គយ​ច្រក​អន្តរជាតិ​គីឡូ​១៣ បិទ​ការ​នាំចូល​ត្រី​ចំណី​ក្រពើ និង​បង្វិល​លុយ​ដាក់​ខែ​សង​ឈ្មួញ​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 August, 2018 ក+ ក-

​បាត់ដំបង ៖ បន្ទាប់ពី​មានការ​ចុះផ្សាយ ពី​អង្គភាព​សារព័ត៌មាន មេគង្គ​ប៉ុស្តិ៍ ពាក់ព័ន្ធ​ករណី​យកលុយ​ដាក់​ខែ​ពី​ក្រុម​ឈ្មួញ នាពេល​កន្លងមក ស្ថាប័នគយ​ច្រកទ្វារ​អន្តរជាតិ​គីឡូ​១៣(​ហៅ​ច្រក​ភ្នំ​ដី​)​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បញ្ឈប់​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ត្រី​ក្លាសេ​ចូល​ពី​ប្រទេស​ថៃ ដែល​សម្រាប់​ធ្វើជា​ចំណី​ឲ្យ​ក្រពើ​ស៊ី​នៅ​ខេត្តសៀមរាប តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខាងលើនេះ​ទៀតហើយ និង​ក៏បាន​បង្វិល​លុយ​ដាក់​ខែ​សង​ម្ចាស់​ដើម​វិញ​ផងដែរ​។​

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍ ថា មួយរយៈ​ដែល​ស្ថាប័នគយ​ច្រកទ្វារ​ខាងលើ បាន​បិទ​មិន​ឲ្យ​នាំ​ត្រី​ក្លាសេ​សម្រាប់​ធ្វើជា​ចំណី​ក្រពើ​នោះ គឺ​ក្រពើ​នៅ​ខេត្តសៀមរាប ត្រូវ​ខ្វះខាត​ចំណី​អស់​មួយរយៈ ។ ប្រភព​បន្តថា ប្រាក់​ដែល​ក្រុម​ឈ្មួញ​រកស៊ី​នាំ​ត្រី​ក្លាសេ​ពី​ថៃ​ចូល​កម្ពុជា ត្រូវ​បង់​ដាក់​ខែ​ឲ្យ​ទៅ​ស្ថាប័នគយ​មួយខែៗ ១​លាន ២​សែន​រៀល ជា​រៀងរាល់ខែ​នោះ ត្រូវបាន​លោក​មេ​គយ​ធ្វើការ​ចែកជា​ពីរ​ចំណែក គឺ​ឲ្យ​ទៅ​កូនចៅ​មួយចំណែក​ក្នុង​មួយខែៗ ៤០​ម៉ី​ន​រៀល និង​មួយចំណែក​ទៀត លោក​មេ​គយ​ទុក​ខ្លួនឯង​ចំនួន ៨០​ម៉ី​ន​រៀល ។ ប៉ុន្តែ ក្រោយពេល​ផ្ទុះ​រឿង​ពុករលួយ​ឮ​ដល់​បណ្តាញ​ព័ត៌មាន លោក មេ​គយ​បញ្ជា​ឲ្យ​ហៅ​ក្រុម​ឈ្មួ្ញ​ញ​មក​ទទួល​យកលុយ​ពុករលួយ​ដាក់​ខែ​នោះ​ត្រឡប់​ទៅវិញ អមដោយ​ការហាមឃាត់ មិន​ឲ្យ​នាំចូល​ត្រី​ក្លាសេ​នោះ​ទៀតឡើយ​។

​ប្រភព​ដដែល​បន្តថា ករណី​អំពើរ​ពុករលួយ​នេះ មិនមែន​ទើបតែ​កើតមាន​នោះទេ គឺមាន​យូរហើយ ទើប​ធ្វើ​ឲ្យ​ម​ជ្ឈ​ដ្ឋា​មួយចំនួន​បាន​រិះគន់​ឥត​សំចៃមាត់​ទេ រហូត​លេចឮ​ដល់​បណ្តាញ​ព័ត៌មាន ទើប​ធ្វើ​ឲ្យ​លោក​គយ កើតការ​ខឹងសម្បារ​ឈានដល់​ការ​បង្វិល​លុយ​ដាក់​ខែ​សង​វិញ និង​ប្រកា​សបិទ​ច្រក​តែម្តង ដែល​ទង្វើ​នេះ ត្រូវបាន​ក្រុម​ឈ្មួញ និង​ប្រជាពលរដ្ឋ​បាន​ចាត់ទុកថា ជាការ​ផ្ចាញ់ផ្ចាល​ដើម្បី​សងសឹក​។

​ប្រភព​បាន​រំលឹក​ពី​ការ​ត្អូញត្អែរ​របស់​ក្រុម​អ្នករក​ស៊ីថា ប្រជាពលរដ្ឋ​ដែលមាន​គំនិត​បើក​រកស៊ី​ស្របច្បាប់ ដើម្បី​ច​ញ្ចឹ​ម​ក្រុមគ្រួសារ​នោះ គឺជា​ការល្អប្រសើរ ដែល​អាចជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​ការធ្វើ​ចំណាកស្រុក​ផងដែរ​។​តែ​ផ្ទុយ​ទៅ​ស្ថាប័នគយ​ច្រកទ្វារព្រំដែន​អន្តជាតិ​ខាងលើនេះ បែរជា​ធ្វើ​ផ្ទុយ​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ទៅវិញ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ នៅ​មុនពេល​បែកធ្លាយ​រឿង​ពុករលួយ​នៅ​ច្រកទ្វារ​មួយ​នេះ អស់លោក​គយ បាន​ប្រើ​តួនាទី និង​អំណាច​ក្នុង​ស្ថាប័នរដ្ឋ​ជំរិត​ទារលុយ​ដាក់​ខែ ឬ​រាប់​ក្បាល​ឡាន​យកលុយ​ដោយ​កំហិត​ឲ្យ​បង់ប្រាក់​យ៉ាង​ចាស់ដៃ គ្មាន​ការលើកលែង​មួយ​ករណី​ណា​ឡើយ បើទោះបីជា​មានការ​អង្វរ​ឲ្យ​បន្ធូរបន្ថយ​តម្លៃ​ក៏ដោយ​។​

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ មិនអាច​សុំ​ការពន្យល់​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដូចខាងលើ​នេះ​បានទេ ដោយសារ​លោក អ៊ុយ វិត ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​គីឡូ​១៣ ឬ​ច្រក​ភ្នំ​ដី មិន​ទទួល​ទូរស័ព្ទ​៕