​ត្រៀមខ្លួន ឆ្លងកាត់អាកាសធាតុ​​ត្រជាក់​ខ្លាំង​ចាប់ពី​ថ្ងៃទី​៣០ ខែធ្នូ ដល់​ចុងខែមករា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2018 ក+ ក-

​ភ្នំពេញ ៖  ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​ពី​ការ​ព្យាករ ថា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ ​នេះ ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​ឦសាន នឹង​បង្កើន​ឥទ្ធិពល​ត្រជាក់​ខ្លាំង​មកលើ​ប្រទេស​កម្ពុជា​កម្រិតអប្បបរមា ​ពី ១៧​ទៅ ១៩​អង្សា​សេ។​

​ការ​ព្យាករ បញ្ជាក់ថា អាកាសធាតុ​នឹង​ចាប់ផ្ដើម​ចុះ​ត្រជាក់​ខ្លាំង ពិសេស​នៅតាម​តំបន់​មួយចំនួន​ដូចជា ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧​ទៅ ១៩​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី ២៥​ទៅ ២៦​អង្សា​សេ​។ ដោយឡែក​នៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កោះកុង និង​ខេត្តក្រចេះ សីតុណ្ហភាព​អប្បបរមា មាន​ពី​២០​ទៅ​២២​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៦​ទៅ​២៧​អង្សា​សេ​។​ចំណែក​បណ្ដា​រាជធានី​ខេត្ត​ដទៃទៀត មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២១ ទៅ ២៣​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧ ទៅ ២៨​អង្សា​សេ​។

​ក្រសួង​ធនធានទឹក ក៏បាន​ក្រើនរំលឹក​ផងដែរ ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ចុះ​ត្រជាក់​នេះ ជាពិសេស​វីរ​កងទ័ព​ដែល​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ដើម្បី​បញ្ចៀស​ពី​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​៕