All posts by មេគង្គ ប៉ុស្តិ៍

ការសាងសង់ផ្លូវក្រាលកៅស៊ូតភ្ជាប់ពីស្រុកកោះសូទិន ទៅស្រកស្រីសន្ធរ សម្រេចបាន៦០%ហើយ

ដោយ ៖ សុផល

ខេត្តកំពង់ចាម ៖ ស្ថិតក្នុងដំណើរអញ្ជើញចុះ ជួប សំណេះសំណាល ជាមួយ នឹង មន្ត្រី រាជការ នៃ ស្រុក កោះសូទិន និងស្រុកស្រីសន្ធរ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងមន្ត្រី ពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពសាងសង់ផ្លូវកៅស៊ូ ១ខ្សែ និងផ្លូវបេតុងជាច្រើនគីឡូម៉ែត្រ តភ្ជាប់ពីស្រុកកោះសូទិន ទៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខណៈ ដែល ប្រជាពលរដ្ឋបានសំដែងនូវទឹកចិត្តត្រេកអរ និងថ្លែងអំណរគុណជាអនេកចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ ក៏ដូចសប្បុរសជន ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាផ្លូវជាច្រើនគីឡូម៉ែត្រ ជូនដល់ពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ។

ដោយការស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែ ដែលមានមានប្រវែង ៣.២០០ម៉ែត្រ ទទឹង ៨ម៉ែត្រ តភ្ជាប់ពីចំណុច ឃុំមហាខ្ញូង និងឃុំព្រែកតានង់ នៃស្រុកកោះសូទិន ឆ្ពោះទៅកាន់ស្រុកស្រីសន្ធរ ដោយសម្រេចលទ្ធផលបានប្រមាណជា ៦០% ហើយ ។

ចំណែកផ្លូវបេតុង ១ខ្សែ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ តាមរយៈក្រុមហ៊ុន ប៉េងហួត ដែល រហូតមកដល់ពេលនេះគឺ ចាក់បេតុងទាំងសងខាងផ្លូវសម្រេចបានប្រវែង ១៣គីឡូម៉ែត្រ និងចាក់មួយចំហៀងបានប្រវែង ១៤គីឡូម៉ែត្រ។

បើទោះបីជាសមិទ្ធផល ដែលកំពុងតែដំណើរការស្ថាបនាក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ សម្ដែងនូវសេចក្ដីរីរាយជាខ្លាំង ក៏ព្រោះតែមកដល់ពេលនេះ ពួកគាត់មិននឹកស្មានថា ទទួលបានផ្លូវកៅស៊ូ និងផ្លូវបេតុងដ៏ប្រណីតយ៉ាងដូច្នេះឡើយ ។

គួរបញ្ជាក់ថាក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវខាងលើនេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអញ្ជើញចូលសំណេះសំណាលជាមួយមន្ត្រីរាជការ និងអជ្ញាធរមានសមត្ថកិច្ច ក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ដោយក្នុងនោះ លោកក៏បានផ្តាំផ្ញើទៅដល់មន្ត្រីរាជការ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ក្នុងនាមជាអ្នកបម្រើរាស្ត្រពិតប្រាកដ និងជាប្រតិបត្តករ គឺត្រូវខិតខំបម្រើសេវាសាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យបានលឿន និងមានប្រសិទ្ធភាព ហើយត្រូវដោះស្រាយ រាល់បញ្ហា និងក្តីកង្វល់ជូនប្រជាពលរដ្ឋឲ្យបានលឿនបំផុត។

ជាងនេះទៅទៀតលោកអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តទៅដល់រដ្ឋបាលស្រុកទាំងពីរខាងលើ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាការគ្រប់គ្រងមន្ត្រីរាជការ បញ្ហាប្រឈមដោយការបាក់ច្រាំងទន្លេ និងបញ្ហាដីធ្លី ដែក្នុងនោះលោកមេភូមិ លោកមេឃុំ ត្រូវពិនិត្យឯកសារឲ្យបានត្រឹមត្រូវ មុននឹងស៊ីញ៉េទៅលើឯកសារណាមួយ៕

ប្រធានសន្និសីទអន្តរជាតិសូមអភ័យទោសពលរដ្ឋខ្មែរចំពោះការទម្លាក់គ្រាប់បែកអាមេរិកនៅកម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិត Henry C. Theriault ប្រធានអង្គសន្និសីទអន្តរជាតិនៃអ្នកស្រាវជ្រាវជាន់ខ្ពស់ពីអំពើប្រល័យពូជសាសន៍បានសម្តែង “ភាពខ្មាស់អៀននិងសូមអភ័យទោសដល់ពលរដ្ឋខ្មែរចំពោះការទម្លាក់គ្រាប់បែករបស់សហដ្ឋអាមេរិកមកលើប្រទេសកម្ពុជា” ចាប់ពីឆ្នាំ១៩៦៩ ដល់ដើមទសវត្សរ៍៧០។

លោកបណ្ឌិត Henry ជនជាតិអាមេរិក និងជាប្រធានសមាគមអន្តរជាតិនៃអ្នកស្រាវជ្រាវជាន់ខ្ពស់ពីអំពើប្រល័យពូជសាសន៍បានមានប្រសាសន៍បែបនេះរហូតដល់ទៅពីរដងក្រោយពីមកដល់ទីក្រុងភ្នំពេញតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែក្នុងនាមជាពលរដ្ឋអាមេរិកមួយរូបមិនតំណាងឱ្យអង្គសន្និសីទទាំងមូលឬរដ្ឋាភិបាលអាមេរិកនោះទេ។

សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចំនួន២.៧ លានតោនមកលើប្រទេសកម្ពុជាលើសពីចំនួនគ្រាប់បែកដែលបានទម្លាក់នៅជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី២ (រួមទាំងនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី) ជិតមួយលានតោន។ ក្នុងអំឡុងពេលបួនឆ្នាំ (១៩៦៩ ដល់១៩៧៣) ប្រជាពលរដ្ឋខ្មែរ ប្រហែល៣០ភាគរយនៅទូទាំងប្រទេសត្រូវបានផ្លាស់ទីលំនៅដើម្បីគេចចេញពីវិនាសកម្មការទម្លាក់គ្រាប់បែករបស់អាមេរិក។

នៅឯពិធីបើកអង្គសន្និសីទអន្តរជាតិនៅទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ហើយដែលមានអ្នកស្រាវជ្រាវជាន់ខ្ពស់ជិត៥០០នាក់ មកពីទូទាំងពិភពលោកបានចូលរួម លោកបណ្ឌិត Henry ក្រៅពីសុំទោសពលរដ្ឋខ្មែររឿងអតីតកាល ក៏បានធ្វើការចាប់អារម្មណ៍ផងដែរពីទុក្ខលំបាកនិងសោកនាដកម្មនានាដែលកើតចេញពីរបបប្រល័យពូជសាសន៍។

អំពើប្រល័យពូជសាសន៍នៅកម្ពុជា គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទជាច្រើនដែលត្រូវលើកមកពិភាក្សា ក្នុងនោះរួមមាន សេរ៉ាឡេអន រ៉ូវ៉ាន់ដា និងឥទ្ធិពលរបស់សហគមអឺរ៉ុបកាលពីអតីតកាលទៅលើប្រទេសប៊ុលហ្គារីនិងស៊ែកប៊ី ជាដើម។

ការរៀបចំសន្និសីទអន្តរជាតិរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៤ដល់១៧ ខែកក្កដាឆ្នាំ២០១៩ របស់ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ជិត៥០០នាក់មកពីទូទាំងពិភពលោកពេលនេះបានឆ្លុះបញ្ចាំងពីលំហូរនៃសេរីភាពការបញ្ចេញមតិដ៏ទូលំទូលាយនៅប្រទេសកម្ពុជានិងជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើន ពីវិសាលភាព និងពីគុណភាពអប់រំដែលគេស្ទើរពុំជឿមុនពេលមកដល់ទឹកដីកម្ពុជា។

លោកបណ្ឌិត Kenneth Dunn ប្រធានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានថ្លែងថា «កាលពី៤០ឆ្នាំមុន កម្ពុជាជាកន្លែងដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់។ ថ្ងៃនេះ យើងសូមស្វាគមន៍អ្នក ក្នុងនាមជាប្រទេសកម្ពុជាថ្មី ដែលបានក្លាយជាគំរូមួយអំពីរបៀបដែលប្រទេសមួយនេះ អាចកសាងលើគំនរផេះផង់កាលពីអតីតកាលដ៏សោកសៅ ដើម្បអនាគតថ្មីប្រកបដោយសុទិដ្ឋិនិយម»។

សន្និសីទនេះ ត្រូវបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាម្ចាស់ផ្ទះសហការរួមគ្នាជាមួយសាកលវិទ្យាល័យ Rutgers University មកពីសហរដ្ឋអាមេរិក។

សមាគមអន្តរជាតិនៃអ្នកស្រាវជ្រាវជាន់ខ្ពស់ ស្តីពីអំពើប្រល័យពូជសាសន៍ បង្កើតឡើងក្នុងឆ្នាំ១៩៩៤ គឺជាអង្គការអន្តរជាតិដែលមិនប្រកាន់និន្នាការនយោបាយ ហើយបង្កើតឡើងក្នុងគោលបំណងស្វែងរកការស្រាវជ្រាវបន្ថែមលើផលវិបាកនៃអំពើប្រល័យពូជសាសន៍ ព្រមទាំងដើម្បីជំរុញការសិក្សាគោលនយោបាយស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍៕

សមត្ថកិច្ចបន្តសើុបអង្កេតករណីស្ត្រីម្នាក់ត្រូវភ្លើងឆេះស្លាប់ក្នុងផ្ទះនៅស្រុកស្អាង

ភ្នំពេញ : ក្រោយពីមានហេតុការណ៍អគ្គីភ័យឆេះផ្ទះមួយខ្នងបណ្តាលអោយស្ត្រីជាប្រពន្ធស្លាប់នៅក្នុងផ្ទះ ចំណែកបុរសជាប្តីគ្រាន់តែរងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្នំពេញ សមត្ថកិច្ច ក៏បានដាក់ការសង្ស័យលើករណីនេះ ។

មូលហេតុដែលសមត្ថកិច្ចបានដាក់ការសង្ស័យនេះ ដោយសារបុរសជាប្តីត្រូវបានគេសង្ស័យថា បានបើកទ្វារចាកចេញពីផ្ទះដោយមិនបានស្រែកហៅឲ្យអ្នកជិតខាងជួយ ក្នុងខណៈដែលភ្លើងកំពុងឆាបឆេះ ។ នេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ។

ប្រភពបានបន្តទៀតថា នៅពេលដែលភ្លើងកំពុងឆាបឆេះផ្ទះយ៉ាងសន្ធរសន្ធៅនោះប្រជាពលរដ្ឋក៏បានផ្អើលឆោរឡោឡើងនាំគ្នាខ្លះដងទឹកជះ និង ខ្លះទៀតបានរាយទុយោបាញ់ទឹកពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះនោះ ។ មុនដំបូងអ្នកស្រុកបានសន្និដ្ឋានក្រុមគ្រួសារប្តីប្រពន្ធនិងកូនស្រីពីរនាក់ដែលកូនច្បងអាយុ 8 ឆ្នាំ និង ប្អូនមានអាយុទើបតែ 4 ខែកន្លះ អាចស្លាប់នៅក្នុងភ្នក់ភ្លើង ប៉ុន្តែលុះក្រោយពេលដែលពន្លត់ភ្លើងរលត់ហើយ អ្នកស្រុកបានប្រទះឃើញតែសពម្តាយ ចំណែកក្មេងស្រីទាំងពីរ និង ប្តីមិនបានឃើញនោះឡើយ ។  ក្រោយមកក៏បានដឹងដំណឹងថា បុរសជាប្តីក៏រងរបួសដែរ ដោយសារភ្លើងឆេះ ហើយត្រូវបានសាច់ញាតិបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។ ស្នាមរបួសនៅលើខ្លួនប្រាណបុរសជាប្តីត្រូវបានគេពិនិត្យឃើញមានរបួសនៅលើដៃទាំងពីរនិងសាច់ទ្រូង ។ ជាងនេះទៅទៀត រឿងដែលកាន់តែធ្វើឲ្យសមត្ថកិច្ចដាក់ការសង្ស័យនោះ ត្រង់ចំណុចសពស្ត្រីរងគ្រោះមានស្នាមឆេះសក់ក្បាលអស់មួយចំហៀងនិងសាច់ក្បាលពោះ ដៃជើងនៅត្រង់មានសភាពដូចមនុស្សដេកលក់ ហើយមានខោអាវជាច្រើននៅលើសពគ្របត្រឹមចង្កេះរហូតដល់ក្បាល ដូចមិនសាកសមនឹងសភាពមនុស្សរស់ត្រូវបានភ្លើងឆាបឆេះរហូតដល់ស្លាប់ឡើយ ។

ក្នុងករណីនេះដែរគេបានប្រទះឃើញម៉ូតូម៉ាក Wave ពណ៌ប្រផេះដែលជារបស់ម្ចាស់ផ្ទះមានស្នាមកាត់ផ្តាច់ទុយយោប្រេងសាំង ។ ចំណែកប្រេងសាំងត្រូវបានបង្ហូរចេញអស់ពីធុងសាំងម៉ូតូ ។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោងជាង២រំលងអធ្រាតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះជាប្រពន្ធឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ និងមានកូនស្រីចំនួន២នាក់ ទី១ អាយុ៨ឆ្នាំ និងទី២ អាយុ៤ខែកន្លះ) រីឯបុរសជាប្តីឈ្មោះ វ៉េង វិរះ អាយុ៣០ឆ្នាំ (រងរបួស) ។

ក្រោយកើតហេតុគេឃើញនគរបាលជំនាញស្រុក ខេត្ត សហការជាមួយនគរបាលក្រសួងមហាផ្ទៃ បានចុះស្រាវជ្រាវ និង ពិនិត្យសាកសពមួយថ្ងៃពេញ តាំងពីព្រឹករហូតដល់ល្ងាច ប៉ុន្តែ មិនទាន់បានទទួលលទ្ធផលថា សាកសពស្លាប់ដោយសារមូលហេតុអ្វីនោះឡើយ រួចក៏បន្តដឹកសាកសពយកទៅក្លាស្សេនៅវត្តស្ទឹង មានជ័យ នៅឯភ្នំពេញដើម្បីអោយជំនាញពិនិត្យបន្ត។

ប្រជាពលរដ្ឋដែលជាអ្នកជិតខាងក៏បានបន្ថែមទៀតថា ការស្លាប់របស់ស្ត្រីរងគ្រោះពួកគាត់ហាក់បីដូចជាមិនអស់ចិត្តសោះ ព្រោះថានៅពេលដែលហេតុការណ៍កំពុងតែកើតឡើង ហើយពួកគាត់បានចូលទៅជួយសង្គ្រោះ បែរជាមិនឃើញបុរសជាប្តីនោះទេ ឃើញតែសាកសពប្រពន្ធដេកស្លាប់តែម្នាក់ឯង នៅក្នុងបន្ទប់ឡៅតឿ  ហើយបុរសជាប្តីបើកទ្វារចេញទៅបាត់ ដោយមិនហៅញាតិមិត្តជិតខាងអោយជួយពន្លត់អគ្គីភ័យ ។ បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលវិញហើយ បន្ទាប់ពីនគរបាលជំនាញនៅក្រសួងមហាផ្ទៃបាននាំយកទៅពិនិត្យស្រាវជ្រាវកាលពីល្ងាចម្សិលមិញនេះ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងនៅម៉ោងប្រមាណជិត១២ថ្ងៃត្រង់មុននេះបន្តិច ។ សាច់ញាតិបងប្អូនសពស្ត្រីរងគ្រោះនិងប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំលទ្ធផលរបស់សមត្ថកិច្ច ៕

រថយន្តដឹកដីបុករថយន្តដឹកទឹកសុទ្ធស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ គៀបជាប់ក្នុងកាប៊ីនរថយន្តតែម្តង បន្ទាប់ពីជួបនូវឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េឃ្លប់ដឹកទឹកសុទ្ធក្រុមហ៊ុន ជីង ឡុង បើកបោះពួយថយន្តដឹកដីបុករថយន្តដឹកទឹកសុទ្ធស្លាប់ម្នាក់ របួសធ្ងន់  ឈ្នះ ភូមស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹង មុនកើតហេតុ រថយន្តកូរ៉េ ឃ្លប់ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4116 ដឹកទឹកសុទ្ធ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះគ្នា២នាក់ បើកបរដោយយុវជនម្នាក់ ជាអ្នកបម្រើការការងារ ក្រុមហ៊ុនទឹកសុទ្ធ បានស្លាប់គៀបជាប់ក្នុងកាប៊ីន រួមដំណើរដោយឈ្មោះ ឡេង សុវណ្ណតុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ក្រុមហ៊ុនទឹកសុទ្ធ ជីង ឡុង មានទីលំនៅ ភូមិបន្លស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រងរបួសជើងឆ្វេង ។ រថយន្តខាងលើ បើកក្នុងល្បឿនលឿនពីជើងទៅត្បូង លុដល់ចំណុចកើតហេតុ បានបុកពីទទឹងរថយន្ត កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6687 សណ្តោយទ្រុងបែនដឹកដី អ្នកបើកបរ រត់គេចបាត់ក្រោយកើតហតុភ្លាមៗ ដែលបើកចេញពីផ្លូវបេតុងវត្តភ្នៀត ឆ្លងកាត់ទទឹងមហាវិថីឈ្នះ ឈ្នះ បណ្តាលឲ្យ រថយន្តដឹកទឹកសុទ្ធ ខ្ទេចរួញកាប៊ីន ជាប់ជនរងគ្រោះ ត្រូវបាន ក្រុមសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ បញ្ជូនរថយន្ត សម្ភារៈ ឧបករណ៍ កាត់ វះ ទាញយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ និងទាញយកសាកសពជនរងគ្រោះម្នាក់ទៀត ដើម្បីប្រគល់ជូនសមត្ថកិច្ច បន្តការងារពិនិត្យតាមនីតិវិធី ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មនុស្សម្នាក់បានស្លាប់ក្នុងហេតុការណ៍ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ រថយន្តមួយគ្រឿងរងខូចខាតខ្ទេចកាប៊ីន ហើយត្រូវបាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ វាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង កសាងសំណុំរឿងតាមនីតិវិធី ៕

រថយន្តដឹកមនុស្សដាច់ហ្វាំងក្រឡាប់របួសមនុស្សជិត៣០នាក់

ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សជិត៣០នាក់ រងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជននិងតាមបណ្តាលមណ្ឌលសុខភាពមួយចំនួនខណៈដែលរថយន្តដឹកមនុស្សក្រឡាប់ដោយសារដាច់ហ្វាំងកាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ៤១ក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបាននិយាយអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដាច់ហ្វ្រាំងក្រឡាប់ខ្លួនឯងនៅចំណុចផ្លូវចូលប្រាសាទមាសប្រាសាទប្រាក់ ស្ថិតនៅក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ។ រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខតាកែវ3A-3441 បើកបរដោយឈ្មោះ ឯម សលភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិអង្គរាំង ឃុំត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ នៅមុនពេលកើតហេតុបានបើកតាមបណ្តោយផ្លូវជាតិលេខ៤១ក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូងលុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើដាច់ហ្វាំង បណ្តាលឲ្យរបួសមនុស្ស ២៧នាក់ ស្រី ២០នាក់ របួសធ្ងន់ ១៤នាក់ ស្រី​ ១២នាក់ ស្រាល ១៣នាក់ ស្រី ០៨នាក់ផងដែរ។

ក្រោយពីគ្រោះថ្នាក់ដោយខ្លួនឯងរួចមកនគរបាលស្រុកបានហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះតាមមណ្ឌលសុខភាពនិងគ្លីនិកឯកជនក្បែរកន្លែងកើតហេតុ។ចំពោះរថយន្តនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

ម្តាយមិននៅផ្ទះ ឪចុងរំលោភសេពសន្ថវៈលើកូនស្រីដើមជាអនីតិជន

ដោយ ៖ សុផល
ខេត្តកំពង់ចាម ៖ ជនសង្សយ័ម្នាក់ជាឪពុកចុងដែលបានរំលោភសេពសន្ថវ: ទៅលើកុមារីរងគ្រោះមានអាយុ៧ឆ្នាំត្រូវជាកូនប្តីដើមរបស់ប្រពន្ធខ្លួនត្រូវបានកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ ឃាត់ខ្លួន និងបញ្ញូន ទៅកាន់ជំនាញការិយាលយ័នគរបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ ខេត្តកំពង់ចាម ដើម្បីចាត់ការបន្ត។

មន្ត្រីប៉ូលិសបានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៣ នគរបាលស្រុកចំការលើបានទទួលបណ្តឹងពីឈ្មោះ វ៉ែន គា ភេទស្រី អាយុ ៤៣ឆ្នាំ ជាតិខ្មែរ (ត្រូវជាម្តាយធំជនរងគ្រោះ) នៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បានប្តឹងទៅលើឈ្មោះ ផុន ទូច ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ (ត្រូវជាប្អូនថ្លៃ) នៅភូមិ-ឃុំជាមួយគ្នា ថា៖ បានចាប់រំលោភសេពសន្ថវៈ ទៅលើឈ្មោះ( ច ថ )ភេទស្រី អាយុ៧ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូនចុងរបស់ជនសង្ស័យ) កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤ ទៀបភ្លឺ ខណៈពេលដែលម្តាយកុមារីរងគ្រោះ ងើបទៅស៊ីឈ្នួលលក់គុយទាវ នៅភូមិសារ៉ាយ ឃុំបុសខ្នុរ ទុកកូនដេកនៅផ្ទះតែ ០២នាក់ឪពុកចុង។

ក្រោយពីបានទទួលបណ្តឹងភ្លាម នៅវេលាម៉ោង១៥ ថ្ងៃដដែលកម្លាំងជំនាញព្រហ្មទណ្ឌអធិការការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី ខ្លូត ហ៊ាន់ អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ បានចុះទៅដល់កន្លែងកើតហេតុ និងស្តាប់ការបំភ្លឺពីជនរងគ្រោះ និងសាក្សី រួមទាំងពិនិត្យឃើញថាពិតជាមានករណីរំលោភសេពសន្ថវពិតប្រាកដមែន តែពេលនោះជនសង្ស័យ មិននៅលំនៅដ្ឋានទេ បានចេញទៅសុីឈ្នួលធ្វើចំការអោយគេខាងកើតភូមិសាមគ្កីប្រហែល២.០០០ ម៉ែត្រ។

ប៉ូលិសបានបន្តថា ភ្លាមនោះសមត្ថកិច្ចយើងបានចាត់កម្លាំងស្រាវជ្រាវ រកជនសង្ស័យឃើញខណៈពេលដែលជនសង្ស័យ ជិះម៉ូតូមកពីចំការនៅលើផ្លូវលំក្នុងភូមិសាមគ្គី ហើយធ្វើការនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ពេលសួរចំលើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈកូនចុងរបស់ខ្លួនប្រាកដ មែន ។ មន្ត្រីប៉ូលិសបានបន្តថា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិបញ្ជូនបន្ត ទៅជំនាញនគរបាលខេត្តកំពង់ចាម ចាត់ការតាមច្បាប់៕

ក្រសួងសម្រេចលុបចោលគម្រោង សង់គុកកម្រិត VIP សម្រាប់អ្នកទោសមានលុយបង់

ដោយ​៖ សុត្ថារ៉ា

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសលុចចោលជាផ្លូវការនូវគម្រោងដែលកំពុងដំណើរការសាងសង់ពន្ធនាគារទំនើប (VIP) ដោយអះអាងថា  ការបោះបង់ចោលគម្រោងនេះ បន្ទាប់ពីបានធ្វើការសិក្សារកពុំឃើញមានប្រទេសណាមួយ ធ្វើពន្ធនាគារទំនើបបែបនេះសម្រាប់ឃុំខ្លួនអ្នកជាប់ឃុំ ដែលមានលទ្ធភាពបង់ប្រាក់ នោះទេ ខណៈពន្ធនាគារដែលវិនិយោគជាមួយក្រុមហ៊ុនឯកជនមួយនេះ បានសាងសង់ជិតរួចរាល់។ នេះបើតាម លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «យើងធ្វើក៏អត់មានលទ្ធភាពធ្វើដែរ។ យើងដើរទៅមើលប្រទេសគេផ្សេង អត់មានប្រទេសណា គេមានបទពិសោធន៍ធ្វើពន្ធនាគារបែបនេះ ទេ។ អ៊ីចឹង យើងក៏បោះបង់ចោលគម្រោងនេះទៅ។ ប្រទេសគេផ្សេងៗ អត់ទាន់មានធ្វើ បើយើងធ្វើ គេនឹងយកគំរូតាមយើង ហើយបើយើងធ្វើតែឯងក៏មិនកើតដែរ»។

បើតាម លោក ខៀវ សុភ័គ បានឲ្យដឹងថា គម្រោងពន្ធនាគារវីអាយភីនេះ កន្លងមក ក្រសួងមហាផ្ទៃបានឲ្យក្រុមហ៊ុនឯកជនមួយ វិនិយោគធ្វើពន្ធនាគារនេះ ដោយពេលបញ្ចប់ការសាងសង់ នឹងឲ្យជនជាប់ទោសបង់ថ្លៃស្នាក់នៅក្នុងតម្លៃថោកបំផុត។

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានប្រាប់ថា អគារពន្ធនាគារ វីអាយភី សម្រាប់អ្នកដែលមានលទ្ធភាពបង់ថ្លៃស្នាក់នៅត្រូវបានសាងសង់រួចហើយ ប៉ុន្តែនៅសេសសល់ប្រព័ន្ធមួយចំនួនដូចជាលូ ទឹក និងភ្លើងជាដើម។ លោកបន្តថា ពន្ធនាគារទំនើបនេះ ត្រូវបានក្រសួងមហាផ្ទៃបើកដំណើរការសាងសង់កាលពីខែ ឧសភា ឆ្នាំ ២០១៧ ដោយមានការវិនិយោគជាមួយក្រុមហ៊ុន គន្ធរីខុន ហូលឌីង ក្នុងទឹកប្រាក់ប្រមាណ ៤ លានដុល្លារ។ អគារពន្ធនាគារសាងសង់នៅលើផ្ទៃដី ១ ហិកតាកន្លះ ប៉ុន្តែបរិវេណទាំងមូលមានទំហំ ៣ ហិកតា។

ទោះជាយ៉ាងនេះក្តី លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេស ស៊ើបអង្កេតនៃអង្គការលីកាដូ «ក្នុងកាលៈទេសនេះ កម្ពុជាមិនគួរមានពន្ធនាគារប្រភេទនេះទេ។ វាមានភាពអវិជ្ជមានច្រើន វាធ្វើឲ្យអ្នកមានជាប់ឃុំហ្នឹងមិនរាងចាល ជាពិសេសអ្នកមានដែលប្រព្រឹត្តបទល្មើស ដូចជារឿងគ្រឿងញៀន និងលួចប្លន់ជាដើម»៕ 

អ្នកស្ម័ក្រចិត្តជិត១ម៉ឺននាក់ចូលរួមប្រមូលសំរាមកែលម្អបរិដ្ថានក្នុងក្រុងព្រះសីហនុ

ដោយ ៖ ផានូរ៉ាត

ក្រុងព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ បានបើកយុទ្ធនាការសម្អាតទីក្រុង ដោយ ប្រមូលកាកសំណល់ សំរាម តាមតំបន់មួយចំនួន និងតាមដងផ្លូវនានា ដើម្បីលើកកម្ពស់ អនាម័យ បរិស្ថាន សោភណ្ឌភាព សក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្បីរបស់កម្ពុជា  ដោយមានអ្នកស្ម័គ្រចិត្តចូលរួមប្រមាណជិត ១ម៉ឺននាក់ រួមទាំងប្រើប្រាស់គ្រឿងចក្រ ជាង១៦០គ្រឿង សម្រាប់ជួយឈូសឆាយផដងដែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការប្រមូលផ្តុំកម្លាំង និងមធ្យោបាយ តាមការស្មគ្រ័ចិត្ត ចូលរួមពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងផ្នែកឯកជន នៅថ្ងៃនេះ គឺដើម្បីធ្វើការសម្អាតសំរាមដែលនៅសល់យូរ ច្រើនថ្ងៃខែ មកហើយ នៅតាមផ្លូវ និងទីសាធារណៈនានាក្នុងទីក្រុងឱ្យ បានស្អាតម្តង រួចហើយប្រគល់ឱ្យទៅក្រុមហ៊ុនដែលមានភារកិច្ចធ្វើការគ្រប់គ្រង និងសម្អាតបន្តកុំឱ្យមាននៅសល់សំរាមតទៅទៀត។

លោកអភិបាលខេត្តបានបញ្ជាក់ថា ពេលនេះ បើយើងមិនជួយសម្អាត ក្រុមហ៊ុនប្រមូលសំរាមខ្លះ ៗ ទេ សំរាមវានៅសេសសល់ពាសពេញក្នុងទីក្រុង ។ ពេលសម្អាតឲ្យស្អាតហើយបើនៅមានសំរាមថ្មីកើតឡើងទៀតនោះ វាជាការបង្ហាញឱ្យឃើញពីសមត្ថភាព និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនប្រមូលសំរាម។

យុទ្ធនាការសម្អាតទីក្រុង ដែលផ្តួចផ្តើមគំនិតឡើងដោយលោកអភិបាលខេត្តព្រះសីហនុ គួច ចំរើននៅថ្ងៃនេះ គឺដើម្បីទីក្រុងដែលជាផ្ទះរស់នៅរបស់យើងទាំងអស់គ្នា ស្អាតដោយមានការចូលរួមពីបណ្តាអង្គភាពនានានៅជុំវិញខេត្ត ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងនេះ សរុបប្រមាណជាង ៣.០០០នាក់ ជាមួយនឹងរថយន្ត គ្រឿងចក្រ ប្រមាណ ១៦០គ្រឿង ។

ការសំរាមនៅក្នុងក្រុងព្រះសីហនុសព្វថ្ងៃនេះ មានក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ KSWM ទទួល ខុសត្រូវដឹកជញ្ជូនសំរាមចេញដោយមានរថយន្ត និងគ្រឿងចក្រចំនួន ៦៨គ្រឿង យកទោដាក់តាមដេប៉ូសំរាមជាង៣០កន្លែង ដែលក្នុងមួយថ្ងៃមានបរិមាណសរុបពី៦៥០ ទៅ៧០០តោន បើនៅថ្ងៃ បុណ្យអាចកើនដល់៨០០តោន ត្រូវដឹកទៅចាក់ចោលនៅទីលានចាក់សំរាមអូរចំណា ដែលមានទំហំ៥០ហិកតា មានចម្ងាយជាងមួយគីឡូម៉ែត្រពីផ្លូវជាតិលេខ៤ និងមានចម្ងាយប្រមាណជា៣៧គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ៕

មន្ទីរសុខាភិបាលខេត្តកោះកុង បន្តយុទ្ធនាការបាញ់ថ្នាំបំបាត់ជម្រកមូសខ្លាប្រឆាំងជំងឺគ្រុនឈាម

ដោយ ៖ ផានូរ៉ាត

ខេត្តកោះកុង ៖ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ថា អត្រា ជំងឺគ្រុនឈាម រយៈពេល៦ខែដើមឆ្នាំ២០១៩ នៅក្នុងខេត្តកោះកុងនេះ មានអត្រា ខ្ពស់រហូតដល់ ៦៩០ ករណីហើយមានកុមារស្លាប់ម្នាក់ដែលជាអ្នករស់នៅតាមកោះដាច់ស្រយ៉ាល។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ជាប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹង ថា ក្រោយពីពិនិត្យ ទៅលើរបាយការណ៍នៅគ្រប់មន្ទីរពេទ្យឃើញថា ជំងឺគ្រុនឈាមនៅតែមានកំណើនខ្ពស់ ហេតុដូច្នេះ មន្ត្រីសុខាភិបាលខេត្ត នៅតែបើកយុទ្ធនាការបាញ់ថ្នាំបំបាត់ជម្រកមូសខ្លា ហើយដាក់ថ្នាំអាបែត បន្ត រាល់ថ្ងៃ នៅតាមភូមិឋាន សាលារៀន គ្រប់បណ្តាស្រុក គ្រប់មូលដ្ឋាន និងធ្វើការអប់រំប្រជាពលរដ្ឋ បានយល់ដឹងពីបញ្ហានេះផងដែរ។

លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវ ដល់ម្ចាស់គ្លីនិកឯកជន ទាំងឡាយដោយហាមដាច់ខាត មិនឲ្យ ព្យាបាលជំងឺគ្រុនឈាមឡើយ ហើយសូមបងប្អូនអញ្ជើញមកពិនិត្យ និងពិគ្រោះជាក្រុមលោកគ្រូ ពេទ្យ ជំនាញៗ ដើម្បីធ្វើការព្យាបាល៕ 

កម្ពុជានឹងនាំចូលអំបិលបរទេស៥ម៉ឺនតោនខណៈការផលិតក្នុងស្រុកទើបសម្រេចបាន៣០%

ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ កម្ពុជា នឹងបន្តនាំចូលអំបិលដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកនៅឆ្នាំ២០១៩ នេះបន្ថែមទៀត ខណៈដែលការផលិតអំបិលសម្រេចបានត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ ដែលនេះជាការនាំចូលអំបិល ក្នុងរយៈពេល២ ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០១៨ មក ហើយនេះក៏ជាការនាំចូលអំបិលលើកទី៣ របស់សហគមន៍អ្នកផលិតអំបិលកម្ពុជា។ នេះបើយោងតាមសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប។

លោក ប៊ុន បារាំង សហប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានប្រាប់ថា «ការនាំចូលអំបិលពីបរទេស គឺជារឿងចៀសមិនផុតទេ ហើយបរិមាណនាំចូលអំបិលនៅឆ្នាំនេះ អាចនឹងលើសពីឆ្នាំមុន។

លោក លើកឡើងថា ទោះជាក្នុងឆ្នាំ ២០១៩ នេះកម្ពុជាជួបប្រទះនឹងបាតុភូតអាកាសធាតុ El Nino ដែលធ្វើឲ្យអាកាសធាតុក្តៅខ្លាំង និងអូសបន្លាយយូរ តែសម្រាប់តំបន់ផលិតអំបិលក្នុងខេត្តកំពត-កែប បែរជាទទួលភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យកសិករមិនអាចធ្វើស្រែអំបិលបាន។

លោកបន្តថា ថ្នាក់ដឹកនាំសហគមន៍នឹងជួបប្រជុំគ្នាដើម្បីពិភាក្សាពីការនាំចូល អំបិល មុននឹងធ្វើការស្នើសុំទៅអាជ្ញាធរ។ តាមលោក ប៊ុន បារាំង អំបិលដែលនាំចូលនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យគុណភាពនៅ មន្ទីរពិសោធន៍ត្រឹមត្រូវ។ ការធ្លាក់ចុះទិន្នផលអំបិលក្នុង ឆ្នាំនេះ បណ្តាលមកពីកត្តាធំៗ ២ គឺអាកាសធាតុ និងការធ្លាក់ចុះចំនួនអ្នកផលិត។

សូមជម្រាបថា បច្ចុប្បន្ន ផ្ទៃដីផលិតអំបិលនៅកម្ពុជា មានប្រមាណជាង ៤.៥០០ ហិកតា ដែលលាតសន្ធឹងលើទឹកដីក្នុងខេត្តកំពត-កែប ហើយការផលិតឆ្នាំនេះ សម្រេចបានទិន្នផលតែជាង ៣០ ០០០ តោន(បីម៉ឺនតោន)ប៉ុណ្ណោះ ក្នុងចំណោមតម្រូវការប្រើប្រាស់សរុបពី ៨-១០ ម៉ឺនតោន ក្នុង ១ ឆ្នាំ។ ប្រសិនបើអាកាសធាតុអំណោយផលល្អ ក្នុង ១ហិកតា គេអាចផលិតអំបិលបានប្រហែល ២០ តោន៕

ឃុំខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួកពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី

ដោយ ៖ បូរិន្ទ

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ តុលាការខេត្តមណ្ឌលគិរី បនសម្រេចឃុំខ្លួនឧកញ៉ា ស៊ឹង សំអុល និងគ្នីគ្នាចំនួន៣នាក់ បន្ទាប់ពីបានចាប់ខ្លួនដោយរកឃើញថា ពាក់ព័ន្ធបទនឹងល្មើសព្រៃឈើនៅក្នុងខេត្តមួយនេះយ៉ាងធ្ងន់ធ្ងរ។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វណ្ណដា បាន បញ្ជាក់ថា លោក ស៊ឹង សំអុល និងមនុស្សមួយចំនួនត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នក្រោមបទចោទប្រកាន់ចំនួន ៤បទល្មើស ពាក់ព័ន្ធបទល្មើសបំផ្លាញព្រៃឈើ។

សូមរំលឹកថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតាមចំណុចសំខាន់ៗក្នុងខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុនមួយ និងមេការ២នាក់ រួមទាំងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដចម្រុះជាង ៤០គ្រឿងផងដែរ។

នៅបន្ទាប់ពីប្រតិបត្តិការរឹបអូសរថយន្តដឹកឈើល្មើសច្បាប់ទាំងជាង៤០គ្រឿងរួចមក សមត្ថកិច្ចបានសម្រេចដុតកម្ទេសចោលរថយន្តចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ នៅនឹងកន្លែងតែម្តង ដោយសារពិបាកក្នុងការនាំចេញមកក្រៅ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា ៕

លោក គួច ចំរើន ស្នើចិនបើកស្ថានកុងស៊ុលប្រចាំខេត្តព្រះសីហនុ

ដោយ ៖ សុត្ថារ៉ា

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើឯកអគ្គរដ្ឋទូតចិន ឲ្យបើកស្ថានកុងស៊ុលចិន នៅខេត្តព្រះសីហនុ។ការសំណើបែបនេះ បានធ្វឡើងក្នុជំនួបពិភាក្សាការងាររវាងមន្ដ្រីជាន់ខ្ពស់នៃស្ថាន ទូតចិនប្រចាំកម្ពុជា ចំនួនពីររូប កាលពីថ្ងៃទី១០ ខែកក្កដា កន្លមកនេះ នាក្រុងព្រះសីហនុ។

លោក គួច ចំរើន បានអះអាងថា ជារឿងល្អប្រសើរផ្នែកទំនាក់ទំនងអន្តរជាតិ ប្រសិនបើបានបើក ស្ថានកុងស៊ុលចិន នៅក្នុងខេត្តព្រះសីហនុ ដែលអាចបង្កលក្ខណៈងាយស្រួល ក្នុងការគ្រប់គ្រងជន ជាតិចិន ជាពិសេសដើម្បីផ្សព្វផ្សាយដល់ប្រជាជនចិន ដែលមានគម្រោងមកវិនិយោគ និងកំពុងវិនិ យោគ នៅខេត្តព្រះសីហនុ ផងដែរ។

បើតាមលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បាន ពន្យល់ពាក់ព័ន្ធនឹងសំណើបើកស្ថានកុងស៊ុលចិននៅខេត្តព្រះសីហនុ នេះថា សំណើនេះ ទំនងធ្វើឡើងដោយសារអភិបាលខេត្តព្រះសីហនុ ថ្មី ចង់ទាញស្ថានទូតចិន ឲ្យមានការទទួលខុសត្រូវកាន់តែខ្ពស់ ចំពោះជនជាតិរបស់ខ្លួន ដែលកំពុងរស់នៅនិងវិនិយោគក្នុងខេត្តព្រះសីហនុ។ បើតាមលោក គិន ភា បានថ្លែងដោយរំពឹងថា វត្តមានស្ថានកុងស៊ុល នឹងដើរតួនាទីសំខាន់ក្នុងជួយគាំពារ និងផ្ដល់ជំនួយផ្នែកច្បាប់ ព្រមទាំងការអប់រំផ្សេងៗ ដល់ជនជាតិចិនផងដែរ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន បានឆ្លើយតបភ្លាមៗចំពោះសំណើទាំងប៉ុន្មានដោយ បង្ហាញជំហរថា នឹងជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងខេត្តមួយនេះ តាមរយៈគម្រោង «កម្មវិធីខេត្តព្រះសីហនុ មានសុវត្ថិភាព»។

គួរកត់សម្គាល់ថា ការស្នើសុំបើកស្ថានកុងស៊ុលក្នុងខេត្តព្រះសីហនុ គឺជារបៀបវារៈមួយប៉ុណ្ណោះ នៅក្នុងចំណោមរបៀបវារៈនិងបញ្ហាជាច្រើនទៀតដែល លោក គួច ចំរើន បានលើកឡើងក្នុងជំនួប ពិភាក្សានេះ គោលបំណងឲ្យឯកអគ្គរដ្ឋទូតចិនជួយដោះស្រាយបញ្ហាមួយចំនួន រួមមាន ការគ្រប់គ្រងសំណង់អគារ ការខូចខាតផ្លូវ លូ ប្រព័ន្ធទឹកស្អាត និងបញ្ហាផ្សេងៗទៀត ខណៈកំណើនអ្នកវិនិ យោគរបស់ចិន ខេត្តព្រះសីហនុ រយៈពេលពីរឆ្នាំចុងក្រោយបានកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរ ដូចជា បញ្ហាចារកម្ម ការប្រើប្រាស់ហិង្សារវាងជនជាតិចិនដូចគ្នា ការជួញដូរគ្រឿងញៀន ការសាងសង់គ្មានបទដ្ឋានបច្ចេកទេស និងបញ្ហាសំរាមជាដើម៕

សមត្ថកិច្ច កំពុងស៊ើបរកមន្ត្រីមួយក្រុមដែ​លបើកឲ្យនាំជ្រូកចូលខុសច្បាប់ពីវៀតណាម

​ដោយ ៖ ផានូរ៉ាត

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងថា មន្ត្រីជំនាញកំពុងស៊ើបអង្កេតករណីមន្ត្រី ដែលបានកាងឱ្យឈ្មួញនាំជ្រូកខុសច្បាប់ពីប្រទេស វៀតណាម ចូលមកកម្ពុជា ដោយបានអំពាវនាវ ឲ្យពលរដ្ឋរាយការណ៍ពីមន្ត្រី ដែលអនុញ្ញាតឲ្យមានការនាំជ្រូកចូលខុសច្បាប់ ស្របពេលជំងឺប៉េស្ដជ្រូកអា្រហ្វិកនេះកំពុងបន្តរាលដាលដល់ខេត្តកណ្ដាល បន្ទាប់ពីផ្ទុះឡើងនៅខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការ គណៈរដ្ឋមន្ត្រី ពីថ្ងៃម្សិលមិញ លោក ផៃ ស៊ីផាន រដ្ឋ មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការនាំពាក្យ រាជរដ្ឋាភិបាល បានបញ្ជាក់ថា មានមនុស្សមួយក្រុមស្លៀកពាក់ជាឯកសណ្ឋានមន្ត្រី បានគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនគិតអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំឡើយ។ ពួកគេបានអនុញ្ញាតឱ្យមានការលួចនាំជ្រូកចូលខុសច្បាប់ពីប្រទេស វៀតណាម ដែលករណីនេះលោកចាត់ទុកថា អាចធ្វើឱ្យប៉ះពាល់សុខុមាលភាពសាធារណៈនិងមុខរបរចិញ្ចឹមជ្រូកនៅ កម្ពុជា។

លោកបន្តថា ការស៊ើបអង្កេតនេះ បន្ទាប់ពីទទួលបានព័ត៌មានទាក់ទងនឹងមន្ត្រីយោធា ១ក្រុម បានអនុញ្ញាតឱ្យនាំជ្រូកខុសច្បាប់ពីប្រទេស វៀតណាម ចូលតាមខេត្តស្វាយរៀង ដោយរំលោភលើសារាចរណែនាំរបស់ក្រសួងកសិកម្ម។

លោក ផៃ ស៊ីផាន បានអំពាវនាវឱ្យពលរដ្ឋ ជាពិសេសអ្នករស់នៅតាមច្រករបៀងតាមព្រំដែន ចូលរួមរាយការណ៍អំពីមន្ត្រីដែលអនុញ្ញាតឱ្យមានការនាំចូលជ្រូក ខុសច្បាប់ពីប្រទេសជិតខាង ជាពិសេសពីប្រទេស វៀតណាម តាមរយៈការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក៕

លួចម៉ូតូបានហើយតែរត់មិនរួចត្រូវប៉ូលិសចាប់ខ្លួន

ដោយ សុផល

ខេត្តកំពង់ចាម៖កម្លាំងអធិកាស្រុកបាធាយ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់នៅចំណុចក្នុងផ្សារភ្នំដិល ភូមិភ្នំដិល ឃំុតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បន្ទាប់ពីជននេះបានលួចកាច់កម៉ូតូ នៅថ្ងទី១២ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង ៣០នាទីព្រឹក។

នាយប៉ុស្តិ៍នគរបាលឃុំតាំងក្រាំង បានអោយដឹងថា ជនសង្ស័យម្នាក់មាន ឈ្មោះ ហុឹម សោភ័ណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងស្មាច ឃំុជ្រៃធំ ស្រុករមាសហែកខេត្តស្វាយរៀង។

រីឯជនរងគ្រោះជនរងគ្រោះ ឈ្មោះ ម៉ែន វុទ្ធី ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិភ្នំដិលឃំុតាំងក្រាំងស្រុកបាធាយខេត្តកំពង់ចាម។

សំភារៈបាត់បង់ ម៉ូតូម៉ាកហុងដាC125 ពណ៍ខ្មៅសេរី២០១៧ ស្លាកលេខ កំពង់ចាម 1R. 5387តែត្រូវបានសមត្ថកិច្ចនាំយកមកវិញ ។

វត្ថុតាងដកហូតបានរួមមាន ម៉ូតូវីវ៉ា ពណ៍ខ្មៅ គ្មានស្លាកលេខ ១គ្រឿង ដង្កាប់អូតូម៉ាទិច១ ដង្កាប់កាត់ដែក ៣កន្ត្រៃកាត់ខ្សែភ្លើង១ សោរខ្សៀ១ សោរមាត់ ១ ទុលល្វីសតូច ៣ ផ្លែទុលល្វីស ១ ដែកម៉ាសុ័រ ១ ដែកចុងស្រួច ២ សោរម៉ូតូ ១ ។

ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុ ឈ្មោះ ម៉ែន វុទ្ធី បានបញ្ចេញម៉ូតូរបស់ខ្លួនពីក្នុងផ្ទះមកដាក់នៅមុខផ្ទះ ហើយចាក់សោរម៉ូតូករួចក៍ទៅលក់សាច់ជ្រូកក្នុងផ្សារ មួយសន្ទុះក៍ចេញមកវិញបានឃើញមនុស្សប្រុស២នាក់ ម្នាក់អង្គុយលើគ្រែ និងម្នាក់ទៀតអង្គុយកើម៉ូតូវីវ៉ាដែលចតនៅជិតម៉ូតូរបស់ខ្លួន ពេលនោះឈ្មោះម៉ែន វុទ្ធី មានការសង្ស័យក៍យកសោរម៉ូតូរបស់ខ្លួនទៅចាក់សោរកស្រាប់តែសោរម៉ូតូបែកគ្រាប់អស់ ពេលនោះទើបដឹងថាសោរម៉ូតូរបស់ខ្លួនត្រូវគេគាស់បំបែក ហើយក៍តេទូរសព្ទ័ប្រាប់មេប៉ុស្តិ៍ ពេលលោកនាយប៉ុស្តិ៍ទៅដល់ជនសង្ស័យ ទាំង២នាក់ក៍ឡើងជិះម៉ូតូរត់គេចខ្លួនតែត្រូវលោកនាយប៉ុស្តិ៍ចាប់បាន១នាក់ រត់រួចម្នាក់។

បច្ចុប្បន្នជនសង្ស័យបាននាំមកកាន់ប៉ុស្តិ៍រដ្ឋបាលតាំងក្រាំងដើម្បីធ្វើការសាកសួរបំពេញសំណំុរឿងតាមនិតិវិធី៕

កម្ពុជាសង់ស្ថានីយផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យចំនួន១៤០មេហ្គាវ៉ាត់ ក្នុងខេត្តចំនួន៤

ដោយ ៖ ផានូរ៉ាត

ភ្នំពេញ ៖ គម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអា ទិត្យចំនួន៤គម្រោង សរុបអានុភាព ១៤០ មេហ្គាវ៉ាត់ ត្រូវបានកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងនៅព្រឹកម៉ិញ។ គម្រោងនេះនឹងជួយបំពេញត្រូវការអគ្គិសនី របស់កម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ចំនួន៤គម្រោងបន្ថែមទៀត ដើម្បីជួយដល់ស្ថានភាពផ្គត់ផ្គង់អគ្គិសនីនៅក្នុងឆ្នាំ២០២០ និង ២០២១។

Solar electric panels are shown installed on the roof of the Hanover Olympic building, the first building to offer individual solar-powered net-zero apartments in Los Angeles, California, U.S., June 6, 2017. REUTERS/Mike Blake – RC187B2CDE00

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឲ្យដឹងថា ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទាំង០៤ គម្រោងនេះ គ្រោងដាក់ពង្រាយទៅតាមទីតាំងនៃបន្ទុកប្រើប្រាស់អគ្គិសនី ដូចជា គម្រោងទី១ នៅខេត្តពោធិ៍សាត់ ៣០មេហ្កាវ៉ាត់ គម្រោងទី២ នៅខេត្តបាត់ដំបង៦០មេហ្កាវ៉ាត់ គម្រោងទី៣ នៅខេត្តបន្ទាយមានជ័យ៣០មេហ្កាវ៉ាត់ និងគម្រោងទី៤ នៅបាវិត ខេត្តស្វាយរៀង ២០ មេហ្កាវ៉ាត់ ។

អ្នកនាំពាក្យបញ្ជាក់ថា ពិតមែនតែស្ថានីយផលិត អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យផ្តល់ថាមពលអគ្គិសនីបានតិចតួចក្នុងរង្វង់ ១៨,៥% និងប្រែប្រួលជាប្រចាំទៅតាមស្ថានភាពពន្លឺតិច ឬច្រើន តាមម៉ោងនីមួយៗក៏ដោយ ប៉ុន្តែការអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនេះ ជាការអភិវឌ្ឍមួយដែលយើងអាចធ្វើបានរហ័ស និង មានការគាំទ្រផ្គល់ហិរញ្ញប្បទានច្រើន។

ការអភិវឌ្ឍប្រភពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបន្ថែម គឺពិតជាមានសារៈសំខាន់ និងមានប្រយោជន៍ ដោយវាអាចជួយផ្តល់បន្ថែមប្រភពអគ្គិសនីដើម្បីដោះស្រាយបង្គ្រប់កង្វះខាតសេចក្តីត្រូវការអគ្គិសនីផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុនសម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។

បើតាមអ្នកនាំពាក្យ តាមរយៈគម្រោងនេះ កម្ពុជានឹងទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់ ជួយផ្តល់បន្ថែមប្រភពអគ្គិសនី ដោះស្រាយបង្គ្រប់កង្វះខាតផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។

ពិសេសរាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធប្រមាណជិត ២លានដុល្លារអាមេរិកក្នុង១ឆ្នាំ ជាមធ្យមក្នុងរយៈពេល២១ ឆ្នាំ ដោយមិនទាន់គិតដល់ពន្ធដទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ។

គួរបញ្ជាក់ដែរថា តាមការព្យាករណ៍សេចក្តីត្រូវការអគ្គិសនី សេចក្តីត្រូវការអគ្គិសនីអាចនឹងកើនពី១៥៣៧ មេហ្កាវ៉ាត់ នៅឆ្នាំ២០១៨ ឡើងដល់២៣០៧ មេហ្កាវ៉ាត់នៅឆ្នាំ ២០២០ ហើយបន្តកើនដល់ ២៨៥៨ មេហ្កាវ៉ាត់ នៅឆ្នាំ២០២១ ។ ដូច្នេះ ប្រសិនបើគិតចាប់ពីចុងឆ្នាំ២០១៨ មកសម្រាប់ឆ្នាំ២០២០ យើងត្រូវបន្ថែមប្រភពអគ្គិសនីថ្មីចំនួន ៧៧០ មេហ្កាវ៉ាត់ទើបគ្រប់គ្រាន់ រួចសម្រាប់ឆ្នាំ២០២១ យើងត្រូវបន្ថែមប្រភពអគ្គិសនីថ្មីបន្ថែមពីលើថែមទៀតឲ្យដល់ ១៣២១ មេហ្កាវ៉ាត់ ទើបគ្រប់គ្រាន់៕