All posts by មេគង្គ ប៉ុស្តិ៍

អគ្គនាយកដ្ឋាន​ពន្ធដា​រ រំពឹងថា ឆ្នាំ​២០១៨ នឹង​ប្រមូល​ចំណូល​ពន្ធ​បាន​ជិត​២​ពាន់​លាន​ដុល្លារ

ភ្នំពេញ​ ៖ ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូលបាន​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ចំនួន ៧.៤៩៤,៨៥ ប៊ី​លាន​រៀល ប្រមាណ ១.៨៧៣,៧១ លាន​ដុល្លារ​អាមេរិក ស្មើនឹង ៩៧,៤២ ភាគរយ​នៃ​ផែនការ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ កើនឡើង ១៨,៨៣ ភាគរយ ។​

​គួរ​ជម្រាប​ថា បើ​គិតតែ​ក្នុង​មួយខែ​តុលា ឆ្នាំ​២០១៨ ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ បាន​ចំនួន ៧២៨,៤៨ ប៊ី​លាន​រៀល ប្រមាណ ១៨២,១២ លាន​ដុល្លារ​អាមេរិក ស្មើនឹង ៩,៤៧ ភាគរយ នៃ​ផែនការ​។

​តាម​សេចក្តីប្រកាស​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា នេះ បាន​រំពឹងថា ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៨ នឹង​អាច​ប្រមូលបាន​គ្រប់​ផែនការ​កំណត់ដោយ​ច្បាប់ ចំនួន ៧.៦៩៣,៥០ ប៊ី​លាន​រៀល ស្មើនឹង​ប្រមាណ​ជា ១.៩២៣,៣៨ លាន​ដុល្លារ​អាមេរិក ៕

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំនេះ អធិកអធម​ជាង​ឆ្នាំមុន

​នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣- ដល់​៩ វិច្ឆិកា ឆ្នាំ​២០១៨ នេះ គឺជា​ខួប​គម្រប់​ទី ៦៥​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ អាជ្ញាធរ​រំពឹងថា ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ខួប​លើក​ទី​៦៥​ឆ្នាំ នេះ នឹងមាន​ការរៀបចំ​ពិធី​អធិកអធម​ជាង​រា​ល៉​ឆ្នាំ ដែល​អាច​នឹងមាន​អ្នកចូលរួម​ជាង ២​ម៉ឺន​នាក់​។​

​ជា​រៀងរាល់ឆ្នាំ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ប្រារព្ធ​នៅ​វិមានឯករាជ្យ ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហា ក្សត្រ នរោត្តម សីហមុនី សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន មន្ត្រីរាជការ​គ្រប់​ស្ថាប័ន សិស្សានុសិស្ស កងទ័ព និង​មហាជន​ជាច្រើន​នាក់​ផងដែរ​។​

​សូម​ជំរាបជូន​ថា កម្ពុជា​នឹង​ប្រារព្ធ​ខួប​៦៥​ឆ្នាំ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ដែល​កម្ពុជា​រំដោះ​បាន​ពី​នឹម​អាណានិគមនិយម​បារាំង ក្រោម​ព្រះរាជ​បូជនីយកិច្ច​របស់​អតីត​ព្រះមហាវីរក្សត្រ​កម្ពុជា ព្រះ​បរម​រតន​កោដ្ឋ ដែល​កូន​ខ្មែរ​គ្រប់រូប​មិនអាច​បំភ្លេច​បានឡើយ​៕

 

 

 

 

 

 

រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ប្រឡង​រើស​ចៅក្រម និង​ព្រះរាជអាជ្ញា​បន្ថែម​៥០​នាក់

​ភ្នំពេញ ៖ រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ដែលជា​ស្ថាប័ន​មួយ​ស្ថិតនៅក្រោម​ក្រសួងយុត្តិធម៌ កំពុង​រៀបចំ​ប្រឡង​ជ្រើសរើស​ចៅក្រម និង​ព្រះរាជអាជ្ញា​ចំនួន ៥០​នាក់​បន្ថែមទៀត ដើម្បី​បំពេញ​ការខ្វះខាត​នៅ​ទូទាំងប្រទេស ខណៈ​បេក្ខជន​ដាក់ពាក្យ​ប្រឡង​មាន​ចំនួន ៧៤៥ នាក់​។​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា បេក្ខជន​ដែល​ប្រឡង​ជាប់​នឹងត្រូវ​សិក្សា ២ ឆ្នាំ​លើ​ទ្រឹស្តី និង​ការអនុវត្ត​នៅ​សាលា និង​នៅ​តុលាការ​ទូទាំងប្រទេស មុន​ក្លាយជា​ចៅក្រម និង​ព្រះរាជអាជ្ញា​។ លោក ថា ពួកគេ​នឹងត្រូវ​ចាប់ឆ្នោត​យកមុខ​តំណែង ថា​តើ ត្រូវ​ធ្វើជា​ចៅក្រម ឬ​ព្រះ រាជអាជ្ញា​។ បន្ទាប់មក​ត្រូវ​ចាប់ឆ្នោត​ម្តងទៀត ដើម្បី​ចាប់​ប៉ុស្តិ៍​តាម​ខេត្ត​ដែល​ត្រូវ​ទៅ​បំពេញការងារ​។​

​លោក ជិន ម៉ា​លីន បាន​បញ្ជាក់ថា បច្ចុប្បន្ន​នៅ​កម្ពុជា មាន​ចៅក្រម និង​ព្រះរាជអាជ្ញា​ប្រមាណ ៤០០ នាក់ ដែល​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ស្ថានការណ៍​ពិតប្រាកដ​នៅឡើយ​ទេ​៕

អត្តសញ្ញាណ​បណ្ណ​គំរូ​ចាស់ នឹង​បញ្ចប់​សុពលភាព​ប្រើប្រាស់​ត្រឹម​ចុងឆ្នាំ​២០១៨

​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ បាន​ជូនដំណឹង​ថា អត្តសញ្ញាណ​បណ្ណ​ប្រជា ជន គំរូ​ចាស់​ទាំងអស់ នឹង​បញ្ចប់​សុពលភាព​ប្រើប្រាស់​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​ថា ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ ដែល​កំពុង​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់ និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ ១៥​ឆ្នាំ​ឡើង ដែល​ពុំទាន់​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ត្រូវ​រួសរាន់​ទៅ​បំពេញបែបបទ ដើម្បី​ស្នើសុំ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី នៅតាម​បណ្តា​ទីតាំង​ដូចជា ៖ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ ឬ​-​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ឬ​-​ស្នង ការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ដែល​ខ្លួន​រស់នៅ ឬ​-​ស្នាក់​ការផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​២​សែន​សុខ​។​

​ក្រសួង​ក៏បាន​បង្ហាញ​ដែរ​ថា ដើម្បី​ស្នើសុំ​អត្តសញ្ញាណ​បណ្ណ​គំរូ​ថ្មី សាមីខ្លួន​ត្រូវ​ភ្ជាប់​ទៅជា​មួយ​នូវ​ឯកសារ​ដូចជា ៖ សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត និង​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់ នៅ ឬ​លិខិតបញ្ជាក់​ទីលំនៅ និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​៕

ឃាត់ខ្លួន​ថៅកែ​អា​ជីក​ម្ម​ដីភ្នំ​លៀប បន្ទាប់ពី​មាន​មនុស្ស​ស្លាប់

​បន្ទាប់ពី​មាន​ករណី​ធ្លាក់​រថយន្ត​ដឹក​ដី​សង្កត់​តៃកុង​រថយន្ត​ម្នាក់​ស្លាប់ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ត្រួត ពិនិត្យ​ចំណុច​អាជីវកម្ម​ដី​នៅ​ភ្នំ​លៀប​នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ស្ថិតនៅ​ភូមិ ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយបាន​ឃាត់ខ្លួន​ថៅកែ​ធ្វើ​អាជីវកម្ម​ដីភ្នំ​លៀប ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ និង​បានបញ្ចប់​អាជីវកម្ម​ដីភ្នំ​លៀប ទាំងស្រុង ។​

​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត លោក សុ​ត វ​ឌ្ឍ​នា បានឱ្យដឹងថា ក្រុមហ៊ុន​អាជីវកម្ម​ដីភ្នំ​លៀប នេះ មានច្បាប់​អនុញ្ញាតឱ្យ​ជី​ក្នុង​បរិវេណ​រណ្តៅ​ចាស់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បំពាន​ជីក​ខុស​គោល ដៅ ហើយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ស្លាប់​មនុស្ស​ថែមទៀត ដូច្នេះ ត្រូវបាន​គណៈកម្មការ​ចម្រុះ​បញ្ឈប់​អាជីវកម្ម​ទាំងស្រុង​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា រថយន្ត​ជនរងគ្រោះ បាន​បើក​ឡើងលើ​ភ្នំ​លៀប ដើម្បី​ឈប់​រង់ចាំ​អេស្កាវ៉ាទ័រ កាយ​ដី​ដាក់​លើ​រថយន្ត តែ​ចៃដន្យ​អាក្រក់ រថយន្ត​នោះបាន​រអិល​ធ្លាក់​ក្រឡាប់​មក ក្រោម សង្កត់​អ្នកបើកបរ​ស្លាប់​តែម្តង​៕

នៅ​ក្រសួងយុត្តិធម៌ អ្នករាយការណ៍​ពិសេស UN មិន​លើក​ពី​ករណី​លោក កឹម សុខា ទេ

»
​ភ្នំពេញ ៖ ក្នុងជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្តីពី​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា មិនបាន​លើកឡើង​ពី​បញ្ហានយោបាយ និង​ពី​ករណី​លោក កឹម សុខា ដែល​កំពុង​ជាប់ពន្ធនាគារ​នោះទេ ។​

​នេះ​បើតាម​ការអះអាង​របស់​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក្រោយពេល​បញ្ចប់ ជំនួប​ពិភាក្សា​រវាង​លោកស្រី រ៉ូ​ណា ស្មី​ត ជាមួយ​លោក ជីវ សុង​ហាក់ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ម្សិលមិញ​នេះ​។​

​លោក ជិន ម៉ា​លីន បាន​អះអាងថា លោកស្រី បានលើកឡើង​តែ​ពី​ករណី​ដែល​អ្នក​ជាប់ពន្ធនាគារ មាន​ចំនួន​ច្រើន ហើយ​ស្នើ​ឲ្យ​ក្រសួង​រក​វិធានការ​ដោះស្រាយ និង​ពី​បញ្ហា​ច្ចេកទេស​ក្នុងការ​ដោះ ស្រាយ​ផ្លូវច្បាប់​ប៉ុណ្ណោះ​។​

​សូម​រំលឹកថា គិត​ទាំង​លើក​នេះ លោកស្រី រ៉ូ​ណា ស្មី​ត បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ក្នុង​អាណត្តិ​លោកស្រី​ជា​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ចំនួន​៦​លើក​ហើយ​៕

​

ភ្នំពេញ នៅតែមាន​ស្ថានីយ​លក់​ប្រេង​បន្លំ​គុណភាព និង​មិន​គ្រប់​លីត្រ

​ភ្នំពេញ ៖ ក្នុងចំណោម​ស្ថានីយ​លក់​ប្រេង​ចំនួន​៧ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​មន្ត្រី​កាំកុងត្រូល​បាន​ត្រួត ពិនិត្យ បាន​រកឃើញ​ស្ថានីយ និង ដេប៉ូ​ចំនួន​៥ ធ្វើ​អាជីវកម្ម​មិន​ត្រឹមត្រូវ ។ ប្រតិបត្តិការ​ត្រួតពិនិត្យ​ស្ថានីយ ប្រេងឥន្ធនៈ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​ក្នុងចំណោម​ស្ថានីយ​ចំនួន​៧​នេះ កាំកុងត្រូល​រកឃើញថា ស្ថានីយ​១ លក់​ប្រេង​ខុស​គុណភាព​ប្រេង​, ស្ថានីយ​១​ទៀត​លក់​មិន​គ្រប់​លីត្រ ហើយ​ស្ថានីយ​ចំនួន​៣ ផ្សេងទៀត​លក់​មិន​ត្រឹមត្រូវ​ទាំង​គុណ ភាព និង​បរិមាណ​។​

មន្ត្រី​កាំកុងត្រូល​បាន​ឲ្យ​ម្ចាស់​អាជីវកម្ម​ចុះកិច្ចសន្យា និង​បាន​ព្រមាន ថា នឹង​បញ្ចេញ​ឈ្មោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​បានដឹង​ពី​បញ្ហា​នេះ បើសិន​រកឃើញ​មាន​ករណីនេះ​ជា​លើក​ទី​២ ហើយ​ប្រឈម​ការផ្អាក​អាជីវកម្ម ឬ​ធ្វើបណ្ដឹង​ទៅ​តុលាការ​ទៀតផង​៕

​

មន្ត្រី​កាំកុងត្រូល រកឃើញ​ទំនិញ​ខូចគុណភាព​លក់​ក្នុង​ពិធី​តាំង​ពិ​ព័រណ៍

»
​ស្ទឹងត្រែង ៖ សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​កម្លាំងចំរុះ បាន​ចុះ​ពិនិត្យ​ចំណីអាហារ ដែល​បង ប្អូន​អាជីវករ​ខ្មែរ ថៃ យកមក​តាំង​លក់​តាម​តូប លក់​តាម​ដងផ្លូវ នៅក្នុង​ខេត្តស្ទឹងត្រែង ដោយ​រក ឃើញ មាន​ទំនិញ​មួយចំនួន​ខូចគុណភាព និង​បាន​ប្រមូល​យកទៅ​កម្ទេចចោល​។​

​លោក គឹម ប្រុស ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បានបញ្ជាក់ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ថា ការចុះពិនិត្យ​ទំនិញ គឺ​ចង់​លើក​កំពស់​សុខភាព​ដល់​អ្នក​ប្រើប្រាស់ និង​ចៀសវាង​កុំ​ឲ្យ​ភ្ញៀវ ទេសចរ ឬ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ផ្នែក​សុខភាព ជាពិសេស​ក្នុងពេលដែល​បងប្អូន​អាជីវករ​ថៃ យក​ទំនិញ​មក​តាំង​លក់​ក្នុង​ពិធី​តាំង​ពិ​ពរ​ណ៌​លក់ទំនិញ​ក្នុង​ខេត្ត​នេះ​។​

​លោក គឹម ប្រុស បាន​បញ្ជាក់ថា កន្លង​មន្ត្រី​ជំនាញ​ធ្លាប់បាន​ធ្វើការ​ពិសោធន៍​លើ​ចំណីអាហារ មូ​យ ចំនួន ដោយ​រកឃើញ​ផទុក​សារធាតុ​គីមី ដូចជា ៖ ប្រហិត​ត្រី ប្រហិត​សាច់គោ បង្គា ប្រហិត​ក្តាម ម៉ឹក និង​ត្រីងៀត​បបែល រសជាតិ​ផ្អែម​ប្រៃ ជាដើម និង​បាន​ប្រមូល​យកទៅ​ដុត​កម្ទេចចោល​៕

ក្រសួងមហាផ្ទៃ ព្រមាន​ចាត់ការ​អ្នកលក់​ឱសថ​​ក្លែងក្លាយ

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ទិញ​ឱសថ​តាម​អន​ឡាញ ចៀសវាង​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់ សុខភាព ឬ​អាយុជីវិត​។​

​លោក មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ថ្លែង​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ល្ងាច​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ក្រោយ​បញ្ចប់​សន្និសីទ​អន្តរជាតិ ស្ដីពី «​ការប្រយុទ្ធប្រឆាំង​ឱសថ ក្លែង ក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​»​។​

​លោក មៀ​ច សុផាន់​ណា បាន​ព្រមាន​បិទ​ការផ្សព្វផ្សាយ​លក់​ឱសថ​នៅតាម​អន​ឡាញ ឬ​តាម Facebook និង​បង្ក្រាប​រាល់​ការផលិត ការចែក​ចាយ​ឱសថ ខុសច្បាប់ ដោយ​មិន​លើកលែង​ជា ដាច់ខាត និង​ត្រូវ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​៕

អង្គការ​មួយនាំគ្នា​ប្រមូល​កាកសំណល់​សំរាម​នៅ​បឹង​ទន្លេសាប

»
​កំ​ព​ង់​ឆ្នាំង ៖ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី ប្រចាំខេត្ត​សៀមរាប បាន​ផ្តើមគំនិត​ដោយ​ការស្ម័គ្រចិត្ត នាំគ្នា​ចុះ ទូក​ប្រមូល​កាកសំណល់​នានា នៅក្នុង​បឹង​ទន្លេសាប ដើម្បី​ជួយ​លើកស្ទួយ​ផ្នែក​បរិស្ថាន និង​លើក កម្ពស់​សោភ័ណភាព ទេសភាព​តំបន់​អេកូ​ទេសចរណ៍ បឹង​ទន្លេសាប ឱ្យ​កាន់តែ​ស្រស់ស្អាត សំដៅ​ទាក់ទាញ​អ្នកទេសចរ ជាពិសេស​អ្នកទេសចរ​បរទេស​។​

​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី ប្រចាំខេត្ត​សៀមរាប បាន​មាន​ប្រសា​ស ន៍ ថា អ្នកទេសចរ តែង​ចាប់អារម្មណ៍ ចំពោះ​ទេសភាព​តំបន់​អេកូ​ទេសចរណ៍ បឹង​ទន្លេសាប យ៉ាង ខ្លាំង ជាពិសេស​អ្នកទេសចរ​បរទេស​។ ប៉ុន្តែ​នៅក្នុង​បឹង​ទន្លេសាប ឃើញ​មាន​សុទ្ធតែ​កាកសំណល់​ជាច្រើន ដូចជា ថង់​ប្លា​ស្ទីក កំប៉ុង ដប​ជ័រ អណ្តែត​រាយប៉ាយ ពាសពេញ​ផ្ទៃ​ទឹក និង​ជាប់​ទៅនឹង​ដើម ឈើ គួរឱ្យ​អាម៉ាស់​បំផុត ។​

​លោក ស៊ា សុផល បាន​បញ្ជាក់ថា អង្គការ​នេះ មាន ១០​សហគមន៍​ទេសចរណ៍ ហើយ​ក្នុង​មួយឆ្នាំ ធ្វើ​យុទ្ធនាការ​ប្ត​មូល​កាកសមណល់​សំរាម​នេះ ចំនួន​២​លើក គឺ​រដូវ​ទឹក​ឡើង​ម្តង និង​រដូវ​ទឹក​ស្រក​ម្តង​៕

សន្និសីទ​អន្តរជាតិ​ចេញ​សេចក្តីប្រកាស​រួម ស្តីពី​ការប្រឆាំង​ឱសថ​ក្លែងក្លាយ

​ភ្នំពេញ ៖ ក្រោយពី​បាន​ជួបប្រជុំគ្នា​រយៈពេល​២​ថ្ងៃ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ រាជរដ្ឋាភិបាល​កម្ពុជា ប្រតិភូ​ជាន់ខ្ពស់ តំណាងឱ្យ​ប្រទេស​កម្ពុជា ចិន ថៃ ឡាវ ភូមា វៀតណាម និង មានការ​ចូលរួម ពី​សំណាក់​ក្រុមប្រឹក្សាភិបាល វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ (IRACM) សន្និសីទ​ថ្នាក់​តំបន់​នេះ បានចេញ​សេចក្តីប្រកាស​រួមមួយ ដោយបាន​ចាត់ទុក​បញ្ហា​សុខភាព​របស់​ពលរដ្ឋ​ជា​រឿង​សំខាន់ និង​ជា​បញ្ហា​អទិភាព ដែល​ត្រូវ​គិតគូ និង​ដោះស្រាយ ដោយ​មិន​ប្រកាន់​ទីកន្លែង ភូមិសាស្ត្រ​នយោបាយ និង​ស្ថានភាព​សេដ្ឋកិច្ច របស់​ប្រទេស​ណាមួយ​ឡើយ​។​

​ជាមួយគ្នា​នោះ ក៏បាន​ទទួលស្គាល់ថា ការរីក​រាលដាល នៃ​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត គឺជា​ហានិភ័យ​មួយ ដល់​សុខភាព ដែល​មិនអាច​មើលរំលង​បាន ហើយ​ដែល​អាច​បង្ករ​ផលប៉ះពាល់​ដល់​សកលលោក​ទាំងមូល មិនតែប៉ុណ្ណោះ ទំហំ​នៃ​ផលប៉ះពាល់ នេះ​ក៏​មិនអាច​ប៉ាន់ប្រមាណ​បានដែរ​។​

​ប្រកាស​រួម​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​សង្កត់ធ្ងន់​ពី​តថភាព​មួយ ដែល​មិនអាច​ប្រកែក​បាន គឺថា ការផលិត ការចែក​ចាយ ការលក់ដូរ ផ​លិ​ផល​សុខ​ភិ​បាល​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត ពិតជា​បាន​បង្ករ​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ការកសាង​និតិរដ្ឋ ដែល​ទាមទារ​ឱ្យមាន​តម្រូវការ​បន្ទាន់ ក្នុងការ​ចាត់វិធានកា​រ​។​

​នៅក្នុង​ពិធី​បិទ​សន្និសីទ​ថ្នាក់​តំបន់ នា​រសៀល​ថ្ងៃទី​៦​ខែវិច្ឆិកា​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា បច្ចុប្បន្ន​តម្រូវកា​រឱស​ថ​កំពុង មាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​ជន​ឆ្លៀត ឱកាសនិយម​មួយចំនួន បាន​លបលួច​ផលិត ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព មក​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​។

​សន្និសីទ​ជា​អន្តរជាតិ​នាពេលនេះ ធ្វើឡើង​ស្របតាម​កាលៈទេសៈ របស់​កម្ពុជា​ទៅនឹង​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព ដែល​កំពុង​យកចិត្តទុកដាក់​ជាខ្លាំង​។​

​សម្តេច​ឧបនាយករដ្ឋមន្ត្រី​បន្តថា ដោយសារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ បានធ្វើ​ឲ្យ​កម្ពុជា ក៏ដូចជា​ប្រទេស នៅក្នុង​តំបន់ កាន់​តែមាន​តម្រូវការ លើ​ការប្រើប្រាស់​ទំនិញ​គ្រប់​ប្រភេទ​។ ក្នុងនោះ​ឱសថ​ជា​តម្រូវ​ការសំខាន់ និង​ចាំបាច់​មិនអាច​ខ្វះ​បាន​។​

​សម្តេច ឧបនាយករដ្ឋមន្ត្រី​បន្ថែមថា ទន្ទឹង​នឹង​តម្រូវការ​ប្រើប្រាស់​ឱសថ​ទើប​ជនល្មើស​ឆ្លៀតឱកាស​ខិតខំ​ធ្វើ​ការផលិត​ចរាចរ និង​ចែកចាយ​លើ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព លើ​ទីផ្សារ ដែល​នាំ​ឲ្យ​ពលរដ្ឋ​រងគ្រោះ និង​ថែមទាំង​ខាត​ថវិកា យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ករណីខ្លះ​បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​អាយុជីវិត​ថែម​ទៀតផង​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អះអាងថា កម្ពុជា​បានទទួល​រង​ផងដែរ នូវ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ក្នុងស្ថានភាព ជា​ប្រទេស​ប្រើប្រាស់​។​

​ឯកឧត្តម មា​ជ សុផាន់​ណា ប្រធាន​គណៈកម្មការ​អន្តរក្រសួង រៀបចំ​សន្និសីទ​នេះ​បាន​លើកឡើងថា ប្រទេស​ក្នុង​តំបន់​បានរួម​គ្នា ចែករំលែក​បទពិសោធ​ន៍ និង​ស្វែងរក​ដំណោះស្រាយ ក្នុងការ​ទប់ស្កាត់ និង​លុបបំបាត់​បញ្ហា​ឱសថ​ក្លែងក្លាយ អន់​គុណភាព ដែល​បាន​រីក​រាលដាល​នៅក្នុង​តំបន់ និង​សកលលោក ។​

បញ្ហា​ឱសថ​ក្លែងក្លាយ អន់​គុណភាព ដែលជា​ការគំរាមកំហែង និង​ជា​គ្រោះមហន្តរាយ​ដ៏​ធំ​នាពេល​បច្ចុប្បន្ន ដែល​តម្រូវឱ្យមាន​កិច្ចសហការ​ក្នុង​តំបន់ និង​សកលលោក ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​សកម្មភាព នៃ​ការផលិត ការ​ចរាចរ និង​ការ​ចែកចាយ​ឱ្យមាន​ប្រសិទ្ធភាព ដែល​ប្រទេស​នីមួយៗ​ត្រូវមាន​ការប្តេជ្ញាចិត្ត ផ្នែក​នយោបាយ និង​ការអនុវត្ត​ច្បាប់ សន្ធិសញ្ញា​អន្តរជាតិ នានា​ដែល​ពាក់ព័ន្ធ​ផងដែរ​៕

​

ច្រាំងទន្លេ​ក្រុង​កំពង់ចាម បន្ត​បាក់ស្រុត​​ប្រមាណ​២០០​ម៉ែត្រ

​កំពង់ចាម ៖ ច្រាំងទន្លេ ក្រុង​កំពង់ចាម ចំណុច​មុខ​សណ្ឋាគារ LBN អា​សា៑ន​របស់​ឩ​កញ្ញា លឹម ប៊ុណ្ណា ស្ថិតនៅ​ខាងជើង​ស្ពាន​គី​ហ្សូ​ណា គិត​មកដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បាន​បន្ត​បាក់ ស្រុត​អស់​ប្រវែង​ប្រមាណ ២០០​ម៉ែត្រ និង​ជំរៅ ប្រហែល ២​ម៉ែត្រ បានធ្វើអោយ​អាជ្ញាធរ​ដែនដី និង ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ដើរ​កំសាន្ត​មានការ​ព្រួយបារម្ភ​។

​រយៈពេល​ពី ទៅ​បី​ថ្ងៃ បន្ទាប់ពី​មានការ​បាក់​ច្រាំងទន្លេ​នេះ គេ​ឃើញ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក ឯ​.​ឧ​. អភិបាលរង​ខេត្ត ឯ​.​ឧ​.​អភិបាលក្រុង​កំពង់ចាម បាន​ដឹកនាំ​កំលាំង​ជំនាញ​ចុះ​ពិនិត្យ សិក្សា ម្តង​ហើយ​ម្តងទៀត ដើម្បី​រៀបចំ​ជួសជុល​កសាង​ច្រាំងទន្លេ​នេះ​ឡើងវិញ​។ ក្នុងនោះ ឯ​.​ឧ​. គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ ថា ច្រាំងទន្លេ​ដែល​បាក់ស្រុត​នេះ ត្រូវ​ធ្វើការ ជួស ជុល​ឡើងវិញ តែ​រង់ចាំ​ជំនាញ​សិក្សា​រួច​សិន ហើយ​ពេលនេះ​ដី​នៅ​ទន់ជ្រាយ​នៅឡើយ​ផង ដែល​មិនអាច​ឲ្យ​យើង​ធ្វើការ​ជួសជុល​កែលម្អ​ភ្លាម​បានឡើយ​។

​ជំរៅ​ដែល​ស្រុត​ខ្លាំងជាងគេ គឺ​ម្តុំ​រូបសំណាក​ដំរី​ក្បាល​៤ ដែលមាន​អាងទឹក​ផង​នោះ បាន​បាក់ស្រុត​ខ្លាំង គឺ​ជំរៅ​ដល់​ទៅ​២​ម៉ែត្រ ឬ​លើសពីនេះ​ប​ន្តិ​បន្តួច តែ​មិន​ធ្វើអោយ​រូបសំណាក​ដំរី​ក្បាល​៤​នេះ​ស្រុត រលំ​បានឡើយ ដោយ​សំណង់​នេះ វិស្វករ​បាន​បុកគ្រឹះ​យ៉ាងជ្រៅ និង​រឹងមាំ​។

​ចំណុច​ច្រាំងទន្លេ​ដែល​បាក់ស្រុត​ខាងលើ ម្តុំ​រូបសំណាក​ដំរី​ក្បាល​៤​នេះ​មាន​ចំងាយ ប្រហែល ៣០​ម៉ែត​ពី​សណ្ឋាគារ ( LBN អា​សា៑ន​របស់​ឩ​កញ្ញា លឹម ប៊ុណ្ណា​) កំពស់​ជាង​១០​ជាន់ ។

​ទោះបី​ច្រាំងទន្លេ​បាក់ស្រុត​បែបនេះ​ក៏ដោយ វា​មិនមាន​បង្ករ​ផលប៉ះពាល់​ដល់​សណ្ឋាគារ​ដ៏​ខ្ពស់​របស់​ឩ​កញ្ញា លឹម ប៑​ុ​ណ្ណា​បានឡើយ ព្រោះ​សំណង់​លេចធ្លោ​ជាងគេ​នេះ​វិស្វករ​និង​អ្នកជំនាញ​ជាច្រើនរូប​បាន​សឹ​ក្សា​ច្បាស់លាស់​តាម​ស្តងដា​អន្តរជាតិ ហើយ​បាន​បុកគ្រឹះ​សរសរ​រឹងមាំ​ធានា​សុ​វ​ត្តិ​មួយរយ​ភាគរយ ។

​ចំណែក ប្រជាពលរដ្ឋ​ដែល​ដើរ​កំសាន្ត​តាម​មាត់ទន្លេ​ម្តុំ​ច្រាំង​បាក់​នេះ បានផ្តល់​យោបល់​ថា ម្តុំ ច្រាំងទន្លេ​ដែល​បាក់​នេះ មាន​ដាក់​ផែ​ចំនួន​ពី​ទៅ​បី​ផែ ដែល​ធ្វើអោយ​ចរន្ត​ខ្សែទឹក​ហូរ​បុក​ចំ​ផែ​នោះ មិន​ហូរ​ទៅដោយ​រលូន​បាន​ហើយ​ទឹក​ហូរ​នោះ​វឹល​វល់​នាំ​ដី​ខាងក្រោម ដាច់​បន្តិច​ម្តងៗ ធ្វើអោយ​សំណង់​និង​រូបសំណាក​ខាងលើ​បាក់ស្រុត​។ មតិ​របស់​មហាជន ខាងលើនេះ គួរតែ​អស់លោក​ជំនាញ​ពាក់​ព​ន្ធ័ ពិចារណា​ឬ​យក​ផែ​ទៅ​ដាក់​កន្លែង​ផ្សេង តាម​យោបល់​របស់​ប្រជាពលរដ្ឋ​៕  សុផល​
​

រលាយ​អស់​ភ្នំ​មួយ ទើប​បែកធ្លាយ​ព្រោះតែ​ធ្លាក់​រថយន្ត​ដឹក​ដី​សង្កត់​អ្នកបើកបរ​ស្លាប់​

​ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបរ​រថយន្ត​ដឹក​ដី​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ ដោយសារ​រថយន្ត​រអិល​ធ្លាក់​ពីលើ​ភ្នំ ខណៈ​កំពុងបើក​ទៅ​ដាក់​អាចម៍ដី និង​កម្ទេច​ថ្ម​នៅ​​ភ្នំ​ទ្រ​យោង ស្ថិតក្នុង​ភូមិ​ទ្រ​យោង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​។​

ការធ្វើ​អាជីវ​កម្មនេះ បានកើត​មាន​យ៉ាង​ដុះ​ស្លែ​យូរហើយ ប៉ុន្តែ​ស្ងប់ស្ងាត់​ល្អ​ណាស់​សង្ស័យ​មាន​អ្នកពាក់ព័ន្ធ​ច្រើន​។​

​ភ្នំធម្មជាតិ​មួយ​នេះ​បើ​យើង​មើល​ពី​ផ្លូវជាតិ​លេខ​៦ នៅ​ហំ តែបើ​មើល​ពី​ចំហៀង ឬ​ពីក្រោយ ជិត​រលាយ​ហើយ គឺ​ឈ្មួញ​កាយ​យក​ថ្ម​ជា​បន្តបន្ទាប់ ឯ​ចំណុច​កាយ​រាប​ដល់​ដី​ហើយ​នោះ​ក្លាយជា​ទីតាំង​មាន​ម្ចាស់​គ្រោង​បោះបង្គោល​ហ៊ុំព័ទ្ធ​យក​ធ្វើជា​កម្ម​សិទ្ធ​ទៀតផង​។​រឿង​ដ៌​អាថ៌កំបាំង​នេះ​ត្រូវបាន​បែកធ្លាយ​ដោយសារ​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម​ម្នាក់​បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​រថយន្ត​រអិល​ធ្លាក់​សង្កត់​នៅ​ចំណុច​រណ្តៅ​ជីក​យក​ថ្ម​លើ​ភ្នំ ទ្រ​យោង កាលពី​ព្រឹក​ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ​២០១៨​។ ជនរងគ្រោះ​ឈ្មោះ ឃិ​ញ ស៊ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ទីតាំង​កើតហេតុ​ត្រូវគេ​ដឹងថា ឈ្មួញ​កាយ​យក​ថ្មភ្នំ​គ្មាន​ច្បាប់​នោះទេ​។ បញ្ហា​នេះ​ប្រភព​នានា ជាច្រើន​លើកឡើងថា ការធ្វើ​អាជីវកម្ម​កាយ​យក​ថ្ម​លើ​ភ្នំ​ទ្រ​យោង​មិនមែន​មាន​លោក យឿន​សំបូរ នោះទេ​ប្រភព​ថា មាន​របស់​អ្នកផ្សេងៗ ២​ទៅ​៣​នាក់​ទៀត និង​ខ្លះ​ជា​ឧក​ញ្ញ៉ា​ទៀតផង​។

​ជុំវិញ​ករណី​រិៈ​គន់​ជុំ​ទិស​នេះ​លោក អែម ណុ​យ មេឃុំ​ភ្នំ​លៀប កន្លងមក​ធ្លាប់​ប្រាប់​ឱ្យដឹងថា​ករណី​ខាងលើ​កើតមាន​មែន ប៉ុន្តែ​លោក​ថា ចំណុច​ខ្លះ​ដី​មាន​ម្ចាស់​ក្នុងនោះ​លោក​ថា ក្រុមហ៊ុន​មួយ​ជា​របស់​ឧក​ញ្ញ៉ា សៀង ណាំ សុំ​កាយ​យក​ថ្ម​ទៅ​ជួយ​អភិវឌ្ឍ​ន៌​ផ្លូវ​នៅតាម​មូលដ្ឋាន​ដែល​ពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​ក្នុង​ខេត្តសៀមរាប​។​

​គួរ​បញ្ជាក់ថា​ក្រៅពី​ភ្នំ​ទ្រ​យោង ក៌​មាន​ភ្នំ​មួយចំនួនទៀត ក្នុង​ខេត្តបន្ទាយមានជ័យ កំពុង​ត្រូវបាន​គេ​ចូក​កាយ​ធ្វើ​អាជីវកម្ម​កន្លែង​ខ្លះ​មានច្បាប់​កន្លែង​ខ្លះ​សង្ស័យ​អត់​ច្បាប់​ដែល​បញ្ហា​នេះ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​គួរតែ​ពិនិត្យមើល​ផង​៕ ​ដោយ ៖ សុផល

​

សមាជិក​រាជវង្ស ឌូ​បៃ នៃ​សហព័ន្ធ​អារ៉ាប់​រួម បញ្ជាក់​ពី​បំណង​វិនិយោគ​នៅ​កម្ពុជា

​ភ្នំពេញ ៖ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum សម​ជិ​ក​រាជវង្ស ឌូ​បៃ សហព័ន្ធ​អារ៉ាប់​រួម បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ ថា ព្រះអង្គ មានបំណង​ចង់​ចូលរួម ក្នុងការ​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចាប់ផ្ដើម​ទំនាក់ទំនង និង​ការដាក់​ទុនវិនិយោគ​នៅ​កម្ពុជា​។ ព្រះអង្គម្ចាស់ បានបង្ហាញ​ចំណាប់អារម្មណ៍​ការវិនិយោគ​លើ​ប្រព័ន្ធ​ប្រេង ឧស្ម័ន លើ​ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ​។​
​ការបញ្ជាក់​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ខណៈ​ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ជួបពិភាក្សា​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​ព្រះអង្គម្ចាស់ បាន​ជម្រាប​សម្តេច​តេ​ជោ​ថា នឹង​ផ្តល់ជូន​ឥណទាន​កម្ចី (Credit line) ចំនួន​៥០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​ក្នុង​ការនាំ​ទំនិញ​ចូល​ពី​សហព័ន្ធ អារ៉ាប់​រួម ហើយនឹង​សិក្សា​លទ្ធផល​ផ្សេងៗ​ទៀត ដើម្បី​ធ្វើការ​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងឱកាស​នោះដែរ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ក៏បាន​ឆ្លៀត​គោរព​អញ្ជើញសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅធ្វើ​ទស្សនកិច្ច​នៅ​សហព័ន្ធ​អារ៉ាប់​រួម​ផងដែរ​នាពេលខាងមុខ ។​
​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ព្រះអង្គម្ចាស់ និង​ប្រជាជន ក៏ដូចជា សហព័ន្ធ​អារ៉ាប់​រួម ដែល​បាន​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ជាពិសេស សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស​ផង ការកសាង​មជ្ឈមណ្ឌល​កុមារកំព្រា និង​ជួយ​ដល់​កុមារកំព្រា​ផង​។ ពាក់ព័ន្ធ​នឹង​ការវិនិយោគ​លើ​វិស័យ​ឧស្ម័ន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​មានប្រសាសន៍​ផងដែរ​ថា ក្នុងករណី​ដែល​បាន វិនិយោគ​ក្នុង​វិស័យ​ឧស្ម័ន​នេះ គឺ​ជួយ​កាត់បន្ថយ​ក្នុងការ​កាប់​ឈើ​ធ្វើ​អុស​ដុត​ផង ហើយក៏​ជួយ​ក្នុងការ គ្រប់គ្រង​ធនធានធម្មជាតិ​ផងដែរ ។​

​ស​ម្ដេចក៏​ថ្លែងអំណរគុណ​ចំពោះ​ព្រះ​អម្ចាស់​ផងដែរ ចំពោះ​ការផ្ដល់​ឥណទាន​កម្ចី (Credit line) ចំនួន ៥០០​លាន​ដុល្លារ សម្រាប់​នាំ​ទំនិញ​ចូល​ពី​សហព័ន្ធ​អារ៉ាប់​រួម ហើយ​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ការអញ្ជើញ​សម្ដេច​ទៅ​ទស្សនកិច្ច​នៅ​អារ៉ាប់​រួម ដោយ​សម្ដេច​បញ្ជាក់ថា នឹង​ពិនិត្យមើល​ពេលវេលា​ដ៏​សមស្រប​មួយ​នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ​។ ដោយឡែក​ពាក់ព័ន្ធ ឥណទាន​កម្ចី (Credit line)៥០០​លាន​ដុល្លារ​នោះ សម្ដេច​តេ​ជោ បាន​ណែនាំ​ឲ្យ​ពិភាក្សា​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​រក​ចំណុច​ណាមួយ ក្នុងការ​ចាប់ផ្ដើម​ប្រើប្រាស់​ថវិកា​នេះ​៕

​

ក្រសួង​ប្រកាស​ពី​គ្រោះថ្នាក់​នៃ​ការចាក់​ឱសថ​កែស​ម្ភ​ស្ស​ដែល​លក់​តាម​ហ្វេ​ស​ប៊ុ​ក​

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ចំនួន​៦ ត្រូវ​បញ្ឈប់​ការនាំ​ចូល ការផ្សព្វផ្សាយ​លក់ ឬ​ចែកចាយ​ផលិតផល​ឱសថ​ខុសច្បាប់​ចំនួន​១៨​មុខ​(​សូម​មើល​រូបភាព​ខាងក្រោម​) ព្រមទាំង​ប្រមូល​មកវិញ​ដើម្បី​កម្ទេចចោល​ជាបន្ទាន់ ព្រោះ​អាច​បង្ក​ឲ្យ​អ្នកប្រើប្រាស់​រងគ្រោះថ្នាក់​ដ​ល់​អាយុជីវិត​។​

​ក្រសួង បាន​បញ្ជាក់ថា គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ បាន និង​កំពុង​ផ្សព្វផ្សាយ​ផលិតផល​ឱសថ​​ប្រភេទចាក់​ ចំនួន​១៨​មុខ ដោយ​គ្មាន​បញ្ជាក់​ពី​ឈ្មោះ​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ការចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ និង​គ្មាន​ការអនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ​។​

​គួរ​ជម្រាប​ថា ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​គណនី​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែលក្រសួងចាត់ទុកថា ​បាន​ផ្សព្វផ្សាយ​អួតអាង បំផ្លើស​ហួស​ពី​ការពិត​នូវ​ផលិតផល​ឱសថ​ចាក់ ដូចជា ជួយ​ឲ្យ​ស្បែ​កស បំបាត់​ស្នាម​អុជ​ខ្មៅ អាចម៍រុយ ជួយ​រក្សា​វ័យ​ឲ្យ​នៅ​ក្មេង កាត់បន្ថយ​ការផលិត​ជាតិ Melanin ការពារ​និង​បំបាត់​ភាព​ជ្រីវជ្រួញ បណ្តុះ​កោសិកា​ថ្មី បំបាត់​មុខ​ទ្រុត មុខ​ខ្មួ​ត ជួយ​រក្សា​រាង កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង សរសៃឈាម​ជាដើម​។

ក្រសួងសុខាភិបាល បានអំពាវនាវថា ​ដើម្បី​ចៀសវាង​ការ​ខាង​បង់ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព អាចឈាន​ទៅដល់​ការបាត់បង់​អាយុជីវិត ស្លាប់​ដោយ​គាំងបេះដូង អ្នកប្រើប្រាស់​ទៀត​នោះ  ស្នើ​បងប្អូន​ដែល​ចូលចិត្ត​ប្រើប្រាស់​ផលិតផល​ឱសថ​ចាក់​បំប៉ន​ស្បែក​ទាំងនោះ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់​។

​ក្រសួងសុខាភិបាល ក៏បាន​ព្រមាន​ចាត់​វិធា​នការ​យ៉ាង​តឹងរ៉ឹង​តាមផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​ទាំង​៦ និង​គណនី​មួយចំនួន​ផ្សេងទៀត  ទៅតាម​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​៕

​