All posts by មេគង្គ ប៉ុស្តិ៍

កូរ៉េខាងជើងព្រមានថា អាមេរិកនឹងរងទុក្ខ​​ បើហ៊ាន​លើកឡើង​បញ្ហាមួយនេះ..

​កូរ៉េខាងជើង ៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បាន​រាយការណ៍​ថា ប្រទេស​កូរ៉េខាងជើង​បាន​ស្តីបន្ទោស​ទៅ​សហរដ្ឋអាមេរិក​វិញ​ដោយសារតែ​ការលើកឡើង​អំពី​បញ្ហា​ទាក់ទង​នឹង​កំណត់ត្រា​សិទ្ធិមនុស្ស​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ដោយ​និយាយថា “​ពាក្យសម្តី​ព្យាបាទ​” របស់​ទីក្រុង​វ៉ាស៊ីនតោន​នឹងធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅលើ​ឧបទ្វីប​កូរ៉េ​។​

​សេចក្តីថ្លែងការណ៍​រប​ស់ KCNA បាន​ព្រមាន​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​ហ៊ាន​លើកឡើង​បញ្ហា​ជាមួយ​ប្រព័ន្ធ​រដ្ឋាភិបាល​កូរ៉េខាងជើង​ដោយ​សម្អាង​លើ​បញ្ហា​សិទ្ធិមនុស្ស​នោះ ពួកគេ​នឹងត្រូវ “​រង​ទុក្ខ​”​។​

​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​បាន​ថ្កោលទោស​ការរំលោភ​សិទ្ធិមនុស្ស​ជា​យូរ​មកហើយ​និង​ជា​បន្ត​របស់​ប្រទេស​កូរ៉េខាងជើង​នៅក្នុង​សេចក្តីសម្រេច​ប្រចាំឆ្នាំ​មួយ​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​រាប់សិប​រួមមាន​ទាំង​សហរដ្ឋអាមេរិក​ផងដែរ​ប៉ុន្តែ​ត្រូវបាន​ប្រេសិត​អង្គការសហប្រជាជាតិរ​បស់​ទីក្រុង​ព្យុងយ៉ាង​បដិសេធ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​កូរ៉េខាងជើង​នេះ​គឺជា​លើកដំបូង​ហើយ​ចាប់តាំងពី​ប្រេសិត​ពិសេស​របស់​សហរដ្ឋអាមេរិក​ទទួលបន្ទុក​កូរ៉េខាងជើង​លោក Stephen Biegun កាលពី​ថ្ងៃ​ចន្ទ​បាន​ជំរុញ​ជា​សាធារណៈ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​វិលត្រឡប់​ទៅរក​កិច្ចពិភាក្សា​វិញ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ការឆ្លើយតប​ដោយផ្ទាល់​ពី​ប្រទេស​កូរ៉េខាងជើង​ចំពោះ​ការ​សំណូមពរ​របស់លោក Biegun ទេ​។ ប្រទេស​កូរ៉េខាងជើង​បានធ្វើការ​សាកល្បង​អាវុធ​ជា​បន្តបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះហើយ​អ្នកជំនាញ​មួយចំនួន​បាន​និយាយថា រដ្ឋ​ឯកោ​មួយ​នេះ​អាច​នឹង​ត្រៀមខ្លួន​សម្រាប់​ការសាកល្បង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​មួយ​គ្រាប់​ដែល​អាចធ្វើ​ឲ្យ​ខ្លួន​វិលត្រឡប់​ទៅរក​ផ្លូវ​នៃ​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​សហរដ្ឋអាមេរិក​វិញ​៕

 

សម្តេចតេជោ ហ៊ុន សែន ៖ ហ្គេមអនឡាញ ជង្រុកក្រុមម៉ាហ្វីយ៉ា និងការលាងលុយ

ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសប្តេជ្ញាថា រាជរដ្ឋាភិបាលមិនឲ្យមានហ្គេមអនឡាញ នៅប្រទេសកម្ពុជាទៀតជាដាច់ខាត ដើម្បីកុំឲ្យកម្ពុជាក្លាយកន្លែងលាងលុយកខ្វក់ និងជង្រុកពួកម៉ាហ្វីយ៉ា ដែលកើតចេញពី ហ្គេមស៊ីសង អនឡាញ។ សម្តេចតេជោ ថ្លែងអះអាងថា កម្ពុជា នឹងលុបបំបាត់ហ្គេមអនឡាញ ទាំងស្រុងនៅដំណាច់ឆ្នាំ២០១៩ នេះ។

ថ្លែងនៅក្នុងពិធីបុណ្យសមុទ្រលើកទ៨ ជុំទី២ នៅខេត្តកំពត សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វត្តមានហ្គេមអនឡាញកម្ពុជា នឹងធ្វើឲ្យបញ្ហា អសន្ដិសុខជាតិ និងស្ថិតនៅក្រោមការគំរាមកំហែង នៃក្រុមម៉ាហ្វីយ៉ា ដែលជ្រៀតចូលមកក្នុងប្រទេស ដើម្បីធ្វើសកម្មភាព នានា។ កម្ពុជា ក៏នឹងក្លាយទៅជាប្រទេសនៃគោលដៅ នៃការលាងលុយកខ្វក់ តាមរយៈអនឡាញផងដែរ។ ការលុបបំបាត់ហ្គេមអនឡាញនេះ គឺដើម្បីទទួល បានមកវិញនូវវិនិយោគ និងជំនួញធំៗ ដែលសុច្ចរិត និងសុវត្ថិភាពសម្រាប់ អភិវឌ្ឍសង្គមកម្ពុជា។ ការធ្លាក់ចុះនៃវិស័យសំណង់នៅកម្ពុជា គឺមិនពាក់ព័ន្ធទៅនឹងការធ្វើដំណើរចាកចេញរបស់ជនជាតិនោះទេ នោះគ្រាន់តែចំណែកតូចមួយប៉ុណ្ណោះ ព្រោះវិស័យសំណង់នៅប្រទេសកម្ពុជា មិនមែនបម្រើឲ្យតែហ្គេមអនឡាញនោះទេ ប្រសិនបើគេឈប់ជួលផ្ទះ ឬអគារគួរតែយកទីតាំងនោះ ទៅប្រកបអាជីវកម្មផ្សេង ព្រោះអ្វីក៏ដោយត្រូវតែមានការបង់ថ្លៃ។

គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន កាលពីនៅថ្ងៃទី១៨ ខែសីហា កន្លងទៅ បានចុះហត្ថលេខាលើសារាចរណែនាំមួយដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ទាំងស្រុង។ សារាចរណែនាំ បានណែនាំ ឲ្យមន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអិនធើណែតអនឡាយ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាបណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។ រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាបណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិច តាមរយៈអិនធើណេតអនឡាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕

សម្តេចតេជោ ហ៊ុន សែន ជំរុញអាជ្ញាធរខេត្តជាប់សមុទ្រត្រូវថែរក្សា និងអភិរក្សធនធានសមុទ្រ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែង នៅក្នុងពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលខេត្តកំពតធ្វើជាម្ចាស់ផ្ទះ កាលពីយប់ម៉ិញ នេះដោយ ជំរុញដាស់តឿនដល់អាជ្ញាធរខេត្តជាប់សមុទ្រទាំងអស់ ត្រូវខិតខំថែរក្សា ធនធានសមុទ្រ និងធនធានបាតសមុទ្រ របស់កម្ពុជាឲ្យស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៏ ក្នុងការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ។

នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បានស្នើឲ្យទៅក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រទាំង៤ ត្រូវយកចិត្តទុកដាក់ បំផុតចំពោះការថែរក្សា និងអភិរក្សធនធានបាតសមុទ្ររបស់កម្ពុជា ឲ្យគង់ វង្សជានិរន្ត៏។ជាកត់សំគាល់សម្តេចតេជោនាយក រដ្ឋមន្ត្រីតែងតែធ្វើការជំទាស់ ជាច្រើនលើកចំពោះបំណង នៃការវិនិយោគក្នុងដាំសារាយនៅក្នុងសមុទ្រ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកំពត ដើម្បីការពារ ធន ធានបាតសមុទ្ររបស់កម្ពុជាឲ្យបានល្អ។ ការជំទាស់ការបូមខ្សាច់នៅបាតសមុទ្រ ក៏បានធ្វើឲ្យ ធនធាន សមុទ្រកាន់តែសំបូរបែប។ សម្តេចតេជោ ជំរុញឲ្យក្រសួងបរិស្ថាន ដាក់តំបន់បាត សមុទ្រ នានាឲ្យក្លាយជាតំបន់អភិរក្ស។ សម្តេចតេជោ ក៏បានជំរុញឲ្យ ខេត្តជាប់សមុទ្រថែរក្សា ឆ្នេរឲ្យ បាន ស្អាត ដើម្បីរក្សាឆ្នេរសមុទ្ររបស់កម្ពុជា នៅក្នុងក្លឹបឆ្នេរដែលស្អាតជាងគេបំផុតលើលោក។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តកំពតជាខេត្តសក្តានុពេលជាច្រើន សម្រាប់ជំរុញ កំណើនសេដ្ឋកិច្ច។ ខេត្តកំពតមានសក្តានុពលទេសចរ ធម្មជាតិ មានរោងចក្រផលិតស៊ីម៉ង់ មាន កំពង់ ផែ ពិសេសជាខេត្តមានដែល សក្តានុពលអំបិល និងកសិកម្មជាច្រើនផ្សេងទៀត ឯ.ឧ ជាវ តាយ អភិបាលខេត្តកំពត មានប្រសាសន៏ថា ពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ ក្នុងខេត្តកំពត នេះ ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង»។ ព្រឹត្តិការណ៍បុណ្យសមុទ្រ ឆ្នាំ នេះ មានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍ តំបន់ ឆ្នេរ សរុបចំនួន ៤៦១ស្តង់ ក្នុងនោះរួមមាន ស្តង់គម្រោងអភិវឌ្ឍទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរ ផលិតផលទេសចរណ៍ផលិតផលក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ស្តង់ពិព័រណ៍បរទេស ហើយពិសេសការរៀបចំវិថីម្ហូបអាហារ (Food Street) អាចសម្រាប់ជាគំរូដល់ខេត្តដទៃ។ ក្រៅពីនោះ ក៏មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបូរាណ-សម័យ ដែលមានការចូលរួម ពី សិល្បករ-សិល្បការីជាតិ និងបណ្តាប្រទេសជាមិត្ត រួមមានប្រទេសចិន ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា និង វៀតណាម។ សកម្មភាពកីឡាវិញ រួមមាន៖ កីឡារត់កម្សាន្ត ការប្រណាំងកង់ បាល់ទះលើឆ្នេរខ្សាច់ ចាំបាប់លើឆ្នេរខ្សាច់ កីឡាប្រណាំងម៉ូតូទឹកលក្ខណៈអន្តរជាតិ ប្រដាល់គុនខ្មែរអន្តរជាតិ ដណ្តើម ខ្សែក្រវ៉ាត់អន្តរជាតិ គុនល្បុក្កតោ ការប្រកួតអុកចត្រង្គ និងកីឡាផ្សងព្រេងលើភ្នំ។ល។

លោក រដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ បានបញ្ជាក់ថា ឆ្នាំ២០១៩ ខេត្តតំបន់ឆ្នេរ ទទួល ទេសចរណ៏អន្តរជាតប្រមាណ១លាន ៣សែននាក់កើន ឡើង ៤,៥ភាគរយ រួមចំនែក១៥ភាគរយ នៃទេសចរសរុប។ ខេត្តកំពតក្នុង រយៈពេល១១ខែ ២០១៩ នេះ ទទួលបានទេសចរណ៏អន្តរជាតិ ប្រមាណ១៨ ម៉ឺននាក់ មានកំណើន១០.២៨ភាគរយ និងទេសចរជាតិប្រមាណ១លាន៤សែននាក់ ក្នុងកំណើន៥,៧ភាគរយ។

យោងតាមការព្យាករ នៅឆ្នាំ២០២០ តំបន់ឆ្នេរ សមុទ្រនឹងទទួលបាន ទេសចរ អន្តរជាតិ ប្រមាណ១លាន ៧សែននាក់ និងភ្ញៀវទេសចរជាតិប្រមាណ៣លាន ៥សែន នាក់ ហើយនៅឆ្នាំ២០៣០ តំបន់ ឆ្នេរសមុទ្រនឹងទទួលបានទេសចរអន្តរជាតិ៤លាន ៥សែននាក់ និងទេសចរ ជាតិ៥លាន ៥សែននាក់។ លោក រដ្ឋមន្ត្រីកត់សំគាល់ថា ការរៀបពិធីបុណ្យសមុទ្រ ពី មួយឆ្នាំទៅមួយឆ្នាំ មានការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ ទាំងជាតិ និងអន្តរជាតិ។ រដ្ឋមន្ត្រីទេសចរ រំពឹងថា បុណ្យសមុទ្រនៅខេត្តកំពតនៅឆ្នាំនេះ នឹងអាចទទួលបានទេសចរ ៥០ ម៉ឺន នាក់៕

សម្តេចតេជោ ព្រមានដកស័ក្តិ និងចាប់ខ្លួនមន្ត្រីយោធាម្នាក់ ករណីចាក់ដីលុបសមុទ្រនៅកោះកុង

ភ្នំពេញ ៖ នៅក្នុងពិធីបុណ្យសមុទ្រនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា និងអភិបាលខេត្តកោះកុង ឲ្យពិនិត្យករណីចាក់ដីលុបចូលសមុទ្រនៅខេត្តកោះកុង ជាបន្ទាន់ និងចាត់វិធានការ ឲ្យបានតឹងរ៉ឹង។ ភ្ជាប់ជាមួយនឹងបញ្ហានេះ សម្តេចតេជោ ក៏បានព្រមានដកស័ក និងចាប់ខ្លួនមន្ត្រីយោធាមួយរូប ដែលនៅពីក្រោយខ្នងនៃការលុបដីចូលសមុទ្រនេះដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ដល់អភិបាល ខេត្តទាំងអស់ត្រូវទប់ ស្កាត់ឲ្យមានប្រសិទ្ធភាពចំពោះការលុបនិងចាក់ដីចូល ក្នុងសមុទ្រធ្វើជាកម្មសិទ្ធិ និងផលប្រយោជ ន៏ផ្ទាល់ខ្លួន។ សម្តេចតេជោ បានស្នើទៅ លោក ជា សុផារ៉ា និងលោកជំទាវអភិបាលខេត្តកោះកុង ពិនិត្យឲ្យបាន ច្បាស់លាស់ករណីចាក់ដីលុបសមុទ្រនៅខេត្តកោះកុង។ ករណីបើសម្តេចរក ឃើញ មានពាក់ព័ន្ធជាមួយមន្ត្រីយោធាណាម្នាក់ នៅពីក្រោយខ្នងនៃការលុបចូលសមុទ្រមែននោះ សម្តេច នឹងមិនទុកមន្ត្រីបែបនេះនៅក្នុងជួរកងទ័ពនោះឡើយ។
យ៉ាងណាសម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏មានការអនុញ្ញាតិ ឲ្យ មានការចាក់ដី លុប សមុទ្រក្នុងករណីចាំបាច់បំផុត ពិសេសទៅលើការកសាង ខ្លះ ដូចជាការកសាងកំពង់ផែ ការចាក់ថ្ម ចូលតំបន់កំសាន្តខ្លះ ដើម្បីរារំាង និងទប់ទឹករលក តែមិនមែនជាការធ្វើដោយបំពាននោះទេ។ សម្តេចតេជោ បានផ្តល់ពាក្យស្លោកមួយថា «កុំសម្លាប់មេមាន់ ដើម្បីគ្រាន់តែឆ្ងាញ់មួយពេល មាន ន័យថា កុំបំផ្លាញធនធានធម្មជាតិសមុទ្រ និងមិនត្រូវបំផ្លាញតំបន់ឆ្នេរ ដើម្បីគ្រាន់តែយកមក ផលប្រយោជន៍រយៈពេលខ្លី៕

ស្ត្រីម្ចាស់ហាងបៀរហ្គាឌេន«សំណាងអាណេ»ដែលត្រូវអធិការរងក្រុងបាវិតបាញ់ចំក្បាល បានស្លាប់ហើយ

ខេត្តស្វាយរៀង ៖ បើតាមការអះអាងពីសម្ថកិច្ចបានអោយដឹងថា ស្រ្តីម្ចាស់ហាង «តន្រ្តីសំណាងអាណេ» ដែលត្រូវជនសង្ស័យជាអធិការរងបាញ់ចំក្បាលកាលវេលាម៉ោង ៦ ៖ ៣០នាទីយប់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានស្លាប់បាត់បង់ជីវិតហើយ បន្ទាប់ពីបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យចារីក្នុងប្រទេសវៀតណាម ដោយសាររបួសធ្ងន់ពេកមិនអាចសង្គ្រោះបាន។

គួ​របញ្ជាក់ថា កាលវេលាម៉ោងប្រមាណជាង ៦យប់ថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០១៩ មានករណីបាញ់ទៅ លើថៅកែស្រីម្នាក់ ឈ្មោះ អាណេ អាយុ៣៨ឆ្នាំ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង។ មានមុខរបជាម្ខាស់ហាងផឹកស៊ី និងខារ៉ាអូខេ ខាងលើ ចំណែកជនបង្កជា អធិការរង ក្រុងបាវិត មានឈ្មោះ កែវ ចិត្រា ហៅចិត្ត ដែលទើបឡើងកាន់តំណែងជាអធិការងក្រុងបាវិតទទូល បន្ទុកការិយាល័យគ្រឿងញៀនថ្មីៗ ទើបតែ៦ថ្ងៃតែប៉ុណ្ណោះ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា កន្លងមកជនសង្ស័យតែងតែមកផឹកស៊ីជាញឹក ញាប់ណាស់ដែរ ហើយក្នុងថ្ងៃកើតហេតុ ជនសង្ស័យ មកផឹកស៊ីដូចធម្មតា ពេលស្រីបំរើការ ងារ លើកស្រា និងម្ហូបដាក់លើតុ រួចជនសង្ស័យបានហូបស្រាបៀរអស់តែពីរ ទៅបីកំប៉ុងប៉ុណ្ណោះ ស្រាប់ តែជនសង្ស័បានដកកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់ ដោយមួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀត បាញ់ចំស្ត្រីជាម្ចាស់ហាង បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល ហើយ ត្រូវបាននារីបំរើការទៅបីត្រកង លើកស្រ្តីរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម ទាំងយប់។ ចំណែកជនដៃដល់ដែលជាអធិកា រងក្រុង ពេលបាញ់រួចដើរចេញ ទៅរថយន្តជិះចេញបាត់។

បើតាមលោក គឹម ឡៃ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តស្វាយ រៀង បានប្រាប់តាមទូរសព្ទពីចម្លើយសារភាពជនបង្កហេតុ ដោយសារតែជនដៃដល់ខឹងម្ចាស់ហាង យកម្ហូបមកយឺតពេក ហើយម្ចាស់និយាយថា ក៏ប្រិតម្លិះ ហូបតែមីឆា សោះ ហើយនិយាយច្រើន ដង ពេក ទើបជនសង្ស័យខឹង ដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងបាញ់ជនរងគ្រោះចំស្នៀតផ្កា មួយគ្រាប់តែម្តង។

បើតាមអោយដឹងពីប្រជាពលរដ្ឋបានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សឿន ដាណេ វ័យ៣៨ ឆ្នាំ ស្រុកកំណើតភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីបើក ហាង នៅក្រុងបាវិត ជាច្រើនឆ្នាំមកហើយ ហើយកន្លងមក ហាងនេះធ្លាប់មានស្ត្រីម្នាក់ចងក ធ្វើអត្ត ឃាត ម្តងមកហើយ ប៉ុន្តែដោយសាតែម្ចាស់ហាង បានស្គាល់អ្នកមានមុខមាត់ធំៗ ទើបបានបើក ដំណើរការរហូតមកដល់ថ្ងៃនេះ។

បើតាមប្រជាពលរដ្ឋដែលរស់នៅក្រុងបាវិតបានដឹងថា ជនសង្ស័យកាលពីមុនជាជនពាល តែងតែ វ៉ៃគេវ៉ៃឯងស្ទើររាល់ថ្ងៃ ហើយពេលខ្លួនស្រវឹងស្រាម្តងៗ គ្មានអ្នកណាហ៊ានមើលមុខទេ ព្រោះគេនឹង វ៉ៃមិនថា មន្ត្រីរាជការ រឺថ្នាក់ណា រឺប្រជាពលរដ្ឋនោះឡើយ។ ដោយឃើញអាកប្បកិយាកូន ប្រព្រឹត្តិ ដូចក្មេងទំនើង ទើបលោក កែវ គង់ បានបញ្ជូនកូនឲ្យចូលបំរើជាមន្ត្រីនគរបាល បន្ទាប់មកបានចាត់ បញ្ជូនឲ្យទៅរៀននៅប្រទេសវៀតណាម ៦ឆ្នាំ ក៏វិលមកអង្គភាពវិញ ហើយត្រូវបានប្រកាសឲ្យ ចូល កាន់តំណែងថ្មី ជាអធិការរងក្រុងបាវិត ទើបតែបាន ៥ទៅ ៦ថ្ងៃប៉ុណ្ណោះ ដោយទទួលផែនគ្រឿង ញៀន ។ បច្ចុប្បន្នសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅស្នងការនគរបាលខេត្តស្វាយរៀង និង រៀបចំឯកសារដើម្បីបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀង ដើម្បីចាត់ការបន្តទៀត៕

លោកអភិបាលខេត្ត ចុះពិនិត្យសិក្សាទប់ស្កាត់បង្ការការបាក់ស្រុតច្រាំងទន្លេន ក្នុងស្រុកកោះសូទិន កងមាស និងស្រុកស្រីសន្ធរ

ដោយ ៖ ប៉​.​សុផល

ខេតកំពង់ចាម ៖ លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងសិក្សាតាមតំបន់ដងទន្លេ ក្នុងស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ដើម្បីរកវិធានការទប់ស្កាត់បង្ការ កុំឲ្យមានការបាក់ស្រុតច្រាំងទន្លេធ្ងន់ធ្ងរ ដូចឆ្នាំកន្លងទៅទៀត។

បើតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីបានទទួលបទពិសោធន៍នៃការបាក់ច្រាំងទន្លេយ៉ាងធ្ងន់ធ្ងរនាឆ្នាំកន្លងទៅ ទើបថ្ងៃនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញចុះធ្វើការពិនិត្យសិក្សាស្រាវជ្រាវ នៅតាមតំបន់ជួរដងទន្លេ ស្ថិតក្នុងស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ក្នុងគោលបំណងដើម្បីរិះរកវិធានការធ្វើ ក្នុងការទប់ស្កាត់កុំឲ្យមានការបាក់ច្រាំងទន្លេធ្ងន់ធ្ងរ ដូចឆ្នាំកន្លងទៅនោះទៀត ។

ស្ថិតក្នុងដំណើរចុះពិនិត្យ និងសិក្សាតាមតំបន់ដងទន្លេនេះ លោកអភិបាលខេត្ត តែងតែបានជួបសំណេះសំណាល យ៉ាងជិតស្និទ្ធិជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះផងដែរ ដើម្បីស្វែងយល់អំពីសុខទុក្ខ ដូចជាការរស់នៅនិងការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋ តាមតំបន់ជួរដងទន្លេនៃស្រុកទាំងបីនេះផងដែរ ៕

អធិការរងក្រុងបាវិតបាញ់ស្ត្រីថៅកែហាងបៀរហ្គាឌេនបញ្ឆិតក្បាលទំនងជារឿង«ស្នេហាត្រីកោណ»

ដោយ : ប៉ែន សុផល

ខេត្តស្វាយរៀង ៖ មន្ត្រីនគរបាលជាន់ខ្ពស់មួយរូបនៅក្រុងបាវិត ដែលត្រូវជាកូនប្រុសបង្កើតរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត បានបាញ់ស្ត្រីម្ចាស់ហាង បៀរហ្គាឌេន យីហោ« សំណាងអាណេ»នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបញ្ឆិតក្បាលបណ្តាលឲ្យរងរបួសជាទម្ងន់ ហើយត្រូវបានបញ្ជូនភ្លាមៗទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម កាលពីវេលាម៉ោង ១៨ និង១០នាទី យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។

សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីម្ចាស់ហាងឈ្មោះ សឿន ដាណេ មានវ័យ ៣៨ឆ្នាំ រស់នៅភូមក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចំណែកជនសង្ស័យឈ្មោះ កែវ ចិត្រ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ តាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាមន្ត្រីនគរបាលជាន់ខ្ពស់មួយរូបដែលទើបនឹងឡើងកាន់តំណែងជាអធិការរងក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុននេះទេ ហើយគាត់ត្រូវជាកូនប្រុសបង្កើតរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ កែវ ចិត្រ បានចូលទៅផឹកស៊ីនៅក្នុងហាងបៀរហ្គាឌេន ខាងលើនេះ។ ការផឹកស៊ីបានតែប៉ុន្មាននាទីប៉ុណ្ណោះ ស្រាប់តែជនសង្ស័យបានទាញកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ពេលនោះមានការភ្ញាក់ផ្អើលពេញក្នុងហាង ហើយទំនងជាមានអ្នកចូលទៅអន្តរាគមន៍ឃាត់ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់មនុស្ស ក៏ស្រាប់តែស្នូរកាំភ្លើងបានផ្ទុះឡើងមួយគ្រាប់ទៀតបណ្តាលឲ្យផ្លាតទៅត្រូវបញ្ឆិតក្បាលស្ត្រីដែលជាម្ចាស់ហាងដែលនៅជិតនោះ បណ្តាលរងរបួសធ្ងន់ ហើយត្រូវបានគេដឹកបញ្ជូនភ្លាមៗទៅសង្គ្រោះនៅមន្ទីរទេព្យក្នុងប្រទេសវៀតណាមតែម្តង។

ប៉ូលិសប្រាប់ថា ឈ្មោះ កែវ ចិត្រ ក្រោយពេលកើតរឿងបាញ់ប្រហារមនុស្សរួចមក បានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ហើយសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្នរង់ចាំមានការសម្រេចជាថ្មីលើករណីបាញ់ប្រហារខាងលើនេះ។

ប្រភពព័ត៌មានដែលអាចជឿទុកចិត្ត បានបង្ហើបឲ្យដឹងថា ការបាញ់ប្រហារនេះ អាចផ្តើមចេញពី«ស្នេហាត្រីកោណ» ច្រើនជាងមានទំនាស់រវាងបុគ្គល និងបុគ្គលក្នុងពេលផឹកស៊ី ដែលរឿងនោះ ទំនងជាពាក់ព័ន្ធជ្រៅជាមួយនឹងជនសង្ស័យលោក កែវ ចិត្រ ដែលទើបនឹងទទួលតំណែងថ្មីជាអធិការរងក្រុងបាវិត នាពេលថ្មីៗនេះ៕ 

តុលាការបន្ដការសួរនាំថៅកែស្ថានីយប្រេង PTT ដែលប្រើហិង្សាលើគ្រូបង្រៀន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលខណ្ឌដង្កោបានបញ្ជូនខ្លួនថៅកែស្ថានីយប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ដែលត្រូវជាកូនលោកតំណាងរាស្ដ្រ ចាន់ សារុន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដការសួរនាំ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរលើគ្រូបង្រៀនម្នាក់។

សូមជម្រាបថា កាលពីល្ងាចម្សិលមិញ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សាយ ណូរ៉ា បានសម្រេចចោទប្រកាន់ថៅកែស្ថានីយ៍ប្រេង PTT ឈ្មោះ សារុន វិធុរ៉ាក់ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ខណៈលោក អ៊ឹម សិរីរដ្ឋ ជាជនរងគ្រោះ ត្រូវបានលោកព្រះរាជអាជ្ញារង អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយសាររកមិនឃើញកំហុស៕

 

ចិននឹងមិនអនុញ្ញាតឱ្យកម្លាំងបរទេសណាចូលជ្រៀតជ្រែកក្នុងទីក្រុងហុង និងម៉ាកាវជាដាច់ខាត

ចិន ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានប្តេជ្ញាថា ប្រទេសចិននឹងមិនអនុញ្ញាតឱ្យកម្លាំងបរទេសជ្រៀតជ្រែកចូលក្នុងតំបន់ពិសេសរបស់ខ្លួនគឺហុងកុង និងម៉ាកាវជាដាច់ខាត។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។

ការប្តេជ្ញារបស់លោក ស៊ី បែបនេះធ្វើឡើងក្នុងពិធីប្រារព្ធខួបលើកទី ២០ នៃការប្រគល់ទីក្រុងម៉ាកាវពីប៉ទុយហ្គាល់ឲ្យមកនៅក្រោមការត្រួតត្រារបស់ចិនវិញនៅថ្ងៃសុក្រទី២០ ខែធ្នូនេះ។

លោកស៊ីបានបញ្ជាក់ជំហររបស់ចិនថា ចាប់តាំងពីហុងកុង និងម៉ាកាវបានវិលត្រឡប់មកមាតុភូមិវិញ ពោលគឺក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ការដោះស្រាយជាមួយកិច្ចការតំបន់រដ្ឋបាលពិសេសទាំងពីរនេះគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនទាំងស្រុង ហើយមិនមែនជារឿងរបស់កម្លាំងបរទេសណាមួយឡើយ ហើយមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិនជាដាច់ខាត។

សូមរម្លឹកផងដែរថា ម៉ាកាវបានវិលត្រឡប់ទៅកាន់ការគ្រប់គ្រងរបស់ចិនវិញនៅថ្ងៃទី ២០ ខែធ្នូឆ្នាំ ១៩៩៩ ដោយមានរូបមន្ត“ ប្រទេសតែមួយប្រព័ន្ធដឹកនាំពីរ” សំដៅថែរក្សាការពារស្វយ័តភាពដូចការគ្រប់គ្រងទីក្រុងហុងកុងដែរ៕
 

ថៅកែស្ថានីយប្រេង PTT ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់

ភ្នំពេញ ៖ ក្រោយបញ្ចប់ការសួរនាំលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ថៅកែស្ថានីយប្រេង PTT លោក សារុន វិធុរ៉ាក់ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ខណៈលោក អ៊ឹម សិរីរដ្ឋ ​ជាជនរងគ្រោះត្រូវបានលោកព្រះរាជអាជ្ញារង អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយសាររកមិនឃើញកំហុស។

មន្រ្តីជាន់ខ្ពស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានថា «ក្រោយបញ្ចប់ការសួរនាំលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងពិតជាបានសម្រេចចោទ ថៅកែស្ថានីយ៍ប្រេងនោះមែន និងបក្ខពួកពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រោះអ្នកប្រព្រឹត្តមានគ្នាច្រើនតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ»។

សូំជម្រាបថា នៅរសៀលថ្ងៃម្សិលមិញ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជូនលោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ ហើយត្រូវបានចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គម Facebook។

លោក សារុន វិធុរ៉ាក់ ត្រូវជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលតាកែវ និងបក្ខពួក បានរងការចោទប្រកាន់ ប្រើហិង្សាយ៉ាងធ្ងន់ធ្ងរ ទៅលើលោក អ៉ឹម សិរីរដ្ឋ ជាគ្រូបង្រៀនកាលពីយប់ថ្ងៃទី១៦ ខែធ្នូកន្លងទៅ នៅក្នុងបរិវេណស្ថានីយ៍ប្រេងរបស់ខ្លួន ដោយពួកគេចោទថា គ្រូបង្រៀនរូបនេះ បានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួចថតនារីនៅក្នុងបន្ទប់ទឹកនោះ។

លោក សារុន វិធុរ៉ាក់ ថែមទាំងបង្ហោះវីដេអូ និងរូបភាព លើកមេដៃជាមួយរូបគ្រូបង្រៀន ដោយចងដៃទៅក្រោយ និងចាប់បោចសក់នៅលើបណ្ដាញសង្គម Facebook ទៀតផង ដែលធ្វើឲ្យមហាជនជាច្រើនរិះគន់យ៉ាងចាស់ដៃ ចំពោះការប្រើអំពើហិង្សាខុសច្បាប់ទម្លាប់បែបនេះ៕

 

 

 

 

ប្រគល់តំណែងជានាយប៉ុស្តិ៍អន្តោប្រវេសន៍ មិនមែនឲ្យមក បង្កើតបក្ខពួកប្រព្រឹត្តអំពើពុករលួយនោះទេ

ដោយ : នូវី
បន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ បានក្រើនរំលឹកដល់មេប៉ុស្តិ៍អន្តោប្រវេសន៍ ដោយសង្កត់ធ្ងន់ថា ត្រូវដឹងពីខ្លួនឯងជាស្អី និងត្រូវធ្វើអ្វី មិនមែនមកកាន់តំណែងនេះ អោយអនុវត្តខុសច្បាប់ បង្កើតបទល្មើស និងបក្ខពួកដើម្បីប្រមូលប្រយោជន៍នោះទេ គឺមករួមគ្នាធ្វើបង្រ្កាប ទប់ស្កាត់គ្រប់បទល្មើសនានា និងអនុវត្តច្បាប់អោយមានតម្លាភាព។

នាយឧត្តមសេនីយ៍អគ្គនាយករងនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការអញ្ជើញចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងអស់លោក លោកស្រី មន្ត្រីរាជការ ស្ថាប័នពាក់ពន្ធ័ជាច្រើនរូបទៀត។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន អតីតនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ មកជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំនួសលោកវរសេនីយ៍ឯក ខឹម ចិត្រា ដែលត្រូវផ្ទេរទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ។

នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ បានផ្តាំផ្ញើដោយលើកឡើងថា ចំពោះកិច្ចការងាររបស់នាយប៉ុស្តិ៍ថ្មី ធ្វើយ៉ាងណាត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយស្ថាប័នរដ្ឋ និងឯកជនអោយបានល្អ និងសិក្សាពីគ្នារវាងភាគីកម្ពុជា និងថៃក្នុងនាមជាប្រទេសជាប់ព្រំដែន។ក្នុងនោះនាយឧត្តមសេនីយ៍បានសំណូមពរដល់គ្រប់ស្ថាប័នក្នុងខេត្តសូមមេត្តាផ្តល់កិច្ចសហការរួមគ្នាជាមួយនគរបាលអន្តោប្រវេសន៍ផង ដើម្បីសំរួលដល់ការងារជំនាញអន្តោប្រវេសន៍ទទួលបានប្រសិទ្ធភាពខ្ពស់៕

​នគរបាល​ខណ្ឌដង្កោ​​បញ្ជូន​ថៅកែ​ស្ថានីយ​ប្រេង​ PTT​ ទៅ​តុលាកា​រពាក់ព័ន្ធ​ករណី​ហិង្សា​

ភ្នំពេញ ​៖​ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​បាន​បញ្ជូន​ថៅកែ​ស្ថានីយ៍​ប្រេង​ PTT​ នៅ​ជិត​រង្វង់​មូល​គួ​ស្រូវ​ ឈ្មោះ​ សា​រុន​ វិធុ​រ៉ា​ក់​ ទៅ​តុលាកា​ពាក់ព័ន្ធ​ករណី​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​គ្រូបង្រៀន​ម្នាក់​។​ 

​លោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌដង្កោ​ ប្រាប់​សារព័ត៌មាន​ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះថា ​ការ​ឃាត់ខ្លួន​ថៅកែ​ស្ថានីយ៍​ប្រេង​ PTT​ ឈ្មោះ​ សា​រុន​ វិធុ​រ៉ា​ក់​ ដោយ​យោង​តាម​ដីកា​ចាត់តាំង​តំណាង​អយ្យការ​របស់​លោក​ កែវ​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ទន្ទឹមនោះ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​បាន​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន​លោក​ អ៊ឹម​ សិរី​រដ្ឋ​ ជា​គ្រូបង្រៀន​ ផង​ដែរ​ពាក់ព័ន្ធ​ករណី​នេះ​។​

​សូម​បញ្ជាក់​ថា​ លោក​ សា​រុន​ វិធុ​រ៉ា​ក់​ ត្រូវជា​កូនប្រុស​លោក​ ចាន់​ សា​រុន​ អតីតរដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ និង​បច្ចុប្បន្ន​ជា​តំណាងរាស្ដ្រ​មណ្ឌល​តាកែវ​ និង​បក្ខពួក​បាន​រង​ការ​ចោទប្រកាន់​ ប្រើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​ ទៅ​លើ​លោក​ អ៊ឹម​ សិរី​រដ្ឋ​ ជា​គ្រូបង្រៀន​កាលពី​យប់​ថ្ងៃ​ទី​១៦​ ខែធ្នូ​កន្លង​ទៅ​ នៅ​ក្នុង​បរិវេណ​ស្ថានីយ៍​ប្រេង​របស់​ខ្លួន​ ដោយ​ពួក​គេ​ចោទ​ថា​ គ្រូបង្រៀន​រូប​នេះ​ បាន​ចូល​ទៅ​អុកឡុក​ និង​ចូល​ក្នុង​បន្ទប់ទឹក​ស្រី​ លួច​ថត​នារី​នៅ​ក្នុង​បន្ទប់ទឹក​នោះ​។​

​លោក​ សា​រុន​ វិធុ​រ៉ា​ក់​ ថែម​ទាំង​បង្ហោះ​វី​ដេ​អូ​ និង​រូបភាព​ លើក​មេដៃ​ជាមួយ​រូប​គ្រូបង្រៀន​ ដោយ​ចងដៃ​ទៅ​ក្រោយ​ និង​ចាប់​បោច​សក់​នៅ​លើ​បណ្ដាញ​សង្គម​ Facebook​ ទៀត​ផង​ ដែល​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​រិះគន់​យ៉ាង​ចាស់ដៃ​ ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ខុសច្បាប់​ទម្លាប់​បែប​នេះ​។​

​សម្រាប់​ករណី​នេះ​ ក៏​មាន​ចោទ​ចំៗ​ទៅ​លើ​ថៅកែ​ស្ថានីយ៍​ប្រេង​ PTT​ លោក​ សា​រុន​ វិធុ​រ៉ា​ក់​ ថា​ខុស​ទាំងស្រុង​ដោយសារ​ខ្លួន​ មិនមែន​ជា​មន្ត្រី​សមត្ថកិច្ច​ ហើយ​ទៅ​ចាប់ចង​ និង​បញ្ជា​ឲ្យ​កូនចៅ​វាយ​យ៉ាង​ដូច្នេះ​ទេ​ នោះ​វា​ក្លាយជា​បទល្មើស​ព្រហ្មទណ្ឌ​ហើយ​ ដែល​តំណាង​អយ្យការ​តំណាង​ឲ្យ​រដ្ឋ​មាន​សិទ្ធិ​ដាក់​ពាក្យបណ្តឹង​បាន​ បើ​ទោះបី​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ក៏​ដោយ​៕

 

សួនច្បារ​ក្ដាន់​២​នឹង​ប្រែក្លាយជា​រង្វង់​មូល​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើចរាចរណ៍

ភ្នំពេញ ៖ ក្នុងកិច្ចប្រ​ជុំនៅ​សាលា​រាជធានីភ្នំ​ពេញ​នារ​សៀលថ្ងៃទី​១៩​ ខែធ្នូ ​ភាគី​ពាក់​ព័ន្ធបា​នឯក​ភាព​ កែសម្រួល​លំហូរ​ចរាចរណ៍​នៅចំ​ណុចប្រសព្វ​កា្តន់​ពីរឡើង​វិញ​តាមរយៈ​ ការ​ធ្វើជារង្វង់​មូល ដំឡើង​ភ្លើងស្តុ​បឲ្យ​មាន​ភាព​ស៊ីស​ង្វាក់​គ្នា ​និង​ពង្រីក​ទទឹង​ផ្លូវ​ប្រវែង៣ម៉ែត្រ​កន្លះប​ន្ថែម​ទៀតពី មុខ​ទីស្តីកា​រគណៈ​រដ្ឋ​មន្រ្តីដល់​ដល់​ស្ពានអាកាស​តិចណូ ​ដើម្បី​រំដោះការ​កកស្ទះចរាច​រណ៍ឱ្យ​កាន់​តែមា​នប្រ​សិទ្ធ​ភាព​។

តាមរយៈការសិ​ក្សាជាលក្ខណៈវិទ្យាសាស្រ្តរបស់ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជាបានបង្ហាញថា ក្នុងមួយថ្ងៃៗមានយានយន្តប្រមាណជាង៥ម៉ឺន៣ពាន់គ្រឿងបានឆ្លងកាត់នៅលើផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចប្រសព្វក្តាន់២ ខណៈយានយន្តជាង៥ម៉ឺនគ្រឿងទៀតបានចេញដំណើរពីផ្លូវបឹងកក់ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឲ្យចំណុចនេះ ប្រឈមការកកស្ទះជាប្រចាំស្ទើរពេញមួយថ្ងៃ៕

 

អ្នក​ពន្លត់អគ្គិភ័យ​២​នាក់​ស្លាប់ និង៣នាក់របួស​ក្នុងការ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃនៅ​អូស្ត្រាលី​

​អូស្ត្រាលី ៖ ក្រុមមន្ត្រី​អូស្ត្រាលីបាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ក្រុម​ពន្លត់​អគ្គិភ័យ​២​នាក់​បាន​ស្លាប់ ​និង​៣​នាក់​ទៀត​បាន​រងរបួស​នៅពេលដែល​រថយន្ត​រប​ស់​ពួកគេ​បាន​បុក​នឹង​ដើមឈើ​នៅពេលដែល​ពួកគេ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ដែល​មិនអាច​គ្រប់គ្រង​បាន​នៅក្នុង​រដ្ឋ​ញូ​វ​សៅ​វែ​ល​។​

​ក្រុម​អ្នក​ពន្លត់អគ្គិភ័យ​បាន​និយាយថា ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅពេលដែល​រថយន្ត​បាន​បុក​ដើមឈើ​បន្ទាប់មក​ក្រឡាប់​លើ​ដងផ្លូវ​ក្នុងកំឡុងពេល​ប្រតិបត្តិការ​មួយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នៅឯ​តំបន់ Buxton ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង​ស៊ីដនី​។​

​នាយករដ្ឋមន្ត្រី​លោក Scott Morrison បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ដល់​ក្រុម​ពន្លត់​អគ្គិភ័យ​ដោយ​និយាយថា​ ការលះបង់​របស់​ពួកគេ​នឹងត្រូវ​ចងចាំ​ជានិច្ច​។ លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ​“ពួកគេ​បាន​ការពារ​សហគមន៍​របស់​ពួកគេ​យ៉ាង​ក្លាហាន​ជាមួយនឹង​ស្មារតី​ដែល​មិនចេះ​រីងស្ងួត​និង​ការលះបង់​យ៉ាងខ្លាំង​ក្នុងចំណោម​ប្រជាជន​អូស្ត្រាលី​៕

 

អង្ករសែនក្រអូបរបស់កម្ពុជា នៅតែរក្សាបានតម្លៃខ្ពស់នៅទីផ្សារក្រៅប្រទេស

ភ្នំពេញ ៖ តម្លៃស្រូវរបស់កម្ពុជា ធ្លាក់ចុះត្រឹម១០០រៀលប៉ុណ្ណោះនៅលើទីផ្សារ មិនធ្លាក់ថ្លៃរហូតគ្មានទីផ្សារនោះទេ។ លោកឧកញ្ញ៉ា បានបញ្ជាក់ថា ការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានការកើនឡើង បើទោះបីអឺរ៉ុបដាក់ពន្ធលើអង្ករកម្ពុជាក៏ដោយ។ នេះជាការបញ្ជាក់របស់លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែធ្នូ នេះ លោកឧកញ្ញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការចុះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ថាស្រូវរបស់ កម្ពុជាចុះថោកគ្មានទីផ្សារ ជារឿងមិនពិតនោះទេ ត្បិតស្រូវសែនក្រអូបនៅរក្សាតម្លៃបានល្អក្នុងរង្វង់ជិត១០០០រៀល។ លោកឧកញ្ញ៉ា បន្តថា ស្រូវក្រអូបរបស់កម្ពុជាធ្លាក់ចុះត្រឹម១០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ហើយការធ្លាក់ចុះនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិដូចគ្នា។ការប្រៀបធៀបតម្លៃអង្ករជាមួយកន្ទក់ គឺជារឿងមិនអាចទទួលយកបាននោះទេ ពីព្រោះកន្ទក់ និងអង្ករ ជារឿងពីរផ្សេងគ្នា។

លោក សុង សារ៉ន បានឲ្យដឹងថាដែរថា ការនាំចេញអង្ករក្រអូបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានការកើនឡើង ពិសេសនៅទីផ្សារប្រទេសចិន សហភាពអឺរ៉ុប និងតំបន់អាស៊ាន។ ប៉ុន្តែអង្ករដែលធ្លាក់ថ្លៃ និងមិនអាចនាំចូលទៅកាន់ទីផ្សារ អឺរ៉ុប បាននោះ គឺប្រភេទអង្ករ ស។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍជនបទ បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនមែនគោលការណ៏ក្នុងការឧបត្ថម្ភធន ឬចេញខាតសម្រាប់កសិករផលិត ស្រូវនោះទេ ប៉ុន្តែរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍជនបទ បានបញ្ចេញថវិកា ៥០លានដុល្លារអាមេរិក ដើម្បីផ្តល់ទុនដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ។ គិតមកដល់ពេលនេះ មានរោង ម៉ាស៊ីនកិនស្រូវចំនួន ១៥ហើយ ដែលបានដាក់សំណើមកធនាគារ ដើម្បីបានកញ្ចប់កំចីពិសេសនេះ ដោយគិតជាទឹកប្រាក់ប្រមាណជិត២០លានដុល្លារអាមេរិក។

គួររំលឹកថា រយៈពេលជាង១១ខែ ឆ្នាំ២០១៩ នេះ ចិន គឺជាទីផ្សារធំសម្រាប់ការនាំចេញអង្ករពីកម្ពុជា។ ១១ខែមកនេះ កម្ពុជានាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសមានបរិមាណ ៥១ម៉ឺន៩ពាន់តោន ក្នុងនោះទីផ្សារចិន មានប្រមាណ ២០ម៉ឺន៧ពាន់តោន ឬស្មើនឹងប្រមាណ ៤០,២៨ភាគរយនៃទីផ្សារនាំចេញសរុបរបស់កម្ពុជា។ ក្រៅពីនោះ មាននាំចេញទៅកាន់សហគមន៍អឺរ៉ុប ដែលមានប្រមាណ ១៧ម៉ឺន ៦ពាន់តោន ស្មើនឹង ៣៤,២៤ភាគរយនៃការនាំចេញសរុប ដោយឡែក ក៏មាននាំចេញទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសក្រៅតំបន់អាស៊ានផ្សេងៗទៀតផងដែរ៕