ភ្នំពេញ៖អតីតកងទ័ពខ្មែរក្រហម បន្តសម្ដែងមោនភាពដែលបានរំដោះទីក្រុងភ្នំពេញចេញពីការគ្រប់គ្រង របស់របបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ទោះបីមានរយៈពេល ៤០ឆ្នាំហើយក៏ដោយ អតីតទាហានខ្មែរក្រហមទាំងនោះ នៅតែចងចាំគ្រប់សកម្មភាពនៃថ្ងៃដំបូងដែលពួកគេបានដើរចូលទីក្រុង ភ្នំពេញ ដោយមានការស្វាគមន៍ និងអបអរសាទរជ័យជម្នះពីពលរដ្ឋទៀតផង។
អតីតទាហានខ្មែរក្រហម មិនទាន់បំភ្លេចទេចំពោះព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលពួកគេទទួលបានជ័យជម្នះលើកងទ័ព លន់ នល់។ ពួកគេអះអាងគ្រប់ៗគ្នាថា ថ្ងៃទី១៧ មេសា ជាថ្ងៃប្រវត្តិសាស្ត្រដែលកម្ពុជា រួចផុតពីរបបសក្ដិភូមិ ជារបបជិះជាន់ឋិតក្រោមឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ មានរយៈពេល ៤០ឆ្នាំហើយក្រោយដែលកងទ័ពកម្ពុជាប្រជាធិបតេយ្យគ្រប់គ្រងទីក្រុង ភ្នំពេញ និងជាថ្ងៃនៃការចាប់ផ្ដើមជម្លៀសពលរដ្ឋប្រមាណ ២លាននាក់ចេញពីទីក្រុងភ្នំពេញ និងទីក្រុងផ្សេងទៀត ទៅធ្វើការដោយបង្ខំនៅតំបន់ជនបទ។
ទោះបីមានរយៈពេល ៤០ឆ្នាំហើយក៏ដោយ ក៏អតីតទាហានខ្មែរក្រហម លោក ថោង ធន នៅតែចងចាំថ្ងៃដែលលោក និងទាហានខ្មែរក្រហមផ្សេងទៀត បានសម្រុកចូលមកទីក្រុងភ្នំពេញ។ លោកចងចាំថា ទិដ្ឋភាពថ្ងៃទី២ គឺថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញនោះ លោកមានក្តីរំភើបសប្បាយរីករាយ ដោយពលរដ្ឋអ្នកទីក្រុងភ្នំពេញបង្ហាញការស្វាគមន៍កងទ័ពរំដោះជាកងទ័ព ខ្មែរក្រហម បន្ទាប់ពីការវាយប្រហារសង្គ្រាមស៊ីវិលជាច្រើនឆ្នាំមក និងមានការទម្លាក់គ្រាប់បែករបស់អាមេរិកផងនោះមក។ លោក ថោង ធន ថា ពេលលោកកំពុងដើរចូលទីក្រុងភ្នំពេញនោះ លោកមានមោនភាពដែលលោកបានចូលរួមរំដោះកម្ពុជា ទៅជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ៖ «នឹងបានសន្តិភាព។ កម្មករ និងកសិករឡើងកាន់អំណាច និងមានការគោរពសិទ្ធិមនុស្ស។ មិនត្រឹមតែប៉ុណ្ណោះទេ ពេលនោះក៏គេប្រើពាក្យប្រជាធិបតេយ្យដែរ។ ខ្ញុំអរគិតថា កសិករគេចផុតពីការជិះជាន់»។
ចំណែក លោក ឃិន ពន់ អតីតមន្ត្រីភស្តុភារកងទ័ពខ្មែរក្រហម ដែលត្រូវបានបញ្ជាឲ្យមកទីក្រុងភ្នំពេញនៅថ្ងៃទី១៧ មេសា ដើម្បីប្រមូលជ័យភណ្ឌក្រោយសង្គ្រាមនៅទីក្រុងភ្នំពេញទៅជនបទ សម្រាប់ប្រើប្រាស់នោះ រំឭកឡើងវិញថា ពេលលោកចូលដល់ភ្នំពេញនោះ លោកសង្កេតឃើញមានទាហាន លន់ នល់ បានបោះបង់ចោលសម្ភារៈយោធា និងរថយន្តយោធាជាច្រើន។ ចំណែកនៅតាមបន្ទាយទាហានវិញ មានលើកទង់ក្រណាត់សដែរ៖ «មានការត្រេកអរ។ គេឲ្យទៅយកឡាន យើងចង់បានឡានចេះតែទៅនឹងគេ។ មិនមែនតែយើងទេ ពួកទាហានជិះម៉ូតូ»។
បទពិសោធន៍ថ្ងៃទី១៧ មេសា របស់ លោក ឃិន ពន់ មិនខុសពីអតីតមន្ត្រីភស្តុភារម្នាក់ទៀត គឺលោក អ៊ិត សំអាត។ ថ្ងៃចូលទីក្រុងភ្នំពេញលើកដំបូងនោះ លោកមិនបាននឹកស្មានថា ខ្មែរក្រហមបានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតទាល់តែសោះក្នុងរយៈពេលជិត ៤ឆ្នាំនោះ៖ «មុនដំបូង ខ្ញុំអរសប្បាយដូចមនុស្សទូទៅដែរ អត់គិតថាទៅកុម្មុយនីស្តទៅសង្គមនិយមអ្វីទេ។ គេធ្វើលាក់កំបាំងពីឆ្នាំ៧០ ទៅ ៧៥ គេមិនដែលនិយាយយរឿងបក្សរឿងអ្វីទេ ស្រាប់តែឈ្នះភ្នំពេញទើបមានទង់ជាតិកណ្ដៀវទៅ កាលមុនមានទង់ជាតិក្រហម កាលមិនទាន់ឈ្នះ»។
ការសប្បាយរីករាយរបស់ពលរដ្ឋនៅទីក្រុងភ្នំពេញនោះ មិនបានប៉ុន្មានផង ស្រាប់តែពួកទាហានខ្មែរក្រហម បានទទួលបទបញ្ជាថ្មីទៀតឲ្យជម្លៀសពលរដ្ឋពីទីក្រុងភ្នំពេញទៅជនបទ វិញ។ ក្តីសប្បាយរបស់ពលរដ្ឋទីក្រុងភ្នំពេញ ត្រូវបានផ្លាស់ប្ដូរទៅជាទុក្ខសោកនាដកម្មវិញ បន្ទាប់ពីខ្មែរក្រហមចាប់ផ្ដើមជម្លៀសពួកគាត់ចេញពីទីក្រុង។
អតីតអ្នកយកព័ត៌មានក្រសួងឃោសនាការ ក្នុងជំនាន់ខ្មែរក្រហម លោក ថោង ធន បន្ថែមទៀតថា ពលរដ្ឋទីក្រុងភ្នំពេញធ្លាក់ទឹកចិត្តភ្លាម នៅពេលខ្មែរក្រហមតម្រូវឲ្យពួកគេចេញពីទីក្រុងភ្នំពេញទៅជនបទ។ លោកថា ប៉ុន្មានថ្ងៃដំបូងនោះមិនទាន់មានការសម្លាប់នៅឡើយទេ។ ពលរដ្ឋនៅទីក្រុងនៅពេលដើរចេញពីទីក្រុងដោយរំពឹងថា នឹងបានមកវិញ ទោះបីជាពួកគេព្រួយបារម្ភពីស្បៀងអាហារ និងអង្ករបរិភោគនៅតាមផ្លូវក៏ដោយ៖ «ដំបូងកាលថ្ងៃទី១៧ និង ១៨ ហ្នឹងគាត់មានការសប្បាយរីករាយនៅឡើយ។ ដល់ថ្ងៃទី១៩ និង ២០ គាត់ចាប់ផ្តើមក្រៀមក្រំហើយ។ គាត់ពិបាករឿងដើរ អ្នកនៅទីក្រុងភ្នំពេញគាត់ជាឈ្មួញ ឬអ្នកដែលមិនដែលអត់ដល់ដើរឃើញគាត់អត់»។
លោក ថោង ធន បន្ថែមទៀតថា លោកទទួលបានបញ្ជាពីថ្នាក់ដឹកនាំលោកថា ត្រូវជម្លៀសពលរដ្ឋពីទីក្រុង ពីព្រោះខ្លាចទាហានអាមេរិកទម្លាក់គ្រាប់បែកក្នុងក្រុង ប៉ុន្តែធាតុពិត គឺដើម្បីសន្តិសុខ និងដើម្បីងាយស្រួលគ្រប់គ្រងពលរដ្ឋទូទៅ និងអតីតទាហាន លន់ នល់ ទៅវិញទេ។
លោកបន្ថែមទៀតថា លោកមិនដែលនឹកស្មានថា របបខ្មែរក្រហមដែលជាក្តីសង្ឃឹមរបស់លោក បានបណ្ដាលឲ្យវិនាសប្រទេសជាតិ។ លោកថា ដំបូងឡើយលោកស្ម័គ្រចិត្តធ្វើទាហានខ្មែរក្រហមតាមការអំពាវនាវរបស់ អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចនរោត្តម សីហនុ៖ «ជំនាន់នោះស្មាន តែសម្ដេចនោះជាប្រមុខដឹកនាំ ប៉ុន្តែបានតែមួយឆ្នាំពីរទៅបានដឹងថា ចលនានេះមិនមែនសម្ដេច សីហនុ ជាអ្នកគ្រប់គ្រងទេ។ មានក្រុមមួយទៀតជាក្រុម ប៉ុល ពត។ មិនបានគិតអ្វីគិតឲ្យតែបានវាយរបប លន់ នល់ និងរំដោះ នឹងនាំសម្ដេចឳឲ្យចូលស្រុក»។
ទោះបីជាយ៉ាងណាក៏ដោយ លោកបន្តសម្ដែងការគាំទ្ររបបខ្មែរក្រហម ដោយសារតែរបបនោះមិនបណ្ដាលឲ្យបាត់បង់អធិបតេយ្យភាព សម្បត្តិធម្មជាតិ ថ្វីត្បិតតែមានការសម្លាប់មនុស្សក៏ដោយ។ លោកថា ប្រសិនបើរបបខ្មែរក្រហមមានលទ្ធភាពគ្រប់គ្រងរយៈពេលវែងនោះ របបនោះពិតជារីកចម្រើនមិនខាន៖ «ខ្ញុំដឹងថាពីគោលនយោបាយរបស់ ខ្មែរក្រហម ១៧ មេសា ភ្លាម ចាប់ផ្ដើមរៀបរយពលរដ្ឋចេញពីទីក្រុងភ្នំពេញ។ ដល់ខែវស្សា កងទ័ពទាំងអស់ធ្វើស្រែតែម្តង អត់គោ អូសមនុស្ស ពាក្យខ្មែរឲ្យបានបាយហូបសិន»។
ចំណែក លោក អ៊ិត សំអាត ក៏បន្តកោតសរសើររបបខ្មែរក្រហមដែរ ប៉ុន្តែលោកបានស្ដីបន្ទោសក្រុមខ្មែរក្រហមមួយចំនួន ដែលធ្វើផ្ទុយទៅនឹងគោលនយោបាយខ្មែរក្រហម បង្កើតឲ្យមានភាពអត់ឃ្លាន និងសម្លាប់មនុស្ស៖ «កាលពី ១៧ មេសា ហ្នឹង ប៉ុល ពត ខុសមួយចំនួនធំ ប៉ុន្តែគាត់ត្រូវមួយចំនួនធំដែរ។ គាត់មិនឲ្យមនុស្សភ្លើតភ្លើនទេ»។
មិនមែនអតីតខ្មែរក្រហម សុទ្ធតែពេញចិត្តនឹងរបបជិតបួនឆ្នាំនោះទេ លោក ឃិន ពន់ អះអាងថា របបខ្មែរក្រហមត្រូវផ្ដួលរំលំនោះដោយសារតែមេដឹកនាំខ្មែរក្រហម លោក ប៉ុល ពត បានប្រើប្រាស់យុទ្ធសាស្ត្រកម្ចាត់កាកសំណល់សង្គ្រាម ដែលបណ្ដាលឲ្យមន្ត្រីក្នុងទាហានខ្មែរក្រហមខ្លះមិនពេញចិត្ត៖ «បោស សម្អាតកាកសំណល់មិនថាតែពួក ១៧ មេសា ទេ គេហៅពួក ១៧ មេសា អ្នកនៅភ្នំពេញ អ្នករាជការ អ្នកដែលមិនធ្វើការតាមអង្គការ មិនធ្វើតាមបដិវត្តន៍ គេធ្វើការបោសសម្អាតជាបុគ្គលទេ បោសសម្អាតជាចរិត»។
ចាប់តាំងពីកងទ័ពខ្មែរក្រហមចូលកាន់កាប់អំណាចពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មក យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរប្រមាណពីរលាននាក់ត្រូវបានស្លាប់។ បច្ចុប្បន្ន អតីតមេដឹកនាំខ្មែរក្រហមចំនួនបីរូប ត្រូវបានសាលាក្តីខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយ ជីវិត។ សាលាក្តីខ្មែរក្រហម ក៏បានចោទប្រកាន់អតីតមន្ត្រីជាន់ខ្ពស់ខ្មែរក្រហមបន្ថែមចំនួនបី នាក់បន្ថែមទៀត ដើម្បីកាត់ទោសចំពោះឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម៕RFA
ទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
រូបថតឯកសារនៃសារមន្ទីរគុកទួលស្លែង