រកឃើញ​មឹក​ស្រស់​ផ្ទុក​សារធាតុ​គីមី​លក់​ក្នុង​ផ្សារ​ដើម​ក្រឡាញ់ ខេត្តសៀមរាប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2018 ក+ ក-

​សៀមរាប ៖ មន្ត្រី​សមត្ថកិច្ច​ជំនាញ​ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ​ម្ហូបអាហារ បន្លែ ត្រី​សាច់ ចំនួន​១៦​មុខ ដោយ បាន​រកឃើញ​មាន​សារធាតុ​គីមី Formaline ហាមឃាត់​មួយ​ប្រភេទ​នៅក្នុង មឹក​ស្រស់ ប្រមាណ​ជិត ៤​គ​.​ក្រ ដែល​បងប្អូន អាជីវករ​ដាក់លក់​នៅ​ក្នុង​ផ្សារ​ដើម​ក្រឡាញ់ ឃុំ​គោកចក នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​មន្ដ្រី​កាំកុងត្រូល​បានធ្វើ​ការវិភាគ​បឋម​ដោយ​ប្រើ​តេស្ដ​ឃី​ត ទៅលើ​ម្ហូបអាហារ​ចំនួន​១៦ គំរូ ដូចជា​៖ សណ្តែកបណ្តុះ សរសៃ​មី​លឿង មី​លឿង​សំប៉ែត លត គុយទាវ​សរសៃ (​ធំ​-​តូច​) គុយទាវ (​ភ្នំពេញ​, បាត់ដំបង​) ប្រហិត​សាច់គោ ជ្រក់ស្ពៃ ខ្ញី​ហាន់ មឹក ៣​គំរូ បង្គា ២​គំរូ​។

​ចំពោះ មឹក​ស្រស់​ចំនួន​៣,៥​គីឡូក្រាម ដែលមាន​ផ្ទុក​សារធាតុ​គីមី​នេះ ត្រូវបាន​មន្ត្រី​កាំកុងត្រូល ដក ហូត​យកទៅ​កម្ទេចចោល និង​បានធ្វើ​ការណែនាំ​ដល់​អាជីវករ​ឲ្យ​យល់ដឹង​អំពី​សុវត្ថិភាព​ម្ហូបអាហារ ពិសេស សូមកុំ​ផលិត ឬ​យក​ទំនិញ​គ្មាន​គុណភាព ឬ​មាន​សារធាតុ​គីមី ហាមឃាត់​មក​ដាក់លក់​បន្ត ទៀត​៕