៦​ខែ​ដើម​ឆ្នាំនេះ CDC អនុម័ត​គម្រោង​វិនិយោគ​មាន​ទំហំ​ទឹកប្រាក់​៣​ពាន់​៥​រយ​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2018 ក+ ក-

​ភ្នំពេញ ៖ បើទោះបីជា​ឆ្នាំ ២០១៨​នេះ​ជា​ឆ្នាំ ដែល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ​ក្តី តែ​ការបណ្ដាក់ទុន​វិនិយោគ​នានា​ទាំងពី​ក្រៅ​និង​ក្នុងប្រទេស មកលើ​កម្ពុជា​នៅតែមាន​កំណើន​ដដែល ជាក់ស្ដែង​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ ២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​១០៦​គម្រោង ស្មើនឹង​ទឹកប្រាក់​ប្រមាណ​៣​ពាន់​៥​រយ​លាន​ដុល្លារ​អាមេរិក​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអោយដឹងថា ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ ២០១៨ រឺ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែលជា​ស្ថាប័ន​ផ្ដល់​អាជ្ញាប័ណ្ណ​អនុញ្ញាតិ​អោយ​វិនិយោគិន​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​នោះ បាន​យល់ព្រម​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ១០៦​គម្រោង ក្នុងនោះ​គម្រោង​ថ្មី​សុទ្ធសាធ ចំនួន​៩៧ និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៩ គម្រោង ។

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ បានបញ្ជាក់​ផងដែរ​ថា ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង​១០៦​គម្រោង​នេះ មាន​ទុនវិនិយោគ​សរុប ចំនួន ៣.៥០០​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាន​ចំនួន​ប្រមាណ​ជិត​១០​ម៉ឺន​កន្លែង ។ តាម​តួលេខ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ មានការ​កើនឡើង​ចំនួន ១៩​គម្រោង ប្រៀបធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៧ ខណៈពេលដែល​ទំហំ​ទុនវិនិយោគ​មានការ​កើនឡើង​ចំនួន ១៤% ជាពិសេស ការវិនិយោគ​លើ​វិស័យ​កសិកម្ម​និង​ក​សិ​-​ឧស្សាហកម្ម មានការ​កើនឡើង​ខ្លាំង រហូតដល់​ទៅ ៧៧% ។

​ជាមួយគ្នានេះ ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​មានការ​កើន​ទ្បើង ២២% ដែល​ក្នុងនោះ​គម្រោង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មាន​ការ​កើន​ទ្បើង​ចំនួន ៨​គម្រោង ពី​១៥​គម្រោង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ មក​២៣​គម្រោង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ។ ជារួម តួលេខ​វិនិយោគ​នេះ​បានបង្ហាញ​ឱ្យឃើញ​នូវ​និន្នាការ​នៃ​ការវិនិយោគ​ដែលមាន​ការកើនឡើង នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ដោយ​មិនមាន​សញ្ញា​នៃ​ការរារែក ឬ​ការ​បង្អែរ​បង្អង់​ក្នុងការ​បណ្តាក់ទុន​វិនិយោគ​ឡើយ ។

​បើតាម​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​លើកឡើងថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ក៏ដូចជា​ការបណ្ដាក់ទុន​វិនិយោគ​ពី​សំណាក់​វិនិយោគិន​ក្នុងស្រុក ក្នុងប្រទេស​កម្ពុជា​នឹង​នៅតែមាន​ជា​ហូរហែ​ព្រោះ មា​លក្ខខណ្ឌ​ជាច្រើន​ដែល​វិនិយោគិន​បរទេស​និង​ក្នុងស្រុក​បណ្ដាក់ទុន​និ​យោគ ដើម្បី​រកប្រាក់​ចំណេញ ឬ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ លោក ភឿង សុភ​ណ្ឌ រដ្ឋលេខា​ធិ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា កម្ពុជា​ប្រៀប​បីដូច​ជា​នំ​មួយ​ដុំ ដ៏​គួរអោយ​ចង់​ញ៉ាំ​ពី​សំណាក់​វិនិយោគិន ជាពិសេស​វិនិយោគិន​ក្រៅប្រទេស ជាក់ស្ដែង​ស្ថានភាព​ទាំង​សេដ្ឋកិច្ច នយោបាយ និង បរិយាកាស​ធម្មជាតិ​សុទ្ធតែ​អំណោយផល​ដល់​ការវិនិយោគ ។ លោក​ថា កម្ពុជា​មិនដែល​មាន​គ្រោះ​រញ្ជួយ​ដី ផ្ទុះ​ភ្នំភ្លើង ខ្យល់ព្យុះ​សាហាវៗ ដូច​បណ្ដា​ប្រទេស​ផ្សេងៗ​មួយចំនួន​នោះទេ ៕

​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ក៏បានផ្ដល់​ជាម​តិ​ដូចគ្នានេះដែរ ហើយ​ថា កម្ពុជា​គួរតែ​ងាក​ទៅរក​ការផលិត​ណា​ដែលមាន​តម្លៃបន្ថែម​ខ្ពស់​ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​រង្វង់​៧​ភាគរយ ក្នុង​មួយឆ្នាំ ។

​គួរបញ្ជាក់​ផងដែរ​ថា ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា មាន​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​នៅតាម​បណ្ដា​រាជធានី ខេត្ត​មួយចំនួន កំពុងអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​និង​បានផ្ដល់​កម្លាំង​ពលកម្ម​ដល់​ពលរដ្ឋ​រាប់លាន​នាក់ ដូចជា​នៅ​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ខេត្តកោះកុង និង​ខេត្តបន្ទាយមានជ័យ​ជាដើម​។

​នាពេល​កន្លងមក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ក៏បាន​ប្រកាស​ដែរ​ថា កម្ពុជា​នឹង​បង្កើត​តំបន់​ប៉ូល​សេដ្ឋកិច្ច​ថ្មី​មួយទៀត នៅ​ភូមិភាគ​ឥសាន រួមមាន​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង មណ្ឌលគិរី ដែលជា​ខេត្ត​មាន​សក្តានុពល​ខ្លាំង​ខាង​វិស័យ​ដំណាំ​កសិឧស្សាហកម្ម ៕​