​ឆ្នាំ​២០១៩ កម្ពុជា​ត្រូវការ​កម្ចី ១​ពាន់ ៩​រយ​លាន​ដុល្លារ​ពី​បរទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2018 ក+ ក-

​ភ្នំពេញ ៖ បើតាម​ផែនការ​នៅក្នុង​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់ថា កម្ពុជា ត្រូវការ​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍ ក្នុង​កម្រិត​១​ពាន់​៤០០​លាន អេស​ដេ​អ៊ែរ​(SDR) រឺ​ប្រហែលជា​១​ពាន់​៩​រយ​លាន​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​អាទិភាព​ចំនួន​២៥​។​

​សេចក្តីព្រាង​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ គឺជា​របៀបវារៈ​សំខាន់​មួយ នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​២៦ ខែតុលា​នេះ​។ យោងតាម​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បង្ហាញថា គិត​ត្រឹម​ដំណាច់ ខែកញ្ញា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំពាក់​បំណុល​សាធារណៈ​ក្រៅប្រទេស សរុប​ជាង ៦​ពាន់​៨២៥​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស ដែល​កម្ពុជា ជំពាក់​ច្រើនជាងគេ គឺ​ប្រទេស​ចិន មាន​ប្រមាណ​៤៨.៣​ភាគរយ នៃ​ចំនួន​បំណុល​សរុប​។

នៅក្នុង​សេចក្តីព្រាងច្បាប់​នេះ ក៏​បង្ហាញ​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ពិ​ដាន​ក្នុង​ការខ្ចី​ថ្មី​សម្រាប់​ឆ្នាំ ២០១៩ ក្នុង​កម្រិត​១​ពាន់​៤០០​លាន អេស​ដេ​អ៊ែរ ដែល​តាម​ការបញ្ជា​ក់នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក របស់ ឯកឧត្តម ផៃ ស៊ី​ផាន ចំនួន​កម្ចី​ថ្មី​នេះ ស្មើនឹង​ប្រមាណ​១​ពាន់​៩​រយ​លាន​ដុល្លារ សម្រាប់ គម្រោង​ចំនួន​២៥ នៅក្នុង​ចំណោម​គម្រោង សរុប​ចំនួន​៣២ ក្នុងនោះ អាច​នឹងមាន​ការចុះហត្ថលេខា​កម្ចី ជាមួយ ធនាគារពិភពលោក ចំនួន​២​គម្រោង​!​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​៥​គម្រោង​! ជាមួយ មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​កសិកម្ម ១​គម្រោង​! ជាមួយ​រដ្ឋាភិបាល​ចិន​៧​គម្រោង​! ជាមួយ​ជប៉ុន​២​គម្រោង​! កូរ៉េ​៣​គម្រោង​! បារាំង​៣​គម្រោង​! ថៃ​១​គម្រោង​! ឥណ្ឌា​១​គម្រោង​។ គួរ​កត់សំគាល់ថា ផែនការ​កម្ចី​បរទេស​ទាំងនេះ នឹង​ប្រើ​ប្រាស់ក្នង​គោលដៅ​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​រយៈពេល​មធ្យម និង​វែង សម្រាប់​វិស័យ​អាទិភាព​មួយចំនួន ដូចជា វិស័យ​ថាមពល​! វិស័យ​ធារាសាស្ត្រ​! វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ៕