បាល់ទាត់៖ក្រុមម្ចាស់ផ្ទះ U-23 ប្រេស៊ីលបានឡើងបន្តទៅវគ្គ៨ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍អូឡាំពិក បន្ទាប់ពីលត់ក្រុម U-23 ដាណឺម៉ាក ៤-០ ក្នុងការប្រកួតលើកទី៣ក្នុងពូល A ។
៤គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធ Gabriel ដែលក្លឹប Leicester City កំពុងចាប់អារម្មណ៍ ២គ្រាប់ម្នាក់ឯងនាទី ២៦និង៨០, ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ Luan នាទី៥០ និងខ្សែប្រយុទ្ធ Gabriel Jesus ដែល Manchester City ទើបទិញបាន នៅនាទី៤០។
គួរបញ្ជាក់ថា ៨ក្រុមចុងក្រោយ វិញ្ញាសាបាល់ទាត់ផ្នែកបុរសនៅអូឡាំពិក Rio 2016 រកឃើញអស់ហើយគឺ ព័រទុយហ្គាល់ អាល្លឺម៉ង់ នីហ្សេរីយ៉ា ដាណឺម៉ាក កូរ៉េខាងត្បូង ហុងឌុយរ៉ាស់ ប្រេស៊ីល និងកូឡុំប៊ី៕

រាជធានីភ្នំពេញ៖នៅព្រឹកនេះមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកមួយរូបបានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងខេត្តក្រចេះ ទាក់ទងបណ្តឹងរបស់លោកប្តឹងឧកញ៉ាពីររូបដែលចោទពីបទកាប់បំផ្លាញដីព្រៃទ្រព្យសាធារណៈ។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីចងក្រងសហគមន៍សិទ្ធិដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ត្រូវបានតុលាការខេត្តក្រចេះកោះហៅឲ្យចូលបំភ្លឺក្នុងនាមជាដើមបណ្តឹងនៅថ្ងៃទី១១ ខែសីហា នៅម៉ោង៨ និង៣នាទីព្រឹក។
លោក ប៉ែន ប៊ុណ្ណារ៍ បានប្តឹងឧកញ៉ាពីររូបគឺលោក ប៊ុត ប៊ុនអេង និងលោក លឹម ប៊ុនណា ពីបទកាប់រានដីព្រៃជាទ្រព្យសម្បត្តិសាធារណៈ ដែលប្រព្រឹត្តនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្នុងអំឡុងឆ្នាំ២០១៥។
គួរបញ្ជាក់ថា ឈ្មោះលោកឧកញ៉ាទាំង២រូបនេះសុទ្ធតែល្បីល្បាញពេញបណ្តាញសារព័ត៌មានរឿងកាប់បំផ្លាញព្រៃឈើនៅភូមិភាគឦសាន្តប្រទេសកម្ពុជា៕

ព្រុចសែល៖យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា នេះបានឲ្យដឹងថា មាន ករណីគំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះដឹកអ្នកដំណើរពីរគ្រឿង ដែលនឹងចុះចតនៅអាកាសយានដ្ឋានព្រុចសែល ប្រទេសប៊ែលហ្សិក។
ប៉ូលិសបាននិយាយថា យន្តហោះដឹកអ្នកដំណើរទាំងពីរគ្រឿងនោះជារបស់ក្រុមហ៊ុនអាកាសចរណ៍ Scandinavian airline SAS ដោយមួយគ្រឿងចេញដំណើរមកពីទីក្រុង Oslo ប្រទេសន័រវេស និងមួយគ្រឿងទៀតមកពីទីក្រុង Arlanda ប្រទេសស៊ុយអែត។ អ្នកដំណើរនៅលើយន្តហោះទាំងអស់មានសុវត្ថិភាព។ ប៉ូលិសបញ្ជាក់ថា ទាក់ទងនឹងករណីបំផ្ទុះគ្រាប់បែកនៅលើយន្តហោះដឹកអ្នកដំណើរទាំងពីរគ្រឿងនេះ ត្រូវបានផ្ដើមចេញពីការបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ហើយក្រោយមកមន្ត្រីអាកាសចរណ៍ ដែលគ្រប់គ្រងជើងហោះហើរ ក៏បានជូនដំណឹងដល់យន្តហោះទាំងពីរ នៅមុនពេលចុះចតប្រមាណ ២០នាទី។
ទោះជាយ៉ាងណាក្រោយពីចុះចតនៅលើយន្តហោះទាំងពីរគ្រឿងនោះ ពុំមានគ្រាប់បែកនោះទេ ហើយនៅពេលនេះ ក្រុមជំនាញកំពុងតែធ្វើការស៊ើបអង្កេត៕


ខេត្តសៀមរាប៖កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលបានកើតឡើងនៅក្បែរស្ពានអាងក្រពើ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប គ្រាដែលប្រទះសាកសពបុរសម្នាក់អណ្តែកទឹក។
ក្រោយការប្រទះឃើញនេះភ្លាមត្រូវបានគេរាយការណ៍ទៅសមត្ថកិច្ចនគរបាលចុះមកដល់ភា្លមៗ រួចស្រង់សពឡើងមកលើតែម្តងដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ច័យភ្លាមៗផងដែរ៕


នាយទាហាន នាយទាហានរងនៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គនាយកដ្ឋានការដ្ឋានកងយុទ្ធពលខេមរភូមិន្ទ បានទំលាយរឿងលោកឧត្តមសេនីយ៍ទោ សុទ្ធ សារឿននាយរងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន និងវរសេនីយ៍ឯក រឿន សេរី នាយលេខាធិការដ្ឋានមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអគ្គបញ្ជាដ្ឋាន ឈ្មោះទាំង២នាក់បានដកថវិការបស់អង្គភាពយកមកប្រើប្រាស់មិនប្រក្រតីខុសពីគោលការណ៍របស់អង្គភាពថវិកានោះគឺជារបស់អង្គភាពដែលមានថវិការចំនួន ៤០ ០០០ដុល្លា (បួនមឺនដុល្លាអាមេរិក) ជាថវិកាសំរាប់កសាងបណ្ណាល័យរបស់ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន។
នាយទាហាន នាយទាហានរងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៃកងយោធិពលខេមរភូមិន្ទបានធ្វើលិខិតសុំអោយ ឯឧត្តម ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)សុំជួយពិនិត្យលើបុគ្គលទាំងពីរនេះផង ដែលបានប្រព្រឹត្តិខុសឆ្គងដែលបានយកថវិការបស់អង្គភាពទៅប្រើប្រាស់មិនប្រក្រតី។ មិនតែប៉ុណ្ណោះបុគ្គលទាំងពីររូបនេះតែតែងប្រើពាក្យគំរាមគំហែងទៅលើនាយទាហាន នាយទាហានរង នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន៕


រាជធានីភ្នំពេញ៖នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមានស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម៕

រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបាញ់បុរសម្នាក់ប្លន់យកម៉ូតូយ៉ាងសាហាវនៅកណ្តាលក្រុងកាលពីយប់ម៉ោង០១ និង២០នាទី យប់ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅមុខហាងកាហ្វេ យីហោ (ដេលី) តាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ ១១៣ ក្នុងសង្កាត់បឹងកេងកង ២ ខណ្ឌចំការមន។
តាមការឲ្យដឹងពីសមត្ថកិច្ច កាលពីយប់ថ្ងៃទី១០ ខែសីហា សមត្ថកិច្ចបានជិះម៉ូតូល្បាត ក៏ប្រទះឃើញជនសង្ស័យមួយក្រុម មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ដោយសង្ស័យសមត្ថកិច្ចក៏ជិះម៉ូតូប្រដេញឲ្យឈប់ តែក្រុមជនសង្ស័យមិនបានឈប់ ហើយជិះម៉ូតូរត់គេចពីសមត្ថកិច្ច រហូតដល់ចំណុចផ្លូវ ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទើបកម្លាំងសមត្ថកិច្ច ឡោមពន្ធ័ចាប់បានម្នាក់ និងម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រឹមសេ១២៥ ពណ៌ ខ្មៅ។
បន្ទាប់ពីធ្វើការសួននាំ ទើបជនសង្ស័យសារភាព ខ្លួនជាអ្នកធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូជនរងគ្រោះ នៅម្តុំកាហ្វេ ដេលី កាលពីយប់ថ្ងៃទី០៩ ដោយមានបក្ខពួកចំនួន៥នាក់។ បន្ទាប់ពីធ្វើការសាកសួរួច ជនសង្ស័យត្រូវបានឃុំខ្លួន ដើម្បីសាកសួរបន្ថែម ស្វែងរកបក្ខពួកជនសង្ស័យបន្ថែមទៀត។
គួររំលឹកថា កាលពីយប់ម៉ោង០១ និង២០នាទី យប់ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ មានករណីបាញ់ប្លន់យកម៉ូតូមួយ កើតឡើងនៅមុខហាងកាហ្វេ យីហោ (ដេលី) តាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ ១១៣ ក្នុងសង្កាត់បឹងកេងកង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយជនល្មើសបានបាញ់ប្រហារមក លើជនរងគ្រោះចំនួន៣គ្រាប់ តែត្រូវ២គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយប្លន់យកម៉ូតូបានសម្រេច៕



រាជធានីភ្នំពេញ៖នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះកម្លាំងនគរបាលជាតិបានបង្ក្រាបបទល្មើសជួញ ដូររក្សាទុក និងប្រើប្រាស់គ្រឿងញៀន៤ករណី ឃាត់ខ្លួនមុខសញ្ញជួញដូរ១២នាក់, រឹបអូសបានមេតំហ្វេតាមីន (ice) ០.០៣ក្រាម, ២កញ្ចប់ធំ និង១១កញ្ចប់តូច។ នេះបើតាមរបាយការណ៍របស់ អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា ទីតាំងដែលបង្ក្រាបបានរួមមានទី១-កំពង់ស្ពឺ បង្ក្រាប១ករណី ឃាត់ខ្លួន៧នាក់, ទី២-ស្វាយរៀង បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, ទី៣-កោះកុង បង្ក្រាប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់ និងទី៤-ត្បូងឃ្មុំ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕

រាជធានីភ្នំពេញ៖នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ (ស្រី២នាក់) រងរបួសធ្ងន់១១នាក់ (ស្រី៥នាក់ ) និងរបួសស្រាល ២៤នាក់ (ស្រី១៤នាក់)។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង និងរថយន្តធុនធំចំនួន៥គ្រឿង, យានផ្សេងៗ១គ្រឿង, ថ្មើរជើងម្នាក់។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ងងុយដេក, កត្តាយានយន្ត, ប្រជែង, មិនប្រកាន់ស្តាំ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១០នាក់ (យប់៣នាក់ ) ។
ជាមួយគ្នានោះម្សិលមិញនេះលទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,៤៨៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៥៤៥គ្រឿង និងពិន័យសរុប ចំនួន ១,៩៣៩គ្រឿង៕

ខេត្តកណ្តាល៖អំពើឃាតកម្មបាញ់សម្លាប់បុរសម្នាក់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនដៃដល់បានប្លុងរថយន្តចោល នៅតាមផ្លូវជាតិលេខ២ ទឹកដីស្រុកបាទី ខេត្តតាកែវ មុនពេលរត់គេចខ្លួនបាត់។ ជនរងគ្រោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ អាចសង្ស័យជាជនបរទេសអាយុប្រមាណ៤០ឆ្នាំ។
តាមប្រភពព័ត៌មានដែលសមត្តកិច្ចទទួលបានថា នៅវេលាម៉ោងប្រមាណ៤ និង៣០នាទី គេបានឃើញមានមនុស្ស១ក្រុមមានគ្នា៣នាក់ ទៅឈប់រថយន្តជជែកគ្នានៅសាលាសំណាក់ ត្រង់រង្វង់មូលភូមិកោះខ្នុរ ។ ប្រភពបន្តថា មួយសន្ទុះក្រោយមកស្រាប់តែកើតមានអំពើបាញ់ប្រហារសម្លាប់មនុស្សម្នាក់ ចោលសាកសពនៅទីនោះ ហើយគេបានឃើញរថយន្តម៉ាក់ Vista ពណ៌ការ៉ុត ស្លាកលេខ ៧៩២៥ មួយគ្រឿងបើកគេចខ្លួនបាត់ទៅ ធ្វើឲ្យមានការភ្ញាក់ផ្អើល ។ បន្តិចក្រោយមកក៏មានព័ត៌មានថា រថយន្តនោះត្រូវបានសមត្ថកិច្ចឃាត់បាននៅស្រុកបាទី ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ។
ប្រភពបញ្ជាក់ថា សមត្ថកិច្ចឃាត់ចាប់បានតែរថយន្តទេ ខ្មាន់កាំភ្លើងបានរត់អស់ហើយ ទោះយ៉ាងណាក្ដីកម្លាំងកងរាជអាវុធ សហការណ៍ជាមួយនគរបាលមូលដ្ឋានកំពុងតាមប្រមាញ់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ ៕


ហាណូយ៖វៀតណាមបានចល័តដាក់ជើងទម្របាញ់គ្រាប់រ៉ូកែតថ្មី ដែលមានសមត្ថភាព វាយប្រហារវាលយន្តហោះ និងទីតាំងយោធារបស់ចិនដើម្បីពង្រឹងការការពារនៅតំបន់មួយចំនួន នៃកោះរបស់ខ្លួន ក្នុងតំបន់សមុទ្រចិនភាគខាងត្បូងដែលមានជម្លោះ។
ក្រុមមន្ត្រីការទូត និងយោធាបានលើកឡើងថា មន្ត្រីស៊ើបអង្កេតបានដឹងថា រដ្ឋាភិបាលទីក្រុងហាណូយ បានដឹកបញ្ជូនទម្រជើងបាញ់គ្រាប់រ៉ូកែត ចេញពីរបស់ប្រទេសរបស់ខ្លួន ទៅកាន់ទីតាំងមូលដ្ឋានចំនួន៥ នៅលើកោះ Spratly នារយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយចលនានេះ ទំនងជាបង្កើនភាពតានតឹងជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។
ជើងទម្រនេះត្រូវបានលាក់បាំងពីការឃ្លាំងមើលពីលើអាកាស ហើយមិនទាន់បំពាក់អាវុធនោះទេ ប៉ុន្តែអាចប្រតិបត្តិការ ជាមួយនឹងគ្រាប់ រ៉ូកែតបានក្នុងរយៈពេល២ឬ៣ថ្ងៃប៉ុណ្ណោះ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍