ស្ទឹងត្រែង៖ឈើប្រណីតប្រភេទលេខ១ លេខ២ លេខ៣ ត្រូវបានគេដឹកជញ្ជូនពីតំបន់នានា យកមកដាក់នៅតំបន់បាតអាងនៃក្រុមហ៊ុនសាងសង់ទំនប់សេសានក្រោម២ ជារៀងរាល់ថ្ងៃ។ សកម្មភាពនេះ គឺផ្ទុយគ្នាស្រលះពីការអះអាងរបស់អភិបាលខេត្តស្ទឹងត្រែង ថាគ្មានការដឹកជញ្ជូនពីតំបន់ផ្សេងយកមកផ្ទុកតំបន់បាតអាង និងថា ឈើតំបន់បាតអាងគឺក្រុមហ៊ុនដុតកម្ទេចចោលទាំងអស់។
គំនរឈើដែលមុខកាត់ធំៗ មានកម្ពស់ស្មើក្បាលមនុស្ស មានទាំងឈើកំពុងច្នៃ និងឈើមិនទាន់ច្នៃ ត្រូវបានគេដឹកយកទុកជាច្រើនកន្លែងក្នុងភូមិសាស្ត្រ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងតំបន់បាតអាងរបស់ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២។
មូលហេតុដែលនាំយកឈើពីតំបន់ផ្សេងមកផ្ទុកក្នុងកន្លែងត្រូវបាន គេដឹងថា ដើម្បីយកឈើខុសច្បាប់ធ្វើឲ្យក្លាយជាឈើស្របច្បាប់ ដើម្បីនាំចេញដោយមិនបាច់បង់ពន្ធ ឬបង់ពន្ធជូនរដ្ឋក្នុងតម្លៃទាប សំឡេងរណាយន្តច្រៀកឈើក៏កំពុងលាន់ទ្រហឹងពេញព្រៃដែរ។ ឈើខ្លះត្រូវបានគេទម្លាក់ចោលតាមផ្លូវក្នុងព្រៃ និងឈើផ្សេងទៀត ក្រុមកម្មករអារច្រៀក កែច្នៃមុននឹងដឹកជញ្ជូនចេញទៅតំបន់ផ្សេង។
ជួតក្បាលនឹងក្រមាដើរកាត់ព្រៃប្រាប់ពីកន្លែងផ្ទុកឈើជាពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន លោក ភូម៉ា វ៉ាន់ ឲ្យដឹងថា ឈើដែលគេដឹកជញ្ជូនមកតំបន់បាតអាង ភាគច្រើនដឹកពីកន្លែងផ្សេងគ្នាៗ ដូចជាឧទ្យានវីរជ័យ និងស្រុកសៀមប៉ាង ជាដើម ដែលមានចម្ងាយជាង ២០គីឡូម៉ែត្រ ព្រោះតំបន់ទាំងនោះសំបូរឈើប្រណិត។ ពលរដ្ឋរូបនេះឲ្យដឹងទៀតថា សកម្មភាពនេះកើតឡើងចាប់តាំងពីមានសកម្មភាពសំអាតបាតអាងរបស់ ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ម៉េះ្ល៖ «ឥឡូវអស់ ឈើនៅទីនេះ អាមុខ២ម៉ែត្រអីអត់មានទេ។ កម្មករគេច្រើនណាស់។ កន្លែងដឹកឈើហ្នឹងថាមិនឲ្យគេចូលម៉េច? គេចូលរាល់ថ្ងៃ»។
តំបន់បាតអាងជាកន្លែងសម្រាប់ផ្ទុកទឹករបស់ទំនប់វារីអគ្គិសនី សេសានក្រោម២ មានទំហំ ៣៦.០០០ហិកតារ។ តំបន់បាតអាងត្រូវគេសំអាតឲ្យរាបស្មើ ដូច្នេះក្រុមហ៊ុនសាងសង់ទំនប់នេះ មានសិទ្ធិកាប់ព្រៃឈើទាំងនោះដោយស្របច្បាប់។
ប្រជាពលរដ្ឋរស់នៅតំបន់នេះ ឲ្យដឹងថា តំបន់បាតអាងពុំសូវមានឈើប្រណិតទេ។ ដោយឡែកឈើដែលត្រូវគេដឹកជញ្ជូនយកទុកក្នុងនៅទីនេះ រួមមាន ឈើធ្នង់ ឈើទាល ឈើត្រាច ជាដើម និងឈើខ្លះទៀតជាប្រភេទដើមឈើយកជ័ររបស់ជនជាតិដើមភាគតិចអាស្រ័យ ផល។
បុរសជនជាតិដើមភាគតិចឡាវ លោក សា ទុយ និយាយទាំងសោកស្ដាយថា នៅពេលនេះ ដើមឈើជ័រទឹកដែលលោក និងអ្នកភូមិធ្លាប់ប្រមូលផល ត្រូវបានគេកាប់រំលំអស់ហើយ។ លោកស្នើឲ្យថ្នាក់ដឹកនាំគិតគូរពីជនជាតិដើមភាគតិចដែលពឹងអាស្រ័យ លើអនុផលព្រៃឈើ៖ «ក្មេងជំនាន់ក្រោយបាត់បង់ទាំងលំនៅឋាន និងបាត់បង់ឈើធ្វើផ្ទះ។ ខ្ញុំអ្នកតូចតាចបានត្រឹមតែស្រែកមិនដឹងរកអ្នកណាឲ្យជួយទេ»។
ថ្លែងប្រាប់គណៈកម្មការទី៣នៃរដ្ឋសភា ទទួលបន្ទុកកសិកម្ម បរិស្ថាន ផែនការ វិនិយោគ កាលពីចុងខែមីនា អភិបាលខេត្តស្ទឹងត្រែង លោក កុល សំអុល និយាយថា គ្មានការដឹកជញ្ជូនឈើពីតំបន់ណាយកមកផ្ទុកក្នុងតំបន់បាតអាងឡើយ។ លោកអភិបាលពន្យល់ថា ក្រុមហ៊ុនសាងសង់ទំនប់បានដុតបំផ្លាញឈើទាំងនោះ ព្រោះដឹកចេញក៏មិនចំណេញ។ ផ្ទុយពីការលើកឡើងនេះ ឈើមុខកាត់ពីកន្លះម៉ែត្រ ទៅ ២ម៉ែត្រ ប្រវែងពី ៨ម៉ែត្រ ទៅ ១៥ម៉ែត្រ ត្រូវគេដឹកយកទុកពេញព្រៃតំបន់បាតអាង ក្នុងពេលព្រៃបាតអាងនៅទីនោះមិនទាន់កាប់រំលំ។
ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ទទួលបន្ទុកកសិកម្ម បរិស្ថាន ផែនការវិនិយោគ លោក ប៉ុល ហំម យល់ថា អាជ្ញាធរខេត្តស្ទឹងត្រែង គ្មានសមត្ថភាពត្រួតពិនិត្យការងារឲ្យបានដិតដល់។ មួយវិញទៀត លោកបន្តថា អាជ្ញាធរខេត្តនេះមានចេតនាថ្លែងរឿងមិនពិតប្រាប់មកគណៈកម្មការទី៣ រដ្ឋសភាក្នុងពេលសាកសួរកន្លងមក៖ «រដ្ឋាភិបាលនិងស្ថាប័នពាក់ទងត្រូវធ្វើរឿងនេះបន្ថែមទៀត»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ប៉ុន សារឿន ដែលធ្លាប់ចុះអង្កេតរឿងព្រៃបាតអាងប្រាប់ថា តំបន់ដែលដឹកជញ្ជូនឈើនេះ ហួសដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន គឺស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងកសិកម្ម ឬអាជ្ញាធរខេត្តស្ទឹងត្រែង។ ដូច្នេះលោកមិនអាចឆ្លើយបំភ្លឺរឿងនេះឡើយ៖ «ដែនដីនោះមិនស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងបរិស្ថានទេ។ ប៉ុន្តែទោះយ៉ាងណាក៏ខ្ញុំអរគុណដែរដែលបានប្រាប់រឿងនេះ»។
តំណាងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ លោក កៅ វ៉ាងអ៊ី នៅថ្ងៃទី៤ ខែមេសា បដិសេធមិនផ្ដល់បទសម្ភាសន៍ ដោយលោកនិយាយថា លោកមិនស្គាល់វិទ្យុអាស៊ីសេរី៖ «ខ្ញុំមិនស្គាល់វិទ្យុអាស៊ីសេរី ឬអាស៊ីផ្ដាច់ការអីទេ កុំទូរស័ព្ទរំខានខ្ញុំទៀត»។
ទាក់ទងរឿងនេះដែរ អភិបាលរងខេត្តស្ទឹងត្រែង និងជាអ្នកនាំពាក្យសាលាខេត្ត លោក ដួង ពៅ ឲ្យដឹងថា លោកមិនទាន់ដឹងរឿងនេះនៅឡើយទេ។ លោកអភិបាលរងខេត្តបន្តទៀតថា អាជ្ញាធរខេត្តនឹងសាកសួរទៅអ្នកពាក់ព័ន្ធដើម្បីអន្តរាគមន៍រឿងនេះ៖ «ខ្ញុំមិនដឹងរឿងនេះទេ ព្រោះព្រៃបាតអាងមានក្រុមហ៊ុនម៉ៅការមួយ ប៉ុន្តែខ្ញុំអរគុណហើយដែលផ្ដល់ព័ត៌មាននេះ»។
ōអង្គការបណ្ដាញទន្លេបី រកឃើញថា ករណីដឹកជញ្ជូនឈើពីកន្លែងផ្សេងមកដាក់ក្នុងតំបន់បាតអាង និងដឹកឈើចេញពីតំបន់បាតអាងទៅកន្លែងផ្សេង គឺធ្វើឡើងយ៉ាងអនាធិបតេយ្យអស់ច្រើនឆ្នាំមកហើយ គឺគ្មានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ផ្លូវស្ពានមួយចំនួនត្រូវខូចខ្ទេចដោយរថយន្តដឹកឈើនេះ។ ប្រភពខ្លះថា អ្នកដែលទទួលបន្ទុកសំអាតបាតអាង ចំណេញលុយពីការដឹកជញ្ជូនឈើរហូតបានងារជាឧកញ៉ាថែមទៀតផង។
ថ្លែងប្រាប់គណៈកម្មការទី៣រដ្ឋសភាកាលពីថ្ងៃទី២៩ ខែមីនា អ្នកសម្របសម្រួលបណ្ដាញទន្លេបី លោក មៀច មាន ឲ្យដឹងថា ឈើដឹកចេញពីបាតអាងភាគច្រើនចេញទៅខេត្តក្រចេះ និងទៅប្រទសវៀតណាម ហើយភាគច្រើនគឺគេដឹកនៅពេលយប់។
ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ថាក្រោយពីទទួលព័ត៌មាននេះ លោកនឹងកោះអញ្ជើញរដ្ឋមន្ត្រីមួយចំនួន និងអ្នកពាក់ព័ន្ធមកឆ្លើយបំភ្លឺនៅរដ្ឋសភា ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់នៅឡើយទេ៕