All posts by មេគង្គ ប៉ុស្តិ៍

ហាមឃាត់​ការនាំ​ចូល​ទំនិញ​ថៃ ខណៈ​ភាគី​ថៃ​នៅតែ​មិនឱ្យ​នាំចូល​ទំនិញ​ពី​កម្ពុជា​

​ព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៩​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​លោក​ជា​គឹម​សេង​បាន​បាន​ថ្លែងថា​ទំនិញ​របស់​ថៃ​ត្រូវ​ហាមឃាត់​មិនឱ្យ​នាំចូល​មក​លក់​នៅ​កម្ពុជា​ដូច​បើ​ភាគី​ថៃ​នៅតែ​មិនឱ្យ​នាំចូល​ទំនិញ​ពី​កម្ពុជា​ទៅ​ថៃ​នោះ​។​

លោក​ជា​គឹម​សេង​បាន​បន្តថា​បើសិនជា​សម​ត្ថ​កិច្ច​ថៃ​ប្រចាំ​ច្រក​តំបន់​អានសេះ​នៅតែ​បន្ត​ហាម​មិនឱ្យ​អាជីវករ​ខ្មែរ​នាំយក​មុខទំនិញ​ចំនួន​២៣​ប្រភេទ​ចូលទៅ​លក់​ក្នុង​ផ្សារ​ថៃ​ទៀត​នោះ​ខាង​ភាគី​កម្ពុជា​ក៏​ដាច់ខាត​ហាមឃាត់​ទំនិញ​ជាច្រើន​មុខ​របស់​ថៃ ចូលមក​កម្ពុជា​ផងដែរ​។​

លោក​ជា​គឹម​សេង​បានឱ្យដឹង​យ៉ាងដូច​នេះ​ថា​ដើម្បី​ជាការ​ឆ្លើយតប​ចំពោះ​ភាគី​ថៃ​ដែល​មិនឱ្យ​កម្ពុជា​នាំចូល​នូវ​ទំនិញ​២៣​មុខ​រួមមាន​៖​ល្ពៅ​ខ្ទឹមសរ​ខ្ទឹមក្រហម​ជ្រុ​ញ​អង្រែត្បាល់​ចន្លុស​និង​ផ្សេងៗ​ទៀត​នោះ​ចូលទៅ​លក់​នៅ​ទឹកដី​របស់ខ្លួន​។​លោក​បាន​បញ្ជាក់ថា​«​បើ​ថៃ​ធ្វើបែបនេះ​យើង​ក៏បាន​ធ្វើការ​ហាមឃាត់​ទំនិញ​នាំចូល​ពី​ថៃ​ដូចជា​៖​មាន់​ទា​ជើងមាន់​ផ្លែ​ដូង​ផ្លែឈើ​គ្រប់​ប្រភេទ​បន្លែ​គ្រប់មុខ​ដូចគ្នា​រហូត​មានការ​ចរចា​ទើប​អាច​នាំចូល​បាន​ដូច​ធម្មតា​»​។​

អភិបាលស្រុក​បានបញ្ជាក់​ទៀតថា​មូលហេតុ​ឈានដល់​ការបិទ​ទំនិញ​មិន​ឱ្យចូល​កម្ពុជា​គឺ​ផ្តើមចេញ​ដោយ​ភាគី​ថៃ​បិទ​មិនឱ្យ​អាជីវ​ការ​ខ្មែរ​យើង​នាំ​មើម​ខ្ទឹម​ចូលទៅ​លក់​ក្នុង​ផ្សារ​ថៃ​។​បើទោះបីជា​ភាគី​កម្ពុជា សុំ​ជួបចរចារ​ជាច្រើនលើក​ក៏ដោយ ភាគី​ថៃ តែង​ពន្យា​ពេល​ជួបចរចា​រហូត​។​

ក្នុងនាម​រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត​និង​ក្រោយ​ទទួលបញ្ជា​ពី​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ដោយមាន​ការចូលរួម​ពី​សមត្ថកិច្ច​ពាក់​ព​ន្ធ័​និង​បាន​ដាក់ចេញ​នូវ​បទបញ្ជា​។​

ដោយ​ហាមឃាត់​ទំនិញ​ដែល​នាំចូល​ដោយ​ភាគី​ថៃ​ដូចជា​៖​មាន់​ទា​ជើងមាន់​ផ្លែ​ដូង​ផ្លែឈើ​ក​គ្រប់​ប្រភេទ​បន្លែ​គ្រប់មុខ​ចូលមក​កម្ពុជា​។​លុះត្រា​ណា​មានការ​ចរចា​នាំចេញ​នាំចូល​ដូចគ្នា​។​តែ​យ៉ាងណា​នោះ លោក​បញ្ជាក់ទៀតថា «​ចំពោះ​បញ្ហា​ច្រក គឺ​អត់​មាន​បិទ​នោះទេ​»៕ ដោយ ៖ សារ៉េត​

រដ្ឋបាលខេត្ត​ព្រះវិហារ មមាញឹក​តុបតែង​សោ​ភណ្ឌ​ភាព​ក្នុង​ក្រុង ដើម្បី​អបអរ​ខួប​ទិវា​ជ័យជម្នះ ៧​មករា​

​ព្រះវិហារ ៖ ប្រធាន​មន្ទីរ​សាធារណ​ករ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ លោក សំ លាង​ទ្រី បានបញ្ជាក់​អោយដឹងថា នៅ​ថ្ងៃទី​០៣ មករា​២០១៩​នេះ រដ្ឋបាលខេត្ត​ព្រះវិហារ បាន​នឹង កំពុងតែ​មមាញឹក ក្នុងការ​រៀបចំ​តុបតែង កែរ​លំអរ​ទីសាធារណ​: សួនច្បារ ក្នុង​ក្រុង​ព្រះវិហារ ដើម្បី​អបអរសាទរ ខួប​ទី ៤០ ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ _៧ មករា​ឆ្នាំ​២០១៩ ។​

លោក​បាន​បញ្ជាក់ទៀតថា ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​ការ​រស់​ឡើងវិញ​ដ៏​អស្ចារ្យ​របស់​ប្រជាជន​កម្ពុជា​នោះ ទិវា​ជ័យជម្នះ ៧ មករា ត្រូវបាន​ប្រជាជន​យើង​ទូទាំងប្រទេស​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​នូវ​មហា​គុណូបការៈ​នៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

“​ថ្ងៃជ័យ​ជំនះ ៧ មករា គឺជា​ថ្ងៃកំណើត​ទី ២​របស់​ប្រជាជន​កម្ពុជា មានជ័យ​ជម្នះ ៧ មករា ទើប​ប្រជាជន​កម្ពុ​ជាមាន​អ្វីៗ​សព្វ​យ៉ាង​នៅថ្ងៃនេះ​” ។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​អ្នកណា​អាច​បំភ្លៃ និង​បំផ្លាញ​បានឡើយ​។​

ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ការពារ​អោយបាន​ដាច់ខាត​នូវ​សន្តិភាព សន្តិសុខ និង​ស្ថេរភាព​នយោបាយ យើង​រួមគ្នា​ពង្រឹង​ឯករាជ្យ​ជាតិ ហើយ​ប្ដេជ្ញា​បន្ត​កសាង​ប្រទេសជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕ ដោយ ៖ សារ៉េត

កម្ពុជា នឹង​បង្កើន​ថាមពល​អគ្គិសនី​ឱ្យដល់​ជិត​៣​ពាន់​មេ​ហ្គា​វ៉ា​ត់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​សម្រេច​បង្កើន​លទ្ធភាព​នៃ​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ឲ្យ​ដល់​ជាង ២.៨៧០​មេ​ហ្គា​វ៉ា​ត់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ និង​កំណើន​ការពង្រីក​រោងចក្រ​សហ​គ្រាស​នៅ​កម្ពុជា​។

​លោក វ៉ិ​ច​ទ័​រ ហ្ស៊ូ​ណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹងថា ការពង្រីក​លទ្ធភាព​ផ្គត់ផ្គង់​អគ្គិសនី​នេះ ដោយសារតែ​កំណើន​នៃ​ការប្រើប្រាស់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​កើនឡើង​យ៉ាងច្រើន​លើសពី​ការរំពឹងទុក ពិសេស​ការពង្រីក​គម្រោង​វិនិយោគ​នានា​ទាំង​សំណង់ និង​រោងចក្រ​សហគ្រាស​ដែល​ត្រូវការ​ថាមពល​អគ្គិសនី​ជាច្រើន ហើយ​ចាប់ពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ តទៅ រាជរដ្ឋាភិបាល​ក៏បាន​ត្រៀម​បញ្ចុះតម្លៃ​អគ្គិសនី​ផងដែរ ដើម្បី​ជួយ​សម្រួល​ការចំណាយរ​បស់​ប្រជា ពលរដ្ឋ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅនេះ កម្ពុជា​បាន​ប្រើប្រាស់​ប្រភព​ថា​ម​ម​ពល​អគ្គិសនី​ក្នុង​ទំហំ​ជាង​២៦៥០​មេ​ហ្គា​វ៉ា​ត់ ដែល​បាន​គ្របដណ្តប់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ជាង​៨៣​ភាគរយ​៕

អំបិល​ដែល​នាំចូល​ពី​ចិន ប្រឈម​នឹង​ការផាកពិន័យ និង​បង្ខំចិត្ត​ត្រូវ​លក់​តម្លៃថោក​

​ភ្នំពេញ ៖ សហប្រធាន​សមាគម​ផលិត​អំបិល បាន​ត្អូញត្អែរថា ការនាំ​អំបិល​ពី​ប្រទេស​ចិន ប្រមាណ ១ ម៉ឺន​តោន កំពុង​ប្រឈម​នឹង​ការផាកពិន័យ នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។ ករណី​ផាកពិន័យ​នេះ ដោយ​សារបាន​ជាប់គាំង​នៅលើ​កប៉ាល់ នៅក្នុង​កំពង់ផែ លើស​ការកំណត់​មួយ​សប្ដាហ៍ ខណៈ​រក កន្លែង​ស្តុក​មិនទាន់បាន​។

​ប្រឈម​នឹង​ការផាកពិន័យ​បែបនេះ សមាគម​អ្នក​ផលិត​អំបិល​កម្ពុជា បង្ខំចិត្ត​លក់​អំបិល នៅក្នុង​តម្លៃថោក​ជាង​ទីផ្សារ គឺ​១​បាវ​២​ម៉ឺន​រៀល ដើម្បី​រំដោះ​អំបិល​ដែល​កកស្ទះ​ដ៏​ច្រើនសន្ធឹក និង​ដោយសារតែ​គ្មាន​ជម្រើស​ព្រោះ​តម្លៃ​នៃ​ការផាកពិន័យ​មានតម្លៃ​ខ្ពស់ គឺ​ក្នុង​មួយ​កុងតឺន័រ​ត្រូវ​ពិន័យ​២៤០០០​រៀល ដោយ​បង់​ទៅ​ក្រុមហ៊ុន​ចិន ខណៈ​កំពង់ផែ​របស់​ខ្មែរ​ត្រូវ​បង់ថ្លៃ​ពិន័យ​ដូចគ្នា​ចំនួន ១២០០០​រៀល​។

​សូម​រំឭកថា វិបត្តិ​អំបិល​នៅ​កម្ពុជា​ផ្ដើមចេញពី​កត្តា​អាកាសធាតុ​ធ្វើ​ឲ្យ​ការផលិត​អំបិល​មិន​ទទួលបាន​ផល​គ្រប់គ្រាន់​កាលពី​ឆ្នាំ​២០០៨ ហើយ​ជា​ដំណោះស្រាយ​សមាគម ក៏បាន​សម្រេចចិត្ត​នាំ​អំបិល​ពី​ប្រទេស​ចិន នាពេលនេះ​៕

រថយន្តបុកបន្ត​គ្នា​នៅ​ពេជ្រនិល ស្លាប់​ម្នាក់ របួស​៨​នាក់ និង​ខូច​រថយន្ត​២០​គ្រឿង

​កំពង់ស្ពឺ ៖ មនុស្សម្នា​ក់បាន​ស្លាប់ និង​៨​នាក់​ទៀត​បាន​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍ ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​រវាង​រថយន្ដ​ដឹក​ថ្ម និង​រថយន្ដ​ធុន​តូចធំ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ជិត​ជ្រោះ​ពេជ្រនិល ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នា​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩​នេះ បណ្ដាលមកពី​រថយន្ដ​ដឹក​ថ្ម (​មិនមែន​រថយន្ត​កុងតឺន័រ​) ដាច់​ហ្វ្រាំង​ពេល​កំពុង​ចុះ​ចំណោទ ហើយ​ជ្រុល​ទៅបុក​រះ​រថយន្ដ ២០​គ្រឿង​ផ្សេងទៀត បណ្តាល​ឲ្យ​រង​ការខូចខាត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​គរ​បាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី​៣ មករា នេះ​ថា បញ្ហា​កកស្ទះ​ចរាចរណ៍​ត្រូវបាន​ដោះស្រាយ និង​អាចធ្វើ​ដំណើរ​បាន ទៅជា​ធម្មតា​ហើយ ក្រោយពី​កម្លាំង​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​សម្រួល​នៅ​ទីនោះ​។ យ៉ាងណាក៏ដោយ លោកស្នងការ មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នករងគ្រោះ​ទាំងអស់ រួមទាំងរ​ថយ​នុ្ត​ធុន​ធំ​ដឹក​ថ្ម​ដែល​បង្ក​គ្រើ​ថ្នាក់​នោះ​នៅឡើយ​ទេ​៕

ម្សិលមិញ ចាប់​យានយន្ដ​ល្មើសច្បាប់ ៧៧១​គ្រឿង និង​ពិន័យ ៤៣៦​គ្រឿង

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ កម្លាំង​នគរបាល​ចរាចរណ៍ បាន​ត្រួតពិនិត្យ​យានយន្ដ នៅ​ទូទាំងប្រទេស​ចំនួន​៦,១០៤​គ្រឿង រកឃើញ​ល្មើសច្បាប់ ៧៧១​គ្រឿង (​ម៉ូតូ​៧៦%) អប់រំ​២៧៥ គ្រឿង និង​ផាកពិន័យ ៤៣៦​គ្រឿង​។

​តាម​របាយការណ៍​ផ្លូវការ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា ចំពោះ​ការត្រួតពិនិត្យ​មួកសុវត្ថិភាព និង​កញ្ចក់​នៅ​ថ្ងៃទី​៣ ខែមករា នេះ ត្រួតពិនិត្យ រួម​បាន​ចំនួន ៣,១១០​គ្រឿង​, អប់រំ ១៣៣​គ្រឿង និង​ផាកពិន័យ ៤២១​គ្រឿង​។​

​សូមបញ្ជាក់ថា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ នេះ នគរបាល​បាន ត្រួតពិនិត្យ​យានយន្ត​ចំនួន ១៣,២៥០​គ្រឿង រកឃើញ​យានយន្ត​ល្មើស ១,៧៦០​គ្រឿង (​ម៉ូតូ ៧៧% ) ក្នុងនោះ​អប់រំ​៦៤៥​គ្រឿង និង​ផាកពិន័យ​១,១១៥​គ្រឿង​៕

មន្ដ្រី​ក្រសួងកសិកម្ម បង្ហាញ​ពី​សុទិដ្ឋិនិយម​ពី​វិស័យ​កសិកម្ម​នៅ​ឆ្នាំ​២០១៩

​ភ្នំពេញ ៖ វិស័យ​កសិកម្ម​របស់​កម្ពុជា​កំពុង​បង្ហាញ​ពី​កំណើន​ជា​បណ្ដើរៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាមួយនឹង​រោង ចក្រ​កែ​ច្នែ​ជាច្រើន​ត្រូវបាន​បង្កើតឡើង ខណៈ​ក្តីបារម្ភ​នៅតែមាន​សម្រាប់​វិស័យនេះ​ចំពោះ​ការនាំ ចូល​អង្ករ​ពី​កម្ពុជា​ទៅ​ទីផ្សារ​របស់​សហភាព​អឺរ៉ុប នៅក្នុង​ឆ្នាំ​២០១៩​។​

​លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា បើ​ពិនិត្យ​ទៅ​ឧស្សាហ​កម្មនេះ​ទាំងមូល វិស័យនេះ មាន​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ជាច្រើន​ត្រូវបាន​គេ​រំពឹងថា នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៩ នេះ ដែល​វា​នឹង​ធានា​តម្លៃ​សម្រាប់​កសិករ ដូចជា រោងចក្រ​កែច្នៃ​ផ្លែឈើ​ថ្មី​មួយ រោងចក្រ​កែច្នៃ​ដំឡូង​មី ឃ្លាំង​ស្ដុក​ស្រូវ និង​ឡស​ម្ងួ​ត ជាច្រើន​ដែល​ត្រៀម​រួចហើយ​សម្រាប់​ប្រតិបត្តិ ការ​ពេញលេញ​នៅ​ឆ្នាំនេះ​»​។
​លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន AMRU Rice Co.,Ltd បាន​ឲ្យ​ដឹងថា វិធាន​ការពារ​របស់​សហភាព​អឺរ៉ុប នឹង​ជា​ករណី​រសើប​សម្រាប់​ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ នេះ​។

លោក​បញ្ជាក់ថា វិធាន​ការពារ​នេះ គឺ​នៅតែមាន​ការបារម្ភ​សម្រាប់​ឧស្សាហកម្ម​ស្រូវ​អង្ករ ប៉ុន្តែ​លោក​ជឿជាក់ថា សហភាព​អឺរ៉ុប នឹង​សម្របសម្រួល​លក្ខខណ្ឌ​មួយចំនួន ជាពិសេស​អង្ករ​ក្រអូប​របស់​កម្ពុជា​៕

សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​២​ត្រូវបាន​រដ្ឋសភា​សម្រេច​អនុម័ត

​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​០៣ មករា​នេះ បាន​បើក​សម័យប្រជុំ ដើម្បី​ពិនិត្យ​អនុម័ត​លើ​សេចក្តីស្នើច្បាប់​ចំនួន​ពីរ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង និង​ការបង្កើន​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក ខណ្ឌ ក្រោម​វត្តមាន​ដឹកនាំ ដោយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយ​សមាជិក​រដ្ឋសភា​ចូលរួម​ប្រជុំ​ចំនួន ១០៨ រូប​។​

​ច្បាប់​ចំនួន​ពីរ ដែល​ត្រូវ​រដ្ឋសភា​បើក​សម័យប្រជុំ​អនុម័ត​រួមមាន​៖ ទី​១៖ សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម ច្បាប់​ស្តីពី​ការគ្រប់គ្រង​រាជ​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ទី​២៖ សេចក្តីស្នើ ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​៕

កម្មករ​កាត់ដេរ ប្រេ​ស្ទី​ច​ប្រមាណ​ជាង ១០០​នាក់ លើកគ្នា​តវ៉ា​នៅ​ក្រសួង​ការងា​ដើម្បី​ទាមទារ លក្ខខណ្ឌ​ការងារ​

​ភ្នំពេញ ៖ កម្មករ ក​ម្មា​ការី​នី​កាត់ដេរ ប្រេ​ស្ទី​ច ហ្គា​មេន ខូ​អូ​ធី​ឌី ដែលមាន​ទីតាំង​នៅក្នុង​ភូមិ ជី​ម៉ៅ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ប្រមាណ​ជាង​១០០​នាក់​បាន​លើកគ្នា មក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ ដើម្បី ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ១៤​ចំណុច បន្ទាប់ពី​ពួកគេ បានធ្វើ​កូដកម្ម អស់​រយះពេល ជាង​មួយ​សប្តាហ៍​ហើយ ពុំមាន​ដំណោះស្រាយ ។​

ការលើក​គ្នា នេះ​ដោយ​កម្មករ បានធ្វើ​ដំណើរ​តាម​រថយន្ត មកដល់​មុខ ក្រសួង​ការងារ​ដែល​ស្ថិតនៅតាម​មហាវិថី​សហព័ន្ធ​រ៉ូ​ស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក ដោយ​នាំគ្នា លើ​ដា​ព្រោងព្រាត​ដើម្បីអោយ​ថៅកែ​រោងចក្រ​គោរព​ច្បាប់​ស្តីពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជំរុញ​អោយ​ក្រសួង​ជួយ​អន្តរាគមន៍​ដោះស្រាយ ។

តាម​តំណាង​កម្មករ បានអោយ រោងចក្រ​កាត់ដេរ ប្រេ​ស្ទី​ច នេះ​មាន​កម្មករ ក​ម្មា​ការី​នី​កាត់ដេរ​ប្រមាណ​៤០០​នាក់ បាននាំគ្នា ផ្ទុះ​ការ​វ៉ា តាំងពី​ថ្ងៃទី​២៤ ខែធ្នូ​ឆ្នាំ ២០១៨​បន្ទាប់ពី​កែ​រោងចក្រ​បាន​បញ្ឈប់​តំណាង សហជីព​ចលនា​កម្មក​រ ប្រចាំ​រោងចក្រ​ម្នាក់​ឈ្មោះ ហួន សុ​វ៉ិ​ត​ដោយ​យក​លេស​ថា ចប់​កិច្ចសន្យា ។ បន្ទាប់ពី​មានការ​តវ៉ា ថៅកែ​រោងចក្រ​ពុំបាន​ចេញមុខ​ដោះ​ស្រាវ​ឡើយ ។ លុះ​នៅ​រសៀល​ថ្ងៃទី​២៦​ខែធ្នូ ខាង​តំណាង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​ខេត្ត ក៍បាន​ចុះទៅ​សម្រប​ស្រួល តែ​ខាង​រោងចក្រ​ពុំ​អនុញ្ញាតិ​អោយចូល​ឡើយ ។​

តាម​តំណាង កម្មករ ក៍បាន​ចាត់ទុកថា ទង្វើរ របស់​និយោជក​គី​ជាការ​រំលោភបំពាន​លើ​សិទ្ធិសេរីភាព​របស់ កម្មករ និ​យោ​ជិ​ក​និង​រំលោភ​ទៅលើ​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព​និង​អនុសញ្ញា​អន្តរជាតិ​អាយ​ឡូ​យ៉ាងធ្ងន់ធ្ងរ ។​

តាម​តំណាង​កម្មករ បាន​អោយដឹងទៀតថា ការតវ៉ា នេះ កម្មករ និ​យោ​ជិ​កក៍​បានទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន ១៤​ចំណុច ដើម្បី​ស្នើរ​អោយ លោក​បណ្ឌិត​អ៊ិត សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ ជួយ​អន្តរាគមន៍ ដោះស្រាយ ។​នៅ​ព្រឹក​នោះ គ​ណះ​កម្ម​ការ​ដោះ​ស្រាវ​កូដកម្ម បាតុកម្ម គ្រប់មុខ​សញ្ញា​ក៍បាន​ទទួល​យក​ដំណើរ និង​សន្យា​ជួយ​ជំរុញ​ការដោះស្រាយ ជួន​បងប្អូន កម្មករ ក​ម្មា​ការី​នី ៕

EDC ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​ក្នុង​តំបន់​មួយចំនួន​នៅ​ភ្នំពេញ ដើម្បី​ជួសជុល

​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ​នានា នៅ​ថ្ងៃទី​០៤ ដល់​០៦ ខែមករា ឆ្នាំ​២០១៩ នៅ​តំបន់​មួយចំនួន​ទៅតាម​ពេលវេលា និង​ទីកន្លែង​ដូចខាងក្រោម​៖

កម្ពុជា គ្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ ចំណាយជិត ២៦០លានដុល្លារ

ភ្នំពេញ ៖ ​តាម​ការគ្រោងទុក​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាសថា មានតម្លៃ​សាងសង់​២៥៩​លាន​ដុល្លារ នឹងត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ខាងមុខនេះ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ ជា​ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​សម្រួល​ការធ្វើ​ចរាចរណ៍​។​ដោយ​ផ្លូវ​ក្រវាត់ក្រុង​នេះ មាន​ចម្ងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​គម្រោង​ព្រលាន​យន្ត​ភ្នំពេញ​ថ្មី​ផងដែរ​។​

​សូម​ជម្រាបជូន​ថា គម្រោង​ផ្លូវ​ក្រវាត់​ទី​៣ ដែល​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១៤ ខែមករា​ខាង​មុ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ទទួល​ឥណទាន​សម្បទា​ន​ទឹកប្រាក់​ចំនួន​២៥៩​លាន​ដុល្លារ​អាមេរិក ពី​ភាគី​ចិន សម្រាប់​គម្រោង​សាងសង់​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​៕

រដ្ឋ​នឹង​ចំណាយ​ជាង​៣​លាន​ដុល្លារ សម្រាប់​ការស្ដារ​ប្រព័ន្ធ​លូទឹក​កង្វក់​ខេត្ត​ព្រះសីហនុ

​ព្រះសីហនុ ៖ រដ្ឋាភិបាល នឹង​ចំណាយ​ជាង ៣​លាន​ដុល្លារ សម្រាប់​ការស្ថាបនា និង​ស្ដារ​ប្រព័ន្ធ​លូទឹក​កង្វក់ ខេត្ត​ព្រះសីហនុដើម្បី​ទប់ស្កាត់​ការបង្ហូរ​ទឹក​កខ្វក់​ ដោយ​ផ្ទាល់​ចូលទៅ ក្នុង​សមុទ្រ ធានា​ការពារ​បរិស្ថាន​ធ្វើ​ឲ្យ​ទឹកសមុទ្រ​រក្សាបាន​នូវ​ភាព​ស្អាត​។​នេះ​បើតាម ​ការ ចុះ ផ្សាយ​របស់​ក្រសួង​ព័ត៌មាន នា​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩​។​

​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាងថា ក្រសួង​មាន​ថវិកា​គ្រប់គ្រាន់​ហើយ​សម្រាប់​ការស្ថាបនា​ប្រព័ន្ធ​លូទឹកស្អុយ​មួយចំនួន នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​កាត់បន្ថយ​ការបង្ហូរ​ទឹកស្អុយ ឬ​ជាតិពុល ដោយផ្ទាល់​ចូលទៅក្នុង​សមុទ្រ​។

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការស្ថាបនា​ប្រព័ន្ធ​ទឹក​កង្វក់ នៅ​ខេត្ត​ព្រះសីហនុ​នេះ គឺ​ដើម្បី​ដោះស្រាយ​ជាបន្ទាន់​ចំពោះ​បញ្ហា​ការបំពុល​បរិស្ថាន នៅក្នុង​ខេត្ត​នេះ​​៕

រថយន្ត​កុងតឺន័រ​ដាច់​ហ្វ្រាំង​បុក​រះ​រថយន្ត​ជាច្រើន​គ្រឿង ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់​

​ខេត្តកំពង់ស្ពឺ ៖ មនុស្សម្នា​ក់បាន​គាប​ស្លាប់​ក្នុង​រថយន្ត និង​៤​នាក់​ទៀត បាន​រងរបួស​ធ្ងន់ធ្ង​រ និង​ច្រើន​អ្នក​ទៀត​ក៏​របួស​ដែរ ដោយសារតែ​រថយន្ត​សណ្តោង​ទូ​កុងតឺន័រ​បុក​រះ​រថយន្ត​ជាច្រើន​គ្រឿង​កាលពី​វេលា​ម៉ោង​២ និង​២៥​នាទី ទី​៣ ខែមករា ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់ ចន្លោះ បង្គោលគីឡូម៉ែត្រ​លេខ​
១០៤  ទៅ​លេខ​១០៥ ត្រង់ចំណុច​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។

​លោក សែម វុ​ឌី នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​ត្រែងត្រយឹង​និយាយ​អោ​ដឹង​តាម​ទូរស័ព្ទ​ថា មាន រថយន្ត​សណ្តោង​កុងតឺន័រ​បាន​បើក​លឿន បុក​រថយន្ត​រះ​បន្ត​គ្នា ជាច្រើន គ្រឿង បណ្តាលអោយ​ស្លាប់​មនុស្ស​១ នាក់​ប្រុស និង​រងរបួស​ធ្ងន់ធ្ង​រ​ចំនួន​៤​នាក់​និង​របួសស្រាល​ច្រើន​ទៀត ( កន្លែងកើតហេតុ​) រថយន្ដ​ខូចខាត ជាច្រើន​គ្រឿង ។

​ចំពោះ​សព និង​មនុស្ស​រងរបួស​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះឡើយ ចំណែក​អ្នករងរបួស​កំពុងតែ​ដឹក​យកទៅ​សង្គ្រោះ​ហើយ​៕

ទំនាស់​ក្នុង​គ្រសារ ប្រជា​ការពារ​ម្នាក់​បាញ់សម្លាប់​ខ្លួនឯង នៅ​ស្រុក​ប​វេ​ល​

​បាត់ដំបង ៖ ប្រជា​ការពារ​ម្នាក់ បានធ្វើ​អត្តឃាត​ដោយ​បាញ់សម្លាប់​ខ្លួន​នឹង​កាំភ្លើង M16​បាញ់ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ នៅ​រោង​យាម​មួយកន្លែង​ស្ថិតក្នុង​ភូមិ​រាម​សេនា ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដោយសារ​ជម្លោះ​ក្នុង​ក្រុមគ្រួសារ យ៉ាង​ស្រួចស្រាវ​។ នេះ​បើតាម​ការអះអាង​ពី​សមត្ថកិច្ច​មូលដ្ឋាន​។​

​លោក សុខ សារិន អធិការ​ស្រុក​ប​វេ​ល​បាន​ម​ឱ្យដឹងថា អត្តឃាត​ជននេះ​ឈ្មោះ ញ៉ែម សារឿន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​ប្រជា​ការពារ​ប្រចាំ​ភូមិ​-​ឃុំ​ខាងលើ ។

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ជននេះ​បាន​ឈ្លោះទាស់ទែង​ជាមួយ​ប្រពន្ធ​យ៉ាង​ស្រួចស្រាវ បន្ទាប់មក​បុរស​នេះ បាន​ទៅ​ដេក​ក្នុង​អង្រឹង​នៅ​រោង​យាម​មួយកន្លែង ហើយ​បាន​ប្រើប្រាស់​កាំភ្លើង​វែង ម៉ាក M16 បាញ់សម្លាប់​ខ្លួនឯង​១​គ្រាប់ ត្រូវចំ​ត្រង់​ក្រោម​ចង្ការ បណ្ដាល​ស្លាប់​នៅនឹងកន្លែង​។​

​លោក​អធិការ​ស្រុក​បាន​ដកស្រង់​សំដី​អ្នកជិតខាង​មក​បញ្ជាក់ថា ក្រុមគ្រួសារ​ប្រជា​ការពារ​នេះ​តែងតែ​ឈ្លោះ​គ្នា​រវាង​ប្តី​ប្រពន្ធ​មិនសូវ​លោះ​ថ្ងៃ​ទេ​។

លុះ​ពេល​ទៀបភ្លឺ ស្រាប់តែ​ឮសូរ​គ្រាប់កាំភ្លើង​១​គ្រាប់ ហើយ​នាំគ្នារ​ត់ទៅ​មើល ក៏​ឃើញ​ជន​នោះ​ដេកស្លាប់​ក្នុង​អង្រឹង​បាត់ទៅហើយ​។ ចំណែក​កាំភ្លើង M16 ដែល​ប្រជា​ការពារ​យកមក​បាញ់​សម្លាប់ខ្លួន​សមត្ថកិច្ច​មិនបាន​ដឹង​ពី​ប្រវត្តិ​នៅឡើយ ហើយ​បាន​បញ្ជាក់ថា​ប្រជា​ការពារ​មិនមាន​សិទ្ធិ​កាន់​កាំភ្លើង​ទេ​។ ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ សុផល

កុមារ​មាន​ជំងឺ​ជាង ៩៦​ម៉ឺន​នាក់ បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ឆ្នាំ​២០១៨

​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៨ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ព្យាបាល​កុមារ​មាន​ជំងឺ​ចំនួន ៩៦១.២៥៦​នាក់ និង​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ១៦១.៤២៤​នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ និង​ខេត្តសៀមរាប​។

​បើតាម​របាយការណ៍រ​បស់​មន្ទីរពេទ្យ ចុះផ្សាយ​នៅ​ថ្ងៃទី​៣១ ខែធ្នូ បានបង្ហាញ​បន្តថា សម្រាប់​កុមារ​ដែលមាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ចំនួន ១៤.៦១៥​នាក់ បាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ ចំនួន ១៥៤.៨១៦ នាក់ បាន​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​មន្ទីរសម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ខេត្តសៀមរាប និង​ស្ត្រី​បាន​សម្រាលកូន មាន​ចំនួន ២៧.៣០៩​នាក់ ។​

​ចំណែកឯ​អត្រា​មរណភាព​កុមារ​នៅក្នុង​មន្ទីរពេទ្យ មាន​ចំនួន ០,២៣% ខណៈ​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ០,២៥ %៕