បាល់ទាត់ ៖អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Luis Suarez បានឈ្នះពានរង្វាន់ស្បែកជើងមាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោយពីស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងតំបន់អឺរ៉ុបកាលពីរដូវកាលមុនឲ្យក្រុមអ្នកមានបុណ្យ Barcelona។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ បានផ្ទេរចេញពីក្រុមហង្សក្រហម Liverpool ផ្លាស់មកកាន់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងអំឡុងឆ្នាំ២០១៤ បានស៊ុតបញ្ចូលទីចំនួន ៤០ គ្រាប់ក្នុងក្របខ័ណ្ឌ La Liga រដូវកាលមុន ខណៈដែលក្រុមរបស់លោក Luis Enrique ផ្តួល Real Madrid លើកពានលីកកំពូលអេស្ប៉ាញនេះ។
ក្រោយពីទទួលពានរង្វាន់ស្បែកជើងមាស នៅទីក្រុង Barcelona រូចនោះ Suarez បាននិយាយថា ខ្ញុំមិនដែលស្រមៃថានឹងក្លាយជាសមាជិកលេចធ្លោបំផុតនៃខ្សែប្រយុទ្ធដ៏កំពូលម្នាក់នោះឡើយ។ “ខ្ញុំមិនបានស្រមៃឃើញខ្លួនឯងក្លាយជាអ្នកស៊ុតចូលទីដ៏កំពូលនោះទេ។ ខ្ញុំគ្រាន់តែគិតអំពីការក្លាយជាជើងឯក និងឈ្នះ Champions League តែប៉ុណ្ណោះ”៕
រាជធានីភ្នំពេញ ៖អគ្គស្នងការរងនគរបាលជាតិលោក ទូច ណារ៉ុថ បានថ្លែងថា កម្ពុជានឹងប្រើប្រាស់កម្លាំងនគរបាលចំនួន៩៧៤២នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។
យ៉ាងណាក៏ដោយ កម្លាំងជិតមួយម៉ឺននាក់ ខាងលើនេះមិនទាន់គិតដល់កម្លាំងផ្សេងៗ ទៀតដែលត្រៀមរៀបចំថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក នៅឡើយទេ ៕
ខេត្តក្រចេះ ៖បុរសម្នាក់ត្រូវបាននគរបាលស្រុកស្នួលសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះឃាត់ខ្លួនពាក់ព័ន្ធករណីធ្វើចរាចរប្រាក់ដុល្លារក្លែងក្លាយចំនួន២១៥ដុល្លារ និងម៉ូតូ១គ្រឿង។ ការឃាត់ខ្លួននេះធ្វើឡើងក្រោមបញ្ជាលោកឧត្ដមសេនីយ៍ត្រី លន់ សុផាត ស្នងការខេត្តកាលពីវេលាម៉ោង១១ និង០០ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
លោក ចាន់ សុខគីម អធិការស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះផល ចន្ថា ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ក សំណាង ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិឃ្សឹមគ្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បុខរបរលក់ឥវ៉ាន់។
លោកអធិការបន្តថា ជនសង្ស័យបានយកលុយដុល្លារក្លែងក្លាយទាំងនេះទៅទិញឥវ៉ានពីជនរងគ្រោះ តែជនរងគ្រោះមិនដឹងថា លុយនោះក្លែងក្លាយ ដែរពេលយកលុយនោះទៅចាយនៅទីផ្សារទើបដឹងថា លុយនោះក្លែងក្លាយហើយជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅអធិការស្រុកស្នួល។
លោកអធិការបន្តទៀតថា ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះកម្លាំង លោកចេញប្រតិបត្តិការឈានដល់ ការឃាត់ខ្លួនសង្ស័យ នៅចំណុចចភូមិ ឃុំខាងលើហើយជនសង្ស័យ ក្រោយពីឃាត់ខ្លួនជនសង្ស័យកម្លាំងនគរបាលដក់ហូតបានលុយដុល្លាក្លែងក្លាយចំនួន២១៥ដុល្លានិងម៉ូតូ១គ្រឿងហើយជនសង្ស័យ និង វត្ថុតាងត្រូវបញ្ជូនទៅកាន់ការិយាលយ័ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅព្រឹកនេះហើយ៕
បាកដាដ ៖ការប្រយុទ្ធវាយរំដោះយកទីក្រុង Mosul ចេញពីកណ្តាប់ពួកក្រុម ISIS បានធ្វើឲ្យប្រជាជនអ៊ីរ៉ាក់ប្រមាណ៥,៦៤០នាក់ត្រូវរត់ភៀសខ្លួនចេញពីលំនៅឋានក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ នេះយោងតាមរបាយការណ៍អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM)។
ដោយឡែកតាមទីភ្នាក់ងារជនភៀសខ្លួន UNHCR របស់អង្គការសហប្រជាជាតិបានឲ្យដឹងដែរថា ប្រជាជនអ៊ីរ៉ាក់ជាច្រើននាក់ ក៏បានជម្លៀសខ្លួនពីភាគខាងលិច ទៅកាន់ភាគខាងកើតនៃទីក្រុង Mosul ផងដែរបន្ទាប់ពីមានការវាយប្រហារ តាមផ្លូវអាកាស និងការបាញ់គ្រាប់ផ្លោងមកលើតំបន់ភាគខាងលិចនៃទីក្រុងយ៉ាងធ្ងន់ធ្ងរ៕(ប្រភពសារព័ត៌មាន Reuters )
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ «Orient Spring» ប្រមាណជិត៣០០នាក់បាននាំធ្វើកូដកម្មនៅមុខរោងចក្រទាមទារឲ្យថៅកែរោងចក្រ ដោះស្រាយបញ្ហាចំនួន២ចំណុច រួមមាន ការប្តូរកិច្ចសន្យា និងបញ្ឈប់កម្មករគ្មានមូលហេតុ ដែលនៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។
គួរបញ្ជាក់ថា កូដកម្មនេះ ដឹកនាំដោយសហព័ន្ធសហជីព សេរីភាពកម្មករខ្មែរ ធ្វើឡើង នៅមុខរោងចក្រកាត់ដេរសំលៀកបំពាក់ «Orient Spring» ស្ថិតនៅផ្លូវវេងស្រេង ក្រុម៣ ភូមិដំណាក់ធំ ៣សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
រាជធានីភ្នំពេញ ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន ៦,០៦១,០៩៦នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប៕
ហ្វីលីពីន ៖ស្នងការប៉ូលិសប្រចាំទីក្រុងម៉ានីលលោក Oscar Albayalde បានប្រាប់សារព័ត៌មាន AFP ថា មន្ត្រីប៉ូលិសជាន់ខ្ពស់ចំនួន០៩រូប និងប៉ូលិសជាន់ទាបចំនួន៤០នាក់ត្រូវបានព្យួរការងារជាបណ្តោះអាសន្ន ប៉ុន្តែនៅតែទទួលបានប្រាក់បៀវត្សរ៍ ជាធម្មតាដដែល ខណៈការស៊ើបអង្កេតទៅ លើហេតុការណ៍ បើកបំបុក និងកិនក្រុមបាតុករនេះ កំពុងតែប្រព្រឹត្តទៅ។
ដោយឡែកអគ្គស្នងការនគរបាលជាតិហ្វីលីពីនលោក Ronald Dela Rosa បានថ្លែងឲ្យដឹងថា លោកខកចិត្តនិងខឹងសម្បាជាខ្លាំង ចំពោះអ្វីដែលបានកើតឡើងដោយហេតុថា បើយោងទៅតាមគោលការណ៍របស់សមត្ថកិច្ច កងកម្លាំងប៉ូលិស ត្រូវបានណែនាំយ៉ាងតឹងរ៉ឹងបំផុតឲ្យធ្វើយ៉ាងណាប្រើប្រាស់ការ អត់ធ្មត់ជាអតិបរមា នៅក្នងការប្រមូលផ្តុំជាសាធារណៈបែបនេះ។
គួរបញ្ជាក់ថា ក្រុមប្រមាណ១,០០០នាក់កាលពីថ្ងៃពុធបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិកប្រចាំនៅហ្វីលីពីនតវ៉ាប្រឆាំងនឹងវត្តមានកងទ័ពអាមេរិក នៅលើទឹកដីហ្វីលីពីន ហើយក៏មានការប៉ះទង្គិចគ្នា ប៉ូលិសបើករថយន្តបំបុកចូលក្នុងហ្វូងបាតុករ និងកិនមនុស្សចំនួនបីនាក់ ប៉ុន្តែមិនបានបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតនោះឡើយ៕
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ គណៈរដ្ឋមន្ត្រីបានកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ដោយពិភាក្សា និងអនុម័តទៅលើរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន៖
១៖ សេចក្ដីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។
៣៖ សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥។ និងបញ្ហាផ្សេងៗមួយចំនួនទៀត៕
ខេត្តសៀមរាប ៖កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនៃខេត្តសៀបរាម ធ្វើការឃាត់គ្រូសាសនាយេស៊ូគ្រិស្តជនជាតិកូរ៉េម្នាក់ ក្រោយធ្វើសកម្មភាពរួមភេទជាមួយក្មេងស្រីខ្មែរបានសម្រេចរហូតដល់ទៅ៨នាក់។ ហេតុការណ៍ឃាត់ខ្លួននោះធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវិហារយេស៊ូគ្រិស្តមួយ ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យមានឈ្មោះ PARK YOUL អាយុ៦២ឆ្នាំ ស្នាក់នៅវិហារយេស៊ូគ្រិស្តខាងលើ ហើយជនសង្ស័យរូបនេះបានលួងលោមរួមភេទជាមួយក្មេងៗបានរហូតដល់៨នាក់ ជាថ្នូរនឹងការឲ្យប្រាក់បន្តិចបន្តួចចាយ។ សកម្មភាពរួមភេទនោះធ្វើឡើង ចាប់តាំងពីឆ្នាំ២០១១ ដោយក្មេងស្រីរងគ្រោះទាំងនោះមានអាយុចន្លោះពី១៣ឆ្នាំ ដល់២១ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
រាជធានីភ្នំពេញ ៖យុវជន២នាក់ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូដេញតាមប្លន់ពីក្រោយ ស្រាប់តែភ័យពេកបានដួលម៉ូតូ ក៏ត្រូវជនល្មើសជិះយកទៅបាត់។ ហេតុការណ៍នេះកើតឡើងនាម៉ោង១ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះម្នាក់ឈ្មោះ យូហាន ស្នាក់នៅខណ្ឌព្រែកព្នៅ បានប្រាប់ថា មុនកើតហេតុ គឺរូបគេ និងមិត្តភក្តិម្នាក់ទៀត មកពីផឹកស៊ី ដោយជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ មិនចាំស្លាកលេខ ដែលត្រូវក្រុមចោរដេញប្លន់ យកទៅបាត់នោះ មកពីម្តុំទួលសង្កែ។
ជនរងគ្រោះបានបន្តទៀតថា ស្រាប់តែខ្លួន និងមិត្តភក្តិកំពុងតែជិះលើផ្លូវលេខ៥៩៨ ក្នុងគោលបំណងទៅផ្ទះ នៅឯព្រែកព្នៅនោះ ក៏មានជនល្មើសមួយក្រុមជិះម៉ូតូ ពីរគ្រឿងម៉ាក Dream125 តាមពីក្រោយឃើញដូចនោះ ជនរងគ្រោះទាំងពីរភ័យពេក ខំប្រឹងជិះម៉ូតូរត់តែជិះមកជិត ដល់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានដួលម៉ូតូក៏ធ្វើឲ្យក្រុមចោរដេញប្លន់ ទាំងនោះបានមកទាន់ ហើយក៏ដេញវាយជនរងគ្រោះទាំងពីរ រត់ចែកជើងគ្នាធ្វើឲ្យក្រុមប្លន់លើកយកម៉ូតូជនរងគ្រោះជិះចេញ ទៅបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុជនរងគ្រោះទាំងពីរ បានត្រឹមតែទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទួលសង្កែ ទាំងសោកស្តាយម៉ូតូ ដែលក្រុមចោរប្លន់យកទៅ៕
រាជធានីភ្នំពេញ ៖មេធាវីការពារក្តីរបស់ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សម្រេចដាក់ពាក្យបណ្តឹងទៅកាន់សាលាឧទ្ធរណ៍ នៅថ្ងៃទី២០ ខែតុលានេះ ដើម្បីជំទាស់ទៅនឹងសាលក្រមរបស់តុលាការក្រុងភ្នំពេញដែលកាត់ទោសឱ្យ លោក អ៊ុំ សំអាន ជាប់ពន្ធនាគារ២ឆ្នាំកន្លះ និងពិន័យប្រាក់៤លានរៀល ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង នៅក្នុងសង្គម៕
វ៉ាស៊ីនតោន ៖លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីអាមេរិក បានចោទលោក ដូណាល់ ត្រាំ ថាជា អាយ៉ង របស់លោក ពូទីន ហើយជាបេក្ខភាពប្រធានាធិបតី ដែលមានភាពគ្រោះថ្នាក់បំផុត នៅក្នុងសម័យកាលនេះ ។
ការថ្លែងរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ធ្វើឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រើពាក្យសម្តីរបស់គូប្រជែងរបស់លោកស្រី គ្លីនតុន គឺលោក Bernie Sanders និងប្រធានរៀបចំយុទ្ធនាការឃោសានាបោះឆ្នោត លោក John Podesta មកវាយប្រហារលើលោកស្រី លោកស្រីយល់ស្របតាមពាក្យដែលថា លោក ដូណាល់ ត្រាំ គឺជាបុគ្គលដ៏គ្រោះថ្នាក់បំផុត សម្រាប់តំណែងជាប្រធានាធិបតីអាមេរិក នៅក្នុងសម័យកាលថ្មីនេះ ។
ជាមួយគ្នានេះដែរ លោកស្រី ហ៊ីលឡារី គ្លីនតុន ក៏បានព្រមានដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានបំណងចង់ឲ្យលោក ត្រាំ ធ្វើជាប្រធានាធិបតី ដើម្បីនឹងក្លាយជា «អាយ៉ង» របស់ប្រទេសរុស្ស៊ី ព្រោះថានៅពេលដែលលោកស្រី ទាមទារឲ្យលោក ដូណាល់ ត្រាំ ថ្កោលទោស ចំពោះប្រទេសរុស្ស៊ី ដែលបានវាយលុកតាមប្រព័ន្ធអ៊ីនធឺណែត មកលើគណបក្ស និងយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់លោកស្រី នោះ លោក ត្រាំ បានបដិសេធថាគ្មានករណីដូចនេះ បានកើតមានឡើងនោះឡើយ៕
រាជធានីភ្នំពេញ ៖ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានធ្វើរឿងភ្ញាក់ផ្អើលមួយទៀតហើយ ដោយលោកបានប្រកាសនៅពេលថ្មីៗ នេះថា លោកនឹងវិលចូលមកប្រទេសវិញ ដើម្បីជាថ្នូរនឹងការដោះលែងសកម្មជនរបស់ខ្លួន។
តាមរយៈវីដេអូឃ្លីប ដែលមានរយៈពេលជិត៤នាទី ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនលោក សម រង្ស៊ី បាននិយាយថា” ខ្ញុំសុំប្រកាសតាមរយៈការសន្ទនានេះថា ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខ។ ខ្ញុំ សម រង្ស៊ី នឹងវិលមកប្រទេសកម្ពុជាភ្លាម ភ្លាមនោះគឺគ្រាន់តែមានពេលរៀបចំខ្លួន ទិញសំបុត្រយន្តហោះ ធ្វើដំណើរមួយថ្ងៃពីរថ្ងៃ ២-៣ថ្ងៃ ខ្ញុំមកដល់ប្រទេសកម្ពុជាវិញ តែសុំតែមួយ ខ្ញុំមកយកខ្ញុំទៅធ្វើអីធ្វើទៅ ចង់ចាប់ដាក់គុក យកទៅសម្លាប់ក៏បាន ប៉ុន្តែសុំឲ្យមានការដោះលែងអ្នកស្នេហាជាតិ ដោះលែងអ្នកទោសនយោបាយ ដោះលែងអ្នកទោសមនសិការ ក្នុងនោះគឺមានថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ មានតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ មានសមាជិកព្រឹទ្ធសភា គណបក្សសង្គ្រោះជាតិ មានសកម្មជន គណបក្សសង្គ្រោះជាតិ មានអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ខ្ញុំសុំឲ្យដោះលែង “។
លោក សម រង្ស៊ី ថែមទាំងបញ្ជាក់ទៀតថា ” ដោះលែង អ្នកទាំងអស់នោះពេលណា ដោះលែងអ្នកទាំងអស់នោះ ហើយសុំបន្ថែមអ្នកជាប់គុកផ្សេង មួយចំនួនទៀត មិនមែនជាគណបក្សសង្គ្រោះជាតិទេ ជាសមាជិកសង្គមស៊ីវិល ជាសមាជិកអង្គការក្រៅរដ្ឋាភិបាល ជាសមាជិកអង្គការផ្សេងៗ ដែលគេខំទៅជួយប្រជាពលរដ្ឋ ដោយភាពអព្យាក្រឹត្យ គេអត់មានគាំទ្រគណបក្សណាទេ គេខំទៅជួយជនរងគ្រោះ ចាប់គេដាក់គុកដែរ ដូច្នេះសុំឲ្យដោះលែងទាំងអស់ អ្នកដែលគ្រាន់តែជួយប្រជារាស្ត្រ ជួយគណបក្សង្គ្រោះជាតិ អ្នកស្នេហាជាតិ ក្នុងជួរគណបក្សសង្គ្រោះជាតិ រាប់ទៅ២០ជិត៣០នាក់ ដោះលែង២០ជិត៣០នាក់ហ្នឹងទៅ ពេលបានការដោះលែងទន្ទឹមគ្នា ឲ្យមានការធានារថា ដោះលែងអ្នកទោស២០-៣០ហ្នឹងទៅ គឺខ្ញុំសម រង្ស៊ី ទៅដល់ប្រទេសកម្ពុជាភ្លាមមួយរំពេច”។
យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយបានហៅការប្រកាសរបស់លោក សម រង្ស៊ី ថា កំពុងតែបោកប្រាស់សាធារណមតិ ហើយអាចចាត់ទុកជាសំដីមិនបានការសម្រាប់អ្នកនយោបាយកំសាកមួយនេះ៕
រាជធានីភ្នំពេញ ៖តុលាការកំពូលគ្រោងនឹងបើកសវនាការសំណុំរឿងលោក កឹម សុខា ដែលជាប់ចោទពីបទ បដិសេធក្នុងការចូលខ្លួន នាថ្ងៃទី២៨ ខែតុលាខាងមុខនេះ។
ទាក់ទងសំណុំរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ នាពេលកន្លងទៅបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគារ ៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ បដិសេធក្នុងការចូលខ្លួន ក្នុងការចូលបំភ្លឺតុលាការ ក្នុងនាមសាក្សីករណីសញ្ចារកម្មដែលមាននាងខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍