រាជធានីភ្នំពេញ៖ទោះបីជាផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ កំពុងតែបំផុសឲ្យមានភាពជ្រួលច្របល់ និងបំផ្ទុះកំហឹងដល់អ្នកគាំទ្រ ទាក់ទងការប្រឈមមុខនឹងតុលាការរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រហូតមានការអះអាងថា តុលាការនឹងចាប់ខ្លួនលោក កឹម សុខា នៅថ្ងៃទី០៩ ខែកញ្ញានេះ ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានចេញមុខមកអះអាងថា សំណុំរឿងលោក កឹម សុខា មិនទាន់ឈានដល់ការចាប់ខ្លួននោះទេ ។
ផ្តល់បទសម្ភាស៍ជាមួយអ្នកសារព័ត៌មាន នាពេលថ្មីៗ នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា នឹងគ្មានការចាប់ខ្លួនលោក កឹម សុខា ដូចការព្រួយបារម្ភរបស់មនុស្សមួយចំនួននោះឡើយ បើទោះបីសាលក្រមនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ សម្រេចផ្តន្ទាទោសរូបលោកក៏ដោយចុះ ។
លោក គឹម សន្តិភាព បានថ្លែងអះអាងថា តាមអ្វីដែលយើងបានដឹងនោះ នៅពេលនេះ លោក កឹម សុខា ស្ថិតក្នុងឋានៈជាជនជាប់ចោទ ក្នងបទចោទ «បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះអាចផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី១សែនរៀលទៅ១លានរៀល»។ ហេតុនេះនៅពេលជំនុំជម្រះ ជាគោលការណ៍តុលាការមិនអាចសម្រេចផ្តន្ទាទោសលើសពីកម្រិតទោស ដែលបានកំណត់ក្នុងច្បាប់នោះឡើយ។ ចឹងករណីនេះជនជាប់ចោទអាចត្រូវបានតុលាការសម្រេចផ្តន្ទាទោសក្នុងចន្លោះពី១ខែ ទៅ ៦ខែតែប៉ុណ្ណោះ ។
លោក គឹម សន្តិភាព បានបញ្ជាក់ថា បើតុលាការសម្រេចផ្តន្ទាទោសរយៈពេលក្រោម ១ឆ្នាំបែបនេះ យោងតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ តុលាការមិនអាចចេញនូវសេចក្តីសម្រេចពិសេសណាមួយទាក់ទងនឹងការឃុំខ្លួន ឬបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទបានទេ ទោះមានវត្តមានជនជាប់ចោទ ឬ មិនមានវត្តមានជនជាប់ចោទក្នុងពេលសវនាការនោះក៏ដោយ ។ លោកបន្តថា ប្រសិនបើតុលាការចេញប្រកាសសាលក្រមនៅថ្ងៃ៩ ខាងមុខ សម្រេចអំពីការផ្តន្ទាទោសលើជនជាប់ចោទក៏ដោយ ក៏សាលក្រមនេះពុំទាន់ចូលជាស្ថាពរនៅឡើយ ដែលមិនអាចអនុវត្តភ្លាមបាននោះទេ គឺលុះណាតែសាលក្រមចូលជាស្ថាពរ ទើបតុលាការអាចអនុវត្តសេចក្តីសម្រេច ដែលបានកំណត់តាមសាលក្រមស្ថាពរនេះ ។
លោក គឹម សន្តិភាព បានលើកយកមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បញ្ជាក់ថា ក្នុងករណីមានវត្តមានជនជាប់ចោទក្នុងពេលសវនាការសាលក្រមនោះ ជាសាលក្រមចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ទរណ៍ គិតពីថ្ងៃប្រកាសសាលក្រម ។ ប៉ុន្តែបើក្នុងករណីពុំមានវត្តមានជនជាប់ចោទក្នុងពេលសវនាការ តែជនជាប់ចោទទទួលបានការជូនដំណឹងត្រឹមត្រូវតាមច្បាប់ សាលក្រមនោះ ជាសាលក្រមចាត់ទុកចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ទរណ៍ គិតពីពេលទទួលដំណឹងអំពីសាលក្រម ។
ទាក់ទងករណីលោក កឹម សុខា នេះ មន្ត្រីគណបក្សសង្គ្រោះជាតិ ប៉ុន្មានថ្ងៃនេះ បានរៀបចំជើងព្រួយយ៉ាងរឹងមាំ ដើម្បីការពារលោក កឹម សុខា ព្រោះតែខ្លាចតុលាការចេញដីកាចាប់ខ្លួនលោក កឹម សុខា ។ ទន្ទឹមនោះនៅទីស្នាក់ការ CNRP គេឃើញមានអ្នកគាំទ្របានមកជាបន្តបន្ទាប់តាមការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិ៕

ខេត្តត្បូងឃ្មុំ៖បងប្អូនបង្កើតប្រុសស្រី២នាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់អាយុ ១០ឆ្នាំ បានលង់ទឹកស្លាប់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ខណៈពួកគេនាំគ្នាទៅលេងទឹកក្នុងរណ្ដៅ គ្រាដែលឪពុកម្ដាយ មិននៅផ្ទះ។ ករណីនេះកើតឡើងត្រង់ចំណុចរណ្ដៅជីកយកដី របស់ឈ្មោះ នង នឿន ស្ថិតក្នុងភូមិថ្មពេជ្រទី៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
កុមាររងគ្រោះទាំងពីនាក់បងប្អូន ទី១. ឈ្មោះ ហឿន សុខខួច ភេទស្រី អាយុ ១០ឆ្នាំ និងទី២ ហឿន កុយ ភេទប្រុស អាយុ៨ឆ្នាំ មានឪពុកឈ្មោះ ចន ហឿន អាយុ ៤៧ឆ្នាំ (បច្ចុប្បន្នរកស៊ីនៅប្រទេសថៃ) និងម្តាយឈ្មោះ ឆុន សំបូរ អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ កើតហេតុខាងលើ៕

លោកឧត្តមសេនីយ៍ទោ សុទ្ធ សារឿន នាយករងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោកវរសេនីយ៍ឯក រឿន សេរី នាយលេខាធិការដ្ឌានមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គមេបញ្ជាការនៃខេមរភូមិន្ទរងការចោទប្រកាន់ពីមន្ត្រីថ្នាក់ក្រោមថា បានយកថវិកា៤៥០០០ដុល្លារអាមេរិកដែលជាជំនួយសេនានុព័ន្ធវៀតណាម សំរាប់កសាងបណ្ណាល័យនៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រស្រាវជ្រាវយោធាទៅចាយវាយខុសគោលការណ៍។
យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា លើកទី១នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៦ ដោយលោក
ឧត្តមសេនីយ៍ទោ សុទ្ធ សារឿន នាយករងមជ្ឈមណ្ធលស្រាវជ្រាវយុទ្ធសាស្ត្រយោធា និងលោក វរសេនីយ៍ឯករឿន សេរី បានដកយកថវិកាចំនួន
៨០០០ដុល្លារអាមេរិកតាមបញ្ជារបស់លោកឧត្តមសេនីយឯក ចាន់ សុខុម អតីតនាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា។ លើកទី២នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោសុទ្ធ សារឿន និងលោកវរសេនីយ៍ឯក រឿន សេរី បានដកយកថវិកា១០០០០ដុល្លារអាមេរិកបន្ថែមទៀត។ ចំណែកប្រាក់នៅសល់២៧០០០ដុល្លារពុំដឹងលោកទាំង២នាក់យកទៅចំណាយលើអ្វី ឬក៏យកទៅចែកគ្នាចាយផ្ទាល់ខ្លួននោះទេ។
ពាក់ព័ន្ធការចោទប្រកាន់នេះផងដែរអ្នកយកព័ត៌មានយើងបានព្យាយាមទំនាក់ទំនងដើម្បីអោយលោកឧត្តមសេនីយ៍សុទ្ធ សារឿន និងលោកវរសេនីយ៍ឯក រឿន សេរី ផ្តល់ព័ត៌ដែរ តែមិនអាចទាល់ទងបានព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល៕

ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជូនជនសង្ស័យម្នាក់ និងថ្នាំញៀនម៉ាទឹកកក២ថង់ទៅតុលាការនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ចនករបាលជំនាញបានឃាត់ខ្លួនបានកាលពីវេលាម៉ោង២០ និង៣០នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិក្រុមទី៦ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកន្លងទៅ។
លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហុងសម្បត្តិ ហៅបាត់ ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិ.សង្កាត់ទួលតាឯកក្រុងបាត់ដំបង និងរឹបអូសបានម៉ាទឹកកក២ថង់តូច មានទម្ងន់ស្មើនិង១៣.៨៦ក្រាម និងសម្ភារៈមួយចំនួនទៀត។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពរួចមក កម្លាំងការិយាល័យជំនាញខេត្តបានកសាងសំណុំរឿងបន្ថែមបញ្ជូនខ្លួន និងវត្ថតាងទៅតុលាការខេត្តនៅរសៀលថ្ងៃទី៧ខែកញ្ញានេះដើម្បីចាត់ការតាមច្បាប់៕


ភ្នំពេញ៖ពិតជាគួរអោយអាណិតអាសូរណាស់ម្តាយឪពុកបានត្រឹមឈរស្រក់ទឹកភ្នែកជ្រកថ្ពល់យំឱបកូនប្រុសក្រោយ ពេលដែលលង់ទឹកស្រះស្លាប់ផុតដង្ហើមក្នុងមួយប៉ព្រិចភ្នែក។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង១០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងដីស្រែខាងមុខវត្តគោកខ្សាច់ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានបានអោយដឹងថាសពក្មេងប្រុសដែលលង់ទឹកស្លាប់នោះមានឈ្មោះ ឈន សំណាង អាយុ 13ឆ្នាំ កំពុងនៅសិក្សា មានឪពុកឈ្មោះ ឈន ទូច អាយុ42ឆ្នាំ មុខរបរបើកឡាន ម្តាយឈ្មោះ ណុប ស្រីនាងអាយុ43ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិ គោកខ្សាច់ សង្កាត់ភកលើងឆេះរទះជាមួយគ្នា។
ប្រភពដដែលបានអោយដឹងទៀតថាមុនពេលកើតហេតុសពក្មេងប្រុសដែលស្លាប់នៅះបានទៅមុជទឹកស្រះជាមួយបងប្អូនជីដូនមួយដែលមានគ្នា3នាក់ចុះទៅលេងទឹកទាំងអស់គ្នា ពេលដែលកំពុងលេងមិនដឹងជាមូលហេតុអ្វីទើបធ្វើឱ្យក្មេងប្រុសរងគ្រោះលង់ ទើបបងប្អូនជីដូនដែលលេងជាមួយគ្នានោះបានស្រែកហៅអ្នកភូមិមកស្រង់ដើម្បីជួយសង្គ្រោះតែអ្វីដែលសង្ឃឹមបានហួសពេលអស់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានទៅដល់កន្លែងនិងពិនិត្យមើលសាកសពថាពិតជាបានលង់ទឹកស្លាប់មែន ហើយក៏ប្រគល់សពទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕




ដោយ៖ប៉ែនសុផល
បាត់ដំបង៖បុរសវ័យ៤២ឆ្នាំម្នាក់ដោយតូចចិត្តមានជំងឺប្រចាំកាយបានសម្រេចចិត្តផឹកថ្នាំបាញ់សៅ
សម្លាប់ខ្លួនដែលករណីផឹកថ្នាំសម្លាប់ខ្លួននេះនៅវេលាម៉ោង២ និង៣៥ នាទីទៀបភ្លឺ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៦ នៅភូមិដំណាក់អំពិលឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។
លោកអធិការស្រុកភ្នំព្រឹកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឿន យេត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានយកថ្នាំបាញ់សម្លាប់ស្មៅមកផឹក ហើយបានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ លោកអធិការបញ្ជាក់ថា ព្រោះមានជំងឺប្រចាំកាយពិបាកក្នុងការរស់នៅប្រចាំថ្ងៃទើបសម្រេចចិត្តធ្វើអត្តឃាត់ដោយខ្លួនឯង។
បន្ទាប់ពីហេតុការណ៍បានកើតឡើងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យនិងធ្វើកោសលវិច្ច័យសម្រេចថាសាកសពខាងលើប្រាកដជាស្លាប់ដោយផឹកថ្នាំបាញ់ស្មៅពិតមែន។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យទៅសាច់ញ្ញាតិដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕



រាជធានីភ្នំពេញ៖ទោះបីជាករណីបំផ្ទុះគ្រាប់បែកមួយគ្រាប់ កាលពីយប់មិញ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ហើយមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាឬចាប់ជនល្មើសបាន ប៉ុន្តែសាធារណមតិភាគច្រើនលើកឡើងថា ការបំផ្ទុះគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិកនោះ គឺជាគម្រោងការណ៍នៃការធ្វើឲ្យកើតមានចលាចលឬបំភិតបំភ័យមុនពេលសវនាការលើសំណុំរឿងលោក កឹម សុខា នឹងមកដល់នៅថ្ងៃទី០៩ ខែកញ្ញានេះ ។
ភ្លាមៗ នោះ នៅព្រឹកថ្ងៃពុធនេះ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបានប្រញ៉ាប់ប្រញ៉ាល់ ថ្លែងអះអាងជាសាធារណៈថា ភាគី CNRP បើទ្វារចំហររងចាំការចរចាជាមួយបក្សកាន់អំណាច ( CPP ) ទោះបីជាបក្សកាន់អំណាចមិនទាន់បង្ហាញតម្រុយណាមួយក៏ដោយ ដើម្បីដោះស្រាយនយោបាយនៅកម្ពុជា ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ ។
ការថ្លែងរបស់មន្ត្រី CNRP ហាក់វាជួនគ្នាពេកទៅនឹងការបំផ្ទុះគ្រាប់បែកមួយគ្រាប់កណ្តាលក្រុងភ្នំពេញ ខណដែលសាធារណមតិគិតទៅដល់នយោបាយវ៉ៃគំរាមមុនចរចាក្រោយ ទើបមានប្រសិទ្ធិភាព ដែលភាគីជម្លោះនៅកម្ពុជា តែងតែប្រើកន្លងទៅ ។
យ៉ាងណាក៏ដោយ គេមិនអាចសន្និដ្ឋានថា អ្នកណានៅពីក្រោយករណីបំផ្ទុះគ្រាប់បែកនៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងតែដុតដៃដុតជើង ដើម្បីស្វែងរកភស្តុតាង និងឈានទៅកំណត់មុខសញ្ញា និងចាប់ខ្លួនជនដៃដល់ ។ ប៉ុន្តែសមត្ថកិច្ចបានបញ្ជាក់មុនហើយថា គ្រាប់បែកដែលគេបំផ្ទុះនោះគឺផលិតនៅសហរដ្ឋអាមេរិក ។ ចំណែកសាធារណមតិលើកឡើងថា ការបំផ្ទុះគ្រាប់បែកនោះគឺ នៅមុនពេលដែលតុលាការ នឹងបើកសវនការកាត់ទោសលោក កឹម សុខា នៅថ្ងៃទី០៩កញ្ញានេះ ព្រមទាំងជាមួយការប្រកាសរបស់ CNRP ឲ្យអ្នកគាំទ្រូចូលមកភ្នំពេញ ឲ្យបានច្រើន ដើម្បីជួយលោក កឹម សុខា ផងដែរ ៕

រាជធានីភ្នំពេញ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៩៩៧,៤៣៣នាក់ ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕

មូស្គូ៖យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះឲ្យដឹងថា អ្នកបើកឡាន ជំនាញ៤០ឆ្នាំ និងជាមនុស្សជំនិតរបស់លោកប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅតាមដងមហាវិថី នៃទីក្រុងម៉ូស្គូ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។
គ្រោះថ្នាក់នេះកើតឡើងអំឡុងពេលធ្វើដំណើរតាមក្បួនរថយន្តរបស់មន្ត្រីរុស្ស៊ី នៅទីក្រុងមូស្គូ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែកញ្ញា គ្រាដែលរថយន្តលោក ពូទីន នៅពីមុខ គ្រាដែលរថយន្តដ៏ប្រណីតម៉ាក BMW កំពុងចល័តយ៉ាងលឿននោះ ស្រាប់តែមានរថយន្ត Mercedes មួយគ្រឿងទៀត ដែលបើកបរបញ្ច្រាសទិសគ្នា បានរេចង្កូតចូលមកកាន់ផ្លូវរបស់ BMW បណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តង។ តាមសេចក្តីរាយការណ៍ គឺលោក ពូទីន មិនបានស្ថិតនៅក្នុង រថយន្តមួយនោះឡើយ។
ប៉ូលិសរុស្ស៊ី បានអះអាងថា ក្រុមជំនាញកំពុងតែធ្វើការស៊ើបអង្កេត ជាបន្តទៀតអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលមិនគួរនឹងកើតមានឡើងនេះ។ ដោយឡែកអ្នកបើកឡាន Mercedes វិញបានទទួលរងរបួស ធ្ងន់ធ្ងរបំផុត និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទីក្រុងមូស្គូ៕

អាមេរិក៖មនុស្ស២១នាក់បានរងរបួសក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរបុករថយន្ដដឹកទំនិញធុនតូចមួយគ្រឿងកាលពីនៅ ថ្ងៃអង្គារនាទីក្រុង Los Angeles រដ្ឋកាលីហ្វរញ៉ា ភាគនិរតីសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Reuters ។
យោងតាមក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ហេតុការណ៍គ្រោះថា្នក់នេះកើតឡើងនៅ ម៉ោងប្រមាណជា ១០ និង៤០នាទីព្រឹក (ម៉ោងនៅទីក្រុង L.A សហរដ្ឋអាមេរិក) នៅឯតំបន់ Sun Valley នៃទីក្រុង Los Angeles។ ប្រភពដដែលបញ្ជាក់ថា ក្នុងរថភ្លើងនោះមានមនុស្សជិះប្រមាណ២០០នាក់។
មនុស្ស២១នាក់ត្រូវបានបញ្ជូន ទៅកាន់មន្ទីពេទ្យនៅក្នុងតំបន់ ខណៈអ្នកបើកបរ រថយន្ដដឹកទំនិញ មិនបានរងរបួសអ្វីនោះទេ។ ទោះជាយ៉ាងណាសមត្ថកិច្ចកំពុងបើកការស៊ើប អង្កេតរកដើមហេតុពិតប្រាកដនៅឡើយ៕

រាជធានីភ្នំពេញ៖ក្រសួងមហាផ្ទៃ បានប្រកាសថ្កោលទោស យ៉ាងដាច់អង្ការ ចំពោះការបំផ្ទុះគ្រាប់បែក នៅផ្លូវ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន កាលពីយប់ថ្ងៃអង្គារ ដោយចាត់ទុកសកម្មភាពនោះដ៏គួរឲ្យស្អប់ខ្ពើម ហើយអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម សហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មាននានា ដើម្បីឈានដល់ការកំណត់ អត្តសញ្ញាណជនល្មើស ដែលទទួលខុសត្រូវក្នុងករណីនេះ៕

រាជធានីភ្នំពេញ៖ករណីបំផ្ទុះគ្រាប់បែកមួយគ្រាប់កណ្តាល រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ៧៖៤០នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាម បណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដែលធ្វើឲ្យមនុស្ស៤នាក់ រួមទាំងជនបរទេសផងរងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្តសេរីទំនើប២គ្រឿង ខូចខាតផ្នែកកញ្ចក់ និងកង់នោះ មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់កំណត់បានមុខសញ្ញានៅឡើយទេ ខណដែលជនដៃដល់ក៏មិនទាន់ចាប់ខ្លួនបាន ។
យ៉ាងណាក៏ដោយ ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមមានកម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ កម្លាំងអាវុធហត្ថ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រមទាំងមានវត្តមាន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងអ្នកកាសែតជាច្រើននាក់ បានសម្រុកទៅយកព័ត៌មានផ្ទាល់ពីករណីនេះផងដែរ។
លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ នៅតែមិនទាន់បង្ហាញពីដំណើររឿងលម្អិតបាននៅឡើយទេ ដោយលោកបញ្ជាក់ថា ដោយសារតែកម្លាំងជំនាញរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីតាមចាប់ជនបង្ក ហើយសម្រាប់សាក្សីដែលឃើញហេតុការណ៍នេះក៏មិនមានផងដែរ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់រួមមាន៖ទី១ឈ្មោះ ចាន់ វន្នី ភេទស្រី ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅ ម្តុំភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទី២ឈ្មោះ ម៉ឹង ហូវ ភេទប្រុស ជនជាតិវៀតណាម អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវបោះដុំ ក្នុងហាង ផ្សារអូឬស្សី ស្នាក់នៅ ម្តុំទួលទំពូង ខណ្ឌចំការមន ដែលពួកគេទាំង២នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ។ ទី៣ឈ្មោះ DHARMENDRA SINGH KSHETRIMAYUM ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ គ្រូបង្រៀន ជនជាតិឥណ្ឌា ស្នាក់នៅផ្ទះលេខ៤៥បេ ផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីររុស្ស៊ី។
ដោយឡែករថយន្តទាំង២គ្រឿងរួមមានទី១ ម៉ាក Lexus RX400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-7352 ដែលរថយន្តនេះ ហើយត្រូវជនដៃដល់បោកគ្រាប់សំដៅនោះ និងទី២ម៉ាក Vigo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-6775 ដែលរថយន្តទាំង២គ្រឿងនេះ រងការខូចខាតបែកកញ្ចក់ និងខូចកង់ ៕

ខេត្តកំពត៖នារីម្នាក់បានដាច់ចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនព្រោះតែមានជំងឺរ៉ាំរ៉ៃមើលមិនជា កាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិកោះត្នោត ឃុំព្រែកក្រឺស ស្រុកកំពង់ត្រាច ខេត្តកំពត ។
មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា នារីរងគ្រោះមាន ឈ្មោះ ត្រាយ សុខ អាយុ២៨ឆ្នាំ (នៅលីវ) មានទីលំនៅកន្លែងកើតហេតុខាងលើ៕

អាហ្វហ្គានីស្ថាន៖ក្រុមមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយពីថ្ងៃអង្គារថា ខ្មាន់កាំភ្លើង៣នាក់ស្លាប់ និងជនស៊ីវិល៦នាក់ទៀតរងរបួស គ្រាដែលក្រុមសកម្មប្រយុទ្ធបានសម្រុកចូលក្នុងអគាររបស់អង្គការផ្ដល់ជំនួយអន្តរជាតិមួយកន្លែង ហើយបានបាញ់ប្រហារគ្នាជាមួយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។
លោក Sediq Sediqqi ជាមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបាននិយាយថា កងកម្លាំងប៉ូលិសពិសេសបានបាញ់សម្លាប់ខ្មាន់កាំភ្លើងទាំង៣នាក់ដែលពាក់ព័ន្ធនឹងការវាយប្រហារកាលពីយប់ថ្ងៃចន្ទនេះនៅក្នុងខណ្ឌសាអេណាវ (Shar E Naw) នៅក្នុងទីក្រុងកាប៊ូលនៃប្រទេសអាហ្វហ្គានីស្ថាន។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដំបូងឡើយក្រុមសកម្មប្រយុទ្ធបានបំផ្ទុះគ្រាប់បែកអត្តឃាតនៅជិតអគាររបស់អង្គការខែរអន្តរជាតិ (Care International) ក្រោយមកក្រុមខ្មាន់កាំភ្លើងបានសម្រុកចូលក្នុងអគារអង្គការនោះដោយធ្វើការវាយប្រហារជាបន្តទៀតជាមួយកងកម្លាំងសន្តិសុខនៅប្រទេសនេះ។
គួរបញ្ជាក់ថា ការវាយប្រហារនេះកើតឡើងក្រោយរយៈពេល១ថ្ងៃបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់នៅជិតក្រសួងការពារជាតិអាហ្វហ្គានីស្ថានដែលបានសម្លាប់មនុស្សយ៉ាងតិច៣៥នាក់ និងមនុស្សជាង១០០នាក់ទៀតរងរបួស៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍