នីហ្សេរ៖អាជ្ញាធររបស់ប្រទេសនីហ្សេរ បាននិយាយថា សពជនចំណាកស្រុកចំនួន៣៤នាក់ដោយក្នុងនោះមានទាំងកុមារ២០នាក់ដែលត្រូវបានបោះបង់ចោលដោយអ្នករត់ពន្ធមនុស្សខណៈពេលព្យាយាមឈានទៅដល់ប្រទេសជិតខាងអាល់ហ្សេរីត្រូវបានគេប្រទះឃើញក្នុងវាលខ្សាច់នីហ្សេរកាលពីសប្តាហ៍មុន។
ក្រសួងមហាផ្ទៃនីហ្សេរបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “មនុស្សសាមសិបបួននាក់រួមមានបុរសប្រាំនាក់ ស្ត្រីប្រាំបួននាក់និងកុមារ២០នាក់បានស្លាប់ខណៈព្យាយាមឆ្លងកាត់វាលរហោស្ថាន”។
ប្រភពសន្តិសុខមួយបានប្រាប់ AFP ថា “ពួកគេប្រហែលជាស្លាប់ដោយសារស្រែកទឹកព្រោះករណីនេះកើតឡើងញឹកញាប់ណាស់ហើយពួកគេត្រូវបានគេប្រទះឃើញជិតតំបន់ Assamakaដែលស្ថិតនៅព្រំដែនរវាងប្រទេសនីហ្សេរនិងអាល់ហ្សេរី”។
សីតុណ្ហភាពនៅតំបន់នេះអាចនឹងឡើងដល់ទៅ៤២អង្សាសេខណៈដែលព្យុះខ្សាច់តែងតែកើតមាននៅទូទាំងវាលរហោស្ថាន។
ជនចំណាកស្រុកខុសច្បាប់រាប់ពាន់នាក់បានមកដល់ប្រទេសអាល់ហ្សេរីនៅប៉ុន្មានឆ្នាំចុងក្រោយនេះដែលភាគច្រើនគឺមកពីប្រទេសជិតខាងម៉ាលីនិងនីហ្សេរ។
មនុស្សមួយចំនួនបានឆ្លងកាត់តាមរយៈប្រទេសអាល់ហ្សេរីទៅកាន់អឺរ៉ុបប៉ុន្តែជនចំណាកស្រុកជាង៧.០០០នាក់មកពីប្រទេសនីហ្សេរដែលភាគច្រើនជាស្ត្រីនិងកុមារនោះបានវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញក្នុងឆ្នាំ២០១៥ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

បាល់ទាត់៖យោងតាមការចុះផ្សាយរបស់សារព័ត៌មាននៅស្រុកមួយបានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal នឹង ក្រុមហង្សក្រហម Liverpool កំពុងតែប្រជែងគ្នាក្នុងការចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធពីក្រុមយក្សអាល្លឺម៉ង់ Bayern Munich គឺកីឡាករ Mario Gotze នៅពេលទីផ្សារកីឡាករបើកនារដូវក្តៅខាងមុខនេះ។
ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់វ័យ២៤ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងគឺជាអ្នកតំណាងឲ្យក្រុមឥន្ទ្រីដែកអាល្លឺម៉ង់នៅក្នុងព្រឺត្តិការណ៍ Euro 2016 ហើយកីឡាកររូបនេះ ត្រូវបានគេជឿថា នឹងអាចចាកចេញពីក្រុមយក្សអាល្លឺម៉ង់មួយនេះនៅរដូវក្តៅខាងមុខនេះ ខណៈពេលគាតមិនសូវបានជាប់ជម្រើសដំបូងឲ្យក្រុមជម្រើសជាតិទៀងទាត់នោះ។
ក្រុមហង្សក្រហម Liverpool ចាប់ផ្តើមមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយកីឡាករវ័យ២៤ឆ្នាំរូបនេះ មុនពេលការប្រកួតពានរង្វាន់ Euro 2016 ទៅទៀត ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal ក៏មានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធរូបនេះដែលហើយនិងមានគ្រោងផ្តល់ជូននូវតម្លៃពលកម្ម ២៧លានផោន សម្រាប់ម្ចាស់ជើងឯក World Cup ២០១០ រូបនេះ។
គួរបញ្ជាក់ដែរថា Gotze បានចាកចេញពីក្រុម Borussia Dortmund មកចូលរួមជាមួយក្លិប Bayern ក្នុងអំឡុងឆ្នាំ ២០១៣ និងរកគ្រាប់បាល់បាន ៣៦ គ្រាប់ ក្នុងការបង្ហញខ្លួន ១១៤ ប្រកួតសម្រាប់ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់មួយនេះ៕

រាជធានីភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានសាកសួរបន្ថែមទៀត លើ លោកស្រី លឹម មុន្នី មន្ត្រីសមាគមអាដហុក នៅតុលាការក្រោមបទចោទសូកប៉ាន់សាក្សី ក្នុងពាក្យបណ្តឹងរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
លោកស្រី លឹម មុន្នី មន្ត្រីសមាគមអាដហុកត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីចុងខែមេសា ជាមួយមន្ត្រីអាដហុក៣រូប រួមមានលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា ជាមួយនិង លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។
គួរបញ្ជាក់ថា មន្ត្រីអាដហុក៤នាក់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី ដែលពួកគេត្រូវបានសាលាដំបូងឃុំខ្លួន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦៕

រាជធានីភ្នំពេញ៖កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងមេធាវីការពារក្តី នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាមការកោះហៅរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ បានចេញដីកាកោះហៅកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងលោក គឹម វាសនា មេធាវីការពារក្តី ចូលខ្លួនមកសាកសួរពាក់ព័ន្ធអំពើសញ្ចារកម្មប្តឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ៕


រាជធានីភ្នំពេញ៖រថយន្តឡិចស៊ីស RX 330 មួយគ្រឿងជិះគ្នា២នាក់ជាគូសង្សារនឹងគ្នាបានរេចង្កូតបុកបាក់បង្កាន់ដៃស្ពានជ្រោយចង្វាចាស់ ខណៈរវល់តែប្រឡែងលេងជាមួយសង្សារ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កម៉ាក ឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1008 ជិះគ្នា២នាក់ជាគូសង្សារនឹងគ្នាធ្វើដំណើរឡើងស្ពានជ្រោយចង្វាចាស់ ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុអ្នកជិះក្នុងរថយន្តរវល់តែប្រឡែងគ្នា ធ្វើឲ្យរថយន្ដបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបង្កាន់ដៃស្ពានបណ្ដាលឲ្យដាច់បង្កាន់ដៃស្ពាន ចំណែករថយន្ដដាច់កាឡេខាងមុខផ្នែកខាងឆ្វេង ហើយជ្រុលទៅមុខប្រមាណ២០ម៉ែត្រទើបទៅមុខលែងរួច។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕


រាជធានីភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក(យប់៣លើក) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះ បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៩នាក់ និងរបួសស្រាល៦នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៨គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង រថយន្តធុនធំចំនួន១គ្រឿង និងយានផ្សេងៗ១គ្រឿង។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក ស្រវឹង១លើក ប្រជែងគ្រោះថ្នាក់១លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ១លើក កត្តាយានយន្ត១លើក និងបត់គ្រោះថ្នាក់១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៣នាក់ (យប់៥នាក់ )។
ជាមួយគ្នានោះម្សិលមិញលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុប ទូទាំងប្រទេសមាន ចំនួន៣៥៩៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២០៣៤គ្រឿង និងពិន័យសរុប១៥៦៥គ្រឿង៕

បាល់ទាត់៖នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៦ឆ្នាំ (U16) នឹងធ្វើដំណើរទៅប្រទេសថៃ ដើម្បីប្រកួតលក្ខណៈមិត្តភាពដងស្រង់បទពិសោធន៍ នឹង ដើមម្បីពង្រឹងសមត្ថភាពរបស់កីឡាករ មុនចាប់ផ្ដើមការប្រកួតAFF U-16 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតដណ្តើមពានរង្វាន់ AFF U-16 Championship 2016 ដែលមានប្រទេសចំនួន១១ប្រទេសចូលរួមប្រកួតប្រេជែងហើយត្រូវបែងចែកជា២ពូលហើយការប្រកួតនេះ នឹងត្រូវធ្វើឡើងនាថ្ងៃទី១០ ខែកក្កដា រហូតដល់ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ដែរថា នៅក្នុងពូល A មានមីយ៉ាន់ម៉ា អូស្ត្រាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី រីឯង ពូល B រួមមានម្ចាស់ផ្ទះកម្ពុជា ឡាវ ថៃ ទីម័រ និងប្រ៊ុយណេ៕

ដោយ ដារា
ខេត្តត្បូងឃ្មុំ៖រថយន្តយោធាចំនួន៣គ្រឿង ដែលគេដឹងថាជាកម្មសិទ្ធិរបស់អង្គភាពកងពលដឹកជញ្ជូនលេខ៩៩ និងមួយគ្រឿងទៀត ជារថយន្តសារ៉ែន ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះខេត្តត្បូងឃ្មុំ ចាប់ឃាត់នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ កន្លមកនេះ ពេលកំពុងដឹកជញ្ជូនឈើក្រញូង និងឈើប្រណីតជាច្រើនកំណាត់នៅចំណុចហួសទួលអំពុក ក្នុងឃុំជីពាំង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៍មានពីសាក្សីដែលបានឃើញហេតុការណ៍នេះ បានបញ្ជាក់ឲ្យដឹងថា មុនឈានទៅឃាត់រថយន្តនេះ ដំបូងគេឃើញមន្ត្រីសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ២នាក់ជិះរថយន្ត១គ្រឿង និងមន្ត្រីមេព្រៃខេត្តត្បូងឃ្មុំ២នាក់ជិះរថយន្ត១គ្រឿងដែរ បានឃាត់រថយន្តយោធាដឹកឈើខាងលើ និងបានឈរនិយាយគ្នាជាមួយនិងអ្នកបើកបររថយន្តយោធានោះ រយះពេលមួយសន្ទុះធំ ប៉ុន្តែទំនងជាការចរចាមិនត្រូវគ្នាទើបអូសបន្លាយពេលជជែកយូរ ។បន្ទាប់មក គេឃើញក្រុមអ្នកអ្នកកាសែតទៅដល់ ហើយបានថតយករូបភាពនៅកន្លែងកើតហេតុ និងបានប្រកូកប្រកាសហៅសមត្ថកិច្ចដទៃទៀត មកកាន់ទីនោះភ្លាមៗហើយចាប់ឃាត់រថយន្តនោះតែម្តង។
រថយន្តទាំង៣គ្រឿងនេះ ត្រូវបានរកឃើញថា បានដឹកឈើប្រណីតជាច្រើនម៉ែត្រគូប ជាប្រភេទឈើក្រញូង និងឈើប្រណីតកូនក្រឡឹងជាច្រើនទៀត ដែលឈើប្រភេទនេះសម្រាប់ជាកម្មវត្ថុយ៉ាងក្តៅគគុកក្នុងការនាំចេញទៅលក់នៅប្រទេសវៀតណាម។
គួរំលឹកដែរថា បើទោះពីជាមានការ ទប់ស្កាត់ និងបង្ក្រាបទ្រង់ទ្រាយធំ លើសកម្មភាពដឹកជញ្ជូន និងនាំចេញឈើប្រណីតក៏ដោយ តែការបទល្មើសដឹកជញ្ជូនជួញដូរឈើនៅក្នុងខេត្តត្បូងឃ្មុំនៅតែបន្តកើតមានយ៉ាងអនាធបតេយ្យនៅឡើយ។ដោយឡែក បទល្មើសខាងលើនេះ ធ្វើឲ្យមជ្ឈដ្ឋានជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញថា រថយន្តកងទ័ព និងរថយន្តស៊ឺរ៉ែន បែរជាដឹកឈើប្រណីតខុសច្បាប់ទៅវិញ។
សមត្ថកិច្ច មិនទាន់បញ្ជាក់ពីវិធានបែបណាចំពោះបទល្មើសខាងលើនេះនៅឡើយទេ ព្រោះជាប់ពាក់ព័ន្ធនឹងយោធា៕


រាជធានីភ្នំពេញ៖ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀនកាលវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី១៥ ខែមិថុនានេះ នៅចំណុចបន្ទប់ជួលលេខ២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនមនុស្ស៤នាក់ ក្នុងនោះស្រីម្នាក់ហើយនោះ កម្លាំងអាវុធហត្ថបានដកហូតម៉ូតូ៧គ្រឿង ទូរសព្ទ័៧គ្រឿង ដាវ១ដើម ស្លាកលេខរថយន្ត១ ម្សៅក្រាមសថ្លា២កញ្ចប់តូច កាតគ្រីម៉ូតូ១ កាងម៉ូតូ១ ក្បាំងម៉ូតូ១ លុយខ្មែ១៥ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានអាវុធហត្ថខណ្ឌ កំពុងសហការជាមួយការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕



បារាំង៖អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី អង់គ្លេស និងវ៉េល បានផ្ទុះហិង្សាដាក់គ្នាជាថ្មីទៀត នៅរយៈពេល១ម៉ោង ក្រោយពេលរុស្ស៊ីត្រូវបានបំបាក់ ២-១ ដោយក្រុមស្លូវ៉ាគីក្នុងវគ្គសន្សំពិន្ទុ Euro 2016 យប់មិញនេះ។
ការប៉ះទង្គិចគ្នាជាថ្មីនេះដែរ គឺបានឡើងនៅក្រៅពហុកីឡដ្ឋាន Denis Pierre-Mauroy ជាទីដែលរុស្ស៊ី បានប្រកួតចាញ់ក្រុមជម្រើសជាតិស្លូវ៉ាគី ២-១ ទៀតស្ថិតក្នុងទី ក្រុង Lille នៃប្រទេសបារាំង បណ្តាលឲ្យមនុស្ស១៦នាក់បានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យភ្លាមៗផងដែរ ក្រៅពីក្រុមបង្កជំលោះចំនួន ៣៦នាក់ត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ត្រូវបានសហព័ន្ធ UEFA ពិន័យជាទឹកប្រាក់ ១៥ម៉ឺនអឺរ៉ូ និងគំរាមដកសិទ្ធិប្រកួតក្នុង Euro 2016 ទៀតផង ដោយសារតែអ្នកគាំទ្ររបស់ខ្លួន បានបង្កហិង្សាទៅលើក្រុមអ្នកគាំទ្រអង់គ្លេស ដែលបានបណ្តាលឲ្យមានមនុស្ស ២០នាក់រងរបួស ហើយរុស្ស៊ី ក៏កំពុងប្រឈមទៅនឹងការហាលអាវក្នុងពូលដូច Euro 2012 ផងដែរ ដោយសារតែចាញ់ស្លូវ៉ាគី ២-១ យប់មិញទៀត ទើបរកបាន១ពិន្ទុនៅឡើយ ពេលស្មើ ១-១ ទល់នឹងអង់គ្លេស៕


រាជធានីភ្នំពេញ៖នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន៧ករណី ឃាត់មនុស្ស១២នាក់ (ស្រី៣នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១០នាក់ និងមុខសញ្ញាប្រើប្រាស់២នាក់ និងរឹបអូសគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ១.១ក្រាម, ១កញ្ចប់ធំ និង ៧កញ្ចប់តូច។ នេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបញ្ជាក់ថា ទីតាំងដែលបង្ក្រាបបានរួមមាន៖ ភ្នំពេញបង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, ខេត្តកណ្ដាល បង្ក្រាប២ករណី ឃាត់ខ្លួន៤នាក់, ខេត្តបាត់ដំបង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តកំពត បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តតាកែវ បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់ និងខេត្តបន្ទាយមានជ័យ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕

អត្ថបទ៖លោក ប៉ែន សផល
បាត់ដំបង៖ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ដ៍តក់ស្លុតនេះ បានរិះគន់ខ្លាំងៗចំពោះគ្លីននិកឯកជនចំនួន២កន្លែងនៅក្នុងក្រុងបាត់ដំបង ដែលដាច់ចិត្តបដិសេធមិនទទួលព្យាបាលក្មេងតាមការអង្វរ ក. របស់ជីតាកុមារារងគ្រោះឡើយដោយលើកហេតុផលផ្សេងៗគ្នា គឺមួយថា ប្រធានមិននៅ និងមួយទៀតថា គ្មានឧបករណ៍សង្គ្រោះ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧-១៥នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ឋិតនៅក្នុងភូមិអូរដំបង១ ឃុំអូរសំបង១ ស្រុកសង្កែខេត្តបាត់ដំបង បន្ទាប់មានកុមារាអាយុជាង២ឆ្នាំម្នាក់ បានលង់ទឹកពាងហើយត្រូវជីតាបាននាំយកទៅឲ្យគ្រូពេទ្យទាំងនោះដើម្បីជួយសង្គ្រោះ។
យោងតាមរៀបរាប់របស់លោក រ៉េត អាយុ៦០ឆ្នាំ ត្រូវជាជីតាកុមារារងគ្រោះបានអោយដឹងថា: ចៅប្រុសរងគ្រោះស្លាប់មានឈ្មោះ ក្រឹម ណាសា អាយុ២ឆ្នាំរស់នៅភូមិ ឃុំកន្លែងកើតហេតុ។ មុនពេលកើតហេតុឪពុកម្ដាយក្មេងជនរងគ្រោះបានផ្ញើកូននឹងតាយាយ ហើយនាំគ្នាទៅលក់មាន់នៅឯផ្សារដូចសព្វដង មិនយូរប៉ុន្មានរូបគាត់បានដើរទៅខាងមុខផ្ទះដោយទុកចៅអោយនៅលេងជាមួយនឹងយាយ ខណះដែលយាយកំពុងអង្គុយកាប់អុសស្រាប់តែបាត់ចៅហើយពួកគាត់បាននាំគ្នាដើររកក៍ប្រទះឃើញចៅនៅក្នុងពាងទឹកតូចមួយបាត់ទៅហើយ ។ភ្លាមៗនោះ គាត់ក៍ស្ទុះស្ទាដឹកយកទៅអោយពេទ្យដើម្បីសង្គ្រោះបន្ទាន់ លុះដឹកទៅដល់មន្ទីរពេទ្យសំរាកព្យាបាល “ហេង ឈុន” ស្ថិតក្នុងភូមិបែកចានថ្មី ក្នុងក្រុងបាត់ដំបង ត្រូវបានបុគ្គលិកពេទ្យស្រីពីរនាក់ចេញមកប្រាប់ថាអត់ទទួលទេ ព្រោះលោកប្រធានមិននៅ។ភ្លាមនោះលោកក៍បានដឹកទៅពេទ្យឯកជនព្យាបាលក្មេង”ជា ពៅ” ១កន្លែងទៀតនៅក្បែរផ្សារថ្មី ត្រូវបុគ្គលិកពេទ្យនៅទីនោះបានស្ទង់មើលបេះដូងរួចប្រាប់អោយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រោះកន្លែងគាត់គ្មានឧបករណ៍សំរាប់សង្គ្រោះនោះទេគឺគ្រាន់តែមើលជំងឺទូទៅធម្មតាប៉ុណ្ណោះ។ ការអូសបន្លាយពេលវេលានេះទីបំផុតជីតាជនរងគ្រោះបានយួរញឹងដឹកចៅដ៍អភ័ព្វទាំងអាការរន្ធត់ផង ខឹងផង បន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ។បន្ទាប់ពីបានរៀបចំបញ្ចូលខ្យល់អុកស៊ីហ្សែនទើបដឹងថាកុមារារងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
តាមការអោយដឹងពីលោក ហេង ឈុន ដែលជាម្ចាស់មន្ទីរពេទ្យសំរាកព្យាបាល” ហេង ឈុន” បានបកស្រាយប្រាប់សារព័ត៌មានតាមរយៈទូរស័ព្ទថា៖ ពេលដែលដឹកជនរងគ្រោះទៅដល់កន្លែងរបស់លោកស្របពេលដែលលោកមិនបាននៅគឺនៅតែបុគ្គលិកស្រីៗគ្នាមិនហ៊ានទទួល ម្យ៉ាងទៀតមើលទៅក្មេងរងគ្រោះគឺមានសភាពធ្ងន់ធ្ងរទៅហើយព្រោះរយះពេលកន្លងមកខាងមន្ទីរពេទ្យតែងតែទទួលអ្នកជំងឺឋិតក្នុងសភាពធ្ងន់ធ្ងរព្យាបាលហើយបានស្លាប់ច្រើនមានរឿងទើបខាងមន្ទីរពេទ្យមិនទទួលអ្នកជំងឺមានសភាពធ្ងន់ៗទេ។
យ៉ាងណាក៏ដោយចុះ កុមារាអាយុជាង២ឆ្នាំម្នាក់បានស្លាប់ក្រោមក្រសែភ្នែករបស់សាក្សីជាច្រើននាក់ដែលបានឃើញហេតុការណ៍នេះ ហើយគេអាចសន្និដ្ឋានបានមួយកម្រិតពីបេះដូងសប្បុរសធម៌នៃអ្នកប្រកបរបរសង្គ្រោះជីវិតមនុស្ស ដោយមិនចាំបាច់និយាយដល់ពីក្រមសីលធម៌ និងវិជ្ជាជីវៈនោះផងទេ។សាកល្បងធ្មេចភ្នែកហើយរំពឹងគិតទៅដល់អារម្មណ៍របស់ឪពុកម្តាយកុមារារងគ្រោះ…ពិតជាមិនអាចកាត់ថ្លៃបានឡើយ ។ចុះបើជាយើងវិញ នឹងមានអ្វីកើតឡើង…?


អត្ថបទ លោក ប្រុញ វិធិន
ក្រចេះ៖ មន្ដ្រីកាំកុងត្រូលសាខាខេត្តក្រចេះ សហកាជាមួយនិងមន្ទីពាណិជ្ជកម្ម ចុះត្រួតពិនិត្យមើល ការដាក់តាំងលក់នូវផលិតផល ម្ហូបចំណីអាហារ នៅក្នុងផ្សារឆ្លូង និងតាមផ្ទះផ្ទះលក់អីវ៉ាន់មួយចំនួនទៀតនៅក្នុងទីរួមស្រុកឆ្លូង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ ។
ការចុះត្រួតពិនិត្យផលិតផល ម្ហូបអាហារ និងទំនិញដាក់លក់នៅតាមផ្ទះ គឺបានធ្វើឡើងក្រោមការដឹកនាំពីលោក វ៉ាន់ ណារិទ្ឋិ អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ បានបញ្ជាក់ថា អាជីវករមួយចំនួន នូវពុំទាន់យល់ដឹងច្បាស់អំពីការទុកដាក់ទំនិញ ឬពិនិត្យទៅលើកាលបរិច្ឆេទ និងទំនិញដែលមានស្ដង់ដាសមស្របទៅតាមការណែនាំរបស់មន្ដ្រីកាំកុងត្រូល ក្នុងការរៀបចំទុកដាក់ និងរក្សាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ និងបានណែនាំដល់អាជីវរកលក់ដូរទាំងអស់អោយមានការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ ក្នុងកាពិនិត្យមើលទៅលើគ្រប់មុខចំណីអាហារឬផលិតផលទាំងនោះមុននិងលក់ដូរជូនដល់អ្នកប្រើប្រាស់ ។
លោកបានលើកឡើងថា កាដែលអាជីវករមិនទាន់យល់ដឹងអំពីផលិតផល ម្ហូបអាហារ ទំនិញខូចគុណភាព និងការដាក់តាំងលក់ដូរ នំចំណី និងផលិតផលមួយចំនួនហួសកាលបរិច្ឆេទ ប្រើប្រាស់ វាអាចបង្កឱ្យមានជំងឺផ្សេងៗ និងប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ទាំងអស់គ្នាផងដែរ ។
លោក វ៉ាន់ ណារិទ្ឋិ អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ ក៍បានបញ្ជាក់ដែរថាជាមួយនិងសកម្មភាពខាងលើនេះក៍បានរកឃើញនំចំណីអាហារនិងផលិតផលមួយចំនួនដែលហួសកាលបរិច្ឆេទប្រើរប្រាស់ និងបានរឹបអូសយកទៅដើម្បីធ្វើការដុតបំផ្លាញចោល លោកបន្តរថាចាប់ពីពេលនេះតទៅបន្ទាប់ពីបានចុះណែនាំ និងអប់រំរួចមក ប្រសិនបើលើកក្រោយ រកឃើញថាមានផលិតផល ទំនិញណាដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ និងគ្មានស្លាកសញ្ញាត្រឹមត្រូវ មន្ដ្រីកាំកុងត្រូលនឹងដកហូតយកទាំងអស់ ហើយនឹងអាចឈានទៅពិន័យថែមទៀត ។
ក្នុងនោះលោកក៏បានធ្វើការអំពាវនាវដល់អាជីវករទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ទៅលើផលិតផល ទំនិញ គ្រប់ប្រភេទដែលបានដាក់លក់ ត្រូវពិនិត្យលើស្លាកសញ្ញាឱ្យបានត្រឹមត្រូវ និងមានកាលបរិច្ឆេទច្បាស់លាស់ ចៀសវាងដាក់លក់ទំនិញខូចគុណភាព បង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕




រតនគិរី៖ប្រភពពីប្រជាពលរដ្ឋ នៅស្រុកវ៉ឺនសៃ បានឲ្យដឹងថា ឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ ទូច និងចែណាត ដែលមានទីលំនៅដ្ឋានក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង នៅតែបន្តប្រើប្រាស់រថយន្តចំនួន២គ្រឿងដឹកជញ្ជូនឈើឆ្លងកាត់ក្រុងបានលុង យ៉ាងអនាធិបតេយ្យ ។
រថយន្តទី១ ម៉ាកវិហ្គោរ ពណ៌ស្ករពាក់ស្លាកលេខ២J.០៤៧៧ មួយគ្រឿងទៀតម៉ាក វិហ្គោ ពណ៌ស្ករពាក់ស្លាកលេខ២J.០៤៧៧ សមត្ថកិច្ចតូចតាចមួយចំនួនក៏បានបញ្ជាក់ដែរថាឈ្មួញឈ្មោះ ទូច និងឈ្មោះចែណាត បានដឹកឈើពីស្រុកវ៉ឺនសៃ ក្នុងតំបន់អភិរក្ស និងឧទ្យានជាតិវីរៈជ័យ ចូលមកលក់ចែកចាយតាមរោងសិប្បកម្ម នឹងលំនៅដ្ឋានរបស់ប្រពលរដ្ឋនៅក្នុងក្រុងបានលុង ដោយគ្មានញញើតអ្វីទាំងអស់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មួញរកស៊ីដឹកជញ្ជូនឈើក្នុងខេត្តរតនគិរី មួយចំនួនបានបង្ហើបឲ្យដឹងថាឈ្មួញឈ្មោះ ទូច និងចែណាត មានទំនាក់ទំនងល្អយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកអូរជុំ គ្រប់គ្រងដោយលោក ជា កុរណា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូរជុំនឹងគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថានប័នទៀត ទើបអាចគេចផុតពីការបង្ក្រាប។ ដោយសារតែឈ្មួញឈ្មោះ ទូច និងចែណាត អាចបន្តដឹកជញ្ជូនឈើពីស្រុកវ៉ឺនសៃ ក្នុងតំបន់អភិរក្ស និងឧទ្យានជាតិវីរៈជ័យ តាមអំពើចិត្តបែបនេះហើយ ទើបបទល្មើសកាប់ឈើប្រណីតនិងឈើប្រភេទលេខ១ក្នុងតំបន់នោះបន្តកើតឡើងយ៉ាងរាលដាល។ ចំណែកលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទចុចចូលជាច្រើនដងមិនមានអ្នកលើក។ ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោក ជូ ភ័ក្ត្រ មិនអាចសុំការបំភ្លឺបានទេដោយពុំមានលេខទូរស័ព្ទទាក់ទង ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកវ៉ើនសៃបានរិះគន់សមត្តកិច្ចជំនាញពាក់ព័ន្ធថាមិនបានចាត់វិធានការបង្ក្រាបឈ្មួញដុះស្លែឈ្មោះ ទូច និងចែណាត នោះទេព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបណ្ដោយឲ្យបទល្មើសនៅតែរាលដាលឥតឈប់ឈរ ។
ឈ្មួញរកស៊ីឈើក្នុងខេត្តរតនគិរី មួយចំនួនបានឲ្យដឹងថា ការដែលមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាបឈ្មួញឈ្មោះ ទូច និងចែណាត គឺដោយសារឈ្មួញពីរនាក់ប្ដីប្រពន្ធនេះ បង់លុយឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នតាមលំដាប់លំដោយ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីពាក់ព័ន្ធនិងសមត្ថកិច្ចខ្លះទទួលបាន៥០០០ដុល្លារ ៣៥០០ដុល្លារ ២០០០ដុល្លារ និង១៥០០ដុល្លារ ជាប្រចាំខែទើបមិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ទូច និងចែណាត ដែលកំពុងប្រើរថយន្តចំនួន២គ្រឿងដឹកជញ្ជូនឈើខុសច្បាប់យ៉ាង ពេញបន្ទុក។ បញ្ហានេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យមើលខ្លះផងព្រោះបច្ចុប្បន្នបទល្មើសកាប់ឈើក្នុងស្រុកវ៉ឺនសៃ ក្នុងតំបន់អភិរក្ស និងឧទ្យានជាតិវីរៈជ័យ កំពុងកើតឡើងយ៉ាងមហន្តរាយ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍