All posts by មេគង្គ ប៉ុស្តិ៍

សមត្ថកិច្ច​កម្ទេច ស្លាប ជង្គង់ ជើង និង​ភ្លៅ​មាន់​ខូចគុណភាព​ជាង​១​តោន

​ភ្នំពេញ ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​អគ្គនាយកដ្ឋាន កាំកុងត្រូល នៅ​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បានសម្រេច​ដុត​កំទេចចោល​នូវ ស្លាប ជង្គង់ ជើង និង​ភ្លៅ​មាន់ ខូចគុណភាព ជាង​មួយ​តោន ក្រោយពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​នាំចូល​ពី​ប្រទេស​ថៃ​មក​លក់​នៅ​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់​។ ការដុត​បំផ្លាញចោល​នេះ ធ្វើឡើង​នៅ​ទីលាន​ចាក់សំរាម បឹង ជើងឯក​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ស្លាប ជង្គង់ ជើង និង​ភ្លៅ​មាន់ ខូចគុណភាព ត្រូវបាន​ចាប់​ឃាត់​ខណៈ ឈ្នួ​ញ​កំពុង​ដឹក​តាម​រថយន្ត​កូរ៉េ ១​គ្រឿង ម៉ាក KIA Bongo ស្លាក​លេខ 2AD 8321 នៅ​ចំណុច ខាងកើត​ស្ពាន​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយបាន​នាំខ្លួន​អ្ន​បើកបរ​ម្នាក់ និង​អ្នករួមដំណើរ​ម្នា​ក់មក នាយកដ្ឋាន ដើម្បី​ចាត់ការ​តាម​បន្ត​នីតិវិធី​។​

​គួរ​ជម្រាប​ថា ជារឿយៗ ឈ្នួ​ញ​តែងតែ​ឆ្លឿ​ត​លួច​ដឹក​កាកសំណល់​សត្វពាហនៈ ដូចជា ចុង​ស្លាបមាន់ ជង្គង់ ជើង ភ្លៅ និង​គ្រឿងក្នុង​ជ្រូក គោ ក្របី ដែល​ខូចគុណភាព​ពី​ប្រទេស​ថៃ មក​ចែកចាយ​នៅ​ទូទាំង​កម្ពុជា​។​ករណី​អាច​នាំ​មកដល់​កណ្តាល​ក្រុង​ភ្នំ​ពេ​បាន​បែបនេះ អាស្រ័យ​ដោយ មានការ​ឃុបឃិត​គ្នា តាំងពី​ច្រកព្រំដែន​រហូតមកដល់​ទីផ្សារ​ក្នុងស្រុក​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​៕

បាក់​ច្រាំ​ទន្លេ​មុខ​សណ្ឋាគា​រអិល​ប៊ី​អិន​ក្រុង​កំពង់ចាម​

​ខេត្តកំពង់ចាម ៖ ច្រាំងទន្លេ និង​សួនច្បារ​មាន​ទីតាំង​នៅមុខ​សណ្ឋាគារ អិ​ល​ប៊ី​អិន របស់​ឩ​កញ្ញា លឹម ប៊ុណ្ណា នៅ​ក្រុង​កំពង់ចាម បាន​បាក់ស្រុត​អស់​បណ្តោយ​ប្រវែង​ប្រហែល​ជាង ១០០​ម៉ែត្រ កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថ្មីៗ​នេះ បានធ្វើអោយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​នគរបាល ព្រមទាំង​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល និង​ព្រួយ​បារ​ម្មណ៍​ពី​សុវត្ថិភាព និង​ផលប៉ះពាល់​យ៉ាងខ្លាំង ។

ច្រាំងទន្លេ​មាន​ចាក់​បេតុង​តាម​បណ្តោយ​ថ្នល់ជាតិ លំអរ​ដោយ​រូបសំណាក​ផ្សេងៗ និង​មាន​សួនច្បារ​សំរាប់​ប្រជាពលរដ្ឋ​ដើរលេង​កំសាន្ត​ជា​ស្នាដៃ​របស់​អតីត​អភិបាលខេត្ត​កំពង់ចាម គឺ​លោក លន់ លឹម​ថៃ ដែល​បាន​រចនា​អោយ​មាត់ទន្លេ មាន​សោ​ភ​ណ្ឌ័​ភាព​គួរអោយ​មោទន​របស់​ខេត្តកំពង់ចាម​។

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ស្រាប់តែ​បាក់ស្រុត​អស់​ប្រវែង​បណ្តោយ​ថ្នល់​ប្រវែង​ជាង​១០០​ម៉ែត្រ ធ្វើអោយ​ការដើរ​កំសាន្ត​ត្រូវ​វ​ឆ្ងាយ​ពី​ម្តុំ​មុខ​សណ្ឋាគារ អិ​ល​ប៊ី​អិន ដែលមាន​កំពស់​ខ្ពស់​ស្កឹមស្កៃ​។ ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពង់ចាម មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ខ្លាច​គ្រោះធម្មជាតិ មួយ​នេះ​ដែល​កំពុង​គំរាមកំហែង​ដល់​ហេ​ដ្ឋា​រចនា​នៅ​ក្រុង​កំពង់ចាម​៕

​

សម្តេច ស ខេង អញ្ជើញ​បើក​ទិវា​អន្តរជាតិ​នៃ​សុវត្ថិភាព​ចរាចរណ៍​នៅ​ខេត្តពោធិសាត់​

​ពោធិសាត់ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ថ្ងៃទី​០៣ ខែ វិច្ឆិកា ២០១៨ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់ ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​១៣ ស្ថិតនៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

ដោយមាន​ការគិតគូរ​ខ្ពស់​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​មាន​សុ​ឆន្ទៈ​ខ្ពស់​ក្នុង​ការចូលរួម​យ៉ាងសកម្ម​ជាមួយ​ចលនា​របស់​ពិភពលោក ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ គ្រោះថ្នាក់​ចរាច​ណ៍​ឲ្យ​មក​នៅ​កម្រិត​ទាប​បំផុត គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​ណ៍​រៀបចំ​ទិវា​នេះ​ក្នុង​គោលបំណង ដើម្បី​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ និង​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏ ជួយ​ពញ្ញាក់​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ឲ្យ​យល់ដឹង​អំពី​ផលប៉ះពាល់​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង ដោយ​ការបើកបរ​មិន​គោរព​ច្បាប់ តាមរយៈ​បើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ការបើកបរ​ហួស​ល្បឿន​កំណត់ ការ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះ ថ្នាក់ ការដឹក​លើស​ទំងន់​កំណត់ និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។​

សូមបញ្ជាក់ថា ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ឲ្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​ណ៍ រៀបចំ​តាំងពី​ឆ្នាំ ២០០៦ ហើយ​ដែល​ប្រារព្វ​លើក​ទី​១ ធ្វើ​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃអាទិត្យ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៦៕
​

​រកឃើញ​ប្រអប់​ខ្មៅ​ទី​២​របស់​យន្តហោះ​ឥណ្ឌូ​នេស៊ី​ដែល​ធ្លាក់​ស្លាប់​១៨៩​នាក់​

​ឥណ្ឌូណេស៊ី ៖ ក្រុម​ពំនា​ញ​មុជទឹក បាន​រកឃើញ​ប្រអប់​ខ្មៅ​ទី​២ ដែល​កត់ត្រា​អំពី​ទិន្នន័យ​អំពី​ការហោះហើរ​របស់​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air របស់​ឥណ្ឌូណេស៊ី តែ​ប្រអប់​នេះ​បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ជាហេតុ​ធ្វើឱ្យ​ដំណើរការ​ស៊ើបអង្កេត របស់​ឥណ្ឌូណេស៊ី​ជួបប្រទះ​ការលំបាក​ច្រើន​ទៀត​។​

​លោក Haryo Satmiko អនុប្រធាន​គណៈកម្មាធិកា​រ​សុវត្ថិភាព​គមនាគមន៍​ជាតិ​ឥណ្ឌូណេស៊ី​ប្រាប់ Reuters ថា យើងខ្ញុំ​នៅ​ពុំទាន់​អាច​ទាញយក (Download) ពី​ប្រអប់​ខ្មៅ​បានឡើយ​ទេ ព្រោះ​ផ្នែក​មួយចំនួន​ត្រូវ​បែកខ្ទេច​»​។ អ្នកជំនាញ​រូបនេះ​លើកឡើងថា ការដែល​ប្រអប់​ខ្មៅ​រង​សភាព​ខូចខាត​បែបនេះ ធ្វើឱ្យ​ដំណើរការ​ស៊ើបអង្កេត​ពិត​ជា​លំបាក​។ លោក​Satmiko ប្រាប់ថា សមត្ថកិច្ច​ឥណ្ឌូណេស៊ី​កំពុង​រង់ចាំ​ជំនួយ​ពី​អ្នកជំនាញការ​អាមេរិក ឬ​ក្រុមហ៊ុន Boeing ដើម្បី​ដោះស្រាយ​ឧបសគ្គ​ខាងលើ​។​

​ប្រអប់​ខ្មៅ​ដែល​រកឃើញ​នៅ​បាតសមុទ្រ​កាលពី​ម្សិលមិញ​នេះ ត្រូវបាន​គេ​ផលិតឡើង​មាន​សមត្ថភាព​ការពារ​ការប៉ះទង្គិច​ខ្លាំង​បាន ប៉ុន្តែ​ការខូចខាត​ជាក់ស្តែង​បង្ហាញឱ្យឃើញថា​កម្លាំង​ប៉ះទង្គិច​ពេល​យ​ន្តះ​ហោះ​ធ្លាក់ចុះ​សមុទ្រ​ពិតជា​ខ្លាំង​សម្បើម​ណាស់ ធ្វើឱ្យ​ប្រអប់​ខ្មៅ​រង​ការខូចខាត​បែបនេះ​។ ការប៉ះទង្គិច​យ៉ាងនេះ​ទើប​ធ្វើឱ្យ​យន្តហោះ​បែក​ជា​បំណែក​តូចៗ ហើយ​សាកសព​ជនរងគ្រោះ​ក៏​ដូចគ្នា​ដែរ​។​

​សូមជម្រាបថា យន្ដហោះ Boeing 737 MAX 8 មាន​ជើងហោះហើរ​លេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មាន​ផ្ទុក​មនុស្ស​១៨៩​នាក់ ក្នុងនោះ​រួមមាន​មនុស្ស​វ័យ​ជំទង់​១៧៨​នាក់​, កុមារ​ម្នាក់​, ទារក​០២​នាក់​, ពី​ឡុ​ត ០២​នាក់ និង​ក្រុម​សហសេវិក ០៦​នាក់​ផ្សេងទៀត​បាន​ធ្លាក់ចូល​ទឹកសមុទ្រ​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ ក្នុងអំឡុងពេល​ហោះហើរ​ពី​រដ្ឋធានី​ហ្សា​ការ​តា ទៅកាន់​ទីក្រុង ផាង​កាល ភី​ណា​ង (Pangkal Pinang) កោះ​បាង​កា (Bangka) របស់​ឥណ្ឌូណេស៊ី​៕

​

ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​លើក​ទី​៣ នឹងធ្វើ​នៅ​ខែឧសភា ឆ្នាំក្រោយ​

​ភ្នំពេញ ៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ។ នេះ​បើតាម​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨​។​

​សូមជម្រាបថា កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ ចំនួន​២​លើក​រួចមកហើយ ដោយ​លើក​ទី​១ នៅ​ឆ្នាំ​២០០៩ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៤ ពោលគឺ​ធ្វើ​ឡើងជា​រៀងរាល់​៥​ឆ្នាំ​ម្តង​៕

​

អ្នក​ចង់​រកស៊ី​ឈើ​ខុសច្បាប់​តែ​គ្មាន​កំហុស អញ្ជើញទៅ​ស្រុក​កែវ​សីមា

​ខេត្តមណ្ឌលគិរី ៖ រថយន្ត​ប្រភេទ​សាំ​យ៉ុង​ចំនួន​៣​គ្រឿង​ដឹកឈើ​ពេញបន្ទុក ត្រូវបាន​សមត្ថកិច្ច បរិស្ថាន​ចាប់​ឃាត់ទុក តែ​ដោះលែង​អ្នកបើកបរ ខណៈ​រថយន្ត​ទាំង​៣​នេះ កំពុង​ដឹកឈើ​ប្រណីត​ទំហំ​ធំៗ​ជាច្រើន​ដើម ឆ្ពោះទៅ​ព្រំដែន ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ឆ្លងកាត់​តាម​ស្រុក​កែវ​សីមា​។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​ឃាត់​ចាប់​រថយន្ត​ដឹកឈើ​នេះ កើតឡើង​នៅវេលា​ម៉ោង ៤​ទាបភ្លឺ ថ្ងៃទី​២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ​ស្ថិតក្នុង​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត មណ្ឌលគិរី​។ ក្រោយពេល​ឃាត់​រថយន្ត​ត្រួតពិនិត្យ​រួចហើយ មន្ត្រី​បរិស្ថាន បាន​នាំយក​ទាំង​រថយន្ត និង​ឈើ​ទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ដែន​ជម្រក​កែវ​សីមា រង់ចាំ​ចាត់ការ​តាម​នីតិវិធី​ជា​ក្រោយ ចំណែក អ្នកបើកបរ​រថយន្ត បាន​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

​ប្រភព​ដដែល​បន្តថា ករណីបែបនេះ​មិនមែនជា​លើក​ទី​១​ទេ ប៉ុន្តែ​គេ​ដឹងថា សមត្ថកិច្ច​ជំនាញ​ជាច្រើន ផ្នែក រាប់ទាំង​អាជ្ញាធរ​ដែនដី សុទ្ធតែ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្នួ​ញ​កាប់បំផ្លាញ​ឈើ​ខុសច្បាប់ ដែល ឈើ​ខ្លះ​ស្ថិតក្នុង​តំបន់​អភិរក្ស​ទៀតផង ក៏​ត្រូវគេ​បើកដៃ​ឲ្យ​កាប់ និង​ដឹក​ចេញ​ទាំង​ឡានៗ​យ៉ាង​រលូន ដោយ​មិន​ខ្វល់​ពីអ្វី​នោះឡើយ​។​

​ប្រភព​បន្តថា ជាក់ស្តែង​ដូចជា​ករណី​ខាងលើនេះ​ជាដើម គឺ​ក្រុម​ឈ្នួ​ញ បាន​ដឹកឈើ​ប្រភេទ​កកោះ ចំនួន ៣​គ្រឿង ឆ្លង​កាត់មុខ​ក្រុម​គណៈកម្មការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា ខេត្ត មណ្ឌលគិរី យ៉ាង​រលូន​ឆ្ពោះទៅ​ព្រំដែន​ប្រទេស​វៀតណាម ប៉ុន្តែ​លោក ព្រំ វណ្ណា នាយការិយាល័យ ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែលជា​អ្នកគ្រប់គ្រង​នៅ​ទីនោះ មិន​ចាត់ការ​រឿងនេះ​ឡើយ ធ្វើ​ឲ្យ​មាន ការ​រិះគន់ថា លោក ព្រំ វណ្ណា ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​បើកដៃ​ឲ្យ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ តាម​ទំនើងចិត្ត​។​ប្រភព​ដដែល​បន្តថា ឈើ​ទាំងនេះ ត្រូវ​សមត្ថកិច្ច​បរិស្ថានចាប់បាន ​ខណៈ​កំពុង​ធ្វើ​បេសកកម្ម តាមផ្លូវលំ​ត្រង់ចំណុច​ចំការកៅស៊ូ ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១​ ស្ថិតក្នុង​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​ប្រភព​ដដែល​បញ្ជាក់ថា ក្រោយពេល​សាកសួរ ទើប​ដឹងថា កន្លងមក អ្នករកស៊ី​ដឹកឈើ​ខាងលើនេះ គេ​បាន​រត់ការ​បង់លុយ​តាម​លំដាប់​ជំនាញ​ឲ្យ​គ្រប់​ស្ថាប័ន​អស់ហើយ ពិសេស​គេឲ្យទៅ​ក្រុម​គណៈ កម្ម​ការទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី តែម្តងដែលមាន​លោក ព្រំ វណ្ណា ជា​អ្នកគ្រប់គ្រង​។​

គួរជម្រាបថា ​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ខេត្ត​ណា​ក៏​ដូច​ខេត្ត​ណា​ដែរ សុទ្ធតែ​ល្បីល្បាញ​ពី​ករណី​ជួញដូរ​ឈើ​ល្មើសច្បាប់ ការកាប់បំផ្លាញ​ព្រៃឈើ ដែល​សូម្បីតែ​ក្នុង​តំបន់​អភិរក្ស​ក៏​មិន​សល់​ដែរ រហូតដល់​ថ្នាក់​រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ច​ម្រះ​ស្ថាប័ន ចុះបង្ក្រាប និង​ធ្វើ​អធិការកិច្ច​គ្រប់​ច្រកល្ហក ហើយ​នៅពេល​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ព្រមាន​ពី​ក្រៅប្រទេស​ខណៈ​លោក​កំពុង​បំពេញ​បេសកម្ម​នៅ​ទ្វីបអឺរ៉ុប​ថា លោក​ស្អប់​ណាស់​ពួក​បំផ្លាញ​ព្រៃឈើ ហើយ​លោក នឹង​ប្រើ​ឧទ្ធម្ភាគចក្រ​បាញ់ប្រហារ​ពីលើ​អាកាស​លើ​ក្រុម​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើទៀតផង ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គេ​មិន​បានឃើញ​ឈ្នួ​ញ​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ឬ​ទទួល​ទោសទណ្ឌ​នោះឡើយ​។ បើ​ដូច្នេះទេ អ្នក​ដែល​ចង់​រកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់​ដោយ​មិនមាន​ទោសពៃរ៍ អាច​ទៅ​តំបន់​ភាគ​ឦសាន​កម្ពុជា ពិសេស ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្រែង​មាន​វាសនា​ធ្វើ​មាន​ធ្វើបាន​ដូច​បុគ្គល​មួយចំនួន​។​

​លើក​ក្រោយ ភ្នាក់ងារ​ព័ត៌មាន មេគង្គ ប៉ុស្តិ៍ នឹងធ្វើ​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់​ទៀត​ពី​ករណី​ជួញដូរ​ឈើ​ល្មើសច្បាប់ នៅក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​ត្បូងឃ្មុំ​៕


​(​ ក្រុមមន្ត្រីបរិស្ថាន ស្រុកកែវសីមា ដែលឃាត់ចាប់រថយន្តដឹកឈើល្មើសច្បាប់)

មេ​កាំកុងត្រូល​ប៉ោយប៉ែត សំងំសុខ​ក្រោម​ការនាំ​ចូល​ទំនិញ​ខូចគុណភាព​ពី​ថៃ

​ប៉ោយប៉ែត ៖ ចំណីអាហារ​គ្មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ មាន​ផ្ទុក​សារធាតុ​គីមី និង​ជា​ទំនិញ​ខូចគុណភាព ដូចជា ប្រហិត បន្លែ ត្រី សាច់ ជាពិសេស​គឺ​កាកសំណល់​សាច់មាន់ ជង្គង់​មាន់ ស្លាបមាន់ និង​ពោះវៀន​ជ្រូក ជាដើម ត្រូវបាន​ឈ្មួញ​បាន​នាំចូល​រាប់​តោន​ក្នុង​មួយថ្ងៃៗ​ពី​ប្រទេស​ថៃ យកមកចែក​ចាយ​លើ​ទីផ្សារ​ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា ដោយ​គ្មាន​ការត្រួតពិនិត្យ ឬ ទប់ស្កាត់​ពី​មន្ត្រី​ជំនាញ​ប្រចាំ​ច្រកព្រំដែន​នោះឡើយ​។ ករណីនេះ ​លោក សាន្ត វិជ្ជា​សា​រ៉ាវុធ ជា​មេ​កាំកុងត្រូល​ប្រចាំច្រកប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជា​អ្នក​រង​ការចោទប្រកាន់​ធំជាងគេ ព្រោះ​លោក​ជា​អ្នក​ទទួលខុស​ខ្ពស់​លើ​បញ្ហា​នេះ​។ នេះ​បើតាម​ការអះអាង​បញ្ជាក់​របស់​មន្ត្រី​ប្រចាំការ​មួយរូប នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​

​បើ​យោងតាម​ច្បាប់​មន្ត្រី​កាំកុងត្រូល​មាន​បេសកកម្ម​ដូចខាងក្រោម ៖ ១ – ធានា​គុណភាព សុវត្ថិភាព​ផលិតផល និង​សេវា​ដើម្បី​ការពារ សុខុមាលភាព និង​សុវត្ថិភាព​អ្នកប្រើប្រាស់​។ ២ – ធានា​កិច្ចការពារ​ផលប្រយោជន៍ និង​សេដ្ឋកិច្ច​របស់​អ្នកប្រើប្រាស់​។ ៣ – ធានា​អនុលោមភាព​នៃ​បណ្តា​លក្ខ​ខ​ណ្ខ តម្រូវ​ឲ្យ​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម និង​៤ – ទទួល​ធ្វើ​សេវា​ត្រួតពិនិត្យ​លក្ខខណ្ឌ​ជា​ភាគី​ទី​បី​។ ប៉ុន្តែ​មន្ត្រី​ក​កុងត្រូល​បែរជាយក​តួនាទី​បេសកកម្ម​នេះ​ទៅ​ទ្រាប់​គូថ​អង្គុយ ហើយ​ឃុបឃិត​ជាមួយ​ពួក​ឈ្មួញ​រកស៊ី​ទុច្ចរិត ប្រព្រឹត្ត​អំពើពុករលួយ និង​មិន​ខ្វល់​ពី​ផលប៉ះពាល់​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​អ្នកទទួល​ទាន​ឡើយ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅនេះ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បាន​ចុះ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​មន្ត្រី​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រោយពី​កត់សម្គាល់​ឃើញថា ការងារ​កាំកុងត្រូល​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ដឹកនាំ​ដោយ​លោក សាន្ត វិជ្ជា​សា​រ៉ាវុធ មានការ​ចុះខ្សោយ​ជាខ្លាំង ដោយសារតែ​ការដឹកនាំ​មិនបាន​ល្អ គ្មាន​សាមគ្គីភាព​ផ្ទៃក្នុង ហើយ​លោក សាន្ត វិជ្ជា​សា​រ៉ាវុធ តែងតែ​ប្រើ​អំណាច​ជា​ប្រធាន​សាខា ធ្វើការ​គាបសង្កត់​ដល់​មន្ត្រីក្រោមឱវាទ​ឲ្យ​ខ្លាចញញើត យក​សាច់ញាតិ និង​មនុស្ស​ជំនិត​របស់ខ្លួន​ជា​ស៊ីវិល​ក្រៅ​ក្របខ័ណ្ឌ និង​គ្មាន​ជំនាញ ឲ្យ​មក​ធ្វើ​ការងារ​កន្លែង​ខ្លាញ់ រីឯ​មន្ត្រី​ជំនាញ​ពិតប្រាកដ​ដែលមាន​តួនាទី​ភារកិច្ច បែរជា​ចាត់តាំង​ឲ្យ​ទៅធ្វើ​ការងារ​កន្លែង​ផ្សេងៗ​ទៅវិញ ជាហេតុ​ធ្វើ​ឲ្យ​មន្ត្រីក្រោមឱវាទ​នាំគ្នា​មិន​ពេញចិត្ត​នូវ​ទង្វើ​ដឹកនាំ​របៀប​ផ្តាច់ការ បក្សពួកនិយម របស់លោក សាន្ត វិជ្ជា​សា​រ៉ាវុធ​។

​សូមបញ្ជាក់ថា រាល់​ពេលដែល​សមត្ថកិច្ច​ជំនាញ​តាម​បណ្តា​ខេត្ត ក្រុង ដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប និង​កំពង់ធំ ជាដើម ចុះ​ត្រួតពិនិត្យ និង​បង្ក្រាបបាន ប្រហិត ឬ កាកសំណល់ សាច់មាន់ ជង្គង់​មាន់ ស្លាបមាន់ និង​ទំនិញ​ខូចគុណភាព​ម្តងៗ​រាប់សិប​តោន ត្រូវ​ឈ្មួញ​ឆ្លើយថា នាំចូល​ពី​ថៃ​តាម​ច្រក​ប៉ោយប៉ែត ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក សាន្ត វិជ្ជា​សា​រ៉ាវុធ​។​

​នៅ​រសៀល​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ ប៉ុស្តិ៍ មិនអាច​សុំ​ការពន្យល់​ពី​លោក សាន្ត វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំ​កុង​ត្រូវ​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បានទេ​៕

​

ក្រសួង ប្រកាស​បិទ​សាលាបង្រៀន​បើកបរ ដែល​គ្មាន​កម្មវិធី​បង្រៀន​បើកបរ​រថយន្ត​ធុន​ធ្ងន់

​ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជា​ឲ្យ​ដក​អាជ្ញាប័ណ្ណ​ពី​សាលាបង្រៀន​បើកបរ​ណា ដែល​គ្មាន​កម្មវិធី​បង្រៀន​បើករថយន្ត​ធុន​ធ្ងន់ ឬ​គ្មាន​រថយន្ត​ប្រភេទ​ធុន​ធ្ងន់ សម្រាប់​បង្រៀន​ឲ្យ​អនុវត្តន៍​ផ្ទាល់​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​។

​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា បច្ចុប្បន្ន​មាន​រថយន្ត​ប្រភេទ​ធំ​ជាង ២៣​ម៉ឺន​គ្រឿង ប៉ុន្តែ​អ្នកមាន ប័ណ្ណបើកបរ​តែ ៦០​ភាគរយ​ប៉ុណ្ណោះ លើ​ចំនួន​រថយន្ត​ដែល​បាន​ចុះបញ្ជី​។ ដូច្នេះ​បានន័យថា អ្នក បើកបរ​រថយន្ត​ធុន​ធ្ងន់ ភាគច្រើន​គ្មាន​បណ្ណ​បើកបរ​តាមច្បាប់​ត្រឹមត្រូវ ទៅតាម​ប្រភេទ​រថយន្ត​នោះទេ​។

​សូមជម្រាបថា មកដល់ពេលនេះ ក្រសួង​បានចេញ​អាជ្ញារ​បណ្ណ​ទៅ​សាលាបង្រៀន​បើកបរ​២៩​សាលា ដែលមាន ១៨០​សាខា​។ ប៉ុន្តែលោក ស៊ុន ចាន់ថុល លើកឡើងថា សាលា​ទាំង​២៩​នោះ មិនមាន​រថយន្ត​ធុន​ធំ​សម្រាប់​បង្រៀន​ទេ ដែល​ត្រូវ​ស្នើ​ឲ្យ​ពិនិត្យ និង​ដក​អាជ្ញាប័ណ្ណ​សាលាបង្រៀន​ណា​ដែល​គ្មាន​កម្មវិធី​ដើម្បី​បណ្ដុះបណ្ដាល​អ្នកបើកបរ​យានយន្ត​ប្រភេទ​ធុន​ធ្ងន់​៕
​

អាជ្ញាធរ​ប្រមូល​អ្នក​ផលិត​ស្រាស នៅ​ខេត្តក្រចេះ មក​បណ្តុះបណ្តាល​ជំនាញ​

​ខេត្តក្រចេះ ៖ បន្ទាប់ពី​មាន​ករណី​ពុល​ស្រាស​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​១ ខែ វិច្ឆិកា នេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អាជ្ញាធរខេត្ត បាន​បើក​វគ្គ​បណ្តុះបណ្តាល ស្តី​ពីបទ ដ្ឋា​នប​ច្ចេកទេស ក្នុង​ការផលិត​ស្រាស​អង្ករ និង​ពន្យល់​ពី​ផលប៉ះពាល់​ដល់​សុវត្ថិភាព និង​សុខភាព ដល់​អ្នក​ផលិត និង​អ្នកលក់​ស្រា នៅក្នុង​ខេត្ដ​ក្រចេះ ។​

​លោក នី ឆុង ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ដ​ក្រចេះ បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ការបណ្ដុះបណ្ដាល​ហើយ អាជ្ញាធរ​បានបញ្ជាក់​ទៅ​ពលរដ្ឋ​ទាំងអស់ មុននឹង​បើក​លក់​ស្រា​ត្រូវ​មកសុំ​សិទ្ធិ​នៅ​មន្ទីរ​ពាក់ព័ន្ធ​ជាមុនសិន ដើម្បី​បញ្ជាក់​ពី​បទដ្ឋាន​បច្ចេកទេស នៃ​ការផលិត​ស្រាស របស់​ពួកគាត់​។​

​គួរ​បញ្ជាក់ថា ករណី​ពុល​ស្រា ស មួយ បានកើត​ឡើង​នៅ​ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ដ​ក្រចេះ និង​ឃុំ​កោះ​ខ្ញែ បណ្ដាល​ឲ្យ​ពលរដ្ឋ​៥​នាក់​ស្លាប់ និង​៧៨​នាក់​ទៀត ធ្លាក់ខ្លួន​ឈឺ​ជា​បន្ដបន្ទាប់​៕

រដ្ឋាភិបាល​ពិនិត្យ​ចងក្រង​ច្បាប់ ពី​ការ​ពពោះ​មនុស្សធម៌ និង​ការ​ពពោះ​ជា​បទល្មើស

​ភ្នំពេញ ៖ ករណី​នៃ​ការជួញដូរ​មនុស្ស​មាន​ការថយចុះ ប៉ុន្តែ​បែរជា​លេច​រូបភាព​ពី​ការជួញដូរ​មនុស្ស​ថ្មី​មួយទៀត តាមរយៈ​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​។ ករណី​ពពោះ​ជំនួស​នេះ គឺជា​ការរំលោភ​សិទ្ធិ​ទារក​យ៉ាងធ្ងន់ធ្ងរ ដែល​មិនមែនជា​រឿង​ការលើកកម្ពស់​ស្ត្រី​ទេ ពីព្រោះ​ស្រី្ត​គ្មាន​សិទ្ធិ​លក់​កូន​ខ្លួនឯង​ឡើយ​។​នេះ​បើតាម ការបញ្ជាក់​របស់លោក ស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ ទ​៣១ ខែតុលា កន្លងទៅ​។​

​លោក ស្រី ជូ ប៊ុន​អេង បញ្ជាក់ថា ទាក់ទិន​នឹង​ករណី​ពពោះ​ជំនួស​នេះ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​សិក្សា​ពី​ទិដ្ឋភាព​សកល​ដើម្បី​ធ្វើ​ច្បាប់​សម្រាប់​ឲ្យ​ការងារ​ពពោះ​ជំនួស​នេះ​ស្ថិតនៅក្នុង​លក្ខខណ្ឌ​មួយ​ថា តើ​ការ​ពពោះ​បែបណា ដែល​ហៅថា​មនុស្សធម៌ ? ហើយ​ការ​ពពោះ​បែបណា ជា​បទល្មើស ដើម្បី​ធានា​ដល់​សិទ្ធិ​រស់រានមានជីវិត​របស់​ទារក ។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ មាន​ស្ត្រី​ខ្មែរ​ចំនួន​៣២​នាក់​ហើយ ដែល​ត្រូវបាន​ឃុំខ្លួន​ពីបទ​ល្មើស​ស៊ី ឈ្នួល​ពពោះ​សម្រាលកូន​ជំនួស​៕


​

៩​ខែ​នេះ មាន​រោងចក្រ​បើក​ថ្មី​សរុប​១២៩ ក្នុងនោះ​រោងចក្រ​កាត់ដេរ​ចំនួន​៦៩

​ភ្នំពេញ ៖ រយៈពេល​៩​ខែ​ដើម​ឆ្នាំនេះ កម្ពុ​ជាមាន​រោងចក្រ​ថ្មី​សរុប​១២៩ ត្រូវបាន​បើក​ដំណើរការ ក្នុងនោះ​មាន ចំនួន​៦៩ ជា​រោងចក្រ​កាត់ដេរ ខណៈដែល​រោងចក្រ​កាត់ដេរ​ចំនួន​៣២ ត្រូវបាន​បិទទ្វារ​ក្នុងអំឡុងពេល​នេះដែរ ធ្វើ​ឲ្យ​កម្មករ​គ្មាន​ការងារ​ធ្វើ​សរុប ១៨.៦៤៥ នាក់​។ នេះ​បើ​យោងតាម​របាយការណ៍ បាន​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។​

​សូមជម្រាបថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​កម្ពុជា​បាន​រកចំណូលបាន ៥,៣២​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៨​ខែ​ដំបូង​ក្នុងឆ្នាំនេះ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ប្រមាណ ២២ លាន​ដុល្លារ សម្រាប់​បើកប្រាក់​បៀវត្សរ៍​ជូន​កម្មករ ដែល​ត្រូវ​ថៅកែ​បិទទ្វារ​រោងចក្រ​៕

ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ នឹងមាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ចុងឆ្នាំ​នេះ

​ព្រះសីហនុ ៖ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា យ៉ាងយូរ​នៅ​ដើម ឬ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត នឹងមាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​តម្រូវការ ខណៈដែល​អាង​ចម្រោះ និង​អាង​ស្តុក​ទឹក​ទំហំ ៦​ម៉ឺន​ម៉ែត្រគូប នៅ​តំបន់​ក្បាលឆាយ សម្រេចការ​សាងសង់​បាន ៩០% ហើយ​។ នេះ​បើតាម​ខ្លឹមសារ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។
​
​គួរ​ជម្រាប​ថា ប្រភពទឹក​ស្អាត ដែល​ត្រូវ​ផ្គត់ផ្គង់​ដល់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ត្រូវបាន​យកចេញ​ពី​អាង​ស្តុក​ទឹក​ក្នុ​ប​តំបន់​ក្បាលឆាយ ដែលជា​ប្រភពទឹក​ធម្មជាតិ មានលទ្ធភាព​ផ្គត់ផ្គង់​លើ​ការប្រើប្រាស់​ដោយ​គ្មាន​ការព្រួយបារម្ភ​ទេ​៕

១០​ខែ​នេះ កម្ពុជា​រក​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ជិត ៩៤​លាន​ដុល្លារ

សៀមរាប ៖​ គ្រឹះស្ថាន​អង្គរ បាន​បង្ហាញថា រយៈពេល​១០​ខែ ក្នុងឆ្នាំនេះ កម្ពុជា​ទទួលបាន​ចំណូល​ពី​ការលក់ បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំនួន ៩៣.៩២៧.៩២៦​ដុល្លារ កើន​លើស​ឆ្នាំ​២០១៧ ចំនួន ១១,៥៣​ភាគរយ ។​

​របាយការណ៍​បញ្ជាក់បន្ថែម​ថា នៅ​រយៈពេល​១០​ខែ​ដូចគ្នានេះ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ២.០៩០.០៤៣​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ កើនឡើង ៧,៧​ភាគរយ លើស​ឆ្នាំមុន​។​

​សូមជម្រាបថា ចំណូល​ដែល​ទទួលបាន​ជិត ៩៤​លាន​ដុល្លារ​នេះ រាជរដ្ឋាភិបាល​បាន​ដក​ចំនួន ៤.១៤០.០៨៦​ដុល្លារ ឧបត្ថម្ភ​ចូល​មូលនិធិ​គន្ធបុប្ផា ដើម្បី​ទ្រទ្រង់​និរន្តរភាព​របស់​មន្ទីរ ពេទ្យ​គន្ធបុប្ផា​បន្តទៀត​៕

ឈ្មួញ​សម្រុក​នាំចូល​ជ្រូក​ពី​ថៃ ជំនួស​ជ្រូក​វៀតណាម ដោយសារ​បញ្ហា​តម្លៃ

​ភ្នំពេញ ៖ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក​កម្ពុជា​បាន​បញ្ជាក់ថា ឈ្មួញ​ស្របច្បាប់​បាន​ងាក​ទៅ​នាំ​ជ្រូក​ពី​ថៃ​ចូលមក​កម្ពុជា​វិញ ដោយសារ​ជ្រូក​ថៃ ថោក​ជាង​ជ្រូក​វៀតណាម​។​ក្នុង​ជ្រូក​រស់​ថៃ​១ គីឡូក្រាម​ថ្លៃ​ជាង​៧.០០០​រៀល អាច​លក់​នៅ​ស្រុក​ខ្មែរ​បាន​ជាង​៨.០០០​រៀល​។ បើ​យក​ជ្រូក​វៀត ណា​ម មក​លក់​មិន​ចំណេញ​ទេពី​ព្រោះ​ជ្រូក​រស់នៅ​វៀតណាម​ថ្លៃ​៩.០០០​រៀល​ក្នុង​១​គីឡូក្រាម​។

​លោក​បន្ដថា សកម្មភាព​ជ្រូក​ថៃ​សំរុក​ដឹក​មក​ស្រុក​ខ្មែរ​នេះ​មាន​តាំងពី​ខែឧសភា​មកម្ល៉េះ​។ ជា​មធ្យម​ឈ្មួញ​នាំចូល​ជាង​១.០០​ក្បាល​ក្នុង​មួយថ្ងៃ​។ ជាធម្មតា​ឈ្មួញ​រកស៊ី កន្លែង​ណា​មានតម្លៃ​ថោក តែង តែ រត់ទៅរក​កន្លែង​ហ្នឹង ដើម្បី​ស្វែងរក​ផលចំណេញ​៕

សម្ដេច​តេ​ជោ ស្នើ​ឲ្យ​គ្រប់​សាលា​ទាំងអស់ ត្រូវ​ធានា​ការសិក្សា​ឲ្យ​បាន​ពេញលេញ

​ភ្នំពេញ ៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​អ្នកគ្រប់គ្រង​សាលារៀន​ទាំងអស់ ត្រូវ​ត្រៀមលក្ខណៈ​គ្រប់​រូបភាព ក្នុង​ការធានា​ការបង្រៀន​សិស្ស​ឲ្យ​បាន​ពេញលេញ ស្របតាម​កម្មវិធីសិក្សា​ដែល​បានកំណត់ បើទោះជា​មាន​ករណី​ទឹកជំនន់ និង​ខ្យល់​កន្ត្រាក់​ក៏ដោយ​។ ការស្នើ​របស់​សម្ដេច ហ៊ុន សែន នេះ នៅក្នុង​សារលិខិត​អំពាវនាវ​ដែលមាន​៨​ចំណុច ឱកាស​អបអរសាទរ​ថ្ងៃ​បើកប​វេន​កាល​សិក្សា​ឆ្នាំ​២០១៨-២០១៩​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ជា​ថ្ងៃ​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​របស់​ក្មួយៗ ចៅៗ​ជា​សិស្សានុសិស្ស​ចំណេះ​ទូទៅ​ទាំងអស់ ដែលជា​កុលបុត្រ កុលធីតា​ជាទី​ស្រលាញ់​របស់​យើង​គ្រប់ៗ​គ្នា មានឱកាស​ទទួលបាន​នូវ​ការអប់រំ ឱកាស​ក្នុង​ការបន្ត​ការសិក្សា​រៀនសូត្រ និង​ជា​ថ្ងៃ​ចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​តូចៗ ដែល​ទើបនឹង​ដល់​អាយុ​ចូល​សាលារៀន​៕