រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន ៧,៤៩៦,៥៥១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត៕

រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដល់សាធារណជនឲ្យបានដឹងថា បន្ទាប់ពីបានតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមកឃើញថា ប្រទេសកម្ពុជានឹងរងនូវសម្ពាធទាប ពីសមុទ្រចិនខាងត្បូងគ្រប់ដណ្តប់ ដែលអាចនឹងមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា បណ្តាខេត្តដែលអាចនឹងប៉ះពាល់រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងបណ្តាខេត្តនៅតាមតំបន់មាត់សមុទ្រជាដើម៕

រាជធានីភ្នំពេញ៖សំណុំរឿងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូបសុំនៅក្រៅឃុំតុលាការកំពូលប្រកាសសាលដីកានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ។
កម្មវត្ថុនៃសវនាការនេះ គឺបណ្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។ នៅពេលសវនាការពេញមួយព្រឹកម្សិលមិញជនជាប់ចោទលោក នីចរិយា លោក ណៃ វង្សដា លោក នី សុខា លោក យី សុខសាន និងលោកស្រី លឹម មុន្នី បានលើកអង្គហេតុដែលនៅសុំនៅក្រៅឃុំដោយពួកយើងមានអាសយដ្ឋានច្បាស់លាស់ និងសូមដាក់ប្រាក់តម្កល់ដើម្បីសុំនៅក្រៅឃុំ។ បន្ទាប់ពីសវនាការដេញដោលចប់លោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបញ្ចប់ការសួរ រួចបានសម្រេចលើកពេលប្រកាសសាលដីកានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ៕


រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ស្នងការលោក ជួន សុវណ្ណ កាលពីពេលថ្មីៗនេះបានបញ្ជាឲ្យធ្វើតាមចាប់ខ្លួនមន្ត្រីនគរបាលចំនួន៥នាក់នៅខណ្ឌសែនសុខ ដែលបានប្រព្រឹត្តបទល្មើសគាបស៊ីលុយ និងម៉ូតូរបស់គេនៅពេលយប់។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌសែនសុខចំនយន៥នាក់បានជិះម៉ូតូចំនួន៣គ្រឿង ស្ទាក់កាក់ក្រុមយុវជន២នាក់កំពុងជិះម៉ូតូ ដោយគាបស៊ីយកលុយ ហើយយកម៉ូតូទៅបញ្ចាំយកលុយថែមទៀតផង។
ក្រោយលឺដំណឹងនេះ នាយឧត្តមសេនីយ៍ស្នងការលោក ជួន សុវណ្ណ បានបញ្ជាឲ្យចាប់ខ្លួនមន្ត្រីនគរបាលទាំង៥នាក់នោះ ហើយកាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីនគរបាលទាំង៥នាក់នោះត្រូវបានបញ្ចូនទៅកាន់ស្នងការរដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ ដើម្បីយកមកធ្វើការពិន័យតាមច្បាប់៕



សេអ៊ូល៖ប្រទេសកូរ៉េខាងជើងគ្រោងនឹងធ្វើការបំផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែរលើកទី០៦ របស់ខ្លួននៅដើមឆ្នាំក្រោយចំពេលដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់។
ថ្លែងក្នុងវេទិកាពិភាក្សាស្តីពីកិច្ចការយោធានៅទីក្រុងសេអ៊ូល លោក Lee Su-seok ប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមយុទ្ធសាស្ត្រ នៃវិទ្យាស្ថានសន្តិសុខជាតិ កូរ៉េខាងត្បូងបានលើកឡើងថា នៅដើមឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះដែលជាថ្ងៃលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ទីក្រុងព្យុងយ៉ាង ទំនងជានឹង បំផ្ទុះសាកល្បងនូវគ្រាប់នុយក្លេអ៊ែរជាថ្មីម្តងទៀត និងបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដើម្បីបញ្ជាក់ថាប្រទេសខ្លួន ជាមហាអំណាចមួយនៃអាវុធនុយក្លេអ៊ែរនៅលើពិភពលោក៕

សេអ៊ូល៖នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះក្រុមបាតុករប្រមាណពី១,៥ ទៅ ២លាននាក់ដែលមានក្រុមអង្គការសង្គមស៊ីវិលប្រមាណ១៥០០ គ្រោងធ្វើបាតុកម្មតវ៉ា ទ្រង់ទ្រាយធំតាមរយៈការដើរជាក្បួនដង្ហែ និងអុជទៀនទាមទារឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រីផាក គឺនហេ ចុះចេញពីមុខតំណែង។ នេះបើយោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់។
ថ្លែងក្នុងសន្និសិទសារព័ត៌មានតំណាងក្រុមអង្គការទាំងនេះបានឱ្យដឹងថា បាតុកម្មតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងលោកស្រីផាក នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ សប្ដាហ៍នេះ តាមដំណាក់កាលនីមួយៗ ដោយ ចាប់ផ្ដើមនៅម៉ោងប្រមាណជា ១៣ និង០០នាទីរសៀល (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) នៅឯទីលានក្នុងទីក្រុង សេអ៊ូល និងនៅតាមកន្លែងជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស មុននឹងមានការដើរដង្ហែជាក្បួន ឆ្ពោះទៅកាន់ វិមានប្រធានាធិបតីនៅម៉ោង ១៦ និង០០នាទី ហើយនៅម៉ោង២០ និង០០នាទី ទើបក្រុមបាតុករទាំងអស់នឹងនាំគ្នា អុជទៀនសម្ដែងការតវ៉ារបស់ពួកគេ៕

រាជធានីភ្នំពេញ៖កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្របួចជាប់វាយខ្នោះអាចារ្យវត្តម្នាក់ ដែលតែងតែ ដើររៃអង្គាសប្រាក់តាមដងផ្លូវសាធារណៈ ព្រោះកាមតណ្ហាឡើងពុះកញ្ជ្រោលធ្វើសកម្មភាពចាប់ក្មេងស្រីវ័យទើបតែ១០ឆ្នាំដើម្បីរំលោភសេពសន្ថវៈ តែមិនបានសម្រេច។
ករណីអាចារ្យវត្តប៉ុនប៉ងចាប់ក្មេងស្រីនេះ បង្កឲ្យមានការភ្ញាក់ ផ្អើលនៅវេលាម៉ោងជាង១១ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលបានឲ្យដឹងថា មុនឈានទៅឃាត់ខ្លួនអាចារ្យវ ត្តម្នាក់នេះ បន្ទាប់ពីបងស្រីរបស់ជនរងគ្រោះបានប្ដឹងមកស មត្ថកិច្ចមូលដ្ឋានថាមានករណីចាប់រំលោភ ព្រោះនៅមុនពេ លកើតហេតុ គេបានឃើញអាចារ្យវត្ត២នាក់ដៃគូរ កំពុងតែផឹ កស្រារហូតស្រវឹងស្រឿងៗ ដោយអាចារ្យម្នាក់ នៅខាងក្រៅនិងអាចារ្យ ដែលជាប់សង្ស័យក៍បាន ចូលទៅក្នុងផ្ទះហើយក៍ធ្វើសកម្មភាព បន្លែងបបោសអង្អែល អោបថើបក្មេងស្រីរងគ្រោះ ខណៈនោះដែរស្រាប់តែ ត្រូវបងស្រីរបស់ជនរងគ្រោះ មកទាន់ឃើញបែបនេះ ក៍ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន តែម្ដងទៅដោយជាប់ចោទពីបទប៉ុនប៉ងរំលោភ សេពសន្ទវលើអនិតិជន ។
ជនសង្ស័យជាអាចារ្យវត្តដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួន ជាប់ចោទពីបទប៉ុនប៉ងរំលោភសេពសន្ទវៈ មានឈ្មោះទុយ ទីន អាយុ៣៩ឆ្នាំ ស្នាក់នៅក្នុងឃុំកំពុងកុង ស្រុកកោះធំ ខេត្តក ណ្ដាល ។
ចំណែកក្មេងស្រីរងគ្រោះជាអនិតិជនអាយុទើបតែ ១០ឆ្នាំប៉ុណ្ណោះ ស្នាក់នៅជាមួយបងស្រីនិងម្ដាយមានមុខរប រជាអ្នកដើររៃអង្គាសប្រាក់ជាមួយអាចារ្យវត្ត ដែលត្រូវនគរបាលឃាត់ខ្លួន ។
មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួនជ នជាប់សង្ស័យជាអាចារ្យវត្ត ត្រូវបានបញ្ជូនមកសួរនាំនៅប៉ុ ស្ដិ៍នគរបាលឫស្សីកែវ ដើម្បីស៉ើបអង្កេតបន្តតាមនិតិវិធី ៕

ភ្នំពេញ៖បុរស២នាក់សង្ស័យស្រវឹងស្រាដូចគ្នាទាស់ពាក្យសំដីគ្នា ឈានដល់វៃតបគ្នាបណ្តាលឲ្យរងរបួសទាំងសងខាងហេតុការណ៍នេះបានកើតឡើង កាលពីម៉ោងប្រមាណជាង៥រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្លូវ២០០៤ ភូមិស្លែងរលីង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសទាំង២នាក់នោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកទៅប៉ុស្តិ៍នគរបាលទឹកថ្លា បុរសទី១ឈ្មោះ ម៉ៅ អាយុ៣៣ឆ្នាំ មុខរបរជាជាងម៉ូតូ ស្នាក់នៅកន្លែងកើតហេតុខាងលើ បុរសទី២មិនត្រូវបានស្គាល់ឈ្មោះទេ អាយុប្រហែល ៤០ឆ្នាំ មុខរបរចុងភៅរោងការ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសទី២នោះបានធ្វើដំណើរដោយជិះម៉ូតូឆ្លងកាត់កន្លែងកើតហេតុខាងលើប៉ះឥវ៉ាន់របស់ឈ្មោះ ម៉ៅ ភ្លាមនោះឈ្មោះ ម៉ៅ ក៏បានទៅហក់វៃក៏មានការប្រតាយប្រតប់គ្នាបង្កអោយមានរបួសស្នាមទាំងសងខាង (ជាងម៉ូតូត្រូវចំក្បាលរងរបួសជាទម្ងន់) ។
ក្រោយពីមានការប្រតាយប្រតបគ្នារួចគេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាចុះទៅឃាត់ខ្លួនបុរសទាំង២នាក់ដើម្បើយកមកដោះស្រាយនៅប៉ុស្តិ៍ទឹកថ្លា ដោយភាគីខាងជាងម៉ូតូព្រមសងជំងឺចិត្តចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿង៕


ភ្នំពេញ៖កម្មករសំណង់២នាក់ បានធ្លាក់ពីលើជណ្ដើរយន្ត ខណៈកំពុងតែបូកជញ្ជាំងអគារដែលមានកម្ពស់១៥ជាន់ នៃអគារក្រុមហ៊ុនទីហាវសេរ៉ាមិច ខេមបូឌា ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ជាប់ច្រកចូលបុរីប៉េងហួតកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២៣ខែវិច្ឆកាឆ្នាំ២០១៦ស្ថិតនៅភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាបានគ្រោះថ្នាក់មួយនេះ បានកើតឡើង ដោយសារតែជនរងគ្រោះទាំង២នាក់ ពេលឡើងតាមជញ្ជាំងយន្តនោះ មិនបានពាក់ខ្សែក្រវ៉ាត់ ទើបបណ្តាលឲ្យធ្លាក់មកក្រោមតែម្តង។
ជនរងគ្រោះទី១មានឈ្មោះ ម៉ាប់ បាក់ឆ្អឹងខ្នង និងម្នាក់ទៀតឈ្មោះ ឌី រងបួសធ្ងន់ផងដែរ។
បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវគេជួយសង្គ្រោះ និងហៅរថយន្តសង្គ្រោះ ដើម្បីដឹកទៅកាន់មន្ទីរពេទ្យ៕



រាជធានីភ្នំពេញ៖អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបានប្រកាសសាលដីកាស្ថាពរដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលជាមេដឹកនាំខ្មែរក្រហម ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទតវ៉ាមិនឱ្យមានការប្តឹងសារទុក្ខ៕

រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៧,៤៥៦,០៧៩នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
សូមជម្រាបថា សល់តែរយៈពេល៦ថ្ងៃទៀតប៉ុណ្ណោះការចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់៕

ខេត្តព្រះសីហនុ៖រថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីកិនក្មេងប្រុសសិស្សសាលាម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកកែងស្ថានីយប្រេងឥន្ធនៈ តាវណ្ណា មុខក្រុមហ៊ុនសំណង់ផ្ទះល្វែង ឆឹង សុខា ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភ័ក្ត្រ រតនៈឈួយ ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្សសាលា បានបែកក្បាលស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ភ័ក្ត្រ សុខកុមារី អាយុ១៥ឆ្នាំ ជាសិស្សសាលាដូចគ្នា រងរបួសតិចតួច ។ អ្នកទាំងពីរមានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (តំបន់កំពង់ផែទំនប់រលក) រីឯម៉ូតូម៉ាកស្កុពីរបស់ជនរងគ្រោះរងការខូចខាតជាមធ្យម ។
តាមប្រភពព័ត៌មានបានដឹងថា គេឃើញក្មេងប្រុសរងគ្រោះជិះម៉ូតូ១គ្រឿងជាមួយបងស្រី ក្នុងទិសដៅពីជើងទៅត្បូង (ឡើងចំណោត) លុះជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបានវ៉ាក់អឺជាមួយរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីបើកបរមកពីមុខទិសដៅបញ្ច្រាសទិសគ្នា គ្រានោះជនរងគ្រោះក៏បានកាច់ចង្កូតគេចចេញពីរថយន្តដឹកសំរាម។ ប៉ុន្តែអកុសលនៅពេលកាច់ ចង្កូតគេចចេញពីរថយន្តដឹកសំរាមនោះ ជនរងគ្រោះដែលជិះពីក្រោយស្រាប់តែធ្លាក់ពីលើម៉ូតូ ហើយក៏ត្រូវរថយន្តដឹកសំរាមនោះកិនស្លាប់ក្នុងថ្លុកឈាមតែម្តង ។ ភ្លាមៗនោះអ្នកបើកបររថយន្តដឹកសំរាមបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះ និងរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីត្រូវបានសមត្ថកិច្ច ចរាចរណ៍ផ្លូវគោកនាំយកទៅរក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់៕


រតនគិរី៖លោកឧកញ៉ា ហ៊ុន ជា ត្រូវបានគេស្គាល់ថា ជាកូនប្រុសលោក ហ៊ុន សាន កំពុងរងនូវការរិះគន់យ៉ាងចាស់ដៃពីមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ករណីជំនួញឈើខុសច្បាប់នាំចេញទៅប្រទេសវៀតណាមតាមច្រកអូយ៉ាដាវ រួមទាំងច្រកមួយចំនួនទៀតក្នុងខេត្តមណ្ឌលគិរី។
តាមភ្នាក់ងាររាយការណ៍ថា បន្ទាប់ពីយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ដឹកនាំបញ្ជាដោយលោក សៅ សុខា នោះ ករណីជំនួញឈើនាំចេញទៅវៀតណាមបានស្ងប់ស្ងាត់មួយរយៈខ្លី ប៉ុណ្ណោះ ។ ប៉ុន្តែក្រោយមក ជំនួញឈើខុសច្បាប់ត្រូវបានកំរើកឡើងវិញ ហើយហាក់មានទ្រង់ទ្រាយកាន់តែធំជាងមុន ។
តាមព័ត៌មានពីមន្ត្រីក្នុងខេត្តមួយរូបបានប្រាប់ឲ្យដឹងថា ជំនួញឈើខុសច្បាប់ដែលកំពុងមានសកម្មភាពយ៉ាងគគ្រឹគគគ្រេងនៅខេត្តរតនគិរី សព្វថ្ងៃនេះ គឺជាជំនួញឈើរបស់លោកឧកញ៉ា ហ៊ុន ជាតែម្តងដែលបាននាំចេញឈើយ៉ាងសកម្មតាមច្រកអូរយ៉ាដាវ ខេត្តរតនគិរី និងច្រកមួយទៀតក្នុងខេត្តមណ្ឌលគិរី រួមមានច្រកដាក់ដាំជាដើម ។
ប្រភពបន្តថា រាល់ថ្ងៃគេតែងតែឃើញមានទាំងប្រជាពលរដ្ឋ និងក្រុមដៃជើងលោកឧកញ៉ា ហ៊ុន ជា ចូលកាប់ព្រៃយ៉ាងអនាធិបតេយ្យក្នុងស្រុកលំផាត់ ស្រុកកូនមុំ ស្រុកអណ្តូងមាស ស្រុកតាវែង និងស្រុកអូយ៉ាដាវជាដើម ខណៈដែលព្រៃឈើតំបន់នោះបានធូរស្រាលពីការកាប់បំផ្លាញមួយរយៈខ្លី ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើរបស់នាយឧត្តមសេនីយ៍ សៅ សុខា ។
ពាក់ព័ន្ធករណីនេះ គេសង្កេតឃើញថា ទាំងអភិបាលខេត្ត ទាំងកងកម្លាំង ទាំងមន្ត្រីជំនាញ សំខាន់ផ្នែករដ្ឋបាលព្រៃឈើហាក់មិនបានបង្ហាញនូវការចាប់អារម្មណ៍ ចំពោះសកម្មភាពបទល្មើសព្រៃឈើ ដែលកក្រើកឡើងវិញនោះឡើយ។ ទន្ទឹមនោះគេអាចនឹងអះអាងថា បញ្ហាជំនួញឈើខុសច្បាប់របស់ឧកញ៉ារូបនេះកំពុងតែមានឥទ្ធិពលតាមរយៈលុយ ឬ រយៈអំណាចថ្នាក់កំពូលហើយទើបពួកគេសម្ងំស្ងាត់ឈឹងដូច្នេះ។
លោកឧកញ៉ា ហ៊ុន ជា ដែលរងការចោទប្រកាន់នោះ មិនទាន់អាចសុំការបំភ្លឺណាមួយបាននៅឡើយទេ ខណៈដែលព័ត៌មានខ្លះបានអះអាងថា លោកឧកញ៉ា ហ៊ុន ជា គ្រាន់តែឈរឈ្មោះប៉ុណ្ណោះ ចំណែកអ្នកដែលធ្វើផ្ទាល់នោះគឺជាក្រុមលោកឧកញ៉ាជើងចាស់ដែលធ្លាប់រកស៊ីជំនួញឈើដុសស្លែនៅតំបន់នោះ ហើយក៏ធ្លាប់រងការចោទប្រកាន់ថា ជាឧកញ៉ាជំនួញឈើខុសច្បាប់ថែមទៀត ។
យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយ កាលពីពេលថ្មីៗ នេះ បានឲ្យដឹងថា ជំនួញឈើខ្មែរ នៅតែត្រូវគេនាំចេញយ៉ាងគំហុកទៅប្រទេសយួន ដែលធ្វើឲ្យកំណើននៃការនាំចេញឈើខុសច្បាប់មានរហូតដល់១២១លានដុល្លារ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០១៦នេះ ។ នេះជាទិន្នន័យរបស់គយ ប្រទេសយួន ហើយត្រូវបានចែករំលែកដោយអង្គការ Forest Trends ។
ទាក់ទិនករណីនេះ លោក Marcus Hardtke អ្នកអភិរក្សបរិស្ថានបានថ្លែងអះអាងថា ឧកញ៉ារកស៊ីឈើដែលមានទំនាក់ទំនងជាមួយអ្នកមានអំណាចកំពុងមានរោងចក្រអារឈើ និងទិញឈើយ៉ាងច្រើន ។ លោកថា វាជាការរៀបចំ និងមានលក្ខណៈជាប្រព័ន្ធដែលជាការប៉ះពាល់យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងព្រៃឈើ ។ ចំណែក លោក អ៊ូច ឡេង អ្នកអភិរក្សដែលឈ្នះរង្វាន់បុរសមាសក៏បានអះអាងដែរថា ខ្ញុំបានរកឃើញថា អាជីវកម្មនេះ គឺមានអាទិភាពជាងការការពារព្រៃឈើ។ អ្វីដែលពួកគេគិតគឺត្រូវរកលុយពីឈើ ។
ទន្ទឹមនោះ Julian Newman ប្រធានយុទ្ធនាការនៅទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ដែលជាអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ដែលបានស្រាវជ្រាវយ៉ាងទូលំទូលាយអំពីការកាប់ឈើខុសច្បាប់នៅក្នុងតំបន់មេគង្គ បានសរសេរតាមអ៊ីមែលថា វាមិនអាចទៅរួចទេដែលការកាប់ឈើទ្រង់ទ្រាយតូចអាចបង្កើតឲ្យមានការនាំចេញឈើតម្លៃ ១២១ លានដុល្លារក្នុងរយៈកាល ៩ ខែ «លុះត្រាតែវាជាឈើប្រណីតតម្លៃខ្ពស់ និងទ្រង់ទ្រាយធំ៕

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះតំណាងមហាអយ្យការតុលាការកំពូលលោក ឈួន ចាន់ថា បង្គាប់ឲ្យមន្ត្រីពន្ធនាគារ បានបញ្ជូនមន្ត្រីអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូបមកតុលាការកំពូល ដើម្បីបើកសវនាការជំនុំជម្រះ។
មន្ត្រីអាដហុក៤រូប និងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា។ ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
គួរបញ្ជាក់ថា សវនាការនេះដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ។ កម្មវត្ថុនៃសវនាការនេះគឺបណ្តឹងសុំមោឃភាព នីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ៕

ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅវេលាម៉ោងប្រមាណជា០៣ និង៤០នាទីទាបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខហាងគុយទាវទូកផ្លូវលេខ១ស្ថិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់។
ជនរងគ្រោះដែលស្លាប់ឈ្មោះ បុល ភេទប្រុសអាយុ២៤ឆ្នាំរស់នៅម្តុំវត្តចដឹក ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្ត បាត់ដំបង និងម្នាក់ទៀតឈ្មោះ អឿង សុភ័ក្ត្រ ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារងរបួសចំក្បាលធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តបង្កម៉ាកឡិចស៊ីស៤៧០ពណ៌សគ្មានស្លាកលេខ បានទៅបុកនិងម៉ូតូ០១គ្រឿងធុនហុងដាឌ្រីម១២៥ពណ៌ខ្មៅសេរី២០១១ពាក់ស្លាកលេខ បាត់ដំបង1j-4524 (ខ្ទេចមួយកំណាត់មុខ) បណ្តាលឲ្យកិនចំក្បាលស្លាប់ម្នាក់។ ក្រោយកើតហេតុរថយន្តបង្កខាងលើបានបើកគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៥ទៅភ្នំពេញ។
សមត្ថកិច្ចបានដាក់ការស៊ើបអង្កេត និងស្រាវជ្រាវដើម្បីចាប់ខ្លួនជនបង្កមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ រីឯសពត្រូវបានអាណាព្យាបាលទទួលយកទៅធ្វើបុណ្យតាមប្រពៃណីហើយម៉ូតូរងគ្រោះនគរបាល
ចរាចរណ៍ខេត្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលពេលក្រោយ៕



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍