All posts by មេគង្គ ប៉ុស្តិ៍

ព្រឹកនេះ សម្តេចតេជោ ដឹកនាំដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញធ្វើជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំឆមាស របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលនឹង ប្រព្រឹត្ត ទៅនៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨​៖៣០។

លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានឲ្យដឹងថា កិច្ចប្រជុំនៅព្រឹក នេះនឹងផ្តោតទៅលើទស្សនវិស័យវិភាគទានរួមចំណែករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលនឹងត្រូវថ្លែងដោយសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា។ បានបន្ទាប់ មកនឹងមានការចូលរួមផ្តល់យោបល់និងសំណូមពរដោយតំណាងគណបក្សនីមួយៗរួមទាំង បញ្ហាផ្សេងៗទៀត។

ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០១៨ ដោយមានសមាសភាពចូលរួមពីគណបក្សធ្លាក់ឆ្នោតចំនួន ១៦ ដោយប្រធានគណបក្សទាំងនោះត្រូវផ្តល់ឋានៈស្មើទេសរដ្ឋមន្ត្រី។ឧត្តមក្រុមប្រឹក្សានេះមានតួនាទីលើក បញ្ហា និងផ្តល់ជាមតិយោបល់ផ្សេងៗទៅរដ្ឋាភិបាល។

នៅរៀងរាល់មួយខែម្ដង សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ត្រូវជួបជជែកគ្នាមុន លើកសំណើទៅកាន់ប្រមុខរដ្ឋាភិបាល ។ ប្រមុខរដ្ឋាភិបាលនឹងជួបជាមួយសមាសភាព នៃសមាជិកឧត្តមក្រុមប្រឹក្សា ដែលមានសមាសភាពមកពីគណបក្សនានា នៅរៀងរាល់ ៦ខែម្ដង៕

​ល្បីទៀតហើយ ! លោកផ្កាយ៣យោធាម្នាក់ ខឹងបបួលនារីអ្នកចំរៀងទៅដេកមិនបាន ទះបីកំផ្លៀង(Video)

ភ្នំពេញ ៖ នារីអ្នកចំរៀងប្រចាំភោជនីដ្ឋាន បឹងមាស ម្នាក់ ត្រូវហើមមុខ ដោយសារបុរសម្នាក់ ដែលអួតអាងថា ជាយោធាផ្កាយ ៣ បានទះកំផ្លៀងនាង ចំនួន៣ដៃ ខណៈល្បួងនាងយកទៅរួមរ័កមិនបាន។

ហេតុការណ៍គួរឲ្យខ្មាស់អៀននេះ បានភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ A ចំនុចក្នុងភោជនីដ្ឋាន បឹងមាស សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បើយោងតាមសំដីនារីជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ មន្ត្រីយោធាផ្កាយ៣ ខាងលើរួមនិងបក្ខពួកប្រហែលជា ១០នាក់ទៀត បាន ជិះរថយន្តចំនួន៣គ្រឿង ចូលមកផឹកស៊ីក្នុងភោជនីដ្ឋាន បឹងមាស ។ ខណៈដែលនាងកំពុងតែច្រៀងនៅលើឆាក លោកផ្កាយ ៣រូបនោះ បានឲ្យអ្នករត់តុ ទៅប្រាប់នាងថា ពេលនាងច្រៀងចប់ ឲ្យនាងមកអង្គុយកំដរភ្ញៀវ ដោយចង្អុលទៅតុរបស់លោកផ្កាយ៣ និងបក្ខពួក។

ពេលនោះ នាងក៏បានច្រៀងចប់ហើយបានដើរមកអង្គុយលេងជាមួយលោកយោធាខាងលើ
ហើយត្រូវលោកផ្កាយ៣ រូបនោះ និយាយប្រាប់នាងថា មិនបាច់ឡើងច្រៀងទៀតទេ នៅអង្គុយលេងជាមួយគាត់ ចាំផឹកចប់គាត់ឲ្យលុយធីប ២០ដុល្លារ។ ក្រោយមកទៀតលោកផ្កាយ៣ខាងលើ ក៏បានលួងលោមនាងជាច្រើនដងបំណងយកទៅដេកជាមួយ តែនាងបានបដិសេធថា នាងមិនមែនជាស្រីលក់ខ្លួនទេ។

បន្ទាប់មក ទំនងជាលោកផ្កាយ៣ ទ្រាំលែងបានដោយសារនាងបដិសេធមិនទៅជាមួយ ក៏ទះកំផ្លៀង៣ដៃ ដើម្បីរំសាយកំហឹងតណ្ហា រួចក៏បានឡើងជិះរថយន្តចេញទៅបាត់។
ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ ឲ្យសមត្ថកិច្ចស្រាវជ្រាវ ស្លាកលេខលេខរថយន្ត និងជនបង្កដែលគេលួចថតបាន ប្រគល់ឲ្យសមត្ថកិច្ចចាត់ការ និងរកយុត្តិធម៍ដល់រូបនាងដែលជាស្ត្រីភេទទន់ខ្សោយ។

មេគង្គប៉ុស្តិ៍ មិនទាន់បានទទួលការបកស្រាយបែបណាមួយពីភាគីលោកផ្កាយបី នៅឡើយទេ ចំពោះការលើកឡើងពីនារីអ្នកចំរៀងដែលអះអាងថា នាងជាជនរងគ្រោះដោយអំពើហិង្សានេះ។

មន្ត្រីមូលដ្ឋានមួយរូបបានបង្ហាញការរិះគន់ថា សូមយើងទាំងអស់គ្នារង់ចាំមើលថា តើសមត្ថកិច្ចនឹងចាត់ការបែបណាលើមន្ត្រីជាន់ខ្ពស់បានប្រើហិង្សាលើនារីភេទដោយគ្រាន់តែរឿងចំណង់ផ្លូវភេទ ព្រោះដំណាក់កាលនេះទៅហើយ សូម្បីតែពលរដ្ខសាមញ្ញ ក៏គេគិតពីកិត្តិយស និងមានការខ្មាស់អៀនមិនហ៊ានប្រព្រឹត្តដល់ថ្នាក់នេះដែរ៕

វេជ្ជបណ្ឌិត អះអាងថា អ្នកបរិភោគសាច់ឆ្កែ ឬឆ្មាឆ្កួត ប្រឈមនឹងជំងឺឆ្លង

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត លី សុវត្ថិ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា បើបរិភោគសាច់ឆ្កែប៉ះចំឆ្កែមានជំងឺឆ្កួត ហើយចម្អិនឆ្អិនងាប់មេរោគ នោះវាមិនឆ្លងជំងឺទេ តែអ្វីដែលប្រឈមមុខនោះ គឺអ្នកសម្លាប់ឆ្កែដែលមានមេរោគឆ្កួត អាចឆ្លងមេរោគបាននៅពេលប៉ះដាច់ ឬក៏ឈាមឆ្កែត្រូវចំកន្លែងរលាត់ស្បែក ឬក៏ដំបៅរបស់មនុស្ស ឬបើចម្អិនសាច់មិនឆ្អិនដោយនៅមានឈាមស្រស់ៗ ក៏អាចឆ្លងមេរោគនោះបានដែរ។

គួរជម្រាបថា ប៉ុន្មានថ្ងៃកន្លងមកនេះ នៅវិទ្យាស្ថានប៉ាស្ទ័រទាំងនៅភ្នំពេញ និងនៅខេត្តបាត់ដំបង មានពលរដ្ឋពពាក់ពពូនយ៉ាងច្រើន ទៅទទួលសេវាចាក់ថ្នាំព្យាបាលបន្ទាប់ពីឆ្កែខាំផង និងចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតផង បើទោះបីជាវេជ្ជបណ្ឌិត ធ្វើការនៅទីនោះបានប្រាប់ថា ចាក់ថ្នាំផ្តល់អាទិភាពជូនឲ្យអ្នកដែលត្រូវឆ្កែបានខាំក៏ដោយ ក៏មានការរិះគន់ និងខឹងសម្បាពីសំណាក់អ្នកមិនមានឆ្កែខាំសោះ តែសម្រុកទៅចាក់ថ្នាំបង្ការដែរ។

សកម្មភាពពលរដ្ឋនាំគ្នាពពាក់ពពូននៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នេះ នៅបន្ទាប់ពីមានករណីកុមារីម្នាក់នៅខេត្តស្វាយរៀង ត្រូវបានឆ្មាខ្វាចសោះក៏អាច ស្រាប់តែឆ្លងជំងឺឆ្កែឆ្កួតបណ្តាលឲ្យស្លាប់ ដោយសារហួសពេលព្យាបាល។
ពាក់ព័ន្ធនឹងករណីការចម្លងជំងឺឆ្កែឆ្កួតមកមនុស្សមានរយៈពេលប៉ុន្មាន បន្ទាប់ពីត្រូវឆ្កែខាំ លោក លី សុវត្ថិ វេជ្ជបណ្ឌិត នៅវិទ្យាស្ថានប៉ាស្ទ័របានបកស្រាយថា វាអាស្រ័យទៅនឹងកន្លែងរបួសខាំ និងរយៈពេលនៃសត្វឆ្កែដែលខាំហ្នឹងឆ្កួតដែរ។ បើខាំនៅក្បាលមនុស្ស មេរោគ វាអាចបំផ្លាស់ទីទៅក្នុងខួរក្បាលមនុស្សបានលឿនជាងនៅកែងជើង ហើយឆ្កែខ្លះឆ្កួតលឿន ខ្លះឆ្កួតយឺត អាចអូសបន្លាយដល់ឆ្នាំក៏មានដែរ។
លោកវេជ្ជបណ្ឌិត ក៏បានណែនាំផងដែរ ដូចជា ៖

ទី១- ម្ចាស់ឆ្កែត្រូវតែយកឆ្កែទៅចាក់វ៉ាក់សាំងឲ្យបានទៀងទាត់ជាមួយនឹងពេទ្យសត្វ។
ទី២- ប្រសិនបើមានឆ្កែងាប់ មិនគួរនាំគ្នាទទួលទានទេ ព្រោះវាអាចឆ្លងជំងឺផ្សេងៗ។
ទី៣- បើចង់ដឹងបន្ថែមទៅលើជំងឺឆ្កែឆ្កួតខាំ ឬក៏ជំងឺឆ្លងផ្សេងៗទៀតសូមទាក់ទងទៅលេខ 115 ដោយមិនយកកម្រៃ។

ទោះបីជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត លី សុវត្ថិ បានបញ្ជាក់តថា បើមានឆ្កែខាំ គួរតែមកវិទ្យាស្ថានប៉ាស្ទ័រក្នុងអំឡុង១សប្តាហ៍ទៅ២សប្តាហ៍ ដើម្បីចាក់ថ្នាំបង្ការ តែបើកាន់តែច្បាស់ទៅទៀតនោះ គឺកាត់ក្បាលឆ្កែដែលខាំ នោះ មកធ្វើការវិភាគតែម្តង ដើម្បីឲ្យដឹងប្រាកដថា វាមានផ្ទុកមេរោគឆ្កែឆ្កួត ឬអត់?៕

ជប៉ុន បន្តគម្រោងជាមួយស៊ីម៉ាក់ ក្នុងការបោសសម្អាតមីន និងគ្រាប់បែកចង្កោម នៅស្រុកសន្ទុក

ខេត្តកំពង់ធំ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានចូលរួមក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការជាដៃគូររវាងអង្គភាព CMAC និង អង្គការ JMAS លើគម្រោងបោសសម្អាតមីន និងគ្រាប់បែកចង្កោម ដោយគាំទ្រកំលាំងគ្រឿងចក្រ ថវិកាគាំទ្រគម្រោងចំនួនជាង៣១ម៉ឺនដុល្លារ។ ពិធីនេះ បានរៀបចំឡើងនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ហេង រតនា បានបញ្ជាក់ថា គម្រោងនេះ មានរយៈពេល១ឆ្នាំចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលនេះ គឺជាឆ្នាំទី២ ហើយរបស់គម្រោង។

លោកបន្តថា បន្ថែមលើការងារបោសសម្អាតមីននេះ គម្រោងនេះក៏ផ្តោតសំខាន់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត រួមមានការជួលជុលផ្លូវ ជីកស្រះ ធ្វើអណ្តូងទឹក និងប្រព័ន្ធប្រឡាយទឹកជាដើម៕

កម្ពុជា មិនទាន់រកឃើញមានជំងឺគ្រុនជ្រូកអាហ្វ្រិក ទេ

ភ្នំពេញ ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃ អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិត កម្មសត្វ នៃ ក្រសួងកសិកម្ម បានអះអាងយ៉ាងច្បាស់ថា មិនទាន់រកឃើញមានករណីជំងឺគ្រុនជ្រូកអាហ្វ្រិក នៅកម្ពុជាទេ ហើយមន្ត្រីពាក់ព័ន្ធ បាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ រួមទាំងវិធានការជីវសុវត្ថិភាព ពោលគឺពិនិត្យសុខភាព សត្វដែលត្រូវនាំចូលពីប្រទេសជិតខាងមិនធ្វេសប្រហែសឡើយ ហេតុនេះសូមសាធារណជន ជាពិសេសកសិករ និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក កុំព្រួយបារម្ភអំពីជំងឺគ្រុនជ្រូកអាហ្វ្រិក នោះឡើយ។

ការប្រកាសរបស់មន្ត្រីជំនាញ ដោយសារនៅពេលថ្មីៗនេះ ត្រូវបានរកឃើញវត្តមានជំងឺគ្រុនជ្រូក ១ ប្រភេទ ដែលគេឱ្យឈ្មោះថា ជំងឺគ្រុនជ្រូកអាហ្វ្រិក បានឆ្លងចេញពីប្រទេសចិន រីករាលដាលចូលដល់ភាគខាងជើងនៃប្រទេសវៀតណាម ដែលនៅទីនោះ សត្វជ្រូកក្នុងកសិដ្ឋានយ៉ាងហោចចំនួន៣ ត្រូវបានសម្លាប់ចោលទាំងអស់។ ដោយហេតុថា ជំងឺគ្រុនជ្រូកអាហ្វ្រិក បានចូលដល់ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជា ហើយមានទំនាក់ទំនងគ្នាយ៉ាងច្រើនក្នុងនាំសត្វជ្រូកចេញចូលទៀតនោះ ទើបបណ្តាលឱ្យអ្នកប្រករបរចិញ្ចឹមជ្រូកនៅកម្ពុជា បារម្ភ ។

ចំណែកលោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាល នៃ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា សមាគម កំពុងធ្វើការតាមដានជាមួយអគ្គនាយកដ្ឋានសុខភាពសត្វយ៉ាងយកចិត្តទុកដាក់ និងបានក្រើនរំឭកដល់កសិករ និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នជួយតាមដាន និងបង្ការទាំងអស់គ្នា៕

ចៅក្រមវេណេស៊ុយអេឡា ថា មេបក្សប្រឆាំងប្រឈមជាប់ពន្ធនាគារ៣០ឆ្នាំ

ការ៉ាកាស់ ៖ លោក ជូអាន ហ្គៃដូ (Juan Guaido) មេដឹកនាំគណបក្សប្រឆាំងនៅវេណេស៊ុយអេឡា គាំទ្រដោយសហរដ្ឋអាមេរិក ដែលបានប្រកាសតែងតាំងខ្លួនឯងជា ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ បើលោកហ៊ានចូលមកក្នុងវេណេស៊ុយអេឡាវិញ។

ចៅក្រមតុលាការកំពូលវេណេស៊ុយអេឡា លោក ជូអាន ខាឡូស វ៉ាល់ឌែស (Juan Carlos Valdez) បានធ្វើការអះអាងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ និងយោងទៅតាមការសម្រេចចិត្តពីតុលាការកំពូល ដែលហាមលោក Guaido ចាកចេញពីប្រទេស ប៉ុន្តែមេដឹកនាំបក្សប្រឆាំងរូបនេះ នៅតែធ្វើដំណើរទៅកាន់ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២២ ខែកុម្ភៈ ដើម្បីបង្ខំដឹកនាំជំនួយអាមេរិកឲ្យចូលក្នុងប្រទេស និង លោកបានចូលរួមក្នុងកិច្ចប្រជុំជាមួយអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) និងមេដឹកនាំនៅក្នុងតំបន់ជាច្រើនទៀត ក្នុងគោលបំណងស្វែងរកការដាក់សម្ពាធ និងទណ្ឌកម្មរហូតដល់លោក ម៉ាឌូរ៉ូ ព្រមចុះចេញពីតំណែង៕

អង្គការ WWF និងក្រសួងបរិស្ថាន ផ្តល់សម្ភារៈល្បាតដល់សហគមន៍ចំនួន២ នៅខេត្តក្រចេះ

ខេត្តក្រចេះ ៖ អង្គការ WWF និងក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែកុម្ភៈ នេះ បានរៀបចំផ្តល់ជូនសម្ភារៈល្បាតដល់ក្រុមល្បាតរបស់សហគមន៍ក្នុងដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ និងដែនជម្រកសត្វព្រៃ សំបូរ ក្នុងខេត្តក្រចេះ។

លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការប្រគល់សម្ភារៈល្បាតនាពេលនេះ គឺជាវេទិកាមួយបានបង្ហាញឱ្យឃើញពីការចូលរួម និងការសហការគ្នារវាងអ្នកពាក់ព័ន្ឋ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែល្អ ពង្រឹងការយល់ដឹង និងរកដំណោះស្រាយសមស្របពាក់ព័ន្ឋនឹងការការពារ គ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព ក្នុងតំបន់ទេសភាពព្រៃលិចទឹកជារួម។

សម្ភារៈដែលបានប្រគល់នាពែលនោះ រួមមាន ៖ ឧបករណ៍ GPS ចំនួន ៧គ្រឿង ម៉ាស៊ីនថតរូប ៧គ្រឿង ត្រីវិស័យ ចំនួន ៧គ្រឿង សម្ភារៈសង្គ្រោះបន្ទាន់ ចំនួន ៧ ឈុត ដបទឹក ចំនួន ៤៦អង្រឹងមុង ពិលចំនួន ៤៦ ឈុត អាវភ្លៀងចំនួន ៤៦ ឈុត តង់ចំនួន ៤៦ ឈុត និងស្បែកជើងសម្រាប់ដើរល្បាយ ចំនួន ៤៦គូ ផងដែរ៕

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងបន្តទស្សនកិច្ចនៅវៀតណាម ដល់ថ្ងៃទី២មីនា

កូរ៉េ ៖ មេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន នឹងបន្តធ្វើ«ទស្សនកិច្ចសុឆន្ទៈផ្លូវការ» ដាច់ដោយឡែកមួយ នៅប្រទសវៀតណាម រហីតដល់ថ្ងៃសៅរ៍ ទី២ ខែមីនា បន្ទាប់ពីបញ្ចប់ជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃពុធ ថា លោក គីម ជុងអ៊ុន កាលពីល្ងាចថ្ងៃអង្គារ បានទៅដល់សណ្ឋាគារប្រណីតមួយ Melia Hotel ក្នុងក្រុងហាណូយបានអង្គុយស្តាប់របាយការណ៍ពីមន្ត្រីកូរ៉េខាងជើង អំពីកិច្ចពិភាក្សាកំរិតការងារជាមួយមន្ត្រីអាមេរិក នៅមុនជំនួបកំពូលរបស់លោកជាមួយលោក ត្រាំ។
កាលពីយប់ថ្ងៃអង្គារ នេះដដែល លោក ត្រាំ បានជិះយន្តហោះទៅដល់ក្រុងហាណូយ និងក្បួនរថយន្តបាននាំលោកទៅកាន់សណ្ឋាគារមួយក្នុងរដ្ឋធានីនោះដែរ។

តាមកម្មវិធី មេដឹកនាំកំពូលទាំងពីរ ត្រូវរៀបចំជួបទទួលទានអាហារពេលល្ងាចក្នុងលក្ខណៈឯកជនមួយនៅល្ងាចថ្ងៃពុធទី២៧ ខែកុម្ភៈ ចំណែកការពិភាក្សាជាផ្លូវការ នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បត៍ ខែកុម្ភៈ ដោយបន្តនិយាយអ្វីដែលពួកលោកបានព្រមព្រៀងគ្នាក្នុងជំនួបលើកទី១ នៅសិង្ហបុរី៕

កងទ័ពកម្ពុជា ចិន ធ្វើលំហាត់សមយុទ្ធ «នាគមាស ឆ្នាំ២០១៩» ​២៨ថ្ងៃ នៅខេត្តតាកែវ

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា លំហាត់ហ្វឹកហ្វឺន នាគមាស ឆ្នាំ២០១៩ ដែលមានការចូលរួមពីកងយោធលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២៨ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងថា លំហាត់ហ្វឹកហ្វឺននាគមាស ឆ្នាំ២០១៩ ធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ព រំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេវរកម្ម ការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បន្តថា លំហាត់ខាងលើនេះត្រូវរៀបចំធ្វើឡើង ក្នុងមួយឆ្នាំម្តងៗ និងគ្រប់ប្រភេទទ័ព ស្របតាមកិច្ចសហប្រតិបត្តិការរបស់ ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ។ លំហាត់នេះ ក៏ដើម្បីឆ្លុះបញ្ចាំងអំពីគោលជំហរ របស់រាជរដ្ឋាភិបាល ជាពិសេសកងយោធពលខេមរភូមិន្ទ ក្នុងការអនុវត្តន៍នយោបាយការពារជាតិរវាងប្រទេសទាំងពីរ (កម្ពុជា-ចិន) លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជួយគ្នាលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ។

លោកបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺននេះមានភាគីកងទ័ពរំដោះប្រជាជនចិនចូលរួមចំនួន២៥២នាក់ និងភាគីកម្ពុជាចូលរួមចំនួន២៥៤២នាក់ ក្នុងនោះមាន ៖ កម្លាំងធ្វើលំហាត់ចំនួន ៣៨២នាក់, កម្លាំងបម្រើការក្នុងលំហាត់ចំនួន៤៤៨នាក់, កម្លាំងចូលរួមក្នុងពិធីបើក-បិទចំនួន១,៦៨៥នាក់។ ចំណែកអាវុធយុទ្ធភណ្ឌ សំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា ៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាចក្រ, អាវុធគាំទ្រពីលើអាកាស ជាដើម៕

​រដ្ឋបាលខេត្តព្រះវិហារ ដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ផលិតទឹកសុទ្ធតម្លៃជិត ៤ម៉ឺនដុល្លារ

ខេត្តព្រះវិហារ ៖ ការបង្កើតស្ថានីយ៍ផលិតទឹកបរិសុទ្ធ ជាជំនួយអង្គការទស្សនៈពិភពលោក ដែលសម្ភោធដាក់ឲ្យដំណើរការប្រើប្រាស់ នេះ ត្រូវគេមើលឃើញថា ស្របពេលកម្ពុជា កំពុងប្រឈមនឹងគ្រោះរាំងស្ងួត នៅក្នុងរដូវប្រាំង២០១៩នេះ ហើយរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងត្រូវត្រៀមលក្ខណៈ ជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ។

នៅព្រឹកថ្ងៃអង្គារទី២៦ ខែកុម្ភៈ នេះ ស្ថានីយ៍ផលិតទឹកបរិសុទ្ធ ដែលសាងសង់ក្នុងតម្លៃជិត៤ម៉ឺនដុល្លារអាមេរិកនេះ ត្រូវបានសម្ភោធបើកឲ្យដំណើរការប្រើប្រាស់នោះហើយ ក្រោមការអញ្ជើញជាអធិបតី និងកាត់ខ្សែបូរណ៍ ពីអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា និងមានការចូលរួមពីតំណាង អង្គារដៃគូរដ្ឋាភិបាល រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត ផងដែរ។ ស្ថានីយ៍ផលិតទឹកបរិសុទ្ធនេះ មានឈ្មោះថា «ស្ថានីយ៍ទឹកពិសាភូមិយើង» នៃសហគមន៍កសិកម្ម រមទមសាមគ្គីមានជ័យ មានទីតាំងស្ថិតក្នុងភូមិ អូតាលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

យោងរបាយការណ៍មន្ទីរកសិកម្មខេត្តព្រះវិហារ បានបង្ហាញថា ស្ថានីយ៍ផលិតទឹកសុទ្ធនេះ បានបង្កើតឡើងមានរយះពេលប្រមាណ៤ខែមកហើយ គឺចាប់ពីខែវិច្ឆិកា២០១៨នោះមក ហើយនៅពេលនេះទើបបានបញ្ចប់ការសាងសង់ និងសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ចំនួន៦ភូមិ ក្នុងឃុំរមទម ស្រុករវៀង។ របាយការបានបង្ហាញទៀតថា ស្ថានីយ៍ទឹកសុទ្ធនេះបានបង្កើតឡើង ក្រោមជំនួយពីអង្គការទស្សនៈពិភពលោក លើថវិកាឧបត្ថម្ភ៨០ភាគរយ រួមជាមួយថវិកា របស់សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ ២០ភាគរយ ដែលមានទឹកប្រាក់សរុប ចំនួន៣ម៉ឺន ៥ពាន់ ៨៥២ ដុល្លារអាមេរិក។ ស្ថានីយផលិតទឹកពិសាភូមិយើង បានផលិតទឹកក្រោមការត្រួតពិនិត្យ ដោយឆ្លងកាត់ប្រព័ន្ធ « UV » និងមានការពិនិត្យពីមន្ទីរជំនាញ តាមស្តង់ដាបច្ចេកទេសបានយ៉ាងត្រឹមត្រូវ សម្រាប់បំរើជូនប្រជាពលរដ្ឋ ចំនួន៦ភូមិ មានច្រើនពាន់គ្រួសារ នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ។ ហើយស្ថានីយ នឹងលក់ទឹកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ ដោយក្នុង១ពីដុង មានតម្លៃត្រឹមតែ២ពាន់រៀល ប៉ុណ្ណោះ ។

អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា លោកបានថ្លែងកោតសរសើរ ចំពោះអង្គការទស្សនពិភពលោក ដែលtជាអង្គការដៃគូដ៏សំខាន់មួយជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំនួយថវិកាកសាងស្ថនីយ៍ទឹកសុទ្ធ ជាប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ដែលរស់នៅតំបន់ដាច់ស្រយាលពីទីប្រជុំជនក្នុងទីរួមខេត្ត ហើយពួកគាត់មានទឹកបរិសុទ្ធបរិភោគ ផងទៀត។ លោកអភិបាលខេត្ត បានថ្លែងទៀតថា អង្គការទស្សនៈពិភពលោក តែបានជួយឧបត្ថម្ភដល់ពលរដ្ឋកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ហើយអង្គការ ក៏នៅមានគម្រោង ជួយជីកអណ្ដូងទឹក និងបង្កើតប្រព័ន្ធផលិតទឹកស្អាត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗខាងមុខនេះ នៅស្រុក៤ទៀត របស់ខេត្តព្រះវិហារ គឺស្រុកគូរលែន ស្រុកឆែប ស្រុកសង្គមថ្មី និងស្រុកជ័យសែន ។

លោកថា ការបង្កើតឡើង នូវប្រព័ន្ធទឹកស្អាតនេះ គឺអាចជួយការពារជំងឺឆ្លងគ្រប់ប្រភេទ តាមរយះការប្រើប្រាស់ទឹកមិនស្អាត ហើយស្របនឹងការអំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាល ចំពោះបញ្ហាប្រឈម និងការខ្វះទឹកនៅរដូវប្រាំងឆ្នាំនេះ ផងដែរ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារ នៅគ្រានេះ មិនទាន់មានតំបន់ណាមួយ ដែលប្រឈមនឹងការខ្វះទឹកប្រើប្រាស់នោះទេ ហើយអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំង៣ បានត្រៀមលក្ខណៈរួចជាស្រេច នៅក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះរាំងស្ងួត និងគ្រោះធម្មជាតិផ្សេងៗទៀត តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល នៅច្រើនថ្ងៃកន្លងមកនេះ ៕

កម្ពុជា ដាក់ឲ្យប្រើប្រាស់រថយន្តមជ្ឈមណ្ឌលការងារចល័ត

ភ្នំពេញ ៖ ក្រសួងការងារបានដាក់ឲ្យប្រើប្រាស់នូវរថយន្ត មជ្ឈមណ្ឌលការងារចល័ត ដំបូងគេបង្អស់នៅកម្ពុជា ដើម្បីផ្ដល់ព័ត៌មាន និងឱកាសការងារកាន់តែខិតជិតដល់សិស្សនិស្សិត និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើនៅគ្រប់ទីកន្លែងទូទាំងប្រទេស។

ថ្លែងក្នុងសន្និសីទបិទគម្រោងស្តីពី”ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា និងពិធីសម្ពោធមជ្ឈមណ្ឌលការងារចល័ត”កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់នូវរថយន្ត មជ្ឈមណ្ឌលការងារចល័ត ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារ ជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់មានមជ្ឈមណ្ឌលការងារនៅឡើយ។

ទន្ទឹមនឹងនេះយុវជនទទួលបានការងារកាន់តែងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលា ដែលស្របតាមក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងាររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក បន្ដថា ក្រសួងការងារ បានខិតខំបង្កើតឱកាសការងារកាន់តែច្រើន និងជួយបែងចែកឱកាសទាំងនេះ ឲ្យបានទៅដល់ប្រជាជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារដែលមានទាំងអស់ឲ្យទៅជាមុខរបរកាន់តែល្អសម្រាប់ប្រជាជនគ្រប់រូប។

លោកជំទាវ ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា បានឲ្យដឹងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់នូវរថយន្ត “មជ្ឈមណ្ឌលការងារចល័ត” ដំបូងគេបង្អស់នៅកម្ពុជា ដែលត្រូវបានរៀបចំបំពាក់នៅក្នុងរថយន្តមីនីវ៉ាន ហើយមានមុខងារផ្តល់នូវសេវាសំខាន់ៗដូចមជ្ឈមណ្ឌលការងារធម្មតាដែរដូចជា៖ ការស្វែងរកមើលព័ត៌មានការងារ, ការចុះឈ្មោះរកការងារតាមប្រព័ន្ធអ៊ីនធើណិតនិងទម្រង់ក្រដាស, ការទទួលប្រឹក្សាយោបល់ការងារ, និងបណ្ណាល័យការងារជាដើម។

ប៉ុន្តែចំណុចពិសេសរបស់មជ្ឈមណ្ឌលការងារចល័តគឺអាចនាំយកសេវាការងារនិងព័ត៌មានឱកាសការងារកាន់តែខិតជិតដល់ប្រជាពលរដ្ឋអ្នកស្វែងរកការងារសិស្សនិស្សិតនៅគ្រប់ទីកន្លែងទូទាំងប្រទេសជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់មានមជ្ឈមណ្ឌលការងារនៅឡើយ។

ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្ត្រី ស្នើដល់ភាគីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) បន្តជួយជ្រោមជ្រែងដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការបង្កើតឲ្យបានកាន់តែច្រើនថែមទៀតនូវ “មជ្ឈមណ្ឌលការងារចល័ត” ដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវាឱ្យកាន់តែទូលំទូលាយទៅកាន់ទីជិតឆ្ងាយនៅទូទាំងប្រទេស ៕

ជប៉ុនផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការលើគម្រោងចំនួន២ ប្រមាណ៤៥លានដុល្លារ

ភ្នំពេញ ៖ ភាគីជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងចំនួន២ មានទំហំទឹកប្រាក់សរុបចំនួន ៤៩៣៩ លានយ៉េន ត្រូវជាប្រមាណជាង ៤៥លានដុល្លារអាមេរិក ដល់កម្ពុជា ក្នុងនោះហិរញ្ញប្បទានឥតសំណងចំនួន ១៣៤០ លានយ៉េនជប៉ុន ឬប្រមាណ ១១,៨លានដុល្លារអាមេរិក សម្រាប់គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនីនៅ កំពង់ផែដើម្បីការធ្វើទំនើបកម្មកំពង់ផែ និងឥណទានសម្បទានចំនួន ៣៥៩៩ លានយ៉េន ជប៉ុន ឬប្រមាណ ៣៣,៥ លានដុល្លារអាមេរិកផ្សេងទៀត សម្រាប់គម្រោងស្តារឡើង វិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកខាងលិចទន្លេសាបជំហានទី២។

កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានខាងលើនេះ ត្រូវបានចុះហត្ថលេខា កាលពី
រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuichi SUGANO ប្រធាន JICA ប្រចាំនៅកម្ពុជា។

តាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹងថាចំពោះ គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនីនៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ មាន
ទិសដៅធ្វើបច្ចុប្បភាព និងទំនើបកម្មលើប្រព័ន្ធចាំបាច់នានា សម្រាប់ការផ្លាស់ប្តូរទិន្នន័យ
ឌីជីថលទៅលើការស្នើសុំ និងការផ្តល់ព័ត៌មានជាដើមទៅកាន់អ្នកគ្រប់គ្រងកំពង់ផែដែល គ្រោងនឹងរៀបចំសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តរាជធានី
ភ្នំពេញ។ តាមរយៈវិសាលភាពនេះ នីតិវិធីសម្រាប់ការចេញ-ចូលកំពង់ផែរបស់នាវា នឹងប្តូរ មកប្រើប្រាស់តាមទិន្នន័យ ឌីជីថល ហើយការបង្កើនប្រសិទ្ធិភាព នៃប្រព័ន្ធ Logistic និង ទំនើបកម្មនៃរដ្ឋបាលកំពង់ផែ នឹងត្រូវបានអនុវត្ត។

ដោយឡែក គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក
ខាងលិចទន្លេសាបជំហានទី២វិញ គម្រោងនេះមានទិសដៅសាងសង់ និងជួសជុល ប្រព័ន្ធធារាសាស្ត្រ ដែលនឹងអាចស្រោចស្រពលើផ្ទៃដីកសិកម្មសរុបប្រមាណជិត ១៣ពាន់ ហិកតា។ តាមរយៈគម្រោងនេះ នឹងរៀបចំបង្កើត និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក និងផ្សព្វផ្សាយស្តីពីការគ្រប់គ្រងកសិកម្មនៅតាមតំបន់ជនបទចំនួន៦ អនុគម្រោងនៃខេត្ត ចំនួន៣ នៅភាគខាងលិចបឹងទន្លេសាបរួមមាន អនុគម្រោងលំហាច ខេត្តកំពង់ឆ្នាំង អនុ គម្រោងដំណាក់អំពិល, អនុគម្រោងវត្តល្លូង និងអនុគម្រោងវត្តជ្រៃ ខេត្តពោធិ៍សាត់ អនុ គម្រោងរៀមគុន និងអនុគម្រោងប្រឡាយពោធិ៍ ខេត្តបាត់ដំបងជាដើម ដែលគម្រោងនេះនឹងរួមចំណែកផងដែរ ក្នុងការបង្កើនផលិតកម្មកសិកម្មយ៉ាងខ្លាំង ក្នុងតំបន់គោលដៅ និង បង្កើតវិស័យទេសចរណ៍ធម្មជាតិ ដែលជាកត្តាជួយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរស់នៅ
តាមជនបទកាន់តែខ្លាំង៕

កិច្ចចរចាផ្លូវការលោក ត្រាំ និងលោក គីម នឹងធ្វើនៅថ្ងៃព្រហស្បតិ៍ក្នងសណ្ឋាគារ Metropole

ហាណូយ ៖ កិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ត្រូវបានរៀបចំឡើងនៅសប្តាហ៍នេះ ក្នុងសណ្ឋាគារដ៏ប្រណីតមួយនារដ្ឋធានីហាណូយ ក្រោមការចាត់ចែងពិធីការដោយអាជ្ញាធរប្រទេសវៀតណាម។

នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងរៀបចំកិច្ចប្រជុំអាហារនៅល្ងាចថ្ងៃពុធ នេះ។ តាមការគ្រោងទុក មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងការចរចារពេញលេញ ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Sofitel Legend Metropole នៅថ្ងៃបន្ទាប់។

ទំនងជាដូចគ្នាទៅនឹងជំនួបលើកមុនដែរ ចេញសេចក្តីថ្លែងការណ៍រួមមួយនឹងត្រូវធ្វើឡើង នៅសណ្ឋាគារនោះ ដើម្បីសរុបលទ្ធផលនៃកិច្ចចរចាទ្វេភាគីប្រសិនបើភាគីទាំងពីរបានព្រមព្រៀងគ្នា៕

រថយន្តធុនធំបើកចូលក្រុងទាំងព្រឹកបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ ៖ បទបញ្ជារបស់ចៅក្រុង និងលោកស្នងការរាជធានីភ្នំពេញ ដូចជាមិនសូវមានប្រសិទ្ធភាពដោយកូនចៅក្រោមឱវាទមិនអនុវត្តន៍តាមមេៗថ្នាក់លើក្រោយពេលដែលឯកឧត្តមឃួងស្រេងអភិបាលសាលារាជធានីភ្នំពេញនិងលោកឧត្តសេនីយ៍ឯកសថេតស្នងការក្រុងបានដាក់បទបញ្ជាដល់កូនចៅសមត្ថកិច្ចពាក់ពន្ធ័របស់លោកទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញត្រូវហាមឃាត់មិនអនុញ្ញាតឱ្យរថយន្តប្រភេទធំៗបើកចូលក្នុងក្រុងនៅពេលថ្ងៃនោះទេព្រោះរថយន្តធំៗទាំងតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរបង្កឱ្យមានអ្នករងរបួសនិងស្លាប់ជាញឹកញាប់។

នៅព្រឹកមិញនេះប្រហែលជាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៩មានរថយន្តធុនធំមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E0247ដែលមានសញ្ញាសំគាល់នៅមុខក្បាលរថយន្តCH ជារបស់របស់ក្រុមហ៊ុនរបស់លោកហ៊ុនជាមិនដឹងបើកចេញពីក្រហែញណានោះទេតទ្រុងដឹកសំពីងសំពោងលើសចំណុះបានបត់បុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យស្ថិតនៅខាងក្រោមស្ពានផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានធានីភ្នំពេញ។

ក្រោយពេលរថយន្តបុកបាក់បង្កាន់ដៃស្ពានទើបសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅគោកដៅភ្ញាក់ស្ទុះចេញមកស្ទាកឃាត់់រថយន្តបញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញចាត់ការបន្ត។

តុលាការបើកជម្រះសំណុំរឿងឃាតកម្មរបស់ អតីតស្នងការរងខេត្តតាកែវ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទ២៦ ខែកុម្ភៈ នេះ ឆ្មាំពន្ធនាគារបាននាំខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ រួមទាំងអតីតស្នងការខេត្តតាកែវ មកតុលាការរាជធានីភ្នំពេញ ដើម្បីបន្តសវនាការលើសំណុំរឿង ឃាតកម្មសម្លាប់ស្រីស្នេហ៍អ្នកនាង ចេង វឌ្ឍនា កាលពីដើមឆ្នាំ២០១៨ កន្លងទៅ។

មន្ត្រីតុលាការបានប្រាប់បណ្តាញសារព័ត៌មានថា សំណុំរឿងជនត្រូវចោទ ឡាយ វណ្ណៈ និងអ្នកជាប់ពាក់ព័ន្ធ នឹងបន្តជំនុំជម្រះសួរដេញដោល នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០១៩ គឺពាក់ព័ន្ធសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីម្នាក់ នៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ។

គួររម្លឹកថា សំណុំរឿងឃាតកម្មដ៏កក្រើកខាងលើនេះ កន្លងទៅតុលាការបានធ្វើការចោទប្រកាន់ លើជនសង្ស័យចំនួន៤នាក់ រួមមាន លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា៕