អនីតិជន​កំពុង​ជាប់ឃុំ​នៅ​កម្ពុ​ជាមាន​ជាង​១៥០០​នាក់ ក្នុងនោះ​១៥២​នាក់​ជា​ទណ្ឌិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2018 ក+ ក-

​ភ្នំពេញ ៖ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ មាន​អនីតិជន​ចំនួន ១.៥៥៨​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ៨៩​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទាំង ២៨​កន្លែង នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្នុងចំណោម​អ្នក​ទាំង នេះ​មាន​អនីតិជន​ជា​ទណ្ឌិត​ចំនួន ១៥២​នាក់ ហើយ​ពន្ធនាគារ​ដែល​ឃុំឃាំង​អនីតិជន​ច្រើនជាង គេ​មាននៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តបន្ទាយ មានជ័យ​។

​នេះ​ជាការ​បង្ហើប​ឲ្យ​ដឹង ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ កាលពី​រសៀល ថ្ងៃទី​២១ ខែធ្នូ ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ប្រតិបត្តិ​ដើម្បី​អនុវត្ត ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន ដែល​ក្រសួង​សង្គមកិច្ច អតីតយុទ្ ធជន និង​យុវ​នី​ត​សម្បទា និង ក្រសួងយុត្តិធម៌ រួមគ្នា​រៀបចំ​ផែនការ​នេះ​ឡើង ដែលមាន​រយៈ ពេល ៣​ឆ្នាំ ២០១៨-២០២០​។​

សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​ថា ភូមិសាស្ត្រ​ទាំងបី​ខាងលើនេះ​អាច​ចាត់ទុក ជា​វិញ្ញាសារ​អនុវត្ត​សម្រាប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុងការ​ពិនិត្យ សិក្សា និង​វាយតម្លៃ ដើម្បី​ធ្វើយ៉ាងណា​បង្កើន​ការផ្តល់សេវា​សមស្រប ដោយ​អនុលោម​តាម ច្បាប់ និង​ផែន​ការដែល​បាន​បង្កើតឡើង​នេះ សំដៅ​ធានា​ដល់​សិទ្ធិ និង​ផលប្រយោជន៍​របស់ អនីតិជន​។ សម្តេច​បាន​គូសបញ្ជាក់ថា ជាការ​ពិតណាស់ យើង​មិនដែល​ចង់​ឲ្យ​មានការ​ឃុំ ឃាំង​ណាមួយ​នោះទេ ទោះបី​អនីតិជន​ក្តី ឬ​នីតិជន​ក្តី ដោយ​បច្ចុប្បន្ននេះ​កម្ពុជា​កំពុង​ខិតខំ ជំរុញ​ការអនុវត្ត​យន្តការ​ដើម្បី​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ចំនួន​ជន​ជាប់ឃុំ​ក្នុង​ពន្ធនា គារ ហើយ​ដូចគ្នានេះដែរ​ចំពោះ​អនីតិជន​ការបង្កើតឡើង​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​ផែន ការ​ប្រតិ ប​ត្តិ​នាពេលនេះ ពិត​ជាមាន​សារសំខាន់ ចាំបាច់ និង​សមស្រប ដើម្បី​អនុវត្ត​កម្មវិធី​បង្វែរ​ពី​ការ ឃុំខ្លួន និង​កម្មវិធី​ស្តារនីតិសម្បទា​ឲ្យ​អស់​លទ្ធភាព​។

ពិតណាស់ថា រាល់​ការឃុំខ្លួន​វា​មិន​សុទ្ធ តែ​ផ្តល់​ផល​ជា​វិជ្ជមាន​នោះទេ ព្រោះថា​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ កម្មវិធី​ស្តារ​នីតិ សម្បទា​មិនទាន់មាន​គុណភាព និង​បញ្ហា​បរិស្ថាន​ក្នុង​ពន្ធនាគារ អាច​បង្ក​ផលប៉ះពាល់​ដល់ សុខភាព​ផ្លូវចិត្ត និង​ធ្វើ​ឲ្យ​អនីតិជន​មិន​រាងចាល ហើយ​បែរជា​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ជាង​មុន ដោយសារ​ពួកគេ​ទទួល​ឥទ្ធិពល​មិនល្អ​ពី​ជនល្មើស​ដទៃទៀត​នៅក្នុង​ពន្ធនាគារ ហើយ​ម្យ៉ាង វិញទៀត​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នាពេល​បច្ចុប្បន្ន​នេះ​ក៏​ពុំ​ផ្តល់​លក្ខណៈ​អំណោយផល និង ល​ក្ខ័​ណ្ឌ​សមរម្យ​ដល់​ការ​ស្តារនីតិសម្បទា​អនីតិជន​ទំនាស់​នឹង​ច្បាប់​នោះ​ផងដែរ​។ នេះ​ជា ការបញ្ជាក់​បន្ថែម​រប​ស់ស​ម្តេច​ក្រឡាហោម ស ខេង ដោយ​សម្តេច​សង្ឃឹម និង​ជឿជាក់ថា ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ប្រតិបត្តិ​ដើម្បី​អនុវត្ត​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន នេះ​ក៏​នឹង​ជួយ​កាត់បន្ថយ​ចំនួន​អនីតិជន​ក្នុង​ពន្ធនាគារ និង​ក៏​ធ្វើ​ឲ្យ​ប្រព្រឹត្តិកម្ម​ទៅនឹង​អនីតិជន កាន់​តែមាន​ភាពល្អប្រសើ​រ និង​មានការ​គិតគូរ​វែងឆ្ងាយ​ដល់​អនាគត​នៃ​យុវជន​ជំនាន់​ក្រោយ ដោយ​ផ្តល់ឱកាស​សមស្រប​ដល់​ពួកគេ​ក្នុងការ​កែប្រែ​គំនិត និង​ទទួលបាន​សេវា​អប់រំ ការ ប្រឹក្សា​យោបល់ ដើម្បី​ក្លាយជា​ធនធាន​ដ៏​មានតម្លៃ និង​មាន​ប្រយោជន៍​សម្រាប់​ក្រុមគ្រួសារ និង សង្គមជាតិ​។

នាឱកាស​នេះដែរ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នី​ត​សម្បទា លោក វង សូត និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍ​នា សុទ្ធតែ​បានលើកឡើង​ថា កុមារ ឬ​ហៅថា​អនីតិជន គឺជា​ធនធាន​ដ៏​សំខាន់​សម្រាប់​បន្តវេន​អភិវឌ្ឍ​ប្រទេសជាតិ​នា​ថ្ងៃ​អនាគត ហើយ​កុមារ​ក៏​ជា​ជន​ដែល​អាច​នឹង​ងាយ​រងគ្រោះ​ផងដែរ​។ ហេតុនេះហើយ ការគិតគូរ​អំពី​ការ ធានា ការការពារ​សិទ្ធិ និង​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ គឺជា​កាតព្វកិច្ច​មួយ ក្នុងចំណោម​កាត​ព្វ កិច្ច​ចម្បង​នានា​ជាច្រើន​របស់​រដ្ឋ​៕