលរួមសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំអោយមានគ្រោះ ថ្នាក់អគ្គិភ័យកើតឡើង ៕

បទល្មើសព្រៃឈើនៅខេត្តព្រះវិហារ កម្រើកឡើងវិញ ខណៈវិធានការបង្ក្រាបមិនតឹងរ៉ឹង

ខេត្តព្រះវិហារ ៖ រថយន្តប្រភេទយីឌុប និងស៊េរីទំនើបតូចធំ ស្ទើរគ្រប់ប្រភេទ ត្រូវគេឃើញ ក្រុមឈ្មួញមួយក្តាប់តូច បានយកមកប្រើប្រាស់ជាមធ្យោបាយ ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ ដោយចរាចរណ៍ចេញពីខេត្តមួយ ឆ្លងកាត់ខេត្តមួយទៀត ដើម្បីឆ្ពោះទៅកាន់ទីឈប់សំចត នៃគោលដៅចែកចាយ និងលក់ឈើទាំងនោះ។ អ្នកឃ្លាំមើលបញ្ហាបទល្មើសព្រៃឈើ បានចាត់ទុកថា ការកម្រើកឡើងវិញនូវបទល្មើសនេះ ដោយសារអ្នកប្រព្រឹត្ត ទទួលទោសទណ្ឌស្រាលពេក។

សកម្មភាពធ្វើជំនួញឈើល្មើសច្បាប់នោះ ត្រូវគេកត់សម្គាល់ឃើញថា តែងបានរងនូវការបង្ក្រាប និងរឹបអូសយករថយន្ត ដែលផ្ទុកទៅដោយឈើអារគ្រប់ប្រភេទនោះ បានជាបន្តបន្ទាប់ បើទោះបីជាឈ្មួញបានប្រើគ្រប់កលល្បិច ដឹកជញ្ជូនឈើបំភ័នភ្នែកសមត្ថកិច្ចយ៉ាងណាក្តី។

ជាក់ស្តែង នៅព្រលប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចខេត្តព្រះវិហារ ក្រោមកិច្ចសហការណ៍ រវាងមន្ត្រីព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថស្រុករវៀង បានប្រដេញតាមរថយន្តស៊េរីទំនើបពីរគ្រឿង ដោយសង្ស័យថា រថយន្តនោះមានផ្ទុកទៅដោយឈើល្មើសច្បាប់ បានធ្វើចរាចរណ៍ឆ្លងកាត់ ដែនដីដែលក្រុមខ្លួនគ្រប់គ្រង។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមសមត្ថកិច្ចបានប្រដេញស្ទាក់ចាប់រថយន្តស៊េរីទំនើបពីរគ្រឿង ដោយ១គ្រឿងគេបានដឹងថា ដឹកឈើក្រញូង ដែលជាឈើប្រណិត និងជាប្រភេទឈើកម្រ និង១គ្រឿងទៀត ដឹកឈើអារប្រភេទលេខ១ ដោយចរាចរណ៍ចេញពីដែនដីស្រុកជាំក្សាន្ត បើកកាត់ដីក្រុងព្រះវិហារ និងឆ្ពោះមកកាន់ស្រុករវៀង។ ហើយរថយន្តដឹកឈើទាំងពីរគ្រឿងនោះ បានរងការប្រដេញស្ទាក់ចាប់ ពីកម្លាំងសមត្ថកិច្ចក្នុងតំបន់ ប៉ុន្ត សមត្ថកិច្ចស្ទាក់ចាប់បានតែមួយគ្រឿង ដឹកឈើអារប្រភេទឈើសុក្រំ ប្រមាណជិត២០សន្លឹក រីឯ រថយន្តមួយគ្រឿងទៀត ដែលគេសង្ស័យថា ដឹកឈើក្រញូងនោះ បានបើកគេចចេញពីសមត្ថកិច្ច ដោយសុវត្ថិភាព។

សេចក្តីរាយការណ៍ដដែល បានឲ្យដឹងទៀតថា រថយន្តស៊េរីទំនើបមួយគ្រឿង ដែលដឹកឈើអារប្រភេទសុក្រំជិត ២០សន្លឹកនោះ ត្រូវបានអ្នកបើកបរ បើកគេចចេញពីសមត្ថកិច្ច មកទម្លាក់ឈើចោល និងលាក់រថយន្តនោះក្នុងព្រៃមួយកន្លែង នៅក្នុងស្រុកសង្គមថ្មី ហើយត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ និងអាវុធហត្ថ រកឃើញ និងធ្វើការរឹបអូសបាន នៅម៉ោងជាង៨យប់ ថ្ងៃទី២១កុម្ភះម្សិលមិញនេះ។ ចំណែក អ្នកបើកបររថយន្តដឹកឈើនោះ បានរត់គេចខ្លួនបាត់ទាំងយប់ងងឹត។

ក្រោយការបង្ក្រាប រឹបអូសរថយន្ត និងឈើនោះរួច វត្ថុតាងបទល្មើស ត្រូវបាននាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

គួរបញ្ជក់ថា កាលពីថ្ងៃទី៧ ខែកុម្ភៈ និងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចស្រុករវៀង ក៏បានធ្វើការបង្ក្រាបបានរថយន្តយីឌុប ដឹកជញ្ជូនឈើចេញពីស្រុកជាំក្សាន្ត នាំឆ្ពោះទៅកាន់ខេត្តកំពង់ធំ បានចំនួន ២គ្រឿងរួចមកហើយ។ ដោយរថយន្តទាំងពីរគ្រឿងនោះ ឈ្មួញបានប្រើល្បិចដាក់បាវអង្កាម និងបាវដំឡូងពីលើ និងដាក់ឈើពីក្រោម ដើម្បីបំភ័ន្ធសមត្ថកិច្ច។ ប៉ុន្តែ បើទោះបីជាឈ្មួញបានប្រើល្បិចខ្ពស់យ៉ាងណា ក៏គេចមិនផុតពីកណ្តាប់ដៃរបស់សមត្ថកិច្ចនោះឡើយ។

រថយន្តដែលបង្ក្រាបបាន នៅយប់ថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅនេះ គឺជារថយន្តប្រភេទ វ៉េអង ដាក់អង្កាមពីលើ បង្កប់ឈើពីក្រោមជាង ៤០ម៉ែត្រគូបត្រីគុណ បានរងការបង្ក្រាបពីកម្លាំងបរិស្ថានបឹងពែ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅលើដងផ្លូវជាតិ លេខ៦២ នៅមុខផ្សារលោកឧកញ៉ា ទ្រី ភាព ទន្លេម្រេច ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តមួយគ្រឿងដែលរងការបង្ក្រាបនៅពេលនោះ គឺជាប្រភេទវេអង ពាក់ស្លាកលេខ ភ្នំពេញ 3A.5671 ក្បាលស ទ្រុងខៀវ រថយន្តនេះជារបស់ប្តីប្រពន្ធពីរនាក់ ដោយប្តីឈ្មោះ យ៉េង និងប្រពន្ធ ឈ្មោះ ស៊ុន លី ដឹកឈើគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ។ ហើយឈើដែលដកហូតបាន មានចំនួនជាង ៤០ម៉ែត្រគូបត្រីគុណ បង្កប់ក្រោមបាវអង្កាម ហើយប្តីប្រពន្ធទាំងពីរនាក់នេះ រស់នៅភូមិតារ៉េនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ រថយន្តដឹកឈើ ត្រូវបាននាំយកមករក្សាទុក នៅស្នាក់ការបរិស្ថានបឹងពែ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ដោយឡែក រថយន្តប្រភេទ វ៉េអង ដឹកឈើ បង្កប់ក្រោមបាវដំឡូងមីក្រៀម មួយគ្រឿងទៀត ត្រូវបានកម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង សហការណ៍ជាមួយ កម្លាំងកងរាជអាវុធស្រុក ចុះស្ទាក់ចាប់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិជីអោក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយការឃាត់ត្រួតពិនិត្យរួច រថរថយន្ត V-1 ប្រភេទ Hyundia ពណ៌ ស ទ្រុងពណ៌ត្រួយចេក ពាក់ស្លាកលេខ កំពង់ចាម 3A-6742 សមត្ថកិច្ចបានរកឃើញថា រថយន្ត១គ្រឿងនេះ បានដឹកដំឡូងមីពីលើ បង្កប់ឈើអាររាប់សិបម៉ែត្រគូបពីក្រោម ចេញពីស្រុកជាំក្សាន្ត ជាប់ព្រំដែនថៃ រីឯការដឹកជញ្ជូនឈើនោះ គ្មានច្បាប់អនុញ្ញាតនោះទេ។
ក្រោយការបង្ក្រាប រថយន្ត និងឈើដែលមានចំនួនរាប់សិបម៉ែត្រគូបនោះ ត្រូវបាននាំយកមករក្សាទុក នៅទីស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធី៕ ដោយ ៖ កូវ ប៊ុនហេង