កម្មករ​ ក​ម្ម​កា​រិ​នី​រោងចក្រ​យីហោ ​VENTURA​ ជិត​៤០​នាក់​ នៅស្រុកសំរោងទង ដួលសន្លប់​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2018 ក+ ក-

​ភ្នំពេញ ៖ កម្មករ កម្មការិនី​ប្រមាណ​៤០​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​នៅក្នុង​រោងចក្រ​ផលិត​កាបូប​យីហោ VENTURA មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ​។ នេះ​ជា​លើក​ទី​២ ហើយ​ដែល​ក្រុម​ក្រុមកម្មករ កម្មការិនី​រោងចក្រ​ខាងលើ​ដួលសន្លប់​។

​ក្រុមកម្មករ​ទាំងអស់ ត្រូវបាន​ខាង​ក្រុមហ៊ុន​ដឹក​តាម​រថយន្ត​យកទៅអោយ​ក្រុមគ្រូពេទ្យ​កំពុង​ធ្វើ​សង្គ្រោះ​បន្ទាន់ដោយ​អ្នកខ្លះ​មាន​អាកា​រៈ​ថប់ដង្ហើម​ខ្លាំង ដែល​ហេតុការណ៍​ខាងលើ នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០​និង​១០​នាទី ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតក្នុង​រោងចក្រ​ផលិត​កាបូប​យីហោ VENTURA នៅក្នុង​ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​មន្ត្រីនគរបាល​ស្រុក​សំរោង​ទង បាន​ស្រង់​សម្តី​ក្រុមកម្មករ​កម្មការិនី​នៅ​ធ្វើ​ការងារ​ក្នុង​រោង ចក្រ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ក្រុម កម្មករ​ទាំងអស់​កំពុង​តែ​បំពេញ​ធ្វើការ​ស្រាប់​តែមាន​អាកា​រះ​ទន់ដៃទន់ជើង និង​ធុំក្លិន​អ្វី​ម្យ៉ាង​ដូច​ថ្នាំ បន្ទាប់មក​ក៏​ដួលសន្លប់​ជា​បន្តបន្ទាប់​តែម្តងទៅ​។

ពេលនោះ​ក៏មាន​ការភ្ញាក់ផ្អើល ត្រូវបាន​ខាង​ក្រុមហ៊ុន​ដឹក បញ្ជូនទៅ​ស​ង្ក្រោះ​បន្ទាន់​នៅ​មន្ទីរ​សំរាក​ព្យាបាល​មួយកន្លែង​នៅក្នុង ស្រុក​អង្គស្នួល ខេត្តកណ្តាល រហូតមកដល់​រសៀល​នេះ​អ្នកខ្លះ​បាន​ធូរស្បើយ​ខ្លះ​ហើយ ត្រឡប់ទៅផ្ទះ​វិញ​៕