All posts by មេគង្គ ប៉ុស្តិ៍

ក្នុង​ខែតុលា គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​ចំនួន ១៦៦​នាក់

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​គិត​ចាប់ពី​ថ្ងៃទី​០១ រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ បាន​កើតឡើង​ចំនួន ៣០៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៦៦​នាក់ និង​រងរបួស​សរុប​៤៧៧​នាក់​។ នេះ​បើតាម​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀតថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែតុលា បាន​កើន​លើស​ខែកញ្ញា កន្លងទៅ​ចំនួន ៣៥​នាក់ ។ ដោយឡែក​មូលហេតុ ដែល​បង្ករ​គ្រោះថ្នាក់​ចរស​ចរណ៍​រួមមាន ល្មើស​ល្បឿន បើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​ប្រជែង មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្ដាំ បត់​គ្រោះថ្នាក់ បើកបរ​ក្នុងស្ថានភាព​ងងុយដេក និង​កត្តា​យានយន្ត​៕

អ្នក​ជាប់ឃុំ ១​ភាគ​៣ ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​កម្ពុជា ស្ថិតក្នុង​បន្ទប់​ចង្អៀត​ណែន

​ភ្នំពេញ ៖ ពន្ធនាគារ​ចំនួន​១៨ ក្នុងចំណោម​ពន្ធនាគារ​ចំនួន​២៨ នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវបាន រកឃើញថា អ្នក​ជាប់ពន្ធនាគារ​ច្រើនជាង ១​ភាគ​៣ គឺជា​ជន​ដែល​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ ចេញផ្សាយ​នៅ ថ្ងៃទី​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​។​

​របាយការណ៍​ដដែល បញ្ជាក់ថា នៅក្នុង​ពន្ធនាគារ​មួយចំនួនទៀត មាន​អ្នក​ជាប់ឃុំ​ច្រើនជាង​ពាក់កណ្ដាល ដែល​មិនទាន់​ត្រូវបាន​តុលាការ​បើកសវនាការ​ជំនុំជម្រះ​នៅឡើយ​។ ការឃុំខ្លួន​បណ្ដោះ អាសន្ន​នេះ ច្រើន​ហួសហេតុ ធ្វើ​ឲ្យ​ពន្ធនាគារ​នៅ​កម្ពុជា​ដែល​ចង្អៀត​ណែន​ស្រាប់ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។

​របាយការណ៍​អង្គការ​នេះ ក៏បាន​ជំរុញ​ឲ្យ​ចៅក្រម​ស៊ើបសួរ ប្រើ​ឆន្ទានុសិទ្ធិ​ដោះលែង​ជនជាប់ចោទ​ដែល​អាច​ឲ្យ​នៅក្រៅ​ឃុំ​រហូត​ទាល់តែ​ដល់​ថ្ងៃ​សវនាការ​ជំនុំជម្រះ​រឿងក្ដី ដើម្បី​កាត់បន្ថយ​សម្ពាធ​លើ​ជន​ជាប់ឃុំ​រាប់ពាន់នាក់ នៅក្នុង​ពន្ធនាគារ​ទាំងអស់​នៅ​កម្ពុជា​។​

​អង្គការ​នេះ បាន​ឆ្លុះបញ្ចាំង​ថា អ្នក​ជាប់ឃុំ​ច្រើន​ហូ​ស​កំណត់ មិន​ត្រឹមតែ​បាន​បង្ក​ផលប៉ះពាល់​ទៅលើ​អ្នក​ជាប់ឃុំ​ប​ណ្ណោះ​ទេ គឺ​វា​ក៏​ផ្ដល់​ផលវិបាក​ដល់​មន្ដ្រី​ពន្ធនាគារ​ផងដែរ​៕


​

ក្រសួងបង្កើតសាលាបង្រៀនបើកបរ រថយន្តធុនធ្ងន់ និងសណ្តោង

ភ្នំពេញ ៖ ​មជ្ឈមណ្ឌល​បង្រៀន​បើកបរ​រថយន្ត​ធុន​ធ្ងន់​ដំបូង​គេ​នៅ​កម្ពុជា បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ ក្រោម​អធិបតីភាពលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វះខាត​នៃ​អ្នកជំនាញ​បើករថយន្ត​ធុន​ធ្ងន់​នៅ​កម្ពុជា​។​

លោករដ្ឋមន្ត្រី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ស្វែងយល់​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​គោរព​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ដែល​បានធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ជាតិ និង​ឯកជន​ប្រមាណ ៣៥០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​។

​សូមបញ្ជាក់ថា ប្រភេទ​យានយន្ត​ធុន​ធ្ងន់​នៅ​កម្ពុជា បាន​ចុះបញ្ជី​រួចរាល់​មាន​ចំនួន ២៣​ម៉ឺន​គ្រឿង ប៉ុន្តែ អ្នកមាន​បណ្ណ​បើកបរ​រថយន្ត​ប្រភេទ​ទាំងនោះ មាន​ប្រមាណ​តែ ៦០​ភាគរយ​ប៉ុណ្ណោះ ៕

​

ទណ្ឌិត៥២៣​នាក់ ត្រូវបាន​​បន្ធូរ​បន្ថយ និងលើកលែងទោស​ក្នុង​ថ្ងៃបុណ្យ​អុំទូក​

​ភ្នំពេញ ៖ ទណ្ឌិត​ចំនួន​៥៣ ២​នាក់ ត្រូវបាន​ក្រសួងយុត្តិធម៌​ស្នើសុំ​មក​គណៈកម្មាធិការ​ថ្នាក់ជាតិ ត្រួតពិនិត្យ​បន្ធូរបន្ថយ និង​លើកលែងទោស​ដើម្បី ពិនិត្យ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស​នៅក្នុង​អំឡុង​បុណ្យអុំទូក​ឆ្នាំនេះ​។​

​លោក សុច សុផាន់​ណា​រ៉ា មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​៣១ ខែតុលា នេះ​ថា ឆ្នាំនេះ​ជា​ឆ្នាំ​មួយ ដែល​ប្រសើរ​ណាស់ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានស្នើ​ឲ្យ​ក្រសួងយុត្តិធម៌ ពិនិត្យ​ទៅលើ​ពិធីបុណ្យ​ជាតិ​បី​បន្ថែមទៀត ដើម្បី​ស្នើសុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​ត​។ លោក​បន្ថែមថា ជាធម្មតា​ការលើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​ត មានតែ​នៅក្នុង​ពិធីបុណ្យ​ធំៗ​ចំនួន​៣​តែប៉ុណ្ណោះ ក្នុង​មានបុណ្យ ចូលឆ្នាំ បុណ្យ​វិសាខបូជា និង បុណ្យអុំទូក​។ ប៉ុន្តែ​ពេលនេះ សម្តេច​តេ​ជោ​បាន​ស្នើសុំ ក្នុង​ពិធីបុណ្យ​៣​បន្ថែមទៀត គឺ​បុណ្យ​១. ភ្ជុំបិណ្ឌ ២.​បុណ្យ​ឯករាជ្យ​ជាតិ និង​៣.​ទិវា​ឈ្នះ​ឈ្នះ ២៩ ធ្នូ ។​

​សូមជម្រាបថា ទណ្ឌិត​ដែល​ត្រូវ​ស្នើសុំ​លើកលែងទោស​នេះ មាន​ចំនួន​៥២៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ៣៧​នាក់ មកពី​ពន្ធនាគារ​ខេត្ត​ក្រុង​ចំនួន​២៤ នឹង​មណ្ឌល​អប់រំ​កែ ប្រែ​ចំនួន​៤ នៅ​ទូទាំងប្រទេស​៕

រដ្ឋ​បាន​ចំណាយ​ជាង​២២​លាន​ដុល្លារ សម្រាប់​បើក​ឲ្យ​កម្មករ​ដែល​​ថៅកែ​រត់ចោល

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ក្នុងឱកាស​សម្តេច​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជិត​៧​ពាន់​នាក់ នៅ​ខណ្ឌ​ជ្រោយ ចង្វារ ថា គិត​មកដល់ពេលនេះ សម្ដេច​បាន​ចុះហត្ថលេខា ធ្វើ​បុរេប្រទាន​ប្រា​ក់ជាង ២២​លាន​ដុល្លារ សម្រាប់​បើក​ឲ្យ​កម្មករ​ដែល​ថៅកែ​រោងចក្រ​រត់ចោល ខណៈដែល​ប្រាក់បៀវត្ស​កម្មករ នឹង​កើនឡើង ដល់ ១៨២​ដុល្លារ នៅ​ឆ្នាំ​២០១៩ ខាងមុខ ។ ជាមួយនេះ សម្ដេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់ ម្ចាស់ ផ្ទះជួល​ទាំងអស់ កុំ​ឲ្យ​ដំឡើងថ្លៃ​ឈ្នួល ផ្ទះ​សម្រាប់​កម្មករ ។​

​សូមបញ្ជាក់ថា ការចរចា​ដែល​បានធ្វើ​ក្នុង​យន្តការ​ត្រីភាគី គឺ​រវាង​តំណាង​រាជរដ្ឋាភិបាល តំណាង កម្មករ និង​តំណាង​ថៅកែ​រោងចក្រ​បាន​ចរចា​ត្រូវរ៉ូវ​គ្នា​រួចស្រេច​ហើយ នូវ​ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ តទៅ នឹង​អនុវត្តន៍​តួលេខ ១៨២​ដុល្លារ​ក្នុង​មួយខែ​៕

៩​ខែ​ដើម​ឆ្នាំនេះ ខេត្តសៀមរាប​ទទួលបាន​អ្នកទេសចរ​អន្តរជាតិ​ជាង ១​លាន ៥​សែន​នាក់

​សៀមរាប ៖ រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៨ នេះ ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជាង ១​លាន ៥​សែន​នាក់ ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ ក្នុងចំណោម​ភ្ញៀវទេសចរ​មកពី​ចំនួន​១០​ប្រទេស គឺ​ភ្ញៀវ ទេស​ចេរ​ចិន​មាន​ចំនួន​ច្រើនជាងគេ​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​។​

​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្សាន្ត​ខេត្តសៀមរាប កើនឡើង​ជាង ៨​ភាគរយ ក្នុងនោះ​អ្នកទេសចរ​ជនជាតិ​អាល្លឺម៉ង់ និង​ជនជាតិ​ថៃ មាន​កំណើន​បន្តិចបន្តួច​។​

​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ១០​ប្រទេស ដែល​មក​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ ខេត្តសៀមរាប រួមមាន​៖
១- ចិន​៖ ជាង ៨៣​ម៉ឺន​នាក់​, ២- កូរ៉េ​៖ ជាង ១៤​ម៉ឺន​នាក់ ,៣- អាមេរិក​៖ ជាង ១១​ម៉ឺន​នាក់ ,៤- អង់គ្លេស​៖ ជាង ៩,៨​ម៉ឺន​នាក់ ,៥- ជប៉ុន​៖ ជាង ៨,៨​ម៉ឺន​នាក់ ,៦- បារាំង​៖ ជាង ៧,៥​ម៉ឺន​នាក់​,៧- អូស្ត្រាលី​៖ ជាង ៥,៤​ម៉ឺន​នាក់​,៨- វៀតណាម​៖ ជាង ៥,៣​ម៉ឺន​នាក់​, ៩- អាល្លឺម៉ង់​៖ ជាង ៤,៩​ម៉ឺន​នាក់​, ១០- ថៃ​៖ ជាង ៤,៦​ម៉ឺន​នាក់​៕

រដ្ឋាភិបាល នឹង​បើកសម្ពោធ​វិមាន​ឈ្នះ​ឈ្នះ រយៈពេល​៣​ថ្ងៃ នៅ​ចុង​ឆ្នាំនេះ

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ៖ «​យើង​នឹងធ្វើ​បុណ្យ​៣​យប់ ៣​ថ្ងៃ នៅ​វិមាន​ឈ្នះ​-​ឈ្នះ ថ្ងៃទី​២៩-៣០-៣១ ខែធ្នូ យើង​រួមគ្នា​មក​ឆ្លង​ឆ្នាំ​ដោយ​បាញ់​កាំជ្រួច ឆ្លង​ឆ្នាំ​២០១៨ ចូល ២០១៩ នៅ​វិមាន​ឈ្នះ​-​ឈ្នះ របស់​យើង ជា​ខួប​លើក​ទី​២០ នៃ​ថ្ងៃ​ដែល​យើង​បញ្ចប់សង្គ្រាម តាម រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ដូច្នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ កម្មករ និយោជិត ៧​ពាន់ នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៤ នៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា នេះ​។

​មន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ថា ស្តូប​វិមាន​ឈ្នះ ឈ្នះ នេះ បានចាប់ផ្តើម​សាងសង់​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​ទំហំ ដី ៨ ហិកតា ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ថវិកា​ដែល​យកមក​សាងសង់ គឺជា​ថវិកា បដិភាគ​របស់​រាជរ​ដ្ឋា​ភិ​បាល ពុំមាន​ទាក់ទង​នឹង​ថវិកា​របស់​រដ្ឋ​នោះឡើយ​៕

មន្ត្រី​ធនាគារ ៖ ការ​ចរាចរណ៍​ប្រាក់​យ័នរ​បស់​ចិន សម្រាប់តែ​ពាណិជ្ជកម្ម​កម្ពុជា ចិន ប៉ុណ្ណោះ

​ភ្នំពេញ ៖ លោកស្រី ជា សេរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បានលើកឡើង​ក្នុង​សន្និសីទ សារព័ត៌មាន នៅ​រសៀល​ថ្ងៃទី​៣០ ខែតុលា នេះ​ថា «​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រាក់​យ៉​ន់​របស់​ចិន ក្នុង​ធនាគារ​កម្ពុជា គឺជា​ការជំរុញ​សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ពាណិជ្ជករ​ចិន និង​កម្ពុជា​ប៉ុណ្ណោះ »​។​

​លោក​ស្រីបាន​បញ្ជាក់ថា ការទូទាត់​ប្រាក់​យ៉​ន់​របស់​ចិន ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា គឺ​គ្រាន់តែ​ជាការ​ជំរុញ​ឲ្យ​ការទូទាត់​ទៅវិញទៅមក ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​ប៉ុណ្ណោះ មិនមែនជា​ការជំរុញ​ឲ្យ​លុយ​យ៉​ន់​ចិន មក​ចរាចរ​ក្នុងប្រទេស​កម្ពុជា ចាយវាយ ដូច​ប្រាក់​ដុល្លារ​នោះឡើយ​។

​លោក​ស្រី ​បញ្ជាក់ថា«​សូមកុំ​យល់ច្រឡំ​ថា គឺជា​ការដាក់​ចរាចរ​លុយ​យ៉​ន់ ចាយវាយ​នៅ​កម្ពុជា ដូច​ចរាចរ​លុយ​ដុល្លារ​ឡើយ ព្រោះ​ទិសដៅ​របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ការជំរុញ​ការចាយវាយ​លុយ​រៀល​របស់​ជាតិ​»៕

ថ្ងៃស្អែក កម្លាំង​មួក​ខៀវ​កម្ពុ​ជាជាង​២០០​នាក់​ទៀត ចេញទៅ​អាហ្វ្រិក​កណ្តាល

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ខាងមុខនេះ ក្រសួងការពារជាតិ​ក​ម្ពុ​ជា នឹង​បញ្ជូន​កង​វិសកម្ម​លេខ​៥៩៤ ចំនួន​២១៦​នាក់ ក្នុងនោះ​នារី​១០​នាក់ ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ នេះ​បើតាម​សេចក្តីប្រកាស​ចុះផ្សាយ​ថ្ងៃទី​៣១ ខែតុលា របស់ ក្រសួងការពារជាតិ​។​

​សេចក្តីប្រកាស​នេះ​បញ្ជាក់ថា ទន្ទឹមនឹង​ការបញ្ជូន​កងទ័ព​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នេះ កម្ពុជា​ក៏​ធ្វើ​មាតុភូមិនិវត្តន៍​នៃ​កងវិស្វកម្ម​លេខ​៩៥៤ ចំនួន​២១៦​នាក់ ក្នុងនោះ​រួមមាន​នារី​ចំនួន​១៤ នាក់ ពី​ប្រទេស​អាហ្វ្រិក​កណ្តាល និង​កងរាជអាវុធហត្ថ​លេខ​៦១៨ ចំនួន​៧៣​នាក់ រួមទាំង​នារី​៩​នាក់ ពី​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង នា​ថ្ងៃទី​០៥ ខែវិច្ឆិកា ខាងមុខនេះ ផងដែរ​៕

បាត់​រថយន្ត​ហាយ​លេន​ឌ័​រ​ពី​ម្តុំ​ទួល​សង្កែ​ ៣​ថ្ងៃ ​តាមរកឃើញ​នៅ​ខាងត្បូង​វត្តភ្នំ​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​លួច​យក​រថយន្ត​មួយគ្រឿង​បានសម្រេច និង​រក្សាទុក​អស់​រយៈពេល​៣​ថ្ងៃ ទើប​ម្ចាស់​តាមរក​ឃើញ​នៅ​ទល់មុខ​មន្ទី​ពេទ្យ​ព្រះ​អង្គឌួង ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ នឹង​ឡោមព័ទ្ធ​ចាប់បាន​ទាំង​ជនសង្ស័យ​ម្នាក់​ភ្លាមៗ នៅវេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​១១៨ កែង​ផ្លូវ​ព្រះ​ន​រោ​ត្ដម ( ទល់មុខ​មន្ទី​ពេទ្យ​អង្គឌួង ) ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

តាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត​បង្ក​បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​របស់​ជនរ​ង​គ្រោះ​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 2M-5759 ត្រូវ​ជនសង្ស័យ​លួច​យក​នៅវេលា​ម៉ោង ៣​ទាបភ្លឺ ឈានចូល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ច​ណុ​ច​មុខផ្ទះ​ជនរងគ្រោះ ដែល​ស្ថិតនៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ លុះ​មកដល់​នៅ​រសៀល ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ក៏​ប្រទះឃើញ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៍​ខ្មៅ ដែល​បិទ​ស្កុ​ត​ពណ៍ ស ពាក់​ស្លាក់​លេខ​ភ្នំពេញ 2.AH 1637 ជា​ស្លាក់​លេខ​ក្លែងក្លាយ ចត​ទុកចោល​នៅតាម​បណ្ដោយ​ផ្លូវ​១១៨ កែង​ផ្លូវ​ន​រោ​ត្ដម ( ទល់មុខ​មន្ទី​ពេទ្យ​អង្គឌួង )​។

សង្ស័យ​ដូចនេះ ម្ចាស់​រថយន្ត​ក៏​គាត់​យក​តេ​ឡេ ចុច​សាកមើល​ស្រាប់​រថយន្ត​នោះ​លោត​ភ្លើង​សញ្ញា ហើយក៏​យក​កូនសោរ​ទៅ​ចាក់​ថ្វា​រ​រថយន្ត​គឺ​ប្រាកដ​ណាស់​ជា​រថយន្ត​របស់គាត់ ទើប​ប្ដឹង​សមត្ថកិច្ច​ចុះមក​ដល់ទី​តាំង​កើតហេតុ​ខាងលើ រួច​បាន​ឡោមព័ទ្ធ​ចាប់បាន​ជនសង្ស័យ​ម្នាក់​ភ្លាមៗ​ផងដែរ​។​

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​នាំខ្លួន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ក្រុង​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
​

ពលរដ្ឋ​ប្រតិកម្ម ចំពោះ​ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​មាស​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ​

​ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ប្រតិកម្ម​យ៉ាងខ្លាំង និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​ចិន ធ្វើ​អាជីវ​កម្ម​រ៉ែ​មាស នៅ​ចំណុច​ភូមិ​រំដេង ឃុំ​រមទម ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថានយ៉ាងធ្ងន់ធ្ងរ និង​​អាចបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វជាមិនខាន។​

​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​រំដេង បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចិន ដែល​ធ្វើ​អាជីវកម្ម​រ៉ែ នៅ​ចំណុច​ភូមិ ឃុំ ខាងលើ កំពុង​កាប់បំផ្លាញ​កូនឈើ ក្លុង និង​ត្រាច និង​ដឹកឈើ​ចូល​ចំណុច​ការដ្ឋាន​ជីក​រុករក​រ៉ែ របស់​ចិន​នោះ យ៉ាង​គគ្រឹកគគ្រេង ក្នុង​១​ថ្ងៃ​មិនតិច​ក្រោម​ពី​៥-១០​គោយន្ត តែ​មិនដឹងថា គេ​យកទៅ​ធ្វើ​អ្វី​នោះទេ​។​

​ប្រភព​ដដែល​បន្តថា ការបង្កើត​ឲ្យ​មាន​ការជីក​រុករក​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​បែបនេះ អាជ្ញាធរ គួរតែ​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់ និង​គួរ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បានដឹង ដើម្បី​ពួកគាត់​ប្រុងប្រយ័ត្ន ព្រោះថា សំណល់​នៃ​សារធាតុ​គីមី​ដែល​គេ​ប្រើ​ដើម្បី​ស​ម្រា​ញ់​យក​រ៉ែ​លោហធាតុ​មានតម្លៃ វា​នឹង​ហូរ​ចូលទៅក្នុង​ប្រព័ន្ធ​ទឹកធម្មជាតិ​តាមរយៈ​ទឹកភ្លៀង ដូចជា ស្ទឹង បឹងបួរ ហើយ​អាច​បង្ក​គ្រោះថ្នាក់​មនុស្ស សត្វ ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ ដូចដែល​ធ្លាប់​កើតមាន​ករណី​ពុល​ទឹក​ព្រែក នៅ​ខត្ត​ក្រចេះ អញ្ចឹង​ដែរ​៕

​

កាំភ្លើង​ទាំង ៣៥​ដើម ដែល​សមត្ថកិច្ច​ចាប់បាន​នៅ​ខេត្ត​ត្បូងឃ្មុំ គឺជា​កាំភ្លើង​ជ័រ

​ខេត្ត​ត្បូងឃ្មុំ ៖ មន្ត្រី​តុលាការខេត្ត​ត្បូងឃ្មុំ បានបញ្ជាក់​នៅ​ថ្ងៃទី​៣០ ខែតុលា​ថា កាំភ្លើង​ទាំង ៣៥ ដើម​ដែល​ជនសង្ស័យ​២​នាក់ លួច​បង្កប់​ក្នុង​រថយន្ត​ដឹកទំនិញ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់បាន​នៅក្នុង​ស្រុក​មេមត់ កាលពី​ថ្ងៃទី​២៨ តុលា​នោះ គឺជា​កាំភ្លើង​ជ័រ​។
​
​មន្ត្រី​ដដែល​បញ្ជាក់ថា ការរកឃើញ​នេះ នៅ​បន្ទាប់ពី​មន្ត្រី​ជំនាញ​ក្រសួងមហាផ្ទៃ​បាន​ចុះទៅពិនិត្យ ជាក់ស្តែង ប៉ុន្ដែ​មិនទាន់​ដឹងថា តុលាការ​សម្រេច​ដោះលែង​ជនសង្ស័យ​ទាំងពីរ​នាក់​ដែលជា​អ្នក​ដឹក ជញ្ជូន ឬ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ទេ ព្រោះ​តុលាការ​កំពុង​សាកសួរ​»​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៨ ខែតុលា សមត្ថកិច្ច​ចម្រុះ​ខេត្ត​ត្បូងឃ្មុំ បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ពីរ នាក់ និង​រថយន្ត​ដឹកទំនិញ​ចម្រុះ​មួយគ្រឿង លួច​បង្កប់​កាំភ្លើងខ្លី​ទំនើប​ចំនួន ៣៥​ដើម ដែលជា​ប្រភេទ​កាំភ្លើង​បាញ់​ឲ្យ​សន្លប់ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស និង​បាន​បញ្ជូន​ទាំង មនុស្ស និង​វត្ថុតាង​ទៅ​តុលាការ កាលពី​ថ្ងៃ​ទ​២៩ ខែតុលា កន្លងទៅនេះ​៕

​

ការទន្ទ្រាន​ដី​ក្នុង​តំបន់​អភិរក្ស​នៅ​ស្រុក​ឱ​រ៉ា​ល់ ពាក់ព័ន្ធ​មន្ត្រី​មានអំណាច​ក្នុង​ខេត្ត

​កំពង់ស្ពឺ ៖ លោក ឯម សុគន្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​នៅ​ថ្ងៃទី​៣០ ខែតុលា នេះ​ថា ប្រជា​សហគមន៍​ជនជាតិ​សួយ​ជាង ៣០០​នាក់​មកពី​ភូមិ​កោ​ដូ​ន្តី ភូមិ​ពុទ្រា និង​ភូមិ​តា​និល ក្នុង​ឃុំ​ត្រពាំង ជោរ ស្រុក​ឱ​រ៉ា​ល់ ក្នុង​រយៈពេល ៣-៤​ថ្ងៃ កន្លងមកនេះ បាននាំគ្នា​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​តំបន់​អភិ រក្ស ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដែល​ម្នាក់ៗ​ទន្ទ្រាន​យក​ក្នុង​ទំហំ​ក្បាល ៥​ម​. បណ្តោយ ១០០​ម​. និង​បាន​បោះបង្គោល​ឈើ​កំណត់​ព្រំប្រទល់​គ្នា​រួចជាស្រេច​។

​លោក ឯម សុគន្ធ បាន​បន្តថា សកម្មភាព​នេះ គឺជា​អំពើ​ល្មើសច្បាប់​ដែល​ទំនងជា​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ឈ្មួញ​ដី​ទុច្ចរិត និង​មន្ត្រី​មានអំណាច​ក្នុង​ខេត្ត​ផងដែរ​។ លោក​ថា ក្រុម​ប្រជាពលរដ្ឋ​កំពុង​ត្រូវបាន​មេខ្យល់ ឬ​ជន​ទុច្ចរិត​ណា​ម្នាក់ ប្រើប្រាស់​ដើម្បី​កេងចំណេញ ហើយ​នៅពេលនេះ ក្រុមមន្ត្រី សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជន​ដែល​នៅ​ពីក្រោយ ខ្នង​ញុះញង់ ឲ្យ​កើតមាន​បទល្មើស​នេះ​៕

ចិន ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​បន្ថែម លើ​វិស័យ​កសិកម្ម​នៅ កម្ពុ​ជា

​ភ្នំពេញ ៖ រដ្ឋាភិបាល​ចិន តាមរយៈ​អង្គការ CATAS (Chinese Academy of Tropical Agricultural Sciense ) នៃ​ប្រទេស​ចិន នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ភាគី​កម្ពុជា តាមរយៈ​រដ្ឋមន្ត្រីក្រសួង​ការងារ ឯ​.​ឧ​. អ៊ិត សំហេង ដើម្បី​ជួយ​អភិវឌ្ឍន៍ លើ​វិស័យ​កសិកម្ម នៅ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដោយ​ផ្តោត​ការបណ្តុះបណ្តាល ធនធាន មនុស្ស​លើ​ជំនាញ​បម្រើ​ឲ្យ​វិស័យ​សិ​កម្ម​។​

លោក ឡៅ ហ៊ីម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា គោលដៅ​នៃ​អនុស្សរណៈ គឺ​ចង់​បង្កើន​សមត្ថភាព ក្នុង​ការកែ​ច្នែ​ផលិតផល កសិកម្ម និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ប្រកប ដោយ និរន្តរភាព​ទាំង​នៅ​ប្រទេស​ចិន និង​កម្ពុជា ពិសេស​ជួយ​កសិករ​ខ្មែរ ឲ្យ​ចេះ​ច្នៃ​ផ្នែក​ដាំ​ដុះ​ក៏ ដូច ជា ការប្រមូល​ផល ធ្វើយ៉ាងណា​ឲ្យ​ការប្រមូល​ផល ត្រូវ​នឹង​និន្នាការ បច្ចុប្បន្ន និង​អនាគត ដូចជា​ការ ប្រើប្រាស់​ជី និង​ការប្រើប្រាស់​ពូជ​ជាដើម​៕

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ គ្រោង​ចាប់ផ្តើម​សាងសង់​នៅ​ចុងខែ​វិច្ឆិកា នេះ

​ភ្នំពេញ ៖ ផ្លូវ​ល្បឿន​លឿន ដែល​គ្រោង​សាងសង់​នៅ​ចុងខែ​វិច្ឆិកា ខាងមុខនេះ នឹងត្រូវ​ធ្វើ​លើ​គ្រឹះ​ថ្មី​សុទ្ធសាធ​ដោយមាន​ចម្ងាយ​សរុប​ប្រវែង ១៩០ គីឡូម៉ែត្រ ខណៈ​ផ្លូវជាតិ​លេខ ៤ ដែល​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន មាន​ចម្ងាយ ២៣២​គីឡូម៉ែត្រ​។

​ផ្លូវ​ថ្មី​នេះ ចេញពី​ភ្នំពេញ​ត្រង់ចំណុច​ផ្លូវបំបែក​ទំនប់​កប់​ស្រូវ មាន​ទទឹង ២៤​ម៉ែត្រ ចែកចេញជា ២ គន្លង​ទៅ ២​គន្លង​មក ដោយមាន​សួនច្បារ​នៅ​កណ្តាល និង​របង​សងខាង​សម្រាប់​ការពារ​កុំ ឲ្យ​សត្វ ឆ្លងកាត់ ដោយ​ប្រើពេល​សាងសង់​ចំនួន ៤៨​ខែ ក្នុងតម្លៃ​វិនិយោគ​ប្រមាណ ១,៩​ពាន់​លាន​ដុល្លារ​។

​លោក វ៉ា ស៊ីម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ក្រសួង​កំពុងធ្វើការ​យ៉ាងសកម្ម​ជាមួយ​ក្រុមហ៊ុន China Road & Bridge Corporation ដើម្បី​ជំរុញ​ការចាប់ផ្តើម​ការសាងសង់​ផ្លូវ​ល្បឿន​លឿន (Express Way) ដែល​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត ព្រះសីហនុ ឲ្យ​បាន​នៅ​ចុងខែ វិច្ឆិកា ឆ្នាំ​២០១៨ នេះ​៕