All posts by មេគង្គ ប៉ុស្តិ៍

កីឡាករមកពី១៥ប្រទេសនឹងចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោកនៅកម្ពុជា​ដើម​ឆ្នាំក្រោយ

ភ្នំពេញ ៖ កម្ពុជា​បានទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ចាប់​ពីថ្ងៃទី០៤ ដល់ ០៦ ខែមករា ឆ្នាំ២០២០ ដោយ​ត្រូវប្រណាំងកាត់ខេត្ដចំនួន៤ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ហើយក៏កំពុងខិតខំសហការយ៉ាងសស្រាក់សស្រាំ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ពិភពលោក​នេះផងដែរ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងកិច្ចប្រជុំជាមួយក្រុមការងារជំនាញ នៅសាលាខេត្តកែប កាល​ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងទេសចរណ៍​កំពុង​សហការជាមួយសហព័ន្ធកីឡាទោចក្រយានកម្ពុជា រៀបចំ​វគ្គបណ្ដុះ​បណ្ដាល​មន្ត្រី​បច្ចេកទេស​កម្ពុជា ដើម្បីទទួលបានសញ្ញាបត្រទទួលស្គាល់ដោយ UCI ដែល​វគ្គ​នេះ​រៀន​ទាំង​ទ្រឹស្ដី និងការអនុវត្តផ្ទាល់ ហើយ​ការ​អនុវត្ត​នឹង​យក​ព្រឹត្តិការណ៍​នេះ​ជា​ពេល​វេលា​សម្រាប់​អនុវត្ដ។

លោក​ ថោង ខុន បានសង្កត់ធ្ងន់ថា ក្រៅពីការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍របស់តំបន់ឆ្នេរកម្ពុជា និង​លើកស្ទួយវិស័យកីឡាទោចក្រយានកម្ពុជា ក៏បាន​ជួយ​បំប៉ន​សមត្ថភាព​កីឡាករ​ជាតិ​កាន់​តែ​ច្រើន​ផង​ដែរ ធនធាន​មនុស្សក្នុងផ្នែកជំនាញ ធនធានមនុស្សក្នុងផ្នែកទទួលបដិសណ្ឋារកិច្ច និង​ការ​រៀបចំ​ព្រឹត្តិការណ៍​កម្រិតពិភពលោក ដែល​នឹង​ទទួល​បាន​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់​ពិភពលោក​លើកដំបូងនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា មក​ដល់​ពេល​នេះ​មាន​ក្រុមកីឡាករចុះឈ្មោះចូលរួមប្រមាណ ២០ក្រុមហើយ សរុបជាង ២០០នាក់ ក្នុង​នោះ​ក្រុម​កីឡាករ​កម្ពុជា​មានចំនួន ២ក្រុម ហើយមានក្រុមកីឡាករបរទេសមកពី១៥ប្រទេសចូលរួមផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែល​ធ្វើ​ឡើង​នា​ដើម​ឆ្នាំ២០២០ នឹង​បែងចែកជា៣ដំណាក់កាល ទី១៖ ប្រណាំងថ្ងៃទី០៤ ចេញពីតារាសាគរ ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត​កោះកុង ទី២៖ ប្រណាំងថ្ងៃទី០៥ ចេញពីរង្វង់មូលសាយភូថង ឆ្ពោះទៅភ្នំបូកគោ ដោយ​ឆ្លង​កាត់​ស្រុក​ព្រៃនប់ និងទី៣៖ ប្រណាំងថ្ងៃទី០៦ ចេញពីជើងភ្នំបូកគោក ឆ្ពោះទៅខេត្តកែប។ ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងយ៉ាងហោចមាន ២០ក្រុមមកពី១៥ប្រទេសគ្រប់ទ្វីបចូលរួម ស្មើ​នឹង​កីឡាករ-កីឡាការិនី​ប្រមាណ២០០នាក់ ដែល​សុទ្ធតែជាអ្នកជិះកង់កម្រិតអាជីព៕

 

 

ក្រុម​អ្នត​វ៉ាត​អាមេរិក​គាំទ្រ​ឲ្យ​មានការ​ចោទប្រកាន់​ទម្លាក់​តំណែងលោក Trump

អាមេរិក​ ៖ ក្រុមអ្នកតវ៉ា​បាន​ប្រមូលផ្តុំ​គ្នា​នៅ​វិមាន​កា​ពី​តូ​ល ខណៈដែល​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក បាន​បន្តដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន ចោទប្រកាន់​លោក​ប្រធានាធិបតី Donald Trump កាលពី​ថ្ងៃ​ពុធ​។

ក្រុមអ្នកតវ៉ា​បាន​ឈរ​នៅក្នុង​ទីក្រុង Doral រដ្ឋ Florida ដោយ​កាន់​ស្លាក​សញ្ញា​ប្រាប់​ដល់​អ្នកបើករថយន្ត​ឆ្លងកាត់ ដោយ​ក្នុងនោះ​មាន​បដា​មួយ​ដែល​អាន​ថា “​ដក​លោក Trump ចេញពី​តំណែង​” ដោយ​រូបភាព​សត្វ​ដំរី និង​លា​-​និមិត្តរូប​នៃ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​រៀងៗ​ខ្លួន​។​

​អ្នក​ទាំងឡាយ​ដែល​បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​បង្ហាញ​គាំទ្រ​ឲ្យ​មានការ​ចោទប្រកាន់ ទម្លាក់​តំណែង​លោក​ប្រធានាធិបតី បាន​ឈរ​នៅក្រោម​អាកាសធាតុ​ត្រជាក់​ក្នុង​ទីក្រុង Washington ដើម្បី​ការគាំទ្រ​ធ្វើ​ឲ្យ​លោក Trump ក្លាយជា​ប្រធានាធិបតី​ទី​៣ របស់​សហរដ្ឋអាមេរិក​ដែល​ត្រូវបាន​ចោទប្រកាន់​។ លោក Ryan Krumholtz រស់នៅក្នុង​រដ្ឋធានី Washington D.C បាន​និយាយថា អ្វីដែល​លោក Trump បានធ្វើ​គឺជា​បទល្មើស​ដែល​មិនអាច​ប្រកែក​បាន ខ្ញុំ​ចង់​មានន័យថា មាត្រា​ទាំង​២ ដែល​ត្រូវបាន​គេ​អនុវត្តន៍ –​ការរំលោភ​អំណាច និង​ការ​រាំង​សភា​គឺ​ច្បាស់​ដូច​ថ្ងៃ​អញ្ចឹង​។​

​សមាជិកសភា​បាន​ជជែក​ដេញដោល អំពី​ការចោទប្រកាន់​ដែល​លោក Trump ត្រូវ​ប្រឈម​នឹង​ភាពស្របច្បាប់​នៃ​ការស៊ើបអង្កេត ដែល​នាំ​សភា និង​ប្រទេសជាតិ​ដល់​ចំណុច​នេះ នឹង​បន្សល់ទុក​នូវ​សញ្ញា​យូរអង្វែង​លើ​ការ​កាន់តំណែង​របស់លោក នៅឯ​សេត​វិមាន​មាន​ក្រុម​អ្នកគាំទ្រ​មួយចំនួន នៅឯ​បាតុកម្ម​កាលពី​ថ្ងៃ​ពុធ​ដែល​គាំទ្រ​លោក Trump និង​ការចោទប្រកាន់​ដោយ​ហេតុផល​ផ្សេងទៀត​៕

 

មន្ត្រីសាលាខេត្តបន្ទាយមានជ័យម្នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

បន្ទាយមានជ័យ : អតីតប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកួន បច្ចុប្បន្នជាមន្ត្រីសាលាខេត្តបន្ទាយមានជ័យម្នាក់បានស្លាប់នៅតាមផ្លូវ ខណៈជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៣និង៥០នាទីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចរោងម៉ាស៊ីនកិនស្រូវ ឈ្នួរមានជ័យ ប្រមាណ៤០០ម៉ែត្រ ស្ថិតក្នុងភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។

យោងតាមសម្តីរបស់ពីនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា៖ ឧបទ្ទវហេតុនោះគឺផ្តើមឡើងដោយរថយន្តពីរគ្រឿងដែលបើកច្រាស់ទិសគ្នា បានបុកគ្នាពេញទំហឹង រថយន្តឆ្លាមនិងរថយន្តឆ្លាមបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងចំនួនបីនាក់ក្នុងនោះម្នាក់ជាមន្ត្រីសាលាខេត្ត និងពីរនាក់ផ្សេងទៀតកំពុងសង្គ្រោះបន្ទាន់។

តាមការបញ្ជាក់ពីមន្ត្រីនគរបាលចរាចរណ៍អោយដឹងទៀតថា ដំបូងមានរថយន្ត១គ្រឿងម៉ាកកាមារីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J.7269 បើកបរដោយឈ្មោះ ឈឿម គាថា (ហៅហ៊ីង) អនុប្រធានការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងទិសដៅពីលិចទៅកើត និងរថយន្តម៉ាកកាមារីឆ្លាមមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ដូចគ្នាពាក់ស្លាកលេខ ភ្នំពេញ. 2l.6294 មានអ្នករួមដំណើរចំនួន៤នាក់(អត់ស្គាល់អត្តសញ្ញាណ) បានធ្វើដំណើរពីទិសខាងកើតទៅលិច ហើយពេលមកដល់ចំណុចកើតហេតុ ខាងលិចរោងម៉ាស៊ីនកិនស្រូវឈ្នួរមានជ័យប្រហែល៤០០ម៉ែត្រ រថយន្តដែលបើកបរម្នាក់ឯងបានវ៉ាជែងរថយន្ត១គ្រឿងទៀតក្នុងស្ថានភាពគ្រោះ ក៏បានជ្រុលទៅបុករថយន្ត ដែលមកពីទិសផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរទាំងសងស្លាប់ និងទារិកាអាយុ៨ខែម្នាក់ ស្លាប់នៅកន្លែងកើតហេតុ រីឯមនុស្សស្រី២នាក់ទៀតរងរបួធ្ងន់ ត្រូវបានដឹកទៅមន្ទីរដើម្បីពេទ្យសង្គ្រោះបន្ទាន់។រថយន្តទាំងពីរគ្រឿងខូចខាតធ្ងន់ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកព្រះនេត្រព្រះដើម្បីរងចាំដោះស្រោយពេលក្រោយ៕

សៀវភៅ១លានក្បាលនឹងត្រូវដាក់លក់ក្នុងពិព័រណ៍សៀវភៅដ៏ធំបំផុតលើពិភពលោក នៅភ្នំពេញ

ភ្នំពេញ ៖ សៀវភៅជាភាសាអង់គ្លេសប្រមាណ ១លានក្បាល នឹងដាក់លក់ដោយបញ្ចុះតម្លៃចាប់ពី ៥០ ទៅ ៩០% នៅក្នុងពិព័រណ៍សៀវភៅធំជាងគេបំផុតលើពិភពលោក (Big Bad Wolf Book Sale) ដែលរៀបចំនៅរាជធានីភ្នំពេញ។

ពិព័រណ៍សៀវភៅ Big Bad Wolf Books ដែលមានកំណើត នៅប្រទេសម៉ាឡេស៊ី បានប្រកាស ថា ខ្លួននឹងរៀបចំពិព័រណ៍សៀវភៅធំបំផុតលើពិភពលោក នៅក្នុងប្រទេសកម្ពុជា ជាលើកដំបូង។ ក្នុងរយៈពេលមួយ ទសវត្សរ៍កន្លង មកនេះខ្លួន បានរៀបចំពិព័រណ៍សៀវភៅធំបែបនេះ នៅក្នុងតំបន់មួយចំនួននៅលើពិភពលោក ដូចជា នៅតំបន់អាស៊ីអាគ្នេយ៍,អាស៊ីខាងត្បូង និងមជ្ឈឹមបូព៌ា។

លោកស្រី ចាកគ្លីន អ៊ឹង ជាសហស្ថាបនិក Big Bad Wolf  បានឱ្យដឹងនៅក្នុងសន្និសីទសារពត៌ មួយនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅឯអគារ Raintree ថា អ្នកចូលចិត្ដអានសៀវភៅ នៅទីក្រុងភ្នំពេញ អាចនឹងទទួលបានសៀវភៅ ដែលមានតំលៃសមរម្យ ជាមួយនឹងការបញ្ចុះតំលៃពិសេស នៅក្នុងពិព័រណ៍សៀវភៅនៅភ្នំពេញឆ្នាំ២០២០នេះ។  ពិព័ណ៍សៀវភៅនេះ នឹងបើកឲ្យសាធារណជន ចូលរួមដោយសេរី ក្នុងរយៈពេល១២ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី៩ខែមករា រហូតដល់ថ្ងៃទី២០ខែមករាឆ្នាំ២០២០ ចាប់ពីម៉ោង៩ ព្រឹក ដល់ម៉ោង ១២អធ្រាត្រ នៅ ផ្សាររុងរឿង ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាមួយនឹងការដាក់តាំងលក់ សៀវភៅភាសាអង់គ្លេសថ្មីៗ ១លានក្បាលនោះ Big Bad Wolf ចង់កសាងវប្បធម៌ នៃការអាននៅកម្ពុជា ដោយនាំមកនូវសៀវភៅភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។ សៀវភៅជាច្រើនប្រភេទនឹងត្រូវយកមកដាក់តាំងមានដូចជា៖ សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ដែលអនុញ្ញាតឱ្យមនុស្សស្ថិតនៅក្នុងជំនាន់ផ្សេងៗគ្នា អាចស្វែងរកនូវសៀវភៅដែលលក់ដាច់បំផុត,សៀវភៅល្បីៗ,ប្រលោមលោក,រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និង រចនា, សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀតនៅក្នុងកម្មវិធីពិព័រណ៍ដ៏ធំនេះ។

សៀវភៅវេទមន្ដ ដែលជាសៀវភៅសម្រាប់កុមារ អាចនឹងក្លាយទៅជាសៀវភៅ ដែលលក់ដាច់បំផុតនៅ ក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book Sale ។ សៀវភៅទាំងនេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធ្វើបដិវត្តការអាន សម្រាប់មនុស្សជំនាន់ក្រោយ ដែលអនុញ្ញាតឱ្យកុមាររៀន និង អានទាំងអស់គ្នា ក្នុងពេលតែមួយជាមួយគ្នា។ មាតាបិតា និង អាណាព្យាបាល អាចស្វែងរកសៀវភៅបែបនេះ ដែលមានចំនួន ១៤ ចំណងជើង នៅក្នុងពិព័រណ៍នេះ។

លោក អ៊ុក ចាន់ដារ៉ា អ្នកនាំពាក្យរបស់ Big Bad Wolf Sale នាទីក្រុងភ្នំពេញ មានប្រសាសន៍ថា “ពិព័រណ៍ដ៏ធំនេះ នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ដើម្បីទទួលបាននូវបទពិសោធន៏ ក្នុងការទិញសៀវភៅ ភាសាអង់គ្លេស ដែលមានគុណភាពល្អនិងថ្មីៗ ក្នុងតម្លៃមួយដ៏សមរម្យ។ វាមានសារៈសំខាន់ណាស់ ក្នុងការរៀនភាសាថ្មីមួយនិងបង្រៀនឱ្យមនុស្សមានទម្លាប់អានតាំងពីក្មេង នោះហើយទើបធ្វើឱ្យក្មេងៗជំនាន់ក្រោយ ធំដឹងក្តីពោរពេញដោយចំណេះដឹង។

សូមជម្រាបថា នៅឆ្នាំ២០១៩  ពិព័រណ៍សៀវភៅនេះ បានរៀបចំធ្វើឡើងនៅក្នុងប្រទេសចំនួន ១០និង ទីក្រុងចំនួន៣២ ក្នុងនោះរួមមាន៖ ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី  ប្រទេសស្រីលង្កា ប្រទេសភីលីពីន កោះតៃវ៉ាន់ ប្រទេសកូរ៉េខាងត្បូង ប្រទេសប៉ាគីស្ថាន ប្រទេស មីយ៉ាន់ម៉ា និង សហព័ន្ធអារ៉ាប់រួម  ហើយពិព័រណ៍សៀវភៅនេះ នឹងបន្តបេសកម្មរបស់ខ្លួន ដើម្បីជួយដល់ អ្នកអានគ្រប់រូបលើពិភពលោកឱ្យទទួលបានសៀវភៅ អានក្នុងមួយតម្លៃសមរម្យ៕

តារាកំប្លែង នាយចឺម នៅតែទារជំងឺចិត្ត៣ម៉ឺនដុល្លារ តែជនដៃដល់ហ៊ានត្រឹម១ម៉ឺនដុល្លារ(Vidéo)

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះ ករណីតារាចម្រៀងវ័យ ២២ឆ្នាំ របស់ផលិតកម្មសាន់ដេឈ្មោះ សុខ មេសា ហៅ នាយចឺម ដែលត្រូវបានបុរសម្នាក់ជាអតីតកីឡាករបាល់ទាត់ បានវាយបណ្តាលអោយបែកក្បាល របួសដៃ ជើង ព្រមទាំងបែកទូរស័ព្ទស៊េរីទំនើបមួយគ្រឿង នៅតែទារសំណងជំងឺចិត្ត 3ម៉ឺនដុល្រារមិនមានការប្រែប្រួលទេ ហើយរហូតមកដល់ពេលនេះ ក៏មិនមានការអន្តរាគមន៍ដើម្បីជួយដល់ជនបង្កនោះដែរ តែសុំសងត្រឹម 1ម៉ឺនដុល្លារប៉ុណ្ណោះ។

លោកវរសេនីយ៍ទោ រី តារា អធិការនគរបាលស្រុកសាលាក្រៅ បានរំលឹកហេតុការណ៍ថា កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីអំពើហិង្សាមួយ កើតឡើងនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបង្កឡើងដោយឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ ជាអតីតកីឡាករបាល់ទាត់ក្នុងក្រុមបឹងកេត រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ បានប្រើប្រាស់កំណាត់ឈើវាយជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាកំប្លែង និងចម្រៀង រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសីខេត្តកំពង់ស្ពឺ បណ្តាលអោយមានរងរបួសដៃ និងបែកក្បាលដេរ ៥ថ្នេរ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន អិច មួយគ្រឿង។

លោកអធិការស្រុក បានបន្តថា ក្រោយការបង្កហេតុ សមត្ថកិច្ចស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ បានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងនាំខ្លូនភាគីទាំងពីរ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយសម្រុះសម្រួលគ្នា ប៉ុន្តែមិនបានជោគជ័យនោះទេ រហូតដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានរៀបចំសំណុំរឿង និងបញ្ជូនជនដៃដល់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត ព្រោះថា ភាគីជនរងគ្រោះ នៅតែទាមទារសំណងជំងឺចិត្តយ៉ាងម៉ឺងមាត់ចំនួន ៣ម៉ឺនដុល្លា ប៉ុន្តែខាងភាគីជនបង្កបានព្រមសងត្រឹមចំនួន ១ម៉ឺនដុល្លារប៉ុណ្ណោះ៕

ទៅផឹកស្រាបាត់ខ្លួនមួយយប់ ព្រឹកឡើងឃើញស្លាប់ក្រោមដើមខ្នុរក្រោយផ្ទះ

ខេត្តកំពង់ចាម ៖ បុរសស្រវឹងស្រា បានអង្គុយនិយាយទូរសព្ទ័តែម្នាក់ឯងហើយបាត់ខ្លួនអស់រយមួយថ្ងៃ លុះព្រឹកឡើងត្រូវគេប្រទះឃើញស្លាប់នៅក្រោមដើមខ្នរបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងែទី១៩ខែធ្នូឆ្នាំ២០១៩នៅភូមិអូរពីរ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ប៉ូលិសបានអោយដឹងថានៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៩វេលាម៉ោង៧ប៉ុស្តិ៍នគរបាលដងក្តារបានទទួល ពត៌មានពីលោកប៉ាន់យានមេភូមិអូរពីរថាមានឈ្មោះង៉ុយអាតភេទប្រុសអាយុ៣២ឆ្នាំជាតិខ្មែរទីលំនៅភូមិអូរពីរ ឃុំដងក្តារស្រុកស្ទឹងត្រង់បានស្លាប់នៅក្រោមដើមខ្នុរក្រោយផ្ទះរបស់ខ្លួន។

ប៉ូលិសបានបន្តថាក្រោយពីបានទទួលពត៌មានភ្លាមកំលាំងជំនាញនែអធិការ ដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដោយសហការជាមួយកលាំងប៉ុស្តិ៍ដងក្តារដឹកនាំដោយលោកវរសេនីយ៍ត្រីពៅលីមស៊ាងអធិការរងទទួលការងារព្រហ្មទណ្ឌបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ឃើញសពឈ្មោះង៉ុយអាតស្លៀកខោខ្មៅជើងវែងពាក់អាវយឺតដៃខ្លីពណ៌ត្រីអ៊ី(ស្ពៃជ្រួក)ពាក់ស្បែក ជើង ផ្ទាត់ពណ៌ដីនៅជាប់នឹងជើង។

តាមការបំភ្លឺរបស់ឈ្មោះហ៊នឃានភេទប្រុសអាយុ៣២ឆ្នាំជាតិខ្មែរត្រូវជាប្អូនថ្លៃដែលរស់នៅផ្ទះជាមួយគ្នាបានបំភ្លឺអោយដឹងថាឈ្មោះង៉ុយអាតជាមនុស្សផឹកស្រាសជាប្រចាំរាងកាយមានសភាពទ្រុឌទ្រោម។ នៅមុនពេលកើតហេតុគាត់បានឃើញ ង៉ុយ អាត ស្រវឹងស្រាទៅអង្គុយនិយាយទូរសព្ទ័ នៅក្រោយផ្ទះក្រោមដើមខ្នុរ។ ចំណែកឈ្មោះវីតវឌ្ឍនាភេទប្រុសអាយុ១៥ឆ្នាំជាតិខ្មែរ(ផ្ទះនៅក្បែរគ្នា) អោយដឹងថានៅវេលាម៉ោង២០នាទីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ខ្លួនបានឃើញឈ្មោះង៉ុយអាតស្ថានភាពស្រវឹងស្រាដើរទៅអង្គុយនិយាយទូរសព្ទ័ក្រោមដើមខ្នុរក្រោយផ្ទះរបស់ខ្លួន។

ប៉ូលិសបានបន្តថាបន្ទាប់មកសមត្ថកិច្ចបានបង្កើតគណះកម្មការចំរុះធ្វើការត្រួតពិនិត្យសពមាន៖ ជាលទ្ធផលនៃការពិនិត្យនៅផ្នែកក្បាល.ផ្នែកក.ផ្នែកដងខ្លួននឹងផ្នែកអវះយវះគឺពុំមានស្លាកស្នាមអ្វីឡើយ។ ប៉ូលិសបានបន្តថាផ្អែកតាមការស្រាវជ្រាវការបភ្លឺនឹងការពិនិត្យសពឃើញ ថាឈ្មោះង៉ុយអាតគឺពិតជាបានស្លាប់ដោយសារស្ទះផ្លូវដង្ហើមបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ធ្វើអោយបេះដូងឈប់ដំណើរការ គឺពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។ ក្រោយពីបានពិនិត្យចប់សព្វគ្រប់ហើយសមត្ថកិចចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត

ខេត្តព្រះវិហារ ៖ នៅ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានប្រារព្ធអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ ៖ ស្ម័គ្រចិត្ត ដើម្បីអនាគតប្រកបដោយបរិយាបន្ន “Volunteer For Inclusive Future” ទិវានេះ ស្ថិតក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ លោក អនុប្រធាន លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង អ្នកស្ម័គ្រចិត្ត ប្រធានកិត្តិយសក្លឹប ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ១២០នាក់។

ក្នុងឱកាសនោះ លោកប្រធាន បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលាកម្លាំងកាយ-ចិត្ត ចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។

លោកប្រធាន បានគូសបញ្ជាក់បន្ថែមថា ទិវាអន្តរ ជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុង ការងារមនុស្សធម៌របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ។ ទិវានេះ បានផ្តោតលើគុណតម្លៃនៃការងារស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ ពេលវេលា។

ជាក់ស្តែងកាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជាង ៤ម៉ឺននាក់នៅទូទាំងប្រទេស ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នករងគ្រោះ និងងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។

នាឱកាសនោះដែរ សាខាបានឧបត្ថម្ភសម្ភារ និងថវិកាមួយចំនួនជូនដល់មន្ត្រីប្រចាំការអនុសាខាក្រុង អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ខេត្តព្រវិហារផងដែរ៕ ដោយ ៖ កូវ ប៊ុនហេង

អបអរសាទរ​! កីឡាការិនី កែ ឡេង និង​កីឡាករ សុខ ចាន់​មាន ឈ្នះ​មេដាយមាស​ទ្វីបអាស៊ី​

វីរ​កីឡាការិនី កែ ឡេង និង​កីឡាករ សុខ ចាន់​មាន បានឈ្នះ​មេ​ដាស​មាស​ក្នុង​ការប្រកួត​ជើងឯក​ប៉េតង់​ទ្វីបអាស៊ី វិ​ញ្ញា​វាយយក​ពិន្ទុ ដោយ​យកឈ្នះ​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ បើតាម​ការ​បង្ហោះ​នៅលើ​ទំព័រ Facebook ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ប៉ូល និង​ប៉េតង់​កម្ពុជា ។​

​ការប្រកួត​ជើងឯក​ប៉េតង់​អាស៊ី​លើក​ទី​៣ ( The 3rd Asian Boules Sport Confederation Petanque Championship 2019 ប្រារព្ធ​ធ្វើឡើង​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៨-២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ខណៈ​កម្ពុជា​បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី សរុប​ចំនួន​១៨​រូប​។​

​គួរ​ឲ្យ​ដឹង​ដែរ​ថា វីរ​កីឡា​ការ​នី កែ ឡែ​ង ទើបតែ​បាន​បំបែក​កំណត់ត្រា​ដោយ​ឈ្នះ​មេ​ដាម​ស​ពិភពលោក​ចំនួន​៤​ដង​ជាប់​គ្នា​កាលពី​ខែ​មុន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ខណៈ​កីឡាករ សុខ ចាន់​មាន ទើបតែ​ឈ្នះ​មេដាយប្រាក់ នៅ​ស៊ី​ហ្គេម​លើក​ទី​៣០​កាលពីពេល​ថ្មីៗ​នេះ លើ​វិញ្ញាសា​វាយ​គូ​បុរស​៕

 

​ជនបរទេសម្នាក់ដែលបង្ហោះវីដេអូប៉ះពាល់ដល់ភ្ញៀវទេសចរមកលេងកម្ពុជា ត្រូវបានហាមឃាត់ចូលមកខ្មែរ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសម្រេចបិទទិដ្ឋាការ និង​ដាក់​ឈ្មោះ​បុរស​បរទេស​ម្នាក់​ដែលបង្ហោះវីដេអូឲ្យភ្ញៀវបរទេសកុំមកលេងកម្ពុជា ចូលក្នុងបញ្ជីហាមឃាត់ជាស្ថាពរ មិន​ឲ្យចូលមកប្រទេសកម្ពុជា។ ការសម្រេចបិទទិដ្ឋាការលើជនបរទេសនេះ ធ្វើ​ឡើង​តាម​សំណើ​របស់​ក្រសួង​ទេសចរណ៍។ ក្រៅពីចាត់វិធានការលើជនបរទេសរូបនោះ ក្រសួង​ទេសចរណ៍​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់ក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook ដើម្បី​ស្នើ​សុំ​ឲ្យ​លុប​វីដេអូ​នោះ​ចោល។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩​នេះថា ជនបរទេសរូបនេះ ត្រូវបានដាក់ឈ្មោះនៅក្នុងបញ្ជីខ្មៅ និង​ហាម​ឃាត់​ចូល​មក​ប្រទេសកម្ពុជា ដោយសារ​តែរូបគេបានថតវីដេអូនៅកន្លែងមួយចំនួន មក​បង្ហោះ​ក្នុង​ន័យ​បំភ័យ​ភ្ញៀវទេសចរ មិនឲ្យមកលេងកម្ពុជា ដែលធ្វើឲ្យប៉ះពាល់កិតិ្តយស និង​គោល​ដៅ​ទេសចរណ៍​កម្ពុជា។

លោក​ បានបញ្ជាក់ថា «យើងបានស្រាវជ្រាវស្គាល់អត្តសញ្ញាណហើយ ចូល​មក​តាំង​ពី​ខែ​កក្កដា​មកម្ល៉េះ។ យើងបានដាក់ចេញវិធានការ និងសុំគោលការណ៍ពី សម្តេចក្រឡាហោម ហើយ​សម្តេច​បាន​សម្រេច​ដាក់​នៅក្នុងបញ្ជីហាមឃាត់ជាស្ថាពរចូលមកកម្ពុជាទៀតទេ»។ បើ​តាម​នាយ​ឧត្តម​សេនីយ៍ បុរសជនបរទេសម្នាក់នេះ បានចូលមកកម្ពុជាតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយ​ក៏​បាន​ត្រឡប់​ទៅ​វិញ​តែ​ម្តង។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍​ក៏​បាន​បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងក្រុមមេធាវីផងដែរ ដើម្បី​រក​វិធីចាត់​ការ​ចំពោះ​ជនបរទេស​ម្នាក់​នោះ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានជនបរទេសម្នាក់ ដែលអះអាងថា ជាជនជាតិអ៊ីរ៉ង់ រស់​នៅ​ប្រទេស​ហូឡង់ មាន YouTube ឈ្មោះថា «James FT» បានថតវីដេអូនៅកន្លែងមួយចំនួន របស់​កម្ពុជា បង្ហោះ​ក្នុងន័យបំភ័យភ្ញៀវទេសចរ មិនឲ្យមកលេងកម្ពុជា ដោយ​រូប​គេ​ក៏​បាននិយាយ​ក្នុង​វីដេអូ​នោះ ពាក់ព័ន្ធនឹងកិតិ្តយស និងគោលដៅទេសចរណ៍កម្ពុជា ។ បន្ទាប់​ពីមានការបង្ហោះនេះ ទាំងវិស័យឯកជនផ្នែកទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ បាន​ប្រតិកម្ម​ថ្កោលទោស ចំពោះទង្វើដ៏គម្រក់នេះ និង​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​ជន​បរទេសរូបនោះផងដែរ៕

 ករណី​ឃាតកម្ម​គ្រូបង្រៀន​ម្នា​ក់នៅ​ស្រុក​សំឡូត​ឃាតករ​គឺជា​ប្តី​ជនរងគ្រោះ​

ខេត្ត​បាត់ដំបង ៖ សមត្ថកិច្ច​បាន​ចាប់បាន​ហើយ​ឃាតករ​ដែល​សម្លាប់​អ្នកគ្រូ​បង្រៀន​ម្នា​ក់នៅ​ស្រុក​សំឡូត​ខេត្តបាត់ដំបង ខណៈដែល​ឃាតករ​គឺជា​ប្តី​របស់​ជនរងគ្រោះ ហើយក៏​ជា​មនុ​ស្សញៀន​គ្រឿងញៀន​ថែមទៀត។

ជនរងគ្រោះ​ឈ្មោះ អ៊ូច ចាន់ថា ភេទ​ស្រី អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​គ្រូបង្រៀន (​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ព្រៃ​)​។ មូល​ហេតុដែល​ឈានដល់​អំពើ​មនុស្សឃាត​នោះ​គឺ​ជនសង្ស័យ​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយ​អតីត​សង្សា​របស់​ជនរងគ្រោះ ។​

​សូមជម្រាបថា​៖ ករណីនេះ បានកើត​ទ្បើង​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ ម៉ោង​ប្រមាណ ៥​និង​០០​នាទី ចំណុចឃ្លាំង​ផ្ទុះ​ស្ថិតក្នុង​ភូមិ​បឹង​រុន ឃុំ​សំឡូត ស្រុក​សំឡូត​។​ ជនសង្ស័យ ត្រូវបាន​សមត្ថ​កិ​ចុ្ច ឃាត់ខ្លួន​តាំងពី​យប់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ តែ​ទើបបាន​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត​នៅ​រសៀល​ថ្ងៃនេះ​៕

 

ទីប្រឹក្សារាជរដ្ឋាភិបាល ចុះដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋជាង២០០គ្រួសារ នៅស្រុកជាំក្សាន្ត

ដោយ ៖ កូវ ប៊ុនហេង

ព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោក ហែម ប្រសើ មន្ត្រីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាអនុប្រធានគណបក្សរស្មីខេមរា បានចុះមកពិនិត្យមើលទំនាស់ដីធ្លីប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលមានទំនាស់ជាមួយអាជ្ញាធរអស់រយៈពេលយួរឆ្នាំមកហើយ។ បញ្ហាទំនាស់ដីធ្លី នេះ ស្ថិតនៅឃុំស្រអែមខាងជើង ឃុំស្រអែមខាងជើង ស្រុកជាំក្សាន្តខេត្តព្រះវិហារ។

ក្នុងនោះដែរ លោកក៏បានទទួលយកឯកសារដីពីប្រជាពលរដ្ឋដោយបញ្ជាក់ប្រាប់បងប្អូនថា សូមប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលលោកនឹងនាំយកឯកសារទាំងនោះ ទៅជូនសម្តេចតេជោផ្ទាល់ ដើម្បើសម្តេចមានយោបល់ ហើយរឿងរ៉ាវយ៉ាងណានោះ លោកនិងនាំយកដំណឹងមកជម្រាបជូនបងប្អូនវិញអោយបានដឹង លោកមិនអោយប្រជាពលរដ្ឋណាម្នាក់អត់ដីស្នាក់នៅនោះទេ។

សូមបញ្ជាក់ផង ដែរថាៈពាក់ព័ន្ធ និងទំនាស់ដីធ្លីនេះ លោក ប្រាក់ សុវ៉ាន់ អភិបាលខេត្តថ្មី លោកមិនបានដឹងនោះទេ គឺ រឿងនេះ មកពីលោក អ៊ំ ម៉ារ៉ា អភិបាលខេត្តចាស់ ដែលបានផ្លាស់ទៅនៅក្រសួង ចំណែកលោក ប្រាក់ សុវ៉ាន់ ទើបនឹងមកក្រោយយ៉ាងណាក៏ក្តី ក៏លោកប្តេជ្ញាថា នៅតែបន្តដោះអោយចប់ មិនឲ្យប្រតជាពលរដ្ឋមានបញ្ហារកាំរកូសទៀតឡើយ៕

ផ្ទះមេឆ្នោតនៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភណ្ឌរងការឆាបឆេះ

ក្រុងសិរីសោភណ្ឌ ៖ យ៉ាងហោចណាស់រថយន្តពន្លត់អគ្គីសភ័យចំនួន៣គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចេញជួយអន្តរាគមន៍បាញ់ពន្លត់ករណីអគ្គីភ័យដែលបានឆាបឆេះផ្ទះមួយខ្នងរបស់មេឆ្នោតស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមនាជ័យ នៅម៉ោងប្រហែល ១០ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
ផ្ទះដែលរងការឆេះមានទំហំ ៦គុណ៨ សង់ពីរជាន់ថ្មក្រោមឈើលើ។

ព័ត៌មានលម្អិត នឹងផ្សាយជូននៅពេលបន្ទាប់ទៀត៕

ចិនបង្ហាញនាវាផ្ទុកយន្តហោះចម្បាំងដែលផលិតដោយខ្លួនលើកដំបូង

ចិន ៖ កាលពីថ្ងៃពុធម្សិលមិញទូរទស្សន៍របស់រដ្ឋក្នុងប្រទេសចិនបានចាក់ផ្សាយវីដេអូបង្ហាញពីរូបរាងនាវាផ្ទុកយន្តហោះចម្បាំងថ្មីសន្លាងរបស់ចិនដែលត្រូវបានផលិតនៅក្នុងស្រុកផ្ទាល់ជាលើកដំបូងមានឈ្មោះថា សានទុង (Shandong) ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃអង្គារក្រោមការត្រួតពិនិត្យរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jingping)។
ពិធីប្រគល់នាវាផ្ទុកយន្តហោះចម្បាំងនេះទៅឲ្យកងទ័ពជើងទឹកចិនត្រូវបានធ្វើឡើងនៅឯមូលដ្ឋានកងទ័ពជើងទឹក សាន់យ៉ា (Sanya) ក្នុងភាគខាងត្បូងកោះ ហៃណាន (Hainan) ក្បែរប្រជុំកោះកំពុងមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
កម្មវិធីនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិនមិនសូវផ្សព្វផ្សាយទូលំទូលាយទេដោយសារជាកិច្ចការសម្ងាត់របស់រដ្ឋប៉ុន្តែរដ្ឋាភិបាលបានប្រកាសថានាវាផ្ទុកយន្តហោះចម្បាំង សានទុង (Sandong) ត្រូវបានផលិតឡើងដោយយកតាមគំរូនាវាផ្ទុកយន្តហោះចម្បាំងទី១របស់ចិនឈ្មោះ ឡាវនីង (Liaoning) ដែលបានទិញពីអ៊ុយក្រែនកាលពីឆ្នាំ១៩៩៨។
តាមរយៈការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿងបន្ថែមទៀតនេះ ចិនបានបង្ហាញពីមហិច្ឆតាធ្វើទំនើបកម្មយោធានៅក្នុងបរិបទដែលកំពុងមានភាពតានតឹងជាមួយកោះតៃវ៉ាន់, អាមេរិក ព្រមទាំងជម្លោះជាមួយប្រទេសក្នុងតំបន់អាស៊ីនៅសមុទ្រចិនខាងត្បូង៕

 

លោក ​ Xi Jinping ធ្វើ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​មជ្ឈមណ្ឌល​ល្បែង​ម៉ា​កាវ​

ម៉ា​កាវ ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ទៅកាន់​មជ្ឈមណ្ឌល​ល្បែង​ម៉ា​កាវ​នៅ​ថ្ងៃ​ពុធ​ដើម្បី​ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ការប្រគល់​ទីក្រុង​នេះ​មក​ឲ្យ​ប្រទេស​ចិន​ខណៈ​មានការ​រឹតបន្តឹង​សន្តិសុខ​ហើយ​អ្នកកាសែត​មួយចំនួន​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូល​ស្របពេល​ការតវ៉ា​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ហុងកុង​ដែល​ស្ថិត​នៅក្បែរនោះ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Xi ទៅកាន់​អតីត​អាណានិគម​ព័រទុយហ្កាល់​មួយ​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​រង្វាន់​សម្រាប់​ស្ថេរភាព​និង​ភាពស្មោះត្រង់​របស់​ម៉ា​កាវ​មិន​ដូច​អតីត​អាណានិគម​អង់គ្លេស​គឺ​ទីក្រុង​ហុងកុង​ទេ​ដែល​ត្រូវ​រង្គោះរង្គើ​ដោយ​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​អស់រ​យៈ​ពេល​ប្រាំ​មួយខែ​មកហើយ​។​

​លោក Xi ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រកាស​អំពី​វិធានការ​នានា​សម្រាប់​ទីក្រុង​ម៉ា​កាវ​ក្នុង​គោលបំណង​ពង្រីក​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​កាស៊ីណូ​របស់ខ្លួន​ឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​រួមទាំង​ផ្សារ​ហ៊ុន​ថ្មី​ដែល​គ្របដណ្តប់​ដោយ​ប្រាក់​យ័ន​ផងដែរ​។​

​បណ្តាញ​ផ្សព្វផ្សាយ RTHK បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា អ្នកកាសែត​ហុងកុង​មួយចំនួន​រួមទាំង​អ្នកយកព័ត៌មាន​របស់ RTHK ផងដែរ​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលទៅ​ទីក្រុង​ម៉ា​កាវ​នៅ​សប្តាហ៍​នេះ​ដោយសារ​បញ្ហា​សន្តិសុខ​។​

​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ឲ្យ​ដឹងថា អ្នកកាសែត​ជាច្រើន​នាក់​ទៀត​ត្រូវ​ប្រឈមមុខ​នឹង​ការសួរដេញដោល​យ៉ាងយូរ​ហើយ​ថត​អត្តសញ្ញាណប័ណ្ណ​របស់​ពួកគេ​នៅពេល​ពួកគេ​មកដល់​ទីក្រុង​នេះ​។​យ៉ាងណាក្តី រដ្ឋាភិបាល​ម៉ា​កាវ​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​ទេ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Xi ដែលជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​យូរ​បំផុត​របស់លោក​ទៅកាន់​ទីក្រុង​ម៉ា​កាវ​គឺ​នឹង​រួមមាន​ទាំង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​និង​អ្នកតំណាង​ធុរកិច្ច​ក៏ដូចជា​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​មេ​ដឹកនាំ​ម៉ា​កាវ​ថ្មី​លោក Ho Iat-seng នៅ​ថ្ងៃ​សុក្រ​ផងដែរ​។ ទីក្រុង​ម៉ា​កាវ​ត្រូវ​បានប្រគល់​ឲ្យ​ប្រទេស​ចិន​គ្រប់គ្រង​វិញ​នៅ​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​១៩៩៩​ជាមួយ​រូបមន្ត “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” ដូច​ហុងកុង​ដែរ​ដើម្បី​ការពារ​ស្វ័យភាព​៕

 

ប្រធានសភាកម្ពុជា អរគុណភាគីស៊ុយអ៊ែត ដែលជួយអភិវឌ្ឍន៍វិស័យជាច្រើននៅកម្ពុជា

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ថា ជាការពេញចិត្ត ណាស់ ដែលប្រទេសស៊ុយអ៊ែត បានជួយក្នុងការអភិវឌ្ឍន៍វិស័យសហគ្រាសខ្នាតតូច និងមធ្យម ហើយកម្ពុជា ចង់ឱ្យស៊ុយអ៊ែត ពង្រឹងវិស័យពាណិជ្ជកម្មបន្ថែមទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍនៅកម្ពុជា។ លើកឡើងបែបនេះ បានធ្វើឡើងនៅកុ្នងជំនួបពិភាក្សាជាមួយ លោក ប៊ីចូន ហេកម៉ាគ ឯកអគ្គរាជទូតថ្មី ប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជាព្រឹកថ្ងៃទី១៩ ខែធ្នូ នេះនៅវិមានរដ្ឋសភា។
ជាមួយគ្នានេះ សម្តេចពញាចក្រី ហេង សំរិន ក៏បានសម្តែងការពេញចិត្ត និងគំាទ្រចំពោះលទ្ធផល ជាផ្លែផ្កាដែលរាជរដ្ឋាភិបាលកម្ពុជា និងស៊ុយអ៊ែតសម្រចបាននាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់ប្រទេសស៊ុយអ៊ែត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ស៊ីដា ដែលបានចូលរួមជួយ អភិវឌ្ឍន៍វិស័យសហគ្រាសខ្នាតតូច និងមធ្យមដល់កម្ពុជា។ សម្តេចសង្ឃឹមថា ក្នុងអាណត្តិនៃបេសកកម្ម ការទូតរបស់ ឯកឧត្តម ប៊ីចូន ហេកម៉ាគ ស៊ុយអ៊ែតនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្អិតល្មួតជា មួយកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងវប្បធម៌ជាដើម។

ជាការឆ្លើយតប ឯកឧត្តម ប៊ីចូន ហេកម៉ាគ បានគំាទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្តេច ប្រធានរដ្ឋសភាកម្ពុជា និងបានគូសបញ្ជាក់ពីជំនួយនានាដែលប្រទេសស៊ុយអ៊ែតបានជួយមកដល់កម្ពុជា មានដូចជាជួយដល់សាលាក្តីមេដឹកនាំខ្មែរក្រហម សកម្មភាពមនុស្សធម៌ វិស័យអប់រំ និងវិស័យកសិកម្ម ជាដើម។ លោកឯកអគ្គរាជទូត បានអបអរសាទរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍដ៏រឹងមាំរបស់
ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំ ហើយថាប្រទេសស៊ុយអ៊ែតសូមសន្យា ចំពោះការបន្តការគំាទ្រដល់កម្ពុជា។
លោក ប៊ីចូន ហេកម៉ាគ មានប្រសាសន៍ថា កម្ពុជា និងស៊ុយអ៊ែត ជាដៃក្នុងការដោះស្រាយញ្ហារួម
មួយចំនួនដែលមានដូចជា ការប្រែប្រួលអាកាសធាតុ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពជា ដើម៕