រាជធានីភ្នំពេញ ៖ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងជាសាធារណថា លោកបានតស៊ូប្រឆាំងគ្រោះថ្នាក់ជាច្រើនរាប់មិនអស់ ក្នុងនោះមានទាំងការគំរាមសម្លាប់លោកថែមទៀត។
លោកថ្លែងថា ការតស៊ូលះបង់របស់ខ្ញុំព្រះករុណា ខ្ញុំបាទ ប្រឆាំងនឹងគ្រោះថ្នាក់ ជាច្រើនលើក ច្រើនគ្រាមកហើយ ដោយមានការគម្រាមកំហែង បំផិតបំភ័យចោទប្រកាន់ មូលបង្កាច់ចាប់ដាក់គុក ប៉ុនប៉ងសម្លាប់ផ្ដាច់អាយុជីវិតខ្ញុំ ជាច្រើនដងមកហើយ ក៏ខ្ញុំនៅតែបន្តការតស៊ូ រក្សានូវគោលជំហរ ដោយអហិង្សា ដដែល ដោយសារខ្ញុំយល់ឃើញថា ខ្ញុំអាចគ្រោះថ្នាក់ តែខ្ញុំមិនចង់ឃើញជាតិ និងប្រជាពលរដ្ឋ គ្រោះថ្នាក់ឡើយ។
ការថ្លែងបែបនោះរបស់លោក កឹម សុខា ធ្វើឡើងនៅព្រឹកនេះ អំឡុងពេលដែលតុលាការកំពុងសវនាការកាត់ទោសលោកផងដែរ៕
រាជធានីភ្នំពេញ ៖មុននេះបន្តិចកម្លាំងសមត្ថកិច្ច និងអ្នកគាំទ្រ CNRP បានប៉ះគ្នាមួយប្រ៉ាវនៅមុខសាលាដំបូងរាជធានីភ្នំពេញ ខណដែលបុរសម្នាក់ឈ្មោះ ដារ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅអធិការខណ្ឌផងដែរ។
គួរបញ្ជាក់ថា ការប៉ះពារគ្នានេះដោយសារតែកងកម្លាំងសមត្ថកិច្ច ព្យាយាមរារាំងក្រុមអ្នកគាំទ្រ CNRP ដែលឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ មិនឲ្យមានការលើកបដាតវ៉ា និងការដើរចល័ត ប៉ុន្តែពួកគេមិនព្រម៕
បាល់ទាត់ ៖FIFA ប្រកាសដាក់ពិន័យ ក្លិប Real Madrid និង Atletico Madrid មិនឲ្យទិញដូរកីឡាករដល់ឆ្នាំ២០១៨។
ក្រុមទាំងពីត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើបទប្បញ្ញត្តិរបស់ FIFA ដែលទាក់ទងលើករណីក្លឹបទាំងពីរទិញចូលកីឡាករបរទេសក្រោមអាយុ១៨ឆ្នាំដូចករណីក្លឹប FC Barcelona កាលឆ្នាំ២០១៤ យ៉ាងដូច្នោះដែរ។
ក្រោយ Atletico Madrid និង Real បានប្ដឹងតវ៉ា និងត្រូវបានពន្យារពេលដល់រដូវកាលនេះ ប៉ុន្តែពេលនេះ FIFA បានប្រកាសដាក់ពិន័យជាថ្មីដល់២ឆ្នាំតែម្ដង។
FIFA បានចេញសេចក្ដីថ្លែងការណ៍ថា៖ “គណៈកម្មាធិការបណ្ដឹងឧទ្ធរណ៍របស់ FIFA បានសម្រេចបដិសេធការប្ដឹងតវ៉ារបស់ក្លឹប Atletico Madrid និង Real Madrid ការដោះដូរកីឡាករពីរទីផ្សារដោះដូរខាងមុខគឺ ខែមករា ឆ្នាំ២០១៧ និងរដូវក្ដៅខែកក្កដាឆ្នាំ២០១៧។
ដូច្នេះមានន័យថា Real និង Atletico នឹងមិនអាចទិញកីឡាកររហូតដល់ឆ្នាំខែមករា ឆ្នាំ២០១៨៕
រាជធានីភ្នំពេញ ៖សេចក្តីជូនដំណឹងរបស់ស្ថានទូតបារាំង បានអំពាវនាវកុំឲ្យពលរដ្ឋរបស់ខ្លួនទៅក្បែរកន្លែងប្រមូលផ្តុំចំនួនពីរ គឺម្តុំទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅចាក់អង្រែលើ តាមបណ្តោយផ្លូវជាតិ២ និងសាលាដំបូងរាជធានីភ្នំពេញ ជិតពហុកីឡាដ្ឋានជាតិអូឡាំពិក។
គួរបញ្ជាក់ថា ស្ថានទូតចំនួន២ហើយ ដែលបានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនកុំឲ្យនៅជិតកន្លែងប្រមូលប្តុំរបស់គណបក្សសង្គ្រោះជាតិ ខណដែលមុននេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បានចេញការអំពាវនាវដូចគ្នា៕
សេអ៊ូល ៖សារព័ត៌មានយ៉ុនហាប់នៅមុននេះបន្តិចថា គ្រោះរញ្ជួយដីមួយមានកម្លាំង ៥,៣រ៉ិចទ័រ បានកើតឡើងនៅតំបន់ភុងហ្គេរី នៅម៉ោងប្រមាណជា៩ និង៣០នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅកូរ៉េខាងជើង)ដែលតំបន់កូរ៉េខាងជើងធ្លាប់សាកល្បងអាវុធនុយក្លេអ៊ែរ ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា ការរញ្ជួយដីនេះ គឺអាចបណ្ដាលមកពីកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នៅក្នុងឱកាសនៃថ្ងៃ រំលឹកខួបលើកទី៦៨ នៃការបង្កើតប្រទេស កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ ។
គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០១៦ កន្លងទៅ កូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៤ របស់ខ្លួន រាប់ចាប់តាំងពីការបាញ់សាកល្បង កាលពីឆ្នាំ ២០០៦, ២០០៩ និង ២០១៣៕
រាជធានីភ្នំពេញ ៖លោក កឹម សុខា បានចេញមុខថ្លែងការណ៍នៅមុខទីស្នាក់ការគណបក្ស នៅវេលាម៉ោង៩ព្រឹក ស្របពេលតុលាការបាននឹងកំពុងបើកសវនាការកាត់ក្តីសំណុំរឿងលើរូបលោកនៅពេលនេះដែរ៕
រាជធានីភ្នំពេញ៖គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅព្រឹកនេះ ដោយប្រកាសថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹងចេញមុខធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទៅកាន់ប្រជាពលរដ្ឋខ្មែរ ខណៈដែលការថ្លែងនោះធ្វើឡើងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិតែម្តង៕
រាជធានីភ្នំពេញ ៖គ្រាដែលសាលាដំបូងរាជធានីភ្នំពេញចាប់ផ្តើមបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នាម៉ោងប្រមាណ ៨ និង៣០នាទីព្រឹកថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ត្រូវបានគេដាក់ពង្រាយនៅលើដងផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ។
ដោយឡែកបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារបានឲ្យដឹងថា ក្រៅពីមុខសាលាដំបូងរាជធានីភ្នំពេញ នៅតាមដឹងផ្លូវឆ្ពោះទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ គេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចជាច្រើននាក់ផងដែរ ត្រូវបានដាក់ពង្រាយ។
ទោះបីយ៉ាងណាមន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញបានបញ្ជាក់ថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចនេះគឺ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសការពារកុំឲ្យមានការអុកឡុកណាមួយ ពីក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានប្រមូលផ្តុំនៅជុំវិញបរិវេណសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីឃ្លាំចាំមើលលទ្ធផលនៃសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ប៉ុណ្ណោះ៕
រាជធានីភ្នំពេញ ៖ទោះបីជាបក្សកាន់អំណាច នៅតែធ្វើព្រងើយកន្តើយជាមួយការដង្ហោយរកការចរចារបស់បក្សប្រឆាំងក៏ដោយ ប៉ុន្តែសំឡេងរន្ថើន និងឮកាន់តែខ្លាំងរបស់បក្សប្រឆាំងដែលដង្ហោយសុំឲ្យមានការចរចារកដំណោះស្រាយជាមួយបក្សកាន់អំណាច ហើយរហូតមកដល់ពេលនេះគេដឹងថា សម្លេងដង្ហោយរកការចរចារបស់បក្សប្រឆាំងកាន់តែឮខ្លាំងឡើងៗ គួរឲ្យអាណិតផង និងបារម្ភផង ។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែង នៅព្រឹកថ្ងៃទី៨ កញ្ញានេះ ថា CNRP ចង់ឲ្យមានជំនួបចរចាជាមួយគណបក្សកាន់អំណាច ក្នុងឱកាសណាក៏បានដែរ។ លោកបានអំពាវនាវដល់គណបក្សដែលមានសំឡេង ភាគច្រើន ក្នុងរដ្ឋសភាជួបគ្នាដើម្បីរកដំណោះស្រាយ។ លោកថា ដំណោះស្រាយពិតប្រាកដមិនមែនស្ថិតនៅលើតុលាការទេ គឺស្ថិតនៅលើការជជែកពិភាក្សគ្នា ព្រោះយើងជាខ្មែរដូចជា ហើយអ្វីដែលចង់បានគឺដាក់តុចរចាគ្នា នេះ ជាអ្វីដែលគណបក្សសង្គ្រោះជាតិ ស្វាគមន៍និងរីករាយ»។
លោក អេង ឆៃអ៊ាង អះអាងថា គណបក្សសង្គ្រោះជាតិ មិនចង់បានអ្វីនោះទេ ក្រៅតែពីសុំសិទ្ធិសេរី និងសេចក្តីសុខ ហើយគណបក្សមិនដែលទៅរំខាន និងបង្ករឿងជាមួយអ្នកណាដែរ ។ ប៉ុន្តែប្រសិនបើគ្មានដំណោះស្រាយណាមួយទេ គណបក្ស នឹងប្រើប្រាស់សិទ្ធិតស៊ូតាមរយៈនយោបាយអហិង្សា ដែលគណបក្សបានកំណត់ ដូចជាការតស៊ូមតិ ការជួបជុំគ្នា ក្នុងគោលបំណងចង់ឲ្យមានដំណោះស្រាយប៉ុណ្ណោះ ។
លោក អេង ឆៃអ៊ាង ក៏បានប្រកាសផងដែរ ឲ្យ តុលាការក្រុងភ្នំពេញ ផ្អាកសវនការ លើលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ហើយត្រលប់ពី ការប្រើប្រព័ន្ធតុលាការងាកមក ជជែកចរចាគ្នា ក្នុងនាមជាខ្មែរ និងខ្មែរ និងក្នុងនាម អ្នកនយោបាយ និងអ្នកនយោបាយវិញ ។ ប៉ុន្តែបើតុលាការ នៅតែអនុវត្តតាមនីតិវិធី និងបន្តការបើកសវនការលើ លោក កឹម សុខា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ គណបក្សសង្គ្រោះជាតិ នឹងបន្តសកម្មភាពតស៊ូនយោបាយ តាមយន្តការដែលគណបក្សមាន។
យ៉ាងណាក៏ដោយ សម្លេងដង្ហោយរបស់លោក អេង ឆៃអ៊ាង មិនមែនជាសម្លេងថ្មីនោះទេ សម្រាប់បក្សកាន់អំណាច ។ ប៉ុន្តែគេគ្រាន់តែដឹងថា ការដង្ហោយរកការចរចារបស់បក្សប្រឆាំងនោះវាកាន់តែឮរំពងខ្លាំងទៅៗ ខណៈដែលបក្សកាន់អំណាចកំពុងសម្ងំឈរសើចហាក់មិនមានរឿងអ្វីកើតឡើង ៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖ប្រធានក្រុមបង្ការបង្ក្រាប លោក ឈឿង គឹមសុង បានអោយដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងរបស់លោកបានចុះស្រាវជ្រាវកំណត់មុខសញ្ញាអស់រយៈពេលជិត១៥ថ្ងៃរហូតដល់ម៉ោង៤.៣០នាទីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់ពាក់ពន្ធ័ករណីឆក់កាបូបជាច្រើនលើកលើទីតាំងផ្សេងៗគ្នាក្នុងខេត្តបាត់ដំបង។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនកន្លងមកបានធ្វើសកម្មភាពឆក់កាបូបចំនួន៦លើករួចមកហើយក្នុងខេត្តបាត់ដំបង នៅចំណុចផ្សារឯកភ្នំ ទីប្រជុំជនភូមិព្រែកនរិន្ទ ស្រុកឯកភ្នំចំនួន២លើក មុខវត្តសំពៅក្បែរផ្លូវរថភ្លើង ក្រុងបាត់ដំបង ឆក់នៅចំនុចទីប្រជុំជនភូមិនិងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង និង១កន្លែងទៀតនៅចំណុចជិតសាលាបារាំង ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ឆក់លើជនបរទេសដែលកំពុងជិះ។
ជនសង្ស័យឈ្មោះ ស៊ីម សុភី ហៅប៉ាវ ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ សីុម សុភា ភេទប្រុស អាយុ២២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង។
ជនសង្ស័យបច្ចុប្បន្ននេះសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការអនុវត្តន៍តាមនីតិវិធី៕
សេអ៊ូល ៖កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានឈានដល់កិច្ចព្រមព្រៀងពង្រឹងការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការបាញ់សាកល្បង មីស៊ីលផ្លោង របស់កូរ៉េខាងជើង និងការគ្រោងអភិវឌ្ឍន៍ គ្រាប់នុយក្លេអ៊ែរ។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap ចេញផ្សាយនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី០៨ ខែ កញ្ញានេះថា ការព្រមព្រៀងគ្នានេះ ធ្វើឡើងនៅក្នុងជំនួបតាមរយៈ វីដេអូអនឡាញ រវាងក្រុមមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងបី។
សារព័ត៌មានដដែលបញ្ជាក់ថា ទន្ទឹមនោះមន្ត្រីទាំងបីរូប ក៏បានថ្កោលទោសចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងពី សំណាក់របបដឹកនាំ ទីក្រុងព្យុងយ៉ាង កាលពីពេលថ្មីនេះ ដែលជាការរំលោភ យ៉ាងធ្ងន់ធ្ងរម្ដងហើយម្ដងទៀត លើដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ៕
រាជធានីភ្នំពេញ ៖លោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកតុលាការ ដើម្បីសាកសួរ ខណដែលនៅខាងក្រៅបរិវេណតុលាការក៏មានសកម្មជនបឹងកក់ប្រមាណ២០នាក់ កំពុងប្រមូលផ្ដុំគ្នាដើម្បីទាមទារឲ្យដោះលែងលោកស្រី ទេព វន្នី ផងដែរ ។
គួររំលឹកថា សកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី បន្តជាប់ឃុំក្នុងពន្ធនាគារ ខណៈដៃគូ គឺ អ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីត្រូវឃាត់ខ្លួនអំឡុងពេលយុទ្ធនាការអាវខ្មៅ នាពេលកន្លងទៅ ។
យោងតាមការចោទប្រកាន់របស់តុលាការកន្លងមកនេះ គឺលោកស្រី ទេព វន្នី ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយនៅមានពីរករណីផ្សេងទៀត នៅស្ថាប័នតុលាការ ដូចជាករណីទី១ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីទីពីរ បទល្មើសប្រមាថអ្នករាជការ សាធារណៈ និង បទប្រឆាំងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស៕
ដោយ៖ប៉ែន៖សុផល
បាត់ដំបង ៖អ្នកស្រី ជុំ ងី អាយុជាង៥០ឆ្នាំត្រូវជាម្តាយជនរងគ្រោះបានរៀបរាប់អោយដឹងថា មុនពេលកើតហេតុកូនស្រីរបស់គាត់បានចេញពីផ្ទះហើយប្រាប់ថាទៅហាត់ប្រាណដូចសព្វដង រហូតជាង១ម៉ោងទើបមានការភ្ញាក់ផ្អើលថាកូនរបស់លោកស្រីលោតពីលើស្ពានស្លាកែត ឋិតក្នុងភូមិចិនដាំស្ពៃ សង្កាត់ស្លាកែត ក្រុងនិងខេត្តបាត់ដំបងទើបនាំគ្នាជួយរាវរក រហូតដល់វេលាម៉ោង៧ និង៥០នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ទើបរកសាកសពឃើញ។
ជនរងគ្រោះមានឈ្មោះឌិន ស៊ីណាត ហៅមុំ អាយុ២១ឆ្នាំ រស់នៅក្រុមទី៦ ភូមិ សង្កាត់កន្លែងកើតហេតុ។
ប្រភពមជ្ឍដ្ឋានជុំវិញកន្លែងកើតហេតុបានសន្និដ្ឋានថា នៅក្នុងអំឡុងម៉ោងប្រមាណជាង៥.០០ទៀបភ្លឺ ក្រុមទូកនេសាទដែលឈប់ក្បែរគល់ស្ពានបានលឺសម្លេងលោតទឹកក្រំ ហើយចាំស្តាប់បន្តរទៀតក៍បាត់ដានឈឹងតែម្តង។
ហេតុការណ៍ខាងលើប្រជាពលរដ្ឋសន្និដ្ឋានបឋមថា ការគិតខ្លីដោយសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះអាចបណ្តាលមកពីមានវិបត្តិផ្លូវចិត្តកើតចេញពីភាពប្រេះឆារវាងគូសង្សារ បើពុំនោះទេមានវិបត្តិក្នុងគ្រួសារ៕
រាជធានីភ្នំពេញ ៖រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ៦ល្ងាច មានប្រជាពលរដ្ឋខ្មែរចំនួន ១,១២៣,១៦៦នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
អ្នកជំនាញផ្នែកច្បាប់អះអាងថា តាមល្បឿននៃការចុះឈ្មោះបោះឆ្នោត បច្ចុប្បន្ននេះគេរំពឹងថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះ នឹងមិនមានបញ្ហាអ្វីនោះទេ៕
រាជធានីភ្នំពេញ ៖លោក មិន ឃិន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសសកម្មពិសេស ត្រូវបានគេរាយការណ៍ថា លោកបានទទួលមរណភាព នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅឯមន្ទីរពេទ្យទីក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។
គួរបញ្ជាក់ថា លោក មិន ឃិន អតីតប្រធានគណកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ហើយក្រោយមកទទួលតំណែងជារដ្ឋមន្ត្រីក្រសួងធម្មការនិងកិច្ចភារសាសនា ។ លោកត្រូវបានដកចេញពីតំណែងរដ្ឋមន្ត្រីក្នុងអាណត្តិទី៥នេះ ហើយបានធ្លាក់ខ្លួនឈឺរហូតទទួលមរណភាព៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍