ប្រវត្តិ​៦២​ឆ្នាំ នៃ​អាសនៈ​កម្ពុជា នៅ​អង្គការសហប្រជាជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

​ភ្នំពេញ ៖ ៣ សប្តាហ៍​កន្លងទៅនេះ​អ្នកនយោបាយ​ពី​អតីត​គណបក្សប្រឆាំង និង​ពី​ខាង​រដ្ឋាភិបាល​បាន​ប្រើ​វោហារ​ស័ព្ទ​តាម​ប្រព័ន្ធ​ឃោសនា​តបត​គ្នា​ទៅវិញទៅមក លើ​ប្រធានបទ​សមាជិកភាព​កម្ពុ​ជា​នៅ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​)​។​

​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចេញផ្សាយ​ថ្ងៃទី ២១ ខែធ្នូ​ក្រោម​ចំណងជើង “​មានការ​ស្នើ​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​” បាន​ទាញ​ចំណាប់អារម្មណ៍​របស់ខ្ញុំ​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​អំពី​ករណីនេះ​។
​ក្នុងន័យនេះ​ខ្ញុំ​សូម​នាំ​មិត្ត​អ្នកអាន​មក​ឈ្វេងយល់​ពី​ប្រវត្តិ​ដើម​នៅពេលដែល​កម្ពុជា​ដាក់ពាក្យ​សុំចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ និង​តើ​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ធ្លាប់​ត្រូវបាន​ព្យួរ​ឬទេ ?
​កម្ពុជា​ដែល​កាលនោះ​ក្រោម​ការដឹកនាំ​របស់​ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានដាក់​ពាក្យស្នើសុំ​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ​តាំងពី ១ ឆ្នាំមុន​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​។
​ការណ៍​នេះ​មានន័យថា​អ្នកដឹកនាំ​សម័យ​នោះ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​អាយុជីវិត​នៃ​ប្រទេស​ដ៏​តូច​មួយ​នេះ និង​យល់​ពី​សារៈសំខាន់​នៃ​ការភ្ជាប់​ខ្លួន​ជាមួយ​ក្លិប​ពហុភាគី​ដ៏​ធំ​នេះ​ព្រោះ​យើង​ដឹង​ច្បាស់​ថា​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ក្រៅពី​ថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​ក៏បាន​ឲ្យ​សារៈសំខាន់​លើ​គោលការណ៍​របស់​សហប្រជាជាតិ​ជាពិសេស​ប្រទេស​មិន​ថា​ធំ ឬ​តូច​មាន​ចំនួន​ប្រជាជន​រាប់​កោដិ ឬ​តិចជាង​កន្លះ​លាន​នាក់​

គឺមាន​សំឡេង ១ ស ដូចគ្នា​នៅ​មហាសន្និបាត​។ ជាងនេះទៀត​ធម្មនុញ្ញ​សហប្រជាជាតិ​បានចែង​អំពី​គោលការណ៍​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​មួយ​។​
​ដោយ​យល់​ពី​គោលការណ៍​សំខាន់​ទាំងនេះហើយ​បានជា​នៅ​ថ្ងៃទី ១៥ ខែមិថុនា​ឆ្នាំ ១៩៥២ រដ្ឋមន្ត្រីការបរទេស ហ៊ុយ កន្ធុល (Huy Kanthoul) របស់​កម្ពុជា​បាន​សរសេរ​លិខិត​ទៅកាន់​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឌេ​ក ហា​ម៉ា​ហ្សូ​ល ដែល​តាមរយៈ​លិខិត​នោះ​កម្ពុជា​បាន​ខិតខំ​បញ្ចុះបញ្ចូល​នូវ​ចំណុច​សំខាន់ៗ​ដូចជា ៖
-​កម្ពុជា ជា​ប្រទេស​ស្រឡាញ់​សន្តិភាព និង​មានការ​ទទួលស្គាល់​ដោយ ៣២ ប្រទេស​។​

-​កម្ពុជា មាន​អ្នកតំណាង​នៅ​បណ្តា​រដ្ឋធានី​ឯទៀត​។ រហូតដល់​ពេលនេះ​អាមេរិក ចក្រភព​អង់គ្លេស ថៃ អ៊ីតាលី និង​អូស្ត្រាលី​បានប្រគល់​សារតាំង​ថ្វាយ ព្រះមហាក្សត្រ​កម្ពុជា​រួចហើយ​។ ទោះ​មិនទាន់​ក្លាយជា​សមាជិក​អង្គការសហប្រជាជាតិ​ក​ម្ពុ​ជា​ជា​សមាជិក​របស់​អង្គការ​ភ្នាក់ងារ​ជំនាញ​របស់ អ​.​ស​.​ប ដូចជា​អង្គការ WHO (​ឆ្នាំ ១៩៥០) FAO (​ឆ្នាំ ១៩៥០) UNESCO (​ខែធ្នូ ឆ្នាំ ១៩៥០) UPU (​ឆ្នាំ ១៩៥១) ITU (​ឆ្នាំ ១៩៥១) និង​អង្គការ​អន្តរជាតិ​ឯទៀត​។​

ក្រោយពី​លិខិត​នេះ​បាន​ទៅដល់​ដៃ​លោក​អគ្គលេខាធិការ​ហើយ​គេ​ត្រូវ​រង់ចាំ​ដល់​ទៅ ៣ ឆ្នាំ​ទើប​កម្ពុជា​បាន​ក្លាយជា​សមាជិក​អង្គការសហប្រជាជាតិ​។ នោះ​គឺ​ដោយសារ​ដំណើរការ​បញ្ចូល​ប្រទេស ១ ជា​សមាជិក​អង្គការសហប្រជាជាតិ​មួយ​ជាដំបូង​ត្រូវអនុម័ត​យល់ព្រម​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បន្ទាប់មក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ត្រូវ​ផ្តល់​អនុសាសន៍​ទៅកាន់​មហាសន្និបាត អ​.​ស​.​ប ដោយ​សំឡេង ២/៣ នៃ​សមាជិក​ទាំងអស់ ៥១ ប្រទេស​នា​សម័យ​នោះ​។

​សូមបញ្ជាក់ថា​ក្រៅពី​កម្ពុ​ជាមាន​ប្រទេស​ជាង ១០ ទៀត​រួមទាំង​ប្រទេស​ជប៉ុន​ផងដែរ​ត្រូវបាន​យកមក​ពិចារណា​ក្នុងពេល​តែមួយ​។
​ប៉ុន្តែ​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ប្រទេស​ជប៉ុន​ត្រូវបាន​បោះឆ្នោត​វេតូ​ដោយ​សហភាពសូវៀត​។ ការណ៍​នេះ​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​ដែល​គាំទ្រ​ជប៉ុន​បាន​តវ៉ា​ដោយ​ប្រើ​ពាក្យសម្តី​ធ្ងន់ៗ​ជាមួយ​សហភាពសូវៀត​។ រហូតដល់​អាមេរិក​និយាយថា​ពាក្យសម្តី​របស់​សហភាព​សូ​វៀត​ទាំង​ប៉ុន្មាន និង​ការជំទាស់​នឹង​ក្លាយជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់​អង្គការសហប្រជាជាតិ​។​

​ក្រោយ​មកក្រោម​ការសម្របសម្រួល​ពី​សំណាក់​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រទេស​ជប៉ុន​ត្រូវបាន​ដក​ចេញពី​បញ្ជី​បេក្ខភាព និង​ត្រូវ​យកទៅ​ពិភាក្សា​ពេល​ក្រោយ​។ ១ ឆ្នាំ​ក្រោយមក​ទើប​ជប៉ុន​បាន​ក្លាយជា​សមាជិក​អង្គការសហប្រជាជាតិ​។​

​កម្ពុជា​បាន​ក្លាយជា​សមាជិក​អង្គការសហប្រជាជាតិ​ព្រម​គ្នា​ជាមួយ​ប្រទេស​ឯទៀត​នៅ​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៥៥ ដូច​មាន​ឯកសារ​សម្គាល់ S/RES/109(1955 របស់​ក្រុមប្រឹក្សាសន្តិសុខ និង A/RES/995(X) របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែល​បានអនុម័ត​នៅ​ថ្ងៃ​ដដែល​។
​ក្រោយ​បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការសហប្រជាជាតិ​រួចរាល់ លោក នង គឹម​នី ដែលជា​តំណាង​ឲ្យ​កម្ពុជា​ក្រៅពី​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​សហប្រជាជាតិ​ដែល​បាន​បញ្ចូល​កម្ពុជា​ជា​សមាជិក​ក៏បាន​សម្តែង ការខកចិត្ត ចំពោះ​ការ​ខ្ទាស់​បេក្ខភាព​ក្នុង​បញ្ជី​តែមួយ​ដែល​ក្នុងនោះ​មាន​ទាំង​កម្ពុជា​ផងដែរ​។

លោក នង គីម​នី បាន​ប្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា ការជំទាស់​នេះ​បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មានការ​សោកស្តាយ​ទូទាំងប្រទេស ព្រោះ​យើង​ដឹង​ច្បាស់​ថា​កម្ពុជា​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ហើយ​ស្របតាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​

​សូមបញ្ជាក់ថា​នាពេល​បច្ចុប្បន្ននេះ​វិញ​ការបញ្ចូល​ប្រទេសមួយ​ជា​សមាជិក ត្រូវការ​យ៉ាងហោចណាស់ ៩ សំឡេង (​លើ ១៥ សំឡេង​) នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ តាម​នីតិវិធី​ប្រសិនបើ​មានការ​ជំទាស់ ឬ​ហៅថា វេតូ ពី​ប្រទេស​មហាអំណាច​ណាមួយ​ដូចជា​៖ អាមេរិក ចិន បារាំង ចក្រភព​អង់គ្លេស ឬ​សហភាពសូវៀត​នោះ​ការ​សើ្ន​សុំចូល​ជា​សមាជិក​ត្រូវ​បរាជ័យ​។ រីឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ត្រូវការ​សំឡេង ២/៣​។​

ចុះ​ចំណែក​ការព្យួរ ឬ​បណ្តេញ​ចេញពី​អង្គការសហប្រជាជាតិ តើ​មាន​ប្រទេស​ណាមួយ​ត្រូវ​ជួបនឹង​បទពិសោធ​នេះ​ឬទេ​?​ជា​ចម្លើយ​ខ្លី​រហូតដល់​ពេលនេះ​មិនមាន​ប្រទេស​ណា​ត្រូវបាន​គេ​បណ្តេញចេញ​ទេ​។​

ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​អនុញ្ញាត​ឲ្យ​មានលទ្ធភាព​ព្យួរ​ប្រទេសមួយ​ពី​សមាជិកភាព​។ តាម​នីតិវិធី​គឺ​ត្រូវ​ផ្តើម​ដោយ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប និង​បន្ទាប់មក​ត្រូវ​បញ្ជូនទៅ​មហាសន្និបាត​អនុម័ត​ដោយ​យក​សំឡេង​២/៣​។ ក្នុង​ប្រវត្តិ​អង្គការសហប្រជាជាតិ​មានតែ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មួយគត់​ដែល​ត្រូវបាន​ព្យួរ​សមាជិកភាព​។
​យោង​វេ​ប​សាយ​ផ្លូវការ​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​អាហ្វ្រិក​ខាងត្បូង​នៅ​ញូវយ៉ក​ឲ្យ​ដឹងថា អាហ្វ្រិក​ខាងត្បូង​ត្រូវបាន​ព្យួរ​នៅ​ឆ្នាំ ១៩៧៤ មិន​ឲ្យ​ចូលរួម​ការងារ​អង្គការសហប្រជាជាតិ​ដោយសារ​កាលនោះ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការរើសអើង​ពូជសាសន៍ (Apartheid)​។ ១២ ឆ្នាំ​ក្រោយមក​ទើប​ប្រទេស​នេះ​ត្រូវបាន​ឲ្យ​ចូលក្នុង​អង្គការសហប្រជាជាតិ​ឡើងវិញ​។
​ចំពោះ​បញ្ហា​ស្តីពី​ការដកខ្លួន​វិញ​នៅ​ឆ្នាំ ១៩៦៥ ឥណ្ឌូនេស៊ី​បានជ្រើសរើស​យក​ការដកខ្លួន​ចេញពី​អង្គការសហប្រជាជាតិ ដោយសារតែ​ខ្លួន​មិន​សប្បាយ​ចិត្តនឹង​ការណ៍​ដែល​ម៉ាឡេស៊ី​ក្លាយជា​សមាជិក​មិន​អចិ​ន្រៃ្ត​យ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ ១៨ ខែក្រោយ​មក​ទើប​ឥណ្ឌូណេស៊ី​បាន​ចូល​អង្គការសហប្រជាជាតិ​វិញ​ដោយ​មិនមាន​ការដាក់​ពាក្យ​សុំចូល​ជា​សមាជិកភាព​ជាថ្មី​នោះទេ​។​

​ចំណែកឯ​កម្ពុជា​វិញ​ពេញ​មួយ​ប្រវត្តិ ៦២ ឆ្នាំ​រហូតដល់​ថ្ងៃនេះ​អង្គការសហប្រជាជាតិ​មិនដែល​បានចេញ​សេចក្តីសម្រេចចិត្ត​ណា​ព្យួរ ឬ​ដក​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ទេ​។ ការប្តូរ​ពី​រដ្ឋាភិបាល​មួយ​ទៅ​រដ្ឋាភិបាល​មួយ​មិន​បានធ្វើ​ឲ្យ​អាសនៈ​របស់​រដ្ឋ​មួយ​នៅ​អង្គការសហប្រជាជាតិ​បាត់បង់​ទេ​។​

​ប៉ុន្តែ​បើ​យោងតាម​លោក បេ​ន្នី វី​ដ្យូ​ណូ អ្នកការទូត​អាជីព​បម្រើការ​ជាមួយ​អង្គការសហប្រជាជាតិ​នា​សម័យ​អ៊ុនតាក់​ដែល​បាន​សរសេរ​សៀវភៅ​ក្រោម​ចំណងជើង​ថា “​រេ​រាំ​ក្នុង​ស្រមោលៈ សីហនុ ខ្មែរក្រហម និង​អង្គការសហប្រជាជាតិ​ក្រោយ​សម័យ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​” បាន​រៀបរាប់​ពី​ការ​ប្រទាញប្រទង់​អាសនៈ​កម្ពុជា​រវាង​រដ្ឋា​ភិ​បាល​មួយ​ទៅ​រដ្ឋាភិបាល​មួយ ហើយ​បាន​បណ្តាល​ឲ្យ​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ត្រូវបាន​ទុក​នៅ​ទំនេរ ២ លើក​។​

លើក​ទី ១ គឺ​ក្រោយ​រដ្ឋាភិបាល​រដ្ឋ​កម្ពុជា​បាន​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​នា​ឆ្នាំ ១៩៧៩ រដ្ឋាភិបាល​ខ្មែរក្រហម​នៅតែ​បន្តកាន់កាប់​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​។ រហូតដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អាសនៈ​កម្ពុជា​ត្រូវបាន​ទុក​ឲ្យ​នៅ​ទំនេរ​នា​ឆ្នាំ ១៩៩០ ដែល​កាលនោះ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៩០ ដែល​តំណាង​ឲ្យ​បណ្តា​ភាគី​ជម្លោះ​។ នៅ​ខែកញ្ញា​ឆ្នាំ ១៩៩១ ឧ​ត្ត​ម​ក្រុម​ប្រឹក្សាជាតិ​ដែល​ដឹកនាំ​ដោយ​អតីត​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ត្រូវបាន​ផ្តល់​អាសនៈ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​

​សូម​កត់សម្គាល់ថា​ចាប់ពី​ឆ្នាំ ១៩៧៩ រដ្ឋាភិបាល​ខ្មែរក្រហម​ជា​តំណាង​ស្របច្បាប់​នៅ​អង្គការសហប្រជាជាតិ​។ តំណាង​ខ្មែរក្រហម​តែង​ឡើង​ថ្លែង​នៅ​មហាសន្និបាត អ​.​ស​.​ប រាល់​ខែកញ្ញា​រហូតដល់​ឆ្នាំ ១៩៨៩ គឺ​លោក សឺ​ន សាន ជា​តំណាង​ឲ្យ​កម្ពុជា​ប្រជាធិបតេយ្យ​បានមក​ថ្លែង​នៅ​មហាសន្និបាត អ​.​ស​.​ប​។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៩០ ជា​ពេលដែល​អាសនៈ​កម្ពុជា​ត្រូវ​ទុក​ឲ្យ​នៅ​ទំនេរ​នៅពេលដែល​កម្ពុជា​កំពុងស្ថិត​ក្នុង​អន្តរកាល​។​​

រហូតដល់​ឆ្នាំ ១៩៩១ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ឯកភាព​លើ​ការបង្កើត​ឧ​ត្ត​ម​ក្រុម​ប្រឹក្សាជាតិ​ដែលមាន​ព្រះអង្គម្ចាស់ នរោត្តម សីហនុ ជា​ប្រមុខ​ទើប​អាសនៈ​កម្ពុជា​នៅ​មហាសន្និបាត​ត្រូវប្រគល់​ឲ្យ​ឧ​ត្ត​ម​ក្រុម​ប្រឹក្សាជាតិ​នេះឯង​។ ដូច្នេះហើយ​ទើប​គេ​ឃើញ​ព្រះអង្គម្ចាស់ នរោត្តម សីហនុ បាន​ឡើង​ថ្លែង​នៅ​មហាសន្និបាត​ក្នុងឋានៈ​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​នៅ​ខែកញ្ញា ឆ្នាំ ១៩៩១​។​

​លើក​ទី ២ ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដោយ​ប្រដាប់អាវុធ​នៅ​កណ្តាល​ក្រុងភ្នំពេញ​រវាង​គណបក្ស​ធំ ២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នា​ថ្ងៃទី ៥-៦ ខែកក្កដា​ឆ្នាំ ១៩៩៧ អាសនៈ​កម្ពុជា​ត្រូវបាន​ប្រទាញប្រទង់​ម្តងទៀត​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ព្រោះ​នាយករដ្ឋមន្ត្រី​ទី ១ និង​នាយករដ្ឋមន្ត្រី​ទី ២ បាន​បញ្ជូន​គណៈប្រតិភូ​ផ្លូវការ​ដោយឡែក​ពីគ្នា​ចូលរួម​កិច្ចប្រជុំ​នា​ខែកញ្ញា​។

​ដើម្បី​រក​ច្រកចេញ​អាសនៈ​កម្ពុជា​ត្រូវបាន​ទុក​នៅ​ទំនេរ​ជាថ្មី​នៅ​ឆ្នាំ​នោះ​តាម​សេចក្តីសម្រេច​លេខ A/52/719 របស់​គណៈកម្មាធិការ​សារតាំង​របស់​អង្គការសហប្រជាជាតិ​។​

​សូមបញ្ជាក់ថា​សម្រាប់​ខែកញ្ញា​ឆ្នាំ ១៩៩៧ និង​ខែកញ្ញា​ឆ្នាំ ១៩៩៨ មិនមាន​តំណាង​កម្ពុ​ជាណា​ឡើង​ថ្លែង​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ទេ​។ ក្រោយ​មាន​រដ្ឋាភិបាលចម្រុះ​មួយ​ថ្មី​ទើប​គេ​ឃើញ​សម្តេច ហ៊ុន សែន បាន​អញ្ជើញ​មក​ថ្លែង​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ខែកញ្ញា​ឆ្នាំ ១៩៩៩​។​

​ជាការ​វាយតម្លៃ​កម្ពុជា​ជា​ប្រទេស​តូច និង​ក្រ​ដែល​ប្រទេស​នេះ​ចាំបាច់​ត្រូវ​ស្ថិតក្នុង​ក្លិប ឬ​ស្ថិតក្នុង​ក្រុម​ជាមួយ​គេឯង ជាពិសេស​ដូចជា​អង្គការ​តំបន់ អាស៊ាន និង​អង្គការសហប្រជាជាតិ ឬ​អង្គការ​ធំៗ​ឯទៀត​ទោះជា​ត្រូវ​រង​ការលំបាក​ក្នុង​ការបង់​វិភាគទាន​ប្រចាំឆ្នាំ​ក៏ដោយ​នេះ​គឺ​ដើម្បី​ថែរក្សា​អធិបតេយ្យ និង​មាន​សំឡេង​ដូច​គេ​នៅលើ​ឆាក​អន្តរជាតិ​។ ការរស់នៅ​ដាច់​ពី​គេ​នឹងធ្វើ​ឲ្យ​កម្ពុជា​ចុះខ្សោយ និង​អាច​រង​ការទន្ទ្រាន​ពី​ប្រទេសជិតខាង និង​អាណានិគម​។ សូម​អាន​សៀវភៅ​ក្រោម​ចំណងជើង​ថា “​តើ​គេ​ធ្វើ​អ្វីខ្លះ​នៅ​អង្គការសហប្រជាជាតិ​?”៕ ប្រភព ៖ ភ្នំពេញ​ប៉ុស្តិ៍​