កម្ពុជា អាមេរិក ចុះហត្ថលេខា​លើ​អនុស្សរណៈ​ការយោគយល់​គ្នា និង​សហប្រតិបត្តិការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែមករា ឆ្នាំ​២០១៨ បាន អញ្ជើញ​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​មជ្ឈមណ្ឌល អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។

​ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​នោះ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​មានប្រសាសន៍​សាទរ ចំពោះ​កិច្ចសហការ រវាង ក្រសួង​ការងារ និង អង្គការ ACILS នាពេល​កន្លងមក រហូត​ឈានដល់​ការចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ក្នុងថ្ងៃនេះ​។​

​ឯកឧត្តម​បណ្ឌិត​បញ្ជាក់ទៀតថា កន្លងមក​ក្រសួង ក៏មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អង្គការ ACILS បើទោះជា​មិនមាន​ក្របខណ្ឌ​ជា​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក៏ដោយ​។ តែ​នេះ​ជា​លើកដំបូង ដែល​កិច្ចសហប្រតិបត្តិការ​នេះ​ឈានដល់​ការរៀបចំ​ឱ្យមាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​នឹង​ធ្វើឱ្យ​ភាពជា​ដៃគូ​រវាង​ក្រសួង និង​អង្គការ ACILS កាន់តែ​ល្អប្រសើរ​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ នឹង​ក្លាយជា​ក្របខណ្ឌ​ដ៏​សំខាន់​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អង្គការ ACILS ដែល​នឹង​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​ការងារ​នៅ​កម្ពុជា​។​

​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា តាមរយៈ​ក្របខណ្ឌ នៃ​កិច្ចសហប្រតិបត្តិការ​ពេលនេះ យើង​នឹង​រួមគ្នា​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ សំដៅ​ឆ្លើយតប​ទៅនឹង​គោលបំណង​ដែល​បានកំណត់​ក្នុង​អនុស្សរណៈ ដែល​នឹង​ចុះហត្ថលេខា​រួមគ្នា​នេះ ជាពិសេស កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សុខភាព​និង​សុវត្ថិភាព​ការងារ និង​ការអភិវឌ្ឍ​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ ដែលជា​ជំហាន​ដំបូង​នៃ​ការអនុវត្ត​ក្របខណ្ឌ​នេះ​។​

​ជាមួយគ្នា​នោះ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា អនុស្សរណៈ​នេះ នឹង​ក្លាយជា​ក្របខណ្ឌ​សំខាន់​មួយ សម្រាប់​ប្រតិបត្តិការ​របស់​អង្គការ ACILS កាន់តែ​ទូលំទូលាយ​ក្នុង​វិស័យ​ការងារ ក៏ដូចជា​ផ្ដល់នូវ​ភាពស្របច្បាប់​សម្រាប់​ប្រតិបត្តិការ​ការងារ​រប​ស់​ខ្លួន អនុលោម​តាមច្បាប់​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរ​រំឭក​ផងដែរ​ថា កម្ពុជា​បាននិងកំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ក្នុងការ​អនុវត្ត​ការផ្សាភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​លក្ខខណ្ឌ​ការងារ​។ តាមរយៈ​កិច្ចសហការ​នេះ កម្ពុជា​បាន​ខិតខំ​ពង្រឹង​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ដែល​ឆ្លើយតប​ទៅនឹង​កង្វល់​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​អ្នកបញ្ជា​ទិញ​ធំៗ​របស់​សហរដ្ឋអាមេរិក សហជីព និយោជក កម្មករនិយោជិត​។

​ជា​លទ្ធផល កម្ពុជា​នៅតែ​រក្សាបាន​ទីផ្សារ និង​កិត្យានុភាព​ទំនិញ​ដែល​ផលិត​នៅ​កម្ពុជា ព្រមទាំង​ការអនុគ្រោះ​នានា​។ តាមរយៈ​នេះ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការបញ្ជាទិញ​ពី​សហរដ្ឋអាមេរិក​នៅតែ​បន្ត​កើន​ឡើងជា​លំដាប់ ទាំង​ផលិតផល​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត ស្បែកជើង ក៏ដូចជា​ទំនិញ​សម្ភារៈ​ធ្វើដំណើរ​៕