ភ្នំពេញ ៖ ក្រុមហ៊ុន Emerald Resources ដែលទទួលសិទ្ធិអភិវឌ្ឍន៍អណ្តូងរ៉ែមាសអូរខ្វាវ នៅខេត្តមណ្ឌលគិរី អាចនឹងចាប់ផ្តើមដំណើរការទាញយកមាសលើទឹកដីកម្ពុជាជាលើកដំបូងនៅដើមឆ្នាំ ២០២០ បន្ទាប់ពីបានទទួលអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសកាលពីខែកក្កដា ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។
លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រុមហ៊ុន Emerald Resources បានទទួលអាជ្ញាប័ណ្ណរុករករ៉ែកាលពីខែកក្កដា ដែលរំពឹងថា នឹងចាប់ផ្តើមផលិតមាសជាលើកដំបូងនៅកម្ពុជា នាដើមឆ្នាំ ២០២០ ខាងមុខ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Emerald Resource ដែលចុះបញ្ជីក្នុងផ្សារភាគហ៊ុនអូស្ត្រាលី ហើយកៀរគរដើមទុនបានប្រមាណ២៧ លានដុល្លារអូស្ត្រាលី ប្រហែលជា ១៩,៥ លានដុល្លារអាមេរិក តាមរយៈការបោះផ្សាយលក់មូលបត្រ សម្រាប់ការអភិវឌ្ឍអណ្តូងរ៉ែមាស ដែលនឹងធ្វើនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី នាពេលខាងមុខនេះ៕


ភ្នំពេញ ៖ លោក. កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅ រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានទទួលជួបលោកស្រី Rhona Smith អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
អ្នករាយការណ៍ពិសេស អ.ស.ប បំពេញបេសកកម្មផ្លូវការជាទៀតទាត់មកកាន់ប្រទេសកម្ពុជា និង ធ្វើរបាយការណ៍ប្រចាំឆ្នាំ ដែលនឹងបង្ហាញរបាយការណ៍នោះ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុង ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។
សូមជម្រាបថា លោកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ច រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រី គ្រោងជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ និងអង្គទូតនានា៕


កោះកុង ៖ ពិធីបុណ្យសមុទ្រលើកទី៧ ឆ្នាំនេះ នឹងរៀបចំនៅខេត្តកោះកុង រយៈពេល៣ថ្ងៃ ហើយអ្នកទេសចរពីកម្ពុជាដែលមកទស្សនាពិធីបុណ្យនេះ អាចឆ្លងទៅទស្សនានៅប្រទេសថៃ និងអាចស្នាក់នៅកម្សាន្តនៅទីនោះបាន។ នេះបើតាមការបញ្ជាក់របស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោក ថោង ខុន បានមានប្រសាសន៍ថា ក្នុងអង្គប្រជុំជាមួយក្រុមការងារមួយ ខាងភាគីកម្ពុជា បានសម្របសម្រួលជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរពីកម្ពុជា ដែលមកទស្សនាបុណ្យសមុទ្រនៅខេត្តកោះកុង ឆ្នាំនេះ អាចឆ្លងទៅទស្សនានៅខេត្តត្រាច ប្រទេសថៃ និងស្នាក់នៅទីនោះបានផងដែរ ។
គូសបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង នឹងត្រូវបានរៀបចំធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕


ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ស្ថានទូតអាមេរិក និងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ រួមមាន ការដាក់កម្រិតហាមប្រាណនូវការនាំចូលប្រភេទវត្ថុបុរាណរបស់កម្ពុជា ក្នុងរយៈពេលឆ្នាំ៥ (២០១៨ ដល់ ២០២៣) និង ការអភិរក្សជណ្ដើរបុរាណផ្នែកខាងជើងរបស់ប្រាសាទព្រះវិហារ ក្នុងថវិកាចំនួន ២០ម៉ឺនដុល្លារ ដល់អាជ្ញាធរជាតិព្រះវិហារ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា អនុស្សា រណៈនៃការយោគយល់នេះ ដើម្បីកាត់បន្ថយគំនិតអវិជ្ជមានរបស់ជនទុច្ចរិត ដែលចង់លួចប្លន់ប្រភេទវត្ថុបុរាណ តំណាងឲ្យកេរដំណែលវប្បធម៌ដ៏មានតម្លៃនិងសម្បូរបែបរបស់កម្ពុជា ដែលមានតម្លៃមិនអាចរកអ្វីជំនួសបាន។
សូមបញ្ជាក់ជូនថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកវប្បធម៌រវាងប្រទេសទាំងពីរនេះ នឹងប្រាព្ធធ្វើនៅថ្ងៃទី៦ ខែវិច្ចិកា នេះ នៅសារមន្ទីរជាតិកម្ពុជា៕

ភ្លៀងនឹងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី៧ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០១៨ រាជធានីភ្នំពេញ និងខេត្តមួយចំនួនដូចជា ខេត្តព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កណ្តាល តាកែវ និងខេត្តកំពត អាចនឹង។ ដោយ ឡែកខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ អាច នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី៧ ដល់ ៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែវិច្ឆិកា បញ្ជាក់ថា ការធ្លាក់ភ្លៀងនេះ គឺដោយសារតែកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបគ្របដណ្តប់លើតំបន់ភាគខាងត្បូង និងតំបន់មាត់សមុទ្រ ខណៈតំបន់ភាគឦសាន និងតំបន់ភាគកណ្តាល គ្រប ដណ្តប់ដោយជ្រលងសម្ពាធខ្ពស់៕

ភ្នំពេញ ៖ កម្មករ និយោជិត ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២១-២២ និង ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ បានបញ្ជាក់ប្រាប់ដល់ម្ចាស់ និងនាយកសហគ្រាសគ្រឹះស្ថានទាំងអស់ ត្រូវអនុវត្តតាមសេចក្តីជូនដំណឹងនេះ ក្នុងករណីចាំបាច់បំផុតដែលមិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាននៅក្នុងអំឡុងពិធីបុណ្យនេះ ម្ចាស់ និងនាយកសហគ្រាសគ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករ និយោជិត ឱ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យ ឱ្យបានសមស្រប៕

ភ្នំពេញ ៖ ខណៈដែលរដ្ឋាភិបាលស្នើសុំការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតក្នុងពិធីបុណ្យអុំទូកខាងមុខនេះ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិមួយរូប បានអំពាវនាវទៅព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងស្ថាប័នតុលាការ ធ្វើការត្រួតពិនិត្យលើកលែងទោស និងទម្លាក់ការចោទឱ្យសកម្មជន និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិផងដែរ។ នេះបើតាមហ្វេសប៊ុក របស់លោក អ៊ូ ច័ន្ទរ័ត្ន នៅថ្ងៃទី២ ខែវិច្ឆិកា ។
លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថា អ្នកជាប់ឃុំជាអតីតសកម្មជន និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិទាំងនោះមានដូចជា៖ លោក ចៅ វាសនា អតីតចៅសង្កាត់ប៉ោយប៉ែត បន្ទាយមានជ័យ,លោក បាន ភាពអតីតក្រុមប្រឹក្សា ស្រុកជីក្រែង ខេត្តសៀមរាប ,លោក អ៊ី ស្មាអ៊ែល បិនឧស្ម័ន ខេត្តត្បូងឃ្មុំ ,លោក ឌិន វុទ្ធី ខេត្តបន្ទាយមានជ័យ ,លោក សៀង សឿន មេឃុំសាមគ្គីខេត្តកំពង់ធំ ,លោក ទូច ម៉ារីន សមាជិកឃុំសាមគ្គី ខេតកំពង់ធំ , លោក លីម ប៊ុននី មេឃុំកៀនជ្រៃ ខេត្តកំពង់ចាម និងលោក អ៊ុក ចេត្តនី ចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
គួរបញ្ជាក់ថា ជាទូទៅ នៅអំឡុងនៃពិធីបុណ្យជាតិធំៗ រាជរដ្ឋាភិបាលកម្ពុជាតែងតែស្នើសុំឲ្យត្រួតពិនិត្យលើការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតមួយចំនួន ដូចជានៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងបុណ្យអុំទូកខាងមុខនេះ មានទណ្ឌិតប្រមាណជាង៥០០នាក់ ត្រូវបានលើកលែង និងបន្ធូរបន្ថយទោស៕

ខេត្តកំពង់ធំ ៖ច្បាប់ស្តីពីជលផលបានអនុញ្ញាតឲ្យអូសលៀស ជាលក្ខណៈគ្រួសារធ្វើឡើងដោយដៃតែប៉ុណ្ណោះ។ ចំពោះមុខរបរអូសលៀសដោយម៉ាស៊ីនធំៗជាលក្ខណៈអាជីវកម្មទ្រ់ទ្រាយធំ គឺជាអំពើខុសច្បាប់ត្រូវហាមឃាត់ ព្រោះវាបំផ្លាញធនធានជលផលជាតិ មានប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះជាដើមនៅក្នុងបាតទន្លេ ដែលជាចំណីត្រី និងជម្រកត្រី។ នេះបើតាមការបញ្ជាក់េបស់មន្ត្រីជលផល។
កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨
ប្រជានេសាទជាលក្ខណៈគ្រួសារក្នុងឃុំ ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននិយាយថា ការអូសលៀសជាលក្ខណៈគ្រួសារក្នុងបឹងទន្លេសាប នៅចំណុចកោះតាបរ អ្នកប្រកបមុខរបរអូសលៀសជាលក្ខណៈគ្រួសារធ្វើឡើងដោយដៃនោះគ្មានទៀតទេ។ ដោយហេតុថា ក្នុង១ថ្ងៃៗពួកគាត់អាចអូសលៀសបានពី ១០០ ទៅ ១៥០គីឡូ ស្នើនឹិង៣ការ៉ុង តែប៉ុណ្ណោះ ហើយមុខរបរនេះរកបានតែ ក្នុងរដូវទឹកស្រកប៉ុណ្ណោះ ព្រោះក្នុងរដូវវស្សាខែទឹកឡើង ទឹកជ្រៅ និងទឹកហូរមិនអាចរកបានឡើយ។ ចំពោះមុខរបរអូសលៀស នេះ គឺមានការលំបាក ត្រូវព្យាយាមតស៊ូនៅក្រោមកំដៅថ្ងៃ កណ្តាលទន្លេរៀងរាល់ថ្ងៃ។
ម្យ៉ាងទៀត ពេលរកលៀសបានត្រូវដឹកយកទៅលក់ដុំអោយឈ្មួញនៅមាត់កំពង់ផ្សារភូមិឆ្នុកទ្រូ។ ចំណែកឈ្មួញគេបានដឹកលៀសយកទៅលក់នៅតាមបណ្តាទីប្រជុំជនតាមផ្សារនៅខេត្តនានា បានថ្លៃទ្វេរដង តាមទីជិតឬឆ្ងាយ ចំណែកអ្នកហាលលៀសលក់រាយវិញ លក់បានថ្លៃក្នុង១កំប៉ុង១៥០០ ទៅ ២០០០រៀល ។
ប្រជានេសាទអូសលៀសជាលក្ខណៈគ្រួសារ សុំសំណូមពរដល់សមត្ថកិច្ចជលផលមេត្តាជួយទប់ស្កាត់ និងបង្ក្រាបអ្នកអូសលៀសខុសច្បាប់ដោយម៉ាស៊ីនធំៗ ជាច្រើនគ្រឿងផងដែរ នៅក្នុងភូមិសាស្ត្រកោះតាបរ ដែលក្នុង១ថ្ងៃៗពួកគេអាចអូសលៀសបានរាប់សិបតោនដឹកយកមកលក់អោយឈ្មួញ ដែលធ្វើអោយមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផលជាតិ ។
ដោយឡែកលោក យ៉ាន់ វីសាក់ ហៅសែ នាយផ្នែកជលផលផាត់សណ្តាយ បានឲ្យដឹងថា៖ អ្នកអូសលៀសភាគច្រើនមកពីឆ្នុកទ្រូ សមត្ថកិច្ចពិតជាជួបការលំបាកក្នុងការទប់ស្កាត់ និងបង្ក្រាបខ្លាំងណាស់ ព្រោះបទល្មើសជលផលត្រូវតែបង្ក្រាបក្នុងពេលប្រព្រឹត្តជាក់ស្តែង ប៉ុន្តែកំលាំងជលផលយើងមានគ្នាតិច ពួកអ្នកប្រព្រឹត្តបទល្មើសមានគ្នាច្រើន ឥលូវនេះ យើងកំពុងតែស្នើកម្លាំងចម្រុះ ចុះបង្រាប ចាប់ផាកវិន័យ តាមច្បាប់ជលផល ៕



ភ្នំពេញ ៖ ទឹកទន្លេសាប នៅមុខព្រះបរមរាជវាំង ដែលបានស្រក ចុះលឿនជាលំដាប់ ដោយសារទឹកទន្លេមេគង្គ គ្មានជំនន់លើកទី២ និងម្យ៉ាងដោយសារពេលនេះ ជាខែរនោច ទឹកសមុទ្រនាជខ្លាំង។ ទោះជាយ៉ាងដល់អំឡុងថ្ងៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ទឹកទន្លេសាប នៅមុខព្រះបរមរាជវាំងនៅសល់ក្នុងរង្វង់កម្ពស់ ៥ម៉ែត្រ និងមានចរន្តទឹកហូរចេញខ្លាំង។
ទឹកទន្លេសាប នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានហូរចេញខ្លាំងពេញបន្ទុក និងស្រកលឿន ដោយសារទឹកទន្លេមេគង្គ គ្មានជំនន់លើកទី២។ ទឹកទន្លេមេគង្គ នៅដើមខែវិច្ឆិកា នេះ ស្រកចុះយ៉ាងខ្លាំងមួយថ្ងៃ ជិតមួយតឹក ដែលធម្មតា ទឹកនៅស្ថានីយជលសាស្ត្រទន្លេបាសាក់ចតុមុខ ស្រកចុះក្នុងមួយថ្ងៃ តែពី ពីរទៅបួនហ៊ុនទេ តែប៉ុន្មានថ្ងៃចុងក្រោយនេះ មួយថ្ងៃទឹកស្រកមួយតឹក។ នេះបើតាមឲ្យដឹងរបស់លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធន ធានទឹក និងឧតុនិយម។
លោកចាន់ យុត្ថា បានឲ្យដឹងទៀតថា ទឹកបឹងទន្លេសាបនៅខ្ពស់ ឯទឹកទន្លេមេគង្គ ស្រកចុះទាបខ្លាំង បើធៀបរយៈពេលដូចគ្នានឹងឆ្នាំមុនៗ ធ្វើឲ្យចរន្តទឹកហូរចេញពីបឹងទន្លេសាប មានកម្លាំងខ្លាំង។ ធម្មតាទឹកទន្លេមេគង្គ ក្នុងមួយរដូវវស្សា មានជំនន់ពីរដង តែនៅឆ្នាំនេះ មានជំនន់កើតឡើងតែម្តង រួចក៏ចាប់ផ្តើមស្រកចុះរហូតតាំងពីចុងខែកញ្ញាមក។
ទោះបីជាយ៉ាងណា ក៏ក្នុងអំឡុងពេលបុណ្យអុំទូកខាងមុខ ទឹកនៅក្នុងទន្លេ កន្លែងប្រារព្ធពិធីបុណ្យនេះ នៅសល់កម្ពស់ក្នុងរង្វង់ ៥ម៉ែត្រដែរ ដែលជាកម្ពស់ទឹកកម្រិតទាប តែនៅឆ្នាំខ្លះ បុណ្យអុំទូក មានទឹកនៅសល់តែជាង ៤ម៉ែត្រ ក៏មានដែរ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា គឺចំពេលស្ថានភាពទឹកទន្លេ នៅសល់កម្ពស់ទាប និងហូរខ្លាំង៕

ប៉ោយប៉ែត ៖ អាកាសយានដ្ឋានក្រុងប៉ោយប៉ែត នឹងចាប់ផ្តើមសាងសង់ឡើងវិញនៅរដូវប្រាំង ឆ្នាំ២០១៩ ខាងមុខនេះ ។ នេះបើតាមការឲ្យដឹងពីអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក សាន ស៊ាងហូ ។
លោកអភិបាលក្រុងបានរំលឹកថា ព្រលានយន្តហោះនេះ ត្រូវបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០០៨ ហើយលោកជាអ្នកម៉ៅការសាងសង់ព្រលានយន្តហោះនេះផ្ទាល់។ ព្រលាននេះ ត្រូវបានសាងសង់ផ្លូវរត់របស់យន្តហោះរួចហើយ នៅតែចាក់បេតុងបន្ថែម និងសាងសង់អគារទទួលអ្នកដំណើរតែប៉ុណ្ណោះ។ ព្រលានយន្តហោះនេះមានទំហំផ្ទៃដីចន្លោះពី ១០០ ទៅ ២០០ហិកតា ដែលអាចប្រើប្រាស់សម្រាប់ការហោះហើរក្នុងស្រុក និងអាចភ្ជាប់ទៅកាន់អន្តរជាតិនាពេលអនាគត។
គួរជម្រាបថា ព្រលានយន្តហោះនេះ ស្ថិតនៅតំបន់មួយដែលគេហៅថា “តំបន់កូនដំរី” មានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីក្រុងប៉ោយប៉ែត។ ព្រលាននេះ ជាកម្មសិទ្ធិ និងវិនិយោគដោយម្ចាស់សណ្ឋាគារ និងកាស៊ីណូហូលីដេ។ ចំណាយពេលពី ៣ ទៅ ៥ឆ្នាំ ដែលនឹងចាប់ផ្តើមសង់នៅឆ្នាំ២០២០។ ព្រលាននេះ គឺសម្រាប់បម្រើតែជើងហោះហើរក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែក៏អាចទទួលយន្តហោះប្រភេទ Boeing 731 និង Airbus 320 ផងដែរ។ ការវិនិយោគសាងសង់ឡើងវិញ នូវព្រលានយន្តហោះនេះ អាចចំណាយទុនពី ៤០ ទៅ ៥០លានដុល្លារ៕
ឱសថក្លែងក្លាយ គឺជាឃាតករលាក់មុខ ដែលប្រជាពលរដ្ឋមិនបានដឹង ហើយកំពុងតែប្រឈមមុខ នឹងគ្រោះថ្នាក់នេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាស ន៍បែបនេះ នៅក្នុងជំនួបពិភាគ្សាការងារជាមួយលោក ស្យង់ ដេវិត ឡឺវិត (Jean David Levitte) ប្រធានក្រុម ប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបសម្តែងការគួរសមនេះ លោក Jean David Levitte បានជម្រាបជូនសម្តេចតេជោ ថា កាល ពីមុនកាលពីអំឡុងខែតុលា ឆ្នាំ២០១១ លោក និងសម្ដេចតេជោ បានឯកភាពគ្នាក្នុងការ សហការរៀបចំឲ្យមានសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ។
សម្តេចតេជោ បានឯកភាពក្នុងការពង្រីកវិសាលភាពនៃសន្និសីទតំបន់នេះ ដើម្បីឲ្យប្រទេសដទៃ ទៀតបានយល់ដឹង និងសុំឲ្យប្រទេសធំៗខ្លះ អាចជួយគាំទ្រឲ្យដំណើរការក្នុងការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយកាន់តែមានប្រសិទ្ធភាព៕
ផ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានកើតឡើងចំនួន១១លើក (យប់៤លើក) បណ្តាលឲ្យស្លាប់ ៦នាក់ របួសធ្ងន់ស្រាល១១នាក់។
របាយការពីនាយកដ្ឋានចរាចរណ៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បង្កឲ្យខូចខាតយានយន្តសរុប ២០គ្រឿង ក្នុងនោះមានម៉ូតូ ១៣គ្រឿង រថយន្តតូច ៥គ្រឿង រថយន្តធំ ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមាន គ្រោះ ថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីកត្តាល្បឿន, មិនគោរពសិទ្ធិ, បើកបរប្រជែង ,មិនប្រកាន់ស្តាំ និងងងុយដេក។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៤ថ្ងៃ គឺថ្ងៃ១ ដល់ថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៨ កើតឡើងចំនួន ៣៧លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៩នាក់ របួសធ្ងន់ ស្រាលសរុប ៥៧នាក់៕
ភ្នំពេញ ៖ រយៈពេញក្នុងមួយខែតុលា ឆ្នាំ២០១៨ នេះ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅទូទាំងប្រទែសបានចំនួន ៦៨៤ករណី ឃាត់ជនសង្ស័យចំនួន១,៤១៨នាក់ និងដកហូតបាន ថ្នាំញៀន ជាង១៥ គីឡូ ក្រាម។
របាយការណ៍របស់សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បានបញ្ជាក់ថា ក្នុងនោះរួមមាន៖ ជួញដូរ ៤៣៣ ករណី ឃាត់៨១០នាក់ (ស្រី៨៧នាក់) ប្រើប្រាស់២៤០ករណី ឃាត់៦០៦នាក់ (ស្រី៣៦នាក់) ។ ការដាំដុះចំនួន ១១ ករណី ឃាត់២នាក់ (ស្រី២នាក់) ក្នុងនោះ មានជនបរទេស ១៩នាក់ (ស្រី៣ នាក់) ជនជាតិវៀតណាម១២នាក់, ថៃ៣នាក់, ចិនហុងកុង១នាក់, ចិនតៃវ៉ាន់១នាក់, ប៊ែលហ្សិក ១នាក់, កូរ៉េ១នាក់៕
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍