សមាជិក​ព្រឹទ្ធសភា​អាមេរិក ៖ កម្ពុជា​ត្រូវ​កំណត់​ជោគវាសនា​ដោយ​ខ្លួនឯង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2018 ក+ ក-

​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ចាត់ទុក​កម្ពុជា​មិត្ត​របស់​សហរដ្ឋអាមេរិក មិនមែនជា​សត្រូវ​ទេ ដោយ​ប្រទេស​ទាំងពីរ​នឹង​អាច​ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ខាង​វិស័យសេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត ។​

​លោក​ឌើ​ក អ៊ី​រីក​សិន (Doug Ericksen) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នៃ​រដ្ឋ​វ៉ា​ស៊ី​ង​តោន បាន​ថ្លែង​បញ្ជាក់​ទៅកាន់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​៧ ខែឧសភា​នេះ​ថា សហរដ្ឋអាមេរិក និង ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​មិត្ត​របស់​សហរដ្ឋអាមេរិក មិនមែនជា​សត្រូវ​ទេ​។

​ប្រទេស​ទាំងពីរ មិនចាំបាច់​អោយមាន​ភាព​តានតឹង​រវាង​គ្នា​នោះទេ គឺ​មានតែ​បង្កើន​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ ជាពិសេស តាមរយៈ​ឆន្ទៈ​ដ៏​រឹងមាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​អាចធ្វើ​ការសហការ​ជាមួយ​លោក ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ ដើម្បីអោយ​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​។ ដោយ​លោក​សមាជិក​ព្រឹទ្ធសភា​អាមេរិក មើលឃើញថា​កម្ពុជា​ថ្វី​ត្បិត​មាន​ប្រជាពលរដ្ឋ​ប្រមាណ​១៦​លាន​នាក់​មែន ប៉ុន្តែ​កម្ពុជា​ជា​ប្រទេសមួយ​មាន​សារៈសំខាន់ ក្នុង​តំបន់ ហើយ​ពិភពលោក​ក៏​មិនអាច​ប្រាប់​ប្រទេស​កម្ពុជា ថា​ត្រូវ​ដឹកនាំ​ប្រទេស​បែបណា​នោះទេ មានតែ​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ ដែលជា​អ្នកកំណត់​ជោគវាសនា​ខ្លួនឯង​។ នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់​របស់ លោក បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី នៅក្រោយពេល​ជំនួប​ទ្វេភាគី​នេះ បញ្ចប់​។ ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ប្រទេស​ទាំងពីរ​គ្មាន​ហេតុផល​អ្វីដែល​ធ្វើ​ជាស​ម្រូ​វ​ជាមួយគ្នា​នោះទេ​។ ជាក់ស្តែង​ប្រទេស​ទាំងពីរ​បានធ្វើការ​ជាមួយគ្នា​ចាប់តាំងពី ឆ្នាំ​១៩៦៥ មកម្ល៉េះ ដូចនេះ ប្រទេស​ទាំងពីរ​នឹង​បន្ត​កិច្ចការ​ជាមួយគ្នា​បន្ថែមទៀត​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយ​។ ទ​ន្ទឺ​ម​នេះ ឯកឧត្តម ឌើ​ក​អេ​រិ​កសាន់ រួម​និង​សមាជិក​គណៈប្រតិភូ​អាមេរិក ក៏បាន​កោតសរសើរ​កា​រដឹក​នាំ​របស់​សម្តេច​តេ​ជោ ដែល​ជាក់ស្តែង​ធ្វើអោយ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ទាំង​សេដ្ឋកិច្ច និង​សន្តិភាព ស្ថេរភាព​នយោបាយ​។

​លោក ចង់អោយ​ប្រជាពលរដ្ឋ​អាមេរិក និង​អ្នកវិនិយោគ​អាមេរិក អាចមក​ឃើញ​ស្ថានភាព​កម្ពុជា​ជាក់ស្តែង នៃ​ដំណើរការ​អភិវឌ្ឍ​រប​ស់​កម្ពុជា​សព្វថ្ងៃ​តែម្តង​។

​ជាងនេះទៀត ដោយ​មើលឃើញថា កម្ពុជា​ជា​ប្រទេស​ល្អ និង​មាន​ប្រជាពលរដ្ឋ​ដ៏​ល្អ ដូចនេះ សហរដ្ឋអាមេរិក​ចង់​អោយមាន​កិច្ច​សហ​ប្រតិ​ប្តិ​ការ និង​ការពង្រឹង​មិត្តភាព​បន្ថែមទៀត ជាមួយ​កម្ពុជា ទាំង​ខាង​វិស័យសេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត ជាពិសេស លើ​វិស័យ​កសិកម្ម ដោយ​ទីក្រុង​វ៉ាស៊ីនតោន អាចធ្វើ​ការនាំ​ផ្លែ​ប៉ោម ទឹកដោះគោ ចូលមក​កម្ពុជា រីឯ​កម្ពុជា​អាច​នាំចេញ អង្ករ និង​កសិផល​ផ្សេងទៀត​ទៅកាន់​រដ្ឋ​វ៉ា​ស៊ី​ង​តោន​វិញ​បានដែរ​។

​ឆ្លើយតប​ក្នុង​ចំនុច​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​សហរដ្ឋអាមេរិក ជាទូទៅ​មាន​លក្ខណៈ​ជិតស្និទ្ធ និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា ដូចជា វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរ​ណ៌ និង​វិនិយោគ ជាដើម​។ ប៉ុន្តែ​កន្លងមក​ក៏មាន​ដំណាក់កាល​ប្រឈម​មួយចំនួន​ដែរ​។ ទ​ន្ទឺ​ម​នោះ សម្តេច​តេ​ជោ បាន​លើកឡើងថា អ្នក​ដែល​យល់​ពី​ប្រទេស​កម្ពុជា​ដែរនោះ គឺ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ​។ ចំនុច​សំខាន់​មួយទៀត ដោយសារ​នា​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខនេះ កម្ពុជា​មានការ​បោះឆ្នោត​ជាតិ ដែលមាន​គណបក្ស​ជាច្រើន​ចូលរួម គឺ​ឈរលើ​ប្រព័ន្ធ​លិទ្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូចនេះ សម្តេច ស្វាគមន៍​នូវ​ការវិល​ត្រឡប់មកវិញ របស់​ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ក្នុងអំឡុងពេល រៀបចំ​ការបោះឆ្នោតជាតិ​នេះ ដើម្បី​ចូលរួម​អង្កេត​ការ​ណ៌ ។

​បន្ថែម​ពីនេះ​នៅក្នុង​ជំនួប​នេះដែរ សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក ដែល​បានផ្តល់​អាហា​រូប​ករ​ណ៌​សម្រាប់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​អាមេរិក​ផងដែរ​។ ជាពិសេស នាពេល​ខាងមុខនេះ លោក នឹងមាន​ឳ​កាស​ជួប​ជាមួយ​សមាជិក​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្សេងទៀត រួមទាំង​កូន​របស់​សម្តេច​ទាំងបី​ដែល​ធ្លាប់​សិក្សា​នៅ​សហរដ្ឋអាមេរិក​តែម្តង ៕​