រតនគិរី៖លោក អ៊ូ សុធី នាយកគ្រប់គ្រង បរិស្ថាន និងដែនជម្រកសត្វព្រៃលំផាត់ កាលពីពេលថ្មីៗនេះ បានសារភាពប្រាប់អ្នកយកព័ត៌មាន «មេគង្គប៉ុស្តិ៍»ថា លោកមិនមែនមានភ្នែក១០០ ដៃ១០០០នោះឡើយ លោកមើលមិនអស់ទេ ខណៈដែលប្រជាពលរដ្ឋក្នុងតំបន់បានមើលឃើញពីការកាប់បំផ្លាញព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់លោកបានកើតមានឡើងយ៉ាងគគ្រឹកគគ្រេង។
មជ្ឈដ្ឋានប្រជាពលរដ្ឋ ពិសេសបងប្អូនជនជាតិភាគតិច បានរាយការណ៍ឲ្យដឹងថា ពួកគាត់មានការព្រួយបារម្ភ និងឈឺចាប់យ៉ាងខ្លាំងដោយសារព្រៃឈើដ៏មានតម្លៃជាសម្បត្តិធម្មជាតិតំណែលពីដូនតារបស់បងប្អូនជនជាតិដើមភាគតិចដែលធ្លាប់រស់នៅអាស្រ័យផល ត្រូវបានអ្នកមានសិទ្ធិអំណាចក្នុងតំបន់ឃុបឃិតគ្នាកាប់បំផ្លាញស្ទើររលាយហិនហោចក្រោមលេសវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ឬមូលហេតុផ្សេងៗ។
ប្រភពបន្តថា ក្រោមស្លាកវិនិយោគដីសម្បទានសេដ្ឋកិច្ច ញ៉ាំងឲ្យក្រុមហ៊ុនមួយចំនួនមានឱកាសបំពានច្បាប់ចូលកាប់បំផ្លាញឈើប្រណីតយ៉ាងរង្គាលហើយមិនឃើញមានការអភិវឌ្ឍន៍អ្វីជាដុំកំភួនឡើយ។
មន្ត្រីជំនាញមួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា តំបន់ដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិសាស្ត្រជាប់ស្រុកលំផាត់ និងស្រុកកូនមុម ខេត្តរតនគិរី ព្រំប្រទប់ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ដែលឋិតក្រោមការគ្រប់គ្រងរបស់លោក អ៊ូ សុធី ក៏មានក្រុមហ៊ុនមួយចំនួនកៀងគរពលរដ្ឋឲ្យចូលកាប់ឈើប្រណីតយកមកលក់ឲ្យខ្លួនយ៉ាងអនាធិបតេយ្យដែរ ហើយទិដ្ឋភាពបំផ្លាញព្រៃឈើដោយចំហ និងដឹកចេញយ៉ាងគគ្រឹកគគ្រេងជាងគេនេះគឺក្រុមហ៊ុន ពេជ្រ ឫទ្ធសី Co.Ltd ក្រោមលេសថា ជាឈើស្របច្បាប់ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួន។
មន្ត្រីដដែលបន្តថា ក្រុមហ៊ុន ពេជ្រ ឫទ្ធសី Co.Ltd របស់លោកឧកញ៉ា ពេជ្រ ឫទ្ធសី រួមនិងលោក អ៊ូ សុធី កំពុងធ្វើឲ្យបងប្អូនជនជាតិដើមភាគតិចក្នុងខេត្តរតនគីរីភាគឦសាននៃប្រទេសកម្ពុជាកើតក្តីក្តៅក្រហាយឥតឧបមា ហើយពួកគាត់បានត្រឹមតែឈរមើលបង្ហូរទឹកភ្នែកទាំងក្តីសោកស្តាយប៉ុណ្ណោះ ព្រោះពួកគាត់គ្មានសង្ឃឹមលើអាជ្ញាធរដែនដីជួយអន្តរាគមន៍ទប់ស្កាត់នោះឡើយ។
គួរជម្រាបថា ព្រៃឈើកំពុងរងការកាប់បំផ្លាញ់នោះគឺស្ថិតនៅចំណុចដែនជម្រកសត្វព្រៃលំផាត់ និងស្រុកកូនមុម ខេត្តរតនគីរី ដែលព្រៃទាំងនោះស្ថិតនៅក្រោមការឃ្លាំមើលនិងគ្រប់គ្រងដោយក្រុមមន្ត្រីបរិស្ថានក្នុងខេត្តរតនគិរី។ចំណែកក្រុមហ៊ុន ពេជ្រ ឫទ្ធសី Co.Ltd ត្រូវគេរាយការណ៍ថា គ្មានច្បាប់ទម្លាប់ត្រឹមត្រូវទេគឺជ្រកក្រោមស្លាកក្រុមហ៊ុន ដូនពេញ។
មានការចោទសួរថា តើមានមូលហេតុអ្វីខ្លះទៅ បានជាក្រុមមន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះ មិនស្វាហាប់ដាក់ការស៊ើបអង្កេតឲ្យបានហ្មត់ចត់ចំពោះការកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សរបស់ខ្លួន។
លោក អ៊ូ សុធី នាយកគ្រប់គ្រងបរិស្ថាន និងដែនជម្រកសត្វព្រៃលំផាត់ នៅពេលសួរនាំយោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ស្តីពីក្រុមហ៊ុន ពេជ្រ ឫទ្ធសី ថាបានលួចកាប់ឈើចេញពីក្នុងតំបន់ការពារដែនជម្រកសត្វព្រៃ លោកបានថ្លែងថា “លោកឧកញ៉ា សី គឺមានក្រុមហ៊ុនមួយនៅប្រមូលផល អនុផលព្រៃឈើនៅក្នុងតំបន់របស់ខ្ញុំ មិនមែនមានតែក្រុមហ៊ុនឧកញ៉ាសី តែមួយនោះទេ គឺមានដល់ទៅ៦ក្រុមហ៊ុនឯណោះ គឺមានបង់ពន្ធត្រឹមត្រូវ មានអន្តរក្រសួង មានក្រុមការងារចុះមកវាស់វែងដើម្បីបង់ពន្ធ”។ លោកបានថ្លែងថា “ក្រុមហ៊ុនប្រមូលផល អនុផលព្រៃឈើទាំងអស់ វាស្ថិតនៅក្នុងដែនការពារ និងនៅក្នុងដីសម្បទានសេដ្ឋកិច្ច ។ខ្ញុំមិនមែនមានភ្នែក១០០ ដៃ១០០០ ងណា ដូច្នេះខ្ញុំមើលមិនអស់ទេ ” ។
មជ្ឈដ្ឋានផ្សេងទៀត បានចាត់ទុកបទល្មើសព្រៃឈើដែលកំពុងកើតមានដូចសេក្តីរាយការណ៍ខាងលើនេះ គឺមិនមែនដោយសារលោក អ៊ូ សុធី ខ្វះសមត្ថភាពទប់ស្កាត់នោះឡើយ ប៉ុន្តែលោកប្រើវិធី ភ្នែកម្ខាងបិទ ភ្នែកម្ខាងបើក ដើម្បីផលប្រយោជន៍អ្វីម្យ៉ាង។
លោកអ៊ូ សុធី បានថ្លែងទាំងមានមោទនភាពថា “មានវិទ្យុអាស៊ីសេរី កាសែតCambodia daily កាសែតភ្នំពេញប៉ុស្តិ៍ និងព័ត៌មានមួយចំនួនទៀតបានធ្វើការចុះផ្សាយអំពីខ្ញុំ មិនមែនទើបតែកាសែត«មេគង្គប៉ុស្តិ៍»ប៉ុណ្ណោះទេ ដែលផ្សាយពីខ្ញុំនោះ ប៉ុន្តែការផ្សាយនោះខ្ញុំមិនបានខ្វាយខ្វល់ទេ” ។
ដោយឡែកលោកឧកញ៉ា សី ដែលជានាយកក្រុមហ៊ុន ពេជ្រ ឫទ្ធសី Co.Ltd “មេគង្គប៉ុស្តិ៍»មិនអាចស្វែងរកការបំភ្លឺជុំវិញការចោទប្រកាន់អំពីការធ្វើជំនួញឈើខុសច្បាប់ដែលរាជរដ្ឋាភិបាលបានចាត់ទុកថា ការកាប់បំផ្លាញព្រៃឈើបទឧក្រិដ្ឋនោះឡើយ”។
តាមរយៈ«មេគង្គប៉ុស្តិ៍»បងប្អូនជនជាតិដើមភាគតិច បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងនេសាទ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល មេត្តាស៊ើបអង្កេតករណីដូចសេចក្តីខាងលើនេះឲ្យបានឆាប់ផង បើមិនដូច្នេះទេ សម្បត្តិធម្មជាតិក្នុងតំបន់ដែនជម្រកសត្វព្រៃនឹងត្រូវគេឃុបឃិតគ្នាកាប់បំផ្លាញគ្មានសល់ឡើយ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានរង់ចាំមើលដោយទទូចថា តើរាជរដ្ឋាភិបាលកម្ពុជានឹងមានចំណាត់ការចំពោះក្រុមហ៊ុន ឬមន្ត្រីរាជការដែលកំពុងឃុបឃិតគ្នាធ្វើជំនួញព្រៃឈើដោយខុសច្បាប់នោះបែបណា ? ។ប៉ុន្តែបើសិនជាគ្មានវិធានការអ្វីសោះនោះ អំពើពុករលួយនៃបទល្មើសព្រៃឈើនឹងស៊ីរូងកាន់តែជ្រៅ ហើយគណបក្សកាន់អំណាចនឹងបាត់បង់ប្រជាប្រីយ៍ភាពក្នុងការដណ្តើមជោគជ័យនាពេលបោះឆ្នោតខាងមុខជាមិនខាន៕ស រ
ឧកញ៉ា វ័យក្មេង ឬទ្ធសី
លោក អ៊ូ សុធី
ឈើប្រណីត របស់ឧកញ៉ា សី (ថតកាលពីថ្ងៃទី១ ខែមេសា២០១៥)
ស្នាក់ការក្រុមហ៊ុន ពេជ្រ ឬទ្ធសី
ឈើរាប់ម៉ឺនម៉ែត្រគូបរបស់ឧកញ៉ា សី (ថតនៅថ្ងៃទី១មេសា២០១៥)