All posts by មេគង្គ ប៉ុស្តិ៍

ស្តេច​ប្រដាល់ Pacquiao នឹង​ឡើង​សង្វៀន​ម្ដងទៀត​នៅ​ថ្ងៃទី​១៩ មករា នេះ​

​កីឡា ៖ កីឡាករ Manny Pacquiao ស្តេច​ប្រដាល់សកល​ហ្វីលីពីន វ័យ ៣៩​ឆ្នាំ នឹង​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​ទម្ងន់​មធ្យម WBA របស់ខ្លួន​ជាមួយ​កីឡាករ Adrien Broner នៅ​ទី​រដ្ឋ Las Vegas នា​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ ខាងមុខ​។​

​គួរ​បញ្ជាក់ថា Pacquiao ប្រកួត​ឈ្នះ​៦០ ចាញ់​៧ និង​ស្មើ ២ វាយ​គូប្រកួត​ឲ្យ​សន្លប់ ៣៩​លើក ខណៈ Broner អ្នក​ប្រដាល់​ជនជាតិ​អាមេរិក ប្រកួត​ឈ្នះ​៣៣ ចាញ់​៣ និង​ស្មើ​១ វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន ២៤​លើក​។​

Pacquiao បាន​និយាយថា​: “​ខ្ញុំ​បាន​ខកខាន​ការប្រកួត Las Vegas រយៈពេល​២​ឆ្នាំ​ហើយ​។ ការវិលត្រឡប់​មកកាន់​សង្វៀន MGM Grand Garden Arena របស់ខ្ញុំ​ដើម្បី​ការពារ​ខ្សែក្រវ៉ាត់ ពិភពលោក​របស់ខ្ញុំ​ពេល​តតាំង​ជាមួយ Adrien Broner ហើយ​វា​គឺជា វិធី​ដ៏​គួរឱ្យ​រំភើប​មួយ​សម្រាប់​ការវិលត្រឡប់​របស់ខ្ញុំ​៕

​គ្រោះថ្នាក់​ទៀតហើយ រថយន្ត​៥​គ្រឿង​បុក​បន្តកន្ទុយ​គ្នា នៅ​ផ្លូវ​ចំណោទ​លោកយាយ​ម៉ៅ​

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ចំនួន​៥​គ្រឿង បើក​បុក​បន្តកន្ទុយ​គ្នា បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រងរបួស ក្នុងនោះ​របួសធ្ងន់​៤​នាក់ បន្ទាប់ពី​រថយន្ត​ធន់​ធំ​ដឹក​ឥដ្ឋ​បុក​ចុះ​ចំណោទ លឿន​ជ្រុល​បុក​រះ​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង ២​និង​១០​នាទី រសៀល ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ នៅតាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១០៦-១០៧ ចំណុច​ស្ពាន​អូរ​គគីរ ស្ថិតក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ។

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​លើក​នេះ ផ្តើមចេញពី​រថយន្ត​ធុន​ធំ​ដឹក​ឥដ្ឋ​មួយគ្រឿង បើក​ចុះ​ចំណោទ លឿន​ជ្រុល​ទៅបុក​រះ​រថយន្ត​ផ្សេងទៀត​ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង បណ្តាល​ឲ្យ​មនុស្ស ៥​នាក់​រងរបួស​។​

​នេះ​ជា​លើក​ទី​ពីរ​ហើយ នៅ​ក្នុ​សប្តាហ៍​ទីមួយ នៃ​ខែមករា ដើមឆ្នាំ​២០១៩ ខណៈដែល គ្រោះថ្នាក់​លើកទីមួយ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៣ ខែមករា បណ្តាល​រថយន្ត​ចំនួន ១៧​គ្រឿង បុក​រះ​បន្ត​គ្នា​៕

ប៉ូលិស​សេដ្ឋកិច្ច​ខេត្តក្រចេះ ចាប់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​៣​គ្រឿង ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​

ខេត្តក្រចេះ​៖ ចាប់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​ចំនួន​៣​គ្រឿង ដែល​ប៉ុនប៉ង​ដឹកចេញទៅ​ប្រទេស​វៀតណាម ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ ចាប់​ប្រគល់​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាមផ្លូវ​ច្បាប់​។

​ករណី​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​នេះ ធ្វើឡើង​នៅ​យប់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ ដោយ​រថយន្ដ​ចំនួន​២​គ្រឿង ឃាត់​នៅ​ចំណុច ឃុំ​បុស​លាវ និង​១​គ្រឿង​ទៀត ឃាត់​នៅ​ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត បាន​ឲ្យ​ដឹងថា រថយន្ដ​២​គ្រឿង​នគរបាល​សេដ្ឋកិច្ច​ជា​អ្នក​ឃាត់​ប្រគល់ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​១​គ្រឿង​ទៀត​នគរបាល​សេដ្ឋកិច្ច​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាបបាន​។ រថយន្ដ​ទាំងនោះ ដឹក​ទ្វារ​បង្អួច ដឹកឈើ​កកោះ ឈើ​ធ្នង់​ជាច្រើន​សន្លឹក និង​១​គ្រឿង​ទៀត​ដឹកឈើ​ឈ្លីក​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​រូបនោះ​បន្ដទៀតថា បច្ចុប្បន្ន​រថយន្ដ​ទាំង​៣​គ្រឿង​នោះ ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​នាំយកទៅ​រក្សាទុក​នៅ​ស្ថានីយ​បណ្ដុះ​កូនឈើ​ខ្សា ដើម្បី​ចាត់ការ​តាមច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ​៕


ឈ្មួញ​រិះគន់​លោក សាំង ណន មេ​គយ​ចល័ត​ក្រុង​ប៉ោយប៉ែត យ៉ាង​ចាស់ដៃ​

​ប៉ោយប៉ែត ៖ លោក សាំង ណន កំពុង​រង​កា​រិះគន់ថា បាន​យក​តួនាទី​ជា​មេគ​មេ​គយ​ចល័ត​ឈរជើង​នៅ​ចំណុច​ផ្លូវ​៥០​ភូមិ​កូនដំរី​ស សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ​ ឃុ​ប​ឃិ​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​ធំៗ ដោយ​មិន​ចាត់វិធានការ​បង្ក្រាប​នោះឡើយ ខណៈ ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​រថយន្ត​តូច ធំ ជា​ថ្នូរ​នឹង​ប្រាក់​សំណូក​។ នេះ​បើតាម​ការបញ្ជាក់ ពី​មន្ត្រី​ព្រំដែន​មួយរូប​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

​ប្រភពព័ត៌មាន​នេះ បាន​ឲ្យ​ដឹងថា នៅពេល​ឈ្មួញ​តូចតាច​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​បន្តិចបន្តួច គឺ​ត្រូវ​លោក សាំង ណន ប្រើ​អំណាច​គាប​យកលុយ​យ៉ាង​ចាស់ដៃ​មិន​លើកលែង​ឡើយ​។​សួ​ម្បី​តែ​ក្រុម​ឈ្មួញ​ដឹក​ត្រី​ក្លាសេ​តាម​រថយន្ត​ពី​ប្រ​ទេ​ថៃ​ចូលមក​កម្ពុជា​យកទៅ​ធ្វើ​ម្ហូប​ឬ​ឲ្យ​ក្រពើរ​ស៊ី​ក៏​ក្រុម​គយ​ចល័ត​របស់លោក​សាំង​ណន​សក​ទាក់​ចាប់​បង់ប្រាក់​ដែរ បច្ចុប្បន្ន​លោក សាំង ណន កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​វិក្កយបត្រ ឬ​គល់បញ្ជី​សំរាប់​បញ្ជាក់​ពី​ចំណូល​ចូល​រដ្ឋ​នោះទេ​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ទោះបីជា​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​ត្រូវ​បង់ប្រាក់​ក្រោម​តុ ដែល​ក្រុម​លោក​គយ​ហៅថា លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក សម្រាប់​ទុក​ជូន​លោក សាំង ណន ដែរ បើ​មិន​ដូច្នេះ​ទេ គឺ​មិនអាច​ដឹក​ឆ្លង​កាត់មុខ​លោក​បាន​ដោយ​ងាយ​នោះឡើយ​។

​ព័ត៌មាន​ដែល​ទទួលបាន​ពី​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ថ្នាក់លើ​កំពុង​ពិនិត្យ ករណី​លោក សាំង ណន ដែល​ល្បីល្បាញ​ថា កំពុង​បង្កើន​សកម្មភាព​គាប​យកលុយ​ពី​ឈ្មួញ​យ៉ាង​ចាស់ដៃ​តាម​រូបភាព​ផ្សេងៗ ហើយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ បើកដៃ​ឲ្យ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​បញ្ជូន​ទៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ ដោយ​ពុំមាន​វិក្កយបត្រ ឬ​បិទ​តែម​កំណត់សំគាល់​ការបង់ពន្ធ​ជូន​រដ្ឋ​នោះឡើយ ហើយ​បើទោះជា​មានការ​បង់ពន្ធ ក៏​ទំហំ​ទឹកប្រាក់​មិន​ត្រឹមត្រូវ​តាម​ចំនួន​មុខទំនិញ​នោះដែរ គឺ​គេ​ហៅថា បន្លំ​តម្លៃ​ពន្ធ​តែម្តង​។​

​ប្រភព​នេះ​បន្ថែមថា ក្រុមមន្ត្រី​គយ​ក្រោម​ឱវាទ​របស់លោក សាំង ណន កំពុង​បង្កើន​ភាពអនាធិបតេយ្យ ខណ​:​ក្រុម​ឈ្មួញ​ដឹកទំនិញ​ឆ្លងកាត់​កុងត្រូល​ដោយ​ខកខាន​មិនបាន​ចូល​បង់ប្រាក់ គឺ​លោក សាំង ណន បាន​បញ្ជា​ឲ្យ​កូនចៅ​បើករថយន្ត​ប្រដេញ​ដូច​ដេញ​ចាប់ចោរ​ប្រសេចប្រសាច មិន​ថា​យប់ មិន​ថា​ថ្ងៃ​ទេ ធ្វើ​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ រិះគន់​តិះដៀល​ពេញមាត់ៗ​ថា លោក​គយ សាំង ណន ដ៏​មហិមា សកម្ម​នឹង​ការងារ​ខ្លាំងណាស់ តែ​មិនមែន​យកលុយ​ចូល​រដ្ឋ​ទេ គឺ​ចូល​ហោប៉ៅ​។​

​ប្រភពព័ត៌មាន​បន្តថា ករណីខ្លះ លោក សាំង ណន បាន​បញ្ជា​ឲ្យ​កូនចៅ រាប់​ក្បាល​ឡានក្រុង​ដែល​ដឹក​ផ្លែឈើ​ចេញពី​ក្រុង​ប៉ោយប៉ែត ឆ្លងកាត់​ស្នាក់ការ​គយ​ចល័ត ក្នុង​មួយ​រថយន្ត​ត្រូវ​បង់​ចំនួន ២០​ម៉ឺន​រៀល​។ ចំណែក​រថយន្ត​ប្រភេទ សាំ​យ៉ុង ចំនួន​១០​ម៉ឺន​រៀល រីឯ​រថយន្ត​ម៉ាក​កាមរី ពីរ​៥​ម៉ឺន​រៀល ឡើងទៅ​។

​ប្រភព​ដដែល​បន្តថា បច្ចុប្បន្ននេះ នៅ​ក្រុង​ប៉ោយប៉ែត មាន​កុងត្រូល​តាម​ដងផ្លូវ​ជាតិ​ជាច្រើន​កន្លែង​មាន ដូចជា គយ​ចល័ត នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​ថ្នាក់​ក្រសួង ដែល​លប​ដាក់​ក្នុង​ពេលយប់ ហើយ​បង្ខំ​ទារប្រាក់​ក្រៅច្បាប់​ពី​ក្បាល​ឡាន​ដឹកទំនិញ និង​ផ្លែឈើ​យ៉ាង​ចាស់ដៃ គ្មាន​ស្តាប់​ការ​អង្វរក​របស់​អាជីវក​រ​ឡើយ ហើយ​បើទោះបីជា បាន​បង់ពន្ធ​រួចហើយ​ក្តី ក៏​ចៀស​មិន​ផុត​លោក​គយ​តម្រូវ​ឲ្យ​បង់លុយ​ក្រោម​តុ ជា​ថ្លៃ​បាយ ថ្លៃ​ទឺ​ក​តែ សម្រាប់​ជូន​ក្រុម​គយ​លោក សាំង ណន ដែរ​។​

នៅ​រសៀល​ថ្ងៃទី​៥ ខែមករា នេះ មេគង្គ​ប៉ុស្តិ៍ មិនអាច​សុំ​ការពន្យល់​ពី​លោក សាំង ណន បានទេ ពាក់ព័ន្ធ​នឹង​ការរិះគន់​ខាងលើនេះ ។ យ៉ាងណាក៏ដោយ មេគង្គ​ប៉ុស្តិ៍ រង់ចាំ​ការឆ្លើយតប​ជា​វិជ្ជមាន​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​៕

ប៉េអឹមចាប់​រថយន្ត​ដឹកឈើ​ពីរ​គ្រឿង និងមនុស្ស​៤​នាក់​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​មេព្រៃ​ក្រវ៉ា​ញ​

​ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ចំនួន​០៤​នាក់ ព្រមទាំង​រថយន្ត​ចំនួន​២​គ្រឿង ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ សុខឿន ស្នងការរង ស្នងការដ្ឋាន​បច្ចេក ទេស​សន្តិសុខ​កងរាជអាវុធហត្ថ ចុះបង្ក្រាប​បន្ទាប់ពី​រក​ឃើញថា ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​លិខិតអនុញ្ញាត​។​

​សូម​ជំរាប​ដែរ​ថា ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៧ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​នៅ​ចំណុច​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍ សាត់​ដោយ​ឃាត់​បាន​រថយន្ត​ម៉ាក​រ៉េវ​ចំនួន​០២​គ្រឿង ដឹកឈើ​ប្រភេទ​(​រាជ​កុល​)​ចំនួន​១១​កំណាត់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​និង​វត្ថុតាង ត្រូវបាន​ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំក្រវាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​រំលោភ​សេ​ពស​ន្ថវៈ​លើ​ក្មេងស្រី​អាយុ​៧​ឆ្នាំ​នៅ​ស្រុក​ស្នួល​

ខេត្តក្រចេះ ៖ សមត្ថកិច្ច​ស្រុក​ស្នួល​បាន​ឃាត់ខ្លួន​បុរស​ល្មោភកាម​ម្នាក់​ពាក់ ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​ទើបតែ​៧​ឆ្នាំ​នៅ​ចំណុច​ភូមិ​តា​ពុំ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​ពី​ល្ងាច​ថ្ងៃទី​០៤​ខែមករា ឆ្នាំ​២០១៩​នេះ​។​

​សមត្ថកិច្ច​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ញឹម​វណ្ណដា (​ហៅ​ញោម​)​ភេទ​ប្រុស​អាយុ ៥៦​ឆ្នាំ​រស់នៅ​ក្នុងភូមិ​តា​ពុំ ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល​ខេត្តក្រចេះ​បានធ្វើ​សកម្មភាព​រំលោភ​កុមារី​រងគ្រោះ​ឈ្មោះ ខ ន អាយុ ៧ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ​ខាងលើ​រហូត​បានសម្រេច ១​លើក ខ​ណះ​ពេលដែល​ក្មេងស្រី​រងគ្រោះ​ដើរទៅ​ងូតទឹក​ខាងក្រោយ​ផ្ទះ ហើយ​ត្រូវបាន​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​រំលោភ​ទៅលើ​ក្មេងស្រី​រងគ្រោះ​រហូត​បាន​សម្រេច​តែម្តង​។​

​សមត្ថកិច្ច​រូប​នោះបាន​បន្តទៀតថា ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ពី​លោក​មេភូមិ​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ជ្រះ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​តែម្តង​។

​ក្រោយ​កម្លាំង​នគរបាល​បាន​សាកសួរ​ជនសង្ស័យ​រួច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេងស្រី​រងគ្រោះ​នោះ​ប្រាកដ​មែន​។​

​ក្រោយពី​កេ​ី​ត​ហេតុ ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ឪពុកម្ដាយ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​ភ្លាមៗ ។​

​បច្ចុប្បន្ននេះ​បុរស​ល្មោភកាម​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុ​ស្ត​៌​នរគ​បាល​ឃុំ​ស្វាយ​ជ្រះ​ដេ​ី​ម្បី​កសាង​សំណុំរឿង​ទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ដ​៕

តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» និង​គ្រូពេទ្យ​វះកាត់​ម្នាក់

ភ្នំពេញ ៖ អ្នកស្រី ហូ​វ ដា​ណេ ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» និង​ស្ត្រី​ម្នាក់ទៀត ដែលជា​គ្រូពេទ្យ​ផ្នែក​​វះកាត់​កែសម្ភស្ស ​ប្រចាំ​គ្លីនិក​ដែលមាន​ទីតាំង​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​ចៅក្រម​ស៊ើបសួរសាលាដំបូង​រាជធានី ភ្នំពេញ លោក ម៉ុង មុនី​សោភា ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​អ្នក​ទាំង​២ ដាក់ពន្ធនាគារ​ជា​បណ្តោះ អាសន្ន នា​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ ​នេះ​។  នេះ​បើតាម​បញ្ជាក់​ឲ្យ​ដឹង​ពី លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលា ដំបូង​រាជធានី​ភ្នំពេញ ។

​បើតាម​មន្ដ្រីជាន់ខ្ពស់​ប្រចាំ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» និង​គ្រូពេទ្យ​ខាងលើនេះ ត្រូវ​បញ្ជូនទៅ​ពន្ធនាគារ PJ នា​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ ២០១៩ នេះ​តែម្ដង​។​
​សូមជម្រាបថា ស្ត្រី​ថៅកែ​ហាង​កែ​សម្ផស្ស​«​ឌែ​ម៉ូ​គ្លីនិក​»​អ្នកស្រី ហូ​វ ដា​ណេ និង​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ពៅ ស៊ី​ណាត ដែលជា​គ្រូពេទ្យ​ផ្នែក​វះកាត់​ប្រដាប់ភេទ ប្រចាំ​គ្លីនិក នៅ​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ ២០១៩ ត្រូវ បាន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សឿន មុនី​រ័ត្ន សម្រេច ចោទប្រកាន់​ពីបទ «​គំរាមកំហែង​ហែកកេរ្តិ៍ បទ​កំហែង​យក និង​បទ​ប៉ះពាល់​សិទ្ធិ​ខាង​រូបភាព នៃ បុគ្គល​» រួច​បញ្ជូន សំណុំ​រឿងនេះ ទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​បើតាម​របាយការណ៍ បាន​ឲ្យ​ដឹងថា ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» ឈ្មោះ ហូ​វ ដា​ណេ ជា ស្ត្រី​មេម៉ាយ​កូន​២ ទើបតែ​ចូល​រោងការ​ជាថ្មី ជាមួយ​សេដ្ឋី​ថៃ វ័យក្មេង​ម្នាក់​ឈ្មោះ Thammarat Thurathong នៅក្នុង​វីឡា​ដ៍​ស្កឹមស្កៃ​មួយ ស្ថិតនៅក្នុង​បុរី វិមាន​ភ្នំពេញ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​។

​គួររំលឹកថា កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​រសៀល​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩ បាន ចុះ​ឃាត់ខ្លួន​កូនប្រសារ​សេដ្ឋី​ថៃ ម្ចាស់​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» ដែល​ទើប​រៀបការ​បាន​ពីរ​ថ្ងៃ ពោល​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ក្រោយ​មាន​បណ្ដឹង​រឿង​ជំរិត​ទារប្រាក់​ពី​អតិថិជន ដែល​បាន ចូលទៅ​ទទួល​សេវា​កែ​សម្ផស្ស​។ ការដាក់​ពាក្យបណ្ដឹង​នេះ​បន្ទាប់ពី​ជនរងគ្រោះ បាន​ចូលទៅ​កែ សម្ផស្ស​នៅក្នុង​គ្លីនិក​ខាងលើ ហើយ​ត្រូវបាន​ម្ចាស់​គ្លីនិក​រៀបចំ​បង្កប់​កាមេរ៉ា ថត​សកម្មភាព​កែ សម្ផស្ស ដែល​ក្នុងនោះ​រួមមាន ទាំង​ការកែរ​កេរ​ភេទ​ផងដែរ​៕

អាជ្ញាធរ ណែនាំ​ឲ្យ​ពង្វាង​ចរាចរណ៍​ក្នុង​ទិវា​បុណ្យ​៧​មករា ជុំវិញ​ពហុ​កីលដ្ឋាន​អូឡាំពិក​

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ បាន​សេចក្ដី​សេចក្ដី​ជូន ដំណឹង ស្ដីពី​ការបញ្ចៀស​ចរាចរណ៍​ក្នុងអំឡុងពេល​ប្រារព្ធ បុណ្យខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​តំបន់​ជុំវិញ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩​។​

​សេចក្ដីជូនដំណឹង​ដដែល​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការបញ្ចៀស​ចរាច​រណ៍ ជុំវិញ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់ពី​ម៉ោង ៦​ព្រឹក រហូតដល់​កម្មវិធី​នៃ​ទិវា​នេះ ត្រូវបាន​បញ្ចប់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​ទាំងអស់ យោគយល់​អធ្យាស្រ័យ និង​ចូលរួម​អនុវត្តតាម​ការជូនដំណឹង​ខាងលើ ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព ពិសេស​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរណ៍​។​

​សូមជម្រាបថា បុណ្យខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ​៧​មករា ឆ្នាំ​២០១៩ នឹងមាន​អ្នកចូលរួម​ប្រមាណ ៤​ម៉ឺន​នាក់ មកពី​អ្នកពាក់ព័ន្ធ​គ្រប់​ស្ថាប័ន និង​ប្រជាពលរដ្ឋ​គ្រប់ទិសទី​៕

រដ្ឋមន្ត្រីក្រសួង​ដែនដី ជំរុញ​ការគ្រប់គ្រង​ប្រព័ន្ធ​សម្រោះ​ទឹកស្អុយ​

​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចាប់ផ្តើម​គ្រប់គ្រង​សំណង់​ទាំងអស់​ឲ្យ​មាន​ប្រព័ន្ធ​ចម្រោះ​ទឹកស្អុយ ហើយ​ណែនាំ​ឲ្យ​មន្ត្រីក្រោមឱវាទ មុននឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​សាងសង់ ត្រូវ​ភ្ជាប់​ជាមួយ​ឯកសារ​សំខាន់​១ គឺ​ប្លង់​គំរូ​ប្រព័ន្ធ​លូ​សម្រាប់ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជាមុនសិន ទើប​ក្រសួង​អនុញ្ញាត​ចេញ​ច្បាប់​សាងសង់​។

ការធ្វើ​ដូច្នេះ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក​កខ្វក់ ហូរ​ចូល​ដោយផ្ទាល់​ទៅក្នុង​ទន្លេ ស្ទឹង បឹងបួរ និង​សមុទ្រ នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ នឹង​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​ងូតទឹក​លេង​កម្សាន្ត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​៣ មករា ឆ្នាំ​២០១៩​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អះអាងថា ប្រសិនបើ​ប្រធាន​មន្ទីរ ឬ​មន្ត្រីក្រោមឱវាទ​រូប​ណា ហ៊ាន​ចុះហត្ថលេខា​ដោយ​ពុំបាន​សិក្សា​ពី​បច្ចេកទេស​នៃ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អុយ​នេះ នឹងត្រូវ​ប្រឈម​ការទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​៕

រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ហាម​មិន​ឲ្យ​យក​រថយន្ត​ស្លាក​លេខ​រដ្ឋ​ចូល​ក្លឹប​កម្សាន្ត​

​ភ្នំពេញ ៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង មិនត្រូវ​ប្រើប្រាស់​ទោចក្រយានយន្ត និង​យានយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​របស់​ក្រសួង ក្រៅពី​ម៉ោង​ដែល​ខ្លួន​បំពេញការងារ​ឡើយ ជាពិសេស​កន្លែង​សប្បាយ​គ្រប់​ប្រភេទ រួមមាន​ក្លឹប​កម្សាន្ត កន្លែង​ខារ៉ាអូខេ និង​កន្លែង​ម៉ាស្សា​ជាដើម​។

​ក្នុង​សេចក្តីណែនាំ​មួយ​ចុះហត្ថលេខា​ដោយ​លោក អ៊ុក រ៉ាប៊ុន កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨
​បាន​ឲ្យ​ដឹងថា មិនត្រូវ​អនុញ្ញាតឱ្យ​អ្នកដទៃ​ប្រើប្រាស់​ទោចក្រយានយន្ត និង​យានយន្ត ដែលមាន​ស្លាក​លេខ​រដ្ឋ ក្នុង​គោលបំណង​ផ្សេង​ដែល​មិន​ពាក់ព័ន្ធ​ទៅនឹង​ការបំពេញភារកិច្ច​រប​ស់​ខ្លួន​ឡើយ​៕

ក្រុង​សៀមរាប ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នៅ​ពាក់កណ្តាល​ខែមករា នេះ​

​សៀមរាប ៖ សមាជិក​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នឹង​មកជួប​ប្រជុំគ្នា​នៅ​ក្រុង​សៀមរាប​នៅ​ថ្ងៃទី​១៥ ខែ មករា ឆ្នាំ ២០១៩ ដោយមាន​ជាង ១០​ប្រទេស​ចូលរួម និង​មាន​ជិ​ក​សរុប​ជាង ៣០០​នាក់​។ នេះ បើតាម​ការ បញ្ជាក់​ពី​គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័​ត៍​មាន ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក ថ្ងៃទី​៤ មករា​នេះ​។​

ក្នុងឱកាស​នៃ​ពិធី​ផ្តល់​ព័​ត៍​មាន​បឋម​ដល់​អ្នក​សារ​ព័​ត៍​មាន​កាលពី​ព្រឹក​មិញ លោក ប៉ៃ សំបូរ ប្រធាន​គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័​ត៍​មាន និង លោក ឯក ថា អនុប្រធាន​គណៈ កម្ម​ការ​ឲ្យ ដឹង ថា កម្ពុជា ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​បាន​អញ្ជើញ​បណ្តា ប្រទេស​នានា​ដែល ជា​សមាជិក​ឲ្យ​មក​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ហើយ អាចមាន​ប្រទេស​ជាង ១០​នឹង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ដែល នឹងមាន​សមាជិក​សរុប​ជាង ៣០០ នាក់​។

លោក​ថា កិច្ចប្រជុំ​នេះ​បាន​ផ្តោតទៅលើ​បញ្ហា​វប្ប ធម៌ ខណៈដែល​កម្ពុជា​បានជា​ប់​ឈ្មោះ ជា​មហាអំណាច​ខាង​វប្បធម៌​នៅ​អាស៊ី ដែលមាន ប្រសាទ​បុរាណ​ជាង ១​ពាន់​ប្រាសាទ និង​មួយ ចំនួន បានដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ ពិភពលោក​រួចទៅហើយ​។

ក្រៅពីនេះ​កម្ពុជា​ក៏មាន​សម្បត្តិ​វប្បធម៌​ទាំង​រូបិយ និង​អ​រូបិយ ជាច្រើន​ទៀត ដែលជា​ហេតុ​នាំ​ឲ្យ កម្ពុជា ក្លាយទៅជា​មហាអំណាច​ខាង​ផ្នែក​វប្បធម៌​នៅ​អាស៊ី​។​

​លោក​ថា ឲ្យ​ដឹងថា សមាជិក​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី គឺជា​សមាជិក​នៃ​សន្និសីទ អន្តរជាតិ នៃ បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី ដែលមាន ៥២​ប្រទេស ហើយ​ក្រុមប្រឹក្សា វប្បធម៌​អាស៊ី នេះ ពេលនេះ ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ ជា​ដៃគូ​សហ ប្រតិបត្តិការ តាមរយៈ សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី ដែលមាន សមាជិក​ចំនួន ៣៥២​គណ បក្ស រួមទាំង​គណបក្ស​កំពុងកាន់​អំណាច និង​គណបក្សប្រឆាំង មកពី ៥២​ប្រទេស​នៅ​អាស៊ី​។​

សូម​ជម្រាបជូន​ថា ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​លើក កម្ពស់ ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក និង​ការផ្លាស់ប្តូរ​វប្បធម៌​ក្នុងចំណោម​បណ្តា​ប្រទេស​ជា សមាជិក លើកកម្ពស់​សាមគ្គីភាព​ក្នុង​ភាព​សម្បូរបែប លើកកម្ពស់​សម្បត្តិ​វប្បធម៌​ជា​ប្រភព​នៃ​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការ​ផ្សារ​ភា្ជ​ប់​អារ្យធម៌ និង​កសាង​ទ្វីបអាស៊ី​មួយ ប្រកបដោយ​សុ​ខុ​ដុម​៕

​អាជ្ញាធរ​រាជធានី ៖ គ្មាន​ការរុះរើ​ផ្សារ​ដើម​គរ​ទេ តែ​អ្នកលក់​បន្លែ ផ្លែឈើ ត្រូវ​ប្តូរ​ទៅ​លក់​នៅ​តំបន់​បឹង​តា​មោក​

​ភ្នំពេញ ៖ អភិបាលរង​រាជធានី​ភ្នំពេញ​លោក នួន ផា​រ័ត្ន បានបញ្ជាក់​នៅថ្ងៃនេះ​ថា សាលា​រាជធានី​ភ្នំពេញ មិនមាន​គម្រោង​វិនិយោគ រឺ​រុះរើ​ផ្សារ​ដើម​គរ​នោះឡើយ ប៉ុន្តែ រាល់​ការលក់​បន្លែ ផ្លែឈើ​ទាំងអស់ ត្រូវ ប្តូរ​ទៅ​លក់​នៅ​តំបន់​បឹង​តា​មោក​ជំ​នូ​ស​វិញ គ្រា​ដែល​ក្រុង នឹង​បង្កើត​ផ្សារ​បន្លែ ផ្លែឈើ​នៅ​ទីបឹង តា​មោក​។ ការបង្កើត​ទីតាំង​លក់​បន្លែ ផ្លែឈើ​បោះ​ដុំ​នៅ​ទីនោះ គឺ​ដើម្បី​ធ្វើ​ការរំដោះ​ការកកស្ទះ ចរាចរណ៍​នៅ​ផ្លូវ​មុនី​រ៉េត និង​ផ្លូវ​ម៉ៅ​សេទុង និង​រក្សា​សោ​ភ័​ណ្ឌ​ភាព​បរិស្ថាន​។

​ការចេញមុខ​មក​បញ្ជា​ក់ថា មិនមាន​ការរុះរើ​ផ្សារ​ដើម​គរ​នាពេលនេះ នៅ​គ្រា​ដែល មាន ការ បំផុស ព័ត៌មាន​ថា សាលា​រាជធានី​ភ្នំពេញ ចង់យក​តំបន់​ផ្សារ​ដើម​គរ​មក​ធ្វើការ​វិនិយោគ ជា​ផ្សារ ទំនើប​។

អភិបាលរង​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​ខាងលើនេះ និង បាន​អះអាងថា អាជ្ញាធរ​គ្មាន​គម្រោង​ក្នុង​រុះរើ​ផ្សារ​ដើម​គរ​នោះឡើយ​។

ប៉ុន្តែ​រាល់​ការលក់ដូរ បន្លែ ផ្លែឈើ​ផ្សេងៗ​នៅតាម​ដងផ្លូវ​នឹងមិន​អនុញ្ញាត​ទៀតឡើយ ដោយ​អាជីវ ករ​ទាំងនោះ​នឹងត្រូវ​បង្វែរ​ឲ្យ ទៅ​លក់ដូរ​នៅ​ទីតាំង​ថ្មី ក្នុង​តំបន់​បឹង​តា​មោក​ជំនួស​វិញ​។ កាលពី​ថ្ងៃទី​០២ សីហា​កន្លងទៅ រាជ​រដ្ឋា ភិ​បាល​បានចេញ ស​.​ជ​.​ណ បង្កើត​ផ្សារ​លក់​បន្លែ ផ្លែឈើ បោះ​ដុំ​លើ​ផ្ទៃដី​២០​ហិកតា បឹង​តា​មោក ដើម្បី​សម្រួល​ការកកស្ទះ​នៅ​ជុំវិញ​ផ្សារ​ដើម​គរ​។

លោក​អភិបាលរង បញ្ជាក់ទៀតថា អ្វីដែល​អាជ្ញា ធរ កំពុង​ធ្វើ ឬ អ្វីដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុងធ្វើការ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​រៀប ចំ ការសាងសង់​ផ្សារ​មួយ នៅ​បឹង​តា​មោក ដែលជា​ផ្សារ​លក់​បោះ​ដុំ បន្លែ ផ្លែឈើ និង​ជា​ចំណត រថយន្ត​។

មូលហេតុ​ដែល​យើង​ត្រូវ​រៀបចំ ដោយសារ​យើង​មាន​តម្រូវ​ការចាំបាច់ មួយចំនួន​នៅក្នុង ក្របខណ្ឌ​រាជធានី​ភ្នំពេញ ត្រូវមាន​ទីតាំង​មួយ​សមស្រប សម្រាប់​ការបោះ​ដុំ បន្លែ និង​ផ្លែឈើ គ្រប់ ប្រភេទ សម្រាប់​ផ្គត់ផ្គង់ ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​រៀបចំ ធ្វើជា​ចំណត់​សមស្រប ។

​លោក នួន ផា​រ័ត្ន បាន​ឲ្យ​ដឹង​ទៀតថា កន្លងមកនេះ ដោយសារតែ​យើង មិនទាន់មាន​ទីតាំង ធ្វើ​អា​ជី វ កម្ម បោះ​ដុំ បន្លែ និង​ផ្លែឈើ​នេះ គឺ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បានធ្វើ​ការលក់​បោះ​ដុំ បន្លែ​ផ្លែ ឈើ ទៅតាម​ដងផ្លូវ និង​ប្រើប្រាស់​ទ្រូងផ្លូវ និង​ច​ញ្ចើ​ម​ផ្លូវ សាធារណៈ ដែល​បង្ក​ឲ្យ​មានការ​កក ស្ទះ ចរាចរ និង​បង្ក​ជា​បញ្ហា​បរិស្ថាន អនាម័យ និង​បញ្ហា​ផ្សេងៗ​ទៀត ផងដែរ​” ។

ការរៀបចំ​បង្កើត ផ្សារ លក់​បន្លែ ផ្លែឈើ បោះ​ដុំ នៅលើ​ផ្ទៃដី​២០​ហិកតា នៅ​បឹង​តា​មោក​នេះ ដើម្បី​ឲ្យ​អាជីវករ ដែល​មិន មាន ទីតាំង​ត្រឹមត្រូវ ប្រកប​អាជីវកម្ម​របស់ខ្លួន ឲ្យ​មាន​របៀបរៀបរយ ដោយឡែក សម្រាប់​អាជីវករ លក់ដូរ នៅក្នុង​ផ្សារ អាចធ្វើ​ការបន្ត​អាជីវកម្ម​របស់ខ្លួន​ជាធម្មតា ដោយ​កុំ​មានការ​ព្រួយបារម្ភ ចំពោះ មតិ លើកឡើង​ណាមួយ ដែល​ផ្ទុយ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

ពិសេស​ទៅ ទៀត​នោះ ការបង្កើត​ផ្សារ​នៅ​ទីតាំង​ថ្មី​ម្តុំ​បឹង​តា​មោក គឺ​ដើម្បី​អាជ្ញាធរ​អាចធ្វើ​ការរៀប​ចំ នៅតាម​ដង ផ្លូវ​មុនី​រ៉េត និង​ផ្លូវ​ជុំវិញ និង​ទ្រូងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​មាន សណ្តាប់ធ្នាប់ របៀបរៀបរយ​បានល្អ ជាពិសេស​សម្រួល​ចរាចរណ៍ ក៏ដូចជា​ធានាបាន នូវ​បរិស្ថាន និង​អនាម័យ​តាមផ្លូវ សាធារណៈ​បាន ស្អាត​ល្អ​ផងដែរ​៕

មន្ត្រីស្ថាប័នជំនាញ ផ្អាកសិប្បកម្មអំបិលអ៊ីយ៉ូត២កន្លែង នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ សិប្បមកម្មផលិតអំបិល១កន្លែង ក្នុងចំណោមពីរទីតាំង ត្រូវបានបិទអាជីវកម្ម បន្ទាប់ពីសមត្ថកិច្ចជំនាញកាំកុងត្រូល ចុះធ្វើការពិសោធន៍រកឃើញថា គ្មានគុណភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ដោយមន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីមន្ទីរពិសោធន៍ លោកអភិបាលរងខណ្ឌព្រែកព្នៅ មន្រ្តីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មន្ទីរពាណិជ្ជម្ម រាជធានីភ្នំពេញ បានចុះពិនិត្យសិប្បកម្ម ផលិតអំបិលអ៊ីយ៉ូត ចំនួន២ ទីតាំង ដូចជា ៖

ទីតាំងទី១/. សិប្បកម្មផលិតអំបិលអ៊ីយ៉ូត ស្ថិតនៅផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មន្ត្រីជំនាញបានត្រួតពិនិត្យ និងពិសោធន៍ឃើញមាន ៖ អំបិលអ៊ីយ៉ូតម៉ត់មានជាតិអ៊ីយ៉ូត ៩០ PPM (លើសអ៊ីយ៉ូត) និងអំបិលគ្រោះគ្មានជាតិអ៊ីយ៉ូត។

ក្រោយពីការត្រួតពិនិត្យឃើញថា សិប្បកម្មនេះពុំមានច្បាប់ត្រឹមត្រូវ និងគ្មានអនាម័យ ត្រូវបានគណៈមន្រ្តីជំនាញសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ន និងឱ្យម្ចាស់សិប្បកម្ម បំពេញបែបបទស្នើសុំច្បាប់ អនុញ្ញាត និងរៀបចំសង្វាក់ផលិតកម្ម ឱ្យមានអនាម័យឱ្យបានល្អ។
ទីតាំងទី២/. សិប្បកម្មផលិតអំបិលអ៊ីយ៉ូត ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មន្ត្រីជំនាញបានត្រួតពិនិត្យឃើញមាន ៖ អំបិលអ៊ីយ៉ូតម៉ត់មានជាតិអ៊ីយ៉ូត ២០ PPM (ខ្វះជាតិអ៊ីយ៉ូត), អំបិលគ្រោះមានជាតិអ៊ីយ៉ូត ៧០ PPM (លើសអ៊ីយ៉ូត)។

ក្រោយពីការត្រួតពិនិត្យ ឃើញថាសិប្បកម្មនេះមានច្បាប់ត្រឹមត្រូវ ហើយបានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មឱ្យផលិតប្រកបដោយអនាម័យ និងឱ្យដំណើរការធម្មតា ព្រមទាំងយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល៕

អាជ្ញាធរ ប្រាប់​ឲ្យ​អា​ជី​វិករ​ផ្សារ​ដើម​គរ​ស្ងប់ស្ងាត់ ព្រោះ​គ្មាន​ករណី​ផ្លាស់ប្តូរ​ទីតាំង​ទេ​

​ភ្នំពេញ ៖ សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី​ការរៀបចំ​ផ្សារ​បន្លែ ផ្លែឈើ​បោះ​ដុំ និង​ចំណតរថយន្ត​នៅ​តំបន់​បឹង​តា​មោក ត្រូវបាន​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៤ ខែមករា នេះ ដោយ​ពន្យល់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ពុំមាន​គម្រោង​រុះរើ​ផ្សារ​ដើម​គ ផ្លាស់ប្តូរ​ទៅ​ទីតាំង​ថ្មី​ណាមួយ​ឡើយ​។​

​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​អាជីវករ​ផ្សារ​ដើម​គ រក្សា​ភាពស្ងប់ស្ងាត់ ប្រកប​របរ​ទទួលទាន​ជាធម្មតា និង ផ្តល់​ជំនឿ​ទុកចិត្ត​មកលើ​អាជ្ញាធរ ដែល​យកចិត្តទុកដាក់ ចំពោះ​ជីវភាព​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​លក់ដូរ នៅតាម​ទី​រួម​ផ្សារ​នានា ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​អភិបាលរង​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ពុំមាន​គម្រោង​រុះរើ​ផ្សារ​ដើម​គ ឬ​តម្រូវឱ្យ​អាជីវករ​កំពុង​លក់ដូរ ប្តូរ​ទៅ​ទីតាំង​ថ្មី​ណាមួយ​ឡើយ​។ លោក​ពន្យល់ថា គម្រោង​សាងសង់​ផ្សារ​នៅ​«​បឹង​តា​មោក​» គឺ​សាងសង់​ជា​ផ្សារ ផ្គត់ផ្គង់​បន្លែ ផ្លែឈើ និង ជា​ចំណតរថយន្ត​ប៉ុណ្ណោះ ដើម្បី​ជួយ​សម្រួល​ដល់​ការប្រកប​អាជីវកម្ម ក៏ដូចជា​កាត់បន្ថយ និង ឈានដល់​ការលុបបំបាត់​ការរំលោភ​យក​ចិញ្ចើមផ្លូវ ទ្រូងផ្លូវ​សាធារណៈ បង្ក​ការកកស្ទះ​ចរាចរណ៍ ប៉ះពាល់​ដល់​បរិស្ថាន សណ្តាប់ធ្នាប់ និង អនាម័យ​តាម​ដងផ្លូវ​។​

គួរ​ជម្រាប​ថា យោង​លិខិត​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាល​កម្ពុជា បានសម្រេច​យក​ដី​បឹង​តា​មោក​ស្ថិតក្នុង​សង្កាត់​ព្រែក​ព្នៅ ចំនួន​២០ ហិកតា ធ្វើជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ និង​ចំណតរថយន្ត​។ ជាពិសេស​កន្លែង​ចែកចាយ​បន្លែ​នៅ​ផ្សារ​ដើម​គរ​នឹងត្រូវ​ដូរ​មក​ទីតាំង​ថ្មី​នេះដែរ​៕

​បឹង​តា​មោក​ទំហំ ២០​ហិកតា នឹងត្រួវ​ចាក់ដី​លុប​អភិវឌ្ឍ​ន៍ជា​ផ្សារ​ចែកចាយ​បន្លែ

​ភ្នំពេញ ៖ បឹង​តា​មោក​ស្ថិតក្នុង​សង្កាត់​ព្រែក​ព្នៅ ចំនួន​២០ ហិកតា ធ្វើជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ និង​ចំណតរថយន្ត​។ ជាពិសេស​កន្លែង​ចែកចាយ​បន្លែ​នៅ​ផ្សារ​ដើម​គរ​នឹងត្រូវ​ដូរ​មក​ទីតាំង​ថ្មី​នេះដែរ​។ នេះ​បើ​យោង​លិខិត​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាល​កម្ពុជា​។​

ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​លិខិត​ដោយ​គូសបញ្ជាក់ថា ការសម្រេច​បង្កើត​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ និង​ចំណតរថយន្ត​នៅ​បឹង​តា​មោក​នេះ ទទួលបាន​ចំណារ​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តាំងពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៨​។ ថ្ងៃទី​០២ សីហា ឆ្នាំ​២០១៨ ទើប​ទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើសំណើ​មួយ​ទៅកាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើសុំ​ដី​នៅ​បឹង​តា​មោក​ចំនួន ២០​ហិកតា ដើម្បី​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ និង​ចំណតរថយន្ត​។ ប៉ុន្តែ​លិខិត​នេះ ទើបនឹង​បែកធ្លាយ នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩​នេះ​។​
​ជាការ​កត់សម្គាល់ កន្លងមក​នៅក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ថ្ងៃទី​២២ សីហា​ឆ្នាំ​២០១៧ តារាចម្រៀង ដែល​កំពុងមាន​ឈ្មោះ​បោះ​សំឡេង​នៅក្នុង​ប្រទេស​កម្ពុជា គឺ​កញ្ញា​មាស សុខ​សោភា ធ្លាប់បាន​ស្នើសុំ​ដោយផ្ទាល់​ដល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កុំ​ឲ្យ​លុប​បឹង​តា​មោក​នេះ​។ ការស្នើ​នេះ ក៏ត្រូវ​បាន​លោក​ហ៊ុន សែន បញ្ជាក់ថា បឹង​តា​មោក មិនមែន​គ្រាន់តែ​ត្រូវការពារ​ទេ តែ​ត្រូវ​ជីក​យក​ជម្រៅ ដើម្បី​បង្កើន​ធារទឹក​ថែមទៀត​ផង​។​

​គួរ​រំលឹក​ជូន​ថា បើតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ឆ្នាំ​២០១៦ បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ​នេះ មាន​ផ្ទៃ ៣២៣៩ ហិច​តា​ជា​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ​ដែល មាន​ទីតាំង​ឋិត​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ ជាយ​រាជធានី​ភ្នំពេញ​។ បឹង​នេះ ជា​បឹង​ធម្មជាតិ ហើយក៏​ជា​អាង​ស្តុក​ទឹកធំ​បំផុត​នៃ​រាជធានី​ភ្នំពេញ ខណៈ បច្ចុប្បន្ន​បឹង​មួយចំនួន​ត្រូវបាន​អភិវឌ្ឍ​ទៅជា​ទីក្រុង​រណប អស់ហើយ​។​

​តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា លោក​ផៃ ស៊ី​ផាន អះ​អា​ថា មូលហេតុ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន យល់ព្រម​ឲ្យ​យក​ចំណែក​ខ្លះ នៃ​បឹង​តា​មោក សម្រាប់​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ និង​ធ្វើ​ចំណតរថយន្ត គឺ​ដោយសារ​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ នៅ​ផ្សារ​ដើម​គ​បច្ចុប្បន្ន មាន​សភាព​ចង្អៀត ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​៕