រាជធានីភ្នំពេញ ៖នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៧នាក់ និងរបួសស្រាល៣នាក់។នេះបើយោងរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើក បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូច១គ្រឿង និងរថយន្តធុនធំ៥គ្រឿង។ របាយការខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ស្រវឹង១លើក, ប្រជែងគ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ១លើក និងងងុយដេក១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍៨នាក់ (យប់៦នាក់)។
ជាមួយគ្នានោះនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២៦៤៨គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន១២២៣គ្រឿង និងពិន័យសរុបចំនួន ១៤២៥គ្រឿង៕
ខេត្តមណ្ឌលគិរី ៖សត្វព្រៃសរុបជាងមួយរយគីឡូក្រាមត្រូវបានបង្ក្រាបដោយមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី០៦ ខែសើហារ ឆ្នាំ២០១៦ក្នុងនោះឃាត់ខ្លួនជនល្មើសបានចំនួន០៣នាក់ផងដែរ។
តាមប្រភពពីមន្ត្រីដែនជម្រកសត្វព្រៃស្រែពកបានឲ្យភ្នំពេញថ្មីដឹងនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ពេលកម្លាំងកំពុងល្បាតក៏ប្រទះឃើញរថយន្ត០១គ្រឿងម៉ាកកាមរីស្វិតមានមនុស្សចំនួន០៣នាក់នឹងមានដឹកសត្វព្រៃនៅក្នុងរថយន្តនោះ។
សត្វព្រៃដែលមន្ត្រីជំនាញរកឃើញរួមមាន៖សត្វត្រគួតចំនួន៤០ក្បាល ស្វាចំនួន០១ក្បាល ពពិច០១ ពស់ និងអណ្តើកចំនួន០៨ក្បាល។ក្នុងចំណោមជនសង្ស័យទាំង២នាក់ខាងលើជាបងប្អូនបង្កើតនឹងគ្នាទី១.ឈ្មោះ សម្បត្តិ វុទ្ធថា និងទី២.ឈ្មោះ សម្បត្តិ វុទ្ធីចំណែកក្មេងប្រុសម្នាក់ទៀតត្រូវបានដោះលែងទៅវិញព្រោះមិនទាន់គ្រប់អាយុ។
លោក ខៀវ ប៊ុនធឿន នាយរងដែនការពារជម្រកសត្វព្រៃស្រែពកឲ្យដឹងថា សត្វពស់ អណ្តើក ត្រគួតដែលចាប់បាននោះត្រូវបានយកទៅប្រលែងចូលក្នុងព្រៃក្នុងដែនការពារដើម្បីឲ្យសត្វទាំងនោះរស់នៅតាមធម្មជាតិរបស់វាវិញ៕
តូក្យូ ៖យ៉ាងហោចណាស់មនុស្ស១៥នាក់បានរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែក ខណៈដែលជនមិនស្គាល់មុខបានគប់ពីលើអគារជាន់ទី០៣ ទៅកាន់ក្រុមមនុស្ស ដែលកំពុងប្រមូលផ្តុំក្នុងពិធីបុណ្យមួយ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ប៉ូលិសប្រចាំតំបន់ បានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសទាំងអស់នោះ ក៏មានក្មេងអាយុទើបតែ ០៦ឆ្នាំម្នាក់ផងដែរ។ ទូរទស្សន៍ NHK បានដកស្រង់សម្តីសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកឲ្យដឹងថា ជនមិនស្គាល់មុខបានគប់ គ្រាប់បែកភ្លើងពីលើអគារកម្ពស់ ០៣ជាន់ កាលពីយប់ថ្ងៃអាទិត្យ។
ប៉ូលិសក្រុងតូក្យូ បង្ហាញការសង្ស័យថា ករណីនេះអាចបណ្តាលមកពីជនបង្កថា អាចជាបុរសមានអាយុខ្ទង់ ៦០ឆ្នាំ ដែលលោកអាចមាន បញ្ហាសតិអារម្មណ៍ ហើយព្យាយាមធ្វើអត្តឃាតខ្លួនឯង៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖ក្រោយពេលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះថាមានករណីអំពើរលួចភ្លាមនោះកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃអាវុធហត្ថខេត្តបាត់ដំបងបានចុះទៅដល់ចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។
ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ សេត គង់ ភេទប្រុសអាយុ៣២ឆ្នាំមុខរបរជាសន្តិសុខក្រុមហ៊ុនGSS រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
យោងតាមជនរងគ្រោះ ឈ្មោះ ហ៊ន សម្បតិ ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុនបារីហ្វីន រស់នៅភូមិ កម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងបានអោយដឹងថា កាលពីវេលាម៉ោង១៦ និង៥២នាទីថ្ងែទី០៦ ខែសីហា ឆ្នាំ២១០៦ នៅចំណុចក្រុមហ៊ុនបារីហ្វីនស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯកក្រុងបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចយកលុយពីក្នុងរថយន្ត ភ្លាមៗនោះខ្លួនបានធ្វើការសាកសួរ និងប្តឹងទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចប្រាប់ថា បន្ទាប់ពីនាំខ្លួនយកមកសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចលុយបុគ្គលិកក្រុមហ៊ុនឈ្មោះ ហ៊ន សម្បតិ្ត ក្នុងកាប៊ិនរថយន្តលើកៅអីកណ្តាលពិតប្រាកដមែនហើយជនសង្ស័យក៏បាននាំសមត្ថកិច្ចទៅចង្អុលកន្លែងដែលខ្លួនលួចលុយលាក់ទុកក្រោមគំនរស្មៅនៅខាងមុខក្រុមហ៊ុនតែម្តង។ ក្នុងនោះសមត្តកិច្ចធ្វើការដកហូតបានប្រាក់ចំនួន៤០០៩ដុល្លារ(បួនពាន់ប្រាំបួនដុល្លារ)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់នៅការិយាល័យដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការនៅព្រឹកថ្ងៃទី៨ ខែសីហានេះដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
រាជធានីភ្នំពេញ ៖មន្ត្រីតុលាការកំពូលបានថ្លែងឲ្យដឹងថា បន្ទាប់ពីបើកសវនាការជំនុំជម្រះ ក្រុមគ្រួសារលោក ថោង សារ៉ាត់ រួមមាន៖ ម្តាយ ឪពុក និង លោក ថោង សារ៉ាត់ ពីបទរក្សាទុកអាវុធខុសច្បាប់ចំនួន១១ដើម, តុលាការសម្រេចនឹងប្រកាសសាលដីកា លើរឿងក្តី ក្រុមគ្រួសារថោង សារ៉ាត់ នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។
យោងតាមដីកាបង្គាប់ឲ្យយកខ្លួនរបស់តុលាការកំពូលបង្ហាញថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឌុច គឹមសន ព្រះរាជអាជ្ញាអមតុលាការកំពូល ជាតំណាងមហាអយ្យការ ។
ជនជាប់ចោទក្នុងសំណុំរឿងនេះ រួមមានលោក ថោង សារ៉ាត់ ហៅជិន អាយុ៣៨ឆ្នាំ អតីតមានងារជាឧកញ៉ា និងជាម្ចាស់បុរី ៩៩៩ ឪពុកឈ្មោះ ថោង ចំរើន ហៅ តាំង ចំរើន អាយុ៦៣ឆ្នាំ និងម្តាយឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ។
គួរបញ្ជាក់ថា នៅព្រឹកនេះតុលាការកំពូលបានបើកសវនាការជំនុំជម្រះ ក្រុមគ្រួសារលោក ថោង សារ៉ាត់ រួមមាន៖ ម្តាយ ឪពុក និង លោក ថោង សារ៉ាត់ ពីបទរក្សាទុកអាវុធខុសច្បាប់ចំនួន១១ដើម ។ ប៉ុន្តែលោក ថោង សារ៉ាត់ អតីតមានងារជាឧកញ៉ា និងជាថៅកែបុរី៩៩៩ ពុំបានបង្ហាញខ្លួននៅតុលាការនោះទេ៕
រាជធានីភ្នំពេញ ៖ក្រឡាបញ្ជីតុលាការកំពូលលោក វ៉ាត ពិសិដ្ឋ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ សម្រេចឃុំខ្លួនក្រោមការចោទប្រកាន់ពីបទវិតិក្រម និង រំលោភអំណាច។ ការសម្រេចនេះធ្វើឡើងនៅម៉ោងជាង៥ និង០០ល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦។
លោក លី សុផាណា បានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការសើបសួរដោយចោទប្រកាន់ឈ្មោះ វ៉ាត វិសិដ្ឋ ពីបទវិតិក្រម និងបទរំលោភអំណាច តាមបញ្ញត្តិមាត្រា៥៩២ មាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌមាត្រា៣២ និងមាត្រា៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ។
គួរបញ្ជាក់ថា លោក វ៉ាត ពិសិដ្ឋ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដោយសង្ស័យថា មានការពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការបំពេញការងារ ហើយត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយមកតុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៧ សីហា៕
បាល់ទាត់ ៖កាលពីយប់មិញនេះ ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់អ្នក លោក Jose Mourinho បានលើកពាន FA Community Shield ក្រោយពីយកឈ្នះ Leicester City ២-១ នៅកីឡដ្ឋាន Wembley។
ក្រុម Man Utd គឺជាអ្នករកគ្រាប់បាល់បានមុន នៅនាទី ៣២ ធ្វើបានដោយខ្សែបម្រើ Lingard តែ នៅនាទី៥២ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជើងឯកលីគកំពូលអង់គ្លេស Jamie Vardy ស៊ុតបញ្ចូលទីតាមស្មើបានវិញ។ រហូតដល់នាទី៨២ Zlatan Ibrahimovic ក្លាយជាវីរបុរស តែតបញ្ចូលទីជួយឲ្យ Manchester United ឈ្នះពាន FA Community Shield ជាលើកទី២១ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប៕
មិកស៊ិកូ ៖មនុស្សយ៉ាងតិច៣៨នាក់ត្រូវបានស្លាប់ ដោយសារបាក់ដី បន្ទាប់ពីព្យុះត្រូពិចលាយភ្លៀង បានវាយប្រហារភាគខាងកើត ប្រទេសមិកស៊ិកូ។ នេះបើយោងតាមព័ត៌មាន BBC ចេញផ្សាយនាព្រឹកថ្ងៃទី០៨ ខែសីហានេះ។
អាជ្ញាធរមិកស៊ិកូបាននិយាយថា រដ្ឋដែលរងការវាយប្រហារខ្លាំងជាងគេ Puebla មានមនុស្សស្លាប់២៨នាក់ និងមនុស្ស១០នាក់ផ្សេងទៀតស្លាប់ នៅរដ្ឋ Veracruz៕
រាជធានីភ្នំពេញ ៖ក្រុមកម្មករសំណង់៦នាក់បានកើតជម្លោះរហូតទាញកាំបិតដេញកាប់ប្រហារគ្នា យ៉ាងអនាធិបតេយ្យ បណ្តាលឲ្យរងរបួសទាំងអស់គ្នា ហើយពួកគេក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានសង្កាត់ភ្នំពេញថ្មីចាប់ខ្លួនផងដែរ។ ករណីកើតឡើងនៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ការដ្ឋានសំណង់ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អធិការនគរបាលខណ្ឌលោក ម៉ក់ ហុង បានបញ្ជាក់ថា កម្លាំងនគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនចំនួន៦នាក់ករណីហិង្សាដោយចេតនា វាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យរបួសទាំងសងខាង ភាគីទី១មានគ្នាចំនួន០៣ និងភាគីទី២មានគ្នាចំនួន០៣នាក់ (ជនទាំង០៦នាក់ជាកម្មករសំណង់) នៅចំណុច ការដ្ឋានសំណង់ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកអធិការបានបន្តថា សកម្មភាពរបស់ក្រុមជនល្មើសទាំងនេះ បានបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ប៉ុន្តែពួកគេនៅពេលនេះ គឺស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
រាជធានីភ្នំពេញ ៖ជនជាតិចិនចំនួន២១នាក់ ត្រូវបាននគរបាលអន្តោប្រវេសន៍បណ្តេញចេញពីប្រទេសកម្ពុជាបន្ទាប់ពីបង្ក្រាប និងចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចបើក Game Online ដែលការបណ្តេញចេញនេះធ្វើឡើងនៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងរបស់លោក ក្រោយបញ្ចប់ការបំពេញបែបបទរួចមក។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ជនជាតិចិនដែលត្រូវបណ្តេញចេញទាំ២១នាក់នោះមានស្រី៤នាក់។ លោកបញ្ជាក់ថា ជនជាតិចិនទាំងនេះត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែសីហា នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស បើកល្បែងអនឡាញ (Game Online) ដោយខុសច្បាប់។
សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាននគរបាលអន្ដោប្រវេសន៍ បានបន្ដប្រតិបត្តិការចុះទៅឃាត់ខ្លូន ជនជាតិចិនប្រុស-ស្រី២១នាក់ ដែលបានបើកល្បែងអនឡាញ និងធ្វើការដោយគ្មានសៀវភៅការងារ នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ទោបានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការសម្របសម្រូលពី លោក សៀង សុខ ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសហការជាមួយ កម្លាំងរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញផងដែរ។
លោកឧត្តមសេនីយ៍ បានបន្ដថា ជនជាតិចិនទាំង២១នាក់នេះ ក្នុងនោះស្រី៤នាក់ ហើយត្រូវបានឃាត់ខ្លួនពីបទ បើកកន្លែងល្បែងភ្នាល់តាម Internet និងក្នុងនោះពិនិត្យឃើញ មានលិខិតឆ្លងដែន២២ក្បាល ប្រើប្រាស់ទិដ្ឋាការE នៅមានសុពលភាព រយៈពេលមួយឆ្នាំ តែគ្មានសៀវភៅការងារ៕
រាជធានីភ្នំពេញ ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីម្ពស់ទឹកជំនន់ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹកសម្រាប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះនៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមានស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ម្សិលមិញកម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១១ករណី ឃាត់មនុស្ស២២នាក់ (ស្រី៣នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១៥នាក់ និងមុខសញ្ញាប្រើប្រាស់៧នាក់ រឹបអូសមេតំហ្វេតាមីន(ice) ១៥.៦ក្រាម, ២កញ្ចប់ធំ និង១៩កញ្ចប់តូច និងមេតំហ្វេតាមីន (wy)៣គ្រាប់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួននៅ ភ្នំពេញបង្ក្រាប២ករណីឃាត់ខ្លួន២នាក់, កណ្ដាល បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់, កោះកុង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, កំពត បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, សៀមរាប បង្ក្រាប៤ករណីឃាត់ខ្លួន១២នាក់ និងព្រះវិហារ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕
ដោយ៖ប៉ែនសុផល
បាត់ដំបង ៖រថយន្តក្រុងដឹកអ្នកដំណើរត្រូវបានឆ្លង់ចរន្តភ្លើងបង្កឲ្យមានអគ្គីភ័យឆាបឆេះបណ្តាលឲ្យមានអ្នកដំណើរស្លាប់ម្នាក់ និងរបួស ជាច្រើននាក់ នៅចំណុចខាងជើងរង្វង់មូលនាងរំសាយសក់ ស្ថិតក្នុង ក្រុមទី៨ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ធ្វើដំណើចេញពីចំណត់រថយន្តក្រុងផ្សារភូពុយក្រុងបាត់ដំបងបានប្រមាណជាង២គីឡូម៉ែត្រជួបព្រឹត្តិការនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។
រីឯអ្នករងរបួសធ្ងន់៥នាក់ត្រូវបានសមត្ថកិច្ចដឹកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះជីវិត ។ រហូតមកដល់ម៉ោងនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរព័ត៍មានពីអ្នករួមដំណើរជាក្នុងហេតុមួយនេះពីអ្នករងគ្រោះ មួយចំនួនដើម្បីស្រាវជ្រាវរកមូលហេតុពិតពីការផ្ទុះឆេះរថយន្តក្នុងហេតុការណ៍នេះនិងទូទាត់ថ្លៃខូចខាតផ្សេងៗ ផងដែរ៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី០៥ ខែសីហាម្សិលមិញនេះកម្លាំងនគរបាលជាតិបានបង្ក្រាបបទល្មើសជួញដូរ រក្សា និងប្រើប្រាស់ថ្នាំញៀន១០ករណី ឃាត់មនុស្ស២៦នាក់ (ស្រី៥នាក់) ក្នុងនោះមុខសញ្ញាជួញដូរ ១៥នាក់ និងមុខសញ្ញាប្រើប្រាស់១១នាក់ រឹបអូសបានមេតំហ្វេតាមីន (ice) ១៣.៤១ក្រាម និង១៨២កញ្ចប់តូច, មេតុំហ្វេតាមីន (wy) ៣.៤៦ក្រាម។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា ទីតាំងដែលបង្ក្រាបបានរួមមានទី១-មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណី ឃាត់ខ្លួនម្នាក់, ទី២-ភ្នំពេញ៖ បង្ក្រាប៣ករណី ឃាត់ខ្លួន៧នាក់, ទី៣-កណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ទី៤-បន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួន១១នាក់, ទី៥-ក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, ទី៦-ត្បួងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងទី៧-បាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍